« មេរៀនទី ១២២—គោលលទ្ធិ និងសេចក្តីសញ្ញា ១០៩ ៖ ព្រះវិហារបរិសុទ្ធរបស់ព្រះអម្ចាស់ ៖ ដំណាក់នៃសិរីរុងរឿង និងអំណាច » សៀវភៅសិក្សាព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា សម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា ( ឆ្នាំ ២០២៥ )
« គោលលទ្ធិ និងសេចក្តីសញ្ញា ១០៩ » សៀវភៅសិក្សាព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា សម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា
មេរៀនទី ១២២ ៖ គោលលទ្ធិ និងសេចក្តីសញ្ញា ១០៩–១១០
គោលលទ្ធិ និងសេចក្តីសញ្ញា ១០៩
ព្រះវិហារបរិសុទ្ធរបស់ព្រះអម្ចាស់ ៖ ដំណាក់នៃសិរីរុងរឿង និងអំណាច
ពួកបរិសុទ្ធបានធ្វើការអស់រយៈពេលជិតបីឆ្នាំដើម្បីសាងសង់ព្រះវិហារបរិសុទ្ធខឺតឡង់ ដែលជាព្រះវិហារបរិសុទ្ធដំបូង ដែលបានសាងសង់នៅគ្រាកាន់កាប់ត្រួតត្រានេះ ។ គោលលទ្ធិ និងសេចក្តីសញ្ញា ១០៩ គឺជាការអធិស្ឋានឧទ្ទិសឆ្លងដែលព្រះអម្ចាស់បានបើកសម្តែងទៅកាន់ព្យាការី យ៉ូសែប ស្ម៊ីធ ។ ការអធិស្ឋាននេះមាននូវពរជ័យដែលយើងអាចទទួលបាននៅសម័យនេះ ។ មេរៀននេះអាចជួយសិស្សឲ្យមានបំណងចង់ចូលរួមក្នុងព្រះវិហារបរិសុទ្ធកាន់តែខ្លាំងឡើង ហើយទទួលបានពរជ័យដែលបានសន្យារបស់ព្រះអម្ចាស់ ។
សកម្មភាពរៀនសូត្រដែលអាចមាន
អារម្មណ៍ពីព្រះវិហារបរិសុទ្ធ
សូមពិចារណាបង្ហាញរូបភាពព្រះវិហារបរិសុទ្ធខុសៗគ្នា ។ អ្នកអាចសួរសិស្សខ្លីៗនូវហេតុការណ៍ពិតមួយចំនួននៅក្នុងព្រះវិហារបរិសុទ្ធដូចជា តើបច្ចុប្បន្ននេះមានព្រះវិហារបរិសុទ្ធចំនួនប៉ុន្មានកំពុងដំណើរការ តើមានចំនួនប៉ុន្មានដែលបានប្រកាសនៅក្នុងសន្និសីទទូទៅចុងក្រោយ តើព្រះវិហារបរិសុទ្ធមួយណាដែលនៅជិតទីតាំងថ្នាក់របស់អ្នកបំផុត ។ល។
-
ហេតុអ្វីមនុស្សខ្លះមានអារម្មណ៍រំភើបក្នុងការចូលព្រះវិហារបរិសុទ្ធ ? ហេតុអ្វីអ្នកខ្លះមិនមានអារម្មណ៍រំភើប ?
