ព្រះគម្ពីរ​សញ្ញាថ្មី ឆ្នាំ ២០២៣
ថ្ងៃទី ១៨–២៤ ខែ កញ្ញា ។ កូរិនថូស ទី២ ៨–១៣ ៖ « ព្រះ​ទ្រង់​ស្រឡាញ់​ដល់​អ្នកណា​ដែល​ថ្វាយ​ដោយ​អំណរ »


« ថ្ងៃទី ១៨–២៤ ខែ កញ្ញា ។ កូរិនថូស ទី២ ៨–១៣ ៖ ‹ ព្រះ​ទ្រង់​ស្រឡាញ់​ដល់​អ្នកណា​ដែល​ថ្វាយ​ដោយ​អំណរ › » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​សាលា​ថ្ងៃ​អាទិត្យ ៖ ព្រះគម្ពីរ​សញ្ញាថ្មី ឆ្នាំ ២០២៣ ( ឆ្នាំ​២០២២ )

« ថ្ងៃទី ១៨–២៤ ខែ កញ្ញា ។ កូរិនថូស ទី២ ៨–១៣ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​សាលា​ថ្ងៃ​អាទិត្យ ៖ ឆ្នាំ ២០២៣

រូបភាព
ព្រះយេស៊ូវ​កំពុង​មាន​បន្ទូល​ទៅកាន់​កុមារ​តូច

ថ្ងៃទី ១៨–២៤ ខែ កញ្ញា

កូរិនថូស ទី២ ៨–១៣

« ព្រះ​ទ្រង់​ស្រឡាញ់​ដល់​អ្នកណា​ដែល​ថ្វាយ​ដោយ​អំណរ »

នៅពេល​បងប្អូន​អាន កូរិនថូស ទី២ ៨–១៣ សូម​គិត​អំពី​មនុស្ស​ដែល​បងប្អូន​បង្រៀន ហើយ​ដាក់​ផែនការ​សកម្មភាព​ដែល​នឹង​ជួយ​ពួកគេ ឲ្យ​រកឃើញ​គោលការណ៍​នានា​នៅក្នុង​ជំពូក​ទាំងនេះ ។ បន្ទាប់​មក សូម​រំឭក​គម្រោង​មេរៀន​នេះ​ឡើង​វិញ​ដើម្បី​ទទួល​បាន​គំនិត​បន្ថែម​ទៀត ។

រូបភាព
រូប​តំណាង​ការចែកចាយ

អញ្ជើញ​ឲ្យ​ចែកចាយ

នេះ​គឺជា​របៀប​មួយ​ដើម្បី​អញ្ជើញ​សមាជិក​ក្នុង​ថ្នាក់ ឲ្យ​ចែកចាយ​អ្វី​ដែល​ពួកគេ​បាន​រៀន​មកពី កូរិនថូស ទី២ ៨–១៣ ៖ សូម​ឲ្យ​ពួកគេ​ពីរបី​នាក់​សរសេរ​ឃ្លា​ចំណូល​ចិត្ត​មកពី​ការអាន​របស់​ពួកគេ​ដាក់​នៅលើ​ក្ដារខៀន ហើយ​ចែកចាយ​មូលហេតុ​ដែល​ឃ្លា​ទាំងនេះ​មាន​អត្ថន័យ​ចំពោះ​ពួកគេ ។

រូបភាព
រូប​តំណាង​ការបង្រៀន

បង្រៀន​គោលលទ្ធិ

កូរិនថូស ទី២ ៨:១–១៥; ៩:៦–១៥

ពួកបរិសុទ្ធ​ចែកចាយ​អ្វី​ដែល​ពួកគេ​មាន​ដោយ​ក្ដីរីករាយ​ដើម្បី​ផ្ដល់​ពរជ័យ​ដល់​ជនក្រីក្រ និង​អ្នកខ្វះខាត ។

