ព្រះគម្ពីរ​សញ្ញាថ្មី ឆ្នាំ ២០២៣
ថ្ងៃទី ៤–១០ ខែ កញ្ញា ។ កូរិនថូស ទី១ ១៤–១៦ ៖ « ព្រះ​ទ្រង់​មិន​មែន​ជា​ព្រះ​នៃ​សេចក្តី​វឹកវរ​ទេ គឺ​ទ្រង់​ជា​ព្រះ​នៃ​សេចក្តី​សុខ​សាន្ត​វិញ »


« ថ្ងៃទី ៤–១០ ខែ កញ្ញា ។ កូរិនថូស ទី១ ១៤–១៦ ៖ ‹ ព្រះ​ទ្រង់​មិន​មែន​ជា​ព្រះ​នៃ​សេចក្តី​វឹកវរ​ទេ គឺ​ទ្រង់​ជា​ព្រះ​នៃ​សេចក្តី​សុខ​សាន្ត​វិញ › » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល និង​ក្រុមគ្រួសារ ៖ ព្រះគម្ពីរ​សញ្ញាថ្មី ឆ្នាំ ២០២៣ ( ឆ្នាំ ២០២២ )

« ថ្ងៃទី ៤–១០ ខែ កញ្ញា ។ កូរិនថូស ទី១ ១៤–១៦ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ ៖ ព្រះគម្ពីរ​សញ្ញា​ថ្មី ៖ ឆ្នាំ ២០២៣

រូបភាព
អាង​ជ្រមុជ​ទឹក​ព្រះវិហារ​បរិសុទ្ធ

ថ្ងៃទី ៤–១០ ខែ កញ្ញា

កូរិនថូស ទី១ ១៤–១៦

« ព្រះ​ទ្រង់​មិន​មែន​ជា​ព្រះ​នៃ​សេចក្តី​វឹកវរ​ទេ គឺ​ទ្រង់​ជា​ព្រះ​នៃ​សេចក្តី​សុខ​សាន្ត​វិញ »

សូម​កត់ត្រា​ចំណាប់​អារម្មណ៍​របស់​បងប្អូន​ខណៈ​ដែល​បងប្អូន​អាន កូរិនថូស ទី១ ១៤–១៦ ។ សូម​អធិស្ឋាន​អំពី​អ្វី​ដែល​ព្រះវិញ្ញាណ​បាន​បង្រៀន​ដល់​បងប្អូន ហើយ​ទូល​សួរ​ដល់​ព្រះវរបិតាសួគ៌ បើ​សិនជា​មាន​អ្វី​ជាច្រើន​ទៀត​ដែល​ទ្រង់​ចង់​ឲ្យ​បងប្អូន​រៀន ។

