ព្រះគម្ពីរ​សញ្ញាចាស់ ឆ្នាំ ២០២២
ថ្ងៃទី ១៩–២៥ ខែ កញ្ញា ។ អេសាយ ៤០–៤៩ ៖ « ចូរ​កម្សាន្ត​ទុក្ខ​រាស្ត្រ​យើង​ចុះ »


« ថ្ងៃទី ១៩–២៥ ខែ កញ្ញា ។ អេសាយ ៤០–៤៩ ៖ ‹ ចូរ​កម្សាន្ត​ទុក្ខ​រាស្ត្រ​យើង​ចុះ › » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ ៖ ព្រះគម្ពីរ​សញ្ញា​ចាស់ ឆ្នាំ ២០២២ ( ឆ្នាំ ២០២១ )

« ថ្ងៃទី ១៩–២៥ ខែ កញ្ញា ។ អេសាយ ៤០–៤៩ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ ៖ ឆ្នាំ ២០២២

រូបភាព
ព្រះយេស៊ូវ​កំពុង​ព្យាបាល​មនុស្ស​ខ្វាក់

ការ​ព្យាបាល​មនុស្ស​ខ្វាក់ ដោយ ខាល ហេនរីក ប្លក់

ថ្ងៃទី ១៩–២៥ ខែ កញ្ញា

អេសាយ ៤០–៤៩

« ចូរ​កម្សាន្ត​ទុក្ខ​រាស្ត្រ​យើង​ចុះ »

ជារឿយៗ អេសាយ​បាន​ប្រើ​ភាសា​ដែល​មាន​និមិត្ត​សញ្ញា ។ សូម​យកចិត្ត​ទុកដាក់​ទៅលើ​គំនិត និង​អារម្មណ៍ ដែល​និមិត្ត​សញ្ញា​ទាំងនោះ​នាំឲ្យ​មាន​ក្នុង​ចិត្ត និង​គំនិត​របស់​បងប្អូន ។ ការធ្វើ​បែប​នេះ​អាច​ជួយ​បងប្អូន​ឲ្យ​យល់​ពីអ្វី​ដែល​លោក​បាន​បង្រៀន​កាន់តែ​ប្រសើរ ។

កត់​ត្រា​ចំណាប់​អារម្មណ៍​របស់​បងប្អូន

« កំសាន្តទុក » គឺជា​ពាក្យ​ដំបូង​របស់​អេសាយ​នៅក្នុង ជំពូក ៤០ ។ វា​គូស​ចំណាំ​ពី​ការ​ចាប់ផ្ដើម​នៃ​សូរសព្ទ​ខុស​គ្នា​មួយ ជា​ការ​គូសបញ្ជាក់​ខុស​គ្នា​មួយ​នៅ​ក្នុង​សារលិខិត​របស់​ព្យាការី​រូប​នេះ ។ នៅកន្លែង​ដែល​ការសរសេរ​ពីមុន​មក​របស់​អេសាយ​បាន​ព្រមាន​សាសន៍​អ៊ីស្រាអែល និង​សាសន៍​យូដា​អំពី​ការបំផ្លិច​បំផ្លាញ និង​សេវកភាព​ដែល​នឹង​មក​ដល់​ដោយសារ​តែ​អំពើបាប​របស់​ពួកគេ នោះ​ការព្យាករ​នៅ​ថ្ងៃ​ចុង​ក្រោយ​ទាំង​នេះ​គឺ​មានន័យ​ដើម្បី​លួងលោម​ចិត្ត​ពួកសាសន៍​យូដា​ជាង ១៥០ ឆ្នាំ​នាពេលអនាគត—បន្ទាប់ពី​ក្រុងយេរូសាឡិម​ត្រូវ​បាន​បំផ្លាញ​ចោល ព្រះវិហារបរិសុទ្ធ​ត្រូវ​បាន​គេ​ប្រមាថ ហើយ​ប្រជាជន​នោះ​ត្រូវ​បាន​ចាប់​ជាឈ្លើយ​ដោយ​ក្រុង​បាប៊ីឡូន ។ ប៉ុន្តែ​ការព្យាករ​ទាំងនេះ​ឈោង​ទៅ​កាន់​តែ​ឆ្ងាយ​នាពេល​អនាគត មិន​មែន​គ្រាន់តែ​ទៅដល់​ពួក​សាសន៍​អ៊ីស្រាអែល​ដែល​បាន​ចាញ់ និង​បាក់​ទឹកចិត្ត​ប៉ុណ្ណោះទេ ។ ការព្យាករ​ទាំង​នេះ​និយាយ​មក​កាន់​យើង ដែល​ពេល​ខ្លះ​មាន​អារម្មណ៍​ចុះចាញ់ បាក់ទឹកចិត្ត និង​អស់សង្ឃឹម​ផង​ដែរ ។

