ព្រះគម្ពីរ​សញ្ញាចាស់ ឆ្នាំ ២០២២
ថ្ងៃទី ២៤–៣០ ខែ តុលា ។ អេសេគាល ១–៣; ៣៣–៣៤; ៣៦–៣៧; ៤៧ ៖ « យើង​នឹង​ដាក់​វិញ្ញាណ​ថ្មី​នៅក្នុង​ឯង »


« ថ្ងៃទី ២៤–៣០ ខែ តុលា ។ អេសេគាល ១–៣; ៣៣–៣៤; ៣៦–៣៧; ៤៧ ៖ ‹ យើង​នឹង​ដាក់​វិញ្ញាណ​ថ្មី​នៅក្នុង​ឯង › » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ ៖ ព្រះគម្ពីរ​សញ្ញា​ចាស់ ឆ្នាំ ២០២២ ( ឆ្នាំ ២០២១ )

« ថ្ងៃទី ២៤–៣០ ខែ តុលា ។ អេសេគាល ១–៣; ៣៣–៣៤; ៣៦–៣៧; ៤៧ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ ៖ ឆ្នាំ ២០២២

រូបភាព
ព្រះយេស៊ូវ​កំពុង​ដឹក​ចៀម

ចូរ​មក​តាម​ខ្ញុំ ដោយ ស្កត ស៊ាំនើរ

ថ្ងៃទី ២៤–៣០ ខែ តុលា

អេសេគាល ១–៣; ៣៣–៣៤; ៣៦–៣៧; ៤៧

« យើង​នឹង​ដាក់​វិញ្ញាណ​ថ្មី​នៅក្នុង​ឯង »

អេសេគាល​ត្រូវ​បាន​អញ្ជើញ​ឲ្យ « បរិភោគ » ព្រះបន្ទូល​របស់ព្រះ​ជានិមិត្តរូប—ដើម្បី​ឲ្យ​លោក​បានឆ្អែត​ដោយ​ព្រះបន្ទូល ( សូមមើល អេសេគាល ២:៩–៣:៣, ១០ ) ។ តើ​បងប្អូន​នឹង​ចម្អែត​ខ្លួន​របស់បងប្អូន​ជាមួយ​នឹង​ព្រះបន្ទូល​របស់​ព្រះ​នៅ​សប្តាហ៍​នេះ​ដោយ​របៀប​ណា ?

កត់​ត្រា​ចំណាប់​អារម្មណ៍​របស់​បងប្អូន

អេសេគាល​គឺជា​ព្យាការី​មួយ​រូប​ដែល​បាន​និរទេស​ខ្លួន ។ ព្រម​ជាមួយ​ពួកសាសន៍​អ៊ីស្រាអែល​ដទៃទៀត លោក​ត្រូវបាន​គេ​ចាប់ខ្លួន និង​បញ្ជូន​ទៅ​កាន់​ក្រុង​បាប៊ីឡូន​អស់​ជាច្រើន​ឆ្នាំ ពីមុន​ក្រុង​យេរូសាឡិម​ត្រូវបាន​បំផ្លាញ​ចោល​នៅទីបំផុត ។ នៅ​ក្រុង​យេរូសាឡិម អេសេគាល​បាន​ធ្វើ​ជាសង្ឃ​បម្រើ​នៅក្នុង​ព្រះវិហារ ។ នៅ​ក្រុង​បាប៊ីឡូន លោក​បាន​នៅ​ជាមួយ « ពួក​ឈ្លើយ » ហើយ​លោក « ទៅ​កន្លែង​ដែល​គេ​អាស្រ័យ​នៅ » ( អេសេគាល ៣:១៥ ) ដែល​មាន​ចម្ងាយ​រាប់រយ​គីឡូម៉ែត​ពី​ព្រះវិហារ ហើយ​ដោយ​មាន​ក្តី​សង្ឃឹម​តិចតួច​នៃ​ការត្រឡប់ទៅ​កាន់​វង្ស​នៃ​អ៊ីស្រាអែល​ជាទីស្រឡាញ់​របស់​ព្រះ​វិញ ។ បន្ទាប់មក នៅថ្ងៃ​មួយ​អេសេគាល​បាន​មាន​ការនិមិត្ត​មួយ ។ លោក​បាន​ឃើញ « សិរីល្អ​របស់​ព្រះ​យេហូវ៉ា » ( អេសេគាល ១:២៨ )—មិនមែន​នៅ​ឯ​ព្រះវិហារ​ក្រុង​យេរូសាឡិម​ឡើយ ប៉ុន្តែ​នៅ​ឯ​ក្រុង​បាប៊ីឡូន​ជាមួយ​ពួក​ដែល​និរទេស​ខ្លួន​វិញ ។ លោក​បាន​ដឹងថា ភាព​ទុច្ចរិត​នៅក្នុង​ក្រុង​យេរូសាឡិម​កាន់តែ​ធ្ងន់ធ្ងរ​ទៅៗ រហូត​ដល់​ព្រះ​ពុំ​មាន​វត្តមាន​នៅទីនោះ​ទៀត​ឡើយ ( សូមមើល អេសេគាល ៨–១១; ៣៣:២១ ) ។

