ថ្នាក់​សិក្ខាសាលា
កូរិនថូស ទី២ ១៣


កូរិនថូស ទី២ ១៣

« ចូរ​អ្នក​រាល់​គ្នា​ពិចារណា​ខ្លួន​ឯង​មើល តើ​ស្ថិត​នៅ​ក្នុង​សេចក្តី​ជំនឿ​ឬ​ទេ »

រូបភាព
ស្ត្រី​ម្នាក់​កំពុង​ឈរ​ឆ្លុះ​មើល​រូប​របស់​នាង​នៅ​បង្អួច​នៃ​អគារ​មួយ ។ អ្នក​ក៏​អាច​មើលឃើញ​ផ្លូវថ្នល់​ពី​ក្រោយ​ផងដែរ ។

អ្នកដឹកនាំ​ក្នុង​នគរ​ព្រះ​តែងតែ​ជា​គោលដៅ​នៃ​ការរិះគន់ ។ ក្នុង​អំឡុង​សម័យ​ព្រះគម្ពីរ​សញ្ញាថ្មី សមាជិក​សាសនាចក្រ​មួយ​ចំនួន​នៅក្រុង​កូរិនថូស​បាន​រិះគន់​ប៉ុល ។ លោក​បាន​ឆ្លើយ​តប​ដោយ​អញ្ជើញ​ពួកគេ​ឲ្យ​ពិនិត្យ​មើល​ទំនាក់ទំនង​របស់​ពួកគេ​ផ្ទាល់​ជាមួយ​នឹង​ព្រះគ្រីស្ទ ។ មេរៀន​នេះ​អាចជួយ​អ្នកឲ្យ​យកឈ្នះ​លើ​ការល្បួង​ក្នុង​ការរិះគន់​អ្នកដទៃ រួមទាំង​ថ្នាក់ដឹកនាំ​សាសនាចក្រ​ផងដែរ តាមរយៈ​ការពិនិត្យ​មើល​ភាពស្មោះត្រង់​របស់​អ្នក​ចំពោះ​ព្រះអម្ចាស់ ។

សំណួរ​ស្មោះត្រង់ ឬ​ជា​ការរិះគន់ ?

  • តើ​មាន​គំរូ​អ្វី​ខ្លះ​អំពី​របៀប​ដែល​មនុស្ស​សព្វ​ថ្ងៃ​នេះ​អាច​រិះគន់​ដល់​ថ្នាក់​ដឹកនាំ​សាសនាចក្រ ?

  • តើ​អ្វី​ជា​ភាពខុស​គ្នា​រវាង​ការមាន​សំណួរ ឬ​កង្វល់​ដោយ​ស្មោះត្រង់​អំពី​អ្វី​ដែល​ថ្នាក់​ដឹកនាំ​សាសនាចក្រ​បាន​បង្រៀន ឬ​និយាយ និង​ការរិះគន់​បុគ្គល​នោះ ?

ជាទូទៅ ការរិះគន់​នរណា​ម្នាក់​មានន័យថា ជា​ការវិនិច្ឆ័យ​ពួកគេ​ក្នុង​ន័យ​អវិជ្ជមាន ដោយ​លើកឡើង​ពី​កំហុស ឬ​ការភាន់ច្រឡំ​របស់​ពួកគេ ។ នៅក្នុង​ព្រះគម្ពីរ ការរិះគន់​អាច​ត្រូវ​បាន​គេ​ហៅថា ការនិយាយ​អាក្រក់ ឬ​ការរអ៊ូរទាំ​ប្រឆាំងនឹង​នរណាម្នាក់ ។

វា​អាច​ទៅ​រួចក្នុង​ការស្គាល់​កំហុស ឬ​ចំណុចខ្សោយ​របស់​អ្នកដទៃ ដោយ​មិន​ចាំបាច់​រិះគន់ ។ យើង​កំពុង​រិះគន់​គេ​ហើយ នៅពេល​យើង​និយាយ ឬ​សរសេរ​អំពី​អ្នកដទៃ​ក្នុង​ន័យ​វិនិច្ឆ័យ ឬ​អវិជ្ជមាន ។

  • ហេតុអ្វី​បាន​ជា​វា​សំខាន់​ដើម្បី​យកឈ្នះ​លើ​ការល្បួង​ឲ្យ​រិះគន់​អ្នកដទៃ រួម​ទាំង​ថ្នាក់​ដឹកនាំ​សាសនាចក្រ​ផងដែរ ?

