ព្រះគម្ពីរ​សញ្ញាចាស់ ឆ្នាំ ២០២២
ថ្ងៃ​ទី ២៣–២៩ ខែ ឧសភា ។ យ៉ូស្វេ ១–៨; ២៣–២៤ ៖ « ចូរ​ឲ្យ​មាន​កម្លាំង ​និង​ចិត្ត​ក្លាហាន​ចុះ »


« ថ្ងៃ​ទី ២៣–២៩ ខែ ឧសភា ។ យ៉ូស្វេ ១–៨; ២៣–២៤ ៖ ‹ ចូល​ឲ្យ​មាន​កំឡាំង​និង​ចិត្ត​ក្លាហាន​ចុះ › » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​សាលា​ថ្ងៃ​អាទិត្យ ៖ ព្រះគម្ពីរ​សញ្ញា​ចាស់ ឆ្នាំ ២០២២ ( ២០២១ )

« ថ្ងៃ​ទី ២៣–២៩ ខែ ឧសភា ។ យ៉ូស្វេ ១–៨; ២៣–២៤ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​សាលា​ថ្ងៃ​អាទិត្យ ៖ ព្រះគម្ពីរ​សញ្ញា​ចាស់ ឆ្នាំ ២០២២

រូបភាព
ម៉ូសេ​តែងតាំង​យ៉ូស្វេ

រចនារូបភាព​ម៉ូសេ​តែងតាំង យ៉ូស្វេ ដោយ ដារ៉ែល ថូម៉ាស

ថ្ងៃ​ទី ២៣–២៩ ខែ ឧសភា

យ៉ូស្វេ ១–៨; ២៣–២៤

« ចូល​ឲ្យ​មាន​កម្លាំង​និង​ចិត្ត​ក្លាហាន​ចុះ »

នៅ​ពេល​បងប្អូន​អាន យ៉ូស្វេ ១–៨ និង ២៣–២៤, សូម​ពិចារណា​នូវ​ដំបូន្មាន « ត្រូវ​ឲ្យ​នឹក​ជញ្ជឹង​ទាំង​យប់​ទាំង​ថ្ងៃ​វិញ » ( យ៉ូស្វេ ១:៨ ) ។ សូម​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​ការ​បំផុស​គំនិត​ដែល​កើត​មាន​ឡើង ។ ការបំផុស​គំនិត​ទាំង​នេះ​ក៏​អាច​នាំ​មក​នូវ​គំនិត​នៃ​ការបង្រៀន​សម្រាប់​ថ្នាក់​របស់​បងប្អូន​ផង​ដែរ ។

កត់​ត្រា​ចំណាប់​អារម្មណ៍​របស់​បងប្អូន

រូបភាព
រូប​តំណាង​ការចែកចាយ

អញ្ជើញ​ឲ្យ​ចែក​ចាយ

បងប្អូន​អាច​អញ្ជើញ​ឲ្យ​សមាជិក​ថ្នាក់​ចែកចាយ​នូវ​វគ្គ​បទគម្ពីរ​មួយ​មក​ពី​អំណាន​របស់ពួក​សម្រាប់​សប្តាហ៍​នេះ​ដែល​បាន​បង្កើន​សេចក្ដី​ជំនឿ​របស់​ពួកគេ​ទៅលើ​ព្រះយេស៊ូវ​គ្រីស្ទ ។ ឧទាហរណ៍ ពួកគេ​ប្រហែល​ជា​បាន​ត្រិះរិះ​ពិចារណា​ពី​របៀប​ដែល​បេសកកម្ម​របស់​យ៉ូស្វេ​រំឭក​ពួកគេ​អំពី​បេសកកម្ម​របស់​ព្រះយេស៊ូវគ្រីស្ទ ។ ហេតុអ្វី​យើង​មាន​អំណរគុណ​ចំពោះ​រឿងរ៉ាវ​នៅ​ក្នុង​គម្ពីរ​យ៉ូស្វេ ?

