ព្រះគម្ពីរ​សញ្ញាចាស់ ឆ្នាំ ២០២២
ថ្ងៃទី ២៦ ខែ កញ្ញា–ថ្ងៃទី ២ ខែ តុលា ។ អេសាយ ៥០–៥៧ ៖ « ទ្រង់​បាន​ទ្រាំទ្ររង​អស់​ទាំង​សេចក្តី​ឈឺចាប់​របស់​យើង ហើយ​បាន​ទទួល​ផ្ទុក​អស់​ទាំង​សេចក្តី​ទុក្ខព្រួយ​របស់​យើង »


« ថ្ងៃទី ២៦ ខែ កញ្ញា–ថ្ងៃទី ២ ខែ តុលា ។ អេសាយ ៥០–៥៧ ៖ ‹ ទ្រង់​បាន​ទ្រាំទ្ររង​អស់​ទាំង​សេចក្តី​ឈឺចាប់​របស់​យើង ហើយ​បាន​ទទួល​ផ្ទុក​អស់​ទាំង​សេចក្តី​ទុក្ខព្រួយ​របស់​យើង › » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ ៖ ព្រះគម្ពីរ​សញ្ញា​ចាស់ ឆ្នាំ ២០២២ ( ឆ្នាំ ២០២១ )

« ថ្ងៃទី ២៦ ខែ កញ្ញា–ថ្ងៃទី ២ ខែ តុលា ។ អេសាយ ៥០–៥៧ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ ៖ ឆ្នាំ ២០២២

រូបភាព
ព្រះគ្រីស្ទ​គ្រង​មកុដ​បន្លា ហើយ​ទាហាន​សើចចំអក​ដាក់​ទ្រង់

ការចំអក​ដល់​ព្រះគ្រីស្ទ ដោយ ខាល ហេនរីក ប្លក់

ថ្ងៃទី ២៦ ខែ កញ្ញា–ថ្ងៃទី ២ ខែ តុលា

អេសាយ ៥០–៥៧

« ទ្រង់​បាន​ទ្រាំទ្ររង​អស់​ទាំង​សេចក្តី​ឈឺចាប់​របស់​យើង ហើយ​បាន​ទទួល​ផ្ទុក​អស់​ទាំង​សេចក្តី​ទុក្ខព្រួយ​របស់​យើង »

សូម​ពិចារណា​ការយល់​ដឹង​ចេញពី អេសាយ ៥០–៥៧ ដែល​ជួយ​បងប្អូន​ឲ្យ​ខិតកាន់​តែ​ជិត​ព្រះ​អង្គ​សង្រ្គោះ ។ សូម​កត់ត្រា​ចំណាប់​អារម្មណ៍​ដែល​បងប្អូន​មាន ។

