ព្រះគម្ពីរ​សញ្ញាថ្មី ឆ្នាំ ២០២៣
ថ្ងៃទី ១៥–២១ ខែ ឧសភា ។ ម៉ាថាយ ២១–២៣; ម៉ាកុស ១១; លូកា ១៩–២០; យ៉ូហាន ១២ ៖ « មើល ស្តេច​នៃ​នាង ទ្រង់​យាង​មក »


« ថ្ងៃទី ១៥–២១ ខែ ឧសភា ។ ម៉ាថាយ ២១–២៣; ម៉ាកុស ១១; លូកា ១៩–២០; យ៉ូហាន ១២ ៖ ‹ មើល ស្តេច​នៃ​នាង ទ្រង់​យាង​មក › » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ ៖ ព្រះគម្ពីរ​សញ្ញា​ថ្មី ឆ្នាំ ២០២៣ ( ឆ្នាំ ២០២២ )

« ថ្ងៃទី ១៥–២១ ខែ ឧសភា ។ ម៉ាថាយ ២១–២៣; ម៉ាកុស ១១; លូកា ១៩–២០; យ៉ូហាន ១២ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ ៖ ឆ្នាំ ២០២៣

រូបភាព
បុរស​នៅលើ​ដើម​ឈើ នៅពេល​ព្រះយេស៊ូវ​បាន​យាង​មក​ដល់

លោក​សាខេ​នៅលើ​ដើម​ឧទុម្ពរ ដោយ ជេមស៍ ធីសសត

ថ្ងៃទី ១៥–២១ ខែ ឧសភា

ម៉ាថាយ ២១–២៣; ម៉ាកុស ១១; លូកា ១៩–២០; យ៉ូហាន ១២

« មើល ស្តេច​នៃ​នាង ទ្រង់​យាង​មក »

ពីមុន​អាន​គំនិត​យោបល់​នៅក្នុង​គម្រោង​នេះ សូម​អាន ម៉ាថាយ ២១–២៣; ម៉ាកុស ១១; លូកា ១៩–២០ និង យ៉ូហាន ១២ ។ សូម​កត់ត្រា​ចំណាប់​អារម្មណ៍​ដែលបងប្អូន​អាច​ចែកចាយ​ជាមួយ​នឹង​គ្រួសារ​របស់​បងប្អូន ឬ​នៅក្នុង​ថ្នាក់រៀន​នៃសាសនាចក្រ ។

កត់ត្រា​ចំណាប់អារម្មណ៍​របស់​បងប្អូន

ព្រះអង្គសង្គ្រោះ​មាន​ការហេវហត់​បន្ទាប់​ពី​ការ​ធ្វើ​ដំណើរ​មក​ពី​ភូមិ​បេថានី​ទៅ​កាន់​ទីក្រុង​យេរូសាឡិម ហើយ​មើល​ឃើញ​ដើម​ល្វា​មួយ​ពី​ចម្ងាយ​ហាក់​ដូចជា​ប្រភព​នៃ​អាហារ ។ ប៉ុន្តែ​ពេល​ព្រះយេស៊ូវ​យាង​ទៅ​ដល់​ដើម​ល្វា​នោះ ទ្រង់​ពុំ​ឃើញ​មាន​ផ្លែ​សោះ ( សូមមើល ម៉ាថាយ ២១:១៧–២០; ម៉ាកុស ១១:១២–១៤, ២០ ) ។ តាម​របៀប​មួយ ដើម​ល្វា​នោះ​គឺ​ដូចជា​អ្នកដឹកនាំ​សាសនា​នៅក្នុង​ក្រុង​យេរូសាឡិម​ដែល​លាក់ពុត ៖ ការ​បង្រៀន​របស់​ពួកគេ​គ្មាន​ន័យ ហើយ​ការបង្ហាញ​ពី​បរិសុទ្ធភាព​សំបក​ក្រៅ​របស់​ពួកគេ​ពុំ​​ខាង​វិញ្ញាណទេ ។ ពួក​ផារិស៊ី និង​ពួក​អាចារ្យ បាន​បង្ហាញ​ពីការរក្សា​បទបញ្ញត្តិ​ជា​ច្រើន​ប៉ុន្តែ​បាន​ភ្លេច​បទបញ្ញត្តិ​ធំបំផុត​ពីរគឺ ៖ ស្រឡាញ់​ព្រះ និង​ស្រឡាញ់​អ្នក​ជិត​ខាង​ខ្លួន​ឲ្យ​ដូច​ជា​ខ្លួន​ឯង ( សូមមើល ម៉ាថាយ ២២:៣៤–៤០, ២៣:២៣ ) ។