ការងារ​មួយ​របស់​អេសេគាល គឺ​ត្រូវ​ព្រមាន​ដល់​ពួក​សាសន៍​អ៊ីស្រាអែល​អំពី​លទ្ធផល​នៃ​ការបះបោរ​របស់​ពួកគេ—ការព្រមាន​ដែល​មនុស្ស​ភាគច្រើន​មិន​បាន​យកចិត្ត​ទុកដាក់​ស្ដាប់ ។ ប៉ុន្តែ​មាន​អ្វី​ច្រើន​ទៀត​ចំពោះ​សារលិខិត​របស់​អេសេគាល ៖ លោក​បាន​ព្យាករ​ថា ទោះបី​មាន​រឿង​អាក្រក់​កើតឡើង​ប៉ុណ្ណា​ក៏​ដោយ ក៏​ផ្លូវ​ត្រឡប់មកវិញ​នៅ​តែ​មាន​ដែរ ។ ប្រសិនបើ​រាស្រ្ត​របស់ព្រះ​ទទួល​យក​ការអញ្ជើញ​ដើម្បី « ស្តាប់​ព្រះ​បន្ទូល​នៃ​ព្រះ​យេហូវ៉ា » ( អេសេគាល ៣៧:៤ ) នោះ​អ្វី​ដែល​ធ្លាប់​ស្លាប់​ក៏​អាច​រស់ឡើង​វិញ​បាន​ដែរ ។ « ចិត្ត​ដែល​រឹង​ដូច​ថ្ម » អាច​ត្រូវ​បាន​ប្តូរ​ដោយ « ចិត្តថ្មី » វិញ ( អេសេគាល ៣៦:២៦ ) ។ ព្រះអម្ចាស់​បាន​ប្រាប់​ពួកគេ​ថា « [ យើង ] នឹង​ដាក់​វិញ្ញាណ​យើង​នៅ​ក្នុង​ឯង​រាល់​គ្នា ឯង​នឹង​មាន​ជីវិត​រស់​ឡើង » ( អេសេគាល ៣៧:១៤ ) ។ ហើយ​នៅ​ថ្ងៃ​ចុងក្រោយ ព្រះអម្ចាស់​នឹង​សង់​ព្រះ​វិហារ និង​ក្រុង​យេរូសាឡិម​ថ្មី​មួយ « ហើយ​តាំង​ពី​ថ្ងៃ​នោះ​ត​ទៅ ទី​ក្រុង​នោះ​ត្រូវ​មាន​ឈ្មោះ​ថា ព្រះយេហូវ៉ា​ទ្រង់​គង់​នៅ​ទី​នេះ » ( អេសេគាល ៤៨:៣៥ ) ។