កត់​ត្រា​ចំណាប់​អារម្មណ៍​របស់​បងប្អូន

នៅក្នុង​ការងារបម្រើ​របស់​លោក​ទាំងមូល អេសាយ បាន​និយាយ​អំពី​ព្រះរំដោះ​ដ៏​អស្ចារ្យ ( សូមមើល​ឧទាហរណ៍ អេសាយ ៩:៣–៧ ) ។ ការព្យាករ​ទាំងនេះ​ពិត​ជា​មាន​តម្លៃ​ណាស់​សម្រាប់​សាសន៍​អ៊ីស្រាអែល​រាប់​សតវត្សរ៍​ក្រោយមក ពេល​ពួកគេ​ជាប់​សេវកភាព​នៅ​បាប៊ីឡូន ។ នរណា​ម្នាក់​ដែល​អាច​ផ្តួល​រំលំ​កំពែង​ក្រុង​បាប៊ីឡូន​នឹង​ក្លាយ​ជា​អ្នក​ឈ្នះ​ដ៏​អស្ចារ្យ ។ ប៉ុន្តែ​នោះ​ពុំ​មែន​ជា​បែបផែន​នៃ​ព្រះមែស៊ី ដែល​អេសាយ​បាន​ពិពណ៌នា​នៅក្នុង ជំពូក ៥២–៥៣ នោះ​ទេ ៖ « ទ្រង់​ត្រូវ​គេ​មើលងាយ ហើយ​ត្រូវ​មនុស្ស​បោះបង់​ចោល ទ្រង់​ជា​មនុស្ស​ទូទុក្ខ ហើយ​ក៏​ធ្លាប់​ស្គាល់​សេចក្តី​ឈឺ​ចាប់ ទ្រង់​ត្រូវ​គេ​មើលងាយ ដូច​ជា​អ្នក​ណា​ដែល​មនុស្ស​គេច​មុខ​ចេញ ហើយ​យើង​រាល់​គ្នា​មិន​បាន​រាប់អាន​ទ្រង់​សោះ ។… យើង​រាល់​គ្នា​បាន​រាប់​ទ្រង់​ទុក​ជា​អ្នក​មាន​ទោស​វិញ គឺ​ជា​អ្នក​ដែល​ព្រះ​បាន​វាយ ជា​អ្នក​ដែល​រង​វេទនា » ( អេសាយ ៥៣:៣–៤ ) ។ តាមរយៈ​ការបញ្ជូន​អង្គ​រំដោះ​ដែល​មិន​បាន​រំពឹង​ទុក​ឲ្យ​យាង​មក ព្រះ​បាន​បង្រៀន​យើង​អំពី​ការរំដោះ​ពិត​ប្រាកដ ។ ដើម្បី​សង្រ្គោះ​យើង​ពី​ការសង្កត់សង្កិន និង​ទុក្ខវេទនា ព្រះ​បាន​ចាត់​អង្គ​ទ្រង់​ផ្ទាល់ « ទ្រង់​ត្រូវ​គេ​សង្កត់សង្កិន ហើយ​ធ្វើ​ទុក្ខ » ។ កាល​ដែល​មនុស្ស​មួយ​ចំនួន​រំពឹង​ថា​បាន​សត្វសិង្ហ ទ្រង់​បាន​បញ្ជូន​កូនចៀម​មក ( សូមមើល អេសាយ ៥៣:៧ ) ។ ពិតប្រាកដណាស់ របៀប​របស់​ព្រះ​គឺ​ពុំ​ដូចជា​របៀប​របស់​យើង​នោះទេ ( សូមមើល អេសាយ ៥៥:៨–៩ ) ។ ព្រះយេស៊ូវគ្រីស្ទ​ពុំមែន​រំដោះ​យើង​ដោយ​គ្រាន់​តែ​បើកទ្វារ​គុក​ប៉ុណ្ណោះទេ ប៉ុន្តែ ដោយ​ការ​ជំនួស​កន្លែង​យើង​នៅ​ទីនោះ​ផង​ដែរ ។ ទ្រង់​ធ្វើ​ឲ្យ​យើង​ធូរ​ស្បើយ​ពី​ច្រវ៉ាក់​នៃ​សេចក្ដី​ឈឺចាប់ និង​ភាព​សោកសៅ​របស់យើង​ដោយ​ទទួល​បន្ទុក​នោះ​ដោយ​ព្រះអង្គ​ផ្ទាល់ ( សូមមើល អេសាយ ៥៣:៤–៥, ១២ ) ។ ទ្រង់​មិន​បាន​សង្គ្រោះ​យើង​ពី​ចម្ងាយ​ឡើយ ។ ទ្រង់​បាន​រង​ទុក្ខ​ជាមួយ​នឹង​យើង ​នៅ​ក្នុង​ទង្វើ​នៃ « សេចក្ដី​សប្បុរស​ដ៏​នៅ​អស់កល្ប​ជានិច្ច » ដែល « នឹង​មិន​ដែល​ឃ្លាត​បាត់​ពី​ឯង​ឡើយ » ( អេសាយ ៥៤:៨, ១០ ) ។