នៅ​ពេល​អ្នក​សិក្សា កូរិនថូស ទី២ ១៣ សូម​រកមើល​របៀប​ដែល​យើង​អាច​ចៀសវាង​ពី​ការរិះគន់ ជាពិសេស​អំពី​អ្នក​ដែល​ព្រះអម្ចាស់​បាន​ហៅ​ឲ្យ​ដឹកនាំ​សាសនាចក្រ​របស់​ទ្រង់ ។

ការរិះគន់ ការនិយាយ​អាក្រក់ និង​ការរអ៊ូរទាំ

វា​ហាក់​ដូចជា​ថា​ពួកបរិសុទ្ធ​ខ្លះ​នៅ​ក្រុង​កូរិនថូស​បាន​រិះគន់​ប៉ុល​ជា​សាធារណៈ ( សូមមើល កូរិនថូស ទី២ ១០:១០; ១២:១០–១៥ ) ។ នៅ​ក្នុង កូរិនថូស ទី២ ១៣:១–២ ប៉ុល​បាន​អំពាវនាវ​ពួកគេ​ឲ្យ​ប្រែចិត្ត​ដោយ​និយាយ​បែប​ខ្លាំងៗ ។

សូម​អាន កូរិនថូស ទី២ ១៣:៣ ដោយ​ស្វែងរក​ភស្ដុតាង​អ្វី​ដែល​សមាជិក​មួយ​ចំនួន​នៃ​សាសនាចក្រ​នៅ​ក្រុង​កូរិនថូស​ចង់​បាន​ពី​ប៉ុល ។ ការទាមទារ​របស់​មនុស្ស​ទាំងនេះ​ដើម្បី​មើល​ភស្តុតាង​ដែល​ថា ប៉ុល​ពិតជា​បាន​និយាយ​ជំនួស​ព្រះគ្រីស្ទ អាច​ជា​ភស្តុតាង​បន្ថែម​ថា​មនុស្ស​កំពុង​រិះគន់​លោក​ជា​សាធារណៈ​ហើយ ។ សូម​អាន​សេចក្តី​ថ្លែងការណ៍​ខាងក្រោម​ដោយ​ប្រធាន ហិនរី ប៊ី អាវរិង នៃ​គណៈប្រធាន​ទីមួយ ដោយ​រកមើល​ថា​តើ​ការរិះគន់​ថ្នាក់ដឹកនាំ​របស់​យើង​អាច​ជះឥទ្ធិពល​លើ​យើង​យ៉ាង​ដូចម្តេច ។

រូបភាព
រូបថត​ផ្លូវការ​​របស់​ប្រធាន ហិនរី ប៊ី អាវរិង ដែល​បាន​ថត​នៅ​ឆ្នាំ ២០១៨ ។

ប្រធាន ចច ឃ្យូ ខេនិន បាន​ផ្ដល់​ការ​ព្រមាន​មួយ​ហើយ​ខ្ញុំ​សូម​ផ្ដល់​វា​ដល់​បងប្អូនទុក​ជា​ការព្រមាន​របស់​ខ្ញុំ​ផ្ទាល់ ។ ខ្ញុំ​ជឿ​ថា​លោក​បាន​មាន​ប្រសាសន៍​ពី​ការពិត ៖ « … គ្មាន​នរណា​ម្នាក់ … អាច​និយាយ​អាក្រក់​ពី​បុគ្គល​ដែល​ព្រះ​បាន​ចាក់​ប្រេង​តាំង ហើយ​រិះគន់​អ្នក​មាន​សិទ្ធិ​អំណាច​របស់​ព្រះ​នៅ​លើ​ផែនដី ដោយ​ពុំ​បាន​ធ្វើ​ឲ្យ​ព្រះ​អាក់អន់​ព្រះទ័យ​បាន​ឡើយ ។ ព្រះវិញ្ញាណ​បរិសុទ្ធ​នឹង​ដក​ខ្លួន​ចេញពី​បុគ្គល​នោះ ហើយ​គាត់​នឹង​ចូល​ទៅ​ក្នុង​ភាពងងឹត ។ ហេតុដូច្នេះហើយ តើ​បងប្អូន​ឃើញ​ថា រឿង​នេះ​សំខាន់​ប៉ុណ្ណា​ទេ ដែល​យើង​គួរ​តែ​មាន​ការប្រុង​ប្រយ័ត្ននោះ ? »

