ព្រះគម្ពីរ​សញ្ញាចាស់ ឆ្នាំ ២០២២
ថ្ងៃទី ២១–២៧ ខែ មីនា ។ និកម្ខនំ ១–៦ ៖ « យើង​បាន​រឭក​ដល់​សេចក្តី​សញ្ញា​របស់​យើង »


« ថ្ងៃទី ២១–២៧ ខែ មីនា ។ និកម្ខនំ ១–៦ ៖ ‹ យើង​បាន​រឭក​ដល់​សេចក្តី​សញ្ញា​របស់​យើង › » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​សាលា​ថ្ងៃ​អាទិត្យ ៖ ព្រះគម្ពីរ​សញ្ញា​ចាស់ ឆ្នាំ ២០២២ ( ឆ្នាំ ២០២១ )

« ថ្ងៃទី ២១–២៧ ខែ មីនា ។ និក្ខមនំ ១–៦ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​សាលា​ថ្ងៃ​អាទិត្យ ៖ ឆ្នាំ ២០២២

រូបភាព
ម៉ូសេ និង​គុម្ព​បន្លា​ដែល​មាន​ភ្លើង​ឆេះ

ម៉ូសេ និង​គុម្ព​បន្លា​ដែល​មាន​ភ្លើង​ឆេះ ដោយ ហារី អាន់ឌើរសិន

ថ្ងៃទី ២១–២៧ ខែ មីនា

និក្ខមនំ ១–៦

« យើង​បាន​រឭក​ដល់​សេចក្តី​សញ្ញា​របស់​យើង »

នៅពេល​បងប្អូន​អាន និក្ខមនំ ១–៦ សូម​គិត​ពី​សិស្ស​ដែល​បងប្អូន​បង្រៀន ។ តើ​មាន​សេចក្ដីពិត​អ្វីខ្លះ​នៅក្នុង​ជំពូក​ទាំងនេះ ដែល​ហាក់​មាន​អត្ថន័យ​បំផុត​ចំពោះ​ពួកគេ ? តើ​បងប្អូន​នឹង​ជួយ​ពួកគេ​ឲ្យ​រក​ឃើញ​សេចក្ដីពិត​ទាំងនេះ​ដោយ​របៀប​ណា ?

កត់ត្រា​ចំណាប់​អារម្មណ៍​របស់​អ្នក

រូបភាព
រូប​តំណាង​ការចែកចាយ

អញ្ជើញ​ឲ្យ​ចែកចាយ

យោបល់​មួយ​ដើម្បី​លើក​ទឹកចិត្ត​សិស្ស​ក្នុង​ថ្នាក់​ឲ្យ​ចែកចាយ​អ្វី​ដែល​ពួកគេ​កំពុង​រៀន គឺ​ត្រូវ​សរសេរ​សំណួរ​មួយ​ដូច​នេះ​ដាក់​នៅលើ​ក្ដារខៀន ៖ កាល​បងប្អូន​អាន​គម្ពីរ និក្ខមនំ ១–៦ តើ​បងប្អូន​បាន​កត់​សម្គាល់​ឃើញ​អ្វីខ្លះ ដែល​បងប្អូន​មិន​បាន​កត់​សម្គាល់​កាលពីមុន​មក ? សូម​អញ្ជើញ​សិស្ស​ក្នុង​ថ្នាក់​ឲ្យ​ចែកចាយ​ចម្លើយ​របស់​ពួកគេ ។

