« មេរៀនទី ៦៤—គោលលទ្ធិ និងសេចក្តីសញ្ញា ៤៩ ៖ អាពាហ៍ពិពាហ៍រវាងបុរសម្នាក់ និងស្ត្រីម្នាក់ត្រូវបានតែងតាំងឡើងដោយព្រះ » ព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា សៀវភៅសិក្សាសម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា ( ឆ្នាំ ២០២៥ )
« គោលលទ្ធិ និងសេចក្ដីសញ្ញា ៤៩ » ព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា សៀវភៅសិក្សាសម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា
មេរៀនទី ៦៤ ៖ គោលលទ្ធិ និងសេចក្តីសញ្ញា ៤៩–៥០
គោលលទ្ធិ និងសេចក្តីសញ្ញា ៤៩
អាពាហ៍ពិពាហ៍រវាងបុរសម្នាក់ និងស្ត្រីម្នាក់ត្រូវបានតែងតាំងឡើងដោយព្រះ
គំនិតនិងទំនៀមទម្លាប់ខុសឆ្គងជាច្រើនបានកើតឡើង នៅពេលដែលការស្ដារឡើងវិញបានចាប់ផ្តើមបើកឡើង ។ ព្រះអង្គសង្គ្រោះបានកែតម្រូវគំនិតខុសឆ្គងដោយក្ដីស្រឡាញ់ និងបានបញ្ជាក់ពីចំណុចនៃគោលលទ្ធិដែលសំខាន់ចំពោះសេចក្ដីសង្គ្រោះរបស់យើង ដូចជាអាពាហ៍ពិពាហ៍ និងគ្រួសារ ។ មេរៀននេះមានគោលបំណងជួយសិស្សឲ្យយល់អំពីសារៈសំខាន់នៃអាពាហ៍ពិពាហ៍ និងគ្រួសារនៅក្នុងផែនការរបស់ព្រះវរបិតាសួគ៌ ។
សកម្មភាពរៀនសូត្រដែលអាចមាន
គោលបំណងនៃផែនដី
ដើម្បីចាប់ផ្តើមថ្នាក់ សូមពិចារណាបង្ហាញរូបភាពដែលទាក់ទងអ្វីដែលអ្នកស្រឡាញ់អំពីផែនដី ។ សូមសួរសិស្សនូវសំណួរដូចខាងក្រោម ៖
-
តើអ្នកស្រឡាញ់អ្វីខ្លះអំពីផែនដី ?
-
តើនរណាជាអ្នកបង្កើតផែនដី ? ( សូមមើល ម៉ូសេ ១:៣៣; អ័ប្រាហាំ ៣:២២–២៤ ) ។
-
តើមានមូលហេតុអ្វីខ្លះដែលព្រះយេស៊ូវគ្រីស្ទបានបង្កើតផែនដី ?
សិស្សទំនងជាមានចម្លើយផ្សេងៗគ្នាជាច្រើនចំពោះសំណួរចុងក្រោយ ។ ទទួលស្គាល់ និងអរគុណចំពោះការឆ្លើយតបរបស់ពួកគេ ។ ប្រសិនបើសិស្សមិននិយាយអំពីអាពាហ៍ពិពាហ៍ ឬគ្រួសារទេ សូមនិយាយថា ប្រធាន រ័សុល អិម ណិលសុន បានផ្តល់ហេតុផលបន្ថែមសម្រាប់ការបង្កើតផែនដីនេះ ។ សូមចែកចាយសេចក្តីថ្លែងការណ៍ខាងក្រោមនេះ ។ បន្ទាប់ពីបានអានសេចក្តីថ្លែងការណ៍នេះ សូមពិចារណាសុំឲ្យសិស្សចែកចាយគំនិតរបស់ពួកគេអំពីសេចក្តីថ្លែងការណ៍នេះ។ សូមលើកទឹកចិត្តពួកគេឲ្យស្វែងរកភស្តុតាងដែលគាំទ្រសេចក្តីថ្លែងការណ៍នេះពេញមួយមេរៀន ។
