ព្រះគម្ពីរ​សញ្ញាចាស់ ឆ្នាំ ២០២២
ថ្ងៃទី ២១–២៧ ខែ មីនា ។ និក្ខមនំ ១–៦ ៖ « អញ​បាន​រឭក​ដល់​សេចក្តី​សញ្ញា​របស់​អញ »


« ថ្ងៃទី ២១–២៧ ខែ មីនា ។ និក្ខមនំ ១–៦ ៖ ‹ អញ​បាន​រឭក​ដល់​សេចក្តី​សញ្ញា​របស់​អញ › » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ ៖ ព្រះគម្ពីរ​សញ្ញា​ចាស់ ឆ្នាំ ២០២២ ( ឆ្នាំ ២០២១ )

« ថ្ងៃទី ២១–២៧ ខែ មីនា ។ និក្ខមនំ ១–៦ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ ៖ ឆ្នាំ ២០២២

រូបភាព
ម៉ូសេ និង​ភ្លើងឆេះ​គុម្ព​បន្លា

ម៉ូសេ និង​ភ្លើងឆេះ​គុម្ព​បន្លា ដោយ ហារី អាន់ដើរសិន

ថ្ងៃទី ២១–២៧ ខែ មីនា

និក្ខមនំ ១–៦

« អញ​បាន​រឭក​ដល់​សេចក្តី​សញ្ញា​របស់​អញ »

សូមចាប់​ផ្តើម​ការសិក្សា​របស់​អ្នក​ជាមួយ​ការអធិស្ឋាន ហើយ​សុំ​ជំនួយ​ដើម្បី​ស្វែងរក​សារលិខិត​នៅក្នុង និក្ខមនំ ១–៦ ដែល​ទាក់ទង​ទៅនឹង​ជីវិត​របស់អ្នក និង​ការបម្រើ​របស់អ្នក​នៅក្នុង​នគរ​របស់ព្រះ ។

កត់​ត្រា​ចំណាប់​អារម្មណ៍​របស់​អ្នក

ការអញ្ជើញ​ឲ្យរស់នៅក្នុង​ស្រុក​អេស៊ីព្ទ តាមពិត​បាន​ជួយ​សង្រ្គោះ​ក្រុមគ្រួសារ​របស់​យ៉ាកុប ។ ប៉ុន្តែ​បន្ទាប់ពី​រាប់រយឆ្នាំ​មក កូនចៅ​របស់​ពួកគេ​បាន​ធ្វើ​ជា​ទាសករ និង​ត្រូវ​បំភ័យ​ដោយ​ផារ៉ោន​អង្គ​ថ្មី « ស្តេច​នោះ​មិន​បាន​ស្គាល់​យ៉ូសែប​ទេ » ( និក្ខមនំ ១:៨ ) ។ វាជា​រឿង​ធម្មតា​ដែល​សាសន៍​អ៊ីស្រាអែល​ត្រូវឆ្ងល់​ពីមូលហេតុ​ដែល​ព្រះ​ទុក​ឲ្យ​រឿង​ទាំងនេះ​កើតឡើង​ចំពោះ​ពួកគេ ដែល​ជារាស្រ្ត​នៃ​សេចក្តីសញ្ញា​របស់ទ្រង់ ។ តើ​ទ្រង់​បាន​ចាំ​ពី​សេចក្តីសញ្ញា​ដែល​ទ្រង់​បាន​ធ្វើ​ជាមួយ​ពួកគេ​ដែរ​ឬ​ទេ ? តើ​ពួកគេ​នៅតែ​ជាប្រជារាស្រ្ត​របស់ទ្រង់​ដែរ​ឬ​ទេ ? តើ​ទ្រង់​អាច​ទតឃើញថា​ពួកគេ​រងទុក្ខ​ប៉ុណ្ណា​ទេ ?

