« មេរៀនទី ១២៣—គោលលទ្ធិ និងសេចក្តីសញ្ញា ១១០ ផ្នែកទី ១ ៖ ព្រះអង្គសង្រ្គោះនឹងបើកសម្តែងព្រះអង្គទ្រង់ចំពោះពួកបរិសុទ្ធរបស់ទ្រង់នៅក្នុងព្រះវិហារបរិសុទ្ធ » សៀវភៅសិក្សាព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា សម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា( ឆ្នាំ ២០២៥ )
« គោលលទ្ធិ និងសេចក្ដីសញ្ញា ១១០ ផ្នែកទី ១ » សៀវភៅសិក្សាព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា សម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា
មេរៀនទី ៩៨ ៖ គោលលទ្ធិនិងសេចក្តីសញ្ញា ១០៩–១១០
គោលលទ្ធិ និងសេចក្ដីសញ្ញា ១១០ ផ្នែកទី ១
ព្រះអង្គសង្រ្គោះនឹងបើកសម្តែងព្រះអង្គទ្រង់ចំពោះពួកបរិសុទ្ធរបស់ទ្រង់នៅក្នុងព្រះវិហារបរិសុទ្ធ
នៅថ្ងៃទី ៣ ខែ មេសា ឆ្នាំ ១៨៣៦ ព្រះអម្ចាស់ព្រះយេស៊ូវគ្រីស្ទបានបង្ហាញព្រះកាយទ្រង់ទៅកាន់ យ៉ូសែប ស្ម៊ីធ និង អូលីវើរ ខៅឌើរី នៅក្នុងព្រះវិហារបរិសុទ្ធខឺតឡង់ ដោយបំពេញសេចក្ដីសន្យារបស់ទ្រង់ដើម្បី« សម្ដែងកាយ [ ទ្រង់ផ្ទាល់ ] ដល់រាស្ត្រ [ របស់ទ្រង់ ] » … នៅក្នុងដំណាក់របស់ទ្រង់ » ( គោលលទ្ធិ និងសេចក្តីសញ្ញា ១១០:៧ ) ។ ការសន្យានេះអាចអនុវត្តចំពោះយើងនៅសព្វថ្ងៃនេះ ។ មេរៀននេះអាចសិស្សឲ្យយល់ពីរបៀបដែលភាពស័ក្ដិសមរបស់យើងរៀបចំឲ្យយើងខិតទៅជិតព្រះអម្ចាស់នៅក្នុងព្រះវិហារបរិសុទ្ធរបស់ទ្រង់ ។
សកម្មភាពរៀនសូត្រដែលអាចមាន
ប្រសិនបើអ្នកអាចនៅជាមួយព្រះអង្គសង្គ្រោះ
ដើម្បីចាប់ផ្ដើមថ្នាក់រៀន សូមអញ្ជើញសិស្សឲ្យស្រមៃថា ពួកគេមានឱកាសឃើញព្រះអង្គសង្គ្រោះព្រះយេស៊ូវគ្រីស្ទដោយផ្ទាល់ ។
ដូចគ្នានេះដែរ អ្នកអាចបង្ហាញរូបភាពនៃការងារបម្រើរបស់ព្រះអង្គសង្គ្រោះក្នុងដល់ប្រជាជនអាមេរិកសម័យបុរាណ ឬបង្ហាញវីដេអូ « Jesus Christ Appears in the Ancient Americas » ពីកូដពេលវេលា ១១:៥២ ដល់ ១៤:០៥ ។ អញ្ជើញសិស្សឲ្យស្រមៃថា ពួកគេនៅទីនោះដែរ ។ បន្ទាប់ពីវីដេអូនេះ អ្នកអាចសួរសំណួរដូចខាងក្រោម ៖
-
តើអ្នកអាចទទួលពរជ័យអ្វីខ្លះដោយបាននៅជាមួយព្រះអង្គសង្គ្រោះ ?
-
តើពរជ័យទាំងនេះអាចជះឥទ្ធិពលលើជីវិតរបស់អ្នកយ៉ាងដូចម្ដេច ?