សូមបង្ហាញសេចក្ដីថ្លែងការណ៍ខាងក្រោមនេះ ហើយលើកទឹកចិត្តសិស្សឲ្យពិចារណាថាតើពួកគេយល់ស្របយ៉ាងខ្លាំងប៉ុនណាជាមួយនឹងសេចក្ដីថ្លែងការណ៍នីមួយៗ ។ ជាជម្រើស អ្នកអាចអញ្ជើញសិស្សឲ្យកត់ត្រាអារម្មណ៍ផ្ទាល់ខ្លួនរបស់ពួកគេអំពីការចូលរួមក្នុងព្រះវិហារបរិសុទ្ធ នៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់ពួកគេ ។
-
ព្រះវិហារបរិសុទ្ធគឺជាដំណាក់នៃព្រះ ។
-
ការរៀបចំខ្លួន ឬការចូលរួមព្រះវិហារបរិសុទ្ធគឺមានសារៈសំខាន់ចំពោះខ្ញុំ ។
-
ខ្ញុំជឿថាមានពរជ័យដ៏មានអត្ថន័យដែលព្រះអម្ចាស់នឹងប្រទានឲ្យខ្ញុំសម្រាប់ការខិតខំដើម្បីមានភាពស័ក្ដិសមចូលក្នុងដំណាក់របស់ទ្រង់ ។
សូមពិចារណាសំណួរ ឬកង្វល់ណាមួយដែលអ្នកមានអំពីការរៀបចំខ្លួន និងចូលរួមក្នុងព្រះវិហារបរិសុទ្ធ ។ ពេលអ្នកសិក្សានៅថ្ងៃនេះ អ្នកអាចអធិស្ឋានដល់ព្រះវរបិតាសួគ៌ដើម្បីជួយអ្នកឲ្យមានអារម្មណ៍ថា មានបំណងចង់ចូលរួមក្នុងព្រះវិហារបរិសុទ្ធរបស់ទ្រង់កាន់តែខ្លាំងឡើង ។
ព្រះវិហារបរិសុទ្ធខឺតឡង់
សូមបង្ហាញរូបភាពព្រះវិហារបរិសុទ្ធខឺតឡង់ ដូចជារូបដែលមាននៅពេលចាប់ផ្ដើមមេរៀន ។ សូមចែកចាយព័ត៌មានប្រវត្តិសាស្ត្រមួយចំនួនអំពីព្រះវិហារបរិសុទ្ធនេះតាមពាក្យសម្តីរបស់អ្នកផ្ទាល់ ឬអញ្ជើញសិស្សពីរនាក់ឲ្យអានកថាខណ្ឌខាងក្រោមនេះ ។
នៅចន្លោះខែមិថុនា ឆ្នាំ ១៨៣៣ ដល់ខែមីនា ឆ្នាំ ១៨៣៦ សមាជិកសាសនាចក្របានលះបង់ពេលវេលា លុយកាក់ និងទ្រព្យសម្បត្តិដើម្បីជួយកសាងព្រះវិហារវិហារបរិសុទ្ធដំបូងក្នុងគ្រាកាន់កាប់ត្រួតត្រានេះ ។ បុរសៗបានផ្តល់ជំនាញការងារសម្រាប់ការសាងសង់អគារ ហើយស្ត្រីៗបានដេរសម្លៀកបំពាក់ និងផ្ដល់កន្លែងស្នាក់នៅដល់អ្នកធ្វើការ ។ ពួកបរិសុទ្ធថ្ងៃចុងក្រោយមួយចំនួនបានបរិច្ចាគទ្រព្យសម្បត្តិរបស់ពួកគេភាគច្រើនដល់អគារនៃព្រះវិហារបរិសុទ្ធ ។ ព្រះវិហារបរិសុទ្ធមានតម្លៃប្រមាណជា ៦០,០០០ ដុល្លារអាមេរិក—គឺជាទឹកប្រាក់ដ៏អស្ចារ្យមួយសម្រាប់ពេលនោះ ជាពិសេសបើគិតពីភាពក្រីក្ររបស់ពួកបរិសុទ្ធ ។
ព្រះវិហារបរិសុទ្ធខឺតឡង់ ត្រូវបានឧទ្ទិសឆ្លងនៅថ្ងៃទី ២៧ ខែ មីនា ឆ្នាំ ១៨៣៦ ។ ពួកបរិសុទ្ធថ្ងៃចុងក្រោយជាច្រើន ដែលបានចូលរួមពិធីនេះ និងព្រឹត្តិការណ៍នានាដែលទាក់ទងនឹងការឧទ្ទិសឆ្លងបានដកពិសោធន៍នូវការបើកសម្តែងខាងវិញ្ញាណដ៏មហិមា ។ ការណ៍ទាំងនេះរួមមានការឮសំឡេងខ្យល់ដ៏ខ្លាំងក្លា ការនិយាយជាភាសាដទៃ ការមើលឃើញការនិមិត្ត និងការធ្វើជាសាក្សីដល់ការយាងមករបស់ពួកទេវតា ។
គោលលទ្ធិ និងសេចក្តីសញ្ញា ១០៩ គឺជាការអធិស្ឋានឧទ្ទិសឆ្លងដែលព្រះអម្ចាស់បានបើកសម្តែងដល់ព្យាការី យ៉ូសែប ស្ម៊ីធ ។ ការអធិស្ឋាននេះត្រូវបានអានឮៗក្នុងអំឡុងពេលកម្មវិធីឧទ្ទិសឆ្លង ។ គំរូនេះបន្តនៅសម័យនេះ ដោយមានការអធិស្ឋានឧទ្ទិសឆ្លងដ៏បំផុសគំនិតមួយ ដែលបានអានក្នុងអំឡុងពេលវគ្គឧទ្ទិសឆ្លងព្រះវិហារបរិសុទ្ធនីមួយៗ ។
អ្នកអាចពិចារណាសួរថាតើសិស្សណាម្នាក់បានចូលរួមការឧទ្ទិសឆ្លងព្រះវិហារបរិសុទ្ធដែរឬទេ ។ ប្រសិនបើពួកគេបានចូលរួម សិស្សអាចចែកចាយនូវអ្វីដែលគាត់ ឬនាងចងចាំអំពីការអធិស្ឋានឧទ្ទិសឆ្លងនោះ ។
សូមអាន គោលលទ្ធិ និងសេចក្ដីសញ្ញា ១០៩:១–៤ ដោយស្វែងរករបៀបដែលការអធិស្ឋានឧទ្ទិសឆ្លងដ៏បំផុសគំនិតនេះបានចាប់ផ្ដើម ។
-
នៅក្នុងខគម្ពីរទាំងនេះ តើមានអ្វីខ្លះដែលមានអត្ថន័យចំពោះអ្នក ?
