ព្រះគម្ពីរ​សញ្ញាថ្មី ឆ្នាំ ២០២៣
ថ្ងៃទី ១–៧ ខែ ឧសភា ។ លូកា ១២–១៧; យ៉ូហាន ១១ ៖ « សូម​អរ​សប្បាយ​ជាមួយ​នឹង​ខ្ញុំ ដ្បិត​ចៀម​ខ្ញុំ​ដែល​បាត់ នោះ​ឃើញ​វិញ​ហើយ »


« ថ្ងៃទី ១–៧ ខែ ឧសភា ។ លូកា ១២–១៧; យ៉ូហាន ១១ ៖ ‹ សូម​អរ​សប្បាយ​ជាមួយ​នឹង​ខ្ញុំ ដ្បិត​ចៀម​ខ្ញុំ​ដែល​បាត់ នោះ​ឃើញ​វិញ​ហើយ › » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​សាលា​ថ្ងៃ​អាទិត្យ ៖ ព្រះគម្ពីរ​សញ្ញាថ្មី ឆ្នាំ ២០២៣ ( ឆ្នាំ ២០២២ )

« ថ្ងៃទី ១–៧ ខែ ឧសភា ។ លូកា ១២–១៧; យ៉ូហាន ១១ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​សាលា​ថ្ងៃ​អាទិត្យ ៖ ឆ្នាំ ២០២៣

រូបភាព
ឪពុក​ឱប​កូនប្រុស​របស់​គាត់

កូនប្រុស​ខ្ជះខ្ជាយ ដោយ លីស ឡេមិន ស្វិនដល

ថ្ងៃទី ១–៧ ខែ ឧសភា

លូកា ១២–១៧; យ៉ូហាន ១១

« សូម​អរ​សប្បាយ​ជាមួយ​នឹង​ខ្ញុំ ដ្បិត​ចៀម​ខ្ញុំ​ដែល​បាត់ នោះ​ឃើញ​វិញ​ហើយ »

សូម​ចាប់ផ្ដើម​ការរៀបចំ​របស់​បងប្អូន ដោយ​ការសិក្សា លូកា ១២–១៧ និង យ៉ូហាន ១១ ប្រកប​ដោយ​ការអធិស្ឋាន ។ តើ​បងប្អូន​គិត​ឃើញ « ចៀម​ដែល​បាត់ » ណាខ្លះ​នៅក្នុង​ថ្នាក់​របស់​បងប្អូន ? សូម​ប្រើ ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ និង​គម្រោង​មេរៀន​នេះ នៅពេល​បងប្អូន​ស្វែងរក​ការណែនាំ​មកពី​ព្រះអម្ចាស់ អំពី​របៀប​ដើម្បី​បំពេញ​តាម​តម្រូវការ​សមាជិក​ក្នុង​ថ្នាក់​ឲ្យ​បាន​ល្អ​បំផុត ទោះជា​ពួកគេ​ពុំ​នៅក្នុង​ថ្នាក់​ក្ដី ។

រូបភាព
រូប​តំណាង​ការចែកចាយ

អញ្ជើញ​ឲ្យ​ចែកចាយ

ការអនុវត្ត​គឺជា​ផ្នែក​មួយ​ដ៏​សំខាន់​នៃ​ការរៀនសូត្រ ដូច្នេះ​សូម​អញ្ជើញ​សមាជិក​ក្នុង​ថ្នាក់​ឲ្យ​ចែកចាយ​ពី​របៀប​ដែល​ពួកគេ​ជ្រើសរើស​រស់នៅ​តាម​អ្វីមួយ ដែល​ពួកគេ​បាន​រៀន​មកពី​ព្រះគម្ពីរ​នា​សប្ដាហ៍​នេះ ។