សារលិខិត​របស់​អេសាយ​ចំពោះ​ពួកគេ និង​ចំពោះ​យើង​គឺ​សាមញ្ញ ៖ « កុំឲ្យ​ខ្លាច​ឡើយ » ( អេសាយ ៤៣:១ ) ។ អ្វីគ្រប់យ៉ាង​ពុំវិនាសបង់​ឡើយ ។ ព្រះអម្ចាស់ពុំ​បាន​បំភ្លេច​បងប្អូនឡើយ ហើយ​ទ្រង់​មាន​ព្រះចេស្ដា​គ្រប់​គ្រង​ស្ថានភាព​ដែល​បងប្អូន​ប្រហែល​ជា​មិន​អាច​គ្រប់គ្រង​បាន ។ តើ​ព្រះអម្ចាស់​ពុំមែន « ជា​ព្រះ​ដែល​បាន​បង្កើត​អស់​ទាំង​ជាន់​ផ្ទៃ​មេឃ ហើយ … គឺ​ជា​ព្រះ​ដែល​បាន​ក្រាល​ផែនដី និង … គឺ​ព្រះអង្គ​ដែល​ប្រទាន​ឲ្យ​ប្រជាជាតិ​ទាំង​ប៉ុន្មាន​នៅ​ផែនដី​មាន​ដង្ហើម » ទេឬអី ? ( អេសាយ ៤២:៥ ) ។ តើ​ទ្រង់ពុំមាន​ព្រះចេស្ដា​ខ្លាំង​ជាង​ក្រុង​បាប៊ីឡូន ជាង​អំពើបាប ជាង​អ្វីៗ​ដែល​កំពុង​ចាប់ចង​បងប្អូន​ទេឬអី ? ទ្រង់​មានបន្ទូល​អង្វរ​ថា « ចូរ​វិលមក​ឯយើង​វិញ ពីព្រោះ​យើង​បាន​លោះ​ឯងហើយ » ( អេសាយ ៤៤:២២ ) ។ ទ្រង់​អាច​ព្យាបាល ស្ដារ ពង្រឹង អភ័យទោស និង​លួងលោម​ចិត្ត—នៅក្នុង​ករណី​របស់​បងប្អូន មិន​ថា​អ្វីក៏​ដោយ​ដែល​ចាំបាច់​ដើម្បី​ឲ្យ​បងប្អូន​ទទួល​បាន​ការប្រោសលោះ ។

ដើម្បី​រៀន​ពីរបៀប​ដែល​នីហ្វៃ និង​យ៉ាកុប​បាន​ប្រដូច អេសាយ ៤៨–៤៩ ទៅ​នឹង​ប្រជាជន​របស់​ពួកលោក សូមមើល នីហ្វៃ​ទី​១ ២២ និង នីហ្វៃទី​២ ៦ ។