នៅពេលសិស្សចែកចាយ អ្នកអាចសួរសំណួរតាមដានមួយចំនួនដូចជា « តើខគម្ពីរទាំងនេះបើកសម្តែងយ៉ាងណាអំពីព្រះអម្ចាស់ ? » ឬ « តើអ្នកមានចំណាប់អារម្មណ៍អ្វីខ្លះចំពោះអាកប្បកិរិយារបស់ពួកបរិសុទ្ធ ? » ( ឧទាហរណ៍ សូមមើល ខទី ១ និង ៤ ) ។
គោលបំណង និងពរជ័យនៃព្រះវិហារបរិសុទ្ធ
សូមប្រាកដថា សិស្សមានពេលគ្រប់គ្រាន់ធ្វើសកម្មភាពសិក្សាខាងក្រោមនេះ ។ អ្នកអាចសរសេរពាក្យ គោលបំណង និង ពរជ័យ នៅលើក្ដារខៀន ។
សិស្សអាចធ្វើការជាមួយដៃគូដើម្បីធ្វើដូចខាងក្រោមនេះ ហើយគូសចំណាំនូវអ្វីដែលពួកគេរកឃើញ ។
សូមអាន គោលលទ្ធិ និងសេចក្តីសញ្ញា ១០៩:៥, ១១–១៦,២០–២៤ ដោយរកមើលព្រះរាជបំណងមួយចំនួនរបស់ព្រះអម្ចាស់ក្នុងការកសាងព្រះវិហារបរិសុទ្ធរបស់ទ្រង់ និងពរជ័យដែលបានសន្យាសម្រាប់ធ្វើដូច្នេះ ។
បន្ទាប់ពីមានពេលគ្រប់គ្រាន់ សូមអញ្ជើញសិស្សឲ្យពិភាក្សាជាមួយដៃគូរបស់ពួកគេ ថាតើគោលបំណង និងពរជ័យណាមួយដែលសំខាន់បំផុតចំពោះពួកគេ ហើយហេតុអ្វី ។
សូមអញ្ជើញដៃគូនីមួយៗឲ្យបង្កើតសេចក្ដីថ្លែងការណ៍នៃសេចក្ដីពិតដោយផ្អែកលើការយល់ដឹងដ៏មានអត្ថន័យមួយដែលពួកគេបានរកឃើញ ។ ( ឬ អាស្រ័យលើទំហំថ្នាក់រៀន អ្នកអាចអញ្ជើញសិស្សម្នាក់ៗឲ្យចែកចាយ ) ។ សូមពិចារណាឲ្យក្រដាសតូចមួយសន្លឹកសម្រាប់សិស្សដើម្បីសរសេរសេចក្តីថ្លែងការណ៍របស់ពួកគេ ហើយដាក់តាំងវានៅលើក្ដារខៀន ។ បន្ទាប់មក សិស្សអាចចែកចាយសេចក្ដីថ្លែងការណ៍របស់ពួកគេ មួយឃ្លា ឬច្រើនឃ្លាដែលវាផ្អែកទៅលើ និងមូលហេតុដែលពួកគេមានអារម្មណ៍ថាវាសំខាន់ចំពោះពួកគេ ។
សិស្សអាចចែកចាយសេចក្តីពិតនេះស្រដៀងនឹងសេចក្តីពិតខាងក្រោមនេះ ៖
-
នៅក្នុងព្រះវិហារបរិសុទ្ធ ព្រះអម្ចាស់អាចបង្ហាញព្រះអង្គទ្រង់ចំពោះយើងបាន ។ ( ខទី ៥,១២–១៣ ) ( ចំណាំ ៖ សូមជួយសិស្សឲ្យយល់ថា មានរបៀបជាច្រើនដែលព្រះអម្ចាស់អាចបើកសម្តែងព្រះអង្គទ្រង់ ។ ការណ៍នេះនឹងពិភាក្សានៅមេរៀនបន្ទាប់ ) ។
-
នៅក្នុងព្រះវិហារបរិសុទ្ធ ព្រះអម្ចាស់អាចប្រដាប់យើងដោយព្រះចេស្ដា ការការពារ និងជំនួយរបស់ទ្រង់ ។ ( ខទី ១៣, ២២ )
-
ព្រះវិហារបរិសុទ្ធគឺជាកន្លែងនៃការរៀនសូត្រ ។ ( ខទី ១៤–១៥ )
-
ការថ្វាយបង្គំនៅក្នុងព្រះវិហារបរិសុទ្ធអាចរៀបចំឲ្យយើងបម្រើព្រះអម្ចាស់ ហើយផ្សព្វផ្សាយព្រះបន្ទូលរបស់ទ្រង់ ។ ( ខទី ២២–២៣ )
-
តើសេចក្តីពិតទាំងនេះជួយអ្នកឲ្យយល់អ្វីខ្លះអំពីព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ? តើហេតុអ្វីបានជាវាមានតម្លៃចំពោះអ្នក ?
