« មេរៀនទី ៦៧—វាយតម្លៃការរៀនសូត្ររបស់អ្នក ទី៤ ៖ គោលលទ្ធិ និងសេចក្តីសញ្ញា ៤១–៥០ » ព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា សៀវភៅសិក្សាសម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា ( ឆ្នាំ ២០២៥ )
« វាយតម្លៃការរៀនសូត្ររបស់អ្នក ទី៤ » ព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា សៀវភៅសិក្សាសម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា
មេរៀនទី ៦៧ ៖ គោលលទ្ធិ និងសេចក្តីសញ្ញា ៤៩–៥០
វាយតម្លៃការរៀនសូត្ររបស់អ្នក ទី៤
ការផ្ដល់ពេលវេលាឲ្យសិស្សដើម្បីវាយតម្លៃការរីកចម្រើនខាងវិញ្ញាណ អាចជួយពួកគេខិតទៅជិតព្រះអង្គសង្រ្គោះ និងព្យាយាមដើម្បីប្រែក្លាយដូចជាទ្រង់ ។ ពួកគេក៏អាចឃើញការរីកចម្រើនដែលពួកគេបានធ្វើ និងកន្លែងដែលពួកគេអាចធ្វើឲ្យប្រសើរឡើងបាន ។ មេរៀននេះអាចជួយសិស្សឲ្យចងចាំ និងវាយតម្លៃពីរបៀបដែលបទពិសោធន៍សិក្សារបស់ពួកគេក្នុងព្រះគម្ពីរគោលលទ្ធិ និងសេចក្តីសញ្ញាកន្លងមក បានជួយពួកគេឲ្យរីកចម្រើនខាងវិញ្ញាណ ។
សកម្មភាពរៀនសូត្រដែលអាចមាន
វាយតម្លៃចំណុចសំខាន់ខាងវិញ្ញាណរបស់អ្នក
ខាងក្រោមនេះអាចរៀបចំសិស្សឲ្យប្រៀបធៀបចំណុចសំខាន់ខាងរូបកាយ ទៅនឹងភស្តុតាងដែលពួកគេអាចរកឃើញពីការរីកចម្រើនខាងវិញ្ញាណរបស់ពួកគេ ។ ពួកគេអាចបំពេញសកម្មភាពនេះជាលក្ខណៈបុគ្គល ឬជាថ្នាក់ដោយគូរផែនទីមួយនៅលើក្ដារខៀន ។
សូមជ្រើសរើសគោលដៅក្នុងមូលដ្ឋាន ហើយគូរផែនទីពីទីតាំងបច្ចុប្បន្នរបស់អ្នកទៅកាន់គោលដៅនោះ ។ សូមរួមបញ្ចូលចំណុចសំខាន់ដែលនឹងជួយនរណាម្នាក់ដឹងថា ពួកគេកំពុងនៅលើផ្លូវត្រឹមត្រូវ ។
-
តើចំណុចសំខាន់ណាខ្លះដែលអ្នកបានបញ្ចូល ? ហេតុអ្វី ?
-
តើចំណុចសំខាន់មានតួនាទីអ្វីខ្លះក្នុងការជួយអ្នកស្វែងរកគោលដៅ ?
ប្រសិនបើអ្នកគូរផែនទីនៅលើក្តារខៀននោះ អ្នកអាចជំនួសគោលដៅដើមដោយឃ្លាថា « ការប្រែក្លាយដូចជាព្រះយេស៊ូវគ្រីស្ទ » ។ នៅពេលសិស្សឆ្លើយតបទៅនឹងសំណួរបន្ទាប់ អ្នកអាចជំនួសចំណុចសំខាន់មួយចំនួនជាមួយនឹងចម្លើយរបស់សិស្ស ។
សូមគិតអំពីវិធីមួយដើម្បីជួយសិស្សផ្លាស់ប្តូរការគិតអំពីជីវិតរបស់ពួកគេផ្ទាល់ ។ អ្នកអាចនឹងនិយាយអ្វីមួយដូចខាងក្រោមជាពាក្យសម្ដីរបស់អ្នកផ្ទាល់ ។
-
ប្រសិនបើគោលដៅរបស់យើងគឺដើម្បីចង់ក្លាយកាន់តែដូចព្រះយេស៊ូវគ្រីស្ទ តើអ្វីទៅដែលអាចជាចំណុចសំខាន់ខាងវិញ្ញាណដែលអាចជួយអ្នកឲ្យដឹងថា អ្នកកំពុងដើរនៅលើផ្លូវនោះ ?
