« មេរៀនទី ១២៤—គោលលទ្ធិ និងសេចក្ដីសញ្ញា ១១០ ផ្នែកទី ២ ៖ ការស្ដារឡើងវិញនៃកូនសោបព្វជិតភាព សៀវភៅសិក្សាព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា សម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា ( ឆ្នាំ ២០២៥ )
« គោលលទ្ធិ និងសេចក្ដីសញ្ញា ១១០ ផ្នែកទី ២ » សៀវភៅសិក្សាព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា សម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា
មេរៀនទី ១២៤ ៖ គោលលទ្ធិ និងសេចក្តីសញ្ញា ១០៩–១១០
គោលលទ្ធិ និងសេចក្តីសញ្ញា ១១០ ផ្នែកទី ២
ការស្ដារឡើងវិញនៃកូនសោបព្វជិតភាព
បន្ទាប់ពីការនិមិត្តឃើញព្រះយេស៊ូវគ្រីស្ទនៅក្នុងព្រះវិហារបរិសុទ្ធខឺតឡង់ នៅថ្ងៃទី ៣ ខែ មេសា ឆ្នាំ ១៨៣៦ « ផ្ទៃមេឃបានបើកម្ដងទៀត » ( គោលលទ្ធិ និងសេចក្តីសញ្ញា ១១០:១១ ) ដល់ យ៉ូសែប ស្ម៊ីធ និង អូលីវើរ ខៅឌើរី ។ ព្យាការីបុរាណបីនាក់បានលេចមក ហើយបានប្រគល់កូនសោបព្វជិតភាពសំខាន់ៗដល់ពួកលោក ។ មេរៀននេះអាចជួយសិស្សឲ្យយល់ពីរបៀបដែលកូនសោបព្វជិតភាពដែលបានស្ដារឡើងវិញដល់ព្យាការី យ៉ូសែប ស្ម៊ីធ អាចផ្ដល់ពរជ័យដល់ជីវិតរបស់ពួកគេ ។
សកម្មភាពរៀនសូត្រដែលអាចមាន
តើជីវិតនឹងខុសគ្នាយ៉ាងដូចម្ដេច ?
ដើម្បីចាប់ផ្ដើមថ្នាក់ សូមពិចារណាសរសេរសំណួរមិនពេញលេញដូចខាងក្រោមនៅលើក្ដារខៀន ៖
តើជីវិតរបស់បងប្អូននឹងទៅជាយ៉ាងណាបើគ្មាន ?
សូមអញ្ជើញសិស្សឲ្យបំពេញសំណួរនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់ពួកគេជាមួយអ្វីដែលពួកគេមានអារម្មណ៍ថាពិបាករស់នៅបើគ្មានវា ។ សូមអញ្ជើញសិស្សពីរបីនាក់ឲ្យចែកចាយពីរបៀបដែលពួកគេបានបំពេញសំណួរនេះ ហើយពន្យល់យ៉ាងខ្លីពីមូលហេតុដែលជីវិតរបស់ពួកគេនឹងពិបាកបើគ្មានវា ។
បន្ទាប់ពីសិស្សបានចែកចាយហើយ សូមបំពេញសំណួរនៅលើក្តារខៀនដោយមានឃ្លាដូចជា « កិច្ចការផ្សព្វផ្សាយសាសនា » « ភាពពេញលេញនៃដំណឹងល្អ » « កិច្ចការព្រះវិហារបរិសុទ្ធ និងពង្សប្រវត្តិ » និង « ឱកាសផ្សារភ្ជាប់ទៅនឹងគ្រួសាររបស់អ្នក » ។ សូមអញ្ជើញសមាជិកថ្នាក់ឲ្យគិតដោយស្ងៀមស្ងាត់ពីរបៀបដែលជីវិតនឹងមានភាពខុសគ្នា បើគ្មានពរជ័យទាំងនេះពីព្រះវរបិតាសួគ៌ ហើយកត់ត្រានូវអារម្មណ៍ណាមួយដែលពួកគេអាចមាន ។ សូមលើកទឹកចិត្តសិស្សឲ្យបន្តពិចារណាពីសារៈសំខាន់នៃពរជ័យទាំងនេះក្នុងជីវិតរបស់ពួកគេ នៅពេលពួកគេរៀនអំពីព្រឹត្តិការណ៍ដ៏ពិសិដ្ឋដែលបានជួយឲ្យការណ៍នេះអាចធ្វើទៅបាន ។
កូនសោបព្វជិតភាពត្រូវបានស្ដារឡើងវិញ
អ្នកអាចបង្ហាញរូបភាពការបង្ហាញព្រះកាយរបស់ព្រះអង្គសង្រ្គោះនៅក្នុងព្រះវិហារបរិសុទ្ធខឺតឡង់ នៅថ្ងៃទី ៣ ខែ មេសា ឆ្នាំ ១៨៣៦ ( សូមមើល គោលលទ្ធិ និងសេចក្តីសញ្ញា ១១០:១–១០ ) ។ ប្រសិនបើសិស្សមានមេរៀន « គោលលទ្ធិ និងសេចក្តីសញ្ញា ១១០ ផ្នែកទី ១ » អ្នកអាចសួរពួកគេនូវសំណួរដូចខាងក្រោម ៖
-
តើអ្នកចាំអ្វីខ្លះអំពីការនិមិត្តដ៏ពិសិដ្ឋនេះ ?