( ហិនរី ប៊ី អាវរិង « The Power of Sustaining Faith » Liahona ខែ ឧសភា ឆ្នាំ ២០១៩ ទំព័រ ៥៩ )

សូម​អាន នីហ្វៃ ទី​១ ២:១២–១៣, ១៦, ១៩–២១ ។ សូម​ប្រៀបធៀប​ការរអ៊ូរទាំ​របស់​លេមិន និង​លេមយួល​ប្រឆាំង​នឹង​លីហៃ និង​ព្រះអម្ចាស់​ទៅនឹង​ទង្វើ​ដ៏ស្មោះត្រង់​របស់​នីហ្វៃ ។

១. សូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ​នៅ​ក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​របស់​អ្នក ៖

  • តើ​ដំណើររឿង​នេះ​បង្រៀន​អ្វីខ្លះ​អំពី​ភាពខុស​គ្នា​រវាង​ការរិះគន់​ធៀប​នឹង​ការអនុវត្ត​សេចក្តីជំនឿ និង​អំពី​ផល​វិបាក​នីមួយៗ ?

  • ហេតុអ្វី​បាន​ជា​អ្នក​គិត​ថា​ព្រះវិញ្ញាណ​ដក​ថយ នៅពេល​មនុស្ស « និយាយ​អាក្រក់ » ឬ « រក​កំហុស » អ្នក​ទាំងឡាយ​ណា​ដែល​ព្រះអម្ចាស់​បាន​ហៅ​ឲ្យ​ដឹកនាំ​សាសនាចក្រ​របស់​ទ្រង់ ?

  • តើ​មាន​វិធី​អ្វី​ខ្លះ​ដែល​យើង​អាច​ធ្វើ​សកម្មភាព​ដោយ​សេចក្ដីជំនឿ ប្រសិនបើ​យើង​មាន​សំណួរ​អំពី​អ្វី​ដែល​ថ្នាក់ដឹកនាំ​សាសនាចក្រ​បាន​បង្រៀន ឬ​មិន​យល់ស្រប​នឹង​អ្វី​ដែល​ថ្នាក់ដឹកនាំ​សាសនាចក្រ​បាន​បង្រៀន ?

ចៀសវាង​ការរិះគន់

សូមអាន កូរិនថូស ទី២ ១៣:៥–៦ ដោយ​រកមើល​ការប្រឹក្សា​ដែលប៉ុល​បានផ្តល់​ដល់​ពួកបរិសុទ្ធ​នៅក្រុង​កូរិនថូស ដែល​បាន​សួរថា​តើ​ព្រះអម្ចាស់​បាន​មាន​ព្រះបន្ទូល​តាមរយៈ​លោក​ឬ​អត់ ។ វា​អាច​មានប្រយោជន៍​ក្នុងការ​ដឹងថា កាត់​ចោល​ចេញ គឺជា​អ្នកដែល​មិន​ស័ក្តិសម ឬ​បានបរាជ័យ​ក្នុងការសាកល្បង ។

ដោយ​ផ្អែក​លើ​អ្វី​ដែល​ប៉ុល​បាន​បង្រៀន សូម​បញ្ចប់​សេចក្ដី​ថ្លែងការណ៍​ខាងក្រោម​នេះ ៖ ជំនួស​ឲ្យ​ការរិះគន់​ថ្នាក់​ដឹកនាំ​សាសនាចក្រ យើង​គួរតែ …

ចេញ​ពី កូរិនថូស ទី២ ១៣:៥ អ្នក​ប្រហែល​ជា​បាន​កំណត់​គោលការណ៍​មួយ​ដូច​នេះ ៖

ជំនួស​ឲ្យ​ការរិះគន់​ថ្នាក់ដឹកនាំ​សាសនាចក្រ យើង​គួរតែ​ពិនិត្យ​មើល​ភាពស្មោះត្រង់​របស់​យើង​ចំពោះ​ព្រះអម្ចាស់​វិញ ។