  • ព្រះ​បាន​បង្គាប់​ពួកបរិសុទ្ធ​របស់​ទ្រង់​ឲ្យ​ជួយ​មើលថែ​ដល់​អ្នក​ដែល​ខ្វះខាត ហើយ​វគ្គ​បទគម្ពីរ​នៅក្នុង កូរិនថូស ទី២ ៨–៩ អាច​បំផុស​គំនិត​សមាជិក​ក្នុង​ថ្នាក់​របស់​បងប្អូន​នៅក្នុង​ការខិតខំ​របស់​ពួកគេ ។ ដើម្បី​ជួយ​ពួកគេ​ឲ្យ​រកឃើញ​វគ្គ​បទគម្ពីរ​ទាំងនេះ បងប្អូន​អាច​សរសេរ​នៅលើ​ក្ដារខៀន​នូវ​សំណួរ​ដូចជា ហេតុអ្វី​យើង​ផ្ដល់ឲ្យ ? និង តើ​យើង​គួរ​ផ្ដល់ឲ្យ​តាម​របៀប​ណា ? សមាជិក​ក្នុង​ថ្នាក់​ពាក់​កណ្ដាល​អាច​ស្រាវជ្រាវ​រក​ចម្លើយ​នៅក្នុង កូរិនថូស ទី២ ៨:១–១៥ ហើយ​ពាក់​កណ្ដាល​ទៀត​អាច​ស្រាវជ្រាវ​នៅក្នុង កូរិនថូស ទី២ ៩:៦–១៥ ។ ( បងប្អូន​អាច​ពន្យល់​ថា នៅក្នុង ជំពូកទី ៨ ខទី ១–៥ ប៉ុល​បាន​ថ្លែង​អំពី​ពួកបរិសុទ្ធ​សាសន៍​ម៉ាសេដូន ទុកជា​ឧទាហរណ៍​នៃ​ការ​ផ្ដល់​ឲ្យ​យ៉ាង​សប្បុរស ) ។ តើ​គោលការណ៍​ដែល​ប៉ុល​បាន​បង្រៀន អាច​ជួយ​យើង​ឲ្យ​មើលថែ​ដល់​ជន​ក្រីក្រ និង​អ្នក​ខ្វះខាត​តាម​របៀប​ណា ?

កូរិនថូស ទី២ ១១:១–៤

យើង​គួរតែ​ផ្ដោតលើ « សេចក្តី​ទៀង​ត្រង់​ខាង​ឯ​ព្រះគ្រីស្ទ » ។

  • ពេល​ខ្លះ សមាជិក​សាសនាចក្រ​មាន​ការថប់​បារម្ភ​ជាមួយ​នឹង​តម្រូវការ​នៃ​ជីវិត—រួម​បញ្ចូល​ទាំង​អ្វី​ដែល​ពួកគេ​អាច​ឃើញ​ថា​ជា​តម្រូវការ​ក្នុង​ការធ្វើ​ជា​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​ម្នាក់​ផងដែរ ។ ដំបូន្មាន​របស់​ប៉ូល​អំពី « សេចក្តី​ទៀង​ត្រង់​ខាង​ឯ​ព្រះគ្រីស្ទ » ( កូរិនថូស ទី២ ១១:៣ ) អាច​ជួយ​បាន ។ ប្រហែល​ជា​បងប្អូន​អាច​អាន​រួមគ្នា​ក្នុង កូរិនថូស ទី២ ១១:៣ ហើយ​ពិភាក្សា​អំពី​អត្ថន័យ​នៃ​ឃ្លា « សេចក្តី​ទៀង​ត្រង់​ខាង​ឯ​ព្រះគ្រីស្ទ » ។ បងប្អូន​ក៏​អាចសូម​ឲ្យ​សមាជិក​ក្នុង​ថ្នាក់​ស្រមៃ​ថា ពួកគេ​ត្រូវបាន​អញ្ជើញ​ឲ្យ​សរសេរ​ការពិពណ៌នា​មួយ​អំពី​ដំណឹងល្អ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​សម្រាប់​សារព័ត៌មាន​មួយ ត្រឹមតែ ១០០ ពាក្យ​ប៉ុណ្ណោះ ។ សូម​ទុក​ពេល​ឲ្យ​ពួកគេ​សរសេរ​ការពិពណ៌នា​របស់​ពួកគេ ហើយ​អនុញ្ញាត​ឲ្យ​ពួកគេ​ចែកចាយ​ជាមួយ​គ្នា នូវ​អ្វី​ដែល​ពួកគេ​បាន​សរសេរ ។ ប្រសិនបើ​ពួកគេ​ត្រូវការ​ជំនួយ នោះ​ពួកគេ​អាច​យោងទៅ យ៉ូហាន ៣:១៦–១៧; នីហ្វៃ​ទី​៣ ២៧:១៣–២១; សេចក្ដី​ថ្លែងការណ៍​របស់​ប្រធាន ឌៀថើរ អេហ្វ អុជដូហ្វ នៅក្នុង « ធនធាន​បន្ថែម​ទាំងឡាយ » បាន ។ សមាជិក​ក្នុង​ថ្នាក់​អាច​ចែកចាយ​គំនិត​អំពី​របៀប​ដើម្បី « ធ្វើឲ្យ​ដំណើរ​ជីវិត [ របស់​យើង ] ឆ្ពោះ​ទៅរក​ភាពជា​សិស្ស​មាន​ភាពសាមញ្ញ » ។