កត់ត្រា​ចំណាប់​អារម្មណ៍​របស់​បងប្អូន

ដោយសារ​តែ​សាសនាចក្រ និង​គោលលទ្ធិ​របស់​សាសនាចក្រ​មានភាព​ថ្មីស្រឡាង​នៅ​ក្នុង​ទីក្រុង​កូរិនថូស នោះ​វា​ជា​រឿង​ងាយ​យល់​ណាស់​ថា ពួកបរិសុទ្ធ​កូរិនថូស​ច្បាស់​ជា​ជួប​ប្រទះ​នឹង​ភាព​ច្របូកច្របល់ ។ ប៉ុល​បាន​បង្រៀន​ដល់​ពួក​គេ​កាល​ពី​មុន​អំពី​សេចក្ដីពិត​ជា​គ្រឹះ​នៃ​ដំណឹងល្អ ៖ « ព្រះគ្រីស្ទ​បាន​សុគត ដោយ​ព្រោះ​បាប​របស់​យើង​រាល់​គ្នា… ហើយ​ថា ទ្រង់​ត្រូវ​គេ​បញ្ចុះ​ក្នុង​ផ្នូរ រួច​ដល់​ថ្ងៃ​ទី​៣ នោះ​ទ្រង់​មាន​ព្រះជន្ម​រស់​ឡើង​វិញ » ( កូរិនថូស ទី១ ១៥:៣–៤ ) ។ ប៉ុន្តែ​សមាជិក​មួយចំនួន​បាន​ចាប់​ផ្ដើម​បង្រៀន​យ៉ាង​ឆាប់ថា « គ្មាន​ការរស់ឡើងវិញ​ពី​ស្លាប់​ទេ » ( កូរិនថូស ទី១ ១៥:១២ ) ។ ប៉ុល​បាន​អង្វរ​ដល់​ពួកគេ​ឲ្យ « កាន់ខ្ជាប់​តាម » សេចក្ដីពិត​ដែល​ពួកគេ​ត្រូវ​បាន​បង្រៀន ( កូរិនថូស ទី១ ១៥:២ ) ។ នៅ​ពេល​យើង​ជួប​នឹង​គំនិត​ជំទាស់​អំពី​សេចក្ដីពិត​នៃ​ដំណឹងល្អ វា​គឺ​ជា​ការល្អ​ដើម្បី​ចងចាំ​ថា « ព្រះ​ទ្រង់​មិន​មែន​ជា​ព្រះ​នៃ​សេចក្តី​វឹកវរ​ទេ គឺ​ទ្រង់​ជា​ព្រះ​នៃ​សេចក្តី​សុខ​សាន្ត​វិញ » ( កូរិនថូស ទី១ ១៤:៣៣ ) ។ ការ​ស្ដាប់​តាម​ពួកអ្នកបម្រើ​ដែល​បាន​តែងតាំង​របស់​ព្រះអម្ចាស់ ហើយ​កាន់ខ្ជាប់​ទៅ​នឹង​សេចក្ដីពិត​សាមញ្ញៗ​ដែល​ពួកគាត់​បាន​បង្រៀន​ដដែលៗ​អាច​ជួយ​យើង​រក​បាន​សេចក្ដីសុខសាន្ដ ហើយ « ឲ្យ​មាំមួន​ក្នុង​សេចក្ដី​ជំនឿ » ( កូរិនថូស ទី១ ១៦:១៣ ) ។

រូបភាព
រូបសញ្ញា​ការសិក្សា​ផ្ទាល់ខ្លួន

គំនិត​យោបល់​សម្រាប់​ការសិក្សា​ព្រះគម្ពីរ​ផ្ទាល់ខ្លួន

កូរិនថូស ទី១ ១៤

ខ្ញុំ​អាច​ស្វែងរក​អំណោយទាន​នៃ​ការ​ព្យាករ ។

តើ​អ្វី​ជា​អំណោយ​ទាន​នៃ​ការព្យាករ ? តើ​វា​មាន​សមត្ថភាព​ដើម្បី​ព្យាករ​អំពី​អនាគត​ឬ ? តើ​វា​មាន​សម្រាប់​តែ​ពួកព្យាការី​ឬ ? ឬតើ​នរណា​ក៏​បាន​អាច​ទទួល​អំណោយទាន​នេះ​ឬ ?

សូម​សញ្ជឹងគិត​ពី​សំណួរ​ទាំងនេះ នៅពេល​បងប្អូន​សិក្សា កូរិនថូស ទី១ ១៤:៣, ៣១, ៣៩–៤០ ។ បងប្អូន​ក៏​អាច​អាន វិវរណៈ ១៩:១០ និង « វិវរណៈ » នៅក្នុង​សេចក្ដី​ណែនាំ​ដល់​បទគម្ពីរ​ទាំង​ឡាយ​ផងដែរ ( នៅលើ​គេហទំព័រ scriptures.ChurchofJesusChrist.org ) ។ ដោយ​ផ្អែកលើ​អ្វី​ដែល​បងប្អូនបាន​រៀន តើ​បងប្អូន​នឹង​កំណត់​និយមន័យ​ឲ្យ​អំណោយទាន​នៃ​ការព្យាករ​យ៉ាង​ដូចម្តេច ? តើ​ប៉ុល​ចង់​មានន័យ​យ៉ាង​ណា​នៅ​ពេល​គាត់​បាន​អញ្ជើញ​ឲ្យ​ពួក​កូរិនថូស​ថា « ចូរ​សង្វាត​ឲ្យ​បាន​ចេះ​អធិប្បាយ ( ព្យាករ ) » ? ( កូរិនថូស ទី១ ១៤:៣៩ ) ។ តើបងប្អូន​អាច​ទទួល​យក​ការអញ្ជើញ​នេះ​បាន​យ៉ាង​ដូចម្ដេច ?

