ព្រះគម្ពីរ​សញ្ញាចាស់ ឆ្នាំ ២០២២
ថ្ងៃ​ទី ១២–១៨ ខែ កញ្ញា ។ អេសាយ ១៣–១៤; ២៤–៣០; ៣៥ ៖ « ការណ៍​អស្ចារ្យ ហើយ​ចម្លែក »


« ថ្ងៃ​ទី ១២–១៨ ខែ កញ្ញា ។ អេសាយ ១៣–១៤; ២៤–៣០; ៣៥ ៖ ‹ ការណ៍​អស្ចារ្យ ហើយ​ចម្លែក › » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ ៖ ព្រះគម្ពីរ​សញ្ញា​ចាស់ ឆ្នាំ ២០២២ ( ឆ្នាំ ២០២១ )

« ថ្ងៃ​ទី ១២–១៨ ខែ កញ្ញា ។ អេសាយ ១៣–១៤; ២៤–៣០; ៣៥ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ ៖ ឆ្នាំ ២០២២

រូបភាព
យ៉ូសែប ស្ម៊ីធ មើលឃើញ​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ​នៅ​ក្នុង​ព្រៃ​ពិសិដ្ឋ

ព្រៃពិសិដ្ឋ ដោយ ប្រេនថ៍ បូរ៉ាប់

ថ្ងៃទី ១២–១៨ ខែ កញ្ញា

អេសាយ ១៣–១៤; ២៤–៣០៣៥

« ការណ៍​អស្ចារ្យ ហើយ​ចម្លែក »

ប្រធាន ប៊ូនី អេច ខ័រឌុន បាន​បង្រៀនថា « បទគម្ពីរ​ជាច្រើន​បំភ្លឺ​គំនិត​យើង បីបាច់​វិញ្ញាណ​យើង ឆ្លើយ​សំណួរ​យើង បង្កើន​ការទុកចិត្ត​របស់​យើង​ទៅលើ​ព្រះអម្ចាស់ ហើយ​ជួយ​យើង​ឲ្យដាក់​ជីវិត​យើង​ទៅ​លើ​ទ្រង់ » ( « Trust in the Lord and Lean Not » EnsignLiahona ខែ ឧសភា ឆ្នាំ ២០១៧ ទំព័រ ៧ ) ។

កត់​ត្រា​ចំណាប់​អារម្មណ៍​របស់​បងប្អូន

រឿង​មួយ​ដែល​ព្រះ​អម្ចាស់​បង្គាប់​ឲ្យ​ពួក​ព្យាការី​ធ្វើ គឺ​ត្រូវ​ព្រមាន​អំពី​លទ្ធផល​នៃ​អំពើ​បាប ។ ក្នុង​ករណី​របស់​ពួក​ព្យាការី​នៅ​ព្រះ​គម្ពីរ​សញ្ញាចាស់ ជាញឹកញាប់​ការណ៍នេះ​មាន​ន័យ​ថា​ប្រាប់​ដល់​ពួកអ្នក​គ្រប់គ្រង​អំណាច​នៃ​នគរ​ដែល​ខ្លាំងក្លា​ថា ពួកគេ​ត្រូវតែ​ប្រែចិត្ត បើ​ពុំនោះ​ទេ​ពួកគេ​នឹង​ត្រូវ​បំផ្លាញ​ចោល ។ នោះគឺ​ជា​ការងារ​ដ៏មាន​គ្រោះថ្នាក់ ប៉ុន្តែ​អេសាយ​មិន​ខ្លាច​ឡើយ ហើយ​ការព្រមាន​របស់​លោក​ចំពោះ​នគរ​នៅ​សម័យ​របស់​លោក រួមមាន​អ៊ីស្រាអែល យូដា និង​ប្រជា​ជាតិ​ដែល​នៅ​ជុំវិញ—គឺ​អង់អាច​ណាស់ ( សូមមើល អេសាយ ១៣–២៣ ) ។

