ថ្នាក់​សិក្ខាសាលា
ការទទួល​បាន​ចំណេះដឹង​ខាងវិញ្ញាណ ភាគ ២


ការទទួល​បាន​ចំណេះដឹង​ខាងវិញ្ញាណ ភាគ ២

ការពិនិត្យ​មើល​គោលគំនិត និង​សំណួរ​ទាំងឡាយ​ដោយ​ទស្សនវិស័យ​ដ៏​អស់កល្ប​មួយ

រូបភាព
ការមើល​តាម​វែនតា ផ្ដោត​លើ​ព្រះវិហារ​បរិសុទ្ធ និង​គ្រួសារ

គោលបំណង​មួយ​នៃ​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ គឺ​ដើម្បី​ជួយ​អ្នក​ឲ្យ​រៀន និង​អនុវត្ត​គោលការណ៍​នានា​ក្នុង​ការទទួល​បាន​ចំណេះដឹង​ខាង​វិញ្ញាណ ដើម្បី​កាន់តែ​ក្លាយ​ដូចជា​ព្រះយេស៊ូវ​គ្រីស្ទ ។ មេរៀន​នេះ​អាច​ជួយ​អ្នក​ឲ្យ​រៀន​ពិនិត្យមើល​បញ្ហា ដោយ​មាន​ទស្សនវិស័យ​ដ៏អស់កល្ប​ជានិច្ច ដើម្បី​អាច​មើលឃើញ​បញ្ហា​កាន់តែ​ច្បាស់ ។

សំណួរ និង​បញ្ហា​ប្រឈម

ពេលខ្លះ យើង​ជួប​បញ្ហា​ប្រឈម ឬ​ការសាកល្បង​ដែល​អាច​សាកល្បង​សេចក្ដីជំនឿ​របស់​យើង​បាន ។ ប្រធាន រ័សុល អិម ណិលសុន បាន​ចែក​រំលែក​ការសាកល្បង​បែប​នេះ​មួយ ដែល​ចៅ​ប្រសារ​ស្រី​របស់​លោក​បាន​ឆ្លងកាត់ ។

សូម​មើល​សុន្ទរកថា « ទុក​ឲ្យ​ព្រះ​ឈ្នះ » ពី​លេខ​កូដ​ម៉ោង ៥:៥០ ដល់ ៦:៣៩ ឬ​អាន​អត្ថបទ​ខាងក្រោម ៖

រូបភាព
ប្រធាន រ័សុល អិម ណិលសុន

មិន​យូរ​ប៉ុន្មាន​កន្លង​ទៅ ភរិយា​របស់​ចៅប្រុស​យើង​ម្នាក់​ជួប​បញ្ហា​ស្មុគស្មាញ​ខាង​វិញ្ញាណ ។ ខ្ញុំ​នឹង​ហៅ​នាង​ថា « ជីល » ។ ទោះ​ជា​មាន​ការតមអាហារ ការអធិស្ឋាន និង​ការប្រសិទ្ធពរ​បព្វជិតភាព​ក្តី ក៏​ឪពុក​របស់​ជីល​នៅ​តែ​ឈឺ​ដដែល ។ នាង​មាន​សេចក្តី​ភ័យខ្លាច​ណាស់ ថា​នាង​នឹង​បាត់បង់​ទាំង​ឪពុក​របស់​នាង និង​ទីបន្ទាល់​របស់​នាង ។

នៅ​ពេល​ល្ងាច​មួយ ភរិយា​របស់​ខ្ញុំ ស៊ីស្ទើរ វេនឌី ណិលសុន បាន​ប្រាប់​ខ្ញុំ​ពី​ស្ថានភាព​របស់​ជីល ។ នៅ​ព្រឹក​ស្អែក វេនឌី មាន​ចិត្ត​ចង់​ចែករំលែក​ជា​មួយ ជីល ថា ការឆ្លើយតប​របស់​ខ្ញុំ​ទៅ​នឹង​ការពុះពារ​ខាង​វិញ្ញាណ​របស់​នាង​គឺ​មាន​ពាក្យ​តែ​មួយ​ម៉ាត់​ប៉ុណ្ណោះ ! ពាក្យ​នេះ​គឺ មើលជិត ។