សូមមើល​ផងដែរ យ៉ូអែល ២:២៨–២៩; អាលម៉ា ១៧:៣; គោលលទ្ធិ និង សេចក្ដី​សញ្ញា ១១:២៣–២៨ ។

កូរិនថូស ទី១ ១៤:៣៤–៣៥

តើ​សេចក្ដីថ្លែង​អំពី​ស្ត្រី​នៅក្នុង​ខគម្ពីរ​ទាំងនេះ​អនុវត្ត​នៅ​សព្វថ្ងៃ​នេះ​យ៉ាង​ណា​ដែរ ។

ក្នុង​ជំនាន់​របស់​ប៉ុល មាន​ការរំពឹង​ទុក​ខុសគ្នា​អំពី​របៀប​ដែល​ស្ត្រី​ចូលរួម​នៅក្នុង​សង្គម រួមទាំង​ការប្រជុំ​នៅ​ព្រះវិហារ​ផងដែរ ។ មិន​ថា​ការបង្រៀន​នៅក្នុង កូរិនថូស ទី១ ១៤:៣៤–៣៥ មានន័យ​យ៉ាង​ណា​នៅក្នុង​ជំនាន់​របស់​ប៉ុល​នោះទេ វា​មិន​គួរ​ត្រូវបាន​យល់​ថា វាមានន័យ​ថា​ស្ត្រី​ពុំ​អាច​និយាយ ឬ​ដឹកនាំ​នៅក្នុង​សាសនាចក្រ​នៅ​សព្វថ្ងៃ​នេះ​នោះ​ឡើយ ។ ប្រធាន រ័សុល អិម ណិលសុន បាន​មាន​ប្រសាសន៍​ទៅកាន់​ស្ត្រី​នៃ​សាសនាចក្រ​នៅ​សព្វថ្ងៃ​នេះ ៖ « យើង … ត្រូវការ​កម្លាំង​របស់​បងប្អូន ការប្រែចិត្តជឿ​របស់​បងប្អូន ជំនឿ​របស់​បងប្អូន លទ្ធភាព​ដឹកនាំ​របស់​បងប្អូន ប្រាជ្ញា​របស់​បងប្អូន និង​សំឡេង​របស់​បងប្អូន ។ នគរ​ព្រះ​គឺ​ពុំ​មាន និង​ពុំអាច​មាន​ពេញលេញ​ដោយ​គ្មាន​ស្ត្រី ដែល​ធ្វើ​សេចក្ដី​សញ្ញា​ពិសិដ្ឋ រួចហើយ​រក្សា​សេចក្ដី​សញ្ញា ជា​ស្ត្រី​ដែល​អាច​និយាយ​ដោយ​អានុភាព និង​សិទ្ធិអំណាច​នៃ​ព្រះ​បាន​ទេ ! » ( « A Plea to My Sisters » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៥ ទំព័រ ៩៦ ) ។

កូរិនថូស ទី១ ១៥:១–៣៤, ៥៣–៥៨

ព្រះយេស៊ូវគ្រីស្ទ​ទទួល​បាន​ជ័យជំនះ​ឈ្នះ​លើ​សេចក្ដីស្លាប់ ។

ការរស់ឡើងវិញ​នៃ​ព្រះយេស៊ូវគ្រីស្ទ​គឺ​ជា​គ្រឹះ​ដ៏សំខាន់​ចំពោះ​គ្រិស្ដសាសនា មនុស្ស​ម្នាក់អាច​និយាយ​ថា បើ​គ្មាន​ការរស់ឡើង​វិញ​ទេ នោះ ក៏ គ្មាន​គ្រិស្ដសាសនា​ដែរ—ដើម្បី​ប្រើ​ពាក្យ​របស់​ប៉ុល « នោះ​ដំណឹង​ដែល​យើង​ខ្ញុំ​ផ្សាយ​នេះ​ជា​ការ​ឥត​ប្រយោជន៍​ទទេ ហើយ​សេចក្តី​ជំនឿ​របស់​អ្នក​រាល់​គ្នា​ក៏​ឥត​អំពើ​ដែរ » ( កូរិនថូស ទី១ ១៥:១៤ ) ។ ប៉ុន្តែ​ពួកបរិសុទ្ធ​កូរិនថូស​មួយ​ចំនួន​កំពុង​បង្រៀន​ថា​នឹង « គ្មាន​ការ​រស់ឡើងវិញ​ពី​ស្លាប់ទេ » ( កូរិនថូស ទី១ ១៥:១២ ) ។ ​កាលដែល​បងប្អូន​អាន​ការឆ្លើយតប​របស់​ប៉ុល​នៅក្នុង កូរិនថូស ទី១ ១៥ សូម​យក​ពេល​មួយ​សន្ទុះ​ដើម្បី​សញ្ជឹង​គិត​ពី​របៀប​ដែល​ជីវិត​របស់​បងប្អូន​នឹង​ខុសប្លែក​ពី​នេះ ប្រសិន​បើ​បងប្អូន​មិន​បាន​ជឿ​លើ​ដំណើរ​រស់​ឡើង​វិញ​ទេ​នោះ ( សូមមើល នីហ្វៃទី២ ៩:៦–១៩; អាលម៉ា ៤០:១៩–២៣; គោលលទ្ធិ និង សេចក្តី​សញ្ញា ៩៣:៣៣–៣៤ ) ។ តើ​ឃ្លា « បើ​ព្រះគ្រីស្ទ​មិន​បាន​រស់​ឡើង​វិញ​មែន នោះ​សេចក្តី​ជំនឿ​របស់​អ្នក​រាល់​គ្នា​ក៏​ជា​ការ​ឥត​អំពើ » មានន័យ​យ៉ាងណា​ចំពោះ​បងប្អូន ? ( ខទី ១៧ ) ។