សូមពិចារណាសរសេរសេចក្ដីពិតដែលដិតខ្មៅខាងក្រោមនេះនៅលើក្ដារខៀន ៖ ព្រះអម្ចាស់បានបញ្ជូនសារទូតសួគ៌ាមកស្តារកូនសោបព្វជិតភាពឡើងវិញដល់ព្យាការីយ៉ូសែប ស្ម៊ីធ ។ ដើម្បីជួយសិស្សឲ្យយល់កាន់តែច្បាស់ពីសារៈសំខាន់នៃសេចក្ដីពិតនេះ សូមចម្លងតារាងខាងក្រោមនេះទៅលើក្ដារខៀន ហើយអញ្ជើញសិស្សឲ្យបង្កើតវាឡើងវិញនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់ពួកគេ ។ ( សូមពន្យល់ថា សិស្សគួរទុកកន្លែងឲ្យបានគ្រប់គ្រាន់ដើម្បីបន្ថែមសំណួរបន្ថែមនៅផ្នែកខាងក្រោមនៃជួរឈរនីមួយៗនៅពេលក្រោយក្នុងមេរៀននេះ ) ។ សូមអញ្ជើញសិស្សឲ្យប្រើព្រះគម្ពីររបស់ខ្លួនដើម្បីបំពេញតារាងនេះ ។
ព្រះវិហារបរិសុទ្ធខឺតឡង់—ថ្ងៃទី ៣ ខែ មេសា ឆ្នាំ ១៨៣៦
|
តើនរណាបានបង្ហាញកាយ ? តើគាត់បានស្ដារអ្វីឡើងវិញ ? |
តើនរណាបានបង្ហាញកាយ ? តើគាត់បានស្ដារអ្វីឡើងវិញ ? |
តើនរណាបានបង្ហាញកាយ ? តើគាត់បានស្ដារអ្វីឡើងវិញ ? |
បន្ទាប់ពីអ្នកបានផ្តល់ពេលវេលាគ្រប់គ្រាន់ដល់សិស្សដើម្បីសិក្សាហើយ សូមអញ្ជើញអ្នកស្ម័គ្រចិត្តឡើងមកកាន់ក្ដារខៀន ហើយសរសេរនៅក្នុងជួរឈរនីមួយៗនូវអ្វីដែលពួកគេបានរៀន ។ ប្រសិនបើចាំបាច់ សូមរំឭកសិស្សអំពីចំណុចខាងក្រោម ៖
សូមចងចាំថា « កូនសោទាំងឡាយនៃបព្វជិតភាពគឺជាសិទ្ធិអំណាចដើម្បីដឹកនាំការប្រើប្រាស់បព្វជិតភាពជំនួសឲ្យបុត្រាបុត្រីរបស់ព្រះ ។ ការប្រើប្រាស់សិទ្ធិអំណាចបព្វជិតភាពទាំងអស់នៅក្នុងសាសនាចក្រត្រូវបានដឹកនាំដោយអ្នកដែលកាន់កូនសោទាំងឡាយនៃបព្វជិតភាព » ( ក្បួនខ្នាតទូទៅ ៖ ការបម្រើនៅក្នុងសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ៣.៤.១ នៅលើគេហទំព័រ ChurchofJesusChrist.org សូមមើលផងដែរ គោលលទ្ធិ និងសេចក្តីសញ្ញា ៦៥:២ ) ។
