ព្រះគម្ពីរ​សញ្ញាថ្មី ឆ្នាំ ២០២៣
ថ្ងៃទី ១៥–២១ ខែ ឧសភា ។ ម៉ាថាយ ២១–២៣; ម៉ាកុស ១១; លូកា ១៩–២០; យ៉ូហាន ១២ ៖ « មើល ស្តេច​នៃ​នាង ទ្រង់​យាង​មក »


« ថ្ងៃទី ១៥–២១ ខែ ឧសភា ។ ម៉ាថាយ ២១–២៣; ម៉ាកុស ១១; លូកា ១៩–២០; យ៉ូហាន ១២ ៖ ‹ មើល ស្តេច​នៃ​នាង ទ្រង់​យាង​មក › » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​សាលា​ថ្ងៃ​អាទិត្យ ៖ ព្រះគម្ពីរ​សញ្ញា​ថ្មី ឆ្នាំ ២០២៣ ( ឆ្នាំ ២០២២ )

« ថ្ងៃទី ១៥–២១ ខែ ឧសភា ។ ម៉ាថាយ ២១–២៣; ម៉ាកុស ១១; លូកា ១៩–២០; យ៉ូហាន ១២ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​សាលា​ថ្ងៃ​អាទិត្យ ៖ ឆ្នាំ ២០២៣

រូបភាព
បុរស​នៅលើ​ដើមឈើ នៅពេល​ព្រះយេស៊ូវ​បាន​យាង​មក​ដល់

លោក​សាខេ​នៅលើ​ដើម​ឧទុម្ពរ ដោយ ជេមស៍ ធីសសត

ថ្ងៃទី ១៥–២១ ខែ ឧសភា

ម៉ាថាយ ២១–២៣; ម៉ាកុស ១១; លូកា ១៩–២០; យ៉ូហាន ១២

« មើល ស្តេច​នៃ​នាង ទ្រង់​យាង​មក »

នៅពេល​បងប្អូន​អាន ម៉ាថាយ ២១–២៣; ម៉ាកុស ១១; លូកា ១៩–២០ និង យ៉ូហាន ១២ សូម​រកមើល​គោលការណ៍​នានា ដែល​នឹង​ជួយ​បំពេញ​ដល់​តម្រូវការ​របស់​សមាជិក ដែល​បងប្អូន​បង្រៀន ។ ព្រះវិញ្ញាណ​បរិសុទ្ធ​នឹង​បំផុស​គំនិត​បងប្អូន​ឲ្យ​ដឹង​ពី​របៀប ដើម្បី​ជួយ​សមាជិក​ក្នុង​ថ្នាក់​ឲ្យ​រកឃើញ​គោលការណ៍​ទាំងនោះ ។

រូបភាព
រូប​តំណាង​ការចែកចាយ

អញ្ជើញ​ឲ្យ​ចែកចាយ

បីបួន​ថ្ងៃ​មុន​ម៉ោង​បង្រៀន សូម​អញ្ជើញ​សមាជិក​ក្នុង​ថ្នាក់​ពីរបី​នាក់​ឲ្យ​មករៀន​ដោយ​បាន​រៀបចំ​ខ្លួន ដើម្បី​ចែកចាយ​បទពិសោធន៍​មួយ​ដែល​ពួកគេ​មាន ខណៈពេល​សិក្សា​ជំពូក​ដែល​បាន​ចាត់ឲ្យ​សម្រាប់​សប្ដាហ៍​នេះ ។ សូម​ឲ្យ​ពួកគេ​ប្រាប់​អំពី​ពរជ័យ​នានា ដែល​កើតមាន​ដល់​ពួកគេ នៅពេល​ពួកគេ​សិក្សា​ព្រះគម្ពីរ​អំឡុង​សប្ដាហ៍​នោះ ។