( រ័សុល អិម ណិលសុន « Let God Prevail » Liahona ខែ វិច្ឆិកា ឆ្នាំ ២០២០ ទំព័រ ៩៣ )

ពាក្យ មើលជិត មាន​ន័យ​ថា​មើល​មិន​ឃើញ​ជិត ឬ​ឆ្ងាយ ។

  • តើ​មាន​សេចក្តីពិត​អ្វីខ្លះ​អំពី​ព្រះ និង​ផែនការ​របស់​ទ្រង់​ដែល​អាច​ជួយ ជីល មិន​ឲ្យ​ភ័យខ្លាច​ខ្លាំង​អំពី​អ្វី​ដែល​អាច​នឹង​កើតឡើង​នាពេល​អនាគត ?

សូម​គិត​អំពី​បញ្ហា​ប្រឈម ឬ​សំណួរ​ដែល​អ្នក​កំពុង​ប្រឈម​នា​ពេល​បច្ចុប្បន្ន​នេះ ។ ការណ៍នេះ​អាច​ដូចគ្នា​នឹង​អ្វី​ដែល​អ្នក​បាន​រកឃើញ​នៅក្នុង​មេរៀន « ការទទួល​បាន​ចំណេះដឹង​ខាង​វិញ្ញាណ ភាគ ១ » ។

  • ហេតុអ្វី​បានជា​អ្នក​ចង់​បាន និង​ត្រូវការ​ជំនួយ​ចំពោះ​សំណួរ ឬ​បញ្ហា​ប្រឈម​នេះ ?

សូម​ចងចាំ​ថា វា​មិន​អី​ទេ​ដែល​ជួប​ប្រទះ​ទុក្ខព្រួយ និង​ការឈឺចាប់​នោះ។ សូម្បី​តែ​ព្រះយេស៊ូវ​ក៏​ព្រួយ​ព្រះហឬទ័យ​ចំពោះ​អ្នក​ដែល​ទ្រង់​ស្រឡាញ់​ដែរ ( សូមមើល យ៉ូហាន ១១:៣២–៣៦ ) ។ នៅពេល​យើង​មើល​ទៅ​កាលៈទេសៈ​របស់​យើង​ដោយ​មាន​ទស្សនវិស័យ​ដ៏អស់កល្ប​មួយ នោះ​ព្រះអម្ចាស់​អាច​ជួយ​យើង​ឲ្យ​គ្រប់គ្រង​អារម្មណ៍​ទាំងនេះ​បាន ។ សូម​រកមើល​សេចក្តីពិត​នៅក្នុង​មេរៀន​នេះ ដែល​អាច​ជួយ​អ្នក​អនុវត្ត​គោលការណ៍​នេះ​ចំពោះ​សំណួរ និង​បញ្ហា​ប្រឈម​ផ្ទាល់ខ្លួន​របស់​អ្នក ។

គោលការណ៍​នៃ​ការទទួល​បាន​ចំណេះដឹង​ខាង​វិញ្ញាណ

នៅពេល​ដែល​យើង​ជួបនឹង​បញ្ហា​ប្រឈម​ក្នុង​ជីវិត ឬ​ប្រឈម​នឹង​សំណួរ​ដែល​គ្មាន​ចម្លើយ នោះ​គោលការណ៍​ខាងក្រោម​នេះ​ស្ដីពី​ការទទួល​បាន​ចំណេះដឹង​ខាងវិញ្ញាណ អាច​ជួយ​យើង​បាន ៖

  1. ធ្វើ​សកម្មភាព​ដោយ​សេចក្ដីជំនឿ ។

  2. ពិនិត្យមើល​គោល​គំនិត និង​សំណួរ​ទាំងឡាយ​ដោយ​ទស្សនវិស័យ​ដ៏​នៅអស់​កល្បជានិច្ច ។

  3. ស្វែងរក​ការយល់ដឹង​បន្ថែម​តាមរយៈ​ប្រភព​ដែល​បាន​តែងតាំង​ដ៏​ទេវភាព ។

នៅក្នុង​មេរៀន​នេះ យើង​នឹង​ផ្តោតលើ​សេចក្តីពិត​ដែល​ថា នៅពេល​ដែល​យើង​ពិនិត្យ​មើល​បញ្ហា​ដោយ​មាន​ទស្សនវិស័យ​ដ៏អស់កល្ប​មួយ នោះ​ព្រះវិញ្ញាណ​បរិសុទ្ធ​អាច​ជួយ​យើង​ឲ្យមើល​ឃើញ​បញ្ហា​ទាំងនោះ​កាន់តែ​ច្បាស់ ។

