ព្រះគម្ពីរ​សញ្ញាថ្មី ឆ្នាំ ២០២៣
ថ្ងៃទី ៤–១០ ខែ កញ្ញា ។ កូរិនថូស ទី១ ១៤–១៦ ៖ « ព្រះ​ទ្រង់​មិនមែន​ជា​ព្រះ​នៃ​សេចក្តី​វឹកវរ​ទេ គឺ​ទ្រង់​ជា​ព្រះ​នៃ​សេចក្តី​សុខសាន្ត​វិញ »


« ថ្ងៃទី ៤–១០ ខែ កញ្ញា ។ កូរិនថូស ទី១ ១៤–១៦ ៖ ‹ ព្រះ​ទ្រង់​មិនមែន​ជា​ព្រះ​នៃ​សេចក្តី​វឹកវរ​ទេ គឺ​ទ្រង់​ជា​ព្រះ​នៃ​សេចក្តី​សុខសាន្ត​វិញ › » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​សាលា​ថ្ងៃ​អាទិត្យ ៖ ព្រះគម្ពីរ​សញ្ញាថ្មី ឆ្នាំ ២០២៣ ( ឆ្នាំ ២០២២ )

« ថ្ងៃទី ៤–១០ ខែ កញ្ញា ។ កូរិនថូស ទី១ ១៤–១៦ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​សាលា​ថ្ងៃ​អាទិត្យ ៖ ឆ្នាំ ២០២៣

រូបភាព
អាង​ជ្រមុជ​ទឹក​ព្រះវិហារ​បរិសុទ្ធ

ថ្ងៃទី ៤–១០ ខែ កញ្ញា

កូរិនថូស ទី១ ១៤–១៦

« ព្រះ​ទ្រង់​មិនមែន​ជា​ព្រះ​នៃ​សេចក្តី​វឹកវរ​ទេ គឺ​ទ្រង់​ជា​ព្រះ​នៃ​សេចក្តី​សុខសាន្ត​វិញ »

ពីមុន​រំឭក​គម្រោង​មេរៀន​នេះ​ឡើង​វិញ សូម​អាន កូរិនថូស ទី១ ១៤–១៦ ។ សូម​កត់ត្រា​ការបំផុស​គំនិត​របស់​បងប្អូន​អំពី​សេចក្ដីពិត​អ្វីខ្លះ ដែល​នឹង​ជួយ​ដល់​សមាជិក​ក្នុង​ថ្នាក់​របស់​បងប្អូន ហើយ​បន្ត​ស្វែងរក​ការដឹកនាំ​បន្ថែម​ទៀត​មកពី​ព្រះវិញ្ញាណ នៅ​អំឡុង​សប្ដាហ៍​នេះ ។

រូបភាព
រូប​តំណាង​ការចែកចាយ

អញ្ជើញ​ឲ្យ​ចែកចាយ

សូម​ទុក​ពេល​ពីរបី​នាទី​ឲ្យ​សមាជិក​ក្នុង​ថ្នាក់​រំឭក កូរិនថូស ទី១ ១៤–១៦ ឡើង​វិញ ហើយ​ស្វែងរក​ខគម្ពីរ​មួយ ដែល​ពួកគេ​មាន​អារម្មណ៍​ថា​មាន​អត្ថន័យ​ជាពិសេស ។ សូម​អញ្ជើញ​ពួកគេ​ឲ្យ​ដើររក​នរណាម្នាក់​នៅក្នុង​ថ្នាក់ ដែល​ពួកគេ​អាច​ចែកចាយ​ខគម្ពីរ​របស់​ពួកគេ​ជាមួយ​បាន ហើយ​ពន្យល់​អំពី​ហេតុផល​ដែល​ពួកគេ​បាន​ជ្រើសរើស​ខគម្ពីរ​នោះ ។