រូបភាព
រូប​តំណាង​ការបង្រៀន

បង្រៀន​គោលលទ្ធិ

យ៉ូស្វេ ១:១–៩

« ចូរ​ឲ្យ​មាន​កម្លាំង និង​ចិត្ត​ក្លាហាន​ចុះ »

  • យ៉ូស្វេ​ត្រូវ​បាន​ប្រាប់​បីបួន​ដង​ថា « ចូរ​ឲ្យ​មាន​កម្លាំង និង​ចិត្ត​ក្លាហាន​ចុះ » ( សូម​មើល ចោទិយកថា ៣១:៧, ២៣; យ៉ូស្វេ ១:៦–៧, ៩ ) ។ ប្រហែល​ជា​សមាជិក​ថ្នាក់​នឹង​ទទួល​បាន​អត្ថប្រយោជន៍​មក​ពី​ការពិភាក្សា​អំពី​អត្ថន័យ​នៃ​ព្រះបន្ទូល​របស់​ព្រះអម្ចាស់​តាមរយៈ​ឃ្លា​នេះ ។ ពួក​គេ​អាច​ស្វែងរក យ៉ូស្វេ ១:១–៩ សម្រាប់​ដំបូន្មាន​ដែល​ព្រះអម្ចាស់​បាន​ប្រទាន​ឲ្យ​យ៉ូស្វេ​ដើម្បី​ជួយ​គាត់​ឲ្យ​មាន​កម្លាំង និង​ចិត្ត​ក្លាហាន ។ ពួក​គេ​ក៏​អាច​ចែកចាយ​ឧទាហរណ៍​នៃ​មនុស្ស​ដែល​ពួកគេ​ស្គាល់ ដែល​មាន​ចរិត​ទាង​នេះ ។ តើ​យ៉ូស្វេ​បាន​បង្ហាញ​កំឡាំង​និង​ចិត្ត​ក្លាហាន​នៅ​ក្នុង​ដំ់ណើរ​រឿង​ដែល​បាន​រកឃើញ​នៅ​ក្នុង​គម្ពីរ​យ៉ូស្វេ​ដោយ​របៀប​ណា ? ( ឧទាហរណ៍ សូម​មើល ជំពូកទី ៣, , និង  ) ។ សមាជិក​ថ្នាក់​អាច​ចែក​ចាយ​ពី​របៀប​ដែល​ពួកគេ​កំពុង​ព្យាយាម​ដើម្បី​មាន​កម្លាំង​និង​ចិត្ត​ក្លាហាន​សម្រាប់​ព្រះគ្រីស្ទ ។

យ៉ូស្វេ ១:៨

ព្រះបន្ទូល​របស់​ព្រះ​អាច​ធ្វើ​ឲ្យ​ផ្លូវ​របស់​យើង​រីកចម្រើន ។

  • ដើម្បី​លើក​ទឹក​ចិត្ត​សមាជិក​ថ្នាក់​នៅ​ក្នុង​ការសិក្សា​ព្រះគម្ពីរ​ជា​លក្ខណៈ​ផ្ទាល់​ខ្លួន​និង​ជា​គ្រួសារ បងប្អូន​អាច​អាន យ៉ូស្វេ ១:៨ នៅ​ក្នុង​ថ្នាក់​ជាមួយ​គ្នា ។ តើ​យើង​អាច​រៀន​អ្វី​ខ្លះ មក​ពី​ខ​នេះ អំពី​របៀប​ដើម្បី​សិក្សា​ព្រះគម្ពីរ ? ប្រហែលជា​សមាជិក​ថ្នាក់​អាច​ចែកចាយ​ពី​អ្វី​ដែល​ពួក​គេ​កំពុង​ធ្វើ​« ការនឹក​ជញ្ជឹង » នៅ​ក្នុង​ព្រះគម្ពីរ « ទាំង​យប់​ទាំង​ថ្ងៃ » ។ តើ​ព្រះអម្ចាស់​បាន​ធ្វើ​ឲ្យ « កើត​ការ​នៅ​គ្រប់​ទាំង​ផ្លូវ » និង​ផ្តល់​នូវ « ចម្រើន​ឡើង » នៅ​ពេល​ដែល​យើង​បាន​សិក្សា​ព្រះបន្ទូល​របស់​ទ្រង់​ដោយ​របៀប​ណា ?