សូម​សិក្សា កថាខណ្ឌ​ទី ៨ នៅក្នុង​ផ្នែក « ការទទួល​បាន​ចំណេះដឹង​ខាង​វិញ្ញាណ » នៃ ឯកសារ​គោល​នៃ​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ និង​វគ្គ​បទគម្ពីរ​ខាងក្រោម​នេះ​យ៉ាង​ហោច​ណាស់​មួយ ។ សូម​គូសចំណាំ​ពាក្យ ឬ​ឃ្លា​ដែល​អាច​ជួយ ជីល ឲ្យមើល​ឃើញ​ការសាកល្បង​របស់​នាង​ដោយ​មាន​ទស្សនវិស័យ​ដ៏អស់កល្ប​មួយ ។

១. សូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ​នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់​អ្នក ៖

  • ដោយ​ផ្អែកលើ​អ្វី​ដែល​អ្នក​បាន​អាន តើ​អ្នក​ចង់ឲ្យ ជីល ដឹង​អ្វីខ្លះ​អំពី​ការមាន​ទស្សនវិស័យ​ដ៏អស់កល្ប​មួយ​នោះ ?

  • តើ​បទពិសោធន៍​អ្វីខ្លះ ដែល​ទាក់ទង​នឹង​ទស្សនវិស័យ​ដ៏អស់កល្ប​ជានិច្ច​ដែល​អ្នក ( ឬ​អ្នកដទៃ​ទៀត ) បាន​មាន ដែល​អ្នក​អាច​ចែក​រំលែក​ជាមួយ ជីល បាន ?

របៀប​ពិនិត្យ​មើល​សំណួរ ឬ​ក្តីបារម្ភ​នានា​ដោយ​មាន​ទស្សនវិស័យ​ដ៏អស់កល្ប​មួយ

នៅពេល​យើង​មាន​សំណួរ ឬ​ក្តីបារម្ភ នោះ​ដំណើរការ​មួយ​ដែល​យើង​អាច​អនុវត្ត​បាន ដើម្បី​ជួយ​យើង​ឲ្យមើល​ឃើញ​អ្វីៗ​ចេញពី​ទស្សនវិស័យ​ដ៏អស់កល្ប​មួយគឺ​ត្រូវ ៖

  1. កំណត់​ការសន្មត​ណាមួយ ដែល​យើង​កំពុង​តែ​មាន ដែល​អាច​នាំឲ្យ​មាន​ការយល់​ច្រឡំ​អំពី​ព្រះវរបិតាសួគ៌ ឬ​ផែនការ​របស់​ទ្រង់ ។

  2. កំណត់​សេចក្ដីពិត​អំពី​ព្រះវរបិតាសួគ៌ ឬ​ផែនការ​របស់​ទ្រង់ ដែល​កែតម្រូវ​ការសន្មត​ទាំងនេះ ។

  3. គិត​ពី​សំណួរ​នោះ​ឡើងវិញ ដោយ​ពិចារណា​វា​ជាមួយ​ទស្សនវិស័យ​ដ៏​អស់កល្ប​មួយ ឬ​ដោយ​ការកែសម្រួល​សំណួរ​នោះ ដើម្បី​សញ្ជឹងគិត​ពី​សេចក្ដីពិត​នៃ​ដំណឹងល្អ ។

សូម​មើល « Examining Questions with an Eternal Perspective » ( ២:៥៦ ) ដែល​មាន​នៅលើ​គេហទំព័រ ChurchofJesusChrist.org ដើម្បី​មើលពី​របៀប​ដែល​ស្ត្រី​វ័យក្មេង​ម្នាក់​ឈ្មោះ ឡូរេន បាន​ប្រើ​ដំណើរការ​នេះ ដើម្បី​ជួយ​ដល់​មិត្ត​របស់​នាង ។

  • តើ​វីដេអូ​នេះ​បាន​ជួយ​អ្នក​ឲ្យ​យល់ដឹង​អ្វីខ្លះ អំពី​ការពិនិត្យ​មើល​គោលគំនិត និង​សំណួរ​ទាំងឡាយ​ដោយ​ទស្សនវិស័យ​ដ៏អស់កល្ប​មួយ​នោះ ?

