« មេរៀនទី ១១១—គោលលទ្ធិ និងសេចក្តីសញ្ញា ៩៧ ៖ ជាអ្នកដែលមានចិត្តល្អសុទ្ធសាធ » សៀវភៅសិក្សាព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញាសម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា ( ឆ្នាំ ២០២៥ )
« គោលលទ្ធិ និងសេចក្ដីសញ្ញា ៩៧ » សៀវភៅសិក្សាព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញាសម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា
មេរៀនទី ១១១ ៖ គោលលទ្ធិ និងសេចក្ដីសញ្ញា ៩៤—៩៧
គោលលទ្ធិ និងសេចក្តីសញ្ញា ៩៧
ស៊ីយ៉ូន—ជាអ្នកដែលមានចិត្តល្អសុទ្ធសាធ
ខណៈកំពុងជួបប្រទះការបៀតបៀនយ៉ាងធ្ងន់ធ្ងរ ពួកបរិសុទ្ធនៅដែនដីស៊ីយ៉ូន ( ស្រុកចាកសុន រដ្ឋមិសសួរី ) ចង់ដឹងពីព្រះទ័យរបស់ព្រះអម្ចាស់សម្រាប់ពួកគេ ។ ព្រះអម្ចាស់បានបង្រៀនពួកគេអំពីពរជ័យនៃការមានចិត្តល្អសុទ្ធសាធ ។ មេរៀននេះអាចជួយសិស្សឲ្យមានចិត្តល្អសុទ្ធសាធ ។
សកម្មភាពរៀនសូត្រដែលអាចមាន
ទឹកសុទ្ធ
សូមពិចារណាចាប់ផ្តើមថ្នាក់ជាមួយនឹងមេរៀនដែលមានប្រើវត្ថុដោយការប្រើទឹក ។ សូមបង្ហាញទឹកសុទ្ធដល់ថ្នាក់ ហើយពិភាក្សាអំពីពរជ័យនៃទឹកសុទ្ធ និងផលវិបាកនៃការប្រើប្រាស់ទឹកមិនសុទ្ធ ។ អ្នកអាចជួយសិស្សប្រៀបធៀបពរជ័យនៃទឹកសុទ្ធទៅនឹងពរជ័យនៃការមានចិត្តល្អសុទ្ធសាធ ។
-
តើមានអត្ថប្រយោជន៍អ្វីខ្លះ ចំពោះការមានទឹកដែលស្អាតហើយសុទ្ធ ?
-
នៅពេលដែលទឹកមិនសុទ្ធ តើមានវិធីអ្វីខ្លះដើម្បីបន្សុទ្ធវា ?
-
តើទឹកសុទ្ធអាចប្រៀបធៀបនឹងចិត្តល្អសុទ្ធសាធបានដោយរបៀបណា ?
នៅក្នុង គោលលទ្ធិ និងសេចក្តីសញ្ញា ៩៧ ព្រះអម្ចាស់បានបង្ហាញពីព្រះរាជបំណងរបស់ទ្រង់ឲ្យប្រជារាស្រ្តរបស់ទ្រង់មានចិត្តល្អសុទ្ធសាធ ។ នៅពេលអ្នកសិក្សាថ្ងៃនេះ សូមគិតអំពីស្ថានភាពនៃដួងចិត្តរបស់អ្នក ។ សូមស្វែងរកការបំផុសគំនិតដើម្បីយល់ពីពរជ័យនៃការអនុញ្ញាតឲ្យព្រះអម្ចាស់បន្សុទ្ធចិត្តរបស់អ្នក ។
ស៊ីយ៉ូនគឺជាអ្នកដែលមានចិត្តល្អសុទ្ធសាធ