រូបភាព
រូប​តំណាង​ការបង្រៀន

បង្រៀន​គោលលទ្ធិ

លូកា ១៩:១–១០

ព្រះអង្គ​សង្គ្រោះ​ស្គាល់​យើង​ម្នាក់ៗ​ដោយ​ផ្ទាល់ ។

  • សមាជិក​ក្នុង​ថ្នាក់​របស់​បងប្អូន​ទំនង​ជា​មាន​អារម្មណ៍​ថា​ត្រូវគេ​មើល​រំលង ឬ​ភ្លេច​ម្ដងម្កាល​នៅក្នុង​ជីវិត​របស់​ពួកគេ ។ ដំណើររឿង​របស់​សាខេ​អាច​ជួយ​ពួកគេ​ឲ្យ​យល់​ថា ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ​ស្គាល់​ពួកគេ ហើយ​ខ្វាយខ្វល់​ព្រះទ័យ​អំពី​ពួកគេ ។ ដើម្បី​ជួយ​សមាជិក​ក្នុង​ថ្នាក់​ឲ្យ​ប្រៀប​ប្រដូច​ដំណើររឿង​នេះ​ទៅនឹង​ជីវិត​របស់​ពួកគេ សូម​អញ្ជើញ​ពួកគេ​ឲ្យ​ស្រមៃ​ថា​ខ្លួនគេ​គឺជា​សាខេ ។ តើ​បងប្អូន​គិត​ថា គាត់​បាន​រៀន​អ្វីខ្លះ​អំពី​ព្រះអង្គ​សង្គ្រោះ​ចេញពី​បទពិសោធន៍​របស់​គាត់ ? តើ​យើង​អាច​រៀន​អ្វីខ្លះ មកពី​ការខិតខំ​របស់​សាខេ​ក្នុង​ការស្វែងរក​ព្រះអង្គ​សង្គ្រោះ ?

ម៉ាថាយ ២១:១–១១; ម៉ាកុស ១១:១–១១; លូកា ១៩:២៩–៤៤; យ៉ូហាន ១២:១២–១៦

ព្រះយេស៊ូវ​គ្រីស្ទ​គឺជា​ស្ដេច​របស់​យើង ។

  • សកម្មភាព​សាមញ្ញ​មួយ​អាច​ណែនាំ​ពី​ការពិភាក្សា អំពី​ការយាង​ចូល​ទៅកាន់​ទីក្រុង​យេរូសាឡិម​របស់​ព្រះអង្គ​សង្គ្រោះ​ដោយ​ជោគជ័យ ៖ សមាជិក​ក្នុង​ថ្នាក់​មួយ​ចំនួន​អាច​គូររូប​នៅលើ​ក្ដារខៀន នូវ​អ្វីៗ​ដែល​ជាប់​ទាក់ទង​នឹង​ស្ដេច​មួយ​អង្គ ដូចជា​មកុដ ឬ​ព្រះរាជ​បល្ល័ង្ក រួច​ឲ្យ​បងប្អូន​ផ្សេងទៀត​ស្មាន​អំពី​អ្វី​ដែល​ពួកគេ​កំពុងតែ​គូរ​នោះ ។ បន្ទាប់​មក សមាជិក​ក្នុង​ថ្នាក់​ផ្សេងទៀត​អាច​គូរ​រូប​កូនលា និង​មែកឈើ ។ តើ​អ្វី​ទាំងនេះ​ទាក់ទង​អ្វី​នឹង​ស្ដេច ? បន្ទាប់​មក បងប្អូន​អាច​បង្ហាញ​រូប​ព្រះអង្គ​សង្គ្រោះ​យាង​ចូល​ទៅកាន់​ទីក្រុង​យេរូសាឡិម​ដោយ​ជោគជ័យ​មកពី គម្រោង​មេរៀន​សប្ដាហ៍​នេះ នៅក្នុង ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ ហើយ​អញ្ជើញ​សមាជិក​ក្នុង​ថ្នាក់​ឲ្យ​អាន ម៉ាកុស ១១:១–១១ ។ តើ​មនុស្ស​ទាំងនេះ​ស្គាល់​ព្រះយេស៊ូវ​ថាជា​ស្ដេច​របស់​ពួកគេ​យ៉ាង​ដូចម្ដេច ? តើ​យើង​ថ្វាយបង្គំ​ព្រះយេស៊ូវ​គ្រីស្ទ​ជា​ស្ដេច​របស់​យើង តាមរយៈ​ពាក្យ​សម្ដី និង​សកម្មភាព​របស់​យើង​ដោយ​របៀប​ណា ?