ការអាចមើលឃើញយ៉ាងច្បាស់អំពីការរីកចម្រើនរបស់យើង តម្រូវឲ្យមានការជញ្ជឹងគិត និងការដឹកនាំពីព្រះវិញ្ញាណបរិសុទ្ធ ។ សូមចំណាយពេលខ្លះដើម្បីស្វែងរកការរីកចម្រើនមួយចំនួន ដែលអ្នកបានធ្វើដោយការរកមើលចំណុចសំខាន់ខាងវិញ្ញាណនៅក្នុងជីវិតរបស់អ្នក ។ ម្យ៉ាងវិញទៀត សូមរកមើលភស្តុតាងដែលថាអ្នកកំពុងក្លាយដូចជាព្រះយេស៊ូវគ្រីស្ទ ដូចដែលអ្នកបានសិក្សាគោលលទ្ធិ និងសេចក្តីសញ្ញាក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ។
អ្នកគួរតែទុកពេលឲ្យសិស្សពិចារណា និងជញ្ជឹងគិតអំពីខ្លួនពួកគេផ្ទាល់ ។ បន្ទាប់ពីទុកពេលគ្រប់គ្រាន់ហើយ សូមអញ្ជើញសិស្សឲ្យចែកចាយអ្វីដែលពួកគេបានរកឃើញ ។
ម៉្យាងទៀត អ្នកអាចប្រើសកម្មភាពខាងក្រោមដើម្បីជួយសិស្សឲ្យជញ្ជឹងគិត អំពីការរីកចម្រើនខាងវិញ្ញាណរបស់ពួកគេក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ។ សកម្មភាពវាយតម្លៃនៅក្នុងមេរៀននេះ តាមដានលើមេរៀនថ្នាក់សិក្ខាសាលាពីមុនៗ ។ ប្រសិនបើមេរៀនទាំងនេះត្រូវបានកែសម្រួលឬមិនបានបង្រៀន សកម្មភាពវាយតម្លៃនេះក៏នឹងត្រូវកែសម្រួលផងដែរ ដើម្បីឆ្លុះបញ្ចាំងពីបទពិសោធន៍ដែលសិស្សរបស់អ្នកមាន ។
ជាមួយនឹងសកម្មភាពនីមួយៗ អ្នកគួរតែបញ្ជាក់ដល់សិស្សថា ការវាយតម្លៃការរៀនសូត្ររបស់ពួកគេតាមវិធីទាំងនេះ អាចប្រៀបនឹងការកត់សម្គាល់ចំណុចសំខាន់នៅលើការធ្វើដំណើរដែលបញ្ជាក់ថា ពួកគេកំពុងធ្វើដំណើរក្នុងទិសដៅត្រឹមត្រូវ ។ ចូរយកចិត្តទុកដាក់ចំពោះសិស្សដែលប្រហែលជាមិនមានអារម្មណ៍ថា ពួកគេកំពុងរីកចម្រើន ឬមិនទាន់បានឃើញការផ្លាស់ប្តូរជាវិជ្ជមាននៅក្នុងជីវិតរបស់ពួកគេ ហើយគិតអំពីវិធីដើម្បីលើកទឹកចិត្តពួកគេក្នុងការខិតខំប្រឹងប្រែងរបស់ពួកគេ ។
មានបំណងប្រាថ្នាកាន់តែខ្លាំងដើម្បីរស់នៅក្នុងជីវិតដែលថ្វាយដល់ព្រះ
សកម្មភាពនេះអាចជួយសិស្សឲ្យជញ្ជឹងគិតអំពីបំណងប្រាថ្នារបស់ពួកគេដើម្បីរស់នៅក្នុងជីវិតដែលស្មោះស្ម័គ្រដូចព្រះអង្គសង្គ្រោះបានធ្វើ ។ សកម្មភាពនេះទាញយកអ្វីដែលសិស្សអាចនឹងបានរៀនអំពីការរស់នៅក្នុងជីវិតដែលថ្វាយដល់ព្រះ នៅក្នុង គោលលទ្ធិ និងសេចក្តីសញ្ញា ៤២:២៩–៤២ ។ សំណួរមួយចំនួនខាងក្រោមអាចជួយសិស្សពិនិត្យមើលការយល់ដឹងរបស់ពួកគេអំពីក្រឹត្យវិន័យនៃការថ្វាយ ។
-
តើអ្នកចងចាំអ្វីខ្លះអំពីក្រឹត្យវិន័យនៃការថ្វាយ ?