រូបភាព
រូបសញ្ញា​ការសិក្សា​ផ្ទាល់ខ្លួន

គំនិត​យោបល់​សម្រាប់​ការសិក្សា​ព្រះគម្ពីរ​ផ្ទាល់ខ្លួន

អេសាយ ៥០–៥២

អនាគត​មាន​ភាព​ភ្លឺស្វាង​សម្រាប់​រាស្ត្រ​របស់​ព្រះអម្ចាស់ ។

ទោះជា​ពួកសាសន៍​អ៊ីស្រាអែល​បាន​ចំណាយពេលជា​ច្រើន​ឆ្នាំ​ជាប់​ក្នុង​សេវកភាព​ក្ដី—ហើយ​ទោះ​ជា​សេវកភាព​នោះ​គឺជា​លទ្ធផល​នៃ​ការ​ជ្រើស​រើស​មិន​ល្អ​របស់​ពួកគេ​ផ្ទាល់​ក្ដី—ក៏​ព្រះអម្ចាស់​សព្វ​ព្រះទ័យ​ឲ្យ​ពួកគេ​មើល​ទៅ​អនាគត​ដោយ​សេចក្ដី​សង្ឃឹម​ដែរ ។ តើ​បងប្អូន​រកឃើញ​សារលិខិត​ដ៏​មាន​សង្ឃឹម​អ្វីខ្លះ​នៅ​ក្នុង អេសាយ ៥០–៥២ ? តើ​ព្រះអម្ចាស់​បង្រៀន​យើង​អ្វីខ្លះ​អំពី​អង្គ​ទ្រង់​នៅ​ក្នុង​ជំពូក​ទាំង​នេះ ហើយ​ហេតុអ្វី​បាន​ជា​រឿង​នេះ​ផ្ដល់​សេចក្ដី​សង្ឃឹម​ដល់​បងប្អូន ? ( សូមមើល​ឧទាហរណ៍ អេសាយ ៥០:២, ៥–៩; ៥១:៣–៨, ១៥–១៦; ៥២:៣, ៩–១០ ) ។

បងប្អូន​ក៏​អាច​សរសេរ​អ្វីៗ​នៅ​ក្នុង ជំពូក ៥១–៥២ ដែល​ព្រះអម្ចាស់​អញ្ជើញ​អ៊ីស្រាអែល​ឲ្យ​ធ្វើ ដើម្បី​ឲ្យ​អនាគត​ដែល​ប្រាថ្នា​នេះ​ក្លាយ​ជា​ការ​ពិត ។ តើ​បងប្អូន​គិត​ថា ព្រះអម្ចាស់​កំពុង​អញ្ជើញ​បងប្អូន​ឲ្យ​ធ្វើ​អ្វីខ្លះ​តាមរយៈ​ពាក្យ​ពេចន៍​ទាំង​នេះ ? ឧទាហរណ៍ តើ​បងប្អូន​គិត​ថា​ការ « តើន​ឡើង » និង​ការ « ពាក់ជា​ឥទ្ធិឫទ្ធិ » មានន័យ​ដូចម្ដេច ? ( អេសាយ ៥១:៩; សូមមើល​ផង​ដែរ អេសាយ ៥២:១; គោលលទ្ធិ និង សេចក្ដីសញ្ញា ១១៣:៧–១០ ) ។ ហេតុអ្វី​បងប្អូន​គិត​ថា​ការ​អញ្ជើញ​ឲ្យ « ប្រុង​ស្ដាប់ » ( ឬ​ស្ដាប់​ដោយ​មាន​ចេតនា​គោរព​តាម » ) ត្រូវ​បាន​ធ្វើ​ឡើង​ម្ដង​ហើយ​ម្ដង​ទៀត​ជា​ញឹកញាប់ ? ( រ័សុល អិម ណិលសុន « Hear Him » Liahona ខែ ឧសភា ឆ្នាំ ២០២០ ទំព័រ ៨៩ ) ។

សូមមើល​ផង​ដែរ ម៉ូសាយ ១២:២០–២៤; ១៥:១៣–១៨; នីហ្វៃទី​៣ ២០:២៩–៤៦ ។

រូបភាព
រូបចម្លាក់​ព្រះគ្រីស្ទ​លី​ឈើឆ្កាង

ដោយសារ​តែ​សេចក្ដីស្រឡាញ់ ដោយ​ជាង​ចម្លាក់ អេនជេឡា ចនសុន

អេសាយ ៥៣

ព្រះយេស៊ូវ​គ្រីស្ទ​បាន​លើក​ដាក់​មក​លើ​អង្គ​ទ្រង់​នូវ​អំពើបាប និង​ភាព​សោកសៅ​របស់​ខ្ញុំ ។