ប្រហែល​ជាមានពេលខ្លះ​អ្នក​ក៏ធ្លាប់​ចង់​សួរសំណួរ​ស្រដៀងគ្នា​នេះ​ផងដែរ ។ អ្នក​អាច​ឆ្លល់ថា តើ​ព្រះ​ជ្រាបដឹងអំពី​អ្វី​ដែល​ខ្ញុំ​កំពុងឆ្លង​កាត់​ដែរ​ឬ​ទេ ? តើ​ទ្រង់​បាន​ព្រះរាជ​សណ្តាប់​ឮ​ការអង្វរ​សុំជំនួយរបស់ខ្ញុំ​ដែរ​ឬទេ ? ដំណើររឿង​នៅក្នុង​និក្ខមនំ​អំពី​ការរំដោះ​សាសន៍​អ៊ីស្រាអែល​ចេញពី​ស្រុក​អេស៊ីព្ទ​ឆ្លើយ​តប​នឹង​សំណួរ​បែបនោះ​យ៉ាង​ច្បាស់ ៖ ព្រះទ្រង់​មិនដែល​ភ្លេច​ប្រជារាស្រ្ត​របស់ទ្រង់​ឡើយ ។ ទ្រង់ចងចាំ​សេចក្តីសញ្ញា​របស់ទ្រង់​ជាមួយ​យើង ហើយនឹង​បំពេញ​សេចក្តីសញ្ញា​ទាំងនោះ​តាមពេលវេលា​កំណត់ និង​មធ្យោបាយ​របស់ទ្រង់ ( សូមមើល គោលលទ្ធិ និង សេចក្ដី​សញ្ញា ៨៨:៦៨ ) ។ ទ្រង់​បាន​មានបន្ទូលថា « អញ​នឹង​លើក​ដៃ​អញ​ឡើង​លោះ​ឯង​រាល់​គ្នា ។ « អញ​នេះ​ជា​យេហូវ៉ា គឺ​ជា​ព្រះ​នៃ​ឯង ដែល​នាំ​ឯង​ចេញ​ផុត​ពី​បន្ទុក [ របស់ឯង ] » ( និក្ខមនំ ៦:៦–៧ ) ។

សម្រាប់​ទិដ្ឋភាព​ទូទៅ​ស្ដីពី​គម្ពីរ​និក្ខមនំ សូម​មើល​« និក្ខមនំ » នៅ​ក្នុង​សេចក្ដី​ណែនាំ​ដល់​បទគម្ពីរ​ទាំង​ឡាយ ។