ពួកអែលឌើរមួយក្រុមនៅ « ស៊ីយ៉ូន » ជាឈ្មោះមួយដែលនៅពេលនោះត្រូវបានប្រើនៅពេលនិយាយពីស្រុកចាកសុន រដ្ឋមិសសួរី ចង់ដឹងពីព្រះទ័យរបស់ព្រះអម្ចាស់សម្រាប់ពួកគេ ដូច្នេះពួកគេបានសរសេរសំបុត្រមួយច្បាប់ទៅកាន់ យ៉ូសែប ស្ម៊ីធ ដើម្បីស្វែងរកចម្លើយ ។ ជាការឆ្លើយតប ព្រះអម្ចាស់បានពិពណ៌នាអំពីផែនការដ៏អស្ចារ្យសម្រាប់សាលា សាសនាចក្រ និងសូម្បីតែព្រះវិហារបរិសុទ្ធនៅលើដែនដីស៊ីយ៉ូន ។ ដើម្បីលើកទឹកចិត្តពួកបរិសុទ្ធឲ្យបរិសុទ្ធ ហើយទទួលយកទ្រង់ ព្រះអម្ចាស់បានប្រៀបធៀបពួកគេទៅនឹងដើមឈើពីរ ៖ មួយដើមដែលនឹងត្រូវកាប់បំផ្លាញ និងមួយទៀតដែលមានផ្លែ ( សូមមើល គោលលទ្ធិ និងសេចក្តីសញ្ញា ៩៧:១–១០ ) ។ ដូចដែលព្រះអម្ចាស់បានហៅប្រជាជនហេណុកថា ស៊ីយ៉ូន ( សូមមើល ម៉ូសេ ៧:១៨ ) ព្រះអម្ចាស់ចង់ហៅពួកបរិសុទ្ធរបស់ទ្រង់នៅសម័យចុងក្រោយថា ស៊ីយ៉ូន ដែរ ។ ទ្រង់ចង់ឲ្យពួកគេក្លាយដូចជាទ្រង់ មិនគ្រាន់តែរស់នៅកន្លែងមួយឈ្មោះស៊ីយ៉ូនប៉ុណ្ណោះទេ ។
សូមអាន គោលលទ្ធិ និងសេចក្ដីសញ្ញា ៩៧:២១ ដោយស្វែងរករបៀបដែលព្រះអម្ចាស់បានពិពណ៌នាអំពីស៊ីយ៉ូន ។
អ្នកអាចនឹងចង់សរសេរថា ស៊ីយ៉ូនគឺជាអ្នកដែលមានចិត្តល្អសុទ្ធសាធ នៅលើក្ដារខៀន ។ អ្នកអាចអញ្ជើញសិស្សឲ្យគូសចំណាំពាក្យនៅក្នុងព្រះគម្ពីររបស់ពួកគេដែលបង្រៀនសេចក្ដីពិតនេះ ។
ប្រសិនបើសិស្សត្រូវការជំនួយក្នុងការឆ្លើយសំណួរខាងក្រោម អ្នកអាចណែនាំពួកគេទៅ ម៉ូសាយ ៥:២ ឬ អាលម៉ា ១៣:១២ ។
-
តើអ្នកគិតថា ចិត្តល្អសុទ្ធសាធមានន័យយ៉ាងដូចម្ដេច ?
ប្រធាន រ័សុល អិម ណិលសុន បានបង្រៀនអំពីអ្វីដែលយើងអាចធ្វើដើម្បីបានបរិសុទ្ធ ៖
ព្រះអម្ចាស់ពុំរំពឹងភាពល្អឥតខ្ចោះពីយើង អំឡុងពេលនៃការរីកចម្រើនអស់កល្បជានិច្ចរបស់យើងនេះឡើយ ។ ប៉ុន្តែទ្រង់រំពឹងឲ្យយើងកាន់តែបានបរិសុទ្ធ ។ ការប្រែចិត្តប្រចាំថ្ងៃ គឺជាច្រកទ្វារទៅកាន់បរិសុទ្ធភាព ហើយបរិសុទ្ធភាពនាំមកនូវកម្លាំង ។ ( រ័សុល អិម ណិលសុន « We Can Do Better and Be Better » Liahona ខែ ឧសភា ឆ្នាំ ២០១៩ ទំព័រ ៦៨ )
-
តើសេចក្តីថ្លែងការណ៍នេះជួយឲ្យអ្នកយល់អំពីបរិសុទ្ធភាពអ្វីខ្លះ ?