រូបភាព
រូបសញ្ញា​ការសិក្សា​ផ្ទាល់ខ្លួន

គំនិត​យោបល់​សម្រាប់​ការសិក្សា​ព្រះគម្ពីរ​ផ្ទាល់ខ្លួន

អេសាយ ៤០–៤៩

ព្រះយេស៊ូវគ្រីស្ទ​អាច​លួងលោម​ចិត្ត​ខ្ញុំ និង​ប្រទាន​សេចក្ដី​សង្ឃឹម​ដល់ខ្ញុំ ។

វាច្បាស់ជារឿង​គួរឲ្យ​បាក់ទឹកចិត្ត និង​គួរ​ឲ្យ​ខ្លោច​ផ្សា​ណាស់​សម្រាប់​សាសន៍​អ៊ីស្រាអែល​ដែល​បាន​ឃើញ​ថា ពួកគេ​ជាប់​សេវកភាព​នៅ​ក្រុង​បាប៊ីឡូន ។ ប្រហែល​ជា​មាន​មនុស្ស​ជាច្រើន​ងឿង​ឆ្ងល់​ថា តើ​ពួកគេ​បាន​បាត់បង់​នូវ​កន្លែង​របស់​ពួកគេ​ជា​រាស្ត្រ​នៃ​សេចក្ដី​សញ្ញា​ដ៏​ជម្រើស​របស់​ព្រះ​ដែរ​ឬទេ ។ នៅពេល​បងប្អូន​អាន អេសាយ ៤០–៤៩ សូម​រក​មើល​វគ្គ​បទគម្ពីរ​ដែល​អាច​ផ្ដល់​ការ​លួង​លោម​ចិត្ត និង​សេចក្ដីសង្ឃឹម ។ ចំពោះ​វគ្គ​បទ​គម្ពីរ​នីមួយៗ​ដែល​បងប្អូន​រក​ឃើញ សូម​ពិចារណា និង​កត់ត្រា​នូវ​អ្វី​ដែល​ព្រះអម្ចាស់​អាច​នឹង​មាន​បន្ទូល​ទៅ​កាន់ បងប្អូន នៅក្នុង​ខគម្ពីរ​ទាំង​នេះ ។ នេះ​គឺ​ជា​ខគម្ពីរ​មួយ​ចំនួន​ដែល​បងប្អូន​អាច​ចាប់ផ្ដើម​បាន ៖

តើ​បងប្អូន​អាច​ចែកចាយ​សារលិខិត​ទាំង​នេះ​ជាមួយ​នឹង​មនុស្ស​ម្នាក់​ដែល​ត្រូវការ​ការ​លើក​ទឹកចិត្ត ឬ​សេចក្ដី​សង្ឃឹម​តាម​របៀប​ណា ? ( សូមមើល អេសាយ ៤០:១–២ ) ។

សូមមើល​ផង​ដែរ ជែហ្វ្រី អ័រ ហូឡិន « A Perfect Brightness of Hope » EnsignLiahona ខែ ឧសភា ឆ្នាំ ២០២០ ទំព័រ ៨១–៨៤ ។

រូបភាព
ទន្លេ​នៅក្នុង​ព្រៃ

តាមរយៈ​ការ​គោរព​ប្រតិបត្តិ​ដល់​ព្រះ យើង​អាច​មាន « សេចក្តី​សុខ … ដូច​ជា​ទន្លេ » ( អេសាយ ៤៨:១៨ ) ។

អេសាយ ៤០:៣–៨, ១៥–២៣; ៤២:១៥–១៦; ៤៧:៧–១១

ព្រះចេស្តា​របស់​ព្រះ​គឺ​មហិមា​ជាង​អំណាច​ខាង​លោកិយ ។

អេសាយ​បាន​រំឭក​ប្រជាជន​របស់​លោក​ម្ដង​ហើយ​ម្ដង​ទៀត​អំពី​ព្រះចេស្ដា​ដ៏​មហិមា​របស់​ព្រះ ថែមទាំង​បាន​ប្រៀបធៀប​ទៅ​នឹង​អំណាច​ខាង​លោកិយ​ដែល​ហ៊ុម​ព័ទ្ធ​ពួកគេ​ផង​ដែរ ។ សូម​រក​មើល​សារលិខិត​នេះ នៅពេល​បងប្អូន​អាន អេសាយ ៤០:៣–៨, ១៥–២៣; ៤២:១៥–១៦ និង ៤៧:៧–១១ ( សូម​កត់ចំណាំ​ថា ជំពូក ៤៧ ត្រូវ​បាន​លើកឡើង​ទៅ​កាន់​អ្នក​ចាប់​បង្ខាំង​សាសន៍​អ៊ីស្រាអែល គឺ​ក្រុង​បាប៊ីឡូន ) ។ តើ​វគ្គ​ទាំង​នេះ​បង្រៀន​បងប្អូន​អ្វី​ខ្លះ​អំពី​រឿង​ខាង​លោកិយ ? តើ​វគ្គ​ទាំងនេះ​បង្រៀន​បងប្អូន​អ្វី​ខ្លះ​អំពី​ព្រះ ? សូមពិចារណា​ពី​ហេតុផល​ដែល​សារលិខិត​នេះ​អាច​មាន​តម្លៃ​ចំពោះ​សាសន៍​យូដា​ដែល​ជាប់​ក្នុង​សេវកភាព ។ ហេតុអ្វី​បាន​ជា​វា​មាន​តម្លៃ​ចំពោះ​បងប្អូន ?