ប្រធាន អាវរិង បាន​មាន​ប្រសាសន៍​ដូច​ខាង​ក្រោម​អំពី​អាកប្បកិរិយា​របស់​យើង​ចំពោះ​អ្នក​ដែល​ព្រះអម្ចាស់​បាន​ហៅ​ឲ្យ​បម្រើ ។ សូម​រកមើល​របៀប​ដែល​ពាក្យពេចន៍​របស់​លោក​ពង្រឹង​អ្វី​ដែល​ប៉ុល​បាន​បង្រៀន​នៅក្នុង កូរិនថូស ទី២ ១៣:៣, ៥ ៖

រូបភាព
រូបថត​ផ្លូវការ​​របស់​ប្រធាន ហិនរី ប៊ី អាវរិង ដែល​បាន​ថត​នៅ​ឆ្នាំ ២០១៨ ។

វា​ទាមទារ​ឲ្យមាន​សេចក្ដីជំនឿ​ដើម្បី​ជឿ​ថា [ ព្រះយេស៊ូវគ្រីស្ទ ] ស្គាល់​រាស្ត្រ​ដែល​ទ្រង់​ហៅ​យ៉ាង​ឥតខ្ចោះ ទាំង​សមត្ថភាព និង​សក្ដានុពល​របស់​ពួកគេ ហើយ​ដូច្នេះហើយ មិន​មាន​កំហុស​ក្នុង​ការហៅ​របស់​ទ្រង់​ឡើយ ។

រឿង​នោះ​អាច​នាំ​ឲ្យ​មាន​ស្នាមញញឹម ឬ​ការគ្រវី​ក្បាល​ចំពោះ​អ្នក​ស្ដាប់​ខ្លះៗ​នៅទីនេះ—ទាំង​អ្នក​ដែល​គិត​អំពី​ការហៅ​បម្រើ​របស់​ខ្លួន ថា​ជា​ការ​ខុសឆ្គង​មួយ ក៏​ដូចជា​អស់​អ្នក​ដែល​គិត​អំពី​មនុស្ស​ដែល​ពួកគេ​ស្គាល់​ខ្លះ ដែល​មើល​ទៅ​ហាក់​ដូចជា​មិន​សម​នឹង​ការហៅ​របស់​ពួកគេ​នៅ​ក្នុង​នគរ​របស់​ព្រះអម្ចាស់​ផងដែរ ។ ការប្រឹក្សា​របស់​ខ្ញុំ​ចំពោះ​ក្រុម​ទាំង​ពីរ​នេះ គឺ​ថា​សូម​ពន្យារ​ពេល​ក្នុង​ការវិនិច្ឆ័យ​ដូច្នោះ រហូត​ដល់​អ្នក​អាច​មើល​ឃើញ​កាន់តែ​ល្អ​ប្រសើរ​ពី​អ្វី​ដែល​ព្រះអម្ចាស់​ទត​មើល​ឃើញសិន ។ ផ្ទុយ​ទៅ​វិញ​ការវិនិច្ឆ័យ​ដែល​អ្នក​ត្រូវ​ធ្វើ គឺ​ថា អ្នក មាន​សមត្ថភាព​ដើម្បី​ទទួល​វិវរណៈ ហើយ​ធ្វើ​តាម​វា​ដោយ​ពុំ​ភ័យ​ខ្លាច ។

( ហិនរី ប៊ី អាវរីង « The Lord Leads His Church » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៧ ទំព័រ ៨២ )

២. សូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ​នៅ​ក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​របស់​អ្នក ៖

  • តើ​ដំបូន្មាន​របស់​ប្រធាន អាវរិង អាច​ជួយ​យើង​យ៉ាង​ដូចម្ដេច ប្រសិនបើ​យើង​ត្រូវ​បាន​ល្បួង​ឲ្យ​វិនិច្ឆ័យ ឬ​រិះគន់​ថ្នាក់​ដឹកនាំ​ដែល​ព្រះអម្ចាស់​បាន​ជ្រើសរើស ?

  • តើ​ការពិនិត្យ​មើល​ភាពស្មោះត្រង់​របស់​យើង​ចំពោះ​ព្រះយេស៊ូវគ្រីស្ទ​ជួយ​យើង​មិន​ឲ្យ​និយាយ​អាក្រក់ ឬ​វិនិច្ឆ័យ​អ្នកដទៃ​យ៉ាង​ដូចម្ដេច ?