សរុបសេចក្តីមកយ៉ាងសាមញ្ញ ផែនដីនេះត្រូវបានបង្កើតឡើងដើម្បីឲ្យមានក្រុមគ្រួសារអាចរស់នៅបាន ។ ( រ័សុល អិម ណិលសុន « The Creation » Ensign ខែ ឧសភា ឆ្នាំ ២០០០ ទំព័រ ៨៥ )
« អាពាហ៍ពិពាហ៍គឺត្រូវបានតែងតាំងឡើងដោយព្រះ »
មេរៀននេះនឹងផ្ដោតលើ គោលលទ្ធិ និងសេចក្តីសញ្ញា ៤៩:១៥–១៧ និងគោលលទ្ធិនៃអាពាហ៍ពិពាហ៍ និងគ្រួសារ ។ ប្រសិនបើសិស្សអាចទទួលបានអត្ថប្រយោជន៍មកពីការពិភាក្សាអំពីប្រធានបទផ្សេងទៀតដែលមាននៅក្នុងផ្នែកនេះ សូមពិចារណាប្រើប្រាស់ផ្នែក « សកម្មភាពរៀនសូត្របន្ថែម » នៃមេរៀននេះ ។
មិនយូរប៉ុន្មាន បន្ទាប់ពីពួកបរិសុទ្ធបានចាប់ផ្ដើមរៀបចំឡើងនៅទីក្រុងខឺតឡង់ រដ្ឋអូហៃអូ អ្នកប្រែចិត្តជឿថ្មីម្នាក់ដែលមានឈ្មោះថា លីម៉ាន ខូព្លី ចង់ឲ្យអ្នកផ្សព្វផ្សាយសាសនាផ្សាយដំណឹងល្អទៅដល់សមាជិកនៃក្រុមសាសនារបស់គាត់ពីមុន ដែលមានឈ្មោះថាក្រុមសេកើរ ។ ក្រុមសេកើរជឿថាការយាងមកជាលើកទីពីរបានកើតឡើងរួចហើយ ហើយថាព្រះគ្រីស្ទ បានលេចមកជាស្ត្រីឈ្មោះ អាណ លី ។ ពួកគេបានច្រានចោលការរៀបការ ហើយក្រុមសេកើរ មួយចំនួនបានហាមឃាត់ការបរិភោគសាច់ ។ ព្យាការី យ៉ូសែប ស៊្មីធ បានទូលសូមព្រះអម្ចាស់សម្រាប់ការបំភ្លឺ ហើយបានទទួល គោលលទ្ធិ និងសេចក្តីសញ្ញា ៤៩ ។ ព្រះអម្ចាស់បានណែនាំទៅ ស៊ីឌនី រិកដុន, ប៉ាលី ភី ប្រាត្ត និង លីម៉ាន ខូព្លី ឲ្យទទួលយកវិវរណៈទៅកាន់ក្រុមសេកើរ ហើយផ្សាយសេចក្តីពិតដល់ពួកគេ ។
គោលលទ្ធិ និងសេចក្ដីសញ្ញា ៤៩:១៥–១៧ គឺជាវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិ ។ សូមពិចារណាអញ្ជើញសិស្សឲ្យគូសចំណាំវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិតាមរបៀបដែលងាយចំណាំ ដើម្បីពួកគេអាចងាយរកវាឃើញ ។
សូមអាន គោលលទ្ធិ និងសេចក្តីសញ្ញា ៤៩:១៥–១៧ រកមើលការបង្រៀនរបស់ព្រះយេស៊ូវគ្រីស្ទ ដែលទាក់ទងនឹងអាពាហ៍ពិពាហ៍ និងគ្រួសារ ។
-
តើអ្នកមានសំណួរអ្វីខ្លះអំពីខគម្ពីរទាំងនេះ ?
-
តើយើងអាចសង្ខេបការបង្រៀនរបស់ព្រះអង្គសង្គ្រោះចេញពីខគម្ពីរទាំងនេះដោយរបៀបណា ?