    រូបភាព
    ស្ត្រី​កំពុង​អាន​ព្រះគម្ពីរ

    ព្រះបន្ទូល​របស់​ព្រះ​អាច « ធ្វើ​កើត​ការ​នៅ​គ្រប់​ទាំង​ផ្លូវ [ របស់​យើង ] » ( យ៉ូស្វេ ១:៨ ) ។

យ៉ូស្វេ ៣–៤

យើង​អាច​ដកពិសោធន៍​នូវ « ការ​ដ៏​អស្ចារ្យ » របស់​ព្រះ ។

  • សមាជិក​ថ្នាក់​ប្រហែល​ជា​នឹង​ទទួល​បាន​អត្ថប្រយោជន៍​ពី​ការពិនិត្យ​ឡើង​វិញ​ដោយ​សង្ខេប​អំពី​ដំណើរ​រឿង​របស់​សាសន៍​អ៊ីស្រាអែល​ឆ្លង​កាត់​ទន្លេ​យ័រដាន់ ។ បងប្អូន​អាច​បំបែក​សមាជិក​ថ្នាក់​ជា​គូៗ​ហើយ​អញ្ជើញ​គូ​នីមួយៗ​ឲ្យ​ប្រាប់​រឿង​ដល់​គ្នា​ទៅ​វិញ​ទៅ​មក​ដោយ​ការប្តូរ​វេន​គ្នា​និយាយ​មួយ​ប្រយោគ​ម្តងៗ ( សូមលើក​ទឹកចិត្ត​ពួក​គេ​ឲ្យ​មើល​នៅ​ក្នុង យ៉ូស្វេ ៣ ប្រសិន​បើ​ពួក​គេ​ត្រូវ​ការជំនួយ​ក្នុង​ចងចាំ​រឿង ) ។ បន្ទាប់​មក​ពួកគេ​អាច​ពិភាក្សា​នូវ​សេចក្តី​លម្អិត​ទាំងឡាយ​ដែល​ពួក​គេ​ឆ្ងល់​ជាមួយគ្នា​នៅក្នុងថ្នាក់ ។ តើ​យើង​រៀន​អ្វី​ខ្លះ​មក​ពី​រឿង​នេះ​ដែល​អាច​ជួយ​យើង ទទួល​បទពិសោធន៍​នៃ « ការដ៏អស្ចារ្យ » នៃ​ព្រះអម្ចាស់​នៅ​ក្នុង​ជីវិត​របស់​យើង ? ( ខទី ៥ ) ។ តើ « ការ​ដ៏​អស្ចារ្យ » អ្វី​ខ្លះ​ដែល​ទ្រង់​បាន​ធ្វើ​សម្រាប់​យើង ? ហេតុអ្វី​បាន​ជា​វា​សំខាន់​ថា​ជំនាន់​នីមួយៗ​មាន​បទពិសោធន៍​ខាង​វិញ្ញាណ​ដែល​បង្រៀន​ពួកគេ​ថា « ព្រះយេហូវ៉ា … មាន​ព្រះចេស្តា » ?​( យ៉ូស្វេ ៤:២៤ ) ។

