ព្រះគម្ពីរ​សញ្ញាចាស់ ឆ្នាំ ២០២២
ថ្ងៃទី ២៦ ខែ កញ្ញា–ថ្ងៃទី ២ ខែ តុលា ។ អេសាយ ៥០–៥៧ ៖ « ទ្រង់​បាន​ទ្រាំទ្រ​រង​អស់​ទាំង​សេចក្តី​ឈឺចាប់​របស់​យើង ហើយ​បាន​ទទួល​ផ្ទុក​អស់​ទាំង​សេចក្តី​ទុក្ខ​ព្រួយ​របស់​យើង »


« ថ្ងៃទី ២៦ ខែ កញ្ញា–ថ្ងៃទី ២ ខែ តុលា ។ អេសាយ ៥០–៥៧ ៖ ‹ ទ្រង់​បាន​ទ្រាំទ្រ​រង​អស់​ទាំង​សេចក្តី​ឈឺចាប់​របស់​យើង ហើយ​បាន​ទទួល​ផ្ទុក​អស់​ទាំង​សេចក្តី​ទុក្ខ​ព្រួយ​របស់​យើង › » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​សាលា​ថ្ងៃ​អាទិត្យ ៖ ព្រះគម្ពីរ​សញ្ញា​ចាស់ ឆ្នាំ ២០២២ ( ឆ្នាំ ២០២១ )

« ថ្ងៃទី ២៦ ខែ កញ្ញា–ថ្ងៃទី ២ ខែ តុលា ។ អេសាយ ៥០–៥៧ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់ ​សាលា​ថ្ងៃ​អាទិត្យ ៖ ឆ្នាំ ២០២២

រូបភាព
ព្រះគ្រីស្ទ​គ្រង​មកុដ​បន្លា ហើយ​ទាហាន​សើច​ចំអក​ដាក់​ទ្រង់

ការចំអក​ដាក់​ព្រះគ្រីស្ទ ដោយ ខាល ហេនរីក ប្លក់

ថ្ងៃទី ២៦ ខែ កញ្ញា–ថ្ងៃទី ២ ខែ តុលា

អេសាយ ៥០–៥៧

« ទ្រង់​បាន​ទ្រាំទ្រ​រង​អស់​ទាំង​សេចក្តី​ឈឺចាប់​របស់​យើង ហើយ​បាន​ទទួល​ផ្ទុក​អស់​ទាំង​សេចក្តី​ទុក្ខ​ព្រួយ​របស់​យើង »

របៀប​ដ៏​សំខាន់​បំផុត​ដើម្បី​រៀបចំ​ខ្លួន​បង្រៀន​គឺ ត្រូវ​អាន និង​សញ្ជឹងគិត​ពី​បទគម្ពីរ ។ តើ​បងប្អូន​មាន​អារម្មណ៍​យ៉ាងណា និង​រៀន​បាន​អ្វីខ្លះ នៅពេល​បងប្អូន​អាន អេសាយ ៥០–៥៧ ?

កត់ត្រា​ចំណាប់​អារម្មណ៍​របស់​បងប្អូន

រូបភាព
រូប​តំណាង​ការចែកចាយ

អញ្ជើញ​ឲ្យ​ចែកចាយ

ដើម្បី​បំផុស​គំនិត​សមាជិក​ក្នុង​ថ្នាក់​ឲ្យ​ចែកចាយ​បទពិសោធន៍ ដែល​ពួកគេ​បាន​មាន​ពេល​អាន អេសាយ ៥០–៥៧ បងប្អូន​អាច​សរសេរ​ប្រយោគ​មួយ​ដូចនេះ​ដាក់​លើ​ក្ដារខៀន សេចក្ដី​ជំនឿ​របស់​ខ្ញុំ​លើ​ព្រះយេស៊ូវ​គ្រីស្ទ​ត្រូវបាន​ពង្រឹង នៅពេល​ខ្ញុំ​អាន… ។ សូម​អញ្ជើញ​សមាជិក​ក្នុង​ថ្នាក់​ឲ្យ​ចែកចាយ​ពី​របៀប​ដែល​ពួកគេ​នឹង​បញ្ចប់​ប្រយោគ​នេះ ។