រូបភាព
រូបសញ្ញា​ការសិក្សា​ផ្ទាល់ខ្លួន

គំនិត​យោបល់ផ្សេងៗ​សម្រាប់​ការសិក្សា​ព្រះគម្ពីរ​ផ្ទាល់ខ្លួន

និក្ខមនំ ១–២

ព្រះយេស៊ូវគ្រីស្ទ​គឺជា​អង្គ​រំដោះ​របស់​ខ្ញុំ ។

ប្រធានបទ​មួយ​ដ៏សំខាន់​នៅក្នុង​គម្ពីរ​និក្ខមនំ គឺថា​ព្រះ​មាន​ព្រះចេស្តា​ដើម្បី​រំដោះ​ប្រជារាស្រ្ត​របស់ទ្រង់​ចេញពី​ការជិះជាន់ ។ ទាសភាព​នៃ​ពួក​សាសន៍​អ៊ីស្រាអែល​ដូចដែល​បាន​ពិពណ៌នា​នៅក្នុង និក្ខមនំ ១ អាច​ត្រូវបាន​មើលឃើញថា​ជា​សញ្ញា​នៃ​ការជាប់ឃុំឃាំង​ដែល​យើង​ទាំងអស់​គ្នា​ជួបប្រទះ ដោយសារ​តែ​អំពើបាប និង​សេចក្តីស្លាប់ ( សូមមើល នីហ្វៃទី ២ ២:២៦–២៧; ៩:១០; អាលម៉ា ៣៦:២៨ ) ។ ហើយ​ម៉ូសេ ជាអ្នក​រំដោះ​សាសន៍​អ៊ីស្រាអែល អាច​ត្រូវបាន​មើលឃើញថា​ជាគំរូ ឬ​តំណាង​នៃ​ព្រះយេស៊ូវ គ្រីស្ទ ( សូមមើល ចោទិយកថា ១៨:១៨–១៩; នីហ្វៃទី ១ ២២:២០–២១ ) ។ សូមអាន និក្ខមនំ ១–២ ដោយ​ប្រើការ​ប្រៀបធៀប​នេះ​ក្នុង​ចិត្ត ។ ជាឧទាហរណ៍ អ្នក​អាចសម្គាល់​ឃើញ​ថា​ទាំងម៉ូសេ និង ព្រះយេស៊ូវ ត្រូវបាន​ការពារ​ឲ្យ​រួច​ពី​សេចក្តីស្លាប់ និង​ការសុគត​កាលពីនៅ​ក្មេង ( សូមមើល និក្ខមនំ ១:២២២:១០; ម៉ាថាយ ២:១៣–១៦ ) ហើយទាំងពីរនាក់ថែមទាំង​បានចំណាយ​ពេល​នៅក្នុង​ព្រៃ ពីមុន​ការងារ​បម្រើ​របស់​លោក និង​ទ្រង់ ( សូមមើល និក្ខមនំ ២:១៥–២២; ម៉ាថាយ ៤:១–២ ) ។ តើ​ការយល់ដឹង​អ្វីខ្លះ​ដែល​អ្នក​រៀន​ចេញពី​និក្ខមនំ ​អំពី​ការជាប់ឃុំឃាំង​ខាងវិញ្ញាណ ? អំពី​ការរំដោះ​របស់​ព្រះ​អង្គសង្រ្គោះ ?

សូមមើល​ផងដែរ ឌី ថត គ្រីស្តូហ្វឺសិន « Redemption » Liahona ខែ ឧសភា ឆ្នាំ ២០១៣ ទំព័រ ១០៩–១២ ។

រូបភាព
ទារក​ម៉ូសេ នៅក្នុង​កន្រ្តក

ម៉ូសេ​នៅក្នុង​ដើម​បបុស © Providence Collection/licensed ពី goodsalt.com

និក្ខមនំ ៣–៤

ព្រះប្រទាន​ព្រះចេស្តា​ដល់ជនទាំង​ឡាយណា​ដែល​ទ្រង់​បានហៅ​ឲ្យ​ធ្វើ​កិច្ចការ​របស់ទ្រង់ ។

នៅសព្វថ្ងៃនេះ​យើងស្គាល់​ម៉ូសេ ថា​ជា​ព្យាការី និង​អ្នកដឹកនាំ​ដ៏អស្ចារ្យ ។ ប៉ុន្តែ​ម៉ូសេ មិនបាន​មើលឃើញ​ខ្លួនលោក​តាមបែប​នោះទេ នៅពេល​ព្រះ​អម្ចាស់​បាន​ហៅ​លោក​ដំបូង ។ ម៉ូសេ បាន​ឆ្ងល់ថា « ទូលបង្គំ​ជា​អ្វី ដែល​ព្រះអង្គ​ឲ្យ​ទូលបង្គំ​ទៅ​ឯ​ផារ៉ោន ? »( និក្ខមនំ ៣:១១ ) ។ ទោះជាយ៉ាងណាក្តី ព្រះអម្ចាស់ បាន​ត្រាស់ដឹងថា​ម៉ូសេ​ជានរណា—ហើយថាតើ​លោក​នឹង​ធ្វើ​អ្វី​នៅពេល​អនាគត ។ កាល​អ្នកអាន និក្ខមនំ ៣—៤ សូម​កត់​ចំណាំ​ពីរបៀប​ដែល​ព្រះអម្ចាស់​បានធានា​ដល់​ម៉ូសេ និង​បានឆ្លើយតប​ទៅនឹង​កង្វល់​របស់លោក ។ តើ​អ្នក​រកឃើញ​អ្វីខ្លះ​នៅក្នុង​ជំពូក​ទាំងនេះ​ដែល​អាច​បំផុសគំនិត​ដល់អ្នក នៅពេល​អ្នក​មានអារម្មណ៍​ថា​មិនគ្រប់គ្រាន់ ? តើ​ព្រះអម្ចាស់​បានប្រទានពរជ័យ​ដល់​ពួកអ្នកបម្រើ​ទ្រង់​ជាមួយ​នឹង​អំណាច​កាន់តែខ្លាំងឡើង​ដើម្បីធ្វើ​តាម​ព្រះឆន្ទៈ​ទ្រង់​យ៉ាងដូចម្តេច ? ( សូមមើល ម៉ូសេ ១:១–១០, ២៤–៣៩; ៦:៣១–៣៩, ៤៧ ) ។ តើ​នៅ​ពេល​ណា​ដែល​អ្នកធ្លាប់​បាន​ឃើញ​ព្រះអម្ចាស់​ធ្វើ​ព្រះរាជកិច្ច​របស់ទ្រង់​តាមរយៈ​អ្នក ឬ​មនុស្ស​ដទៃទៀត ?