រូបភាព
រូប​តំណាង​ការបង្រៀន

បង្រៀន​គោលលទ្ធិ

កូរិនថូស ទី១ ១៤

នៅពេល​យើង​ជួបជុំ​គ្នា នោះ​យើង​គួរតែ​ខិតខំ​ដើម្បី​ស្អាង​គ្នា​ទៅវិញ​ទៅមក ។

  • សូម​ពិចារណា​ប្រើ​ការបង្រៀន​របស់​ប៉ុល​នៅក្នុង កូរិនថូស ទី១ ១៤ ដើម្បី​រំឭក​សមាជិក​ក្នុង​ថ្នាក់​ថា យើង​ទាំងអស់​គ្នា​អាច​ស្អាង—ឬ​គាំទ្រ ហើយ​លើក​ស្ទួយ—គ្នា​ទៅវិញ​ទៅមក​នៅ​ឯ​ព្រះវិហារ​បាន ។ វិធី​ដ៏​សាមញ្ញ​មួយ​ដើម្បី​រំឭក​ជំពូក​នេះ​ឡើងវិញ អាច​ជា​ការសរសេរ​សំណួរ​មួយ​នៅលើ​ក្ដារខៀន ដូចជា​សំណួរ​ថា តើ​គោលដៅ​របស់​យើង​គួរជា​អ្វីទៅ នៅពេល​យើង​ជួបជុំ​គ្នា ? សូម​អញ្ជើញ​សមាជិក​ក្នុង​ថ្នាក់​ឲ្យ​ស្រាវជ្រាវ​រក​ចម្លើយ​ដែល​អាច​មាន​នៅក្នុង កូរិនថូស ទី១ ១៤ ។ គំនិត​ផ្សេងទៀត​អាច​រកបាន​នៅក្នុង មរ៉ូណៃ ៦:៤–៥ និង គោលលទ្ធិ និង សេចក្ដី​សញ្ញា ៥០:១៧–២៣ ។ នៅពេល​សមាជិក​ក្នុង​ថ្នាក់​ចែកចាយ​អ្វី​ដែល​ពួកគេ​បាន​រកឃើញ សូម​ពិចារណា​សួរ​ថា តើ​ពួកគេ​មាន​អារម្មណ៍​ថា​សមាជិក​ក្នុង​ថ្នាក់​របស់​បងប្អូន​ធ្វើ​បាន​ល្អ​ប៉ុណ្ណា​ដែរ ក្នុង​ការសម្រេច​គោលដៅ​ទាំងនេះ ។ ពួកគេ​ក៏អាច​ចែកចាយ​បទពិសោធន៍​នានា ដែល​ពួកគេ​បាន​ទទួល​អារម្មណ៍​ថា បាន​ស្អាង​ឡើង​ដោយសារ​អ្វីមួយ​ដែល​សមាជិក​ក្នុង​ថ្នាក់​ម្នាក់​បាន​ចែកចាយ​ផងដែរ ។

កូរិនថូស ទី១ ១៥

ដោយសារ​ព្រះយេស៊ូវ​មាន​ព្រះជន្ម​រស់​ឡើងវិញ នោះ​យើង​ទាំងអស់​គ្នា​នឹង​រស់​ឡើងវិញ​ផងដែរ ។