-
តើខគម្ពីរមួយណាចេញពី គោលលទ្ធិ និងសេចក្តីសញ្ញា ៤២ អាចជួយយើងឲ្យយល់ពីក្រឹត្យវិន័យនេះកាន់តែច្បាស់ ?
-
តើមានគំរូអ្វីខ្លះអំពីអ្វីដែលមនុស្សវ័យក្មេងអាចធ្វើបាន ដើម្បីរស់នៅតាមក្រឹត្យវិន័យនៃការថ្វាយនៅសព្វថ្ងៃនេះ ?
ខគម្ពីរមួយចំនួនដែលសិស្សអាចលើកឡើងរួមមាន ខទី ២៩–៣៨ ។ ប្រសិនបើសិស្សមិននិយាយអ្វីមួយក្នុងចំណោមការណ៍ទាំងនេះទេ វាអាចជាការល្អក្នុងការឲ្យពួកគេអានខគម្ពីរ និងចែកចាយអ្វីដែលពួកគេរកឃើញ ។ អំឡុងពេលនៃមេរៀនអំពីនៃក្រឹត្យវិន័យនៃការថ្វាយនេះ សិស្សអាចនឹងសរសេរថា « ព្រះហស្តរបស់ទ្រង់ » ឬដានរូបដៃម្ខាងរបស់ពួកគេដាក់ក្នុងសៀវភៅកំណត់ហេតុរបស់ពួកគេ ។ ពួកគេប្រហែលជាបានវាយតម្លៃអំពីបំណងរបស់ពួកគេដើម្បីធ្វើដូចជាព្រះហស្តរបស់ព្រះអម្ចាស់ក្នុងការប្រាស្រ័យទាក់ទងជាមួយអ្នកដទៃ ។ ប្រសិនបើសិស្សបានធ្វើដូចនេះ អ្នកអាចអញ្ជើញពួកគេឲ្យស្វែងរកការសរសេរនេះនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់ពួកគេ ហើយមើលអំពីរបៀបដែលពួកគេឆ្លើយតប ។ សំណួរខាងក្រោមអាចជួយសិស្សវាយតម្លៃអំពីរបៀបដែលអារម្មណ៍របស់ពួកគេអំពីក្រឹត្យវិន័យនៃការថ្វាយអាចនឹងមានការផ្លាស់ប្តូរ ។ សិស្សអាចឆ្លើយនៅក្នុងសៀវភៅកំណត់ហេតុរបស់ពួកគេ ។
-
តើអ្នកមានអារម្មណ៍យ៉ាងណាចំពោះការលះបង់ពេលវេលា ទេពកោសល្យ និងអ្វីផ្សេងទៀតដែលព្រះអម្ចាស់បានប្រទានពរដល់អ្នក ដើម្បីស្ថាបនានគររបស់ទ្រង់ រួមទាំងការជួយដល់អ្នកដែលខ្វះខាត ?