កូរិនថូស ទី២ ១២:៥–១០

ព្រះគុណ​របស់​ព្រះអង្គ​សង្គ្រោះ​គឺ​គ្រប់គ្រាន់ ដើម្បី​ជួយ​យើង​ឲ្យ​រកឃើញ​កម្លាំង​នៅក្នុង​ភាពទន់ខ្សោយ​របស់​យើង ។

  • តើ​បងប្អូន​នឹង​និយាយ​អ្វី​ទៅកាន់​មិត្ត​ម្នាក់ ដែល​បាន​អធិស្ឋាន​សូម​ការសម្រាល​បន្ទុក​ចេញពី​សេចក្តី​កម្សោយ ប៉ុន្តែ​ទទួល​អារម្មណ៍​ថា ការអធិស្ឋាន​នេះ​មិន​បាន​ទទួល​ចម្លើយ​សោះ ? សូម​ពិចារណា​អញ្ជើញ​សមាជិក​ក្នុង​ថ្នាក់​ឲ្យ​សញ្ជឹង​គិត​ពី​សំណួរ​នេះ នៅពេល​ពួកគេ​អាន កូរិនថូស ទី២ ១២:៥–១០ ដោយ​ស្ងៀម​ស្ងាត់ ។ បន្ទាប់​មក ពួកគេ​អាច​ចែកចាយ​ការយល់ដឹង​ចេញពី​ខគម្ពីរ​ទាំងនេះ​ដែល​អាច​ជួយ​បាន​នៅក្នុង​ស្ថានភាព​នេះ ។ ពួកគេ​ក៏​អាច​ចែកចាយ​បទពិសោធន៍​នានា​ផងដែរ នៅពេល​ពួកគេ​បាន​រកឃើញ​កម្លាំង​នៅក្នុង​ភាពទន់ខ្សោយ​តាមរយៈ​ព្រះគុណ​របស់​ព្រះយេស៊ូវ​គ្រីស្ទ ឬ​ព្រះចេស្ដា និង​ជំនួយ​ដ៏ទេវភាព​របស់​ទ្រង់ ។ តើ​បទពិសោធន៍​នោះ​បាន​ជះ​ឥទ្ធិពល​ដល់​ជីវិត​របស់​ពួកគេ​យ៉ាង​ដូចម្ដេច ? ហេតុអ្វី​វា​សំខាន់​ដើម្បី​ទុកចិត្ត​លើ​ពេលវេលា​របស់​ព្រះអម្ចាស់ ?

រូបភាព
រូប​តំណាង​ធនធាន​ទាំងឡាយ

ធនធាន​បន្ថែម​ទាំងឡាយ

យើង​អាច​ចាប់ផ្ដើម​ធ្វើតាម​វិធីសាស្ត្រ​ងាយៗ​ក្នុង​ការរស់នៅ​តាម​ដំណឹងល្អ ។

ប្រធាន ឌៀថើរ អេហ្វ អុជដូហ្វ បាន​បង្រៀន ៖

« បងប្អូន​ប្រុស​ស្រី ការរស់នៅ​តាម​ដំណឹងល្អ​ពុំ​ចាំបាច់​មាន​ភាពសាំញ៉ាំ​នោះទេ ។

« វា​ពិតជា​ពុំ​មាន​ភាពស្មុគស្មាញ​ឡើយ ។ វា​អាច​ពិពណ៌នា​បាន​ដូច​ខាងក្រោម​នេះ ៖

  • ការស្ដាប់​ព្រះបន្ទូល​ព្រះ​ដោយ​មាន​ចិត្តស្មោះ នាំឲ្យ​យើង​ជឿលើ​ព្រះ ហើយ​ទុកចិត្ត​លើ​ការសន្យា​របស់​ទ្រង់ ។

  • ដរាប​ណា​យើង​កាន់តែ​ជឿ​លើ​ព្រះ នោះ​ចិត្ត​របស់​យើង​កាន់តែ​ពេញ​ដោយ​ក្ដី​ស្រឡាញ់​ចំពោះ​ទ្រង់ និង ចំពោះ​គ្នា​ទៅ​វិញ​ទៅ​មក ។

