យុវវ័យ
ឧបសម្ព័ន្ធ


« ឧបសម្ព័ន្ធ » ដើម្បី​កម្លាំង​នៃ​យុវជន ៖ សេចក្តីណែនាំ​ដើម្បី​ធ្វើការ​ជ្រើសរើស​ ( ឆ្នាំ ២០២២ )

« ឧបសម្ព័ន្ធ » ដើម្បី​កម្លាំង​នៃ​យុវជន

រូបភាព
ព្រះវិហារ​បរិសុទ្ធ បារាន់ហ្គីលឡា​កូឡុំប៊ី

ឧបសម្ព័ន្ធ

របៀប​មួយ​ដើម្បី​វាយ​តម្លៃ​ការរីកចម្រើន​របស់​អ្នក​នៅ​លើ​ផ្លូវ​នៃ​សេចក្ដី​សញ្ញា គឺ​ការសញ្ជឹងគិត​អំពី​សំណួរ​ដែល​មាន​ខាងក្រោម ។ វា​គឺជា​សំណួរ​ដែល​អ្នក​ត្រូវ​បានសួរ នៅពេល​អ្នក​សម្ភាសន៍​ទទួល​ប័ណ្ណ​ចូល​ព្រះវិហារ​បរិសុទ្ធ ប៉ុន្តែ​សូម​កុំ​រង់ចាំ​ដល់​ការសម្ភាសន៍​ឡើយ ។ ធ្វើការ​ត្រួតពិនិត្យ​ខាង​វិញ្ញាណ​របស់​អ្នក​ផ្ទាល់ ។ បាវចនា​របស់​យុវនារី បាវចនា​កូរ៉ុម​បព្វជិតភាព​អើរ៉ុន និង​បទបញ្ញត្តិ​ដប់ប្រការ​ក៏អាច​ជា​ឧបករណ៍​ដ៏​មាន​ប្រយោជន៍​ក្នុងការ​ធ្វើ​ស្វ័យ​វាយតម្លៃ​របស់អ្នក​បាន​ផងដែរ ។

រូបភាព
រូប​តំណាង​ព្រះវិហារ​បរិសុទ្ធ

សំណួរ​សម្រាប់​ទទួល​ប័ណ្ណ​ចូល​ព្រះវិហារ​បរិសុទ្ធ​សម្រាប់​យុវវ័យ

តើ​អ្នក​មាន​សេចក្តី​ជំនឿ និង​ទីបន្ទាល់​ទៅលើ​ព្រះ​ជា​ព្រះវរបិតា​ដ៏​អស់កល្ប ជាព្រះរាជបុត្រា​របស់​ទ្រង់ ព្រះយេស៊ូវគ្រីស្ទ និង​ព្រះវិញ្ញាណ​បរិសុទ្ធ​ដែរ​ឬទេ ?

តើ​អ្នក​មាន​ទីបន្ទាល់​អំពី​ដង្វាយធួន​របស់​ព្រះគ្រីស្ទ និង​តួនាទី​របស់​ទ្រង់​ក្នុងនាម​ជា​ព្រះអង្គ​សង្គ្រោះ និង​ជា​ព្រះប្រោសលោះ​ដែរ​ឬទេ ?

តើអ្នក​មាន​ទីបន្ទាល់​អំពី​ការស្តារ​ឡើងវិញ​នៃ​ដំណឹងល្អ​របស់​ព្រះយេស៊ូវគ្រីស្ទ​ដែរ​ឬទេ ?

