ព្រះគម្ពីរ​សញ្ញាថ្មី ឆ្នាំ ២០២៣
ថ្ងៃទី ១១–១៧ ខែ កញ្ញា ។ កូរិនថូស ទី២ ១–៧ ៖ « ចូរ​ឲ្យ​បាន​ជា​មេត្រី​នឹង​ព្រះ​ចុះ »


« ថ្ងៃទី ១១–១៧ ខែ កញ្ញា ។ កូរិនថូស ទី២ ១–៧ ៖ ‹ ចូរ​ឲ្យ​បាន​ជា​មេត្រី​នឹង​ព្រះ​ចុះ › » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​សាលា​ថ្ងៃ​អាទិត្យ ៖ ព្រះគម្ពីរ​សញ្ញាថ្មី ឆ្នាំ ២០២៣ ( ឆ្នាំ ២០២២ )

« ថ្ងៃទី ១១–១៧ ខែ កញ្ញា ។ កូរិនថូស ទី២ ១–៧ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​សាលា​ថ្ងៃ​អាទិត្យ ៖ ឆ្នាំ ២០២៣

រូបភាព
ព្រះយេស៊ូវ​គ្រីស្ទ

ថ្ងៃទី ១១–១៧ ខែ កញ្ញា

កូរិនថូស ទី២ ១–៧

« ចូរ​ឲ្យ​បាន​ជា​មេត្រី​នឹង​ព្រះ​ចុះ »

នៅពេល​បងប្អូន​អាន កូរិនថូស ទី២ ១–៧ នៅ​សប្ដាហ៍​នេះ សូម​គិត​អំពី​សមាជិក​ក្នុង​ថ្នាក់​ជាក់លាក់—ដែល​មក​ថ្នាក់រៀន និង​បងប្អូន​ដែល​មិន​បាន​មក ។ តើ​គោលការណ៍​ទាំងឡាយ​នៅក្នុង​ជំពូក​ទាំងនេះ​ផ្ដល់​ពរជ័យ​ដល់​ពួកគេ​តាម​របៀប​ណា ?

រូបភាព
រូប​តំណាង​ការចែកចាយ

អញ្ជើញ​ឲ្យ​ចែកចាយ

សមាជិក​ក្នុង​ថ្នាក់​អាច​ទទួល​បាន​ប្រយោជន៍​មកពី​ការស្ដាប់​យោបល់​គ្នា​ទៅវិញ​ទៅមក អំពី​របៀប​ដើម្បី​ធ្វើឲ្យ​ការសិក្សា​ព្រះគម្ពីរ​របស់​ពួកគេ​កាន់តែ​មាន​ប្រសិទ្ធភាព​ជាងមុន ។ សូម​ផ្ដល់​ពេល​ពីរបី​នាទី​សម្រាប់​សកម្មភាព​នេះ​ម្ដងហើយ​ម្ដងទៀត ។

រូបភាព
រូប​តំណាង​ការបង្រៀន

បង្រៀន​គោលលទ្ធិ

កូរិនថូស ទី២ ១:៣–៧; ៤:៦–១០, ១៧–១៨; ៧:៤–៧

ការសាកល្បង​របស់​យើង​អាច​ជា​ពរជ័យ​មួយ ។

  • បទពិសោធន៍​ដែល​ប៉ុល​បាន​ពិពណ៌នា និង​ពាក្យ​ទូន្មាន​ដែល​លោក​បាន​ផ្ដល់ឲ្យ​នៅក្នុង កូរិនថូស ទី២ អាច​ជួយ​សមាជិក​ក្នុង​ថ្នាក់​ឲ្យ​គិត​អំពី​ពរជ័យ​ទាំងឡាយ ដែល​អាច​កើត​ចេញពី​ការសាកល្បង​របស់​ពួកគេ ។ ដើម្បី​ចាប់ផ្ដើម​ការពិភាក្សា​មួយ បងប្អូន​អាច​សូម​ឲ្យ​សមាជិក​ក្នុង​ថ្នាក់​ម្នាក់​មកកាន់​ថ្នាក់រៀន ដោយ​ត្រៀមខ្លួន​ដើម្បី​និយាយ​អំពី​ការសាកល្បង​មួយ ដែល​បាន​ផ្ដល់​ពរជ័យ​ដល់​ជីវិត​របស់​គាត់ ឬ​នាង ឬ​អ្វី​ដែល​គាត់ ឬ​នាង​បាន​រៀន​មកពី​នរណា​ម្នាក់​ទៀត​ដែល​បាន​ស៊ូទ្រាំ​នឹង​ការសាកល្បង​មួយ ។ បន្ទាប់​មក បងប្អូន​អាច​ទុក​ពេល​ពីរបី​នាទី​ឲ្យ​សមាជិក​ក្នុង​ថ្នាក់​ដើម្បី​រំឭក​ឡើងវិញ​ក្នុង កូរិនថូស ទី២ ១:៣–៧; ៤:៦–១០, ១៧–១៨ និង ៧:៤–៧ ដោយ​រកមើល​អ្វី​ដែល​ប៉ុល​បាន​បង្រៀន​អំពី​គោលបំណង និង​ពរជ័យ​នៃ​ការសាកល្បង ។ សូម​ឲ្យ​សមាជិក​ក្នុង​ថ្នាក់​ចែកចាយ​ពី​អ្វី​ដែល​ពួកគេ​បាន​រកឃើញ ។ បងប្អូន​អាច​ណែនាំ​ពួកគេ​ឲ្យ​អាន​ឮៗ​នូវ​ខគម្ពីរ ដែល​ពួកគេ​បាន​រកឃើញ​ការបង្រៀន​ជាក់លាក់​មួយ រួចហើយ​ចែកចាយ​បទពិសោធន៍ ឬ​ទីបន្ទាល់​មួយ​ដែល​ទាក់ទង​នឹង​ការបង្រៀន​នោះ ។