-
តើអារម្មណ៍របស់អ្នកប្រៀបធៀបនឹងពេលដែលអ្នកបានសិក្សាក្រឹត្យវិន័យនៃការថ្វាយកាលប៉ុន្មានសប្តាហ៍មុនយ៉ាងណាដែរ ? តើអ្នកគិតថា អ្វីទៅដែលបានជះឥទ្ធិពលដល់អារម្មណ៍របស់អ្នក ?
បន្ទាប់ពីសិស្សមានពេលដើម្បីពិចារណារួចហើយ អ្នកអាចសុំឲ្យពួកគេធ្វើការវាយតម្លៃពីអារម្មណ៍របស់ពួកគេដោយស្មោះត្រង់ ។ សូមអាចអញ្ជើញសិស្សឲ្យចែកចាយនូវអ្វីដែលពួកគេបានរៀនមកពីសកម្មភាពនេះ ។ សូមពិចារណាជួយសិស្សឲ្យពិចារណាអំពីរបៀបដែលការរស់នៅក្នុងជីវិតដែលបានថ្វាយ អាចជះឥទ្ធិពលដល់ពួកគេក្នុងរយៈពេល ១, ៥ ឬ ១០ ឆ្នាំចាប់ពីពេលនេះ ។ អ្នកក៏អាចចែកចាយអំពីរបៀបដែលអ្នកបានទទួលពរក្នុងការខិតខំរបស់អ្នក ក្នុងការរស់នៅក្នុងជីវិតដែលបានថ្វាយ និងរបៀបដែលវាបានជួយអ្នកឲ្យកាន់តែប្រែក្លាយដូចជាព្រះគ្រីស្ទ ។
សូមលើកទឹកចិត្តសិស្សឲ្យស្វែងរកវិវរណៈអំពីរបៀប ដែលពួកគេអាចមានឆន្ទៈខិតខំអស់សមត្ថភាពរបស់ពួកគេបន្ថែមទៀត ដើម្បីជួយដល់អ្នកខ្វះខាត និងស្ថាបនានគរព្រះនៅលើផែនដីសព្វថ្ងៃនេះ ។
ការគោរពប្រតិបត្តិតាមបទបញ្ញត្តិរបស់ព្រះ
ដើម្បីជួយសិស្សឲ្យវាយតម្លៃការខិតខំនាពេលថ្មីៗនេះរបស់ពួកគេដើម្បីគោរពប្រតិបត្តិតាមព្រះបញ្ញត្តិរបស់ព្រះ នោះសូមអញ្ជើញពួកគេឲ្យពិនិត្យឡើងវិញនូវគោលលទ្ធិ និងសេចក្តីសញ្ញា ដោយរកមើលបទបញ្ញត្តិដែលពួកគេបានរៀននាពេលថ្មីៗនេះ ។ អ្នកអាចលើកទឹកចិត្តពួកគេឲ្យរាយបញ្ជីបទបញ្ញត្តិមួយចំនួនដែលបានបង្ហាញនៅក្នុង គោលលទ្ធិ និងសេចក្តីសញ្ញា ៤២:១៨–៥២ នៅលើក្ដារខៀន ។
-
តើការគោរពប្រតិបត្តិតាមបទបញ្ញត្តិរបស់យើងអាចប្រៀបធៀបទៅនឹងចំណុចសំខាន់ៗខាងវិញ្ញាណក្នុងដំណើររបស់យើង ដើម្បីប្រែក្លាយកាន់តែដូចព្រះយេស៊ូវគ្រីស្ទដោយរបៀបណា ?
ប្រសិនបើសិស្សដាក់គោលដៅដើម្បីរក្សាបទបញ្ញត្តិឲ្យកាន់តែប្រសើរឡើងនៅក្នុងមេរៀនមុននោះ ការរំឭកឲ្យសរសេរកំណត់ហេតុខាងក្រោមអាចជួយពួកគេឲ្យពិចារណាពីគោលដៅរបស់ពួកគេបាន ។
សូមពិចារណាពីបទបញ្ញត្តិមួយដែលអ្នកទើបតែបានទទួលការបំផុសគំនិតដោយព្រះវិញ្ញាណបរិសុទ្ធដើម្បីផ្ដោតលើ ។
-
តើអ្នកនឹងពិពណ៌នាអំពីការខិតខំរបស់អ្នក ដើម្បីរក្សាបទបញ្ញត្តិនេះដោយរបៀបណា ?