សូមពិចារណាឲ្យពេលសិស្សមួយភ្លែតដើម្បីគិតអំពីសេចក្តីថ្លែងការណ៍សង្ខេប ។ បន្ទាប់មក សូមអញ្ជើញសិស្សពីរបីនាក់ឲ្យចែកចាយសេចក្តីថ្លែងការណ៍របស់ពួកគេនៅលើក្ដារខៀន ។ សម្រាប់សិស្សដើម្បីទទួលបានជោគជ័យ អ្នកប្រហែលជាត្រូវជួយបញ្ជាក់ឃ្លាមួយចំនួនមកពីខគម្ពីរ ។ សូមជួយពួកគេឲ្យរកឃើញសេចក្តីពិតដូចជា អាពាហ៍ពិពាហ៍រវាងបុរស និងស្ត្រីត្រូវបានតែងតាំងឡើងដោយព្រះ និង ភរិយា និងស្វាមីគឺត្រូវបានបញ្ជាឲ្យក្លាយជាមនុស្សតែមួយ និងត្រូវមានកូន ។
-
ហេតុអ្វីបានជាសេចក្ដីពិតទាំងនេះមានសារៈសំខាន់សម្រាប់ក្រុមសេកើរ និងអ្នកដទៃទៀតនៅក្នុងជំនាន់របស់យ៉ូសែប ស្ម៊ីធ ដើម្បីយល់ ?
អ្នកប្រហែលជាចង់ចង្អុលបង្ហាញថា ក្រុមសេកើរ បានជឿលើការរស់នៅក្នុងជីវិតដែលនៅលីវទាំងស្រុង ឬចៀសវាងពីការរៀបការ និងទំនាក់ទំនងខាងផ្លូវភេទ ។ បន្ទាប់មក អ្នកអាចពិភាក្សាអំពីជំនឿទូទៅនៅជំនាន់របស់យើង ដែលបណ្តាលឲ្យមនុស្សបដិសេធការរៀបការ ។ អ្នកអាចប្រើសំណួរមួយ ឬពីរនៃសំណួរដូចតទៅនេះ ។
-
តើជំនឿខាងលោកិយអ្វីខ្លះដែលធ្វើឲ្យមនុស្សបដិសេធការរៀបការនៅសម័យយើង ?
-
តើភស្ដុតាងអ្វីខ្លះដែលអ្នកបានឃើញសាតាំងព្យាយាមកែប្រែ ឬបំផ្លាញភាពពិសិដ្ឋនៃអាពាហ៍ពិពាហ៍ និងគ្រួសារនៅក្នុងផែនការរបស់ព្រះវរបិតាសួគ៌ ?
សំណៅចែកខាងក្រោមអាចជួយសិស្សឲ្យយល់កាន់តែច្បាស់អំពីការបង្រៀនរបស់ព្រះអង្គសង្គ្រោះអំពីអាពាហ៍ពិពាហ៍ និងគ្រួសារ ។ អ្នកអាចនឹងចង់អញ្ជើញសិស្សឲ្យស្វែងរកសាក្សីខាងវិញ្ញាណអំពីសារៈសំខាន់នៃអាពាហ៍ពិពាហ៍ និងគ្រួសារ នៅពេលពួកគេសិក្សា ។ អ្នកអាចបែងចែកថ្នាក់ជាពាក់កណ្តាល ហើយចាត់ឲ្យពាក់កណ្តាលនីមួយៗសិក្សាផ្នែកមួយនៃសំណៅចែកដោយខ្លួនឯង ។ បន្ទាប់ពីមានពេលគ្រប់គ្រាន់ហើយ សូមផ្គូផ្គងសិស្សម្នាក់ៗជាមួយនរណាម្នាក់មកពីសិស្សពាក់កណ្ដាលថ្នាក់ទៀត ។ សូមអញ្ជើញពួកគេឲ្យចែកចាយនូវអ្វីដែលពួកគេបានរៀនជាមួយគ្នា ហើយនិយាយអំពីសំណួរពិភាក្សា ។
