ព្រះគម្ពីរ​សញ្ញាចាស់ ឆ្នាំ ២០២២
ថ្ងៃទី ២៤–៣០ ខែ តុលា ។ អេសេគាល ១–៣; ៣៣–៣៤; ៣៦–៣៧; ៤៧ ៖ « យើង​នឹង​ដាក់​វិញ្ញាណ​ថ្មី​នៅក្នុង​ឯង »


« ថ្ងៃទី ២៤–៣០ ខែ តុលា ។ អេសេគាល ១–៣; ៣៣–៣៤; ៣៦–៣៧; ៤៧ ៖ ‹ យើង​នឹង​ដាក់​វិញ្ញាណ​ថ្មី​នៅក្នុង​ឯង › » ចូរ​មក​តាម​ខ្ញុំ—សម្រាប់ ​សាលា​ថ្ងៃ​អាទិត្យ ៖ ព្រះគម្ពីរ​សញ្ញា​ចាស់ ឆ្នាំ ២០២២ ( ឆ្នាំ ២០២១ )

« ថ្ងៃទី ២៤–៣០ ខែ តុលា ។ អេសេគាល ១–៣; ៣៣–៣៤; ៣៦–៣៧; ៤៧ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​សាលា​ថ្ងៃអាទិត្យ ៖ ឆ្នាំ ២០២២

រូបភាព
ព្រះយេស៊ូវ​កំពុង​ដឹក​ចៀម

ចូរ​មក​តាម​ខ្ញុំ ដោយ ស្កត ស៊ាំនើរ

ថ្ងៃទី ២៤–៣០ ខែ តុលា

អេសេគាល ១–៣; ៣៣–៣៤; ៣៦–៣៧; ៤៧

« យើង​នឹង​ដាក់​វិញ្ញាណ​ថ្មី​នៅក្នុង​ឯង »

ពាក្យពេចន៍​របស់​អេសេគាល​ត្រូវបាន​រក្សា​ទុក​ដោយ​ព្រះអម្ចាស់​សម្រាប់​គោលបំណង​ដ៏​វាងវៃ​មួយ ហើយ​អាច​ផ្ដល់​ពរជ័យ​ដល់​សមាជិក​ក្នុង​ថ្នាក់​របស់​បងប្អូន​បាន ។ សូម​ពិចារណា​ពាក្យពេចន៍​ទាំងនេះ កាល​បងប្អូន​សិក្សា​ការសរសេរ​របស់​អេសេគាល​នា​សប្តាហ៍​នេះ ។

កត់ត្រា​ចំណាប់​អារម្មណ៍​របស់​បងប្អូន

រូបភាព
រូប​តំណាង​ការចែកចាយ

អញ្ជើញ​ឲ្យ​ចែកចាយ

ប្រជាជន​ដែល​បាន​ស្ដាប់​អេសេគាល បាន​គិត​ថា​ពាក្យសម្ដី​របស់​លោក​សម្ដែង​ចេញ « ជា​សេចក្តី​ស្រឡាញ់ » « យ៉ាង​ខ្លាំង » « តែ​ចិត្ត​គេ​ដេញតាម​រក​កម្រៃ​ដល់​ខ្លួន [ វិញ ] » ( សូមមើល អេសេគាល ៣៣:៣០–៣៣ ) ។ សមាជិក​ក្នុង​ថ្នាក់​អាច​ចែកចាយ​វគ្គ​បទគម្ពីរ​មួយ ដែល​ពួកគេ​បាន​រកឃើញ​នៅក្នុង​ការសរសេរ​របស់​អេសេគាល ដែល​បាន​បំផុស​គំនិត​ពួកគេ​ឲ្យ​ធ្វើ​អ្វីមួយ ។