រូបភាព
រូប​តំណាង​ការបង្រៀន

បង្រៀន​គោលលទ្ធិ

លូកា ១៤:១៥–២៤

គ្មាន​ការដោះសា​ណា​ដែលអាច​បដិសេធ​ដំណឹងល្អបាន​ឡើយ ។

  • ដើម្បី​ជួយ​សមាជិក​ក្នុង​ថ្នាក់​ឲ្យ​សិក្សា​ពាក្យ​ប្រៀប​ប្រដូច​អំពី​ការជប់លៀង​ដ៏​ធំ បងប្អូន​អាច​អញ្ជើញ​ពួកគេ​ឲ្យ​ទៅ​ពិធីជប់លៀង​ក្នុង​ក្ដីស្រមៃ​មួយ ដែល​បងប្អូន​នឹង​ធ្វើជា​ម្ចាស់​កម្មវិធី ។ សូម​អញ្ជើញ​ពួកគេ​ឲ្យ​ចែកចាយ​មូលហេតុ​មួយ​ចំនួន​ថា ហេតុអ្វី​ពួកគេ​អាច​មក​ចូលរួម ឬ​មិន​អាច​មក​ចូលរួម ។ សូម​អាន លូកា ១៤:១៥–២៤ ជាមួយ​គ្នា ហើយ​ពិភាក្សា​អំពី​ការដោះសា​ដែល​មនុស្ស​នៅក្នុង​ពាក្យ​ប្រៀប​ប្រដូច​នេះ​បាន​ប្រាប់ នៅពេល​ពួកគេ​ត្រូវបាន​អញ្ជើញ​ឲ្យ​ទៅ​ពិធីជប់លៀង ដែល​តំណាង​ឲ្យ​ពរជ័យ​ទាំងឡាយ​នៃ​ដំណឹងល្អ ។ តើ​មាន​ការដោះសា​ណាខ្លះ ដែល​មនុស្ស​នៅ​សព្វថ្ងៃ​ប្រើ​ក្នុង​ការបដិសេធ​មិន​ទទួល​យក​ការអញ្ជើញ​របស់​ព្រះអង្គ​សង្គ្រោះ ឲ្យ​ទទួល​យក​ពរជ័យ​ទាំងឡាយ​របស់​ព្រះវរបិតាសួគ៌ ? ប្រហែលជា​សមាជិក​ក្នុង​ថ្នាក់​អាច​នឹង​ចែកចាយ​ពរជ័យ​ទាំងឡាយ​ដែល​ពួកគេ​បាន​ទទួល នៅពេល​ពួកគេ​បាន​ធ្វើ​ការលះបង់ ដែល​ចាំបាច់​ដើម្បី​រស់នៅ​តាម​គោលការណ៍​ដំណឹងល្អ​មួយ​ចំនួន ។

លូកា ១៥

យើង​អាច​ឈោងទៅ​ជួយ​អស់​អ្នក​ដែល​វង្វេង ហើយ​អររីករាយ​ជាមួយ​នឹង​ព្រះវរបិតា នៅពេល​ពួកគេ​ត្រឡប់​មក​វិញ ។

  • តើ​បងប្អូន​នឹង​ផ្ដល់​ឱកាស​ឲ្យ​សមាជិក​ក្នុង​ថ្នាក់​ចែកចាយ​អ្វី ដែល​ពួកគេ​បាន​រៀនសូត្រ​អំពី​ពាក្យ​ប្រៀប​ប្រដូច​ទាំងបី​នៅក្នុង លូកា ១៥ ដោយ​របៀប​ណា ? សូម​ពិចារណា​ចាត់​ឲ្យ​សមាជិក​ម្នាក់ៗ​នៅក្នុង​ថ្នាក់​រំឭក​ពាក្យ​ប្រៀប​ប្រដូច​មួយ​ឡើងវិញ ។ ពួកគេ​អាច​រកមើល និង​ចែកចាយ​ចម្លើយ​ចំពោះ​សំណួរ​ទាំងនេះ​បាន ៖ តើ​ពាក្យពេចន៍​អ្វីខ្លះ​នៅក្នុង​ពាក្យ​ប្រៀប​ប្រដូច​នេះ ដែល​បង្ហាញ​ពី​ព្រះទ័យ​របស់​ព្រះវរបិតាសួគ៌​ចំពោះ​អស់​អ្នក​ដែល​វង្វេង ? តើ​ពាក្យ​ប្រៀប​ប្រដូច​នេះ​ផ្ដល់​យោបល់​អ្វីខ្លះ អំពី​របៀប​ដែល​យើង​គួរតែ​ឈោង​ទៅជួយ​បុត្រា​បុត្រី​របស់​ព្រះ​ទាំងអស់ ? សមាជិក​ក្នុង​ថ្នាក់​អាច​ចែកចាយ​របៀប ដែល​ព្រះអង្គ​សង្គ្រោះ​បាន​រកឃើញ​ពួកគេ នៅពេល​ពួកគេ​មាន​អារម្មណ៍​ថា​វង្វេង ។

  • ការច្រៀង​បទ « បណ្ដូល​ចិត្ត​របស់​បងប្អូន​គង្វាល » ( ទំនុក​តម្កើង ល.រ. ១៣៦ ) ជាមួយ​គ្នា អាច​ផ្ដល់​អត្ថន័យ​បន្ថែម​ទៅលើ​ការបង្រៀន​អំពី​ពាក្យ​ប្រៀប​ប្រដូច​ទាំងនេះ ។