  • ដើម្បី​បន្ថែម​ដល់​ការពិភាក្សា​របស់​បងប្អូន សូម​ពិចារណា​ច្រៀង​រួមគ្នា​ជាមួយ​នឹង​សមាជិក​ក្នុង​ថ្នាក់​នូវ​ទំនុក​តម្កើង​ដែល​ពួកគេ​ចូលចិត្ត ដែល​ថ្លែង​ទីបន្ទាល់​អំពី​ការលួងលោម​ចិត្ត និង​ពរជ័យ​ដែល​ព្រះវរបិតា​សួគ៌ និង​ព្រះអង្គ​សង្គ្រោះ​ប្រទាន​ដល់​យើង​នៅ​គ្រា​នៃ​ការសាកល្បង—ដូចជា​បទ « គ្រឹះ​ដ៏​មាំមួន » ( ទំនុក​តម្កើង ល.រ. ៣៧ ) ។ បន្ទាប់ពី​ច្រៀង​រួមគ្នា​រួច​ហើយ បងប្អូន​អាច​អញ្ជើញ​សមាជិក​ក្នុង​ថ្នាក់​ឲ្យ​រកមើល​ឃ្លា​មួយ​នៅក្នុង កូរិនថូស ទី២ ១ និង  ដែល​ពួកគេ​ទទួល​អារម្មណ៍​ថា​ស័ក្ដិសម​នឹង​សារលិខិត​នៃ​ទំនុក​តម្កើង​នេះ ។

កូរិនថូស ទី២ ២:៥–១១

ការអភ័យទោស​គឺជា​ពរជ័យ​មួយ ដែល​យើង​ផ្ដល់ឲ្យ​ផង និង​ទទួល​បាន​ផង ។

  • យើង​ទាំងអស់​គ្នា​មាន​បទពិសោធន៍ នៅពេល​មនុស្ស​ម្នាក់ « បាន​បណ្តាលឲ្យ​កើត​មាន​សេចក្តី​ព្រួយ » ចំពោះ​យើង ឬ​គ្រួសារ​របស់​យើង ( ខទី ៥ ) ។ ប្រហែល​ជា​សមាជិក​ក្នុង​ថ្នាក់​អាច​ស្រាវជ្រាវ​ក្នុង កូរិនថូស ទី២ ២:៥–១១ ដោយ​រកមើល​ពាក្យ​ទូន្មាន​មកពី​ប៉ុល អំពី​របៀប​ប្រព្រឹត្ត​នឹង​មនុស្ស​ម្នាក់​ដែល​ធ្វើឲ្យ​យើង​អាក់អន់​ចិត្ត ។ សូម​ពិចារណា​អញ្ជើញ​សមាជិក​ក្នុង​ថ្នាក់​ឲ្យ​រំឭក​ឡើងវិញ​ក្នុង ម៉ាថាយ ៥:៤៣–៤៨ និង លូកា ១៥:១១–៣២ ដើម្បី​រៀនសូត្រ​បន្ថែម​ទៀត​អំពី​របៀប​ដែល​យើង​គួរតែ​ប្រព្រឹត្ត​នឹង​អស់អ្នក​ដែល​ធ្វើឲ្យ​យើង​អាក់អន់​ចិត្ត ។ តើ​យើង​ធ្វើឲ្យ​ខ្លួនឯង និង​មនុស្ស​ដទៃ​រង​គ្រោះថ្នាក់​តាម​របៀប​ណា នៅពេល​យើង​ជ្រើសរើស​មិន​ព្រម​អភ័យទោស​នោះ ?