សូមពិចារណាអញ្ជើញសិស្សជាច្រើននាក់ឲ្យអានសេចក្ដីថ្លែងការណ៍ដូចខាងក្រោមមកពីយុវវ័យ អំពីបទពិសោធន៍នៅព្រះវិហារបរិសុទ្ធរបស់ពួកគេ ។ សូមអញ្ជើញសិស្សឲ្យស្វែងរកគំរូនៃពរជ័យដែលបានរាយបញ្ជីខាងលើ ព្រមទាំងពរជ័យបន្ថែមទៀតផងដែរ ។
មានតែគំនិតលើកតម្កើងប៉ុណ្ណោះដែលបំពេញគំនិតរបស់ខ្ញុំនៅក្នុងព្រះវិហារបរិសុទ្ធ ។ វាជាអារម្មណ៍ដ៏អស្ចារ្យមួយក្នុងការគិតពីអ្វីដែលអ្នកអាចធ្វើដើម្បីជួយអ្នកដទៃ ។ [ ខ្លូ ឌី ] …
… ការទៅព្រះវិហារបរិសុទ្ធជាទៀងទាត់បានជួយខ្ញុំឲ្យមានអារម្មណ៍ពីព្រះវិញ្ញាណកាន់តែញឹកញាប់ ។ វាពិតជាបាននាំមិត្តភក្តិរបស់ខ្ញុំឲ្យមានអារម្មណ៍ជិតស្និទ្ធគ្នាទៅវិញទៅមក ។ ផងដែរ មិត្តរួមថ្នាក់របស់យើងជាច្រើនបានសួរអំពីដំណើរទៅព្រះវិហារបរិសុទ្ធរបស់យើង ។…
… មិត្តរបស់ខ្ញុំ … អាចទទួលបានប័ណ្ណសម្រាប់ការប្រើប្រាស់មានកម្រិតរបស់នាងជាលើកដំបូង ហើយវាល្អណាស់ក្នុងការមើលឃើញឥទ្ធិពលវិជ្ជមានដែលវាមានទៅលើជីវិតរបស់នាង ។ [ អាណាលីស ខេ ] …
… ការគ្រាន់តែដើរចូលទៅក្នុង [ ព្រះវិហារបរិសុទ្ធ ] ខ្ញុំមានអារម្មណ៍ថា បញ្ហាទាំងអស់ដែលខ្ញុំមាននៅសាលា ហើយកន្លែងផ្សេងទៀតបាត់អស់រលីង ។ ខ្ញុំមានអារម្មណ៍ថាមានសេចក្តីសុខសាន្តនៅក្នុងព្រះវិហារបរិសុទ្ធ ។ ខ្ញុំត្រូវបានយកឈ្នះដោយអារម្មណ៍នៃសុភមង្គល ។ ការនៅក្នុងព្រះវិហារបរិសុទ្ធបានជួយខ្ញុំឲ្យផ្តោតអារម្មណ៍ទៅលើអ្វីដែលខ្ញុំត្រូវធ្វើនៅព្រះវិហារ និងក្នុងកាតព្វកិច្ចផ្សេងទៀត ។ វាពិតជាអស្ចារ្យណាស់ដែលខ្ញុំអាចទៅ ហើយចេញឆ្ងាយពីបញ្ហាទាំងអស់ដែលខ្ញុំមាន ។ [ ខូល អ៊ី ] ( « Youth Voices: Attending the Temple » New Era ខែ មេសា ឆ្នាំ ២០១៣ ទំព័រ ៥–៧ )
ការចូលរួមព្រះវិហារបរិសុទ្ធរបស់ព្រះអម្ចាស់