មាន​ជំពូក​មួយ​ចំនួន​នៅ​ក្នុង​បទគម្ពីរ​ពិពណ៌នា​អំពី​បេសកកម្ម​ប្រោសលោះ​របស់​ព្រះយេស៊ូវ​គ្រីស្ទ​បាន​យ៉ាង​ក្បោះក្បាយ​ជាង អេសាយ ៥៣ ។ សូម​ចំណាយពេល​ពិចារណា​ពាក្យ​ពេចន៍​ទាំង​នេះ ។ នៅក្នុង​ខគម្ពីរ​នីមួយៗ សូម​ផ្អាក​ដើម្បី​សញ្ជឹង​គិត​ពី​អ្វី​ដែល​ព្រះអម្ចាស់​បាន​រងទុក្ខ—« ការ​ឈឺចាប់ » « ភាព​សោកសៅ » និង « អំពើរំលង » ដែល​ទ្រង់​បាន​ទ្រាំទ្រ—សម្រាប់​មនុស្ស​គ្រប់​រូប ហើយ​ជាពិសេស​សម្រាប់​បងប្អូន ។ បងប្អូន​អាច​ជំនួស​ពាក្យ​ដូចជា « យើង » និង « របស់​យើង » ជាមួយ​នឹង​ពាក្យ « ខ្ញុំ » និង « របស់​ខ្ញុំ » នៅពេល​បងប្អូន​អាន ។ តើ​ខគម្ពីរ​ទាំង​នេះ​បំផុស​គំនិត​បងប្អូន​ឲ្យ​មាន​អារម្មណ៍ ឬ​គំនិត​អ្វីខ្លះ ? សូមពិចារណា​កត់ត្រា​វា​ទុក ។

បងប្អូន​គួរ​រំឭក ម៉ូសាយ ១៤; ១៥:១–១៣ ដើម្បី​មើល​ឃើញ​ពី​របៀប​ដែល​ព្យាការី អ័ប៊ីណាដៃ បាន​ប្រើ​ពាក្យ​ពេចន៍​របស់​អេសាយ​ដើម្បី​បង្រៀន​អំពី​ព្រះអង្គ​សង្គ្រោះ ។

អេសាយ ៥៤; ៥៧:១៥–១៩

ព្រះយេស៊ូវគ្រីស្ទ​សព្វព្រះទ័យ​ឲ្យ​ខ្ញុំ​ត្រឡប់​ទៅ​រក​ទ្រង់​វិញ ។

យើង​ទាំងអស់​គ្នា​ធ្លាប់​ដកពិសោធន៍​នូវ​អារម្មណ៍​នៃ​ការ​ឃ្លាត​ឆ្ងាយ​ពី​ព្រះអម្ចាស់ ដោយសារ​តែ​អំពើបាប ឬ​ភាព​ទន់ខ្សោយ​របស់​យើង ។ មនុស្ស​មួយ​ចំនួន​ថែមទាំង​បោះបង់​ចោល​សេចក្ដី​សង្ឃឹម​ថា ទ្រង់​នឹង​អភ័យទោស​ដល់​ពួកគេ​ជានិច្ច​ទៀតផង ។ អេសាយ ៥៤ និង ៥៧ គឺជា​ជំពូក​ដ៏​អស្ចារ្យ​ដើម្បី​អាន​ការបញ្ជាក់ និង​ការលើក​ទឹកចិត្ត​នៅ​គ្រា​បែប​នេះ ។ ជាពិសេស​នៅ​ក្នុង អេសាយ ៥៤:៤–១០; ៥៧:១៥–១៩ តើ​បងប្អូន​រៀនអ្វីខ្លះ​អំពី​សេចក្ដី​មេត្តា​ករុណា​របស់​ព្រះអង្គ​សង្គ្រោះ និង​ព្រះទ័យ​របស់​ទ្រង់​ចំពោះ​បងប្អូន ? តើ​វា​បាន​ធ្វើ​ឲ្យ​មាន​ភាព​ខុស​ប្លែក​អ្វីខ្លះ​នៅ​ក្នុង​ជីវិត​របស់​បងប្អូន​ដើម្បី​ដឹង​រឿង​ទាំង​នេះ​អំពី​ទ្រង់ ?

តើ​ពរជ័យ​ដែល​បាន​ពិពណ៌នា​នៅ​ក្នុង អេសាយ ៥៤:១១–១៧ អនុវត្ដ​​ចំពោះ​បងប្អូន​តាម​របៀប​ណា ?

អេសាយ ៥៥–៥៦

ព្រះអម្ចាស់​អញ្ជើញ​មនុស្ស​ទាំងអស់​ឲ្យ « កាន់​ខ្ជាប់​តាម​សេចក្តី​សញ្ញា​របស់​ទ្រង់ » ។