ផ្ទុយ​ទៅ​វិញ មនុស្ស​ជាច្រើន​បាន​ចាប់​ផ្ដើម​ទទួល​ស្គាល់​ផលផ្លែ​ល្អ​នៅ​ក្នុង​ការបង្រៀន​របស់​ព្រះយេស៊ូវ ។ នៅពេល​ទ្រង់​បាន​ទៅ​ដល់​ទីក្រុងយេរូសាឡិម ពួកគេ​បាន​ស្វាគមន៍​ទ្រង់​ ដោយយក​មែកឈើ​ដែលកាត់​ចេញ​ពី​ដើម​មក​ធ្វើ​ជា​ផ្លូវ​ថ្វាយទ្រង់ ដោយក្តី​អំណរដែល​នៅ​ទីបំផុត ដូច​ការព្យាករណ៍​ពីបុរាណ​បាន​ថ្លែង​ថា « ស្តេច​របស់​នាង ទ្រង់​យាង​មក » ( សាការី ៩:៩ ) ។ ពេល​បងប្អូន​អាននៅ​សប្ដាហ៍​នេះ ចូរ​គិត​អំពី​ផលផ្លែ​នៃ​ការ​បង្រៀន​របស់​ព្រះអង្គសង្គ្រោះ និង​ពលិកម្ម​ធួន​នៅក្នុង​ជីវិត​របស់​បងប្អូន និង​របៀប​ដែល​បងប្អូនអាច « បង្កើត​ផល​ជា​ច្រើន​ឡើង » ( យ៉ូហាន ១២:២៤ ) ។

រូបភាព
រូបសញ្ញា​ការសិក្សា​ផ្ទាល់ខ្លួន

គំនិត​យោបល់​សម្រាប់​ការសិក្សា​ព្រះគម្ពីរ​ផ្ទាល់ខ្លួន

លូកា ១៩:១–១០

ព្រះអម្ចាស់​ពុំ​វិនិច្ឆ័យ​រូបរាង​ខាង​ក្រៅ​ទេ ប៉ុន្តែ​វិនិច្ឆ័យ​ទៅ​លើ​បំណងប្រាថ្នា​នៃ​ដួងចិត្ត​វិញ ។

នៅ​ជំនាន់​របស់​ព្រះយេស៊ូវ មនុស្ស​ជាច្រើន​បាន​ស្មាន​ថា ពួក​អ្នក​យកពន្ធ ឬ​អ្នក​ប្រមូល​ពន្ធ​គឺ​ជា​ពួក​មិនស្មោះត្រង់ ហើយ​ឆក់​ប្លន់​ពី​ប្រជារាស្រ្ត ។ ដូច្នេះ​ដោយសារសាខេ ដែល​ជា​មេ​លើ​ពួក​អ្នក​យកពន្ធ មាន​ទ្រព្យសម្បត្តិ​ច្រើន នោះ​គាត់​អាច​នឹង​ត្រូវ​គេ​សង្ស័យ​កាន់តែ​ខ្លាំង ។ ប៉ុន្តែ ព្រះយេស៊ូវ​បាន​ទត​មើលទៅ​ដួងចិត្ត​របស់​សាខេ ។ តើ លូកា ១៩:១–១០ បើក​សម្ដែង​អំពី​ដួងចិត្ត​របស់​សាខេ​យ៉ាងដូចម្តេច​ខ្លះ ? បងប្អូនអាច​នឹង​ធ្វើ​ការ​កត់ចំណាំ​ពាក្យសម្ដីនៅក្នុង​ខគម្ពីរ​ទាំង​នេះ ដែល​ពិពណ៌នា​អំពី​អ្វី​ដែល​សាខេ​បានធ្វើ​ដើម្បី​បង្ហាញ​ពី​ការ​លះបង់​របស់​គាត់​ចំពោះ​ព្រះអង្គសង្គ្រោះ ។ តើ​បំណង​ប្រាថ្នា​ក្នុង​ដួងចិត្ត​បងប្អូន​ជា​អ្វី ? តើ​បងប្អូនកំពុង​ធ្វើ​អ្វី​ខ្លះ​ដើម្បី​ស្វែងរក​ព្រះអង្គសង្គ្រោះ ដូចជា​សាខេ​បាន​ធ្វើ ?