ចូរ​អ្នក​រាល់​គ្នា​ពិចារណា​ខ្លួន​ឯង​មើល

នៅពេល​យើង​ទទួល​ការសម្ភាសន៍​ដើម្បី​ទទួល​ប័ណ្ណ​ចូល​ព្រះវិហារបរិសុទ្ធ យើង​ត្រូវបាន​សួរ​ថា​តើ​យើង​គាំទ្រ​ដល់​ថ្នាក់​ដឹកនាំ​សាសនាចក្រ​ឬ​អត់ ។ ប្រធាន អាវរិង បាន​ផ្ដល់​យោបល់​នូវ​សំណួរ​មួយ​ចំនួន ដែល​អាច​ជួយ​យើង​ឲ្យ​រៀបចំ​ដើម្បី​ឆ្លើយ​សំណួរ​នេះ ។ សូម​ស្វែងរក​ការបំផុស​គំនិត​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ ពេល​អ្នក​សញ្ជឹងគិត​ពី​សំណួរ​ទាំងនេះ ។

រូបភាព
រូបថត​ផ្លូវការ​​របស់​ប្រធាន ហិនរី ប៊ី អាវរិង ដែល​បាន​ថត​នៅ​ឆ្នាំ ២០១៨ ។

បងប្អូន​ប្រហែល​ជា​ធ្លាប់ ឬ​នឹង​ត្រូវ​បាន​សួរ​ថា តើ​បងប្អូន​គាំទ្រ​ដល់​ប៊ីស្សព​របស់​បងប្អូន ប្រធាន​ស្តេក ពួកអ្នក​មាន​សិទ្ធិ​អំណាច​ទូទៅ និង​ពួកអ្នក​កាន់​តំណែង​ទូទៅ​ក្នុង​សាសនាចក្រ​ដែរ​ឬទេ ។ …

… បងប្អូន​អាច​រៀបចំ​ខ្លួន​ដោយ​សួរ​ខ្លួន​ឯង​នូវ​សំណួរ​ដូច​តទៅ​នេះ ៖

  1. តើ​ខ្ញុំ​ធ្លាប់គិត ឬនិយាយ​ពី​ភាពទន់ខ្សោយ​របស់​បុគ្គល​ដែល​ខ្ញុំ​បាន​សន្យា​ថា​គាំទ្រ​ដែរ​ឬទេ ?

  2. តើ​ខ្ញុំ​ធ្លាប់​រក​មើល​ភស្តុតាង​ថា ព្រះអម្ចាស់​កំពុង​ដឹកនាំ​ពួកគាត់​ដែរ​ឬទេ ?

  3. តើ​ខ្ញុំ​ធ្លាប់​ធ្វើ​តាមការ​ដឹកនាំ​របស់​ពួកគាត់​ដោយ​មាន​មនសិការ និង​ដោយ​ភក្ដីភាព​ដែរ​ឬទេ ?

  4. តើ​ខ្ញុំ​ធ្លាប់​និយាយ​ពី​ភស្ដុតាង​ដែល​ខ្ញុំ​អាចមើល​ឃើញ​ថា ពួកគាត់​គឺជា​ពួកអ្នកបម្រើ​របស់​ព្រះ​ដែរ​ឬទេ ?

  5. តើ​ខ្ញុំ​អធិស្ឋាន​ឲ្យ​ពួកគាត់​ជា​ទៀង​ទាត់​តាម​ឈ្មោះ​របស់​ពួកគាត់ និង​ដោយ​អារម្មណ៍​នៃ​សេចក្ដីស្រឡាញ់​ដែរ​ឬ​ទេ ?

ចំពោះ​យើង​ភាគច្រើន សំណួរ​ទាំង​នេះ​នឹង​ដឹកនាំ​ទៅរក​ការពិបាក​ចិត្ត​មួយ​ចំនួន និង​ត្រូវការ​ការប្រែចិត្ត ។

( ហិនរី ប៊ី អាវរិង « The Power of Sustaining Faith » Liahona ខែ ឧសភា ឆ្នាំ ២០១៩ ទំព័រ ៥៩ )

ប្រសិនបើ​សំណួរ​ទាំងនេះ « ដឹកនាំ​ទៅរក​ការពិបាក​ចិត្ត​មួយ​ចំនួន » សូម​អធិស្ឋាន ហើយ​សរសេរ​អំពី​អ្វី​ដែល​អ្នក​អាច​ធ្វើ​បាន​ដើម្បី​ប្រែចិត្ត និង​ផ្លាស់ប្តូរ ។

ជម្រើស ៖ តើ​ចង់​រៀនសូត្រ​បន្ថែម​ទៀត​ទេ ?

