« ថ្ងៃទី ២៨ ខែ កុម្ភៈ–ថ្ងៃទី ៦ ខែ មីនា ។ លោកុប្បត្តិ ២៨–៣៣ ៖ ‹ ពិតប្រាកដជាព្រះយេហូវ៉ាទ្រង់គង់នៅទីនេះហើយ › » ចូរមកតាមខ្ញុំ—សម្រាប់សាលាថ្ងៃអាទិត្យ ៖ ព្រះគម្ពីរសញ្ញាចាស់ ឆ្នាំ ២០២២ ( ឆ្នាំ ២០២១ )
« ថ្ងៃទី ២៨ ខែ កុម្ភៈ–ថ្ងៃទី ៦ ខែ មីនា ។ លោកុប្បត្តិ ២៨–៣៣ » ចូរមកតាមខ្ញុំ—សម្រាប់សាលាថ្ងៃអាទិត្យ ៖ ឆ្នាំ ២០២២
ថ្ងៃទី ២៨ ខែ កុម្ភៈ–ថ្ងៃទី ៦ ខែ មីនា
លោកុប្បត្តិ ២៨–៣៣
« ពិតប្រាកដជាព្រះយេហូវ៉ាទ្រង់គង់នៅទីនេះហើយ »
កាលបងប្អូនរៀបចំខ្លួនបង្រៀន សូមពិចារណាប្រកបដោយការអធិស្ឋានថា តើគោលការណ៍ណាមួយនៅក្នុង លោកុប្បត្តិ ២៨–៣៣ ដែលអាចមានប្រយោជន៍ខ្លាំងសម្រាប់សមាជិកក្នុងថ្នាក់របស់បងប្អូន ។ យោបល់ខាងក្រោមនេះអាចបន្ថែមទៅលើការសិក្សា និងការបំផុសគំនិតផ្ទាល់ខ្លួនរបស់បងប្អូនបាន ។
កត់ត្រាចំណាប់អារម្មណ៍របស់អ្នក
អញ្ជើញឲ្យចែកចាយ
ពរជ័យមួយនៃការបានជួបជុំគ្នានៅក្នុងថ្នាក់សាលាថ្ងៃអាទិត្យគឺថា សមាជិកអាចជួយគ្នាទៅវិញទៅមកស្វែងរកអត្ថន័យនៅក្នុងបទគម្ពីរ ។ សូមលើកទឹកចិត្តសមាជិកក្នុងថ្នាក់ឲ្យចែកចាយជាមួយនរណាម្នាក់ ដែលអង្គុយនៅក្បែរពួកគេ អំពីអ្វីដែលព្រះវិញ្ញាណបរិសុទ្ធបានបង្រៀនពួកគេ នៅពេលពួកគេសិក្សាបទគម្ពីរនៅសប្ដាហ៍នេះ ។ បងប្អូនអាចអញ្ជើញសិស្សពីរបីនាក់ឲ្យចែកចាយជាមួយនឹងសិស្សក្នុងថ្នាក់នូវអ្វីដែលពួកគេបានពិភាក្សា ។ ការណ៍នេះអាចបង្កើតឲ្យមានចំណុចចាប់ផ្ដើមដ៏ល្អមួយសម្រាប់ការពិភាក្សាក្នុងថ្នាក់របស់បងប្អូន ។
បង្រៀនគោលលទ្ធិ
នៅក្នុងព្រះវិហារបរិសុទ្ធ យើងចុះសេចក្ដីសញ្ញាជាមួយនឹងព្រះ ។
-
តើបងប្អូនអាចជួយសមាជិកក្នុងថ្នាក់ឲ្យរកឃើញអត្ថន័យនៅក្នុងបទពិសោធន៍របស់យ៉ាកុបនៅឯបេត-អែល ដូចដែលបានរៀបរាប់នៅក្នុង លោកុប្បត្តិ ២៨:១០–២២ ដោយរបៀបណា ? ពួកគេអាចចាប់ផ្ដើមដោយការរំឭក លោកុប្បត្តិ ២៧:៤១–៤៥; ២៨:១–៥ និងពិចារណាពីជីវិតរបស់យ៉ាកុបនៅពេលនោះ ។ តើយ៉ាកុបអាចមានអារម្មណ៍យ៉ាងណា ? រួចហើយ សមាជិកក្នុងថ្នាក់អាចអាន លោកុប្បត្តិ ២៨:១០–២២ ។ តើបទពិសោធន៍នេះបានប្រទានពរដល់យ៉ាកុបយ៉ាងដូចម្ដេច ? តើលោកអាចទទួលបានការលួងលោមយ៉ាងដូចម្ដេច ? តើបទពិសោធន៍របស់យ៉ាកុបអាចបំផុសគំនិតយើង នៅពេលយើងថ្វាយបង្គំក្នុងព្រះវិហារបរិសុទ្ធដោយរបៀបណា ? សិស្សក្នុងថ្នាក់ក៏អាចច្រៀង អាន ឬស្ដាប់បទ « សូមនៅជិតព្រះអង្គ » ដែលផ្អែកលើខគម្ពីរទាំងនេះ ( ទំនុកតម្កើង ល.