អាពាហ៍ពិពាហ៍ និងគ្រួសារត្រូវបានតែងតាំងឡើងដោយព្រះ ។
អាពាហ៍ពិពាហ៍រវាងបុរសម្នាក់ និងស្ត្រីម្នាក់
សូមសិក្សា ៖
សូមអាន ម៉ាកុស ១០:៦–៩; កូរិនថូស ទី១ ១១:១១ និងសេចក្ដីថ្លែងការណ៍ខាងក្រោមដោយស៊ីស្ទើរ បូនី អិល អូស្ការសុន អតីតប្រធានយុវនារីទូទៅ ។ សូមរកមើលការបង្រៀនអំពីអាពាហ៍ពិពាហ៍រវាងបុរសម្នាក់ និងស្ត្រីម្នាក់ ។
យើងត្រូវបានបង្រៀននៅក្នុងបទគម្ពីរថា « ប៉ុន្តែក្នុងព្រះអម្ចាស់ នោះបុរសមិនមែនជាឥតពឹងអាស្រ័យដល់ស្ត្រីឡើយ ហើយស្ត្រីក៏មិនមែនជាឥតពឹងអាស្រ័យដល់បុរសដែរ » [ កូរិនថូស ទី១ ១១:១១ ] ។ សម្រាប់អ្នកដែលទទួលភាពពេញលេញនៃពរជ័យបព្វជិតភាព គឺច្បាស់ជាស្វាមិ និងភរិយា ដែលបានផ្សារភ្ជាប់នៅក្នុងដំណាក់នៃព្រះអម្ចាស់ ធ្វើការរួមគ្នាក្នុងសេចក្ដីសុចរិត ហើយបន្ដនៅស្មោះត្រង់ចំពោះសេចក្ដីសញ្ញារបស់ពួកគេ ។ នេះគឺជាផែនការរបស់ព្រះអម្ចាស់សម្រាប់បុត្រាបុត្រីរបស់ទ្រង់ ហើយគ្មានការពិភាក្សាជាសាធារណៈណា ឬការរិះគន់ណា នឹងផ្លាស់ប្ដូរនូវអ្វីដែលព្រះអម្ចាស់បានប្រកាសនោះដែរ ។… ចូរយើងធ្វើជាអ្នកការពារអាពាហ៍ពិពាហ៍ ដូចដែលព្រះអម្ចាស់បានតែងតាំងវាឡើង ដោយបន្ដបង្ហាញសេចក្ដីស្រឡាញ់ និងមេត្តាករុណាដល់អ្នកទាំងឡាយដែលមានទស្សនៈខុសពីយើង ។ ( បូនី អិល អូស្ការសុន « Defenders of the Family Proclamation » Liahona ខែ ឧសភា ឆ្នាំ ២០១៥ ទំព័រ ១៥ )
សូមពិភាក្សា ៖
-
តើអាពាហ៍ពិពាហ៍រវាងស្ត្រីម្នាក់ និងបុរសម្នាក់ជួយបំពេញ « ផែនការរបស់ព្រះដ៏បង្កបង្កើតសម្រាប់ជោគវាសនាដ៏នៅអស់កល្បជានិច្ចសម្រាប់បុត្រាបុត្រីរបស់ទ្រង់ » យ៉ាងដូចម្ដេច ? ( « ក្រុមគ្រួសារ ៖ ការប្រកាសដល់ពិភពលោក » នៅលើគេហទំព័រ ChurchofJesusChrist.org ) ។
-
តើយើងអាចបង្ហាញសេចក្ដីមេត្តាករុណាចំពោះអ្នកទាំងឡាយណាដែលមានទស្សនៈខុសគ្នាដោយរបៀបណា ខណៈដែលនៅតែការពារគោលលទ្ធិរបស់ព្រះអង្គសង្គ្រោះអំពីអាពាហ៍ពិពាហ៍រវាងបុរស និងស្ត្រីនោះ ?