ពរជ័យរបស់ព្រះអម្ចាស់មាននៅក្នុងព្រះវិហារបរិសុទ្ធ
នៅក្នុង គោលលទ្ធិ និងសេចក្តីសញ្ញា ៩៧:១០–២១ ព្រះអម្ចាស់បានប្រទានការណែនាំដល់ប្រជារាស្រ្តរបស់ទ្រង់ ដែលនឹងជួយពួកគេឲ្យមានចិត្តល្អសុទ្ធសាធ ។ សូមអាន គោលលទ្ធិ និងសេចក្តីសញ្ញា ៩៧:១០–១២ ដោយស្វែងរកសេចក្តីណែនាំអ្វីដែលព្រះអម្ចាស់បានប្រទានដល់ប្រជារាស្រ្តរបស់ទ្រង់ ។
-
តើអ្នកដឹងអ្វីខ្លះអំពីព្រះវិហារបរិសុទ្ធរបស់ព្រះអម្ចាស់ ដែលជួយអ្នកឲ្យយល់ពីមូលហេតុដែលវាអាចជួយរាស្ដ្ររបស់ទ្រង់ឲ្យមានចិត្តល្អសុទ្ធសាធ ?
ការណ៍នេះប្រហែលជាកន្លែងដ៏ល្អមួយ ដើម្បីជួយសិស្សឲ្យអនុវត្តជំនាញសិក្សាព្រះគម្ពីរក្នុងការស្វែងរកបញ្ជីនៅក្នុងព្រះគម្ពីរ ។ សិស្សអាចរាយបញ្ជីពរជ័យដែលនឹងមកពីការសាងសង់ព្រះវិហារបរិសុទ្ធ ។
អ្នកក៏អាចគូរគ្រោងនៃព្រះវិហារបរិសុទ្ធនៅលើក្ដារខៀនផងដែរ ។ សូមអញ្ជើញសិស្សឲ្យបំពេញវាដោយពាក្យ និងឃ្លាដែលពិពណ៌នាអំពីពរជ័យរបស់ព្រះអម្ចាស់ ។
សូមអាន គោលលទ្ធិ និងសេចក្តីសញ្ញា ៩៧:១៣–២១ ដោយរកមើលពរជ័យដែលព្រះអម្ចាស់បានពិពណ៌នាដែលទាក់ទងនឹងការថ្វាយបង្គំនៅក្នុងព្រះវិហារបរិសុទ្ធរបស់ទ្រង់ ។
-
តើពរជ័យទាំងនេះអាចលើកទឹកចិត្តយើងឲ្យមានចិត្តល្អសុទ្ធសាធយ៉ាងដូចម្ដេច ?
សិស្សប្រហែលជាបានកត់សម្គាល់ឃើញថាពរជ័យមួយដែលព្រះអម្ចាស់បានសន្យាគឺថាមានចិត្តល្អសុទ្ធសាធ « នឹងបានឃើញព្រះ » ( ខទី ១៦ ) ។ អ្នកប្រហែលជាចង់អញ្ជើញសិស្សឲ្យភ្ជាប់ខគម្ពីរនេះទៅនឹង ទំនុកដំកើង ២៤:៣–៥ និង ម៉ាថាយ ៥:៨ ហើយសួរសិស្សអំពីទំនាក់ទំនងអ្វីដែលពួកគេកត់សម្គាល់នៅក្នុងខគម្ពីរទាំងនេះ រវាងការមានចិត្តល្អសុទ្ធសាធ និងការមើលឃើញព្រះ ។
ប្រធាន ហិនរី ប៊ី អាវរិង នៃគណៈប្រធានទីមួយបានដកស្រង់ គោលលទ្ធិ និងសេចក្តីសញ្ញា ៩៧:១៥–១៧ ហើយបានបង្រៀនអំពីអត្ថន័យនៃការមើលឃើញព្រះនៅក្នុងព្រះវិហារបរិសុទ្ធ ៖
ប្រធាន រ័សុល អិម ណិលសុន បានប្រាប់យ៉ាងច្បាស់ថា យើងអាច « មើលឃើញ » ព្រះអង្គសង្គ្រោះនៅក្នុងព្រះវិហារបរិសុទ្ធនៅក្នុងន័យថា យើងស្គាល់ទ្រង់ ។ ប្រធាន ណិលសុន បានមានប្រសាសន៍ដូចនេះថា « យើងយល់ដឹងអំពីទ្រង់ ។ យើងយល់អំពីកិច្ចការរបស់ទ្រង់ និងសិរីល្អរបស់ទ្រង់ ។ ហើយយើងចាប់ផ្ដើមទទួលអារម្មណ៍ឥទ្ធិពលជានិរន្តរអំពីជីវិតដែលគ្មានប្រៀបផ្ទឹមរបស់ទ្រង់ » [ Teachings of Russell M. Nelson ( ឆ្នាំ ២០១៨ ) ទំព័រ ៣៦៩ ] ។
បើបងប្អូន ឬខ្ញុំទៅព្រះវិហារបរិសុទ្ធដោយពុំមានភាពបរិសុទ្ធគ្រប់គ្រាន់ នោះយើងនឹងមិនអាចមើលឃើញ ដោយព្រះចេស្ដានៃព្រះវិញ្ញាណបរិសុទ្ធ នូវការបង្រៀនខាងវិញ្ញាណអំពីព្រះអង្គសង្គ្រោះដែលយើងអាចទទួលនៅក្នុងព្រះវិហារបរិសុទ្ធឡើយ ។ ( ហែនរី ប៊ី អាវរិង « ខ្ញុំចូលចិត្តមើលព្រះវិហារបរិសុទ្ធ » លីអាហូណា ខែ ឧសភា ឆ្នាំ ២០២១ ទំព័រ ៣០ )
-
តើការសន្យានេះអាចលើកទឹកចិត្តនរណាម្នាក់ឲ្យមានចិត្តល្អសុទ្ធសាធដោយរបៀបណា ?