  • តើ ឡូរេន បាន​ប្រើ​ជំហាន​ទាំងបី ដែល​យើង​ទើបតែ​បាន​កំណត់​នេះ​យ៉ាង​ដូចម្តេច ?

សូម​គិត​អំពី​របៀប​ដែល​ដំណើរការ​ដូចគ្នា​នេះ​អាច​ជួយ ជីល ដែល​ជា​ចៅស្រី​មកពី​ដំណើររឿង​ដែល​ប្រធាន ណិលសុន បាន​ចែក​រំលែក​នេះ ។

២. សូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ​នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់​អ្នក ៖

  • តើ ជីល អាច​មាន​ការសន្មត​អ្វីខ្លះ ដែល​អាច​នាំឲ្យ​មាន​ការសង្ស័យ ឬ​ការភ័យ​ខ្លាច ?

ជារឿយៗ ការសន្មត​ស្រដៀងគ្នា​អាច​បណ្តាលឲ្យ​យើង​មាន​ទុក្ខព្រួយ ឬ​ការឈឺចាប់​បន្ថែម​ទៀត លើសពី​អ្វី​ដែល​យើង​កំពុង​ជួប​ប្រទះ ។ ការកំណត់​សេចក្ដីពិត​អំពី​ព្រះវរបិតាសួគ៌ និង​ផែនការ​របស់​ទ្រង់​អាច​ជួយ​បាន ។

  • តើ​សេចក្ដីពិត​អ្វីខ្លះ ដែល​អ្នក​ដឹង​អំពី​ព្រះវរបិតាសួគ៌ និង​ផែនការ​របស់​ទ្រង់​ដែល​អាច​ជួយ​បាន ?

  • តើ​អ្នក​អាច​គិត​ឡើងវិញ​តាម​វិធី​ណាខ្លះ អំពី​ក្ដីបារម្ភ​របស់​នរណាម្នាក់​ដែល​អាច​មាន​នៅក្នុង​ស្ថានភាព​ដូចជា ជីល ចេញពី​ទស្សនវិស័យ​ដ៏អស់កល្ប​ជានិច្ច​នោះ ? ( ឧទាហរណ៍ អ្នក​អាច​សួរ​សំណួរ​ដែល​ឆ្លុះបញ្ចាំង​ពី​ទស្សនវិស័យ​ដ៏អស់កល្ប​ជានិច្ច​ដូចជា « តើ​ខ្ញុំ​អាច​ទទួល​អារម្មណ៍​នៃ​ក្ដីស្រឡាញ់​របស់​ព្រះ អំឡុង​ពេល​ខ្ញុំ​ជួប​នឹង​ការបាត់បង់​ដ៏ឈឺចាប់​នេះ​ដោយ​របៀប​ណា ទោះបី​ខ្ញុំ​ដឹង​ថា ក្នុង​ពេល​ដ៏អស់កល្ប វា​គ្រាន់តែ​ជា​រយៈពេល​បណ្តោះ​អាសន្ន​ប៉ុណ្ណោះ ? » ឬ « តើ​ខ្ញុំ​អាច​ពឹងផ្អែក​លើ​សេចក្តី​ជំនឿ​របស់ខ្ញុំ​លើ​ព្រះអង្គ​សង្រ្គោះ ដើម្បី​ទុក​ចិត្ត​ថា ខ្ញុំ​នឹង​ជួប​មនុស្ស​ជាទី​ស្រឡាញ់​របស់ខ្ញុំ​ម្តង​ទៀត​ដោយ​របៀប​ណា ? » )

ប្រធាន ណិលសុន បាន​ចែក​រំលែក​ពី​របៀប​ដែល ជីល មាន​ពរជ័យ​ដោយ​ការអភិវឌ្ឍ​ទស្សនវិស័យ​ដ៏អស់កល្ប​មួយ តាមរយៈ​ការសាកល្បង​របស់​នាង ។ សូមមើល​សុន្ទរកថា « ទុក​ឲ្យ​ព្រះ​ឈ្នះ » ដែល​មាន​នៅលើ​គេហទំព័រ ChurchofJesusChrist.org ចាប់ពី​លេខ​កូដ​ម៉ោង ៦:៥៨ ដល់ ៨:២៤ ឬ​អាន​សេចក្តី​ថ្លែងការណ៍​ខាងក្រោម​នេះ ៖