សម្រាប់​ព័ត៌មាន​បន្ថែម​អំពី​ជីវិត និង​ការងារបម្រើ​របស់​ម៉ូសេ សូមមើល « ម៉ូសេ » នៅក្នុង សេចក្តី​ណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ ។

និក្ខមនំ ៥–៦

ព្រះរាជបំណង​របស់​ព្រះអម្ចាស់​នឹង​ត្រូវបាន​បំពេញ​តាម​ពេលកំណត់​របស់ទ្រង់ ។

ទោះបីជា ម៉ូសេ បាន​ចូលទៅ​គាល់ ផារ៉ោន យ៉ាងក្លាហាន​ដូចព្រះ​បានបង្គាប់ ហើយ​ប្រាប់​ទ្រង់​ឲ្យ​ដោះលែង​សាសន៍​អ៊ីស្រាអែល​ក្ដី ផារ៉ោន​ក៏នៅតែ​បដិសេធន៍​ដែរ ។ ផ្ទុយទៅវិញ ទ្រង់​បាន​ធ្វើ​ឲ្យ​សាសន៍​អ៊ីស្រាអែល​រស់នៅ​កាន់តែលំបាក ។ ម៉ូសេ និង​សាសន៍​អ៊ីស្រាអែល​អាច​ឆ្ងល់ថា ហេតុអ្វី​រឿង​ទាំងឡាយ​មិន​ដំណើរការល្អ ទោះបីជា​នៅពេល​ម៉ូសេ បាន​ធ្វើ​អ្វី​ដែល​ព្រះ​បាន​បង្គាប់​លោក​ឲ្យ​ធ្វើក្តី ( សូមមើល និក្ខមនំ ៥:២២–២៣ ) ។

តើ​អ្នក​ដែល​ធ្លាប់​បានមានអារម្មណ៍​ថា​អ្នក​បាន​ធ្វើ​តាម​ព្រះទ័យ​របស់ព្រះហើយ ប៉ុន្តែ​មិន​បានឃើញ​ជោគជ័យ​ដូចដែល​អ្នក​បានរំពឹង​ទុក​ដែរ​ឬ​ទេ ? សូមពិនិត្យ និក្ខមនំ ៦:១–៨ ដោយរក​មើល​អ្វី ដែល​ព្រះអម្ចាស់​បាន​មាន​បន្ទូល​ដើម្បី​ជួយ​ម៉ូសេ​ឲ្យ​ស៊ូទ្រាំ ។ តើ​ព្រះអម្ចាស់​បាន​ជួយ​អ្នក​ពុះពារ​ក្នុង​ការធ្វើតាម​ព្រះទ័យ​របស់​ទ្រង់​យ៉ាងដូចម្តេច ?

និក្ខមនំ ៦:៣

តើ​ព្រះយេហូវ៉ា​ជា​នរណា ?