រូបភាព
រូប​តំណាង​ការបង្រៀន

បង្រៀន​គោលលទ្ធិ

អេសាយ ៥០–៥២

អនាគត​គឺ​ត្រចះ​ត្រចង់​សម្រាប់​ប្រជារាស្ដ្រ​របស់​ព្រះអម្ចាស់ ។

  • យើង​ទាំងអស់​គ្នា​មាន​ពេល ដែល​យើង​មាន​អារម្មណ៏​ថា​ទន់ខ្សោយ ។ ដើម្បី​ជួយ​សមាជិក​ក្នុង​ថ្នាក់​ឲ្យ​ពឹងផ្អែក​លើ​កម្លាំង​របស់​ព្រះអម្ចាស់ បងប្អូន​អាច​ចាត់​ឲ្យ​ពួកគេ​ម្នាក់ៗ​អាន​ពីរ​បី​ខ​នៅក្នុង អេសាយ ៥១–៥២ ហើយ​ចែកចាយ​អ្វីមួយ​ដែល​ពួកគេ​ឃើញ​ថា នឹង​ជួយ​ពង្រឹង​នរណាម្នាក់​ដែល​មាន​អារម្មណ៍​ថា​ទន់ខ្សោយ ឬ​បាក់​ទឹកចិត្ត ។ បងប្អូន​ក៏អាច​ចង្អុល​បង្ហាញ​ផងដែរ​ថា ព្រះអង្គ​សង្គ្រោះ​ដែល​មាន​ព្រះជន្ម​រស់​ឡើងវិញ បាន​ថ្លែង​ពាក្យពេចន៍​របស់​អេសាយ​មួយ​ចំនួន​ឡើងវិញ​ទៅកាន់​ប្រជាជន​នៅ​ទ្វីប​អាមេរិក ( សូមមើល នីហ្វៃ​ទី​៣ ២០:៣២–៤៥ ) ។ តើ​បន្ទូល​របស់​ព្រះអង្គ​សង្គ្រោះ​នៅក្នុង នីហ្វៃ​ទី​៣ ២០:៣០–៣៤ បន្ថែម​ដល់​ការយល់ដឹង​របស់​យើង​យ៉ាងណា​ខ្លះ អំពី​ពេលវេលា​ដែល​ការព្យាករ​ទាំងនេះ​នឹង​ត្រូវបាន​បំពេញ ?

  • គម្រោង​មេរៀន​សប្ដាហ៍​នេះ នៅក្នុង​សៀវភៅ ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុម​គ្រួសារ ណែនាំ​ឲ្យ​កត់ត្រា​អ្វីៗ​គ្រប់យ៉ាង​ដែល​មាន​នៅក្នុង អេសាយ ៥០–៥២ ជាអ្វី​ដែល​ព្រះអម្ចាស់​អញ្ជើញ​ប្រជាជន​របស់​ទ្រង់​ឲ្យ​ធ្វើ ។ ប្រហែល​ជា​សមាជិក​ក្នុង​ថ្នាក់​អាច​ចែកចាយ​អ្វី​ដែល​ពួកគេ​បាន​រកឃើញ ហើយ​ជជែក​គ្នា​អំពី​អត្ថន័យ​នៃ​ការអញ្ជើញ​ទាំងនេះ​ចំពោះ​ពួកគេ ។ បងប្អូន​អាច​ចង់​ផ្ដោតលើ​ការអញ្ជើញ​នានា​ដែល​មាន​នៅក្នុង អេសាយ ៥១:១–២, ៦–៨; ៥២:១–៣, ៩–១១ ។ តើ​យើង​អាច​ធ្វើ​សកម្មភាព​តាម​ការអញ្ជើញ​ទាំងនេះ​ដោយ​របៀបណា ? បងប្អូន​អាច​ចង្អុល​បង្ហាញ​ថា គោលលទ្ធិ និង សេចក្ដី​សញ្ញា ១១៣:៧–១០ ផ្ដល់​នូវ​ការពន្យល់​ដ៏​បំផុស​គំនិត​មួយ​អំពី អេសាយ ៥២:១–២ ។ តើ​បន្ទូល​ទាំងនេះ​បន្ថែម​អ្វីខ្លះ​ទៅលើ​ការយល់ដឹង​របស់​យើង ?