តើ​អ្វី​ទៅជា​គ្រោះថ្នាក់​នៃ​ការរិះគន់​មនុស្ស​ដែល​ព្រះអម្ចាស់​បាន​ហៅ ?

ព្យាការី យ៉ូសែប ស៊្មីធ ( ឆ្នាំ ១៨០៥–១៨៤៤ ) បាន​បង្រៀន ៖

រូបភាព
រូបថត​បញ្ឈរ​ពាក់​កណ្តាល​ខ្លួន​ផ្នែក​ខាង​មុខ​របស់​ព្យាការី យ៉ូសែប ស៊្មីធ ជុញ្ញ័រ ។ ក្បាល​របស់​យ៉ូសែប​ងាក​ទៅ​ខាង​ក្នុង​ទំហំ​បី​ភាគ​បួន ដៃ​ស្តាំ​ច្រត់​ចង្កេះ ហើយ​ដៃ​ឆ្វេង​របស់​លោក​កាន់​ក្រដាស ។ លោក​ពាក់​អាវ​ធំ​ពណ៌​ត្នោត​ចាស់ និង​ពាក់​អាវ​ពណ៌​ស ព្រមទាំង​ក្រវ៉ាត់ក ។

[ ប្រសិន​បើ​មនុស្ស​ម្នាក់ ] ក្រោក​ឡើង​ដើម្បី​ថ្កោល​ទោស​ដល់​មនុស្ស​ដទៃ ដោយ​ស្វែង​រក​កំហុស​ជំទាស់​នឹង​សាសនាចក្រ ហើយ​និយាយ​ថា​ពួកគេ​គ្មាន​ជម្រើស​ទេ ខណៈ​ដែល​បុគ្គល​នោះ​ផ្ទាល់​គាត់​ជា​មនុស្ស​សុចរិត វា​ប្រាកដ​ណាស់​ថា មនុស្ស​ម្នាក់​នោះ​កំពុង​ស្ថិតនៅ​ក្នុង​ផ្លូវ​ឆ្ពោះ​ទៅ​រក​ការក្បត់​សាសនា ហើយ​ប្រសិន​បើ​គាត់​ពុំ​ប្រែចិត្ត​ទេ នោះ​គាត់​នឹង​ក្បត់​សាសនា​យ៉ាង​ពិត​ប្រាកដ​ដរាប​ណា​ព្រះទ្រង់​មាន​ព្រះជន្ម ។

Teachings of Presidents of the Church: Joseph Smith [ ឆ្នាំ ២០០៧ ] ទំព័រ ៣១៨ )

តើ​ការមាន​សំណួរ​ជា​រឿង​មិនអី​ទេ​មែន​ទេ ?

ប្រធាន ឌៀថើរ អេហ្វ អុជដូហ្វ ដែល​កាល​នោះ​នៅក្នុង​គណៈប្រធាន​ទីមួយ​បាន​បង្រៀន ៖

រូបភាព
រូបថត​ផ្លូវការ​​របស់​អែលឌើរ ឌៀថើរ អេហ្វ អុជដូហ្វ ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ ឆ្នាំ ២០០៦ ។ ត្រូវបាន​ហៅ​បម្រើ​ជា​ទីប្រឹក្សា​ទីពីរ​ក្នុង​គណៈប្រធាន​ទីមួយ នៅ​ថ្ងៃ​ទី ៣ ខែ កុម្ភៈ ឆ្នាំ ២០០៨ ។ រូបថត​ផ្លូវការ​នៅក្នុង​ឆ្នាំ ២០០៨ ជំនួស​រូបថត​​ដែល​បាន​ថត​នៅក្នុង​ឆ្នាំ ២០០៤ ។

តើ​វា​មិន​អី​ទេ​ឬ​ដែល​មាន​សំណួរ​អំពី​សាសនាចក្រ ឬ​គោលលទ្ធិ​របស់​សាសនាចក្រ​នោះ ? មិត្តភក្ដិ​វ័យ​ក្មេង​ជាទី​ស្រឡាញ់​របស់​ខ្ញុំ​អើយ យើង​គឺជា​មនុស្ស​ដែល​សួរ​សំណួរ … ដោយសារ​យើង​ដឹង​ថា សំណួរ​នាំ​ទៅរក​សេចក្ដីពិត ។ …