នៅពេលអ្នកសិក្សានៅថ្ងៃនេះ សូមស្វែងរករបៀបដែលអ្នកអាចចូលទៅជិតព្រះអម្ចាស់ខាងវិញ្ញាណ ហើយរីករាយនឹងពរជ័យដែលទ្រង់មានព្រះរាជបំណងចង់ប្រទានឲ្យអ្នក ។
ព្រះសង្រ្គោះសម្ដែងព្រះកាយនៅក្នុងព្រះវិហារបរិសុទ្ធខឺតឡង់
ដើម្បីរៀបចំសិស្សឲ្យសិក្សាអំពីការសម្ដែងព្រះកាយរបស់ព្រះអង្គសង្គ្រោះនៅក្នុងព្រះវិហារបរិសុទ្ធខឺតឡង់ ដែលបានកត់ត្រាក្នុង គោលលទ្ធិ និងសេចក្ដីសញ្ញា ១១០ សូមពិចារណារំឭកពួកគេអំពីពរជ័យដែលព្រះអម្ចាស់បានសន្យាដល់ពួកបរិសុទ្ធ ប្រសិនបើពួកគេនឹងសង់ព្រះវិហារបរិសុទ្ធមួយឡើង( សូមមើល គោលលទ្ធិ និងសេចក្តីសញ្ញា ៩៧:១៥–១៦ ) ។ សិស្សក៏អាចពិនិត្យឡើងវិញនូវពរជ័យមួយចំនួនដែលយ៉ូសែប ស្ម៊ីធបានអធិស្ឋាននៅក្នុងការឧទ្ទិសឆ្លងព្រះវិហារបរិសុទ្ធនោះដែរ ( សូមមើលគោលលទ្ធិ និងសេចក្ដីសញ្ញា ១០៩:១២ ) ។
កថាខណ្ឌខាងក្រោមនេះអាចអានឮៗ ឬសង្ខេបដើម្បីផ្ដល់បរិបទប្រវត្តិសាស្ត្រសម្រាប់ គោលលទ្ធិ និងសេចក្តីសញ្ញា ១១០ ។ សូមអញ្ជើញសិស្សឲ្យនឹកស្រមៃពីព្រឹត្តិការណ៍ទាំងនេះ និងអារម្មណ៍ដែលពួកគេអាចមាន ប្រសិនបើពួកគេបាននៅទីនោះ ។
នៅរសៀលថ្ងៃអាទិត្យបុណ្យអ៊ីស្ទើរថ្ងៃទី ៣ ខែមេសា ឆ្នាំ ១៨៣៦ ការប្រជុំសាក្រាម៉ង់មួយបានធ្វើឡើងនៅក្នុងព្រះវិហារបរិសុទ្ធខឺតឡង់ដែលទើបនឹងឧទ្ទិសឆ្លងថ្មី ។ បន្ទាប់ពីពិធីសាក្រាម៉ង់ត្រូវបានចាត់ចែងទៅកាន់ក្រុមជំនុំ យ៉ូសែប ស្ម៊ីធ និង អូលីវើរ ខៅឌើរី បានដើរពីក្រោយវាំងននដែលគ្របលើអាសនាដើម្បីអធិស្ឋានដោយស្ងៀមស្ងាត់ ។ នៅទីនោះពួកលោកបានឃើញនូវការមកជួបដ៏ទេវភាពជាបន្តបន្ទាប់ដែលបានកត់ត្រានៅក្នុង គោលលទ្ធិ និងសេចក្តីសញ្ញា ១១០ ។ ( សូមមើល ពួកបរិសុទ្ធ ៖ រឿងអំពីសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ភាគ ១ បទដ្ឋាននៃសេចក្ដីពិតឆ្នាំ ១៨១៥–១៨៤៦ [ ឆ្នាំ២០១៨ ] ទំព័រ ២៣៩–៤០ ) ។
ចំណាំ៖ មេរៀនបន្ទាប់ ( « គោលលទ្ធិ និងសញ្ញា ១១០,ភាគ ២ » ) រៀបរាប់ពីការយាងមកជួបពីស្ថានសួគ៌បន្ទាប់ពីការសម្ដែងព្រះកាយរបស់ព្រះអង្គសង្គ្រោះនៅក្នុងព្រះវិហារបរិសុទ្ធនោះ ។
ពេលអ្នកអាន គោលលទ្ធិ និងសេចក្ដីសញ្ញា ១១០:១–៤ សូមពិចារណាពីគំនិតដែលអ្នកអាចមាន ឬទទួលអារម្មណ៍ ប្រសិនបើអ្នកបាននៅជាមួយយ៉ូសែប និងអូលីវើរ ក្នុងអំឡុងពេលការនិមិត្តនេះ ។
-
តើអ្នកចាប់អារម្មណ៍អ្វីខ្លះអំពីរបៀបដែលព្រះអង្គសង្គ្រោះបានណែនាំខ្លួននៅក្នុង ខទី ៤ ?