សូមមើល​ផងដែរ គោលលទ្ធិ និង សេចក្ដីសញ្ញា ១៣៧:៩ ។

ម៉ាថាយ ២៣; លូកា ២០:៤៥–៤៧

ព្រះ​យេស៊ូវ​ថ្កោលទោស​ដល់​សេចក្តី​កំពុត ។

ការ​ប្រាស្រ័យទាក់​ទង​របស់​ព្រះអង្គសង្គ្រោះ​នឹង​ពួក​អាចារ្យ និង​ពួក​ផារិស៊ី បង្កើត​ជា​ការ​ផ្ទុយ​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍​ទៅ​នឹង​ការ​ប្រាស្រ័យទាក់ទង​ជាមួយ​នឹង​សាខេ ។ ដូច​ប្រធាន ឌៀថើរ អេស្វ អុជដូហ្វ បាន​ពន្យល់ ថា​« [ ព្រះយេស៊ូវ ] មាន​ព្រះពិរោធ​ដោយ​សុចរិត​ទាស់​នឹង​ពួក​លាក់ពុត ដូចជាពួកអាចារ្យ ពួកផារិស៊ី និង​ពួក​សាឌូស៊ី—ពួក​ទាំងនោះ​បាន​ព្យាយាម​ធ្វើ​ត្រឹមត្រូវ ដើម្បី​ទទួល​បាន​ការ​កោតសរសើរ អំណាច និង​ទ្រព្យសម្បត្តិ​នៃ​លោកិយ តែ​ដំណាល​គ្នា​នោះ គេ​សង្កត់សង្កិន​មនុស្ស​ដែល​គួរ​ទទួល​បាន​ពរជ័យ​វិញ » ( « On Being Genuine » Liahona ខែ ឧសភា ឆ្នាំ ២០១៥ ទំព័រ ៨១ ) ។

នៅក្នុង ម៉ាថាយ ២៣ ព្រះអង្គ​សង្គ្រោះ​បាន​ប្រើ​ពាក្យ​ប្រៀប​ប្រដូច​ជាច្រើន​ដើម្បី​ពិពណ៌នា​អំពី​សេចក្តី​កំពុត ។ សូម​ពិចារណា​ធ្វើ​ការ​គូសចំណាំ ឬ​រៀបរាប់​ពី​ពាក្យ​ប្រៀប​ប្រដូច​ទាំងនេះ ហើយកត់ចំណាំ​ពី​អ្វី​ដែល​ពួកគេ​បង្រៀន​អំពី​សេចក្តី​កំពុត ។ តើ​អ្វី​ជា​ភាពខុសគ្នា​រវាងការលាក់ពុត និង​ភាពទន់ខ្សោយ​របស់​មនុស្ស ដែល​យើង​ទាំងអស់​គ្នា​មាន កាលដែល​យើង​ព្យាយាម​ដើម្បី​រស់នៅ​តាម​ដំណឹងល្អ​នោះ ? តើ​បងប្អូន​ត្រូវ​បាន​បំផុសគំនិត​ឲ្យ​ធ្វើ​អ្វីខ្លះ​ខុស​ប្លែក​ពីមុន ដោយសារ​តែ​ការ​បង្រៀន​របស់​ព្រះអង្គសង្គ្រោះ ?