រ. ៤៩ ) ។ ពួកគេអាចចែកចាយឃ្លានានាមកពីបទនេះ ឬមកពី លោកុប្បត្តិ ២៨:១០–២២ ដែលរំឭកពួកគេអំពីបទពិសោធន៍ដែលពួកគេបានមាន ពេលព្យាយាមខិតទៅកាន់តែជិតព្រះអង្គសង្គ្រោះ ។
-
ជណ្ដើរដែលយ៉ាកុបបានឃើញនៅក្នុងសុបិនរបស់លោក ជារឿយៗត្រូវបានប្រៀបធៀបទៅនឹងសេចក្ដីសញ្ញានៃព្រះវិហារបរិសុទ្ធ ។ ប្រហែលបងប្អូនអាចបង្ហាញ ឬគូររូបជណ្ដើរមួយ និងព្រះវិហារបរិសុទ្ធមួយ ។ សមាជិកក្នុងថ្នាក់អាចរំឭក លោកុប្បត្តិ ២៨:១០–២២ ហើយនិយាយអំពីអ្វីដែលជណ្ដើរនៅក្នុងសុបិនរបស់យ៉ាកុបនេះ បង្រៀនយើងអំពីព្រះវិហារបរិសុទ្ធ ។ តើយើងរកឃើញអ្វីខ្លះទៀតនៅក្នុងខគម្ពីរទាំងនេះ ដែលរំឭកយើងអំពីពរជ័យ ដែលយើងទទួលបានដោយសារតែសេចក្ដីសញ្ញានៃព្រះវិហារបរិសុទ្ធរបស់យើង ? ( សូមមើល « About the Temple Endowment » និង « About a Temple Sealing » [ នៅលើគេហទំព័រ temples.ChurchofJesusChrist.org ] ។
-
ដើម្បីជួយសមាជិកក្នុងថ្នាក់ឲ្យសញ្ជឹងគិតពីការសន្យានៃសេចក្ដីសញ្ញាអ័ប្រាហាំ ដែលព្រះអម្ចាស់បានធ្វើជាមួយនឹងយ៉ាកុបសារជាថ្មីនោះ បងប្អូនអាចអញ្ជើញពួកគេឲ្យអាន លោកុប្បត្តិ ២៨:១០–១៥ ហើយជជែកអំពីរបៀបដែលយើងអាចទទួលបានពរជ័យទាំងនេះនៅពេលបច្ចុប្បន្ន ( សូមមើលផងដែរ លោកុប្បត្តិ ១២:២–៣ ) ។ ពួកគេក៏អាចអានសេចក្ដីថ្លែងការណ៍មកពីប្រធាន រ័សុល អិម ណិលសុន នៅក្នុង « ធនធានបន្ថែមទាំងឡាយ » ផងដែរ ហើយរកមើលពរជ័យដែលកើតមកពីការចុះ និងការរក្សាសេចក្ដីសញ្ញា ។ តើយ៉ាកុបមានពរជ័យយ៉ាងដូចម្ដេច តាមរយៈការទទួលបានសេចក្ដីសន្យាដែលមាននៅក្នុង លោកុប្បត្តិ ២៨:១០–១៥ ? តើយើងឃើញទំនាក់ទំនងអ្វីខ្លះ រវាងព្រឹត្តិការណ៍នៅក្នុងខគម្ពីរទាំងនេះ និងព្រឹត្តិការណ៍នៅក្នុង លោកុប្បត្តិ ២៩ និង ៣០ ( យ៉ាកុបបានរៀបការ និងកំណើតកូនៗរបស់លោក ) ? តើព្រះអម្ចាស់ប្រទានពរជ័យដល់យើងដោយរបៀបណា នៅពេលយើងចុះ និងរក្សាសេចក្ដីសញ្ញាដ៏ពិសិដ្ឋ ?