រូបភាព
រូបសញ្ញា​ការសិក្សា​ផ្ទាល់ខ្លួន

គំនិត​យោបល់​សម្រាប់​ការសិក្សា​ព្រះគម្ពីរ​ផ្ទាល់ខ្លួន

អេសេគាល ១–៣

« ឯង​ថ្លែង​ពាក្យ​របស់​យើង » ។

ការអាន​អំពី​ការហៅ​របស់​អេសេគាល​ឲ្យ​ធ្វើ​ការងារ​បម្រើ​នៅ​ក្នុង អេសេគាល ១–៣ អាច​ជំរុញ​ចិត្ត​បងប្អូន​ឲ្យ​គិត​អំពី​ឱកាស​ដែល​ព្រះ​បាន​ប្រទាន​ឲ្យ​បងប្អូន​ដើម្បី « ប្រាប់​គេ​តាម​ពាក្យ [ របស់​ទ្រង់ ] » ដល់​អ្នក​ដទៃ ( អេសេគាល ៣:៤ ) ។ នៅក្នុង អេសេគាល ២–៣ សូម​កត់សម្គាល់​ព្រះបន្ទូល​របស់​ទ្រង់​ពី​ការលើក​ទឹកចិត្ត និង​ការណែនាំ​ចំពោះ​អេសេគាល ។ ទោះបី​ជា​មនុស្ស​ដែល​បងប្អូន​បម្រើ ប្រហែល​ជា​មិន​បះបោរ​ដូចជា​ប្រជាជន​របស់​អេសេគាល​ក្តី ក៏​សូម​ពិចារណា​ពី​របៀប​ដែល​ព្រះ​បន្ទូល​របស់​ព្រះ​ចំពោះ​អេសេគាល ជះឥទ្ធិពល​លើ​របៀប​ដែល​បងប្អូន​គិត​ពី​ការបម្រើ​របស់​បងប្អូន​នៅ​ក្នុង​សាសនាចក្រ នៅ​ផ្ទះ និង​កន្លែង​ផ្សេង​ទៀត​ដែរ ។

សូម​មើល​ផងដែរ អេសេគាល ៣៣:១–៩; ឌី ថត គ្រីស្តូហ្វឺសិន « The Voice of Warning » EnsignLiahona ខែ ឧសភា ឆ្នាំ ២០១៧ ទំព័រ ១០៨–១១ ។

អេសេគាល ៣៣:១០–១៩

ព្រះអម្ចាស់​សព្វ​ព្រះទ័យ​នឹង​អភ័យទោស​ឲ្យ ។

ពួក​សាសន៍​អ៊ីស្រាអែល​ដែល​ជាប់​សេវកភាព​បាន​ឆ្ងល់​ថា « អំពើ​បាប​របស់​យើង​គ្រប​សង្កត់​លើ​យើង​ហើយ … ធ្វើ​ដូច​ម្តេច​ឲ្យ​យើង​រស់​នៅ​បាន ? » ( អេសេគាល ៣៣:១០ ) ។ ជា​ការឆ្លើយតប ព្រះអម្ចាស់​បាន​បង្រៀន​ពួកគេ​ពី​សេចក្តីពិត​ដ៏​សំខាន់​អំពី​ការប្រែចិត្ត និង​ការអភ័យទោស ។ សំណួរ​ទាំងនេះ​អាច​ជួយ​បងប្អូន​ឲ្យ​គិត​ពិចារណា​អំពី​សេចក្តីពិត​ទាំងនោះ ៖

  • តើបងប្អូន​គិតថា វា​មាន​ន័យ​យ៉ាងណា​ដើម្បី « ពឹង​ដល់​សេចក្តី​សុចរិត [ របស់​បងប្អូន ] » ? ( សូមមើល អេសេគាល ៣៣:១២–១៣ ) ។

  • តើ​បងប្អូន​នឹង​និយាយ​បែបណា​ទៅកាន់​នរណា​ម្នាក់​ដែល​គិតថា មនុស្ស​សុចរិត និង​មនុស្ស​ទុច្ចរិត​ដែល​បាន​ពិពណ៌នា​នៅក្នុង អេសេគាល ៣៣:១២–១៩ មិន​ទទួល​បាន​ការប្រព្រឹត្ត​ដាក់​ដោយ​ស្មើភាព​គ្នា​នោះ ? ( សូមមើល​ផងដែរ ម៉ាថាយ ២១:២៨–៣១; លូកា ១៨:៩–១៤ ) ។

  • តើ​បងប្អូន​រក​ឃើញ​អ្វីខ្លះ​នៅ​ក្នុង​ខគម្ពីរ​ទាំងនេះ ដែល​ជួយ​បងប្អូន​ឲ្យ​យល់​អំពី​អត្ថន័យ​នៃ​ការប្រែចិត្ត ? តើ​បងប្អូន​ទទួល​បាន​ការយល់ដឹង​បន្ថែម​អ្វីខ្លះ ដែល​បងប្អូន​រកឃើញ​នៅក្នុង អេសេគាល ៣៦:២៦–២៧ និង អាលម៉ា ៧:១៤–១៦ ?