វា​គួរឲ្យ​កត់សម្គាល់​ផងដែរ​ថា ប៉ុល​បាន​សំដៅ​ដល់​បុណ្យជ្រមុជទឹក​សម្រាប់​អ្នកស្លាប់ ជា​ភស្ដុតាង​ចំពោះ​ភាពពិត​នៃ​សេចក្ដី​រស់​ឡើងវិញ ( សូមមើល កូរិនថូស ទី១ ១៥:២៩ ) ។ តើ​ព្រះវិហារ​បរិសុទ្ធ និង​កិច្ចការ​ពង្សប្រវត្តិ​បាន​ពង្រឹង​ដល់​សេចក្ដី​ជំនឿ​របស់​បងប្អូន​ទៅលើ​គោលលទ្ធិ​នៃ​ដំណើរ​រស់ឡើងវិញ​យ៉ាង​ដូច​ម្ដេច ?

សូមមើល​ផងដែរ គោលលទ្ធិ និង សេចក្តីសញ្ញា ១៣៨:១១–៣៧ ។

កូរិនថូស ទី១ ១៥:៣៥–៥៤

រូបកាយ​ដែល​រស់ឡើងវិញ​គឺ​ខុស​ពី​រូបកាយ​នៃ​ជីវិត​រមែង​ស្លាប់ ។

តើ​បងប្អូន​ធ្លាប់​ងឿងឆ្ងល់​ថា រូបកាយ​ដែល​រស់ឡើងវិញ​មាន​សណ្ឋាន​ជា​យ៉ាង​ណា​ឬទេ ? យោងតាម កូរិនថូស ទី១ ១៥:៣៥ មាន​ពួកកូរិនថូស​មួយ​ចំនួន​បាន​ងឿងឆ្ងល់​អំពីរឿង​ដូចគ្នា​នេះ ។ សូម​អាន​ចម្លើយ​របស់​ប៉ុល​នៅក្នុង ខទី ៣៦–៥៤ ហើយ​កត់ចំណាំ​ពាក្យសម្ដី និង​ឃ្លា​នានា​ដែល​ពិពណ៌នា​អំពី​ភាព​ខុសគ្នា​រវាង​រូបកាយ​នៃ​ជីវិត​រមែងស្លាប់ និង​រូបកាយ​ដែល​រស់ឡើងវិញ ។ កាលដែល​បងប្អូន​ធ្វើ​ដូច្នោះ បងប្អូន​អាច​ប្រៀបធៀប ខទី ៤០–៤២ ជាមួយ​នឹង គោលលទ្ធិ និង សេចក្តី​សញ្ញា ៧៦:៥០–១១២ ។ តើ​វិវរណៈ​នេះ​ដែល​មានដល់​ព្យាការី យ៉ូសែប ស៊្មីធ បន្ថែម​អ្វី​ខ្លះ​ដល់​ការយល់ដឹង​របស់​បងប្អូន ? ( សូមមើល ការ​បកប្រែ​ដោយ​យ៉ូសែប ស៊្មីធ, កូរិនថូស ទី១ ១៥:៤០ ) ។ ហេតុអ្វី​សេចក្ដីពិត​ទាំងនេះ​មាន​តម្លៃ​ចំពោះ​បងប្អូន ?