ព្រះអង្គសង្គ្រោះអាចជួយយើងឲ្យយកឈ្នះលើការខ្វែងគំនិតនៅក្នុងក្រុមគ្រួសាររបស់យើង ។
-
លោកុប្បត្តិ ៣២–៣៣ អាចបំផុសគំនិតសមាជិកក្នុងថ្នាក់ ដែលចង់រកឃើញការព្យាបាលក្នុងចំណងទាក់ទងគ្រួសាររបស់ពួកគេបាន ។ វាអាចមានប្រយោជន៍ ដើម្បីសូមឲ្យសិស្សក្នុងថ្នាក់ម្នាក់សង្ខេបព្រឹត្តិការណ៍នានាដែលបានកត់ត្រានៅក្នុង លោកុប្បត្តិ ២៧ ឲ្យខ្លីៗ ។ គម្រោងមេរៀនប្រចាំសប្ដាហ៍នេះនៅក្នុងសៀវភៅ ចូរមកតាមខ្ញុំ—សម្រាប់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារ រួមមានសំណួរនានាឲ្យគិតពិចារណាពេលសិក្សា លោកុប្បត្តិ ៣២–៣៣ ។ ប្រហែលសមាជិកក្នុងថ្នាក់អាចជ្រើសរើសយកសំណួរទាំងនេះមួយ ហើយស្វែងរកចម្លើយនៅក្នុងជំពូកនេះ ។ ពួកគេក៏អាចស្ម័គ្រចិត្តចែកចាយបទពិសោធន៍នានា ដែលពួកគេបានមានក្នុងការពង្រឹងចំណងទាក់ទងដែលប្រេះឆានៅក្នុងក្រុមគ្រួសាររបស់ពួកគេផងដែរ ។ សូមលើកទឹកចិត្តពួកគេឲ្យនិយាយអំពីរបៀបដែលព្រះវរបិតាសួគ៌បានជួយពួកគេ ។
ធនធានបន្ថែមទាំងឡាយ
យើងគឺជាបុត្រាបុត្រីនៃសេចក្ដីសញ្ញា ។
ប្រធាន រ័សុល អិម ណិលសុន បានបង្រៀន ៖
« នៅឯបុណ្យជ្រមុជទឹក យើងចុះសេចក្តីសញ្ញាថានឹងបម្រើព្រះអម្ចាស់ ហើយរក្សាបទបញ្ញត្តិទ្រង់ ។ នៅពេលយើងទទួលទានសាក្រាម៉ង់ យើងរំឭកពីសេចក្ដីសញ្ញានោះ ហើយប្រកាសពីឆន្ទៈរបស់យើងដើម្បីលើកដាក់មកលើខ្លួនយើងនូវព្រះនាមរបស់ព្រះយេស៊ូវគ្រីស្ទ ។ តាមរយៈការណ៍នេះ យើងក្លាយជាបុត្រា និងបុត្រីរបស់ទ្រង់ ហើយស្គាល់ថាជាបងប្អូនប្រុសស្រីនឹងគ្នា ។ ទ្រង់គឺជាព្រះវរបិតានៃជីវិតថ្មីរបស់យើង ។ ទីបំផុត នៅក្នុងព្រះវិហារបរិសុទ្ធដ៏ពិសិដ្ឋ យើងអាចក្លាយជាទាយាទរួមគ្នាដើម្បីទទួលបានពរជ័យនៃគ្រួសារដ៏អស់កល្ប ដូចដែលធ្លាប់បានសន្យាដល់អ័ប្រាហាំ អ៊ីសាក យ៉ាកុប និងកូនចៅរបស់ពួកលោក ។ ហេតុដូច្នេះហើយ អាពាហ៍ពិពាហ៍សេឡេស្ទាលគឺជាសេចក្ដីសញ្ញានៃការលើកតម្កើងឡើង ។
« នៅពេលយើងដឹងថា យើងគឺជាកូនចៅក្នុងសេចក្ដីសញ្ញា យើងដឹងថាយើងជានរណា និងអ្វីដែលព្រះរំពឹងចង់បានពីយើង ។ « ក្រឹត្យវិន័យរបស់ទ្រង់បានកត់ទុកក្នុងចិត្តរបស់យើងហើយ ។ ទ្រង់គឺជាព្រះរបស់ពួកយើង ហើយពួកយើងគឺជារាស្ត្ររបស់ទ្រង់ ។ កូនចៅក្នុងសេចក្ដីសញ្ញាដែលធ្វើតាមទ្រង់យ៉ាងរឹងមាំ ទោះបីជានៅក្នុងកណ្ដាលឧបសគ្គក្ដី ។ នៅពេលគោលលទ្ធិនោះត្រូវបានឆ្លាក់យ៉ាងជ្រៅនៅក្នុងដួងចិត្តរបស់យើង នោះខ្សែនៃសេចក្ដីស្លាប់ត្រូវរំងាប់ ហើយការខំប្រឹងខាងវិញ្ញាណរបស់យើងត្រូវបានពង្រឹង » ( « Covenants » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១១ ទំព័រ ៨៨ ) ។
ការកែលម្អការបង្រៀនរបស់យើង
ជួយអ្នករៀនឲ្យធ្វើសកម្មភាពតាមការបំផុសគំនិត ។ « ការប្រែចិត្តជឿពិតមានច្រើនជាងការគ្រាន់តែមានអារម្មណ៍ពីព្រះវិញ្ញាណ ដែលបញ្ជាក់សេចក្ដីពិតដល់ព្រលឹងរបស់យើង គឺយើងត្រូវតែធ្វើតាមសេចក្ដីពិតទាំងនោះផងដែរ ។ បន្ថែមលើការជួយអ្នករៀនឲ្យមានអារម្មណ៍ និងស្គាល់ព្រះវិញ្ញាណ សូមជួយពួកគេឲ្យធ្វើសកម្មភាពតាមការបំផុសគំនិតដែលពួកគេទទួលបាន » ( ការបង្រៀនតាមរបៀបរបស់ព្រះអង្គសង្គ្រោះ ទំព័រ ១០ ) ។