រូបភាព
រូប​ចម្លាក់​ព្រះគ្រីស្ទ​លី​ឈើឆ្កាង

ដោយសារតែ​សេចក្ដី​ស្រឡាញ់ ដោយ​ជាង​ចម្លាក់ អេនជិលឡា ចនសុន

អេសាយ ៥២:១៣–១៥; ៥៣

ព្រះយេស៊ូវ​គ្រីស្ទ​បាន​លើក​ដាក់​មក​លើ​ព្រះអង្គ​ទ្រង់​នូវ​អំពើបាប និង​ទុក្ខ​ព្រួយ​របស់​យើង ។

  • ដើម្បី​ជួយ​សមាជិក​ក្នុង​ថ្នាក់​ឲ្យ​មើល​ឃើញ​ពាក្យពេចន៍​របស់​អេសាយ​នៅក្នុង អេសាយ ៥៣ បងប្អូន​អាច​បង្ហាញ​រូបភាព​បីបួន​សន្លឹក​អំពី​ព្រឹត្តិការណ៍​នៅ​ជុំវិញ​ដង្វាយធួន​របស់​ព្រះយេស៊ូវ​គ្រីស្ទ ( សូមមើល សៀវភៅ​រូបភាព​ដំណឹងល្អ ល.រ. ៥៦–៦០ ) ។ បន្ទាប់​មក បងប្អូន​អាច​សូម​ឲ្យ​សមាជិក​ក្នុង​ថ្នាក់​រកមើល​ឃ្លា​នានា​នៅក្នុង អេសាយ ៥៣ ដែល​ពិពណ៌នា​ពី​ព្រឹត្តិការណ៍​នៅក្នុង​រូបភាព​ទាំងនេះ ។ តើ​ពាក្យ​ពេចន៍​របស់​អេសាយ​បង្រៀន​អ្វីខ្លះ អំពី​ការរងទុក្ខ​របស់​ព្រះអង្គ​សង្គ្រោះ​សម្រាប់​ពួកយើង ? តើ​ពាក្យ​ពេចន៍​ទាំងនេះ​ផ្ដល់​ជា​យោបល់​អ្វីខ្លះ អំពី​មូលហេតុ​ដែល​ទ្រង់​បាន​រងទុក្ខ​សម្រាប់​ពួកយើង ? តើ​ការបង្រៀន​ទាំងនេះ​បំផុស​គំនិត​យើង​ឲ្យ​ធ្វើអ្វី​ខ្លះ ?