សូម​មើល​ផង​ដែរ​បទ « សូម​គង់​នឹង​ខ្ញុំ ! » ទំនុកតម្កើង ល.រ. ៩៨ ។

អេសាយ ៤១:៨–១៣; ៤២:១–៧; ៤៣:៩–១២; ៤៤:២១–២៨; ៤៥:១–៤; ៤៨:១០; ៤៩:១–៩

« ឯង…ជា​អ្នក​បម្រើ​យើង​អើយ » ។

ចាប់ពី អេសាយ ៤០–៤៩ ព្រះអម្ចាស់​បាន​មាន​បន្ទូល​ទៅកាន់ « អ្នកបម្រើ » និង « ស្មរ​បន្ទាល់ » របស់ទ្រង់ ។ នៅក្នុង​វគ្គបទ​គម្ពីរ​មួយ​ចំនួន ពាក្យ​ទាំងនេះ​ហាក់​ដូចជា​ចង់​និយាយ​ពី​ព្រះ​យេស៊ូវគ្រីស្ទ ( សូមមើល អេសាយ ៤២:១–៧ ) បទគម្ពីរ​ខ្លះទៀត​និយាយអំពី​វង្ស​អ៊ីស្រាអែល ( សូមមើល អេសាយ ៤៥:៤ ) ហើយ​ប៉ុន្តែ​បទគម្ពីរ​ដទៃទៀត​ចង់​និយាយ​ពី​ស្តេច​ស៊ីរូស ដែល​ទ្រង់​បាន​ព្រះ​រាជានុញ្ញាត​ឲ្យ​ពួកសាសន៍​យូដា ត្រឡប់ទៅ​ក្រុង​យេរូសាឡិម​វិញ ហើយ​សាងសង់​ព្រះវិហារ​បរិសុទ្ធ​ឡើងវិញ ( សូមមើល ៤៤:២៦–៤៥:៤ ) ។ ទោះជា​យ៉ាងណា នៅក្នុង​ករណី​នីមួយៗ បងប្អូន​ក៏អាច​ពិចារណា​ពី​របៀប​ដែល​វគ្គ​បទគម្ពីរ​ទាំងនេះ​អនុវត្ត​ចំពោះ​បងប្អូន​ដែល​ជា​អ្នក​បម្រើ និង​ជា​ស្មរបន្ទាល់​នៃ​ព្រះអម្ចាស់​ផងដែរ ។ ឧទាហរណ៍ សូម​ពិចារណា​សំណួរ​បែបនេះ ៖

អេសាយ ៤១:៨–១៣; ៤២:៦; ៤៤:២១ ។ តើ​ព្រះអម្ចាស់​បាន​ហៅ​បងប្អូន​ឲ្យ​ធ្វើ​អ្វី ? សូម​ពិចារណា​ពី​ការហៅ​ទូទៅ​ជាផ្លូវការ​ក្នុង​សាសនាចក្រ ក៏​ដូចជា​ទំនួលខុស​ត្រូវ​ផ្សេងទៀត​ក្នុង​សេចក្តីសញ្ញា​ដើម្បី​បម្រើ​ទ្រង់​ផងដែរ ។ តើ​ទ្រង់​ជួយ​គាំទ្រ​ដល់​បងប្អូន និង « កាន់ដៃ [ បងប្អូន ] » ( អេសាយ ៤២:៦ ) កាល​ដែល​បងប្អូន​បម្រើ​ដោយ​របៀប​ណា ? តើ​ទ្រង់ « បាន​រើស​តាំង » បងប្អូន​ដើម្បី​ធ្វើ​ជា​អ្នកបម្រើ​ទ្រង់​ដោយ​របៀបណា ? ( សូមមើល​ផងដែរ អេសាយ ៤៨:១០ ) ។

អេសាយ ៤៣:៩–១២ ។ តើ​បងប្អូន​ជា​ស្មរបន្ទាល់​អំពី​ព្រះ​យេស៊ូវគ្រីស្ទ​ក្នុង​ន័យ​បែបណា ? តើ​បទ​ពិសោធន៍​អ្វីខ្លះ​នៅ​ក្នុង​ជីវិត​របស់​បងប្អូន​ដែល​បាន​បង្ហាញ​បងប្អូន​ថា ទ្រង់​ជា​ព្រះអង្គ​សង្រ្គោះ ?