សូមមើល​ផងដែរ លូកា ២៤:៣៩; អាលម៉ា ១១:៤៣–៤៥; គោលលទ្ធិ និង សេចក្ដី​សញ្ញា ៨៨:១៤–៣៣ ។

រូបភាព
ថ្ងៃ​រះ

« ឯ​ព្រះអាទិត្យ​នោះ​មាន​រស្មី​ម្យ៉ាង​ទៅ » ( កូរិនថូស ទី១ ១៥:៤១ ) ។

រូបភាព
រូបសញ្ញា​ការសិក្សា​ជា​គ្រួសារ

គំនិត​យោបល់​សម្រាប់​ការសិក្សា​ព្រះគម្ពីរ​ជា​គ្រួសារ និង​រាត្រី​ជួបជុំ​ក្នុង​គ្រួសារ

កូរិនថូស ទី១ ១៥:២៩ ។យើង​រៀន​មកពី ខទី ២៩ ថា ពួក​គ្រិស្ដសាសនិក​ពី​ជំនាន់​បុរាណ​បាន​ចូលរួម​នៅក្នុង​ការ​ជ្រមុជទឹក​សម្រាប់​មរណជន​ដូច​គ្នា​ដែល​យើង​ធ្វើ​នៅ​សព្វ​ថ្ងៃ​នេះ​ដែរ ។ តើ​យើង​នឹង​ពន្យល់​ទៅកាន់​មនុស្ស​ផ្សេងទៀត​ពី​មូលហេតុ​ដែល​យើង​ធ្វើ​ពិធី​បុណ្យ​ជ្រមុជទឹក​សម្រាប់​បុព្វការីជន​យើង​យ៉ាង​ដូចម្ដេច ? ( សូមមើល « What Are Baptisms for the Dead? » [ វីដេអូ ] នៅលើ​គេហទំព័រ ChurchofJesusChrist.org ) ។ តើ​យើង​កំពុង​ធ្វើ​អ្វី​ជាមួយគ្នា​ជា​គ្រួសារ ដើម្បី​ធ្វើ​ពិធីបរិសុទ្ធ​នៅ​ព្រះវិហារ​បរិសុទ្ធ​សម្រាប់​បុព្វការីជន​របស់​យើង ដែល​បាន​ទទួល​មរណភាព​ដែល​ត្រូវការ​ពិធី​បរិសុទ្ធ​ទាំងនោះ ? បងប្អូន​អាច​រក​ធនធាន​បន្ថែម​ទៀត​អំពី​ប្រធានបទ​នេះ​នៅលើ​គេហទំព័រ FamilySearch.org ។

កូរិនថូស ទី១ ១៥:៣៥–៥៤ ។តើ​មាន​វត្ថុ ឬ​រូបភាព​អ្វីខ្លះ ដែល​បងប្អូន​អាច​បង្ហាញដើម្បី​ជួយ​ដល់​គ្រួសារ​របស់​បងប្អូន​ឲ្យ​យល់​អំពី​ពាក្យ​មួយ​ចំនួន​ដែល​ប៉ុល​បាន​ប្រើ​ដើម្បី​ពិពណ៌នា​អំពី​រូបកាយ​នៃ​ជីវិត​រមែង​ស្លាប់​ខុស​ពី​រូបកាយ​ដែល​រស់ឡើង​វិញ ? ឧទាហរណ៍ ដើម្បី​បង្ហាញ​ពី​ភាព​ខុសគ្នា​រវាង ពុករលួយ និង មិន​ពុករលួយ ( សូមមើល ខទី ៥២–៥៤ ) បងប្អូន​អាច​បង្ហាញ​លោហៈធាតុ​ដែល​មាន​ច្រេះស៊ី និង​លោហៈធាតុ​ដែល​ពុំ​ច្រេះ ។ ឬ​បងប្អូន​អាច​ប្រៀបធៀប​អ្វី​មួយ​ដែល​ខ្សោយ​ជាមួយ​នឹង​អ្វី​មួយ​ដែល​មាន​អានុភាព ( សូមមើល​ខទី ៤៣ ) ។