« ចូរបង្កើតកូនឲ្យចម្រើនជាច្រើនឡើង ឲ្យមានពេញពាសលើផែនដីចុះ »
សូមសិក្សា ៖
សូមអាន លោកុប្បត្តិ ១:២៧–២៨; ទំនុកដំកើង ១២៧:៣; ម៉ាកុស ១០:១៣–១៤ និងសេចក្តីថ្លែងការណ៍ខាងក្រោមដោយអែលឌើរ នែល អិល អាន់ឌើរសិន ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ។ សូមរកមើលការបង្រៀនរបស់ព្រះអម្ចាស់អំពីកូនចៅ ។
នៅពេលយើងក្រឡេកមើលទៅក្នុងក្រសែភ្នែករបស់ក្មេងម្នាក់ យើងឃើញបុត្រា ឬបុត្រីរបស់ព្រះ ដែលឈរជាមួយយើងក្នុងជីវិតមុនឆាកជីវិតនេះ ។
វាជាឯកសិទ្ធិដ៏វិសេសវិសាលមួយរបស់ស្វាមី និងភរិយាដែលអាចមានកូនបាន ដើម្បីផ្ដល់នូវរូបកាយនៃជីវិតរមែងស្លាប់ដល់បុត្រាបុត្រីខាងវិញ្ញាណរបស់ព្រះទាំងនេះ ។ យើងជឿលើក្រុមគ្រួសារទាំងឡាយ ហើយយើងជឿជាក់លើកូនចៅទាំងអស់ ។
នៅពេលទារកម្នាក់ចាប់កំណើតជាមួយស្វាមី និងភរិយាមួយគូ នោះពួកគេកំពុងតែបំពេញផ្នែកមួយនៃផែនការរបស់ព្រះវរបិតាសួគ៌របស់យើង ដើម្បីនាំកូនៗមកកាន់ផែនដីហើយ ។ ព្រះអម្ចាស់បានមានព្រះបន្ទូលថា « នេះហើយជាកិច្ចការរបស់យើង និងសិរីល្អរបស់យើង—គឺដើម្បីនាំឲ្យមានអមតភាព និងជីវិតដ៏នៅអស់កល្បជានិច្ចដល់មនុស្ស » [ ម៉ូសេ ១:៣៩ ] ។ មុនពេលមានអមតភាព នោះវាត្រូវតែមានជីវិតរមែងស្លាប់សិន ។ ( នែល អិល អាន់ឌើរសិន « Children » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១១ ទំព័រ ២៨ )
សូមពិភាក្សា ៖
-
តើការមើលទៅកូនៗ និងក្រុមគ្រួសារដោយទស្សនដ៏អស់កល្បមួយ អាចជួយគូស្វាមីភរិយាឲ្យដាក់អាទិភាពដល់ការសម្រេចចិត្តមួយចំនួនរបស់ពួកគេដោយរបៀបណា ?
-
តើយើងអាចរៀនអ្វីខ្លះមកពីគំរូរបស់ព្រះអង្គសង្គ្រោះអំពីរបៀបដែលយើងប្រព្រឹត្ត និងប្រាស្រ័យទាក់ទងជាមួយនឹងកូនៗ ?
សូមពិចារណាផ្ដល់ពេលឲ្យសិស្សពន្យល់អំពីតួនាទីនៃអាពាហ៍ពិពាហ៍ និងគ្រួសារនៅក្នុងផែនការណ៍របស់ព្រះវរបិតាសួគ៌ ។ ពួកគេអាចជ្រើសរើសជំនឿខាងលោកិយមួយអំពីអាពាហ៍ពិពាហ៍ដែលបានពិភាក្សាពីមុន ហើយប្រើគោលលទ្ធិរបស់ព្រះអង្គសង្គ្រោះដែលបានបង្រៀននៅក្នុង គោលលទ្ធិ និងសេចក្តីសញ្ញា ៤៩:១៥–១៧ ដើម្បីកែតម្រូវសេចក្តីជំនឿនោះ ។
អ្នកអាចនឹងចង់ចែកចាយទីបន្ទាល់របស់អ្នកអំពីរបៀបដែលគោលលទ្ធិរបស់ព្រះអង្គសង្គ្រោះអំពីអាពាហ៍ពិពាហ៍ និងគ្រួសារបានផ្ដល់ពរដល់ជីវិតរបស់អ្នក ។ សិស្សក៏អាចចែកចាយបទពិសោធន៍ និងទីបន្ទាល់ផងដែរ ។
សូមពិចារណាអំពីការអញ្ជើញសិស្សឲ្យកត់ត្រាចំណាប់អារម្មណ៍ដែលពួកគេមានអំពីសារៈសំខាន់នៃអាពាហ៍ពិពាហ៍ និងគ្រួសារនៅក្នុងផែនការរបស់ព្រះវរបិតាសួគ៌ ។