ព្រះយេហូវ៉ា គឺជា​ព្រះនាម​មួយ​នៃ​ព្រះនាម​របស់​ព្រះយេស៊ូវ គ្រីស្ទ ហើយ​សំដៅទៅលើ​ព្រះអង្គសង្រ្គោះ​មុនឆាកជីវិត​នេះ ។ ការបកប្រែ​ដោយ​យ៉ូសែប ស្ម៊ីធ បាន​បញ្ជាក់ថា ព្យាការី អ័ប្រាហាំ អ៊ីសាក និង​យ៉ាកុប បានស្គាល់​ព្រះអម្ចាស់​តាមរយៈព្រះនាម​នេះ ។ ជាធម្មតា​នៅពេលឃ្លា « ព្រះយេហូវ៉ា » សរសេរ​នៅក្នុង​ព្រះគម្ពីរ​សញ្ញាចាស់ វា​សំដៅទៅ​លើ​ព្រះអម្ចាស់ ។ នៅក្នុង និក្ខមនំ ៣:១៣–១៥ ចំណងជើង « អញ » ក៏​ជា​សេចក្តីយោង​ពី​ព្រះយេហូវ៉ា​ផងដែរ ( សូមមើល គោលលទ្ធិ និង សេចក្តីសញ្ញា ៣៨:១; ៣៩:១ ) ។

រូបភាព
រូបសញ្ញា​ការសិក្សា​ជា​គ្រួសារ

គំនិត​យោបល់​សម្រាប់​ការសិក្សា​ព្រះគម្ពីរ​ជា​គ្រួសារ និង​រាត្រី​ជួបជុំ​ក្រុមគ្រួសារ

និក្ខមនំ ១–២ ។មាន​ស្ត្រី​មួយចំនួន​បាន​ដើរតួ​យ៉ាងសំខាន់​នៅក្នុង​ផែនការ​របស់ព្រះ​ក្នុងការ​ចិញ្ចឹម​បីបាច់​អ្នករំដោះ​អ៊ីស្រាអែល ។ ជាក្រុមគ្រួសារ អ្នក​អាច​អាន​អំពី​ស្រ្តី​ជាឆ្មប ឈ្មោះ នាង​ស៊ីប្រា និង នាង​ពូអា ( និក្ខមនំ ១:១៥–២០ ); ម្តាយ​របស់​ម៉ូសេ យ៉ុកិបិត និង​បងស្រី​របស់លោក​ឈ្មោះ​នាង​ម៉ារាម ( និក្ខមនំ ២:២–៩; ជនគណនា ២៦:៥៩ ); បុត្រី​របស់ ផារ៉ោន ( និក្ខមនំ ២:៥–៦, ១០ ) ហើយនិង​ប្រពន្ធ​របស់ម៉ូសេ នាង សេផូរ៉ា ( និក្ខមនំ ២:១៦–២១ ) ។ តើ​ស្រ្តី​ទាំងនេះ​ជួយ​ដល់​ផែនការ​របស់​ព្រះ​យ៉ាងដូចម្តេច ? តើ​បទពិសោធន៍​របស់​ពួកគាត់​រំឭក​យើង​អំពី​បេសកកម្ម​របស់​ព្រះយេស៊ូវ គ្រីស្ទយ៉ាងដូចម្តេច ? អ្នក​ក៏អាច​ប្រមូល​រូបភាព​នៃ​សាច់ញាតិ និង​បុព្វការីជន​ជាស្រ្តី ហើយចែកចាយ​ដំណើររឿង​អំពី​ពួកគាត់ ។ តើ​យើង​ត្រូវបាន​ប្រទានពរជ័យ​ដោយ​ស្រ្តី​សុចរិត​យ៉ាងដូចម្តេច ? សារលិខិត​របស់​ប្រធាន រ័សុល អិម ណិលសុន « A Plea to My Sisters » ( Liahona ខែ វិច្ឆិការ ឆ្នាំ ២០១៥ ទំព័រ ៩៥–៩៨ ) អាចបន្ថែម​ទៅក្នុង​ការពិភាក្សា​របស់អ្នក ។