រូបភាព
រូប​តំណាង​ការបង្រៀន

បង្រៀន​គោលលទ្ធិ

អេសេគាល ៣៤

ព្រះអម្ចាស់​អញ្ជើញ​យើង​ឲ្យ​មើលថែ​ដល់​ចៀម​របស់​ទ្រង់ ។

ដើម្បី​ជួយ​សមាជិក​ក្នុង​ថ្នាក់​ឲ្យ​រកឃើញ​អត្ថន័យ​ផ្ទាល់ខ្លួន​នៅក្នុង អេសេគាល ៣៤ បងប្អូន​អាច​សរសេរ​នៅលើ​ក្ដារខៀន​នូវ​ស្ថានភាព ដែល​ពួកគេ​អាច​ប្រឈម​មុខ​ដូចជា រៀបចំ​ខ្លួន​ដើម្បី​បម្រើ​បេសកកម្ម ចិញ្ចឹម​កូនទទួល​ការចាត់តាំង​ឲ្យ​ផ្ដល់​ការងារ​បម្រើ​មួយ ។ សមាជិក​ក្នុង​ថ្នាក់​អាច​រើសយក​ស្ថានភាព​មួយ​មក​ពិចារណា កាល​ពួកគេ​អាន​ក្នុង អេសេគាល ៣៤:១–១០ ដោយ​ស្ងាត់ស្ងៀម ។ ដោយ​ផ្អែកលើ​ខគម្ពីរ​ទាំងនេះ សូម​អញ្ជើញ​ពួកគេ​ឲ្យ​ចែកចាយ​ពាក្យ​ទូន្មាន​ណាមួយ ដែល​ពួកគេ​អាច​ប្រាប់​ដល់​នរណាម្នាក់​ដែល​ស្ថិត​នៅក្នុង​ស្ថានភាព ដែល​ពួកគេ​បាន​រើសយក​នេះ ។ តើ​ការមើលថែ​ខ្លួនយើង មិន​មើលថែ​ដល់​ហ្វូងចៀម​របស់​ព្រះអម្ចាស់​មាន​ន័យ​ដូចម្ដេច ? តើ​យើង​អាច​ធ្វើជា​អ្នកគង្វាល​ដូចជា​ព្រះអង្គ​សង្គ្រោះ​ដោយ​របៀបណា ? ( សូមមើល ខទី ១១–១៦ ) ។

បងប្អូន​អាចមាន​អារម្មណ៍​បំផុស​គំនិត​ដើម្បី​សួរ​សំណួរ ដែល​ជួយ​សមាជិក​ក្នុង​ថ្នាក់​ឲ្យ​ពិចារណា​ពី​និមិត្ត​សញ្ញា​នៅក្នុង អេសេគាល ៣៤:១១–៣១ ។ ឧទាហរណ៍ តើ « ទីវាល​ល្អ » និង « ក្រោល​យ៉ាង​ល្អ » អាច​តំណាង​ឲ្យ​អ្វី​នៅក្នុង ខទី ១៤ ? តើ​ចៀម​ដែល « វង្វេង​បាត់ » និង​ចៀម​ដែល « ត្រូវ​ប្រដេញ » ខុសគ្នា​យ៉ាង​ដូចម្ដេច ? ( ខទី ១៦ ) ។ តើ​ព្រះអង្គ​សង្គ្រោះ​ជួយ​សង្គ្រោះ​ចៀម​ទាំងពីរ​ប្រភេទ​នេះ​តាម​របៀប​ណា ? សមាជិក​ក្នុង​ថ្នាក់​អាច​ចែកចាយ​និមិត្តសញ្ញា​ផ្សេងទៀត ដែល​ពួកគេ​បាន​រកឃើញ​នៅក្នុង​ខគម្ពីរ​ទាំងនេះ ហើយ​ជជែក​អំពី​អ្វី​ដែល​និមិត្ត​សញ្ញា​ទាំងនេះ​បង្រៀន​ពួកគេ​អំពី​ព្រះយេស៊ូវ​គ្រីស្ទ ។

អេសេគាល ៣៧

ព្រះអម្ចាស់​កំពុង​ប្រមូលផ្ដុំ​រាស្រ្ត​របស់​ទ្រង់ និង​ប្រទាន​ដល់​ពួកគេ​នូវ​ជីវិត​ថ្មី​មួយ ។

  • ការអាន​ក្នុង អេសេគាល ៣៧ និង​ការគិត​អំពី​សេចក្ដី​សន្យា​របស់​ព្រះអម្ចាស់​ដើម្បី​ប្រមូលផ្ដុំ​អ៊ីស្រាអែល អាច​ផ្ដល់​ដល់​យើង​នូវ​ការយល់ដឹង​អំពី​អត្ថន័យ​នៃ​ការប្រមូលផ្ដុំ និង​របៀប​ដែល​យើង​អាច​ចូលរួម​ក្នុង​កិច្ចការ​នេះ​បាន ។ ដើម្បី​ជួយ​សមាជិក​ក្នុង​ថ្នាក់​ឲ្យ​រកឃើញ​ការយល់ដឹង​ទាំងនេះ បងប្អូន​អាច​សរសេរ​សំណួរ​ដូចនេះ​ដាក់លើ​ក្ដារខៀន តើ​ព្រះអម្ចាស់​កំពុង​ព្យាយាម​សម្រេច​អ្វីខ្លះ តាមរយៈ​ការប្រមូលផ្ដុំ​អ៊ីស្រាអែល ? តើ​ទ្រង់​សម្រេច​វាបាន​តាម​របៀប​ណា ? បន្ទាប់មក បងប្អូន​អាច​សូមឲ្យ​សមាជិក​ពាក់​កណ្ដាល​ថ្នាក់​អាន អេសេគាល ៣៧:១–១៤ ហើយ​ឲ្យ​សមាជិក​ពាក់​កណ្ដាល​ថ្នាក់​ទៀត​អាន អេសេគាល ៣៧:១៥–២៨ កាល​ពួកគេ​ស្រាវជ្រាវ​រក​ការយល់ដឹង​បន្ថែម ដែល​វគ្គ​បទគម្ពីរ​ទាំងពីរ​នេះ​អាច​ឆ្លើយនឹង​សំណួរ​ដែល​មាន​នៅលើ​ក្ដារខៀន ។ វា​អាច​មាន​ប្រយោជន៍​ដើម្បី​ពន្យល់​ថា បន្ទះ​ឈើ​របស់​យ៉ូសែប និង​យូដា​ដូច​បាន​លើកឡើង​នៅក្នុង ខទី ១៦–១៩ តំណាង​ឲ្យ​ព្រះគម្ពីរ​មរមន និង​ព្រះគម្ពីរ​ប៊ីប ។ នៅពេល​សមាជិក​ក្នុង​ថ្នាក់​ចែកចាយ​ចម្លើយ​របស់​ពួកគេ សូម​លើក​ទឹកចិត្ត​ពួកគេ​ឲ្យ​និយាយ​អំពី​តួនាទី​របស់​ពួកគេ នៅក្នុង​ការប្រមូលផ្ដុំ​អ៊ីស្រាអែល​នៅ​ថ្ងៃ​ចុងក្រោយ ។