-
តើអ្នកយល់យ៉ាងណាដែលព្រះអង្គសង្គ្រោះគឺជាអ្នកគាំទ្ររបស់យើងជាមួយព្រះវរបិតា ? ( សូមមើលលទ្ធិ និងសញ្ញា ៤៥:៣–៥ ) ។
ព្រះសង្រ្គោះសន្យាថានឹងបង្ហាញព្រះកាយទ្រង់ដល់យើងនៅក្នុងព្រះវិហារបរិសុទ្ធ
សូមអាន គោលលទ្ធិ និងសេចក្ដីសញ្ញា ១១០:៥–១០ ដោយស្វែងរកមូលហេតុដែលព្រះអង្គសង្គ្រោះបានមានបន្ទូលថា ពួកបរិសុទ្ធរបស់ទ្រង់គ្រប់រូបគួរតែរីករាយ ។
ផ្ដោតលើគោលការណ៍នៃការប្រែចិត្តជឿ ៖ លំហាត់នេះអាចជួយសិស្សឲ្យស្គាល់គោលការណ៍នៃការប្រែចិត្តជឿ ។ សម្រាប់ការអនុវត្តបន្ថែមទៀតជាមួយនឹងការផ្ដោតលើគោលការណ៍នៃការប្រែចិត្តជឿ សូមមើលការបំពាក់បំប៉នដែលមានចំណងជើងថា « ផ្តោតលើសេចក្ដីពិតដែលនាំទៅរកការប្រែចិត្តជឿ និងស្ថាបនាសេចក្ដីជំនឿលើព្រះយេស៊ូវគ្រីស្ទ » នៅក្នុងជំនាញការអភិវឌ្ឍគ្រូបង្រៀន ។ សូមពិចារណាអនុវត្តជំនាញ « សួរសំណួរដែលជួយសិស្សឲ្យរកឃើញ និងថ្លែងនូវគោលការណ៍នៃការប្រែចិត្តជឿ » ។
-
តើពាក្យ ឬឃ្លាអ្វីខ្លះនៅក្នុងខគម្ពីរទាំងនេះដែលមានអត្ថន័យ ឬគួរឲ្យចាប់អារម្មណ៍ចំពោះអ្នក ?
-
តើខទី ៥ និង ទី៨ អាចជួយយើងឲ្យរៀបចំខ្លួនខិតមកជិតនឹងព្រះអម្ចាស់ក្នុងព្រះវិហារបរិសុទ្ធដោយរបៀបណា ?
ក្នុងចំណោមសេចក្ដីពិតដែលសិស្សអាចរកឃើញពីខគម្ពីរទាំងនេះ សូមជួយពួកគេឲ្យយល់ថា ប្រសិនបើយើងគោរពបទបញ្ញត្តិ ហើយព្យាយាមឲ្យបានស្អាតស្អំនៅចំពោះព្រះអម្ចាស់ ទ្រង់នឹងបង្ហាញព្រះកាយទ្រង់ដល់យើងនៅក្នុងព្រះវិហារបរិសុទ្ធរបស់ទ្រង់ ។
-
ក្រៅពីការបង្ហាញព្រះកាយជារូបរាងកាយ តើមានវិធីអ្វីខ្លះទៀតដែលព្រះអង្គសង្គ្រោះអាចបង្ហាញព្រះកាយទ្រង់ដល់យើងនៅក្នុងព្រះវិហារបរិសុទ្ធ ? ( ឧទាហរណ៍ មួយចំនួនមានក្នុង ខទី៨–៩ ) ។