សូមមើល Bible Dictionary « Hypocrite » ផងដែរ ។

ម៉ាថាយ ២១:១–១១; ម៉ាកុស ១១:១–១១; លូកា ១៩:២៩–៤៤; យ៉ូហាន ១២:១–៨, ១២–១៦

ព្រះយេស៊ូវគ្រីស្ទ​គឺជា​ស្តេច​របស់​ខ្ញុំ ។

ពេល​ដែល​ព្រះយេស៊ូវ​បាន​យាង​មកដល់​ក្រុង​យេរូសាឡិម តែ​ប៉ុន្មាន​ថ្ងៃ​មុន​នឹង​ទ្រង់​ធ្វើ​ដង្វាយធួន​របស់​ទ្រង់​បុណ្ណោះ នោះ​ពួក​អ្នក​ដែល​ស្គាល់​ទ្រង់​ថា​ជា​ស្ដេច​របស់​ពួកគេ បាន​បង្ហាញ​ភក្ដីភាព​របស់​ខ្លួន​ដោយ​បាន​តាំងប្រេង​ដល់​ទ្រង់ បាន​ក្រាល​អាវ និង​រាយ​ធាងដូចនៅតាម​ផ្លូវ​ទៅ​ក្រុង​យេរូសាឡិម និង​បាន​ស្រែក​សរសើរ​តម្កើង​ទ្រង់ ។ សូម​ពិចារណា​ពី​របៀប​ដែល​ធនធាន​ដូច​ខាង​ក្រោម​អាច​ផ្ដល់​ជា​ការ​យល់​ដឹង​កាន់​តែ​ជ្រៅជ្រះ​ដល់​បងប្អូន​អំពី​ព្រឹត្តិការណ៍​ទាំងនេះ ដែល​បាន​ចាប់​ផ្ដើមនា​សប្ដាហ៍​ចុងក្រោយ​នៃ​ព្រះជន្ម​របស់​ព្រះអង្គសង្គ្រោះ ។

  • គំរូ​នៃ​ការ​តែងតាំង​ស្ដេច​ពី​បុរាណ ៖ ពង្សាវតារក្សត្រ ទី២ ៩:១–៦, ១៣

  • ការ​ព្យាករ​ពីបុរាណ​អំពី​ការ​យាង​ចូល​មក​ដោយ​ជោគជ័យ ៖ សាការី ៩:៩

  • អត្ថន័យ​នៃ​ពាក្យ ហូសាណា ៖ « ហូសាណា » នៅក្នុង​សេចក្តី​ណែនាំ​ដល់​បទ​គម្ពីរ​ទាំងឡាយ ( នៅលើ​គេហទំព័រ scriptures.ChurchofJesusChrist.org )

  • ការ​ព្យាករ​អំពី​របៀប​ដែល​ព្រះអង្គសង្គ្រោះ​នឹង​យាងមក​ម្ដងទៀត ៖ វិវរណៈ ៧:៩–១២

តើ​បងប្អូន​អាច​គោរព និង​ទទួល​ព្រះអង្គសង្គ្រោះ​ជា​ព្រះអម្ចាស់ និង​ជា​ស្ដេច​របស់​បងប្អូន​យ៉ាង​ដូចម្ដេច ?

សូមមើល​ផងដែរ ហ្គើរីត ដបុលយូ ហ្គង « Hosanna and Hallelujah—The Living Jesus Christ: The Heart of Restoration and Easter » Liahona ខែ ឧសភា ឆ្នាំ ២០២០ ទំព័រ ៥២–៥៥; « The Lord’s Triumphal Entry into Jerusalem » ( វីដេអូ ) នៅលើ​គេហទំព័រ ChurchofJesusChrist.org ។

ម៉ាថាយ ២២:៣៤–៤០

បទ​បញ្ញត្តិ​ធំ​ពីរ​គឺ​ត្រូវ​ស្រឡាញ់​ព្រះ និង​ស្រឡាញ់​អ្នកដទៃ​ឲ្យ​ដូច​ជា​ខ្លួន​ឯង ។

បើ​បងប្អូន​ធ្លាប់​មានអារម្មណ៍​វិលវល់ ពេល​បងប្អូន​ព្យាយាម​ដើរ​តាម​ព្រះយេស៊ូវ​គ្រីស្ទ នោះ​ព្រះបន្ទូល​របស់​ព្រះអង្គសង្គ្រោះ​ទៅ​កាន់​អ្នក​ប្រាជ្ញ​ខាង​ច្បាប់​នៅ ម៉ាថាយ ២២ អាច​ជួយ​បងប្អូន​ឲ្យ​មាន​ភាព​ងាយ​ស្រួល ហើយ​ផ្ដោត​ទៅ​លើ​ភាព​ជា​សិស្ស​របស់​បងប្អូន ។ នេះ​ជា​របៀប​មួយ​ដើម្បី​ធ្វើ​កិច្ចការ​នេះ ៖ ចូរ​ធ្វើ​បញ្ជី​នៃ​បទបញ្ញត្តិ​ជាច្រើន​របស់​ព្រះអង្គសង្គ្រោះ ។ តើ​ចំណុច​នីមួយៗ​នៅ​ក្នុង​បញ្ជី​របស់​បងប្អូន​ទាក់ទង​នឹង​បទបញ្ញត្តិ​ធំពីរ​យ៉ាង​ដូចម្ដេច ? តើ​ការ​ផ្ដោត​ទៅ​លើ​បទបញ្ញត្តិ​ធំ​ពីរ​អាច​ជួយ​បងប្អូន​រក្សា​បទបញ្ញត្តិ​ផ្សេងទៀត​យ៉ាង​ដូចម្ដេច ?