អេសេគាល ៣៤

ព្រះអម្ចាស់​អញ្ជើញ​ខ្ញុំ​ឲ្យ​ផ្ដល់ចំណី​ដល់​ចៀម​របស់​ទ្រង់ ។

នៅក្នុង អេសេគាល ៣៤ ព្រះអម្ចាស់​ហៅ​ពួក​អ្នកដឹកនាំ​រាស្រ្ត​របស់ទ្រង់​ថា​ជា « ពួកអ្នក​គង្វាល » ។ កាល​បងប្អូន​អាន សូម​ពិចារណា​ពី​អ្វី​ដែល​ចំណងជើង​នេះ​ប្រាប់​បងប្អូន អំពី​អត្ថន័យ​នៃ​ការធ្វើ​ជា​អ្នក​ដឹកនាំ ។ តើ​នរណា​ជា « ចៀម » ដែល​ព្រះអម្ចាស់​ចង់​ឲ្យ​បងប្អូន​ឲ្យ​ចំណី ? តើ​បងប្អូន​អាច​ធ្វើតាម​គំរូ​ដែល​ព្រះអម្ចាស់​បាន​ធ្វើ​ក្នុង​នាម​ជា​អ្នក​គង្វាល​របស់​យើង​យ៉ាង​ដូចម្តេច ? ( សូមមើល ខទី ១១–៣១ ) ។

សូមមើល​ផងដែរ យ៉ូហាន ២១:១៥–១៧ ។

រូបភាព
វាលខ្សាច់ និង​សមុទ្រ​ក្ស័យ

អេសេគាល​បាន​ឃើញ​នៅក្នុង​ការនិមិត្ត​នូវ​ទន្លេ​មួយ​ដែល​ហូរ​មកពី​ព្រះវិហារ​បរិសុទ្ធ ហើយ​ប្រោស​ដល់​សមុទ្រ​ក្ស័យ ។

អេសេគាល ៣៧

ព្រះអម្ចាស់​កំពុង​ប្រមូលផ្តុំ​រាស្រ្ត​របស់ទ្រង់ ហើយ​ប្រទាន​ជីវិត​ថ្មី​ដល់​ពួកគេ ។

ការប្រមូលផ្តុំ​អ៊ីស្រាអែល​ត្រូវបាន​បង្ហាញ​នៅក្នុង អេសេគាល ៣៧ តាមរយៈ​ទីសម្គាល់​ពីរ ។ កាល​ដែល​បងប្អូន​អាន​អំពី​ទីសម្គាល់​ទីមួយ—ឆ្អឹង​ដែល​ស្ងួតហែង​ត្រូវបាន​ប្រោស​ឲ្យ​មាន​ជីវិត​វិញ ( សូមមើល ខទី ១–១៤ )—សូម​ពិចារណា​អ្វី​ដែល​បងប្អូន​រៀន​អំពី​ការប្រមូលផ្តុំ​អ៊ីស្រាអែល​នៅ​ទាំង​សងខាង​វាំងនន ( សូមមើល​ផងដែរ អេសេគាល ៣៦:២៤–៣០ ) ។

ទីសម្គាល់​ទីពីរ ( សូមមើល ខទី ១៥–២៨ ) ពាក់ព័ន្ធ​នឹង​បន្ទះឈើ​ពីរ​ដែល​ពួក​អ្នក​ប្រាជ្ញ​ជាច្រើន​បកស្រាយ​ថា​ជា​ក្ដារ​ឈើ​សម្រាប់​សរសេរ​ដែល​ភ្ជាប់គ្នា​ដោយ​ត្រចៀក​មួយ ។ បន្ទះឈើ​របស់​យូដា​អាច​តំណាង​ឲ្យ​ព្រះគម្ពីរ​ប៊ីប ( ដោយសារ​តែ​ព្រះគម្ពីរ​ប៊ីប​ភាគច្រើន​ត្រូវ​បាន​សរសេរ​ដោយ​កូនចៅ​របស់​យូដា ) ហើយ​បន្ទះ​ឈើ​របស់​យ៉ូសែប​អាច​តំណាង​ឲ្យ​ព្រះគម្ពីរ​មរមន ( ដោយសារតែ​គ្រួសារ​របស់​លីហៃ ជាកូន​ចៅ​របស់​យ៉ូសែប​នៅ​ស្រុក​អេស៊ីព្ទ ) ។ ដោយ​គិត​អំពី​តំណាង​ទាំងពីរ​នេះ​នៅក្នុង​ចិត្ត តើ​ខគម្ពីរ​ទាំងនេះ​បង្រៀន​បងប្អូន​អ្វីខ្លះ​អំពី​តួនាទី​នៃ​ព្រះ​គម្ពីរ​ក្នុងការ​ប្រមូល​ផ្ដុំ​អ៊ីស្រាអែល ? តើ នីហ្វៃទី២ ៣:១១–១៣ ( ការព្យាករ​អំពី​យ៉ូសែប ស្ម៊ីធ និង​ព្រះគម្ពីរ​មរមន ) បន្ថែម​អ្វី​ខ្លះ​ដល់​ការយល់​ដឹង​របស់បងប្អូន ?