ដើម្បីជួយសិស្សឲ្យយល់កាន់តែច្បាស់កូនសោទាំងឡាយដែលបានស្ដារឡើងវិញ សូមអញ្ជើញពួកគេឲ្យសិក្សាអំពីកូនសោទាំងនេះដោយប្រើវគ្គបទគម្ពីរផ្សេងទៀត សុន្ទរកថាសន្និសីទទូទៅ ឬប្រភពដ៏ទេវភាពផ្សេងទៀត ។ ពួកគេអាចសិក្សាលេខយោង ឬរកមើល « កូនសោទាំងឡាយនៃបព្វជិតភាព » ពាក្យមិនសូវស្គាល់ ឬឈ្មោះណាមួយរបស់តួអង្គដែលបានយាងមករបស់ស្ថានសួគ៌នៅក្នុង សេចក្ដីណែនាំដល់បទគម្ពីរទាំងឡាយ, Bible Dictionary ឬ Topical Guide ។ ពួកគេអាចស្វែងរក « កូនសោដែលបានស្ដារឡើងវិញនៅក្នុងព្រះវិហារបរិសុទ្ធខឺតឡង់ » នៅក្នុងកម្មវិធីបណ្ណាល័យដំណឹងល្អ ។
ឬបែងចែកសិស្សទៅជាក្រុមតូចៗ ហើយផ្ដល់ឲ្យក្រុមនីមួយៗនូវសកម្មភាពសិក្សាចេញពីសំណៅចែកដែលមានចំណងជើងថា « កូនសោទាំងឡាយនៃបព្វជិតភាពត្រូវបានស្ដារឡើងវិញនៅក្នុងព្រះវិហារបរិសុទ្ធខឺតឡង់ » ។ សូមអញ្ជើញក្រុមនីមួយៗឲ្យពិភាក្សាអំពីការចែកចាយជាមួយគ្នា និងបន្ថែមការយល់ដឹងទៅក្នុងតារាងរបស់ពួកគេ ។
កូនសោទាំងឡាយនៃបព្វជិតភាពត្រូវបានស្ដារឡើងវិញនៅក្នុងព្រះវិហារបរិសុទ្ធខឺតឡង់
សកម្មភាពសិក្សាទី ក
ម៉ូសេបានស្ដារឡើងវិញនូវកូនសោដើម្បី « ការប្រមូលសាសន៍អ៊ីស្រាអែល » ( គោលលទ្ធិ និងសេចក្តីសញ្ញា ១១០:១១ ) ។ កូនសោនៃការប្រមូលអនុញ្ញាតឲ្យពួកអ្នកបម្រើទាំងនោះកាន់សិទ្ធិអំណាចនេះដើម្បីផ្សព្វផ្សាយដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទដែលបានស្ដារឡើងវិញដល់ប្រជាជាតិនៅលើផែនដីនេះ ។
ប្រធាន រ័សុល អិម ណិលសុន បានប្រកាស ៖
នៅពេលយើងនិយាយពីការប្រមូលផ្តុំអ៊ីស្រាអែលនៅទាំងសងខាងនៃវាំងនន ប្រាកដណាស់ យើងសំដៅលើកិច្ចការផ្សព្វផ្សាយសាសនា ព្រះវិហារបរិសុទ្ធ និងពង្សប្រវត្តិ ។ យើងក៏សំដៅលើការស្ថាបនាសេចក្តីជំនឿ និងទីបន្ទាល់នៅក្នុងដួងចិត្តនៃជនទាំងឡាយណាដែលយើងរស់នៅជាមួយ ធ្វើការជាមួយ និងបម្រើ ។ ( រ័សុល អិម ណិលសុន « Let God Prevail » Liahona ខែ វិច្ឆិកា ឆ្នាំ ២០២០ ទំព័រ ៩២ )
-
តើអ្នកអាចជួយស្ថាបនាសេចក្ដីជំនឿ និងទីបន្ទាល់នៅក្នុងដួងចិត្តអស់អ្នកដែលអ្នកទំនាក់ទំនងជាមួយជារៀងរាល់ថ្ងៃដោយរបៀបណា ?