  • ទោះ​បី​ជា​យើង​ទាំង​អស់​គ្នា​ត្រូវ​ការមាន​បទពិសោធន៍​នៅក្នុង​ការស្ថាបនា​ជំនឿ​របស់​យើង​ក្តី ការចងចាំ​នូវ​អ្វី​ដែល​ព្រះអម្ចាស់​បាន​ធ្វើ​សម្រាប់​បុព្វការីជន​របស់​យើង​គឺ​មានសារៈ​សំខាន់​ណាស់ ។ យោងតាម យ៉ូស្វេ ៤, តើ​សាសន៍​អ៊ីស្រាអែល​បាន​ធ្វើ​អ្វី​ខ្លះ​ដើម្បី​ជួយ​ដល់​អ្នក​ជំនាន់​ក្រោយ​ចងចាំ​អំពី​ការឆ្លង​ទន្លេ​យ័រដាន់ ? ( សូម​មើល យ៉ូស្វេ ៤:១–៧ ) ។ តើ​យើង​អាច​ធ្វើ​អ្វី​ខ្លះ​ដើម្បី​ធានា​ថា​បទពិសោធន៍​របស់​យើង​មិនត្រូវ​បាន​បំភ្លេចចោល​ដោយ​មនុស្ស​ជំនាន់​ក្រោយ ?

យ៉ូស្វេ ៦–៨

ការគោរព​ប្រតិបត្តិ​នាំ​យក​ព្រះចេស្ដា​របស់​ព្រះ​មក​ដាក់​នៅក្នុង​ជីវិត​របស់ខ្ញុំ ។

  • គម្រោង​មេរៀន​ប្រចាំ​សប្ដាហ៍​នេះ នៅ​ក្នុង ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុម​គ្រួសារ ណែនាំ​ឲ្យ​ប្រៀបធៀប​ការប្រយុទ្ធ​របស់​សាសន៍​អ៊ីស្រាអែល​ទាស់​នឹង​សាសន៍​កាណាន​នៅ​ក្នុង យ៉ូស្វេ ៦–៨ ជាមួយ​ការប្រយុទ្ធ​ផ្ទាល់​ខ្លួន​របស់​យើង​ទាស់​នឹង​ការល្បួង ។ បងប្អូន​អាច​សុំ​ឲ្យ​សមាជិក​ថ្នាក់​ថា​គំនិត​ឬ​ចំណាប់​អារម្មណ៍​អ្វី​ដែល​ពួកគេ​មាន​នៅ​ពេល​ពួកគេ​អាន​ជំពូក​ទាំងនេះ​ជាមួយ​នឹង​ការប្រៀបធៀប​នេះ​នៅ​ក្នុង​ចិត្ត ។ ឬ​បងប្អូន​អាច​ចង្អុល​បង្ហាញ​ពួកគេ​ទៅ​កាន់​ខគម្ពីរ​ជាក់លាក់​នានា​ដែល​ហាក់​ដូច​ជា​ពាក់ព័ន្ធ​នឹង​ការប្រយុទ្ធ​របស់​យើង​ដើម្បី​ចៀសវាង​ពី​អំពើ​បាប ហើយ​ពួកគេ​អាច​និយាយ​អំពី​អ្វី​ដែល​ខគម្ពីរ​ទាំង​នេះ​បង្រៀន​អំពី​ការទទួល​បាន​ព្រះចេស្តា​របស់​ព្រះ​នៅ​ក្នុង​ជីវិត​របស់​យើង ។ ខគម្ពីរ​ខ្លះ​នៃ​ខគម្ពីរ​ទាំង​នេះ​អាច​មាន យ៉ូស្វេ ៦:១–៥, ១៨, ២០; ៧:១១–១៣ ។