រូបភាព
វាលខ្សាច់ និង​សមុទ្រ​ក្ស័យ

អេសេគាល​បាន​ឃើញ​នៅ ក្នុង​ការនិមិត្ត​នូវ​ទន្លេមួយ​ដែល​ហូរ​មកពី​ព្រះវិហារ​បរិសុទ្ធ ហើយ​ប្រោស​ដល់​សមុទ្រ​ក្ស័យ ។

អេសេគាល ៤៧:១–១២

ព្រះវិហារ​បរិសុទ្ធ​នាំមក​នូវ​ការព្យាបាល​ខាង​វិញ្ញាណ ។

  • រូបភាព​អាច​ជួយ​សមាជិក​ក្នុង​ថ្នាក់​ឲ្យ​យល់ពី​ការនិមិត្ត ដែល​បាន​រៀបរាប់​នៅក្នុង អេសេគាល ៤៧:១–១២ ។ ឧទាហរណ៍ បងប្អូន​បង្ហាញ​រូបភាព​ព្រះវិហារ​បរិសុទ្ធ ទន្លេ វាលខ្សាច់ និង​សមុទ្រ​ក្ស័យ ( សូមមើល​រូបភាព​នៅក្នុង គម្រោង​មេរៀន​សប្ដាហ៍​នេះ នៅក្នុង​សៀវភៅ ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុម​គ្រួសារ និង Bible Photographs ល.រ. ៣ « Judean Wilderness » ) ។ វា​អាច​មាន​អត្ថប្រយោជន៍​ដើម្បី​ពន្យល់​ថា សមុទ្រ​ក្ស័យ​គឺ​ប្រៃ​ខ្លាំង​ណាស់ រហូត​ដល់​គ្មាន​ត្រី និង​រុក្ខជាតិ​អ្វី​អាច​រស់នៅ​ក្នុង​សមុទ្រ​នោះ​បាន​ទេ ។ សមាជិក​ក្នុង​ថ្នាក់​អាច​អាន ខទី ១–១២ ហើយ​ចែកចាយ​អ្វី​ដែល​ពួកគេ​ចាប់​អារម្មណ៍​អំពី​ទឹក ដែល​បាន​ពិពណ៌នា​នៅក្នុង​ការនិមិត្ត​នេះ ( សូមមើល​ផងដែរ វិវរណៈ ២២:១ និង​សេចក្ដី​ថ្លែងការណ៍​នៅក្នុង « ធនធាន​បន្ថែម​ទាំងឡាយ » ) ។ ពួកគេ​ក៏​អាច​គូរ​រូបភាព​នៃ​ការនិមិត្ត​របស់​អេសេគាល​បាន​ផងដែរ ។ តើ​ទឹក​អាច​តំណាង​ឲ្យ​អ្វី ? តើ​ដើមឈើ​ដែល​មាន​រៀបរាប់​នៅក្នុង ខទី ១២ អាច​តំណាង​ឲ្យ​អ្វី ? ប្រហែលជា​សិស្ស​ក្នុង​ថ្នាក់​អាច​ចែកចាយ​ពី​របៀប​ដែល​ព្រះវិហារ​បរិសុទ្ធ និង​ពរជ័យ​នៃ​ព្រះវិហារ​បរិសុទ្ធ​បាន​នាំឲ្យ​ពួកគេ​មាន​ជីវិត​ខាង​វិញ្ញាណ និង​ការព្យាបាល ។