-
តើជីវិតរបស់អ្នក ឬជីវិតរបស់មនុស្សម្នាក់ដែលអ្នកស្គាល់បានទទួលឥទ្ធិពលដោយព្រះអម្ចាស់យោងមករកយើងតាមរយៈកិច្ចការផ្សព្វផ្សាយសាសនាដោយរបៀបណា ?
សកម្មភាពសិក្សាទី ខ
អេលីយ៉ាសបានធ្វើការកាន់កាប់ត្រួតត្រានៃដំណឹងល្អរបស់អ័ប្រាហាំ ( សូមមើល គោលលទ្ធិ និងសេចក្តីសញ្ញា ១១០:១២ ) ។ ការណ៍នេះរួមទាំងការស្តារឡើងវិញនូវសេចក្តីសញ្ញាអ័ប្រាហាំផងដែរ ។
ប្រធាន រ័សុល អិម ណិលសុន បានពន្យល់ ៖
សេចក្ដីសញ្ញាដែលព្រះបានធ្វើជាមួយអ័ប្រាហាំ…មាននូវការសន្យាជាច្រើន រួមទាំង…គ្រប់ជាតិសាសន៍ទាំងអស់នៃផែនដីនឹងទទួលបានពរដោយពូជអំបូររបស់លោក។ …
… យើងបានទទួលនូវបព្វជិតភាពដ៏បរិសុទ្ធ និងដំណឹងល្អដ៏អស់កល្បអស់កាលជានិច្ច ដូចពួកគេកាលពីជំនាន់បុរាណបានទទួលដែរ ។ យើងមានសិទ្ធិទទួលភាពពេញលេញនៃដំណឹងល្អ រីករាយនឹងពរ័ជយនៃបព្វជិតភាព ហើយមានភាពស័ក្ដិសមនឹងពរជ័យដ៏អស្ចារ្យបំផុតរបស់ព្រះ—ជាពរជ័យនៃជីវិតដ៏អស់កល្បជានិច្ច ។ ( រ័សុល អិម ណិលសុន « Covenants » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១១ ទំព័រ ៨៧–៨៨ )
-
តើវិធីណាខ្លះដែលព្រះអម្ចាស់កំពុងប្រសិទ្ធពរដល់បុគ្គល ក្រុមគ្រួសារ និងប្រជាជាតិនានា តាមរយៈដំណឹងល្អ និងបព្វជិតភាពរបស់ទ្រង់ ?
-
តើពរជ័យអ្វីខ្លះមកពីព្រះអម្ចាស់ដែលអ្នកកំពុងជួបប្រទះតាមរយៈដំណឹងល្អ និងបព្វជិតភាពរបស់ទ្រង់ ?
សកម្មភាពសិក្សាទី គ
អេលីយ៉ាបានស្ដារកូនសោនៃការផ្សារភ្ជាប់ ដែលរួមមាននូវសិទ្ធិអំណាចដើម្បីផ្សារភ្ជាប់ក្រុមគ្រួសារជាមួយគ្នាក្នុងព្រះវិហារបរិសុទ្ធ ។
អែលឌើរ ហ្គែរី អ៊ី ស្ទីវ៉ែនសុន ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានពន្យល់ ៖
កូនសោផ្សារភ្ជាប់ បានស្តារឡើងវិញដោយព្យាការីក្នុងព្រះគម្ពីរសញ្ញាចាស់ អេលីយ៉ា ធ្វើឲ្យពិធីបរិសុទ្ធអាចកើតឡើងបាននៅក្នុងព្រះវិហារបរិសុទ្ធ ។ ពិធីបរិសុទ្ធនានាដែលធ្វើឡើងក្នុងព្រះវិហារបរិសុទ្ធទាំងនេះអាចឲ្យបុគ្គល និងក្រុមគ្រួសារត្រឡប់ទៅក្នុងវត្តមាននៃព្រះមាតាបិតាសួគ៌របស់យើងវិញបាន ។ ( ហ្គែរី អ៊ី ស្ទីវ៉ែនសុន « Where Are the Keys and Authority of the Priesthood ? » Liahona ខែ ឧសភា ឆ្នាំ ២០១៦ ទំព័រ ៣១ )
-
តើវិធីណាខ្លះដែលព្រះអម្ចាស់ប្រទានពរដល់យើង តាមរយៈកិច្ចការព្រះវិហារបរិសុទ្ធ និងការផ្សារភ្ជាប់ ?