ទោះ​យ៉ាងណា អេសាយ​ក៏​មាន​សារលិខិត​នៃ​ក្តីសង្ឃឹម​ដែរ ។ ទោះបីជា​ការបំផ្លិច​បំផ្លាញ​ដែល​បាន​ព្យាករ នៅទីបំផុត​បានកើត​ឡើង​ចំពោះ​នគរ​ទាំងនេះ​ក៏​ដោយ ក៏​អេសាយ​បានមើល​ឃើញ​នូវ​ឱកាស​សម្រាប់​ការស្តារ​ឡើងវិញ និង​កែប្រែ​ឡើង​វិញ​ពី​ការបំផ្លិច​បំផ្លាញ​នេះ​ដែរ ។ ព្រះអម្ចាស់​បង្គាប់​រាស្រ្ត​របស់ទ្រង់​ឲ្យ​ត្រឡប់​ទៅរក​ទ្រង់​វិញ ។ ទ្រង់​នឹង​ធ្វើឲ្យ « ខ្សាច់​ដែល​ក្តៅ​ព្រោចៗ​នឹង​ត្រឡប់​ជា​ត្រពាំង​ទឹក ហើយ​ដី​ហួតហែង​នឹង​មាន​ក្បាលទឹក​ហូរ » ( អេសាយ ៣៥:៧ ) ។ ទ្រង់​នឹង​សម្តែង « ការណ៍​អស្ចារ្យ ហើយ​ចម្លែក » ( អេសាយ ២៩:១៤ ) ដោយ​ស្តារឡើងវិញ​នូវ​ពរជ័យ​ដែល​ទ្រង់​បាន​សន្យា​ដល់​ពួកគេ ។ ទាំង​អេសាយ និង​អ្នក​ឯទៀត​ដែល​នៅរស់​ពេល​នោះ ពុំ​បាន​ឃើញ​កិច្ចការ​ដ៏អស្ចារ្យ​នេះ​កើតឡើង​ទេ ។ ប៉ុន្តែ​យើង​កំពុង​មើលឃើញ​ការសម្រេច​បាន​ចុងក្រោយ​នៅសព្វ​ថ្ងៃនេះ ។ តាមពិតទៅ យើង​មាន​ចំណែក​នៅក្នុង​កិច្ចការ​នេះ !

រូបភាព
រូបសញ្ញា​ការសិក្សា​ផ្ទាល់ខ្លួន

គំនិត​យោបល់​សម្រាប់​ការសិក្សា​ព្រះគម្ពីរ​ផ្ទាល់ខ្លួន

អេសាយ ១៣:១–១១, ១៩–២២; ១៤:១–២០

នគរ​នៃ​លោកិយ និង​ពួក​អ្នក​គ្រប់គ្រង​ទុច្ចរិត​នឹង​ដួលរលំ ។

អេសាយ ១៣–១៤ ត្រូវបាន​ហៅថា​ជា « សេចក្តី​ទំនាយ​យ៉ាងធ្ងន់ » ( សារលិខិត​របស់​ព្យាការី​អំពី ) ក្រុង​បាប៊ីឡូន ( អេសាយ ១៣:១ ) ។ នៅគ្រាមួយ ក្រុង​បាប៊ីឡូន​គឺជា​នគរ​ដ៏​អស្ចារ្យ​ដែល​មាន​អ្នកដឹកនាំ​ដ៏​មាន​អំណាច ឥឡូវ​នេះ​វា​ត្រូវ​បានគេ​ចាត់​ទុក​ថា​ជា​ប្រវត្តិសាស្ត្រ​កាលពីបុរាណ ។ ដូច្នេះ ហេតុអ្វី​បានជា​សារលិខិត​ទៅកាន់​ក្រុង​បាប៊ីឡូន​មាន​សារៈសំខាន់​ចំពោះ​យើង​នៅ​សព្វថ្ងៃ​នេះ ? នៅក្នុង​បទគម្ពីរ ក្រុង​បាប៊ីឡូន​ជា​និមិត្តរូប​នៃ​ភាពឆ្មើងឆ្មៃ រឿង​លោកិយ និង​អំពើបាប ហើយ​សព្វថ្ងៃ​នេះ​យើង​ត្រូវ​បាន​ហ៊ុមព័ទ្ធ​ដោយ​រឿង​ទាំងអស់​នេះ ។ សូមគិត​ពី​និមិត្ត​រូប​នេះ នៅពេល​បងប្អូន​អាន អេសាយ ១៣:១–១១, ១៩–២២; ១៤:១–២០ ។ បងប្អូន​ក៏​អាច​ពិចារណា​ពី​សំណួរ​ដូច​តទៅ​នេះ​ផង​ដែរ ៖