សូមពិចារណាបង្ហាញវីដេអូ « The Blessings of the Temple » ( ៣:៣៧ ) ឬ « Strength beyond My Own » ( ៣:៤៧ ) ។ សូមអញ្ជើញសិស្សឲ្យពិចារណាអំពីពរជ័យដែលពួកគេមានអារម្មណ៍ថាកំពុងរៀបចំខ្លួន ឬចូលទៅក្នុងព្រះវិហារបរិសុទ្ធ ។ ជម្រើសផ្សេងទៀតអាចច្រៀងដូចជាបទ « ព្រះវិញ្ញាណនៃព្រះ » ( ទំនុកតម្កើង ល.រ. ២ ) ដែលសរសេរសម្រាប់ការឧទ្ទិសឆ្លងព្រះវិហារបរិសុទ្ធខឺតឡង់ ឬទំនុកតម្កើងផ្សេងទៀតអំពីព្រះវិហារបរិសុទ្ធ ។
ប្រធាន រ័សុល អិម ណិលសុន បានថ្លែងទីបន្ទាល់ ៖
[ ព្រះវិហារបរិសុទ្ធ ] គឺជាដំណាក់របស់ទ្រង់ ។ ព្រះវិហារបរិសុទ្ធពោរពេញដោយព្រះចេស្តារបស់ទ្រង់ ។ ឥឡូវនេះ សូមយើងកុំមើលរំលងអ្វីៗដែលព្រះអម្ចាស់កំពុងធ្វើសម្រាប់ពួកយើងឡើយ ។ … ខ្ញុំសូមសន្យាថា ការចំណាយពេលកាន់តែច្រើននៅព្រះវិហារបរិសុទ្ធ នឹងផ្តល់ពរជ័យដល់ជីវិតរបស់បងប្អូន ដែលគ្មានរបៀបណាផ្សេងទៀតអាចផ្តល់ឲ្យបាននោះទេ ។ ( រ័សុល អិម ណិលសុន « ចូរផ្តោតចិត្តលើព្រះវិហារបរិសុទ្ធ » លីអាហូណា ខែ វិច្ឆិកា ឆ្នាំ ២០២២ ទំព័រ ១២១ )
-
តើនៅពេលណាដែលអ្នក ឬនរណាម្នាក់ដែលជិតស្និទ្ធនឹងអ្នកបានដកពិសោធន៍នូវពរជ័យនៃព្រះវិហារបរិសុទ្ធ ?
សូមអញ្ជើញសិស្សឲ្យរំឭកពីចម្លើយរបស់ពួកគេចាប់តាំងពីដើមដំបូងនៃមេរៀនអំពីមូលហេតុដែលមនុស្សមួយចំនួនប្រហែលជាមិនមានអារម្មណ៍រំភើបក្នុងការចូលរួមព្រះវិហារបរិសុទ្ធនោះទេ ។
-
តើអ្នកបានរៀន ឬមានអារម្មណ៍យ៉ាងណាដែលអាចជួយនរណាម្នាក់ឲ្យប្រឈមមុខនឹងកង្វល់របស់ខ្លួន ឬបំផុសគំនិតពួកគេឲ្យមានអារម្មណ៍ខុសប្លែកពីព្រះវិហារបរិសុទ្ធ ?
-
តើអារម្មណ៍ផ្ទាល់ខ្លួនរបស់អ្នកអំពីព្រះអម្ចាស់ និងព្រះវិហារដ៏បរិសុទ្ធរបស់ទ្រង់បានមានឥទ្ធិពលនៅសព្វថ្ងៃនេះដោយរបៀបណា ?
សូមពិចារណាអញ្ជើញសិស្សឲ្យដាក់តាំងរូបភាពព្រះវិហារបរិសុទ្ធនៅកន្លែងមួយដែលពួកគេនឹងឃើញវាជាញឹកញាប់ ។ សូមលើកទឹកចិត្តសិស្សឲ្យបន្តអធិស្ឋានទៅកាន់ព្រះវរបិតាសួគ៌ដើម្បីបង្កើនសេចក្ដីស្រឡាញ់ និងបំណងប្រាថ្នាដើម្បីចូលរួមក្នុងព្រះវិហារដ៏បរិសុទ្ធរបស់ទ្រង់ ។