  • តើ​បងប្អូន​អាច​ប្រើ​ទីបន្ទាល់​របស់​ប៉ុល​នៅក្នុង កូរិនថូស ទី១ ១៥ ដើម្បី​ពង្រឹង​ដល់​ទីបន្ទាល់​របស់​សមាជិក​ក្នុង​ថ្នាក់​បងប្អូន​អំពី​ការរស់​ឡើង​វិញ​តាម​របៀប​ណា ? វិធី​មួយ​អាច​ជា​ការបំបែក​សមាជិក​ក្នុង​ថ្នាក់​ជា​ពីរ​ក្រុម ហើយ​សូមឲ្យ​ក្រុម​នីមួយៗ​មើល​នៅក្នុង កូរិនថូស ទី១ ១៥ រកមើល​លទ្ធផល​ដែល​យើង​នឹង​ជួប​ប្រទះ ប្រសិនបើ​ព្រះយេស៊ូវ​គ្រីស្ទ​ពុំបាន​មាន​ព្រះជន្ម​រស់​ឡើងវិញ​ទេ​នោះ ។ ក្រុម​ផ្សេង​ទៀត​អាច​រកមើល​ពរជ័យ​ដែល​យើង​ទទួល​បាន ដោយសារ​ការមាន​ព្រះជន្ម​រស់​ឡើងវិញ​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។ បន្ទាប់​មក ក្រុម​នីមួយៗ​អាច​សរសេរ​នៅលើ​ក្ដារខៀន​នូវ​អ្វី​ដែល​ពួកគេ​បាន​រៀនសូត្រ ។ តើ​ពួកគេ​អាច​បន្ថែម​អ្វីខ្លះ​ទៅលើ​បញ្ជី​របស់​ពួកគេ បន្ទាប់​ពី​អាន​សេចក្ដី​ថ្លែង​ការណ៍​របស់​អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន នៅក្នុង « ធនធាន​បន្ថែម​ទាំងឡាយ » ហើយ ? ដើម្បី​ជួយ​សមាជិក​ក្នុង​ថ្នាក់​ឲ្យ​មាន​អារម្មណ៍​ពី​ព្រះវិញ្ញាណ​អំឡុង​ការពិភាក្សា​នេះ សូម​ពិចារណា​ដាក់​បង្ហាញ​រូបភាព​មួយ​របស់​ព្រះអង្គ​សង្គ្រោះ ដែល​បាន​មាន​ព្រះជន្ម​រស់​ឡើងវិញ ( សូមមើល គម្រោង​មេរៀន​សប្ដាហ៍​នេះ នៅក្នុង ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ ) ឬ​ចាក់ ឬ​ច្រៀង​ទំនុក​តម្កើង​មួយ​អំពី​ការរស់​ឡើងវិញ ។

  • ដោយសារ​ប៉ុល​កំពុង​ឆ្លើយតប​ទៅកាន់​ប្រជាជន ដែល​មិន​បាន​ជឿ​លើ​ការរស់​ឡើងវិញ នោះ​សមាជិក​ក្នុង​ថ្នាក់​អាច​ទទួល​បាន​ប្រយោជន៍​មកពី​ការដើរ​តួសម្ដែង​អំពី​ស្ថានភាព​ស្រដៀង​គ្នា​មួយ ។ ឧទាហរណ៍ តើ​ពួកគេ​អាច​ពង្រឹង​សេចក្ដី​ជំនឿ​ទៅលើ​ការរស់​ឡើងវិញ​របស់​មនុស្ស​ជាទី​ស្រឡាញ់​ម្នាក់​តាម​របៀបណា ? តើ​យើង​រកឃើញ​អ្វីខ្លះ​នៅក្នុង កូរិនថូស ទី១ ១៥ ដែល​នឹង​ជួយ​យើង​ឲ្យ​ពន្យល់​អំពី​សេចក្ដី​ត្រូវការ​ដើម្បី​មាន​ការរស់​ឡើងវិញ និង​ភស្ដុតាង​នៃ​ការរស់​ឡើងវិញ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ ? តើ​បទគម្ពីរ​ផ្សេងទៀត​ណាខ្លះ​ដែល​យើង​អាច​ប្រើ​បាន ? ( ឧទាហរណ៍ សូមមើល លូកា ២៤:១–១២, ៣៦–៤៦; អាលម៉ា ១១:៤២–៤៥ ) ។

    រូបភាព
    ថ្ងៃ​រះ

    ប៉ុល​បាន​បង្រៀន​អំពី​ការរស់​ឡើងវិញ ដោយ​ការប្រៀប​ធៀប​ថា « រូបកាយ​នៅ​ស្ថានសួគ៌ » គឺ​ដូចជា​ព្រះអាទិត្យ ( កូរិនថូស ទី១ ១៥:៤០ ) ។