អស់​ជាច្រើន​ជំនាន់​មកហើយ សាសន៍​អ៊ីស្រាអែល​ត្រូវបាន​ស្គាល់​ថា​ជា​រាស្រ្ត​នៃ​សេចក្តីសញ្ញា​របស់​ព្រះ ។ ទោះជាយ៉ាងណា ផែនការ​របស់ព្រះ​តែងតែ​រួមបញ្ចូល​ច្រើនជាង​ជាតិសាសន៍​តែ​មួយ ដោយសារ « អស់​អ្នក​ដែល​ស្រេក » ត្រូវបាន​អញ្ជើញ​ឲ្យ « ចូរមក … ទីទឹក​ចុះ » ( អេសាយ ៥៥:១ ) ។ សូម​ចាំ​រឿង​នេះ​ក្នុង​ចិត្ត កាល​បងប្អូន​អាន អេសាយ ៥៥ និង ៥៦ ហើយ​សញ្ជឹងគិត​ពី​អត្ថន័យ​នៃ​ការធ្វើ​ជា​រាស្រ្ត​របស់​ព្រះ ។ តើ​ព្រះ​មាន​សារលិខិត​អ្វីខ្លះ ចំពោះ​អស់អ្នក​ដែល​មាន​អារម្មណ៍​ថា « ញែក … ចេញ » ពី​ទ្រង់ ? ( អេសាយ ៥៦:៣ ) ។ សូម​ពិចារណា​គូសចំណាំ​ខគម្ពីរ​ទាំងឡាយ​ដែល​ពិពណ៌នា​ពី​បុគ្គលិកលក្ខណៈ និង​សកម្មភាព​នៃ​អស់​អ្នក​ដែល « កាន់​ខ្ជាប់​តាម​សេចក្តី​សញ្ញា​របស់​ទ្រង់ » ( សូមមើល អេសាយ ៥៦:៤–៧ ) ។

រូបភាព
រូបសញ្ញា​ការសិក្សា​ជា​គ្រួសារ

គំនិត​យោបល់​សម្រាប់​ការសិក្សា​ព្រះគម្ពីរ​ជា​គ្រួសារ និង​រាត្រី​ជួបជុំ​ក្នុង​គ្រួសារ

អេសាយ ៥១–៥២ ។កាលណា​បងប្អូន​ពិភាក្សា​ពី​ការអញ្ជើញ​របស់​ព្រះអម្ចាស់​នៅក្នុង​ជំពូក​ទាំងនេះ បងប្អូន​អាច​អញ្ជើញ​សមាជិក​គ្រួសារ​ឲ្យ​ធ្វើ​តាម​ការអញ្ជើញ​ទាំងនេះ ។ ឧទាហរណ៍ តើ​វា​មាន​សភាព​បែបណា​ដើម្បី « ងើយ​ភ្នែក​មើល​ទៅ​លើ​មេឃ » « ភ្ញាក់​ឡើង ចូរ​ភ្ញាក់​ឈរ​ឡើង​ចុះ » ឬ « រលាស់​ធូលី​ដី​ពី​ឯង​ចេញ » ? ( អេសាយ ៥១:៦, ១៧; ៥២:២ ) ។ តើ​ឃ្លា​នេះ​បង្រៀន​យើង​អ្វី​ខ្លះ​អំពី​ការធ្វើតាម​ព្រះយេស៊ូវគ្រីស្ទ ?

អេសាយ ៥២:៩ ។បន្ទាប់ពី​អាន​ខគម្ពីរ​នេះ​ហើយ ក្រុមគ្រួសារ​របស់​បងប្អូន​អាច « ច្រៀង​ជាមួយគ្នា » នូវ​បទចម្រៀង​ពីក្នុង​ទំនុកតម្កើង ឬ​សៀវភៅ​ចម្រៀង​កុមារ​ដែល​ធ្វើ​ឲ្យ​ពួកគេ​រីករាយ ។ តើ​សេចក្តី​សន្យា​អ្វី​នៅក្នុង អេសាយ ៥២ ដែល​បណ្តាល​ឲ្យ​យើង « ធ្លាយ​ចេញ​ដោយ​សេចក្តី​អំណរ » ?

អេសាយ ៥២:១១; ៥៥:៧ ។ខគម្ពីរ​ទាំងនេះ​អាច​នាំ​ឲ្យ​មាន​ការពិភាក្សា​អំពី​អត្ថន័យ​នៃ​ឃ្លា « ចូរ​ញែក​ខ្លួន​ចេញ​ជា​ស្អាត​ចុះ » ។ ជា​ផ្នែក​មួយ​នៃ​ការពិភាក្សា​នេះ បងប្អូន​អាច​មើល​ប្រធានបទ​នៅក្នុង ដើម្បី​កម្លាំង​នៃ​យុវជន ( កូនសៀវភៅ ឆ្នាំ ២០១១ ) ឬ​អាន​បទគម្ពីរ​អំពី​ពរជ័យ​នៃ​ការស្អាត​ខាងវិញ្ញាណ ( សូមមើល នីហ្វៃទី៣ ១២:៨; គោលលទ្ធិ និង សេចក្ដី​សញ្ញា ១២១:៤៥–៤៦ ) ។