-
ហេតុអ្វីអ្នកគិតថាព្រះអម្ចាស់តម្រូវឲ្យមានចិត្តល្អសុទ្ធសាធដើម្បីចូលទៅក្នុងព្រះវិហារបរិសុទ្ធ ?
ការមានចិត្តល្អសុទ្ធសាធ
អ្នកអាចជួយសិស្សពិភាក្សាអំពីរបៀបដែលការសម្ភាសទទួលប័ណ្ណចូលវិហារបរិសុទ្ធ អាចជួយយើងវាយតម្លៃប្រសិនបើយើងមានចិត្តល្អសុទ្ធសាធ ។ ប្រហែលជាសិស្សពីរបីនាក់ដែលទើបតែបានសម្ភាសទទួលប័ណ្ណចូលព្រះវិហារបរិសុទ្ធ អាចចែកចាយថាតើការឆ្លើយសំណួរទាំងនោះមានលក្ខណៈបែបណាសម្រាប់ពួកគេ ។ អ្នកក៏អាចផ្ដល់ការអញ្ជើញដូចខាងក្រោមផងដែរ ។
សំណួរសម្ភាសទទួលប័ណ្ណចូលព្រះវិហារបរិសុទ្ធ អាចរកបាននៅក្នុង ដើម្បីកម្លាំងនៃយុវជន ៖ សេចក្តីណែនាំសម្រាប់ធ្វើការជ្រើសរើស ។ សូមចំណាយពេលជញ្ជឹងគិតអំពីសំណួរសម្ភាសទទួលប័ណ្ណចូលព្រះវិហារបរិសុទ្ធ។ សូមគិតអំពីរបៀបដែលចម្លើយរបស់អ្នកឆ្លុះបញ្ចាំងពីស្ថានភាពនៃបេះដូងរបស់អ្នក ។
សូមផ្តល់ពេលវេលាដល់សិស្សដើម្បីឆ្លុះបញ្ចាំងពីសំណួរទាំងនេះនៅក្នុងថ្នាក់ ។ នៅពេលសិស្សបានជញ្ជឹងគិតពីសំណួរនីមួយៗរួចហើយ អ្នកអាចនឹងលើកទឹកចិត្តពួកគេឲ្យជ្រើសរើសរឿងមួយ ឬពីរដែលពួកគេអាចធ្វើបាន ដែលអាចជួយបន្សុទ្ធចិត្តរបស់ពួកគេបាន ។ អ្នកអាចសុំឲ្យសិស្សឆ្លើយសំណួរខាងក្រោមនៅក្នុងសៀវភៅកំណត់ហេតុរបស់ពួកគេ ៖
-
តើអ្នកនឹងធ្វើអ្វីខ្លះដើម្បីឲ្យព្រះអម្ចាស់បន្សុទ្ធចិត្តរបស់អ្នក ?
-
ហេតុអ្វីបានជាអ្នកគិតថាវាមានសារៈសំខាន់ខ្លាំងចំពោះទាំងព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ដែលចិត្តអ្នកបានល្អសុទ្ធសាធ ?