រូបភាព
រូបសញ្ញា​ការសិក្សា​ជា​គ្រួសារ

គំនិត​យោបល់​សម្រាប់​ការសិក្សា​ព្រះគម្ពីរ​ជា​គ្រួសារ និង​រាត្រី​ជួបជុំ​ក្រុម​គ្រួសារ

ម៉ាថាយ ២១:១២–១៤ ។តើ​ព្រះបន្ទូល និង​សកម្មភាព​របស់​ព្រះយេស៊ូវ​នៅក្នុង ម៉ាថាយ ២១:១២–១៤ ​បង្ហាញ​ពី​អារម្មណ៍​របស់​ទ្រង់​អំពី​ព្រះវិហារ​បរិសុទ្ធ​យ៉ាង​ណា ? តើ​​យើង​បង្ហាញ​ពី​អារម្មណ៍​របស់​យើង ចំពោះ​ព្រះវិហារ​បរិសុទ្ធ​តាម​របៀប​ណា ? តើ​យើង​អាច « បណ្តេញ » ( ខទី ១២ ) ចេញ​អ្វី​ខ្លះ​ពី​ជីវិត​របស់​យើង ដើម្បី​ធ្វើ​ឲ្យ​គេហដ្ឋាន​របស់យើង​កាន់តែ​ដូចជា​ព្រះវិហារ​បរិសុទ្ធ ? សូម​ពិចារណា​ច្រៀង​ចម្រៀង​មួយ​បទ​អំពី​ព្រះវិហារ​បរិសុទ្ធ ដូចជា « ខ្ញុំ​ចូលចិត្ត​មើល​ព្រះវិហារ​បរិសុទ្ធ » សៀវភៅ​ចម្រៀង​កុមារ ទំព័រ ៩៩ ) ។

ម៉ាថាយ ២១:២៨–៣២ ។តើ​មេរៀន​មកពី​ពាក្យ​ប្រៀប​ប្រដូច​អំពី​បុរស​ដែល​មាន​កូន​ប្រុស​ពីរ​នាក់ អាច​ជួយ​ដល់​គ្រួសារ​របស់បងប្អូន​យ៉ាង​ណា​ខ្លះ ? ឧទាហរណ៍ បងប្អូន​អាច​ប្រើ​រឿង​នោះ​ដើម្បី​ពិភាក្សា​អំពី​សារៈសំខាន់​នៃ​ការ​គោរព​ប្រតិបត្តិ និង​ការប្រែចិត្ត​ដោយ​ស្មោះ ។ ប្រហែល​ជា​គ្រួសារ​បងប្អូន​អាច​សរសេរ​ជាអត្ថបទ​មួយ​ដើម្បី​ដើរតួ​អំពី​ពាក្យ​ប្រៀបប្រដូច​នោះ ហើយ​ផ្លាស់វេន​គ្នា​ដើរ​តួ​ផ្សេងៗ ។

ម៉ាថាយ ២២:១៥–២២; លូកា ២០:២១–២៦ ។កុមារ​អាច​រីករាយ​នឹង​ការធ្វើ​កាក់ជ័រ​ដោយ​មាន « រូប និង​ឈ្មោះ » របស់​ព្រះយេស៊ូវ​នៅលើ​កាក់​នោះ ។ ពួកគេ​អាច​សរសេរ​នៅ​ខ្នង​កាក់​នូវ​អ្វី​មួយ​ចំនួន​ដែល​ជា « របស់​ព្រះ » ( ម៉ាថាយ ២២:២១ ) ដែល​យើង​អាច​ថ្វាយ​ទ្រង់ ។ បងប្អូន​ក៏​អាច​និយាយ​អំពី​អត្ថន័យ​ក្នុង​ការមាន « រូប និង​ឈ្មោះ » របស់​ព្រះអង្គ​សង្គ្រោះ​នៅលើ ខ្លួន​យើងម៉ាថាយ ២២:២០; សូមមើល​ផងដែរ ម៉ូសាយ ៥:៨; អាលម៉ា ៥:១៤ ) ។