តើ​អ្នក​គំាទ្រ​ប្រធាន​នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​ថា​ជា​ព្យាការី អ្នកមើលឆុត និង​ជា​អ្នកទទួល​វិវរណៈ ហើយ​ជា​បុគ្គល​តែ​ម្នាក់​គត់​នៅលើ​ផែនដី ដែល​មាន​ការអនុញ្ញាត​ឲ្យ​អនុវត្ត​កូនសោ​បព្វជិតភាព​ទំាងអស់​ដែរ​ឬទេ ? តើ​អ្នក​គំាទ្រ​សមាជិក​គណៈប្រធាន​ទីមួយ និង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ ជា​ព្យាការី អ្នកមើលឆុត និង អ្នក​ទទួល​វិវរណៈ​ដែរ​ឬ​ទេ ? តើ​អ្នក​គំាទ្រ​អ្នក​មាន​សិទ្ធិអំណាច​ទូទៅ​ផ្សេង​ទៀត និង​ថ្នាក់​ដឹកនាំ​ក្នុង​មូលដ្ឋាន​នៃ​សាសនាចក្រ​ដែរ​ឬទេ ?

ព្រះអម្ចាស់​បាន​មាន​បន្ទូល​ថា​គ្រប់​ការណ៍ទាំង​អស់ គឺត្រូវ « ធ្វើ​ដោយ​ភាព​ស្អាតបាត » នៅ​ចំពោះទ្រង់ ( គោលលទ្ធិ និង​សេចក្ដីសញ្ញា ៤២:៤១ ) ។ តើ​អ្នក​ព្យាយាម​ដើម្បី​មានភាព​ស្អាតបាត​ខាង​សីលធម៌​នៅក្នុង​គំនិត និង​អាកប្បកិរិយា​របស់​អ្នកដែរ​ឬទេ ? តើ​អ្នក​គោរព​តាម​ច្បាប់​ព្រហ្មចារីភាព​ដែរ​ឬទេ ?

តើ​អ្នក​ធ្វើ​តាម​ការបង្រៀន​នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ ទាំង​អាកប្បកិរិយា​ផ្ទាល់ខ្លួន និង​ជាសាធារណៈ​ជាមួយ​សមាជិក​ក្នុង​គ្រួសារ​អ្នក និង​អ្នកដទៃ​ដែរ​ឬទេ ?

តើ​អ្នក​គាំទ្រ ឬ​លើក​កម្ពស់​ដល់​ការបង្រៀន ការអនុវត្ត ឬ​គោលលទ្ធិ​ណាមួយ​ដែល​ផ្ទុយទៅ​នឹង​ការបង្រៀន ការអនុវត្ត ឬ គោលលទ្ធិ​របស់​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃចុងក្រោយ​ដែរឬទេ ?

តើ​អ្នក​ព្យាយាម​ដើម្បី​រក្សា​ថ្ងៃ​ឈប់​សម្រាក​ឲ្យ​បរិសុទ្ធ ទាំង​នៅ​ក្នុង​គេហដ្ឋាន និង​នៅ​សាសនាចក្រ ចូលរួម​ការប្រជុំ​របស់​អ្នក រៀបចំ​ខ្លួន និង​មាន​ភាពស័ក្ដិសម​ទទួលទាន​សាក្រាម៉ង់ ហើយ​រស់នៅ​ក្នុង​ជីវិត​របស់អ្នក​ស្រប​ទៅតាម​ក្រឹត្យវិន័យ និង​បទបញ្ញត្តិ​ទាំងឡាយ​នៃ​ដំណឹងល្អ​ដែរ​ឬទេ ?

តើ​អ្នក​ព្យាយាម​មានភាព​ស្មោះត្រង់​នៅគ្រប់​កិច្ចការ​ដែល​អ្នកធ្វើ​ដែរឬទេ ?

តើ​អ្នក​ជា​អ្នក​ថ្វាយ​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់​ពេញ​លេញ​ដែរ​ឬ​ទេ ?

តើ​អ្នក​យល់ និង​គោរព​តាម​ពាក្យសម្ដី​នៃ​ប្រាជ្ញាវាងវៃ​ដែរ​ឬទេ ?