  • តើ​ការព្រមាន​របស់​អេសាយ​ទៅ​កាន់​ក្រុង​បាប៊ីឡូន​ស្រដៀង​គ្នានឹង​ការព្យាករ​អំពី​ពិភពលោក​នេះ ពីមុន​ការ​យាង​មក​ជាលើក​ទីពីរ​របស់​ព្រះអង្គ​សង្គ្រោះ​យ៉ាង​ដូចម្ដេច ? ( សូមមើល អេសាយ ១៣:១–១១; គោលលទ្ធិ និង សេចក្ដី​សញ្ញា ៤៥:២៦–៤២ ) ។

  • តើ​បងប្អូន​មើល​ឃើញ​ភាព​ស្រដៀង​គ្នា​អ្វីខ្លះ រវាង​ភាព​ឆ្មើង​ឆ្មៃ​របស់​ប្រជាជន​បាប៊ីឡូន និង​ភាព​ឆ្មើង​ឆ្មៃ​របស់​សាតាំង ? ( សូមមើល អេសាយ ១៤:៤–២០; ម៉ូសេ ៤:១–៤ ) ។ តើ​ការព្រមាន​អ្វីខ្លះ​ដែល​បងប្អូន​រកឃើញ​សម្រាប់​ខ្លួន​បងប្អូន​នៅ​ក្នុង​ខគម្ពីរ​ទាំង​នេះ ?

  • តើ​ព្រះអង្គ​សង្គ្រោះ​ប្រទាន​ទី « សម្រាក​ពី​សេចក្តី​ទុក្ខ សេចក្តី​វេទនា » របស់​បងប្អូន​យ៉ាង​ដូចម្ដេច ? ( អេសាយ ១៤:៣ ) ។

រូបភាព
ព្រះគ្រីស្ទ​គ្រង​ព្រះពស្ត​ក្រហម

ទ្រង់​យាងមក​ម្តងទៀត​ដើម្បី​គ្រប់គ្រង និង​សោយរាជ្យ ដោយ ម៉ារី អ័រ សោអឺ

អេសាយ ២៤:២១–២៣; ២៥:៦–៨; ២៦:១៩; ២៨:១៦

ការសរសេរ​របស់​អេសាយ​ចង្អុល​បង្ហាញ​ខ្ញុំ​ឲ្យ​ទៅ​រក​​ព្រះយេស៊ូវ​គ្រីស្ទ ។

ជារឿយៗ ការបង្រៀន​របស់​អេសាយ​យោង​ទៅ​លើ​បេសកកម្ម​របស់​ព្រះអង្គ​សង្គ្រោះ រួម​ទាំង​ពលិកម្មដ៏ធួន ការ​មាន​ព្រះជន្ម​រស់​ឡើងវិញ និង​ការយាង​មក​ជា​លើកទីពីរ​របស់​ទ្រង់ ។ តើ​បងប្អូន​គិត​ឃើញ​អ្វីខ្លះ​អំពី​ទិដ្ឋភាព​នៃ​បេសកកម្ម​របស់​ទ្រង់ នៅពេល​បងប្អូន​អាន​ខគម្ពីរ​ដូចតទៅ​នេះ ៖ អេសាយ ២៤:២១–២៣; ២៥:៦–៨; ២៦:១៩; ២៨:១៦ ? តើ​វគ្គ​ផ្សេង​ទៀត​ណា​ខ្លះ​ដែលបងប្អូន​រក​ឃើញ ហើយ​វា​រំឭក​បងប្អូន​អំពី​ព្រះអង្គ​សង្គ្រោះ ?

សូមមើល​ផង​ដែរ អេសាយ ២២:២២–២៥ ។

អេសាយ ២៤:១–១២; ២៨:៧–៨; ២៩:៧–១០; ៣០:៨–១៤

ការក្បត់សាសនា​មានន័យ​ថា​ការ​ងាក​ចេញ​ឆ្ងាយ​ពី​ព្រះអម្ចាស់ និង​ពួក​ព្យាការី​របស់​ទ្រង់ ។