រូបភាព
រូប​តំណាង​ការបង្រៀន

បង្រៀន​គោលលទ្ធិ

និក្ខមនំ ១–២

ព្រះយេស៊ូវ​គ្រីស្ទ​គឺជា​ព្រះរំដោះ​របស់​យើង ។

  • ទោះបីជា​ព្រះអង្គ​សង្គ្រោះ​មិនត្រូវបាន​លើក​ឡើង​ដោយ​ព្រះ​នាម​នៅក្នុង និក្ខមនំ ១–២ ក្ដី ក៏​ដំណើររឿង​នេះ​អាច​ជួយ​សមាជិក​ក្នុង​ថ្នាក់​ឲ្យ​ស្ថាបនា​សេចក្ដី​ជំនឿ​លើ​បេសកកម្ម​របស់​ទ្រង់ ដើម្បី​ដោះលែង​យើង​ចេញពី​សេវកភាព​បាន​ដែរ ។ សិស្ស​ក្នុង​ថ្នាក់​អាច​ស្វែងរក​ពាក្យ ឬ​ឃ្លា​នៅក្នុង និក្ខមនំ ១–២ ដែល​ពិពណ៌នា​ពី​ទុក្ខ​លំបាក​ដែល​ពួកសាសន៍​អ៊ីស្រាអែល​បាន​ជួប​ប្រទះ ។ តើ​ការពិពណ៌នា​ទាំងនេះ​ស្រដៀង​នឹង​សេវកភាព​ខាង​វិញ្ញាណ ឬ​ទុក្ខ​លំបាក​ផ្សេងទៀត​ដែល​យើង​ជួប​ប្រទះ​ដោយ​របៀប​ណា ? តើ​កូនចៅ​អ៊ីស្រាអែល​បាន​ស្វែងរក​ការដោះលែង​ដោយ​របៀប​ណា ហើយ​តើ​ព្រះ​បាន​ឆ្លើយតប​នឹង​ពួកគេ​យ៉ាង​ដូចម្ដេច ? ( សូមមើល​ផងដែរ និក្ខមនំ ២:២៣–២៥; ៣:៧–៨ ) ។ តើ​យើង​ទាញយក​ព្រះចេស្ដា​របស់​ព្រះ​ដោយ​របៀប​ណា នៅពេល​យើង​ត្រូវការ​ការដោះលែង ? តើ​ព្រះ​ឆ្លើយតប​នឹង​ការអង្វរ​សូម​ជំនួយ​របស់​យើង​តាម​របៀប​ណា ? សមាជិក​ក្នុង​ថ្នាក់​អាច​រកមើល​ការយល់ដឹង​បន្ថែម​ទៀត​នៅក្នុង​សារលិខិត​របស់​ប្រធាន រ័សុល អិម ណិលសុន « ការទាញ​យក​ព្រះចេស្ដា​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​មក​ក្នុង​ជីវិត​របស់​យើង » ( Liahona ខែ ឧសភា ឆ្នាំ ២០១៧ ទំព័រ ៣៩–៤២ ) ។

    រូបភាព
    ទារក​ម៉ូសេ​នៅក្នុង​កន្ដ្រក

    ម៉ូសេ​នៅ​ក្បែរ​ដើមកក់ © Providence Collection/licensed from goodsalt.com

និក្ខមនំ ៣–៤

កាល​យើង​ធ្វើ​កិច្ចការ​របស់​ព្រះអម្ចាស់ យើង​អាច​មាន​ព្រះចេស្ដា​របស់​ព្រះអម្ចាស់​ ។

  • គម្រោង​មេរៀន​សម្រាប់​សប្ដាហ៍​នេះ នៅក្នុង​សៀវភៅ ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុម​គ្រួសារ ណែនាំ​ឲ្យ​ស្រាវជ្រាវ និក្ខមនំ ៣–៤ ដើម្បី​រកមើល​របៀប​ដែល​ព្រះអម្ចាស់​បាន​ឆ្លើយតប​នឹង​កង្វល់​របស់​ម៉ូសេ ស្ដីពី​កិច្ចការ​ដោះលែង​ពួកសាសន៍​អ៊ីស្រាអែល​ពី​សេវកភាព ។ ប្រសិនបើ​សមាជិក​ក្នុង​ថ្នាក់​របស់​បងប្អូន​បាន​ធ្វើ​សកម្មភាព​នេះ​នៅ​ផ្ទះ សូម​ឲ្យ​ពួកគេ​ចែកចាយ​អ្វី​ដែល​ពួកគេ​បាន​រៀន ។ ឬ​បងប្អូន​អាច​ធ្វើ​សកម្មភាព​នេះ​ក្នុង​ថ្នាក់ ។ ជាពិសេស សមាជិក​ក្នុង​ថ្នាក់​អាច​ស្រាវជ្រាវ​ក្នុង និក្ខមនំ ៣:១១–១៨; ៤:១–១៧ ហើយ​រកមើល​កង្វល់​របស់​ម៉ូសេ និង​ចម្លើយ​របស់​ព្រះអម្ចាស់​ចំពោះ​កង្វល់​នីមួយៗ ។ តើ​ចម្លើយ​របស់​ព្រះអម្ចាស់​អាច​ជួយ​យើង នៅពេល​យើង​មាន​មន្ទិល​សង្ស័យ​ពី​សមត្ថភាព​របស់​យើង​ដើម្បី​ធ្វើ​កិច្ចការ​របស់​ទ្រង់​ដោយ​របៀប​ណា ?