តើ​មាន​អំពើបាប​ធ្ងន់ធ្ងរ​នៅក្នុង​ជីវិត​របស់​អ្នក ដែល​អ្នក​ចាំបាច់​ត្រូវ​ដោះស្រាយ​ជាមួយ​នឹង​អ្នកមាន​សិទ្ធិអំណាច​បព្វជិតភាព ជាចំណែក​នៃ​ការប្រែចិត្ត​របស់អ្នក​ដែរ​ឬទេ ?

តើ​អ្នក​គិត​ថា អ្នក​មាន​ភាពស័ក្តិសម​ចូលទៅ​ក្នុង​ដំណាក់​របស់​ព្រះអម្ចាស់ និង​ចូលរួម​ក្នុងពិធីបរិសុទ្ធ​នានា​នៃ​ព្រះវិហារ​បរិសុទ្ធ​ដែរ​ឬទេ ?

បាវចនា​យុវនារី

ខ្ញុំ​គឺជា​បុត្រី​សំណព្វ​ម្នាក់​របស់​ព្រះវរបិតា និង​ព្រះមាតា​សួគ៌ា​ដែល​មាន​និស្ស័យ​នៃ​ព្រះ និង​គោលដៅ​ដ៏​អស់​កល្ប​ជានិច្ច ។

ក្នុង​នាម​ជា​សិស្ស​របស់​ព្រះយេស៊ូវ​គ្រីស្ទ ខ្ញុំ​ខិត​ខំ​ប្រែ​ក្លាយ​ដូចជា​ទ្រង់ ។ ខ្ញុំ​ស្វែង​រក ហើយ​ធ្វើតាម​វិវរណៈ​ផ្ទាល់​ខ្លួន និង​ផ្ដល់​ការងារ​បម្រើ​ដល់​មនុស្ស​ដទៃ​នៅក្នុង​ព្រះនាម​ដ៏​បរិសុទ្ធ​របស់​ទ្រង់ ។

ខ្ញុំ​នឹង​ឈរ​ជា​សាក្សី​ចំពោះ​ព្រះ​នៅ​គ្រប់​ពេល គ្រប់​ការណ៍​ទាំងអស់ និង គ្រប់​កន្លែង​ទាំងអស់ ។

នៅពេល​ខ្ញុំ​ព្យាយាម​ដើម្បី​ទទួល​បាន​ភាព​តម្កើង​ឡើង នោះ​ខ្ញុំ​រីករាយ​ចំពោះ​អំណោយទាន​នៃ​ការ​ប្រែ​ចិត្ត ហើយ​ខិតខំ​កែលម្អ​ជា​រៀង​រាល់​ថ្ងៃ ។ តាមរយៈ​សេចក្ដីជំនឿ​ខ្ញុំ​នឹង​ពង្រឹង​គេហដ្ឋាន និង​គ្រួសារ​របស់​ខ្ញុំ ចុះ ហើយ​រក្សា​សេចក្ដី​សញ្ញា​ដ៏​ពិសិដ្ឋ និង​ទទួល​ពិធី​បរិសុទ្ធ​ទាំងឡាយ ព្រមទាំង​ពរជ័យ​នៃ​ព្រះវិហារ​បរិសុទ្ធ ។

បាវចនា​កូរ៉ុម​បព្វជិតភាព​អើរ៉ុន

ខ្ញុំ​ជា​បុត្រា​សំណព្វ​របស់​ព្រះ ហើយ​ទ្រង់​មាន​ការងារ​ឲ្យ​ខ្ញុំ​ធ្វើ ។

ឲ្យ​អស់​ពី​ចិត្ត អស់​ពី​ពលំ អស់​ពី​គំនិត ហើយ​អស់​ពី​កម្លាំង ខ្ញុំ​នឹង​ស្រឡាញ់​ព្រះ រក្សា​សេចក្តី​សញ្ញា​របស់​ខ្ញុំ និង​ប្រើ​បព្វជិតភាព​របស់​ទ្រង់​ដើម្បី​បម្រើ​អ្នកដទៃ ដោយ​ចាប់ផ្តើម​ពីនៅក្នុង​គេហដ្ឋាន​របស់​ខ្ញុំ ។