និក្ខមនំ ៣:១–៦ ។នៅពេល​ម៉ូសេ ចូលទៅជិត​គុម្ពបន្លា​ដែល​កំពុងឆេះ ព្រះអម្ចាស់​បានប្រាប់​លោកឲ្យ​ដោះស្បែកជើង​លោកចេញ​ជាសញ្ញា​នៃ​ការគោរព ។ តើ​យើង​អាច​បង្ហាញ​ការគោរព​ចំពោះ​កន្លែង​ពិសិដ្ឋ​យ៉ាងដូចម្តេច ? ឧទាហរណ៍ តើ​យើង​អាច​ធ្វើ​អ្វី​ដើម្បី​ឲ្យ​គេហដ្ឋាន​របស់​យើង​ក្លាយជា​កន្លែង​ពិសិដ្ឋ​ដែល​ព្រះវិញ្ញាណ​របស់​ព្រះអម្ចាស់អាច​គង់​នៅបាន​យ៉ាងដូចម្តេច ? តើ​យើង​អាច​បង្ហាញ​ការគោរព​កាន់តែច្រើន​នៅកន្លែង​ពិសិដ្ឋ​ផ្សេងទៀត​យ៉ាងដូចម្តេច ?

និក្ខមនំ ៤:១–៩ ។ព្រះអម្ចាស់​បានប្រទាន​ព្រះចេស្តា​ឲ្យ​ម៉ូសេ ដើម្បី​បង្កើត​អព្ភូតហេតុ​ចំនួនបី​ជា​ទីសម្គាល់​ដើម្បី​បង្ហាញ​កូនចៅ​នៃ​អ៊ីស្រាអែល​ថា​ទ្រង់​បាន​បញ្ជូន​ម៉ូសេ​មក ។ តើ​ទីសម្គាល់​នេះ​បង្រៀន​យើង​អ្វី​ខ្លះ​អំពី​ព្រះយេស៊ូវគ្រីស្ទ ?

និក្ខមនំ ៥:២ ។តើ​វា​អាច​មាន​ន័យ​យ៉ាងណាចំពោះយើង​ដើម្បី « ស្គាល់ » ព្រះអម្ចាស់ ? តើ​យើង​អាច​ស្គាល់​ទ្រង់​យ៉ាងដូចម្តេច ? ( ឧទាហរណ៍ សូមមើល អាលម៉ា ២២:១៥–១៨ ) ។ តើ​ទំនាក់ទំនង​របស់​យើង​ជាមួយ​ទ្រង់​មាន​ឥទ្ធិពលទៅ​លើ​បំណង​ប្រាថ្នា​របស់​យើង​ដើម្បី​គោរពប្រតិបត្តិ​ទ្រង់​យ៉ាងដូចម្តេច ? ( សូមមើល​ ផងដែរ យ៉ូហាន ១៧:៣; ម៉ូសាយ ៥:១៣ ) ។

សម្រាប់​គំនិត​បន្ថែម​ដើម្បី​បង្រៀន​ដល់​កុមារ សូមមើល គម្រោង​មេរៀន​ប្រចាំ​សប្ដាហ៍​នេះ​នៅក្នុងសៀវភៅ ចូរ​មក​តាម​ខ្ញុំ—សម្រាប់​ថ្នាក់​បឋមសិក្សា ។

ចម្រៀងដែលបាន​ស្នើ ៖ « គារវភាព​ជា​ក្តីស្នេហ៍ » សៀវភៅ​ចម្រៀង​កុមារ ទំព័រ ១២ ។

ការ​កែ​លម្អ​ការ​រៀន​សូត្ររបស់​យើង

រក្សា​កំណត់ហេតុ​សិក្សា​មួយ ។ អ្នក​អាច​ឃើញ​ថា វា​មាន​អត្ថប្រយោជន៍ ពេល​ប្រើ​សៀវភៅ​កំណត់ហេតុ ឬ​កំណត់​ចំណាំ​ដើម្បី​កត់ត្រា​យោបល់ គំនិត សំណួរ ឬ​ចំណាប់​អារម្មណ៍​ដែល​កើត​មាន ខណៈ​ពេល​ដែលអ្នក​សិក្សា ។

រូបភាព
បុត្រី​របស់​ផារ៉ោន​ប្រទះឃើញ​ទារក​ម៉ូសេ

បុត្រី​របស់​ផារ៉ោន ប្រទះឃើញ​ម៉ូសេ​នៅក្នុង​ដើម​បបុស ដោយ ចច សូបឺ