ម៉ាថាយ ២២:៣៤–៤០

មាន​បទបញ្ញត្តិ​ធំ​ពីរ គឺ​ត្រូវ​ស្រឡាញ់​ព្រះ និង​ស្រឡាញ់​អ្នកដទៃ​ឲ្យ​ដូចជា​ខ្លួន​ឯង ។

  • តើ​បងប្អូន​អាច​ជួយ​សមាជិក​ក្នុង​ថ្នាក់​ឲ្យ​យល់​ថា « នៅ​បទបញ្ញត្តិ​ទាំង ២ ប្រការ​នេះ​ឯង »—ការស្រឡាញ់​ព្រះ និង​ការស្រឡាញ់​អ្នកជិតខាង​របស់​យើង—ដែល « បណ្តា​ក្រឹត្យវិន័យ និង​អស់​ទាំង​ទំនាយ​ហោរា​ទាំង​ប៉ុន្មាន​ក៏​សម្រេច » តាម​របៀប​ណា ? ( ម៉ាថាយ ២២:៤០ ) ។ ក្រោយពី​អាន ម៉ាថាយ ២២:៣៤–៤០ រួមគ្នា​រួចហើយ បងប្អូន​អាច​សរសេរ​ថា ស្រឡាញ់​ព្រះ និង ស្រឡាញ់​អ្នកជិតខាង​របស់​បងប្អូន ដាក់​នៅលើ​ក្ដារខៀន ។ សូម​ចែក​ក្រដាស​មួយ​សន្លឹក​ដល់​សមាជិក​ម្នាក់ៗ​នៅក្នុង​ថ្នាក់ ដែល​មាន​សរសេរ​បទបញ្ញត្តិ​មួយ​នៅលើ​នោះ ។ សូម​អញ្ជើញ​សមាជិក​ពីរបី​នាក់​ឲ្យ​អាន​បទបញ្ញត្តិ​របស់​ពួកគេ ហើយ​និយាយ​អំពី​របៀប​ដែល​បទបញ្ញត្តិ​របស់​ពួកគេ​ជួយ​យើង​ឲ្យ​គោរព​តាម​បទបញ្ញត្តិ​ធំ​មួយ ឬក៏​បទបញ្ញត្តិ​ធំ​ទាំងពីរ​តែម្ដង ។ ក្រោយពី​ពួកគេ​ពិភាក្សា​អំពី​បទបញ្ញត្តិ​របស់​ពួកគេ​ហើយ ពួកគេ​អាច​បិទ​ក្រដាស​របស់​ពួកគេ​នៅលើ​ក្ដារខៀន​បាន ។ ហេតុអ្វី​បានជា​វា​សំខាន់​ដើម្បី​ចងចាំ​ថា បទបញ្ញត្តិ​ទាំងអស់​ទាក់ទង​ទៅនឹង​បទបញ្ញត្តិ​ធំ​ទាំងពីរ​នេះ ? ( សូមមើល « ធនធាន​បន្ថែម​ទាំងឡាយ » ) ។

ម៉ាថាយ ២៣:១៣–៣៣

យើង​នឹង​ត្រូវបាន​ការពារ នៅពេល​យើង​ចៀសវាង​ពី​ការធ្វើតាម​ពួក​កង្វាក់​ដែល​នាំ​ផ្លូវ​គេ ។