រូបភាព
ប្រធាន រ័សុល អិម ណិលសុន

បន្ទាប់​ពី​ប៉ា​របស់ ជីល បាន​ទទួល​មរណភាព ពាក្យ មើលជិត នៅ​តែ​បន្ត​ឮ​នៅ​ក្នុង​ចិត្ត​របស់​នាង ។ នាង​បាន​បើក​ចិត្ត​របស់​នាង​ដើម្បី​យល់​កាន់​តែ​ច្បាស់​ពី​ពាក្យ​នេះ ហើយ មើលជិត មាន​ន័យ​ថា « ដែល​មើល​ឃើញ​តែ​ជិតៗ » ។ ហើយ​គំនិត​របស់​នាង​បាន​ចាប់ផ្តើម​ផ្លាស់ប្តូរ ។ បន្ទាប់​មក ជីល បាន​និយាយ​ថា « ពាក្យ មើលជិត នាំ​ឲ្យ​ខ្ញុំ​ឈប់ ហើយ​គិត ហើយ​បាន​ព្យាបាល ។ ឥឡូវ ពាក្យ​នេះ​ធ្វើ​ឲ្យ​ខ្ញុំ​មាន​សន្តិភាព ។ វា​រំឭក​ខ្ញុំ​ឲ្យ​ពង្រីក​ទស្សនវិស័យ​របស់​ខ្ញុំ ហើយ​ស្វែងរក​ភាពអស់កល្ប​ជានិច្ច ។ វា​រំឭក​ខ្ញុំ​ថា ពិត​ជា​មាន​ផែនការ​ដ៏​ទេវភាព​មែន ហើយ​ប៉ា​របស់​ខ្ញុំ​នៅ​តែ​មាន​ជីវិត ហើយ​ស្រឡាញ់ និង​មើល​ថែរក្សា​ខ្ញុំ ។ មើលជិត បាន​ដឹក​នាំ​ខ្ញុំ​ទៅ​រក​ព្រះ » ។

ខ្ញុំ​មាន​មោទនភាព​ចំពោះ​ចៅ​ប្រសារ​ស្រី​ដ៏​មាន​តម្លៃ​របស់​យើង​ខ្លាំង​ណាស់ ។ នៅ​អំឡុង​ពេល​ដ៏​រំជួលចិត្ត​នៅ​ក្នុង​ជីវិត​របស់​នាង ចៅ​ស្រី ជីល ជាទី​ស្រឡាញ់ បាន​រៀន​ចេះ​ឱបក្រសោប​តាម​ព្រះទ័យ​របស់​ព្រះ​សម្រាប់​ប៉ា​របស់​នាង ព្រម​ជា​មួយ​ទស្សន​វិស័យ​ដ៏​នៅ​អស់កល្ប​ជានិច្ច​ក្នុង​ជីវិត​នាង​ផ្ទាល់ ។ តាមរយៈ ការជ្រើសរើស ដើម្បី​ទុក​ឲ្យ​ព្រះ​ឈ្នះ នាង​ទទួល​បាន​សេចក្តី​សុខសាន្ត ។

( រ័សុល អិម ណិលសុន « Let God Prevail » ទំព័រ ៩៣ )

  • តើ ជីល បាន​ទទួល​ពរជ័យ​យ៉ាង​ដូចម្ដេច នៅពេល​នាង​បាន​រក្សា​ទស្សនវិស័យ​ដ៏អស់កល្ប​មួយ​នោះ ?