  • ដើម្បី​យាង​ព្រះវិញ្ញាណ​បរិសុទ្ធ​ឲ្យ​ថ្លែង​ទីបន្ទាល់​អំពី​សេចក្ដីពិត​ដែល​បាន​បង្រៀន​នៅក្នុង អេសាយ ៥២:១៣–១៥; ៥៣ បងប្អូន​អាច​សូម​ឲ្យ​សមាជិក​ក្នុង​ថ្នាក់​អាន​ខគម្ពីរ​ទាំងនេះ​ដោយ​ស្ងាត់ស្ងៀម ខណៈ​បងប្អូន​ចាក់​ទំនុក​តម្កើង​មួយ​បទ​អំពី​ដង្វាយធួន​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។ សូម​អញ្ជើញ​ឲ្យ​សមាជិក​ក្នុង​ថ្នាក់​រកមើល​ពាក្យ ឬ​ឃ្លា​នៅក្នុង​បទគម្ពីរ ដែល​ពួកគេ​មាន​អារម្មណ៍​ថា​មាន​សារៈសំខាន់​ជាពិសេស ។ រួចហើយ សូម​ឲ្យ​ពួកគេ​ចែកចាយ​អ្វី​ដែល​ពួកគេ​បាន​រកឃើញ ព្រមទាំង​អារម្មណ៍​របស់​ពួកគេ​អំពី​ព្រះអង្គ​សង្គ្រោះ ។ សូម​ពិចារណា​អញ្ជើញ​សមាជិក​ក្នុង​ថ្នាក់​ឲ្យ​អាន ម៉ូសាយ ១៥:១០–១២ ផងដែរ ជា​កន្លែង​ដែល​អ័ប៊ីណាដៃ​បាន​ពន្យល់​ពី​អត្ថន័យ​នៃ​ឃ្លា « ពូជ​ទ្រង់ » ។ តើ​ខគម្ពីរ​នេះ​ជួយ​យើង​ឲ្យ​យល់ពី អេសាយ ៥៣:១០ យ៉ាង​ដូចម្ដេច ?

អេសាយ ៥៤

ព្រះយេស៊ូវ​គ្រីស្ទ​សព្វ​ព្រះទ័យ​ឲ្យ​យើង​ត្រឡប់​ទៅកាន់​ទ្រង់​វិញ ។

  • ការសិក្សា អេសាយ ៥៤ អាច​បំផុស​គំនិត​ដល់​សមាជិក​ក្នុង​ថ្នាក់ ដែល​មាន​អារម្មណ៍​បាក់​ទឹកចិត្ត​ដោយសារតែ​អំពើបាប ឬ​ភាពទន់ខ្សោយ​របស់​ពួកគេ​បាន ។ បងប្អូន​អាច​អញ្ជើញ​សមាជិក​ថ្នាក់​ឲ្យ​ស្រាវជ្រាវ​ក្នុង ជំពូក ៥៤ រកមើល​ឃ្លា ឬ​ខគម្ពីរ​នានា​ដែល​បង្ហាញ​ពី​ព្រះទ័យ​របស់​ព្រះអង្គ​សង្គ្រោះ​ចំពោះ​ពួកយើង ។ តើ​ទ្រង់​សព្វ​ព្រះទ័យ​ឲ្យ​យើង​មាន​អារម្មណ៍​យ៉ាងណា​អំពី​អំពើបាប និង​ភាពទន់ខ្សោយ​កាលពី​អតីតកាល​របស់​យើង ? តើ​ទ្រង់​សព្វ​ព្រះទ័យ​ឲ្យ​យើង​មាន​អារម្មណ៍​យ៉ាងណា​អំពី​ទ្រង់ ? សូម​លើក​ទឹកចិត្ត​សមាជិក​ក្នុង​ថ្នាក់​ឲ្យ​ចែកចាយ​អ្វី​ផ្សេងទៀត ដែល​ពួកគេ​បាន​រៀន​អំពី​ព្រះយេស៊ូវ​គ្រីស្ទ​ចេញ​មកពី​ជំពូក​នេះ ។ សេចក្ដី​ថ្លែងការណ៍​ដោយ​ប្រធាន ឌៀថើរ អេហ្វ អុជដូហ្វ នៅក្នុង « ធនធាន​បន្ថែម​ទាំងឡាយ » អាច​បន្ថែម​ការយល់ដឹង​ដល់​ការពិភាក្សា​របស់​បងប្អូន​បាន ។