  • កូរិនថូស ទី១ ១៥ គឺជា​កន្លែង​មួយ​ក្នុង​ចំណោម​កន្លែង​កម្រ​មួយ​ចំនួន​នៅក្នុង​ព្រះគម្ពីរ ដែល​បាន​លើកឡើង​អំពី​ពិធីបុណ្យ​ជ្រមុជទឹក​សម្រាប់​មរណជន ( សូមមើល ខទី ២៩; សូមមើល​ផងដែរ គោលលទ្ធិ និង សេចក្ដី​សញ្ញា ១២៨:១៨ ) ។ ប្រហែល​ជា​សមាជិក​ក្នុង​ថ្នាក់​អាច​ចែកចាយ​អំណរ ដែល​ពួកគេ​ធ្លាប់​បាន​ដក​ពិសោធន៍​ក្នុង​ការធ្វើ​បុណ្យ​ជ្រមុជទឹក ឬ​ពិធីបរិសុទ្ធ​ផ្សេងទៀត​សម្រាប់​បុព្វការីជន​របស់​ពួកគេ ។ ហេតុអ្វី​បានជា​ប៉ុល​យោងទៅ​ពិធីបុណ្យ​ជ្រមុជ​ទឹក​សម្រាប់​មរណជន ទុកជា​ភស្ដុតាង​អំពី​ការរស់​ឡើងវិញ ? ប្រសិនបើ​វា​នឹង​ជា​ជំនួយ​ដល់​ការពិភាក្សា​អំពី​មូលហេតុ ដែល​ចាំបាច់​ត្រូវមាន​ពិធី​បុណ្យ​ជ្រមុជ​ទឹក​សម្រាប់​មរណជន នោះ​សូមមើល​អត្ថបទ​នៅក្នុង Gospel Topics « Baptisms for the Dead » ( នៅលើ​គេហទំព័រ topics.ChurchofJesusChrist.org ) ។ វីដេអូ « Glad Tidings: The History of Baptisms for the Dead » ( នៅលើ​គេហទំព័រ ChurchofJesusChrist.org ) ពន្យល់​អំពី​របៀប​ដែល​គោលការណ៍​នេះ​ត្រូវបាន​ស្ដារឡើង​វិញ​នៅ​ជំនាន់​របស់​យើង ។

រូបភាព
រូប​តំណាង​ធនធាន​ទាំងឡាយ

ធនធាន​បន្ថែម​ទាំងឡាយ

សារៈសំខាន់​នៃ​ការរស់​ឡើងវិញ ។

អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន បាន​បង្រៀន ៖

« សូម​គិត​បន្តិច​អំពី​អត្ថន័យ​ពិត​នៃ​ដំណើរ​រស់​ឡើងវិញ​ក្នុង​ការដោះស្រាយ​សម្រាប់​បុគ្គល​ម្នាក់ និង​ទាំងអស់គ្នា​អំពី​អត្តសញ្ញាណ​ពិត​របស់​ព្រះយេស៊ូវ​នៃ​ណាសារ៉ែត និង​ការប្រឆាំង​ខាង​ចិត្តវិទ្យា និង​សំណួរ​នៃ​ជីវិត ។ បើ​ព្រះយេស៊ូវ​ពិតជា​មាន​ព្រះជន្ម​រស់​ឡើង​វិញ​មែន វា​ចាំបាច់​ត្រូវ​ជឿ​ថា ទ្រង់​ជា​សភាវៈអាទិទេព ។ គ្មាន​មនុស្ស​លោក​ណា​ម្នាក់​មាន​អំណាច​ដោយខ្លួន​ឯង​ដើម្បី​មាន​ជីវិត​ម្ដងទៀត ក្រោយពី​ការស្លាប់​នោះ​ឡើយ ។ ដោយសារ​ទ្រង់​បាន​មាន​ព្រះជន្ម​រស់ឡើង​វិញ នោះ​ព្រះយេស៊ូវ​មិន​មែន​ត្រឹមតែ​ជា​ជាងឈើ គ្រូបង្រៀន គ្រូគង្វាល ឬ​ព្យាការី​ម្នាក់​នោះទេ ។ ដោយសារ​ទ្រង់​បាន​មាន​ព្រះជន្ម​រស់ឡើងវិញ នោះ​ព្រះយេស៊ូវ​ត្រូវតែ​ជា​ព្រះ​មួយ​អង្គ គឺ​ព្រះ​រាជបុត្រា​តែ​មួយ​គត់​របស់​ព្រះវរបិតា ។