កូរិនថូស ទី២ ៥:១៤–២១

តាមរយៈ​ដង្វាយធួន​របស់​ព្រះយេស៊ូវ​គ្រីស្ទ នោះ​យើង​អាច​បានជា​មេត្រី​នឹង​ព្រះ ។

  • មនុស្ស​ជាច្រើន​មកកាន់​សាសនាចក្រ​ដោយ​មាន​បំណង​ប្រាថ្នា ដើម្បី​ទទួល​អារម្មណ៍​នៅជិត​ព្រះ ហើយ​ការពិភាក្សា​មួយ​អំពី កូរិនថូស ទី២ ៥:១៤–២១ អាច​ជួយ​ពួកគេ​បាន ។ ដើម្បី​ចាប់ផ្ដើម សមាជិក​ក្នុង​ថ្នាក់​អាច​ស្វែងយល់​ពី​អត្ថន័យ​នៃ​ពាក្យ បាន​ជា​មេត្រី ហើយ​ប្រហែលជា​ចាប់ផ្ដើម​ដោយ​រកមើល​ពាក្យ​នៅក្នុង​វចនានុក្រម ។ តើ​ការណ៍​នេះ​ផ្ដល់​ការយល់ដឹង​អ្វីខ្លះ​អំពី​ការបានជា​មេត្រី​នឹង​ព្រះ ? តើ​យើង​ទទួល​បាន​ការយល់ដឹង​បន្ថែម​អ្វីខ្លះ​ទៀត​មកពី​ប្រធានបទ « ដង្វាយធួន » នៅក្នុង​សេចក្ដី​ណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ ? តើ​ការយល់ដឹង​ទាំងនេះ​ជួយ​យើង​ឲ្យ​យល់ពី កូរិនថូស ទី២ ៥:១៤–២១ តាម​របៀប​ណា ? បងប្អូន​គួរតែ​អញ្ជើញ​សមាជិក​ក្នុង​ថ្នាក់​ឲ្យ​ចែកចាយ​អារម្មណ៍​របស់​ពួកគេ​អំពី​ព្រះអង្គ​សង្គ្រោះ ដែល​ដង្វាយធួន​របស់​ទ្រង់​អាច​ធ្វើឲ្យ​យើង​បាន​រួបរួម​នឹង​ព្រះ​បាន ។

កូរិនថូស ទី២ ៧:៨–១១

សេចក្តី​ព្រួយ​ដែល​គាប់​ព្រះហឫទ័យ​ដល់​ព្រះ​នឹង​ដឹកនាំ​ទៅរក​ការប្រែចិត្ត ។

  • កូរិនថូស ទី២ ៧:៨–១១ ផ្ដល់​ការពន្យល់​ដ៏​មាន​ប្រយោជន៍​មួយ​អំពី​សេចក្តី​ព្រួយ​ដែល​គាប់​ព្រះហឫទ័យ​ដល់​ព្រះ និង​តួនាទី​របស់​វា​នៅក្នុង​ការប្រែចិត្ត ។ តើ​យើង​រៀន​បាន​អ្វីខ្លះ អំពី​សេចក្តី​ព្រួយ​ដែល​គាប់​ព្រះហឫទ័យ​ដល់​ព្រះ​នៅក្នុង កូរិនថូស ទី២ ៧:៨–១១ និង​ប្រសាសន៍​របស់​ប្រធាន ឌៀថើរ អេហ្វ អុជដូហ្វ នៅក្នុង « ធនធាន​បន្ថែម​ទាំងឡាយ » ? ហេតុអ្វី​សេចក្តី​ព្រួយ​ដែល​គាប់​ព្រះហឫទ័យ​ដល់​ព្រះ​សំខាន់​ចាំបាច់​ចំពោះ​ការប្រែចិត្ត ?