កាលណា​ខ្ញុំ​ព្យាយាម​បម្រើ អនុវត្ត​សេចក្តីជំនឿ ប្រែចិត្ត ហើយ​កែលម្អ​ជារៀងរាល់ថ្ងៃ ខ្ញុំ​នឹង​សម​ដើម្បី​ទទួលពរជ័យ​នៃ​ព្រះវិហារ​បរិសុទ្ធ និង​អំណរ​ដ៏​ឋិតថេរ​នៃ​ដំណឹងល្អ ។

ខ្ញុំ​នឹង​រៀបចំខ្លួន​ដើម្បី​ធ្វើជា​អ្នក​ផ្សព្វផ្សាយ​សាសនា​ដ៏​ឧស្សាហ៍​ព្យាយាម ធ្វើ​ជា​ស្វាមី​ដែល​មាន​ភក្តីភាព និងធ្វើ​ជាឪពុក​ជាទី​ស្រឡាញ់ តាមរយៈ​ការធ្វើ​ជា​កូនសិស្ស​ពិត​នៃ​ព្រះយេស៊ូវ គ្រីស្ទ ។

ខ្ញុំ​នឹង​ជួយ​រៀបចំ​ពិភពលោក​សម្រាប់​ការយាង​ត្រឡប់មក​វិញ​របស់​ព្រះ​អង្គសង្រ្គោះ តាមរយៈ​ការអញ្ជើញ​មនុស្ស​ទាំងអស់​ឲ្យ​មករក​ព្រះគ្រីស្ទ និង​ទទួល​ពរជ័យ​ទាំងឡាយ​នៃ​ដង្វាយធួន​របស់​ទ្រង់ ។

រូបភាព
រូបតំណាង​មនុស្ស​កំពុង​មើល​ផែនទី

ក្រិត្យវិន័យ​ដប់​ប្រការ

កុំ​ឲ្យ​មាន​ព្រះ​ឯណា​ទៀត​នៅ​ចំពោះ​មុខ​អញ​ឲ្យ​សោះ ។

កុំ​ឲ្យ​ឆ្លាក់​ធ្វើ​រូប​ណា​សម្រាប់​ឯង​ឲ្យ​សោះ ។

កុំ​ឲ្យ​ចេញ​ព្រះនាម​របស់​ព្រះ​យេហូវ៉ា ជា​ព្រះ​នៃ​ឯង​ជា​អសារ​ឥតការ​ឡើយ ។

ចូរ​ឲ្យ​នឹក​ចាំ​ពី​ថ្ងៃ​ឈប់​សម្រាក​ដើម្បី​ញែក​ថ្ងៃនោះ​ចេញ​ជា​បរិសុទ្ធ

ចូរ​ឲ្យ​គោរព​ប្រតិបត្តិ​ដល់​ឪពុក​ម្តាយ ។

កុំ​ឲ្យសម្លាប់​មនុស្ស​ឲ្យ​សោះ ។

កុំ​ឲ្យ​ផិត​គ្នា​ឲ្យ​សោះ ។

កុំ​ឲ្យ​លួច​ប្លន់​ឲ្យ​សោះ ។

កុំ​ឲ្យ​ធ្វើ​ទីបន្ទាល់​ក្លែង​ទាស់​នឹង​អ្នក​ជិតខាង​ខ្លួន​ឲ្យ​សោះ ។

កុំ​ឲ្យ​លោភ​ឲ្យ​សោះ ។

សូមមើល និក្ខមនំ ២០:៣–១៧ ។

រូបភាព
កំលោះ​ពីរ​នាក់​ពាក់​អាវស ម្នាក់ទៀត​កំពុង​ពាក់​ក្រវ៉ាត់​ក ។