រូបភាព
រូប​តំណាង​ធនធាន​បន្ថែម​ទាំងឡាយ

ធនធាន​បន្ថែម​ទាំងឡាយ

តាមរយៈ​ព្រះយេស៊ូវ​គ្រីស្ទ នោះ​យើង​អាច​មាន​សេចក្ដី​សង្ឃឹម ។

ប្រធាន ឌៀថើរ អេហ្វ អុជដូហ្វ បាន​បង្រៀន ៖

« វា​មិន​សំខាន់​ថា​តើ​ជីវិត​យើង​ហិនហោច​ដល់​កម្រិត​ណា​នោះទេ ។ វា​មិន​សំខាន់​ថា​តើ​អំពើបាប​យើង​មាន​ពណ៌​ក្រហម​ឆ្អៅ ភាពជូរចត់ ភាពឯកោ ឬ​ដួងចិត្ត​យើង​ខ្ទេចខ្ទាំ​ដល់​កម្រិត​ណា​នោះ​ឡើយ ។ សូម្បីតែ​ជន​ទាំងឡាយ​ដែល​អស់​សង្ឃឹម ដែល​រស់នៅ​ក្នុង​ភាពអស់​សង្ឃឹម ដែល​បាន​បាត់​អស់​នូវ​ទំនុកចិត្ត បោះបង់​សច្ចៈធម៌ ឬ​ងាក​ចេញពី​ព្រះ​ក៏​អាច​សាង​ខ្លួន​ជាថ្មី​បាន​ដែរ ។ …

« ដំណឹង​ដ៏​រីករាយ​នៃ​ដំណឹងល្អ​គឺ​ថា ដោយសារ​តែ​ផែនការ​នៃ​សុភមង្គល​ដ៏​នៅ​អស់កល្ប​ជានិច្ច​ដែល​ព្រះវរបិតា​សួគ៌​បាន​ប្រទាន​ឲ្យ និង​តាមរយៈ​ពលិកម្ម​ដ៏​គ្មាន​ទីបញ្ចប់​នៃ​ព្រះយេស៊ូវ​គ្រីស្ទ នោះ​យើង​មិន​ត្រឹមតែ​អាច​បាន​ប្រោស​ឲ្យ​រួច​ពី​ស្ថានភាព​ធ្លាក់​របស់​យើង ហើយ​ស្ដារ​ទៅរក​ភាពបរិសុទ្ធ​ប៉ុណ្ណោះទេ ប៉ុន្តែ​យើង​ក៏​អាច​រីកចម្រើន​លើសពី​អ្វី​ដែលមនុស្ស​ខាង​សាច់ឈាម​អាច​ស្រមៃ​បាន​ទៅទៀត ហើយ​ក្លាយជា​អ្នកគ្រង​មរតក​នៃ​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច និង​ជា​អ្នកទទួល​សិរីល្អ​ដ៏​អស្ចារ្យ​របស់​ព្រះ » ( « He Will Place You on His Shoulders and Carry You Home » EnsignLiahona ខែ ឧសភា ឆ្នាំ ២០១៦ ទំព័រ ១០២ ) ។

ការកែលម្អ​ការបង្រៀន​របស់​យើង

រស់នៅ​ឲ្យ​ស័ក្ដិសម​ដើម្បី​ទទួល​ការដឹកនាំ​ពី​ព្រះវិញ្ញាណ ។ នៅពេល​បងប្អូន​រស់នៅ​តាម​ដំណឹងល្អ​ដោយ​ភាពស័ក្ដិសម នោះ​បងប្អូន​រស់នៅ​យ៉ាង​ស័ក្ដិសម​ដើម្បី​ទទួល​ព្រះវិញ្ញាណ ដែល​ជា​គ្រូបង្រៀន​ដ៏​ល្អ​បំផុត ។ នៅពេល​បងប្អូន​ស្វែងរក​ការដឹកនាំ​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ នោះ​ទ្រង់​នឹង​ផ្ដល់​ដល់​បងប្អូន​នូវ​យោបល់ ចំណាប់​អារម្មណ៍ និង​គំនិត​ច្នៃ​ប្រឌិត​ស្ដីពី​របៀប​ដើម្បី​បំពេញ​តាម​តម្រូវការ​របស់​អស់​អ្នក​ដែល​បងប្អូន​បង្រៀន ។ ( សូម​មើល ការបង្រៀន​តាម​របៀប​របស់​ព្រះអង្គ​សង្គ្រោះ ទំព័រ  ) ។