  • បងប្អូន​អាច​មាន​អារម្មណ៍​បំផុស​គំនិត ដើម្បី​លើក​ទឹកចិត្ត​ឲ្យមាន​ការពិភាក្សា​ដ៏ទូលំទូលាយ​មួយ​អំពី​ការប្រែចិត្ត ។ ប្រសិនបើ​ដូច្នោះ​មែន បងប្អូន​អាច​សាកល្បង​អ្វីមួយ​ដូច្នេះ​បាន ៖ សូម​សរសេរ​នៅលើ​ក្ដារខៀន​ថា ការប្រែចិត្ត​គឺជា  ។ សូម​ឲ្យ​សមាជិក​ក្នុង​ថ្នាក់​ស្វែងរក​វិធី​ដើម្បី​បំពេញ​ឃ្លា​នេះ ដោយ​ប្រើ​អ្វី​ដែល​ពួកគេ​បាន​រៀន​នៅក្នុង កូរិនថូស ទី២ ៧:៨–១១ ក៏​ដូចជា​នៅក្នុង​ព្រះគម្ពីរ និង​ធនធាន​ផ្សេងទៀត​ដែល​មាន​នៅក្នុង​ប្រធានបទ សេចក្ដី​ណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ « ប្រែចិត្ត, ការប្រែចិត្ត » ( នៅលើ​គេហទំព័រ scriptures.ChurchofJesusChrist.org ) ។ តើ​ពួកគេ​អាច​ប្រើ​ការបង្រៀន​ទាំងនេះ ដើម្បី​ជួយ​មនុស្ស​ម្នាក់​ឲ្យ​យល់ពី​របៀប​ប្រែចិត្ត​ដោយ​ស្មោះ​សរ​តាម​របៀប​ណា ?

រូបភាព
រូប​តំណាង​ធនធានទាំងឡាយ

ធនធាន​បន្ថែម​ទាំងឡាយ

សេចក្តី​ព្រួយ​ដែល​គាប់​ព្រះហឫទ័យ​ដល់​ព្រះ​បំផុស​គំនិត​ឲ្យ​មាន​ការផ្លាស់ប្ដូរ និង​សេចក្ដី​សង្ឃឹម ។

ប្រធាន ឌៀថើរ អេហ្វ អុជដូហ្វ បាន​ពន្យល់ ៖

« សេចក្ដីព្រួយ​ដែល​គាប់​ព្រះទ័យ​ដល់​ព្រះ បំផុស​ឲ្យ​មាន​ការផ្លាស់ប្ដូរ និង​សេចក្ដី​សង្ឃឹម​តាមរយៈ​ដង្វាយធួន​នៃ​ព្រះយេស៊ូវ​គ្រីស្ទ ។ សេចក្ដីព្រួយ​ខាង​លោកិយ បំផ្លាញ​យើង ដក​យក​ក្ដីសង្ឃឹម ហើយ​នាំ​យើង​ទៅរក​ការល្បួង​បន្ថែម​ទៀត ។

« សេចក្ដី​ព្រួយ​ដែល​គាប់​ព្រះទ័យ​ដល់​ព្រះ នាំ​ទៅរក​ការប្រែចិត្ត​ជឿ និង​ការផ្លាស់ប្ដូរ​ដួងចិត្ត ។ វា​ធ្វើឲ្យ​យើង​ស្អប់​អំពើ​បាប ហើយ​ស្រឡាញ់​សេចក្ដី​ល្អ ។ វា​លើក​ទឹកចិត្ត​យើង​ឲ្យ​ក្រោកឈរ ហើយ​ដើរ​ក្នុង​ពន្លឺ​នៃ​សេចក្ដី​ស្រឡាញ់​របស់​ព្រះគ្រីស្ទ ។ ការប្រែចិត្ត​ពិត​គឺ​ទាក់ទង​នឹង​ការកែប្រែ ពុំមែន​ការដាក់​ទណ្ឌកម្ម ឬ​ការឈឺចាប់​នោះទេ » ( « You Can Do It Now! » Liahona ខែ វិច្ឆិកា ឆ្នាំ​២០១៣ ទំព័រ ៥៦ ) ។

ការកែលម្អ​ការបង្រៀន​របស់​យើង

រាប់រក​បងប្អូន​ដែល​កំពុង​ជួប​បញ្ហា ។ ពេលខ្លះ​សមាជិក​ក្នុង​ថ្នាក់​ដែល​ជួប​បញ្ហា​គ្រាន់តែ​ចង់​បាន​គេ​រាប់រក ដើម្បី​ទទួល​បាន​សេចក្ដី​ស្រឡាញ់​ប៉ុណ្ណោះ ។ សូម​ពិចារណា​ផ្ដល់​ការចាត់តាំង​មួយ​ដល់​ពួកគេ ឲ្យ​ចូលរួម​នៅក្នុង​មេរៀន​លើក​ក្រោយ ។ សូម​កុំ​ចុះចាញ់ ប្រសិនបើ​ពួកគេ​មិន​ឆ្លើយតប​ចំពោះ​ការខិតខំ​របស់​បងប្អូន​នៅ​លើក​ដំបូង ។ ( សូម​មើល ការបង្រៀន​តាម​របៀប​របស់​ព្រះអង្គ​សង្គ្រោះ ទំព័រ ៨–៩ ) ។