… អ្នក​ខ្លះ​អាច​មាន​អារម្មណ៍​អៀនខ្មាស ឬ​ថាមិន​ស័ក្ដិសម ដោយសារ​ពួកគេ​បាន​រក​សំណួរ​ដែល​ទាក់ទង​ទៅនឹង​ដំណឹងល្អ ប៉ុន្ដែ​ពួកគេ​មិន​ចាំបាច់​មាន​អារម្មណ៍​បែប​នោះ​ទេ ។ ការសួរ​សំណួរ​មិនមែន​ជា​សញ្ញា​នៃ​ភាពទន់​ខ្សោយ​នោះ​ទេ វា​គឺជា​ប្រផ្នូល​មួយ​នៃ​ការរីកចម្រើន ។ …

ចូរ​កុំ​ខ្លាច​សួរ​សំណួរ​ឡើយ ។ ចូរ​ឆ្ងល់ ប៉ុន្ដែ​កុំ​សង្ស័យ​ឡើយ ! សូម​កាន់​ខ្ជាប់​ទៅនឹង​សេចក្ដីជំនឿ និង​ពន្លឺ​ដែល​អ្នក​បាន​ទទួល​រួច​ហើយ​នោះ​ជានិច្ច ។ ដោយសារ​យើង​ឃើញ​ភាពមិនល្អ​ឥតខ្ចោះ​នៅក្នុង​ជីវិត​រមែងស្លាប់ ។ មិនមែន​អ្វីៗ​ទាំងអស់​នឹង​សមហេតុ​ផល​ទេ​នៅពេលនេះ ។

( ឌៀរថើរ អេហ្វ អុជដូហ្វ « The Reflection in the Water » [ Church Educational System devotional for young adults, Nov. 1, 2009 ] នៅលើ​គេហទំព័រ broadcasts.ChurchofJesusChrist.org )

តើ​ព្យាការី​ទំាងឡាយ​មិន​ចេះខុសទេ​ឬ ?

សឺរី ឌូវ អតីត​ទីប្រឹក្សា​ក្នុង​គណៈប្រធាន​សមាគម​សង្គ្រោះ​ទូទៅ​បាន​មាន​ប្រសាសន៍ ៖

រូបភាព
រូបភាព​​របស់​សឺរី អិល ឌូវ​ក្នុង​ឆ្នាំ ២០០១ ។

មនុស្ស​មួយ​ចំនួន​មាន​ការច្របូក​ច្របល់​ពី​សំណួរ​នេះ ៖ ប៉ុន្តែ តើ​ព្យាការី​ដែល​ជា​អ្នកមើល​ឆុត និង​ជា​អ្នកទទួល​វិវរណៈ មិន​ចេះ​ខុស​ទេ​ឬ ? នោះ​ជា​សំណួរ​ខុស ។ សំណួរ​ដែល​ល្អ​ជាង​នេះ​នោះ​គឺ តើ​នរណា​ជា​ ពួកព្យាការី ? ពួកលោក​គឺ​ជា​អ្នក​កាន់​កូនសោ​បព្វជិតភាព​ដែល​បាន​តែងតាំង​ដែល​ផ្តល់​សិទ្ធិ​អំណាច​របស់​ព្រះអម្ចាស់​ដើម្បី​ចែកចាយ​ពាសពេញ​ផែនដី ។ ពួកលោក​ប្រហែលជា​មិនល្អ​ឥតខ្ចោះ​ទេ ។ ប៉ុន្តែ​ពួកលោក​គឺជា​អ្នកដឹកនាំ​ដែល​បំផុសគំនិត​យ៉ាងល្អ​ឥតខ្ចោះ​បំផុត​នៅលើ​ផែនដី ហើយ​បំណង​តែមួយ​គត់​របស់​ពួកលោក​គឺ​បរិសុទ្ធ​ឥតខ្ចោះ—គឺ​ដើម្បី​ជួយ​យើង​ឲ្យ​ស្វែងរក​ផ្លូវ​ត្រឡប់​ទៅផ្ទះ​វិញ​ដោយ​ចង្អុល​យើង​ទៅរក​ព្រះយេស៊ូវគ្រីស្ទ ។

( សឺរី ឌូវ « Prophets » [ BYU–Pathway Worldwide devotional ថ្ងៃទី ១៣ ខែ កក្កដា ឆ្នាំ ២០២១ ] ២ byupathway.org/speeches )