យ៉ូស្វេ ២៣–២៤

« ចូរ​រើស​យក​ព្រះ​ណា​ដែល​ឯង​ចង់​គោរព​ប្រតិបត្តិ​តាម​នៅ​ថ្ងៃ​នេះ​ចុះ » ។

  • ប្រហែល​ជា​វា​អាច​ជួយ​សមាជិក​ថ្នាក់​ឲ្យ​អនុវត្ត យ៉ូស្វេ ២៣–២៤ ចំពោះ​ខ្លួន​ឯង ប្រសិន​បើ​ពួកគេ​នឹក​ស្រមៃ​ថា​ពួកគេ​ជា​សាសន៍​អ៊ីស្រាអែល​កំពុង​ស្តាប់​យ៉ូស្វេ​ផ្តល់​ដំបូន្មាន​នេះ​នៅ​ចុង​បញ្ចប់​នៃ​ជីវិត​របស់​គាត់ ។ បងប្អូន​អាច​ឲ្យ​ពួកគេ​អាន​ពីរបី​ខគម្ពីរ​ដោយ​ស្ងប់ស្ងាត់​ហើយ​បន្ទាប់​មក​សូម​ឲ្យ​ពួកគេ​ចែកចាយ​អ្វី​មួយ​មក​ពី​ខគម្ពីរ​ទាំងនេះ​ដែល​នឹង​ជំរុញ​ពួកគេ​ឲ្យ​នៅ​ស្មោះត្រង់​នឹង​ព្រះអម្ចាស់ ។ ពួកគេ​ក៏​អាច​ចែកចាយ​ពី​របៀប​ដែល​ពួកគេ​បាន​ធ្វើ​ការសម្រេច​ចិត្ត​ដោយ​ផ្ទាល់ខ្លួន​អំពី « ព្រះ​ណា​ដែល​[ ពួកគេ ] ចង់​គោរព​ប្រតិបត្តិ​តាម »​ចុះ ។ ( យ៉ូស្វេ ២៤:១៥ ) ។ ហេតុ​អ្វី​បាន​ជា​ពួកគេ​ធ្វើ​ការសម្រេច​ចិត្ត​បែប​នេះ ?

  • បងប្អូន​អាច​អញ្ជើញ​សមាជិក​ថ្នាក់​ឲ្យ​ជ្រើស​យក​ឃ្លា​មួយ​មក​ពី យ៉ូស្វេ ២៣–២៤ ដែល​បំផុស​គំនិត​ពួកគេ​ឲ្យ​ជ្រើសរើស​ដើម្បី​បម្រើ​ព្រះ​ហើយ​បង្កើត​ប័ណ្ណ​ប្រកាស​ឬ​របស់​អនុស្សាវរីយ៍​ជាមួយ​ឃ្លា​នេះ​ដើម្បី​តាំង​បង្ហាញ​នៅ​ឯ​គេហដ្ឋាន​ឬ​នៅ​លើ​បណ្តាញ​សង្គម ។

ការ​កែលម្អ​ការ​បង្រៀន​របស់​យើង

ការ​រីកចម្រើន​ខាង​វិញ្ញាណ​កើត​ឡើង​នៅ​គេហដ្ឋាន ។ សមាជិក​នៅក្នុង​ថ្នាក់​របស់​បងប្អូន​ត្រូវការ​មាននូវ​ការដក​ពិសោធន៍​ខាង​វិញ្ញាណ​ផ្ទាល់​ខ្លួន​របស់​ពួកគេ​នៅ​ខាង​ក្រៅ​ថ្នាក់​ដើម្បី​ឲ្យ​ពួកគេ​បន្ត​មាន​ភាពរឹងមាំ​ខាង​វិញ្ញាណ ។ សូម​ស្វែងរក​វិធី​ដើម្បី​ប្រើ​ពេល​ខ្លី​ដែល​បងប្អូន​មាន​ជាមួយ​ពួកគេ​ដើម្បី​បំផុស​គំនិត​ឲ្យ​ស្វែងរក​ការចិញ្ចឹម​បី​បាច់​ខាង​វិញ្ញាណ​ដែល​មាន​នៅក្នុង​ព្រះគម្ពីរ​នៅ​ឯ​គេហដ្ឋាន—ដោយ​ផ្ទាល់​ខ្លួន និង​ជាមួយ​គ្រួសារ​របស់​ពួកគេ ។ ( សូម​មើល ការ​បង្រៀន​តាម​របៀប​របស់​ព្រះអង្គ​សង្គ្រោះទំព័រ ១៨ )