  • ដោយសារ​យើង​ស្រឡាញ់​ព្រះ នោះ​យើង​មាន​បំណង​ដើរតាម​ទ្រង់ ហើយ​ប្រព្រឹត្ត​ឲ្យ​ស្រប​ទៅ​តាម​ព្រះបន្ទូល​ទ្រង់ ។

  • ដោយសារ​យើង​ស្រឡាញ់​ព្រះ យើង​ចង់​បម្រើ​ទ្រង់ យើង​ចង់​ប្រទានពរ​ដល់​ជីវិត​មនុស្ស​ទូទៅ ហើយ​ជួយ​ជនក្រីក្រ និង​អ្នក​ខ្វះខាត ។

  • ដរាប​ណា​យើង​កាន់តែ​ដើរ​នៅ​លើ​មាគ៌ា​នៃ​ភាពជា​សិស្ស​នេះ នោះ​យើង​កាន់តែ​មាន​បំណង​រៀន​អំពី​ព្រះបន្ទូល​ព្រះ ។

« វា​ដំណើរការ​ដូចនេះ​ឯង ជំហាន​នីមួយៗ​នាំ​ទៅ​រក ហើយ​បំពេញ​យើង​ដោយ​សេចក្ដី​ជំនឿ សេចក្ដី​សង្ឃឹម និង​សេចក្ដី​សប្បុរស​កើនឡើង​ជា​ដរាប ។

« វា​មាន​ភាពសាមញ្ញ ហើយ​វា​ដំណើរការ​ទៅ​ដោយ​សាមញ្ញ ។

« បងប្អូន​ប្រុស​ស្រី បើ​បងប្អូន​គិត​ថា ដំណឹងល្អ​ពុំ​ផ្ដល់​ប្រយោជន៍​គ្រប់គ្រាន់​ដល់​បងប្អូន​ទេ ខ្ញុំ​សូម​អញ្ជើញ​បងប្អូន​ឲ្យ​ថយក្រោយ​បន្ដិច ក្រឡេក​មើល​ជីវិត​របស់​បងប្អូន​ពី​លើ​ទី​ខ្ពស់ រួច​ធ្វើ​ឲ្យ​ដំណើរ​ជីវិត​ឆ្ពោះ​ទៅ​រកភាព​ជា​សមាជិក​ក្នុង​ថ្នាក់​មាន​ភាពសាមញ្ញ ។ សូម​ផ្ដោត​អារម្មណ៍​លើ​គោលលទ្ធិ គោលការណ៍​សំខាន់ៗ និង​ការអនុវត្ត​នៃ​ដំណឹងល្អ ។ ខ្ញុំ​សូម​សន្យា​ថា ព្រះ​នឹង​ដឹកនាំ ហើយ​ប្រទាន​ពរ​បងប្អូន​នៅលើ​មាគ៌ា​ទៅកាន់​ជីវិត​ដ៏​ពេញលេញ ហើយ​ដំណឹងល្អ​នឹង​ពិតជា​ផ្ដល់​ប្រយោជន៍​កាន់តែ​ច្រើន​ដល់​បងប្អូន » ( « It Works Wonderfully » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៥ ទំព័រ ២២ ) ។

ការកែលម្អ​ការបង្រៀន​របស់​យើង

ធ្វើការ​រួមគ្នា​ជាមួយ​នឹង​សមាជិក​គ្រួសារ ។ « មនុស្ស​ដែល​មាន​ឥទ្ធិពល​ដ៏​មាន​អានុភាព​បំផុត​ទៅលើ​បុគ្គល​ម្នាក់​—សម្រាប់​សេចក្ដីល្អ ឬ​អាក្រក់​—ជាធម្មតា គឺជា​បងប្អូន​ទាំងឡាយ​ណា​ដែល​ស្ថិត​នៅក្នុង​គេហដ្ឋាន​របស់​ពួកគេ ។ ដោយសារ​តែ​គេហដ្ឋាន​ជា​ស្នូល​គ្រឹះ​នៅក្នុង​ការរស់នៅ និង​ការរៀន​ដំណឹងល្អ នោះ​កិច្ចខិតខំ​របស់​បងប្អូន​ដើម្បី​ពង្រឹង​ដល់​សមាជិក​ក្នុង​ថ្នាក់​នឹង​មាន​ប្រសិទ្ធភាព​បំផុត នៅពេល​បងប្អូន​ធ្វើការ​រួមគ្នា​ជាមួយ​នឹង … សាច់ញាតិ​គ្រួសារ » ( ការបង្រៀន​តាម​របៀប​របស់​ព្រះអង្គ​សង្គ្រោះ ទំព័រ  ) ។