សូម​ពិចារណា​ពី​បញ្ហា​ប្រឈម ឬ​សំណួរ​ដែល​អ្នក​បាន​រកឃើញ​ពីមុន​មក​នៅក្នុង​មេរៀន​នេះ ។ សូម​ធ្វើការ​តាមរយៈ​សំណួរ ឬ​បញ្ហា​ប្រឈម​របស់​អ្នក​នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់​អ្នក ដោយ​ប្រើ​ជំហាន​ទាំងបី​ដែល​អ្នក​ទើបតែ​បាន​រៀន​នេះ ។

៣. សូម​សរសេរ​នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់​អ្នក ពី​របៀប​ដែល​ការប្រើ​ជំហាន​ទាំងនេះ​បាន​ជួយ​ដល់​អ្នក ។ សូម​រួម​បញ្ចូល​សំណួរ​ណាមួយ ដែល​អ្នក​អាច​នៅតែ​មាន អំពី​របៀប​ពិនិត្យ​មើល​សំណួរ ឬ​ក្តីបារម្ភ​ដោយ​មាន​ទស្សនវិស័យ​ដ៏អស់កល្ប​មួយ ។

ជម្រើស ៖ តើ​ចង់​រៀនសូត្រ​បន្ថែម​ទៀត​ដែរ​ឬ​ទេ ?

តើ​ការរក្សា​ទស្សនវិស័យ​ដ៏អស់កល្ប​មួយ​អាច​ជួយ​ខ្ញុំ​បាន​ដោយ​របៀប​ណា នៅពេល​ខ្ញុំ​មាន​ទុក្ខព្រួយ ឬ​ការបាត់បង់​នោះ ?

ប្រធាន រ័សុល អិម ណិលសុន បាន​ពន្យល់ពី​របៀប​រក្សា​ទស្សនវិស័យ​ដ៏អស់កល្ប​ជានិច្ច ដែល​បាន​ជួយ​លោក នៅពេល​ភរិយា​របស់​លោក ស៊ីស្ទើរ ឌេនហ្សេល បាន​ស្លាប់​ភ្លាមៗ ហើយ​នៅពេល​ដែល​កូនស្រី​របស់​លោក វេនឌី បាន​ទទួល​មរណភាព បន្ទាប់ពី​ការប្រយុទ្ធ​ដ៏យូរ​ជាមួយ​នឹង​ជំងឺ​មហារីក ៖

រូបភាព
ប្រធាន រ័សុល អិម ណិលសុន

នៅ​ឆ្នាំ ២០០៥ បន្ទាប់​ពី​រៀបការ​បាន​ជិត ៦០ ឆ្នាំ ឌេនហ្សេល ភរិយា​ជាទី​ស្រឡាញ់​របស់​ខ្ញុំ​បាន​ទទួល​មរណភាព​ដោយ​មិន​បាន​រំពឹង​ទុក ។ ខ្ញុំ​បាន​ឈឺចាប់​ស្ទើរ​តែ​មិន​អាច​ទ្រាំ​ទ្រ​បាន​អស់​មួយ​រយៈ ។ ប៉ុន្តែ​សារលិខិត​នៃ​បុណ្យ​អ៊ីស្ទើរ និង​ការ​សន្យា​នៃ​ការ​រស់​ឡើង​វិញ​បាន​ជួយ​ដល់​រូប​ខ្ញុំ ។

( រ័សុល អិម ណិលសុន « Revelation for the Church, Revelation for Our Lives » Liahona ខែ ឧសភា ឆ្នាំ ២០១៨ ទំព័រ ៩៤ )

រូបភាព
ប្រធាន រ័សុល អិម ណិលសុន

យើង​នឹក​កូនស្រី​របស់យើង​ខ្លាំងណាស់ ។ ទោះជា​យ៉ាងណា ដោយសារ​តែ​ដំណឹងល្អ​ដែល​បាន​ស្ដារ​ឡើងវិញ​របស់​ព្រះយេស៊ូវ​គ្រីស្ទ យើង​មិន​បារម្ភ​អំពី​គាត់​ទេ ។ នៅពេល​យើង​បន្ដ​គោរព​សេចក្ដីសញ្ញា​របស់​យើង​ជាមួយ​ព្រះ នោះ​យើង​រស់នៅ​ជួបជុំគ្នា​នឹង​គាត់​ម្ដងទៀត ។ ទន្ទឹម​នឹង​នោះ យើង​កំពុង​បម្រើ​ព្រះអម្ចាស់​នៅទីនេះ ហើយ​គាត់​កំពុង​បម្រើ​ទ្រង់​នៅ​ទីនោះ—ក្នុង​ស្ថាន​បរមសុខ ។

( រ័សុល អិម ណិលសុន « Come, Follow Me » Liahona ខែ ឧសភា ឆ្នាំ ២០១៩ ទំព័រ ៨៨ )

ហេតុអ្វី​ការសន្មត​របស់​យើង​សំខាន់ ?