និក្ខមនំ ៣:៥

យើង​គួរតែ​បង្ហាញ​គារវភាព​ចំពោះ​អ្វីៗ និង​ទីកន្លែង​ដ៏​បរិសុទ្ធ ។

  • តើ​បងប្អូន​អាច​ប្រើ​គំរូ​របស់​ម៉ូសេ ដើម្បី​បំផុស​គំនិត​ឲ្យ​មាន​ការពិភាក្សា​មួយ​អំពី​របៀប​ដែល​យើង​គួរតែ​ធ្វើ​ការណ៍​ដ៏​ពិសិដ្ឋ​ដោយ​របៀប​ណា ? ឧទាហរណ៍ ក្រោយពី​អាន និក្ខមនំ ៣:៥ រួមគ្នា​ហើយ បងប្អូន​អាច​បង្ហាញ​វត្ថុ ឬ​រូបភាព​ដ៏​ពិសិដ្ឋ​នៃ​ការណ៍៍​ដ៏​ពិសិដ្ឋ​នានា ( ដូចជា​ព្រះគម្ពីរ ឬ​ព្រះវិហារ​បរិសុទ្ធ ) និង​វត្ថុ ឬ​រូបភាព​ទូទៅ​នៃ​ការណ៍​ទូទៅ​ទាំងឡាយ ( ដូចជា​សៀវភៅ​ដែល​មិន​ទាក់ទង​នឹង​សាសនា ឬ​អគារ​ធម្មតា ) ។ សមាជិក​ក្នុង​ថ្នាក់​អាច​និយាយ​អំពី​រឿង​ផ្សេង​ទៀត ដែល​ពួកគេ​គិត​ថា​ជា​រឿង​ពិសិដ្ឋ ហើយ​ចែកចាយ​ពី​របៀប​ដែល​ពួកគេ​បង្ហាញ​គារវភាព​ចំពោះ​រឿង​ទាំងនោះ ( សូមមើល​ផងដែរ លេវីវិន័យ ១៩:៣០; គោលលទ្ធិ និង សេចក្ដី​សញ្ញា ៦:១០–១២ ) ។ ហេតុអ្វី​ក៏​ព្រះអង្គ​សង្គ្រោះ​សព្វ​ព្រះទ័យ​ឲ្យ​យើង​ប្រព្រឹត្ត​នឹង​រឿង​ពិសិដ្ឋ​ទាំងនេះ​ដោយ​គារវភាព ?

និក្ខមនំ ៥:៤–៩, ២០–២៣; ៦:១–១៣

ព្រះរាជបំណង​របស់​ព្រះអម្ចាស់​នឹង​ត្រូវបាន​បំពេញ​តាម​ពេលវេលា​របស់​ទ្រង់​ផ្ទាល់ ។

  • វា​អាច​ធ្វើឲ្យ​យើង​បាក់​ទឹកចិត្ត នៅពេល​កិច្ចខិតខំ​ដ៏​ស្មោះស​របស់​យើង​ដើម្បី​ធ្វើ​ការណ៍​ល្អ​ហាក់​មិន​មាន​ផល​អ្វី​—​ប្រហែល​មិត្ត​ម្នាក់​មិន​ឆ្លើយ​តប​នឹង​កិច្ចខិតខំ​ផ្ដល់​ការងារ​បម្រើ​របស់​យើង ឬ​ការអធិស្ឋាន​របស់​យើង​សម្រាប់​ក្មេង​ដែល​វង្វេងវង្វាន់​ម្នាក់​ហាក់​មិន​មាន​ចម្លើយ ។ ដើម្បី​រៀន​អំពី​បទពិសោធន៍​ស្រដៀងគ្នា​មួយ​ដែល​ម៉ូសេ​បាន​មាន សមាជិក​ក្នុង​ថ្នាក់​អាច​អាន និក្ខមនំ ៥:៤–៩, ២០–២៣ ។ តើ​ព្រះអម្ចាស់​បាន​ជួយ​ម៉ូសេ​ឲ្យ​យកឈ្នះ​លើ​អារម្មណ៍​បាក់ទឹកចិត្ត​របស់​លោក​ដោយ​របៀប​ណា ? ( សូមមើល និក្ខមនំ ៦:១–១៣ ) ។ សមាជិក​ក្នុង​ថ្នាក់​អាច​ចែកចាយ​បទពិសោធន៍​នានា នៅពេល​ដែល​ពួកគេ​មិន​បាន​ឃើញ​លទ្ធផល​ភ្លាមៗ​ចេញពី​កិច្ចខិតខំ​របស់​ពួកគេ​ដើម្បី​បម្រើ​ព្រះអម្ចាស់ ។ តើ​បទពិសោធន៍​របស់​ម៉ូសេ​នៅក្នុង​ជំពូក​ទាំងនេះ​បង្រៀន​យើង​អ្វីខ្លះ អំពី​របៀប​ដែល​យើង​អាច​ឆ្លើយតប​នឹង​ស្ថានភាព​ស្រដៀងគ្នា​នេះ ? ( សូម​មើល​ផងដែរ​នៅ​ក្នុង « ធនធាន​បន្ថែម​ទាំងឡាយ » ) ។