កូរិនថូស ទី១ ១៥:៥៥–៥៧ ។ការពិភាក្សា​អំពីខ​គម្ពីរ​ទាំងនេះ​អាច​នឹង​មាន​អត្ថន័យ​ជាពិសេស បើ​គ្រួសារ​របស់​បងប្អូន​ស្គាល់​នរណា​ម្នាក់​ដែល​បាន​ទទួល​មរណភាព ។ សមាជិក​គ្រួសារ​អាច​ថ្លែង​ទីបន្ទាល់​អំពីរបៀប​ដែល​ព្រះយេស៊ូវ​គ្រីស្ទ​បាន​ដក​យក « ទ្រនិច​នៃ​សេចក្ដីស្លាប់» ចេញ ( ខទី ៥៦ ) ។

កូរិនថូស ទី១ ១៦:១៣ ។ដើម្បី​ជួយ​សមាជិក​គ្រួសារ​របស់​បងប្អូន​ឲ្យ​ភ្ជាប់​ទំនាក់ទំនង​នឹង​ខគម្ពីរ​នេះ បងប្អូន​អាច​គូរ​រង្វង់​មួយ​នៅ​លើ​ដី ហើយ​ណែនាំ​ឲ្យ​សមាជិក​គ្រួសារ​ម្នាក់ « ឈរ​ឲ្យ​មាំមួន » នៅខាង​ក្នុង​រង្វង់​នោះ ដោយ​ឲ្យ​គាត់​បិទ​ភ្នែក ។ បន្ទាប់​មក​អ្នក​ផ្សេង​ទៀត​អាច​ព្យាយាម​រុញ ឬ​ទាញ​គាត់​ចេញ​ពី​រង្វង់ ។ តើ​វា​ធ្វើ​មាន​ភាពខុសគ្នា​អ្វីខ្លះ នៅពេល​មនុស្ស​ដែល​នៅក្នុង​រង្វង់​បើក​ភ្នែក ហើយ​អាច « ចាំ​យាម » នោះ ? តើ​យើង​អាច​ធ្វើ​អ្វី ដើម្បី « ឈរ​យ៉ាង​រឹងមាំ » នៅពេល​ដែល​យើង​ត្រូវបាន​ល្បួង​ឲ្យ​ធ្វើ​ការជ្រើសរើស​ដែល​មិនល្អ​នោះ ? ( សូមមើល​ផងដែរ « Stay in the Boat and Hold On! » [ វីដេអូ ] នៅលើ​គេហទំព័រ ChurchofJesusChrist.org ) ។

សម្រាប់​គំនិត​បន្ថែម​សម្រាប់​ការ​បង្រៀន​ដល់​កុមារ សូមមើល គម្រោង​មេរៀន​សប្ដាហ៍​នេះ នៅក្នុង​សៀវភៅ ចូរ​មក​តាម​ខ្ញុំ—សម្រាប់​អង្គការ​បឋមសិក្សា ។

ទំនុក​តម្កើង​ដែល​លើក​ទឹកចិត្ត​ឲ្យ​ប្រើ ៖ « ទ្រង់​រស់​ឡើង​វិញ ! » ទំនុកតម្កើង ល.រ. ១២១ ។

ការ​កែលម្អ​ដល់​ការ​សិក្សា​ផ្ទាល់​ខ្លួន

រក​មើល​លំនាំ ។ នៅក្នុង​បទគម្ពីរ​នានា យើង​រកឃើញ​គំរូ​ដែល​បង្ហាញ​ពី​របៀប​ដែល​ព្រះអម្ចាស់​ធ្វើ​កិច្ចការ​របស់​ទ្រង់ ។ តើ​មាន​គំរូ​អ្វីខ្លះ​ដែល​បងប្អូន​រកឃើញ​នៅក្នុង កូរិនថូស ទី១ ១៤ ដែល​ជួយ​យើង​ឲ្យ​យល់​អំពី​របៀប​ស្អាង​ដល់​គ្នា​ទៅវិញទៅមក ?

រូបភាព
ព្រះគ្រីស្ទ​បាន​លេច​មក​ឯ​នាង​ម៉ារា​នៅ​ឯផ្នូរក្នុង​សួនច្បារ

នាង​អើយ ហេតុ​អ្វី​បាន​ជា​យំ © Simon Dewey 2021 ។ បាន​ប្រើប្រាស់​ដោយ​មាន​ការអនុញ្ញាត​ពី Altus Fine Art/www.altusfineart.com