វិធីផ្សេងទៀតដែលព្រះអង្គសង្គ្រោះអាចបង្ហាញព្រះកាយទ្រង់ដល់យើងអាចរួមបញ្ចូលការមានបន្ទូលមកកាន់យើងដោយព្រះសូរសៀងទ្រង់ ( ខទី ៨ ) ព្រមទាំងការប្រទានពរជ័យ និងអំណោយទានពិសិដ្ឋ ឬអំណោយទាននៃអំណាចខាងវិញ្ញាណពីស្ថានសួគ៌ដល់យើង ( ខទី ៩ ) ។ នៅក្នុងព្រះវិហារបរិសុទ្ធ យើងអាចទទួលបានពរជ័យមួយចំនួនដូចគ្នាដែលសិស្សប្រហែលជាបានគិតនៅពេលចាប់ផ្ដើមមេរៀននេះ ។ ពរជ័យទាំងនេះអាចរួមបញ្ចូលទាំងការមកស្គាល់ព្រះសង្រ្គោះឲ្យបានល្អប្រសើរ និងការទទួលការណែនាំ សេចក្ដីសុខសាន្ត រួមទាំងការព្យាបាល ។
ការគោរពតាមបទបញ្ញត្តិរបស់ព្រះអម្ចាស់ និងការមានភាពស្អាតស្អំ
ដើម្បីជួយសិស្សឲ្យយល់កាន់តែច្បាស់អំពីគោរពតាមបទបញ្ញត្តិ និងការខិតខំធ្វើឲ្យខ្លួនស្អាតស្អំ នោះអ្នកអាចឲ្យពួកគេពិនិត្យមើលសំណួរសម្រាប់ទទួលប័ណ្ណចូលព្រះវិហារបរិសុទ្ធ ដោយស្វែងរកអ្វីដែលព្រះអម្ចាស់រំពឹងទុកពីយើងមុនពេលយើងអាចចូលទៅក្នុងព្រះដំណាក់របស់ទ្រង់ ( សូមមើល ដើម្បីកម្លាំងនៃយុវជន ៖ សេចក្តីណែនាំដើម្បីធ្វើការជ្រើសរើស ( [ ឆ្នាំ ២០២២ ] ទំព័រ ៣៦–៣៧ ) ។ សិស្សប្រហែលជាបានធ្វើអ្វីមួយដែលស្រដៀងគ្នានេះរួចហើយ នៅពេលពួកគេបានសិក្សាមេរៀន « គោលលទ្ធិ និងសេចក្តីសញ្ញា ៩៧ » ។
អ្នកអាចគូរ ឬអញ្ជើញសិស្សម្នាក់ឲ្យគូរដ្យាក្រាមដូចខាងក្រោមនៅលើក្ដារខៀន ។ សិស្សអាចចម្លងរូបភាពនោះចូលទៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់ពួកគេ ។ ពួកគេអាចធ្វើបញ្ជីពីអ្វីដែលពួកគេរៀនពីការពិនិត្យឡើងវិញនូវ សំណួរទទួលប័ណ្ណចូលព្រះវិហារបរិសុទ្ធ នៅតាមផ្លូវនោះ ។
-
តើអ្នកគិតថា ហេតុអ្វីបានជាព្រះអម្ចាស់សព្វព្រះទ័យចង់ឲ្យយើងខិតខំរក្សាបទបញ្ញត្តិដើម្បីខិតមកជិតទ្រង់នៅក្នុងព្រះវិហារបរិសុទ្ធ ?
-
តើវាមានន័យយ៉ាងណាចំពោះអ្នកដើម្បីធ្វើខ្លួនឲ្យស្អាតស្អំ ឬស័ក្ដិសមនៅចំពោះព្រះអម្ចាស់ ?