អេសាយ ៥៣ ។ដើម្បី​ណែនាំ​ពី​ការពិពណ៌នា​របស់​អេសាយ ស្ដីពី​ព្រះអង្គ​សង្រ្គោះ ក្រុមគ្រួសារ​របស់​បងប្អូន​អាច​និយាយ​អំពី​របៀប​ដែល​ដំណើររឿង វីដេអូ និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ផ្សេងទៀត ដែល​ជា​រឿយៗ​ពិពណ៌នា​អំពី​វីរបុរស​ដែល​ជួយ​សង្គ្រោះ​មនុស្ស ។ បងប្អូន​អាច​ប្រៀបធៀប​ការរៀបរាប់​ទាំង​នោះ​ជាមួយ​ការពិពណ៌នា​របស់​ព្រះ​អង្គសង្គ្រោះ​ដែល​បងប្អូន​បាន​អាន​នៅក្នុង អេសាយ ៥៣ ។ បងប្អូន​អាច​មើល​វីដេអូ « My Kingdom Is Not of This World » ( នៅលើ​គេហទំព័រ ChurchofJesusChrist.org ) និង​សុន្ទរកថា​អំពី​របៀប​ដែល​ការព្យាករ​នៅក្នុង អេសាយ ៥៣ ត្រូវបាន​បំពេញ ។ តើ​ទុក្ខព្រួយ និង​ការ​សោកសៅ​មួយ​ចំនួន​ដែល​ព្រះអង្គ​សង្គ្រោះ​ទទួល​ជំនួស​យើង​មាន​អ្វីខ្លះ ?

អេសាយ ៥៥:៨–៩ ។តើ​អ្វីៗ​មាន​លក្ខណៈ​ខុសគ្នា​យ៉ាង​ដូចម្តេច នៅ​ពេល​បងប្អូន​ឈរនៅ​ទី​ខ្ពស់​ជាង​ដីរាប ? តើ​វា​មាន​អត្ថន័យ​យ៉ាង​ដូចម្តេច​ចំពោះ​បងប្អូន​ដែល​ថា មាគ៌ា និង​ព្រះតំរិះ​របស់​ព្រះ​ខ្ពស់​ជាង​គំនិត​របស់​យើង ?

សម្រាប់​គំនិត​បន្ថែម​សម្រាប់​ការ​បង្រៀន​ដល់​កុមារ សូមមើល គម្រោង​មេរៀន​សប្តាហ៍​នេះ នៅក្នុងសៀវភៅ ចូរ​មក​តាម​ខ្ញុំ—សម្រាប់​អង្គការ​បឋមសិក្សា ។

ចម្រៀង​ដែល​លើក​ទឹកចិត្ត​ឲ្យ​ប្រើ ៖ « ខ្ញុំ​ឆ្ងល់​យ៉ាង​អស្ចារ្យ » ទំនុក​តម្កើង ល.រ. ១១៥ ។

ការកែលម្អ​ដល់​ការសិក្សា​ផ្ទាល់​ខ្លួន

ប្រើប្រាស់​តន្ត្រី ។ ទំនុកតម្កើង​បង្រៀន​ពី​គោលការណ៍​ដំណឹងល្អ​យ៉ាង​មាន​អានុភាព ។ សូម​ពិចារណា​ស្តាប់ ឬ​អាន​ទំនុកតម្កើង​សាក្រាម៉ង់ ដើម្បី​ជួយ​បងប្អូន​ឲ្យ​យល់​ពី​សេចក្តីពិត​អំពី​ដង្វាយ​ធួន​របស់​ព្រះ​យេស៊ូវគ្រីស្ទ ដែល​បាន​បង្រៀន​នៅក្នុង អេសាយ ៥៣ ។ ( សូម​មើល ការបង្រៀន​តាម​របៀប​របស់​ព្រះអង្គ​សង្គ្រោះ ទំព័រ ២២ ) ។

រូបភាព
រូបភាព​ព្រះគ្រីស្ទ

ពន្លឺ​របស់​ទ្រង់ ដោយ ម៉ៃគល ធី ម៉លម៍