ដើម្បី​ព្រមាន​ពី​លទ្ធផល​នៃ​ការ​ងាក​ចេញ​ពី​ព្រះអម្ចាស់ និង​ការ​បដិសេធ​ពួក​ព្យាការី​របស់​ទ្រង់ នោះ​អេសាយ​បាន​ប្រើ​ពាក្យ​ប្រៀបធៀប​ជាច្រើន ។ ពាក្យ​ទាំង​នេះ​រួម​មាន ផែនដី​នៅ​ទទេ​ធេង ( អេសាយ ២៤:១–១២ ) គ្រឿង​ស្រវឹង ( អេសាយ ២៨:៧–៨) សេចក្ដី​ឃ្លាន និង​សេចក្ដី​ស្រេក ( អេសាយ ២៩:៧–១០ ) និង​កំផែង ឬ​ឆ្នាំង​បាក់បែក ( អេសាយ ៣០:៨–១៤ ) ។ ដោយ​ផ្អែក​លើ​អ្វី​ដែល​បងប្អូន​អាន​នៅ​ក្នុង​ខគម្ពីរ​ទាំង​នេះ ហេតុអ្វី​គឺជា​រឿង​ដ៏សំខាន់​ដើម្បី​រក្សា​សេចក្ដី​សញ្ញា​របស់​យើង ? សូម​ពិចារណា​ពី​អ្វី​ដែល​បងប្អូន​កំពុង​ធ្វើ​ដើម្បី​បន្ត​មាន​ភក្ដីភាព​ចំពោះ​ព្រះអម្ចាស់ និង​ពួក​អ្នក​បម្រើ​របស់​ទ្រង់ ។

សូមមើល​ផង​ដែរ អិម រ័សុល បាឡឺដ « Stay in the Boat and Hold On! » EnsignLiahona ខែ វិច្ឆិកា ឆ្នាំ ២០១៤ ទំព័រ ៨៩–៩២; Gospel Topics « Apostasy » នៅលើ​គេហទំព័រ topics.ChurchofJesusChrist.org ។

អេសាយ ២៩; ៣០:១៨–២៦;៣៥

ព្រះអម្ចាស់​អាច​ស្ដារ​រឿង​ទាំងឡាយ​ដែល​បាត់បង់ ឬ​បែក​បាក់​បាន ។

នៅពេល​មនុស្ស ឬ​សង្គម​មនុស្ស​ងាក​ចេញ​ពី​ព្រះអម្ចាស់ នោះ​សាតាំង​ចង់​ឲ្យ​យើង​គិត​ថា លទ្ធផល​ដែល​កើតឡើង​គឺ​មិន​អាច​កែប្រែ​បាន​ឡើយ ។ ទោះជា​យ៉ាងណា​ក្ដី ក៏​អេសាយ​បាន​រៀបរាប់​អំពី​រឿង​ដ៏អស្ចារ្យ​មួយ​ចំនួន​ដែល​ព្រះអម្ចាស់​នឹង​ធ្វើ នៅពេល​មនុស្ស​ប្រែចិត្ត ហើយ​ងាក​មក​រក​ទ្រង់​វិញ ។ តើ​បងប្អូន​រៀនអ្វីខ្លះ​មក​ពី អេសាយ ២៩:១៣–២៤; ៣០:១៨–២៦៣៥ អំពី​ព្រះអម្ចាស់ សេចក្ដីស្រឡាញ់​របស់​ទ្រង់ និង​ព្រះចេស្ដា​របស់​ទ្រង់ ?

របៀប​មួយ​ដែល​ព្រះអម្ចាស់​បាន​បើក​សម្ដែង​ឲ្យ​ឃើញ​ព្រះចេស្ដា​របស់​ទ្រង់​នៅ​ក្នុង​ជំនាន់​របស់​យើង គឺ​តាមរយៈ​ការ​ស្ដារ​ឡើង​វិញ​នៃ​ដំណឹងល្អ​របស់​ទ្រង់ ។ អេសាយ ២៩ មាន​នូវ​វគ្គបទ​គម្ពីរ​មួយ​ចំនួន​ដែល​មាន​ព្រឹត្តិការណ៍​ស្រដៀងគ្នា​ខ្លាំង​នឹង​ព្រឹត្តិការណ៍​ស្ដារ​ឡើង​វិញ​ដែរ ។ ឧទាហរណ៍ ៖

តើ​បងប្អូន​មាន​គំនិត ឬ​ចំណាប់​អារម្មណ៍​អ្វីខ្លះ​អំពី​ការ​ស្ដារ​ឡើង​វិញ​នៃ​ដំណឹងល្អ នៅពេល​បងប្អូន​អាន​វគ្គ​ទាំងនេះ ?