អេសាយ ៤៩:១–៩ ។ តើ​បងប្អូន​រកឃើញ​សារលិខិត​អ្វីខ្លះ នៅក្នុង​ខគម្ពីរ​ទាំងនេះ​ដែល​អាច​ជួយ នៅពេល​ដែល​ការខិតខំ និង​ការបម្រើ​របស់​បងប្អូន​ហាក់​ដូចជា « ទទេៗ​ជា​អសារ​ឥត​ការ » ? ( ខទី ៤ ) ។

សូមមើល​ផងដែរ ម៉ូសាយ ១៨:៩; ហិនរី ប៊ី អាវរិង « A Child and a Disciple » EnsignLiahona ខែ ឧសភា ឆ្នាំ ២០០៣ ទំព័រ ២៩–៣២ ។

រូបភាព
រូបសញ្ញា​ការសិក្សា​ជា​គ្រួសារ

គំនិត​យោបល់​សម្រាប់​ការសិក្សា​ព្រះគម្ពីរ​ជា​គ្រួសារ និង​រាត្រី​ជួបជុំ​ក្នុង​គ្រួសារ

អេសាយ ៤០:៣–៤ ។ដើម្បី​ស្វែងយល់​ថា​តើ​វា​មាន​អត្ថន័យ​យ៉ាងណា​ក្នុងការ « រៀបចំផ្លូវ … ទទួល​ព្រះ​យេហូវ៉ា » ក្រុមគ្រួសារ​របស់​បងប្អូន​អាច​តម្រង់​អ្វី​មួយ​ដែល​កោង​ឲ្យ​ត្រង់​វិញ សម្អាត​ឥដ្ឋ​ដែល​រាយប៉ាយ​ឲ្យ​មាន​សណ្តាប់ធ្នាប់ ឬ​សម្អាត​ផ្លូវ​ដែល​មាន​ក្រួស​ឲ្យ​ស្អាត​វិញ ។ បងប្អូន​ក៏​អាច​បង្ហាញ​រូបភាព​យ៉ូហាន បាទីស្ទ និង​យ៉ូសែប ស្ម៊ីធ ផងដែរ ( សូមមើល សៀវភៅ​រូបភាព​ដំណឹងល្អ ល.រ. ៣៥,៨៧ ) ។ តើ​ពួកលោក​បាន​រៀបចំ​ផ្លូវ​សម្រាប់​ការយាង​មក​របស់​ព្រះអម្ចាស់​យ៉ាង​ដូចម្តេច ? ( សូមមើល លូកា ៣:២–១៨; គោលលទ្ធិ និង សេចក្ដីសញ្ញា ១៣៥:៣ ) ។ តើ​យើង​អាច​ជួយ​រៀបចំ​ផ្លូវ​សម្រាប់​ទ្រង់​យ៉ាង​ដូចម្តេច ? ( ឧទាហរណ៍ សូមមើល គោលលទ្ធិ និង សេចក្ដី​សញ្ញា ៣៣:១០ ) ។

អេសាយ ៤០:២៨; ៤៣:១៤–១៥; ៤៤:៦ ។តើ​ព្រះនាម ឬ​ព្រះបរមងារ​របស់​ព្រះ​យេស៊ូវគ្រីស្ទ​អ្វីខ្លះ​ដែល​យើង​រកឃើញ​នៅក្នុង​ខគម្ពីរ​ទាំងនេះ ? តើ​ព្រះនាម ឬ​ព្រះបរមងារ​នីមួយៗ​បង្រៀន​យើង​អ្វីខ្លះ​អំពី​ទ្រង់ ?