  • តើ​សមាជិក​ក្នុង​ថ្នាក់​របស់​បងប្អូន​នឹង​ទទួល​បាន​អត្ថប្រយោជន៍​មកពី​ការពិភាក្សា​ឃ្លាថា « ពួក​កង្វាក់​ដែល​នាំ​ផ្លូវ​គេ » ដែល​ព្រះអង្គ​សង្គ្រោះ​បាន​ប្រើ ដើម្បី​ពិពណ៌នា​អំពី​ការខ្វាក់​ខាង​វិញ្ញាណ​របស់​ពួកផារិស៊ី និង​ពួកអាចារ្យ​យ៉ាង​ដូចម្តេច ? ( ម៉ាថាយ ២៣:១៦ ) ។ បងប្អូន​អាច​គិត​អំពី​របៀប​មួយ​ដើម្បី​បង្ហាញ​ថា តើ​វា​នឹង​មាន​សភាព​យ៉ាងណា ដែល​នរណា​ម្នាក់​ត្រូវ​ដើរតាម​មនុស្ស​ម្នាក់​ដែល​មើល​មិន​ឃើញ​នោះ ។ ឬ​សមាជិក​ក្នុង​ថ្នាក់​អាច​សរសេរ​រៀបរាប់​នៅលើ​ក្ដារខៀន អំពី​ចរិត​លក្ខណៈ​របស់​ពួក​កង្វាក់​ដែល​នាំ​ផ្លូវ​គេ ដូច​បាន​ពិពណ៌នា​នៅក្នុង ម៉ាថាយ ២៣:១៣–៣៣ ។ ដើម្បី​បន្ថែម​ទៅក្នុង​បញ្ជី សូម​ពិចារណា​អំពី​ការមើល​ខគម្ពីរ​បន្ថែម​ទៀត ដែល​បង្រៀន​អំពី​កង្វាក់​ខាង​វិញ្ញាណ ដូចជា កូរិនថូស ទី២ ៤:៣–៤; នីហ្វៃ​ទី​២ ៩:២៨–៣២ និង យ៉ាកុប ៤:១៤ ។ តើ​យើង​អាច​ស្គាល់ ហើយ​ចៀសវាង​ពី​ពួក​កង្វាក់​ដែល​នាំ​ផ្លូវ​គេ​ដោយ​របៀប​ណា ?

រូបភាព
ព្រះយេស៊ូវ​កំពុង​មាន​បន្ទូល​ទៅកាន់​ពួកផារិស៊ី

ព្រះអង្គ​សង្គ្រោះ​បាន​បរិហារ​ពួកផារិស៊ី​ថាជា​មនុស្ស​កំពុត និង​ពួក​កង្វាក់​ដែល​នាំ​ផ្លូវ​គេ ។

រូបភាព
រូប​តំណាង​ធនធាន​ទាំងឡាយ

ធនធាន​បន្ថែម​ទាំងឡាយ

ការស្រឡាញ់​ព្រះ និង​ការស្រឡាញ់​អ្នកជិតខាង​របស់​យើង គឺជា​គ្រឹះ​នៃ​អ្វីៗ​គ្រប់យ៉ាង​ដែល​យើង​ធ្វើ ។

ដោយ​សំដៅ​ទៅលើ​បទបញ្ញត្តិ​ធំ​ពីរ ដែល​មាន​នៅក្នុង ម៉ាថាយ ២២:៣៧–៣៩ នោះ​ប្រធាន អិម រ័សុល បាឡឺដ បាន​បង្រៀន ៖