សូម​មើល​ផង​ដែរ « ការស្ដារ​ឡើងវិញ​នៃ​ភាពពេញលេញ​នៃ​ដំណឹងល្អ​របស់​ព្រះយេស៊ូវគ្រីស្ទ ៖ ការប្រកាស​ដល់​ពិភពលោក​នៃ​ខួប​លើក​ទី​ពីររយឆ្នាំ » ( នៅលើ​គេហទំព័រ ChurchofJesusChrist.org ) ។

រូបភាព
រូបសញ្ញា​ការសិក្សា​ជា​គ្រួសារ

គំនិត​យោបល់​សម្រាប់​ការសិក្សា​ព្រះគម្ពីរ​ជា​គ្រួសារ និង​រាត្រី​ជួបជុំ​ក្នុង​គ្រួសារ

អេសាយ ២៥:៤–៩ ។តើ​គ្រួសារ​របស់​បងប្អូន​ធ្លាប់​ដក​ពិសោធន៍​នូវ​ពរជ័យ​នៃ​ការមាន​ទីជម្រក​ដ៏​មាន​សុវត្ថិភាព​អំឡុង​ព្យុះភ្លៀង ឬ​នៃ​ការមាន​ម្លប់​ជ្រក​នៅ​ថ្ងៃ​មួយ​ដ៏​ក្ដៅ​ដែរ​ឬទេ ? ( សូមមើល ខទី ៤ ) ។ សូម​និយាយ​អំពី​រឿង​នេះ នៅពេល​បងប្អូន​អាន​ខគម្ពីរ​ទាំង​នេះ និង​ការពិពណ៌នា​ផ្សេង​ទៀត​អំពី​ព្រះអម្ចាស់ ដែល​មាន​នៅក្នុង អេសាយ ២៥:៤–៩ ។ តើ​ព្រះអម្ចាស់​ប្រៀបបាន​នឹង​រឿង​ទាំង​នេះ​យ៉ាង​ដូចម្ដេច ?

អេសាយ ២៥:៨–៩; ២៦:១៩ ។ការ​បង្ហាញ​រូបភាព​របស់​ព្រះអង្គ​សង្គ្រោះ​នៅ​ក្នុងសួនច្បារ​គែតសេម៉ានី នៅលើ​ឈើ​ឆ្កាង និង​បន្ទាប់​ពី​ការ​មាន​ព្រះជន្ម​រស់​ឡើង​វិញ​របស់​ទ្រង់ អាច​ជួយ​គ្រួសារ​របស់​បងប្អូន​ឲ្យ​មើល​ឃើញ​ពី​ការ​ជាប់​ទាក់ទង​គ្នា​រវាង​ខគម្ពីរ​ទាំង​នេះ និង​ព្រះយេស៊ូវ​គ្រីស្ទ ( សូមមើល សៀវភៅរូបភាព​ដំណឹងល្អ ល.រ. ៥៦, ៥៧, ៥៨៥៩ ) ។ សូម​អញ្ជើញ​គ្រួសារ​របស់​បងប្អូន​ឲ្យ​ចែកចាយ​មូល​ហេតុ​ដែល​ពួកគេ « ត្រេកអរ​ដោយ​សេចក្តី​សង្គ្រោះ​របស់​ទ្រង់ » ( អេសាយ ២៥:៩ ) ។

អេសាយ ២៩:១១–១៨ ។ខគម្ពីរ​ទាំង​នេះ​អាចជួយ​គ្រួសារ​របស់​បងប្អូន​ឲ្យ​ពិភាក្សាគ្នា​អំពី « ការណ៍​១​យ៉ាង​អស្ចារ្យ » ( ខទី ១៤ ) នៃ​ការ​ស្ដារ​ឡើង​វិញ​នៃ​ដំណឹងល្អ និង​ការ​លេច​ចេញមក​នៃ​ព្រះគម្ពីរ​មរមន ។ ហេតុអ្វី​រឿង​ទាំងនេះ​មាន​ភាព​អស្ចារ្យ និង​មហិមា​ចំពោះ​យើង ? សូម​អញ្ជើញ​សមាជិក​គ្រួសារ​ឲ្យ​រកមើល​វត្ថុ​នានា​នៅ​ក្នុង​ផ្ទះ​របស់​បងប្អូន ដែល​តំណាង​ឲ្យ​ពរជ័យ​ដ៏​អស្ចារ្យ​នៃ​ការ​ស្ដារ​ឡើង​វិញ ។