អេសាយ ៤១:១០; ៤៣:២–៥; ៤៦:៤ ។ខគម្ពីរ​ទាំងនេះ​ត្រូវបាន​ឆ្លុះបញ្ចាំង​នៅក្នុង​ទំនុកតម្កើង « គ្រឹះ​ដ៏​មាំមួន » ( ទំនុកតម្កើង ល.រ. ៣៧ ) ។ គ្រួសារ​របស់​បងប្អូន​ប្រហែល​ជា​ចូលចិត្ត​ច្រៀង​ចម្រៀង​ជាមួយ​គ្នា ហើយ​ស្វែង​រក​ឃ្លា​ដែល​ស្រដៀង​នឹង​ឃ្លា​នៅក្នុង​ខគម្ពីរ​ទាំងនេះ ។ តើ​ឃ្លា​នេះ​បង្រៀន​យើង​អ្វី​ខ្លះ​អំពី​ព្រះយេស៊ូវគ្រីស្ទ ?

អេសាយ ៤៤:៣–៤; ៤៥:៨ ។បន្ទាប់​ពី​អាន​ខគម្ពីរ​ទាំងនេះ​រួច គ្រួសារ​របស់​បងប្អូន​អាច​ស្រោច​ទឹក​រុក្ខជាតិ នៅពេល​បងប្អូន​និយាយ​អំពី​ពរជ័យ​ដែល​ព្រះអម្ចាស់​បាន​ចាក់​មក​លើ​ពួកគេ ។ តើ​មាន​អ្វី​កើត​ឡើង​ចំពោះ​រុក្ខជាតិ​នៅពេល​យើង​ស្រោចទឹក​វា ? តើ​ព្រះអម្ចាស់​រំពឹង​អ្វី​ពី​យើង​នៅពេល​ដែល​ទ្រង់​ប្រទាន​ពរ​ដល់​យើង ?

អេសាយ ៤៨:១៧–១៨ ។សូម​ពិចារណា​បង្ហាញ​រូបភាព ឬ​វីដេអូ​អំពី​ទឹក​ទន្លេ និង​រលក​សមុទ្រ ។ តើ​យើង​អាច​ស្ងប់​ដូចជា​ទឹក​ទន្លេ​យ៉ាងដូចម្តេច ? តើ​សេចក្តី​សុចរិត​អាច​ដូចជា​រលក​យ៉ាងដូចម្តេច ?

សម្រាប់​គំនិត​បន្ថែម​សម្រាប់​ការ​បង្រៀន​ដល់​កុមារ សូមមើល គម្រោង​មេរៀន​សប្តាហ៍​នេះ នៅក្នុង​សៀវភៅ ចូរ​មក​តាម​ខ្ញុំ—សម្រាប់​អង្គការ​បឋមសិក្សា ។

ចម្រៀង​ដែល​លើក​ទឹកចិត្ត​ឲ្យ​ប្រើ ៖ « គ្រឹះ​ដ៏​មាំមួន » ទំនុកតម្កើង ល.រ. ៣៧ ។

ការកែលម្អ​ដល់​ការសិក្សា​ផ្ទាល់​ខ្លួន

ស្វែងរក​និយមន័យ​ពាក្យ ។ សូម​ព្យាយាម​រកមើល​និយមន័យ​នៃ​ពាក្យ​នៅក្នុង​បទគម្ពីរ​ដែល​បងប្អូន​មិនយល់—និង​សូម្បីតែ​ពាក្យ​ដែល​បងប្អូន​គិតថា​យល់​ហើយ​ក្តី ។ ពេលខ្លះ និយមន័យ​អាច​ជួយ​បងប្អូន​ឲ្យ​អាន​ខគម្ពីរ​មួយ​ខុសគ្នា និង​ទទួល​បាន​ការយល់ដឹង​ខាង​វិញ្ញាណថ្មី ។

រូបភាព
ព្រះយេស៊ូវ​គង់​ជាមួយ​កុមារី និង​បុរស​ម្នាក់

« ព្រះយេហូវ៉ា​ទ្រង់​បាន​កំសាន្ត​ចិត្ត​រាស្ត្រ​ទ្រង់​ហើយ ទ្រង់​នឹង​មាន​ព្រះហឫទ័យ​អាណិតអាសូរ​ដល់​ពួក​របស់​ទ្រង់​ដែល​ត្រូវ​រង​ទុក្ខ​វេទនា​ផង » ( អេសាយ ៤៩:១៣ ) ។ប្រទាល​មុខសះ​ស្រុក​កាឡាត ដោយ អាន អាឌេល ហ៊ីនរី