បងប្រុស ប្រាដលី អរ វីលខក់ ក្នុងគណៈប្រធានយុវជនទូទៅបានបង្រៀន ៖
សារលិខិតរបស់ព្រះគឺថា ភាពស័ក្ដិសមមិនមែនជាភាពល្អឥតខ្ចោះនោះទេ ។ ភាពស័ក្ដិសមគឺជាការប្រព្រឹត្តដោយស្មោះត្រង់ និងការព្យាយាម ។ យើងត្រូវតែស្មោះត្រង់ជាមួយព្រះ ថ្នាក់ដឹកនាំបព្វជិតភាព និងមនុស្សទាំងឡាយដែលស្រឡាញ់យើង ហើយយើងត្រូវខិតខំកាន់តាមព្រះបញ្ញត្តិទាំងឡាយរបស់ព្រះ ហើយកុំចុះចាញ់ដោយសារយើងគ្រាន់តែភ្លាត់ភ្លាំងនោះឡើយ ។ …
សូមចងចាំថា ការផ្លាស់ប្ដូរគឺអាចធ្វើបាន ការប្រែចិត្តគឺជាដំណើរការមួយ ហើយភាពស័ក្ដិសមមិនមែនជាភាពល្អឥតខ្ចោះនោះទេ ។ សំខាន់បំផុត សូមចាំថា ព្រះ និងព្រះគ្រីស្ទមានព្រះឆន្ទៈជួយយើងនៅទីនេះ និងឥឡូវនេះ ។ …
អែលឌើរ ឌៀថើរ អេហ្វ អុជដូហ្វ បានមានប្រសាសន៍ថា « ព្រះទ្រង់មិនត្រូវការប្រជាជនដែលល្អឥតខ្ចោះនោះទេ ។ ទ្រង់ស្វែងរកអស់អ្នកដែលនឹងផ្តល់ « ចិត្ត និងគំនិតដែលស្ម័គ្រតាម » [ គោលលទ្ធិ និងសេចក្តីសញ្ញា ៦៤:៣៤ ] ហើយទ្រង់នឹងធ្វើឲ្យពួកគេ ‹ បានល្អឥតខ្ចោះនៅក្នុងព្រះគ្រីស្ទ › [ មរ៉ូណៃ ១០:៣២–៣៣ ] » ។ ( ប្រាដលី អរ វីលខក់ « ភាពស័ក្ដិសមមិនមែនជាភាពល្អឥតខ្ចោះ » លីអាហូណា ខែ វិច្ឆិកា ឆ្នាំ ២០២១ ទំព័រ ៦២, ៦៧ )
-
តើសារលិខិតនេះអាចជួយនរណាម្នាក់ដែលងឿងឆ្ងល់ថា តើពួកគេមានភាពស័ក្ដិសមនៅក្នុងព្រះវិហារបរិសុទ្ធ និងនៅក្នុងវត្តមានរបស់ព្រះអង្គសង្គ្រោះដោយរបៀបណា ?
បង្ហាញការយល់ដឹងរបស់អ្នក
ដើម្បីជួយសិស្សបង្ហាញពីការយល់ដឹងរបស់ខ្លួន អ្នកអាចផ្ដល់នូវសាច់រឿងដូចខាងក្រោម ៖
សូមស្រមៃថាមិត្តម្នាក់កំពុងឆ្ងល់ថា តើវាមានតម្លៃឬអត់ក្នុងការខិតខំដើម្បីឲ្យមានភាពស័ក្ដិសមដើម្បីថ្វាយបង្គំនៅក្នុងព្រះវិហារបរិសុទ្ធ ។ មិត្តម្នាក់ទៀតឆ្ងល់ថា តើពួកគេអាចមានភាពស័ក្ដិសមគ្រប់គ្រាន់ដើម្បីនៅក្នុងព្រះវិហារបរិសុទ្ធដែរឬទេ ។ សូមជ្រើសរើសស្ថានភាពមួយក្នុងចំណោមស្ថានភាពទាំងនេះ ហើយឆ្លើយសំណួរដូចខាងក្រោម ៖
-
ចំពោះអ្វីដែលអ្នកបានរៀននៅថ្ងៃនេះ តើអ្នកនឹងឆ្លើយតបយ៉ាងណាចំពោះការព្រួយបារម្ភរបស់មិត្តអ្នក ?
-
តើអ្នកសង្ឃឹមថា មិត្តរបស់អ្នកនឹងយល់យ៉ាងណាអំពីព្រះវរបិតាសួគ៌ព្រះយេស៊ូវគ្រីស្ទ និងព្រះវិហារបរិសុទ្ធ ?
សូមអញ្ជើញសិស្សឲ្យចែកចាយគំនិតរបស់ពួកគេ ។ សូមពិចារណាចែកចាយអារម្មណ៍របស់អ្នកអំពីការសន្យារបស់ព្រះអង្គសង្គ្រោះក្នុងការបង្ហាញព្រះកាយទ្រង់ដល់យើងនៅក្នុងព្រះវិហារបរិសុទ្ធរបស់ទ្រង់ នៅពេលយើងព្យាយាមរក្សាបទបញ្ញត្តិ និងស្អាតស្អំ ។