អេសាយ ៣៥ ។គ្រួសារ​របស់​បងប្អូន​អាច​រីករាយ​នឹង​ការគូរ​រូបភាព​នៅ​ក្នុង​ជំពូក​នេះ ដែល​ជួយ​យើង​ឲ្យ​យល់​ពី​របៀប​ដែល​ព្រះយេស៊ូវគ្រីស្ទ​កំពុង​ស្ថាបនា​ក្រុង​ស៊ីយ៉ូន​ឡើង​នៅ​ជំនាន់​របស់​យើង ។ តើ​យើង​រៀន​អ្វីខ្លះ​មកពី​រូបភាព​ទាំងនេះ ? តើ​យើង​អាច​ធ្វើ​អ្វី​ខ្លះ​ដើម្បី​ជួយ​ស្ថាបនា​ក្រុង​ស៊ីយ៉ូន ?

សម្រាប់​គំនិត​បន្ថែម​សម្រាប់​ការ​បង្រៀន​ដល់​កុមារ សូមមើល គម្រោង​មេរៀន​សប្តាហ៍​នេះ នៅក្នុងសៀវភៅ ចូរ​មក​តាម​ខ្ញុំ—សម្រាប់​អង្គការ​បឋមសិក្សា ។

ចម្រៀង​ដែល​លើក​ទឹកចិត្ត​ឲ្យ​ប្រើ ៖ « និទាឃៈ​រដូវ​មាស » សៀវភៅ​ចម្រៀង​កុមារ ទំព័រ ៥៧ ។

ការកែលម្អ​ការបង្រៀន​របស់​យើង

ចូរ​ឲ្យ​កូនៗ​បាន​បង្ហាញ​អំពី​ភាព​ច្នៃ​ប្រឌិត​របស់​ពួកគេ ។ នៅពេល​កុមារ​បង្កើត​អ្វីមួយ​ដែល​ទាក់ទង​នឹង​គោលការណ៍​មួយ​នៃ​ដំណឹងល្អ នោះ​វា​ជួយ​ពួកគេ​ឲ្យ​យល់​ពី​គោលការណ៍​នោះ​កាន់​តែ​ប្រសើរ​ឡើង ។ សូម​អនុញ្ញាត​ឲ្យ​ពួកគេ​សង់ គូរ​រូប ផាត់ពណ៌ សរសេរ ហើយ​បង្កើត​អ្វី​មួយ​ឡើង ។ ( សូមមើល ការបង្រៀន​តាម​របៀប​របស់​ព្រះអង្គ​សង្គ្រោះ ទំព័រ ២៥ ) ។

រូបភាព
ម៉ារា និង​យ៉ូហាន​កំពុង​មើល​ទៅ​ព្រះយេស៊ូវ​នៅ​លើ​ឈើ​ឆ្កាង

« មើល នេះ​គឺ​ជា​ព្រះ​នៃ​យើង​រាល់​គ្នា យើង​បាន​រង់ចាំ​ទ្រង់ ហើយ​ទ្រង់​នឹង​ជួយ​សង្គ្រោះ​យើង » ( អេសាយ ២៥:៩ ) ។ ជេមស៍ ធិសសតថ៍ ( ជនជាតិ​បារាំង ឆ្នាំ ១៨៣៦–១៩០២ ) ។ មាតា​អើយ នុ៎ះ​ន៏ កូន​របស់​មាតា ( ស្ដាបាត ម៉ាធើរ ) ឆ្នាំ​១៨៨៦–១៨៩៤ ។ គំនូរ​ពណ៌ទឹក​ស្រអាប់​ដោយ​ខ្មៅដៃ​ម្យ៉ាងនៅលើ​ក្រាហ្វិច​លើ​ក្រដាស​ពណ៌ប្រផេះ រូបភាព ៖ ១១ ១១/១៦ x ៦ អ៊ីញ. ( ២៩.៧ x ១៥.២ ស.ម ) ។ សារមន្ទីរ​ប្រូកគ្លីន ទិញ​ដោយ​ការជាវ​សាធារណៈ លេខ ០០.១៥៩.៣០០