-
តើព្រះអម្ចាស់បានប្រទានពរដោយរបៀបណា ឬតើទ្រង់អាចប្រទានពរអ្នក និងគ្រួសារអ្នកតាមរយៈពិធីបរិសុទ្ធនៃព្រះវិហារបរិសុទ្ធដោយរបៀបណា ?
សូមពិចារណារំឭកសិស្សអំពីអ្វីដែលពួកគេបានគិតពិចារណានៅដើមមេរៀននេះ ។ សូមអញ្ជើញពួកគេឲ្យសរសេរនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់ពួកគេថា « ហេតុអ្វីបានជាកូនសោទាំងនេះមានសារៈសំខាន់ចំពោះខ្ញុំ ? » សូមផ្តល់ពេលឲ្យពួកគេដើម្បីគិតពិចារណា និងឆ្លើយសំណួរនេះដោយផ្អែកលើការសិក្សារបស់ពួកគេ ឬអ្វីដែលពួកគេបានរៀននៅក្នុងសកម្មភាពនេះ ។
« មុនដែលថ្ងៃដ៏ធំ ហើយគួរស្ញែងខ្លាចរបស់ព្រះយេហូវ៉ា »
សូមមើលឡើងវិញនូវ គោលលទ្ធិ និងសេចក្តីសញ្ញា ១១០:១៤–១៦ ដោយរកមើលពាក្យ ឬឃ្លាណាដែលទាក់ទងនឹងការយាងមកជាលើកទីពីររបស់ព្រះយេស៊ូវគ្រីស្ទ ។
-
តើអ្នកបានរកឃើញអ្វីខ្លះ ?
សូមលើកទឹកចិត្តសិស្សឲ្យគូសចំណាំពាក្យ ឬឃ្លាសំខាន់ៗណាមួយដែលពួកគេបានរកឃើញនៅក្នុងព្រះគម្ពីររបស់ពួកគេ ។
-
តើព្រះអង្គសង្គ្រោះបានរៀបចំយើងសម្រាប់ការយាងមកជាលើកទីពីររបស់ទ្រង់តាមរយៈកូនសោបព្វជិតភាពដែល ម៉ូសេ អេលីយ៉ាស និងអេលីយ៉ាបានស្ដារឡើងវិញ ដោយរបៀបណា ?
-
តើអ្នកគិតថា ហេតុអ្វីបានជាផែនដីនឹង « នឹងត្រូវវាយដោយសេចក្ដីបណ្ដាសា »( គោលលទ្ធិ និងសេចក្តីសញ្ញា ១១០:១៥ ) នៅពេលដែលព្រះអម្ចាស់យាងមកបើគ្មានការស្តារឡើងវិញនូវកូនសោបព្វជិតភាពទាំងនេះ ?
ដើម្បីបញ្ចប់ សូមអញ្ជើញសិស្សឲ្យបំពេញចំណុចខាងក្រោមក្នុងសៀវភៅកំណត់ហេតុរបស់ពួកគេ ។ អ្នកអាចសុំពីរបីនាក់ឲ្យចែកចាយអ្វីដែលពួកគេបានសរសេរ ។
សូមស្រមៃពីមិត្តម្នាក់ប្រាប់អ្នកថា នាងបានរៀនអំពីកូនសោបព្វជិតភាពដែលបានស្ដារឡើងវិញនៅក្នុងព្រះវិហារបរិសុទ្ធខឺតឡង់ ។ បន្ទាប់មកមិត្តភក្តិរបស់អ្នកនិយាយថា « ខ្ញុំមិនប្រាកដថាមានអ្វីទាក់ទងនឹងខ្ញុំទេ » ។ ដោយប្រើអ្វីដែលអ្នកបានរៀននៅថ្ងៃនេះ សូមពន្យល់ពីកូនសោអ្វីខ្លះដែលត្រូវបានស្ដារឡើងវិញ និងរបៀបដែលកូនសោនោះបានផ្ដល់ពរ ឬអាចផ្ដល់ពរដល់មិត្តភក្តិរបស់អ្នក ។