ប្រធាន ដាល្លិន អេក អូក ក្នុង​គណៈប្រធាន​ទីមួយ​បាន​ចែកចាយ ៖

រូបភាព
ប្រធាន ដាល្លិន អេក អូក

ដោយសារ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​ដឹង​ពី​ផែនការ​របស់​ព្រះវរបិតាសួគ៌​របស់យើង​សម្រាប់​បុត្រាបុត្រី​របស់ទ្រង់ នោះ​យើង​ដឹង​ថា ជីវិត​រមែង​ស្លាប់នេះ​មិនមែន​ជា​ការប្រព្រឹត្ដ​តែ​មួយ ដែល​កើត​មាន​រវាង​អតីតកាល​ដែល​យើង​ពុំស្គាល់ និង​អនាគត​ដែល​យើង​មិន​ដឹង​ច្បាស់លាស់​នោះ​ទេ ។ ជីវិត​នេះ​គឺ​ប្រៀប​បាន​នឹង​ឈុតឆាក​ទីពីរ​នៅក្នុង​រឿង​ដែល​មាន​បី​ឈុតឆាក ។ គោលបំណង​របស់​វា​ត្រូវ​បាន​កំណត់​តាមរយៈ​អ្វី​ដែល​ត្រូវ​បានបើក​សម្ដែង​អំពី​ជីវិត​ខាងវិញ្ញាណ​របស់​យើង​ក្នុង​ឈុត​ឆាកទី ១ និង​ជោគវាសនា​ដ៏​នៅ​អស់កល្បជានិច្ច​របស់​យើង​ក្នុង​ឈុត​ឆាកទី ៣ ។ ដោយសារ​ចំណេះ​ដឹង​របស់​យើង​អំពី​ផែនការ​នេះ និង​សេចក្តីពិត​ផ្សេង​ទៀត​ដែល​ព្រះ​បាន​បើក​សម្តែង នោះ​យើង​ចាប់ផ្តើម​ជាមួយ​នឹង​ការគិត​ផ្សេង​ពី​អស់​អ្នក​ដែល​គ្មាន​ចំណេះ​ដឹង​ដូច​យើង ។ ជា​លទ្ធផល យើង​បាន​សម្រេច​នូវ​ការសន្និដ្ឋាន​ផ្សេងៗ​អំពី​ប្រធាន​បទ​សំខាន់ៗ​ជា​ច្រើន ដែល​មនុស្ស​ដទៃ​គ្រាន់តែ​វិនិច្ឆ័យ​តាម​មតិផ្ទាល់​ខ្លួន​គេ​អំពី​ជីវិត​រមែង​ស្លាប់​នេះ​ប៉ុណ្ណោះ ។

( ដាល្លិន អេក អូក « As He Thinketh in His Heart » [ ជំនួប​ពេល​ល្ងាច​ជាមួយ​នឹង​អ្នកមាន​សិទ្ធិ​អំណាច​ទូទៅ ថ្ងៃទី ៨ ខែ កុម្ភៈ ឆ្នាំ ២០១៣ ] ទំព័រ ៣–៤ )

តើ​ខ្ញុំ​អាច​គិត​ឡើងវិញ​ពី​សំណួរ និង​ក្ដីបារម្ភ​របស់​ខ្ញុំ​ដោយ​របៀប​ណា ដើម្បី​មើលឃើញ​សំណួរ និង​ក្ដីបារម្ភ​នោះ​ចេញពី​ទស្សនវិស័យ​ដ៏​នៅ​អស់កល្ប​មួយ ?

បងប្រុស ឆាដ អេច វិប អ្នកគ្រប់គ្រង​ថ្នាក់​សិក្ខាសាលា និង​ថ្នាក់​វិទ្យាស្ថាន​នៃ​សាសនា​បាន​មាន​ប្រសាសន៍ ៖