ហេតុដូច្នេះ​ហើយ អ្វី​ដែល​ទ្រង់​បង្រៀន​គឺ​ពិត ព្រះ​មិន​អាច​កុហក​ឡើយ ។

ហេតុដូច្នេះ​ហើយ ទ្រង់​ជា​ព្រះ​ដ៏​បង្ក​បង្កើត​ផែនដី ដូច​ដែល​ទ្រង់​មាន​បន្ទូល​ហើយ ។

ហេតុដូច្នេះ​ហើយ ស្ថានសួគ៌ និង​ស្ថាននរក​មា​ន​ពិត​មែន ដូច​ទ្រង់​ត្រាស់​បង្រៀន​ហើយ ។

ហេតុដូច្នេះ​ហើយ មាន​ពិភព​វិញ្ញាណ​ដែល​ទ្រង់​បាន​យាង​ទៅ បន្ទាប់​ពី​ការសុគត ។

ហេតុដូច្នេះ​ហើយ ទ្រង់​នឹង​យាង​មក​ម្ដង​ទៀត ដូច​ដែល​ទេវតា​បាន​មាន​បន្ទូល ហើយ ‹ សោយរាជ្យ​នៅ​លើ​ផែនដី​ផ្ទាល់ › ។

« ហេតុ​ដូច្នេះ​ហើយ មាន​ដំណើរ​រស់​ឡើងវិញ និង​ការជំនុំ​ជម្រះ​ចុងក្រោយ​ដល់​មនុស្ស​ទាំងពួង » ( « The Resurrection of Jesus Christ » Liahona ខែ ឧសភា ឆ្នាំ ២០១៤ ទំព័រ ១១៣ ) ។

ការកែលម្អ​ការបង្រៀន​របស់​យើង

ស្គាល់​អស់​មនុស្ស​ទាំងឡាយ​ដែល​បងប្អូន​បង្រៀន ។ គ្មាន​មនុស្ស​ពីរ​នាក់​ណា​មាន​ចរិត​ដូចគ្នា​ឡើយ សមាជិក​ក្នុង​ថ្នាក់​ម្នាក់ៗ​ដែល​បងប្អូន​បង្រៀន​មាន​បទពិសោធន៍ ទស្សនវិស័យ និង​ទេពកោសល្យ​វិសេស​ខុសៗ​គ្នា ។ សូម​អធិស្ឋាន​ដើម្បី​ដឹង​ពីរបៀប​ដែល​បងប្អូន​អាច​ប្រើ​អ្វីៗ​ទាំងនេះ ដើម្បី​ធ្វើឲ្យ​សមាជិក​ក្នុង​ថ្នាក់​របស់​បងប្អូន​ចូលរួម​ក្នុង​មេរៀន ។ នៅពេល​បងប្អូន​យល់​អំពី​សមាជិក​ដែល​បងប្អូន​បង្រៀន​បាន​កាន់តែ​ច្បាស់ នោះ​បងប្អូន​អាច​បង្កើត​គ្រា​នៃ​ការបង្រៀន​មួយ​ដ៏មាន​ន័យ ហើយ​គួរឲ្យ​ចងចាំ​សម្រាប់​ពួកគេ ( សូមមើល ការបង្រៀន​តាម​របៀប​របស់​ព្រះអង្គ​សង្គ្រោះ ទំព័រ  ) ។