ការគោរព​ប្រតិបត្តិ​ចំពោះ​បទបញ្ញត្តិ​ទាំង​ពីរ​នោះ​ផ្ដល់ជា​មធ្យោបាយ ដើម្បី​ដក​ពិសោធន៍​ភាព​សុខសាន្ត និង​អំណរ​កាន់តែ​ច្រើន ។ នៅពេល​យើង​ស្រឡាញ់ ហើយ​បម្រើ​ព្រះអម្ចាស់ ព្រមទាំង​ស្រឡាញ់ ហើយ​បម្រើ​ដល់​អ្នក​ជិត​ខាង​របស់​យើង នោះ​យើង​នឹង​ទទួល​អារម្មណ៍​នៃ​សុភមង្គល​ដ៏ច្រើន​កើត​មាន​ចំពោះ​យើង​ដោយ​ឯក​ឯង ។

ការស្រឡាញ់​ព្រះ និង​ការស្រឡាញ់​អ្នក​ជិត​ខាង​របស់​យើង គឺជា​គ្រឹះ​ខាង​គោលលទ្ធិ​នៃ​ការងារ​បម្រើ ការរៀនសូត្រ​នៅឯ​គេហដ្ឋាន​ដែល​មាន​ការគាំទ្រ​ពី​សាសនាចក្រ ការថ្វាយ​បង្គំ​ខាង​វិញ្ញាណ​នៅ​ថ្ងៃ​ឈប់​សម្រាក និង​កិច្ចការ​នៃ​សេចក្ដី​សង្គ្រោះ​នៅ​ទាំង​សងខាង​នៃ​វាំងនន ដែល​បាន​គាំទ្រ​នៅក្នុង​សមាគម​សង្គ្រោះ និង​កូរ៉ុម​អែលឌើរ ។ អ្វីៗ​ទាំងនេះ​ផ្អែក​ទៅលើ​បទបញ្ញត្តិ​របស់​ព្រះ​ដើម្បី​ស្រឡាញ់​ព្រះ និង​ស្រឡាញ់​អ្នកជិត​ខាង​យើង ។ តើ​អាច​មាន​អ្វីមួយ​ដែល​ធម្មតា សំខាន់ ហើយ​សាមញ្ញ​ជាង​ការណ៍​នោះ​ដែរ​ឬទេ ? » ( « The True, Pure, and Simple Gospel of Jesus Christ » Liahona ខែ ឧសភា ឆ្នាំ ២០១៩ ទំព័រ ២៩ ) ។

ការកែលម្អ​ការបង្រៀន​របស់​យើង

បងប្អូន​ពុំ​ចាំបាច់​បង្រៀន​អ្វី​គ្រប់​យ៉ាង​នោះ​ទេ ។ « មាន​អ្វី​ជាច្រើន​ដែល​ត្រូវ​ពិភាក្សា​នៅក្នុង​មេរៀន​នីមួយៗ ប៉ុន្តែ​វា​ពុំចាំបាច់​ត្រូវ​បង្រៀន​អ្វី​គ្រប់​យ៉ាង​នៅក្នុង​ថ្នាក់​តែមួយ​ពេល ដើម្បី​ប៉ះ​ដល់​ដួងចិត្ត​នរណា​ម្នាក់​នោះ​ទេ—ជា​ញឹកញាប់​ចំណុច​គន្លឹះ​មួយ ឬ​ពីរ គឺ​ល្មម​គ្រប់គ្រាន់​ហើយ ។ នៅពេល​បងប្អូន​ពិចារណា​អំពី​តម្រូវការ​របស់​អ្នករៀន នោះ​ព្រះវិញ្ញាណ​នឹង​ជួយ​បងប្អូន​ឲ្យ​ស្គាល់​ថា តើ​គោលការណ៍ ដំណើររឿង ឬ​បទគម្ពីរ​ណាមួយ​ដែល​នឹង​មាន​អត្ថន័យ​ពិសេស​ចំពោះ​ពួកគេ » ( ការបង្រៀន​តាម​របៀប​របស់​ព្រះអង្គ​សង្គ្រោះ ទំព័រ  ) ។