-
តើព្រះអង្គសង្រ្គោះបានប្រទានពរនៅក្នុងកិច្ចខិតខំរបស់អ្នកដោយរបៀបណា ?
-
តើមានរបៀបណាមួយដែលអ្នកមានអារម្មណ៍ថាអ្នកអាចធ្វើបានប្រសើរជាងនេះដែរឬទេ ? តើអ្នកនឹងធ្វើអ្វី ?
-
តើមានបទបញ្ញត្តិផ្សេងទៀតដែលអ្នកមានអារម្មណ៍ថាបំផុសគំនិតដោយព្រះវិញ្ញាណបរិសុទ្ធដើម្បីផ្ដោតលើដែរឬទេ ? តើអ្នកនឹងធ្វើអ្វី ?
ពន្យល់អំពីតួនាទីនៃព្រះវិញ្ញាណបរិសុទ្ធ
លំហាត់នេះអាចជួយសិស្សពន្យល់ពីអ្វីដែលពួកគេបានរៀនអំពីព្រះវិញ្ញាណបរិសុទ្ធ នៅក្នុងការសិក្សារបស់ពួកគេអំពីគោលលទ្ធិ និងសេចក្តីសញ្ញា ។ អ្នកអាចសរសេរ « តួនាទីរបស់ព្រះវិញ្ញាណបរិសុទ្ធ » នៅលើក្ដារខៀន ។ សូមឲ្យសិស្សរាយបញ្ជីតួនាទីផ្សេងៗនៃព្រះវិញ្ញាណបរិសុទ្ធ ដោយមានបទគម្ពីរគាំទ្រ ប្រសិនបើអាចធ្វើទៅបាន ។ សូមពិភាក្សាអំពីមូលហេតុដែលទាំងនេះជាតួនាទីសំខាន់សម្រាប់ព្រះវិញ្ញាណបរិសុទ្ធធ្វើ ។
ខាងក្រោមនេះគឺជាតួនាទីមួយចំនួននៃព្រះវិញ្ញាណបរិសុទ្ធ ។ សិស្សអាចអានខគម្ពីរដែលទាក់ទង ហើយបន្ទាប់មកបង្កើតស្ថានភាពមួយដែលការយល់ដឹងពីតួនាទីជាក់លាក់របស់ព្រះវិញ្ញាណបរិសុទ្ធអាចជួយនរណាម្នាក់បាន ។ បន្ទាប់មក សូមអញ្ជើញសិស្សឲ្យប្រើព្រះគម្ពីរដើម្បីពន្យល់អំពីតួនាទីនៃព្រះវិញ្ញាណបរិសុទ្ធដើម្បីជួយមនុស្សក្នុងស្ថានភាពនោះ ។
-
ជាជំនួយក្នុងការផ្សព្វផ្សាយ និងការទទួលដំណឹងល្អ ( គោលលទ្ធិ និងសេចក្តីសញ្ញា ៤២:៥–៦, ១៣–១៤; ៥០:១៣–១៤, ១៧–២២ )
-
ថ្លែងអំពីព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ( គោលលទ្ធិ និងសេចក្តីសញ្ញា ៤២:១៧ )
-
ដឹកនាំយើង និងជួយយើងរៀបចំខ្លួនសម្រាប់ការយាងមកជាលើកទីពីរនៃព្រះយេស៊ូវគ្រីស្ទ ( គោលលទ្ធិ និងសេចក្តីសញ្ញា ៤៥:៥៦–៥៧ )
-
ប្រទានអំណោយទានខាងវិញ្ញាណ ( គោលលទ្ធិ និងសេចក្តីសញ្ញា ៤៦:១១ )
-
បន្សុទ្ធយើងពីអំពើបាប ( គោលលទ្ធិ និងសេចក្តីសញ្ញា ៥៩:២៩ )