យ៉ូហាន ១២:១–៨ ។តើម៉ារា​បង្ហាញ​សេចក្ដីស្រឡាញ់​របស់នាង​ចំពោះ​ព្រះ​អង្គសង្គ្រោះ​យ៉ាង​ដូចម្ដេច ? តើ​យើង​បង្ហាញ​សេចក្ដី​ស្រឡាញ់​របស់​យើង​ចំពោះ​ទ្រង់​តាម​របៀប​ណា ?

រូបភាព
ស្ត្រី​យក​សក់​របស់​នាង​ជូត​ព្រះបាទា​របស់​ព្រះយេស៊ូវ

ការ​លាង​ព្រះបាទា​របស់​ព្រះយេស៊ូវ ដោយ ប្រាយអ៊ិន ខល

យ៉ូហាន ១២:៤២–៤៣ ។តើ​ផលវិបាក​ក្នុង​សង្គម​អ្វីខ្លះ ដែល​ពេល​ខ្លះ​បំបាក់​ទឹកចិត្ត​យើង​មិន​ឲ្យ​បញ្ចេញ ឬ​ការពារ​ជំនឿ​ទៅលើព្រះគ្រីស្ទ​របស់​យើង ? ឧទាហរណ៍​អំពី​អ្នក​ដែល​នឹង​មិន​ចុះ​ចាញ់​ចំពោះ​សម្ពាធ​ខាង​សង្គម សូមមើល ដានីយ៉ែល ១:៣–២០; ; ; យ៉ូហាន ៧:៤៥–៥៣; ៩:១–៣៨ និង ម៉ូសាយ ១៧:១–៤ ។ តើ​យើង​អាច​បង្ហាញ​ការគោរព​ដល់​អ្នកដទៃ នៅពេល​ពួកគេ​បង្ហាញ ឬ​ការពារ​ជំនឿ​សាសនា​របស់​ពួកគេ​តាម​របៀប​ណា ?

ចំពោះ​គំនិត​បន្ថែម​សម្រាប់​ការ​បង្រៀន​ដល់​កុមារ សូមមើល គម្រោង​មេរៀន​សប្ដាហ៍​នេះ នៅក្នុង​សៀវភៅ ចូរ​មក​តាម​ខ្ញុំ—សម្រាប់​អង្គការ​បឋមសិក្សា ។

ទំនុក​តម្កើង​ដែល​លើក​ទឹកចិត្ត​ឲ្យ​ប្រើ ៖ « រីករាយ​ដ្បិត​ទ្រង់​ជា​ស្ដេច ! » ទំនុក​តម្កើង ល.រ. ២៥ ។

ការ​កែលម្អ​ការ​បង្រៀន​របស់​យើង

ប្រើ​រូបភាព​ដើម្បី​ឲ្យ​សមាជិក​គ្រួសារ​ចូលរួម ។ « សៀវភៅ​រូបភាព​ដំណឹងល្អ និង បណ្ដាល័យ​ប្រព័ន្ធផ្សព្វផ្សាយ​ដំណឹងល្អ នៅលើ​គេហទំព័រ ChurchofJesusChrist.org មាននូវ​រូបភាព និងវីដេអូ​ជាច្រើន ដែលអាច​ជួយ [ គ្រួសារ​បងប្អូន ] ឲ្យ​មើល​ឃើញពី​គោលគំនិត ឬព្រឹត្តិការណ៍​នានា » ( ការបង្រៀន​តាម​របៀប​របស់​ព្រះអង្គ​សង្គ្រោះ ទំព័រ ២២ ) ។

រូបភាព
ការ​យាង​ចូល​មក​ដោយ​ជោគជ័យ

ការយាង​ចូល​មក​ដោយ​ជោគជ័យ ដោយ វ៉លធើរ រ៉េន