រូបភាព
រូប​តំណាង​ធនធាន​បន្ថែម​ទាំងឡាយ

ធនធាន​បន្ថែម​ទាំងឡាយ

ពរជ័យ​នៃ​ព្រះវិហារ​បរិសុទ្ធ​អាច​ផ្សះ​យើង​បាន ។

ដោយ​យោង​ទៅ​ទឹក​ដែល​ហូរ​ពី​ព្រះវិហារ​បរិសុទ្ធ​នៅក្នុង​ការនិមិត្ត​របស់​អេសេគាល ( សូមមើល អេសេគាល ៤៧:១–១២ ) នោះ​អែលឌើរ ឌេល ជី រ៉េនឡាន់ បាន​អង្កេត​ឃើញ​ថា

« លក្ខណៈ​ពីរ​នៃ​ទឹក​ទន្លេ​គឺ​សំខាន់​ណាស់ ។ លក្ខណៈ​ទីមួយ ទោះបីជា​ស្ទឹង​តូច​គ្មាន​ដៃ​ស្ទឹង​ក្តី ក៏​វា​បាន​រីក​ទៅជា​ទន្លេ​ដ៏​ធំ ប្រែ​កាន់តែ​ធំ​ទៅៗ និង​ជ្រៅ​ទៅៗ​ដែរ នៅពេល​វា​ហូរ​ទៅ​កាន់តែ​ឆ្ងាយ ។ មាន​រឿង​ស្រដៀង​គ្នា​នេះ​កើតឡើង​ជាមួយ​ពរជ័យ​ដែល​ហូរ​មកពី​ព្រះវិហារ​បរិសុទ្ធ នៅពេល​បុគ្គល​ម្នាក់ៗ​ត្រូវបាន​ផ្សារភ្ជាប់​ជា​ក្រុមគ្រួសារ ។ ការរីក​ចម្រើន​ដ៏​មាន​អត្ថន័យ​កើតឡើង​ទាំង​ទៅក្រោយ និង​ទៅ​មុខ​ឆ្លងកាត់​ជំនាន់​នានា នៅពេល​ពិធីបរិសុទ្ធ​នៃ​ការផ្សារភ្ជាប់ ផ្សារភ្ជាប់​ក្រុមគ្រួសារ​ជាមួយ​គ្នា ។

លក្ខណៈ​ទីពីរ ទឹក​ទន្លេ​ធ្វើឲ្យ​អ្វីៗ​គ្រប់យ៉ាង​ស្រស់បស់​ឡើងវិញ​នៅ​គ្រប់​កន្លែង​ដែល​វា​ហូរ​កាត់ ។ ដូចគ្នា​នោះ​ផងដែរ ពរជ័យ​នៃ​ព្រះវិហារ​បរិសុទ្ធ​គឺជា​ការមាន​សមត្ថភាព​ដ៏​អស្ចារ្យ​ដើម្បី​ព្យាបាល ។ ពរជ័យ​នៃ​ព្រះវិហារ​បរិសុទ្ធ​អាច​ព្យាបាល​ដួងចិត្ត និង​ជីវិត និង​ក្រុមគ្រួសារ​ទាំងឡាយ » ( « Family History and Temple Work: Sealing and Healing » EnsignLiahona ខែ ឧសភា ឆ្នាំ ២០១៨ ទំព័រ ៤៧–៤៨; សូមមើល​ផងដែរ វីដេអូ « And the River Will Grow » នៅលើ​គេហទំព័រ ChurchofJesusChrist.org ) ។

ការកែលម្អ​ការបង្រៀន​របស់​យើង

ជួយ​មនុស្ស​ដទៃ​ឲ្យ​ទទួលបាន​ព្រះវិញ្ញាណ ។ « ពេលខ្លះ គ្រូបង្រៀន​អាច​ត្រូវបាន​ល្បួង​ឲ្យ​គិត​ថា វា​គឺជា​ចំណេះដឹង ឬ​វិធីសាស្ដ្រ ឬ​អត្តចរិត​របស់​ពួកគេ ដែល​បំផុស​គំនិត​ដល់​អស់​អ្នក​ទាំងឡាយ​ដែល​ពួកគេ​បង្រៀន ។ … គោលបំណង​របស់​អ្នក​ក្នុងនាម​ជា​គ្រូបង្រៀន គឺមិន​ធ្វើ​បទបង្ហាញ​ដ៏គួរ​ចាប់អារម្មណ៍​មួយទេ ប៉ុន្តែ​ជួយ​អ្នកដទៃ​ឲ្យ​ទទួល​ឥទ្ធិពល​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ » ( ការបង្រៀន​តាម​របៀប​របស់​ព្រះអង្គ​សង្គ្រោះ ទំព័រ ១០ ) ។