សូមមើល​ផងដែរ នីហ្វៃទី២ ២៩:១៤; « The Book of Mormon Gathers Scattered Israel » ( វីដេអូ នៅលើ​គេហទំព័រ ChurchofJesusChrist.org ) ។

រូបភាព
រូបសញ្ញា​ការសិក្សា​ជា​គ្រួសារ

គំនិត​យោបល់​សម្រាប់​ការសិក្សា​ព្រះគម្ពីរ​ជា​គ្រួសារ និង​រាត្រី​ជួបជុំ​ក្នុង​គ្រួសារ

អេសេគាល ៣៣:១–៥ ។ដើម្បី​បង្ហាញ​ពី​ខគម្ពីរ​ទាំងនេះ នោះ​សមាជិក​គ្រួសារ​ម្នាក់​អាច​សម្តែង​ធ្វើ​ជា « អ្នកចាំយាម » ដោយ​មើល​តាម​មាត់បង្អួច ហើយ​ប្រាប់​ដល់​សមាជិក​គ្រួសារ​ដទៃទៀត​នូវ​អ្វី​ដែល​កំពុង​កើតឡើង​នៅខាងក្រៅ ។ តើ​ព្យាការី​ដែល​នៅរស់​របស់​យើង​ដូចជា​អ្នក​ចាំយាម​សម្រាប់​យើង​យ៉ាង​ដូចម្តេច ?

អេសេគាល ៣៣:១៥–១៦ ។តើ​ខគម្ពីរ​ទាំងនេះ​បង្រៀន​យើង​អ្វីខ្លះ​អំពី​ការអភ័យទោស ដែល​យើង​អាច​ទទួល​បាន​តាមរយៈ​ព្រះយេស៊ូវ​គ្រីស្ទ ?

អេសេគាល ៣៦:២៦–២៧ ។សូម​បង្ហាញ​ដុំថ្ម​មួយចំនួន​ដល់​គ្រួសារ​របស់​បងប្អូន កាល​ដែល​បងប្អូន​ពិភាក្សា​ពី​អត្ថន័យ​នៃ​ការមាន « ចិត្ត​ដែល​រឹង​ដូច​ថ្ម » ។ ចូរ​ឲ្យ​ពួកគេ​ប្រាប់​ពាក្យ​ដែល​ពិពណ៌នា​អំពី​« ដួងចិត្តថ្មី » និង « វិញ្ញាណ​ថ្មី » ដែល​ព្រះអង្គ​សង្គ្រោះ​ប្រទាន​ដល់​យើង ( សូម​មើល ម៉ូសាយ ៣:១៩; ៥:២ ) ។

អេសេគាល ៣៧:១៥–២៨ ។សមាជិក​គ្រួសារ​អាច​រកបន្ទះ​ឈើ​ពីរ ហើយ​សរសេរ​នៅ​លើ​បន្ទះ​ឈើ​មួយ​ថា សម្រាប់​យូដា ( ព្រះគម្ពីរ​ប៊ីប ) និង​លើ​ឈើ​មួយ​ទៀត​ថា សម្រាប់​យ៉ូសែប ( ព្រះគម្ពីរមរមន ) ( សូមមើល ខទី ១៦–១៩ ) ។ បន្ទាប់មក ពួកគេ​អាច​ចែកចាយ​ដំណើររឿង ឬ​បទគម្ពីរ​ចេញពី​ព្រះគម្ពីរ​ប៊ីប និង​ព្រះគម្ពីរ​មរមន ដែល​អាច​ជួយ​ពួកគេ​ឲ្យ​មាន​អារម្មណ៍​កាន់តែ​ជិតស្និទ្ធ​នឹង​ព្រះអង្គ​សង្រ្គោះ ហើយ​ប្រែក្លាយ​ដូចជា « រាស្រ្ត [ របស់​ទ្រង់ ] » ( ខទី ២៣ ) ។