រូបភាព
ឆាដ អេច វិប

ប្រសិនបើ​យើង​ចាប់ផ្តើម​ដោយ​មាន​ទស្សនវិស័យ​ដ៏​នៅ​អស់កល្ប​មួយ នោះ​យើង​នឹង​ទៅ​ដល់​ការសន្និដ្ឋាន ដែល​ឆ្លុះបញ្ចាំង​ពី​សេចក្តីពិត​ដ៏នៅ​អស់កល្ប​ជានិច្ច ។ ប៉ុន្តែ ប្រសិនបើ​យើង​ចាប់ផ្តើម​ដោយ​មាន​ការសន្មត​ខាង​លោកិយ នោះ​យើង​ទំនងជា​នឹង​ឈានដល់​ការសន្និដ្ឋាន​ខាង​លោកិយ​ដែរ ។ ដូច្នេះ យើង​ប្រហែលជា​ត្រូវ​គិត​ឡើងវិញ​ពី​សំណួរ​មួយ​ចំនួន ពីព្រោះ​យើង​មិន​ទទួលយក​ការសន្មត ដែល​ពួកគេ​ពឹងផ្អែក​នោះទេ ។

ឧទាហរណ៍ អ្នក​ប្រហែលជា​ត្រូវបាន​គេ​សួរ​ថា « តើ​មនុស្ស​ពីរនាក់​ដែល​ស្រឡាញ់គ្នា​មិន​អាច​រៀបការ​នឹង​គ្នា​បាន​ទេឬ​អី ? » ចេញពី​ទស្សនវិស័យ​ខាង​លោកិយ​ភាគច្រើន នោះ​ចម្លើយ​ទំនង​ជា​បាន ។ ប៉ុន្តែ សូម​គិត​អំពី​អ្វី​ដែល​អ្នក​ដឹង​អំពី​ផែនការ​នៃ​សេចក្តី​សង្គ្រោះ និង​អំពី​គោលបំណង​របស់​ព្រះវរបិតាសួគ៌​សម្រាប់​អាពាហ៍ពិពាហ៍ ។ ផែនការ​នៃ​សេចក្តី​សង្គ្រោះ​ផ្តល់នូវ​ទស្សនវិស័យ​ដ៏​នៅ​អស់កល្ប​មួយ និង​ការសន្មត​នៃ​ដំណឹងល្អ​ដែល​ប្ដូរ​របៀប​គិតពី​សំណួរ​នេះ ។ សំណួរ​ខ្លះ​ដែល​អ្នក​អាច​ពិចារណា​គឺ « ហេតុអ្វី​បានជា​គ្រួសារ​ត្រូវបាន​តែងតាំង​ឡើង​ដោយ​ព្រះ ? » ឬ « ហេតុអ្វី​បានជា​ព្រះអម្ចាស់​បង្កើត​ឲ្យមាន​អាពាហ៍ពិពាហ៍​រវាង​បុរស​ម្នាក់ និង​ស្ត្រី ? » សូម​គិត​អំពី​អ្វី​ដែល​អ្នក​ដឹង​អំពី​បុត្រា​បុត្រី​ខាង​វិញ្ញាណ​របស់​ព្រះវរបិតាសួគ៌—តើ​ពួកគេ​មក​ពីណា ហើយ​តើ​ទ្រង់​ចង់​បាន​អ្វី​សម្រាប់​ពួកគេ​នា​ពេល​ឥឡូវនេះ និង​នៅក្នុង​ភាពអស់កល្ប​ជានិច្ច ។ សូម​គិត​អំពី​មូលហេតុ ដែល​ទ្រង់​បាន​ប្រទានពរ​ឲ្យ​យើង​មាន​អំណាច ដើម្បី​ផ្សារភ្ជាប់​ក្រុមគ្រួសារ​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ ។ តើ​ការយល់ដឹង​របស់​អ្នក​អំពី​គោលការណ៍​ទាំងនេះ​ប្ដូរ​ការគិត​អំពី​សំណួរ​នេះ និង​អនុញ្ញាតឲ្យ​អ្នក​មើលឃើញ​ពី​បញ្ហា​នេះ តាមរយៈ​ពន្លឺ​នៃ​ដំណឹងល្អ​បាន​យ៉ាង​ដូចម្ដេច ?

( ឆាត អេច វិប « That They May Know How to Come unto Him and Be Saved » [ ការប្រជុំ​ធម្មនិដ្ឋាន Brigham Young University–Hawaii នៅ​ថ្ងៃទី ២២ ខែ មីនា ឆ្នាំ ២០១៦ ] នៅលើ​គេហទំព័រ byuh.edu )