រូបភាព
រូប​តំណាង​ធនធាន​បន្ថែម​នានា

ធនធាន​បន្ថែម​ទាំងឡាយ

យើង​បម្រើ​មនុស្ស​ដទៃ​ជំនួស​ឲ្យ​ព្រះអម្ចាស់ ។

ប្រធាន ចយ ឌី ចូនស៍ បាន​ប្រាប់​ពី​របៀប​ដែល​គាត់ និង​ស្វាមី​របស់​គាត់​បាន​បម្រើ​ដោយ​ស្មោះត្រង់​នៅក្នុង​ការចាត់តាំង​ការងារ​បម្រើ​មួយ ប៉ុន្ដែ​មិន​បាន​ឃើញ​ជោគជ័យ​មកពី​កិច្ចខិតខំ​របស់​ពួកគាត់​ឡើយ ។ គូស្វាមី​ភរិយា​នេះ​បាន​សញ្ជឹងគិត ហើយ​បាន​អធិស្ឋាន​សូម​ការដឹកនាំ ។ ដោយ​រៀបរាប់​ពី​ចម្លើយ​ចំពោះ​ការអធិស្ឋាន​របស់​ពួកគាត់ នោះ​ប្រធាន​ចូនស៍​បាន​ពោល​ថា

« យើង​បាន​ដឹង​ថា យើង​បាន​ព្យាយាម​ដោយ​ស្មោះត្រង់​ដើម្បី​បម្រើ​គ្រួសារ​នេះ និង​បម្រើ​ប៊ីស្សព​របស់​យើង ប៉ុន្តែ​យើង​ត្រូវ​សួរ​ខ្លួន​យើង​ថា តើ​យើង​ពិតជា​បម្រើ​ដោយសារ​សេចក្តី​ស្រឡាញ់​ចំពោះ​ព្រះអម្ចាស់​ដែរ​ឬ​ទេ ។ ស្តេច​បេនយ៉ាមីន​បាន​បញ្ជាក់​ច្បាស់​អំពី​ភាពខុស​ប្លែក​នេះ ពេល​ទ្រង់​បាន​ថ្លែង​ថា ‹ មើល​ចុះ យើង​សូម​ប្រាប់​អ្នក​ថា ពី​ព្រោះ​យើង​បាន​ប្រាប់​អ្នក​ថា យើង​បាន​ចំណាយ​ពេល​វេលា​នៃ​ជីវិត​យើង​ក្នុង​ការបម្រើ​អ្នក នោះ​យើង​ពុំ​មាន​បំណង​ចង់​អួតអាង​ឡើយ ដ្បិត យើង​គ្រាន់តែ​នៅ​ក្នុង​ការបម្រើ​ដល់​ព្រះ​តែ​ប៉ុណ្ណោះ › [ ម៉ូសាយ ២:១៦; បាន​បន្ថែម​ការគូស​បញ្ជាក់ ] ។

« ដូច្នេះ តើ​នរណា​ដែល​ស្តេច​បេនយ៉ាមីន​បម្រើ​ពិតប្រាកដ​នោះ ? គឺ​ព្រះវរបិតា​សួគ៌ និង​ព្រះអង្គ​សង្គ្រោះ ។ ការស្គាល់​បុគ្គល និង​មូលហេតុ​ក្នុង​ការបម្រើ​មនុស្ស​ដទៃ​ជួយ​យើង​ឲ្យ​យល់​ថា ការបង្ហាញ​ដ៏​ខ្ពង់ខ្ពស់​បំផុត​នៃ​សេចក្តី​ស្រឡាញ់​គឺជា​ភក្តីភាព​ចំពោះ​ព្រះ » ( « សម្រាប់​ព្រះអម្ចាស់ » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៨ ទំព័រ ៥០ ) ។

ការកែលម្អ​ការបង្រៀន​របស់​យើង

សូម​ចែកចាយ​បទពិសោធន៍​ខាង​វិញ្ញាណ ។ របៀប​មួយ​ដើម្បី​យាង​ឲ្យ​មាន​ឥទ្ធិពល​នៃ​ព្រះវិញ្ញាណ​មក​ក្នុង​ថ្នាក់​របស់​បងប្អូន​គឺ ត្រូវ​លើក​ទឹកចិត្ត​សមាជិក​ក្នុង​ថ្នាក់​ឲ្យ​ចែកចាយ​អ្វី​ដែល​ព្រះវិញ្ញាណ​បរិសុទ្ធ​បាន​បង្រៀន​ពួកគេ នៅពេល​ពួកគេ​សិក្សា​បទគម្ពីរ​នៅ​សប្ដាហ៍​នេះ ។