អេសេគាល ៤៧:១–១២ ។ខគម្ពីរ​នេះ​ពិពណ៌នា​ពី​ការនិមិត្ត​របស់​អេសេគាល ពី​ទឹក​ដែល​ហូរ​មកពី​ព្រះវិហារ​បរិសុទ្ធ ហើយ​ប្រោស​ដល់​សមុទ្រ​ក្ស័យ—ជា​សមុទ្រ​ដែល​មាន​ទឹក​ប្រៃ​ជា​ខ្លាំង រហូត​ដល់​គ្មាន​ត្រី និង​រុក្ខជាតិ​ណា​អាច​រស់​នៅក្នុង​សមុទ្រ​នេះ​បាន​ឡើយ ។ ក្មេងៗ​អាច​រីករាយ​នឹង​ការគូរ​គំនូរ​ពី​ការនិមិត្ត​នេះ ។ តើ​ទឹក​ដែល​ហូរ​ចេញ​ពី​ព្រះវិហារ​បរិសុទ្ធ​អាច​តំណាង​ឲ្យ​អ្វី​ខ្លះ ? ( សូមមើល​វីដេអូ « And the River Will Grow » នៅលើ​គេហទំព័រ ChurchofJesusChrist.org ) ។ តើ​ព្រះវិហារ​បរិសុទ្ធ​ជួយ​ដល់​យើង​យ៉ាង​ដូចម្តេច ? ( សូមមើល អេសេគាល ៤៧:៨–៩, ១១ ) ។

សម្រាប់​គំនិត​បន្ថែម​សម្រាប់​ការ​បង្រៀន​ដល់​កុមារ សូមមើល គម្រោង​មេរៀន​សប្តាហ៍​នេះ នៅក្នុងសៀវភៅ ចូរ​មក​តាម​ខ្ញុំ—សម្រាប់​អង្គការ​បឋមសិក្សា ។

ចម្រៀង​ដែល​លើក​ទឹកចិត្ត​ឲ្យប្រើ « បណ្តូលចិត្ត​របស់​អ្នក​គង្វាល » ទំនុក​តម្កើង ល.រ. ១៣៦ ។

ការកែលម្អ​ការបង្រៀន​របស់​យើង

កុំ​ព្យាយាម​បង្រៀន​អ្វីៗ​គ្រប់​យ៉ាង ។ បងប្អូន​ប្រហែល​ជា​មិន​អាច​រក​ឃើញ​សេចក្ដីពិត​ទាំងអស់​នៅក្នុង​គម្ពីរ​អេសេគាល ជាមួយ​គ្រួសារ​របស់​បងប្អូន​ឡើយ ។ សូម​ស្វែងរក​ការណែនាំ​ពី​ព្រះវិញ្ញាណ​ដើម្បី​កំណត់ថាតើ​ត្រូវ​ផ្តោត​លើ​អ្វី ។ ( សូមមើល ការបង្រៀន​តាម​របៀប​របស់​ព្រះអង្គ​សង្គ្រោះ ទំព័រ  ) ។

រូបភាព
រចនា​រូបភាព​អំពី​ទន្លេ​ហូរ​មកពី​ព្រះវិហារ​បរិសុទ្ធ

« នោះឃើញ​មាន​ទឹក​ចេញ​ពី​ក្រោម​មាត់​ទ្វារ​នៃ​ព្រះវិហារ ។… កន្លែង​ណា​ដែល​ទឹក​ទន្លេ​នេះ​ហូរ​ទៅ​ដល់ នោះ​គ្រប់​ទាំង​អស់​នឹង​រស់​នៅ » ( អេសេគាល ៤៧:១, ៩ ) ។ រូបភាព​ត្រូវបាន​ប្រើ​ក្រោម​អាជ្ញាប័ណ្ណ​ពី shutterstock.com ។