  • នៅពេល​បងប្អូន​រំឭក​ពាក្យ​ប្រៀប​ប្រដូច​អំពី​កូន​ខ្ជះខ្ជាយ​ជាមួយ​គ្នា​សាឡើងវិញ នោះ​សមាជិក​ក្នុង​ថ្នាក់​អាច​ទទួល​បាន​អត្ថប្រយោជន៍​មកពី​ការផ្ដោត​លើ​ពាក្យពេចន៍ សកម្មភាព និង​ជំនឿ​របស់​បុគ្គល​ម្នាក់ៗ​នៅក្នុង​ពាក្យ​ប្រៀប​ប្រដូច​នេះ ។ តើ​យើង​រៀន​បាន​អ្វីខ្លះ​មកពី​បុគ្គល​ម្នាក់ៗ ? ប្រហែល​ជា​សមាជិក​ក្នុង​ថ្នាក់​អាច​សរសេរ​សេចក្ដី​បញ្ចប់​មួយ​ផ្សេងទៀត​ចំពោះ​ពាក្យ​ប្រៀប​ប្រដូច​នេះ ដែល​វា​បង្ហាញ​ពី​ភាពខុសគ្នា​នៃ​អាកប្បកិរិយា​របស់​កូនប្រុស​ច្បង​ទៅកាន់​ប្អូនប្រុស​របស់​គាត់ ។ តើ​ដំបូន្មាន​របស់​ឪពុក​នៅក្នុង​ពាក្យ​ប្រៀប​ប្រដូច​នេះ​បង្រៀន​យើង​អ្វីខ្លះ អំពី​របៀប​ដែល​យើង​គួរតែ​គិត​ចំពោះ​អស់​អ្នក​ដែល​បាន​វង្វេង​បាត់ និង​អស់អ្នក​ដែល​ត្រឡប់មក​រក​ដំណឹងល្អ​វិញ ? ( សូមមើល​ផងដែរ​សេចក្ដី​ថ្លែងការណ៍​របស់​អែលឌើរ ជែហ្វ្រី អ័រ ហូឡិន នៅក្នុង « ធនធាន​បន្ថែម​ទាំងឡាយ » ) ។ ឬ​បងប្អូន​អាច​សូមឲ្យ​សមាជិក​ក្នុង​ថ្នាក់​នឹក​ស្រមៃ​ថា ពួកគេ​គឺជា​ឪពុក​នៅក្នុង​ពាក្យ​ប្រៀប​ប្រដូច​នេះ ។ តើ​មាន​ការទូន្មាន​បន្ថែម​អ្វី​ផ្សេងទៀត ដែល​ពួកគេ​នឹង​ផ្ដល់​ទៅឲ្យ​កូនច្បង ដើម្បី​ជួយ​គាត់​ឲ្យ​មាន​អំណរ​ក្នុង​ការរីកចម្រើន ឬ​ជោគជ័យ​របស់​អ្នក​ដទៃ ?

លូកា ១៧:១១–១៩

ការដឹងគុណ​ចំពោះ​ពរជ័យ​របស់​ខ្ញុំ នឹង​នាំ​ខ្ញុំ​ឲ្យ​ខិតទៅ​កាន់តែ​ជិត​នឹង​ព្រះ ។

  • សូម​អញ្ជើញ​សមាជិក​ក្នុង​ថ្នាក់​ឲ្យ​ចែកចាយ​អ្វី​ដែល​ពួកគេ​បាន​រៀន អំពី​ការដឹងគុណ​មកពី​ការសិក្សា​របស់​ពួកគេ​នៅក្នុង លូកា ១៧:១១–១៩ និង​វីដេអូ « President Russell M. Nelson on the Healing Power of Gratitude » ( នៅលើ​គេហទំព័រ ChurchofJesusChrist.org ) ។ តើ​មនុស្ស​ឃ្លង់​ដែល​ដឹងគុណ ទទួល​បាន​ពរជ័យ​យ៉ាង​ដូចម្ដេច​ចំពោះ​ការថ្លែង​អំណរគុណ​របស់​គាត់ ? តើ​យើង​មាន​ពរជ័យ​យ៉ាងណា នៅពេល​យើង​បង្ហាញ​ការដឹងគុណ ? សមាជិក​ក្នុង​ថ្នាក់​អាច​ផ្ដល់​យោបល់​ពី​របៀប ដែល​យើង​អាច​បង្ហាញ​ការដឹងគុណ​របស់​យើង​ចំពោះ​ព្រះ និង​មនុស្ស​ដទៃ​បាន ។

យ៉ូហាន ១១:១–៤៦

ព្រះយេស៊ូវ​គ្រីស្ទ​គឺជា​អង្គ​រស់​ឡើងវិញ និង​ជា​ជីវិត ។

  • របៀប​មួយ​ដើម្បី​ពិនិត្យ​មើល យ៉ូហាន ១១:១–៤៦ គឺ​សូមឲ្យ​សមាជិក​ក្នុង​ថ្នាក់​ប្ដូរវេន​គ្នា​អាន​ខគម្ពីរ​ទាំងឡាយ ហើយ​អញ្ជើញ​ពួកគេ​ឲ្យ​ឈប់ និង​ពិភាក្សាគ្នា​នៅ​រាល់ពេល​ដែល​ពួកគេ​រកឃើញ​ភស្ដុតាង​នៃ​សេចក្ដី​ជំនឿ​លើ​ព្រះយេស៊ូវ​គ្រីស្ទ ។ បងប្អូន​ក៏អាច​សូមឲ្យ​សមាជិក​ក្នុង​ថ្នាក់​ពិចារណា​ពី​ទស្សនវិស័យ​របស់​មនុស្ស​ដែល​ពាក់ព័ន្ធ​ផងដែរ—រួមមាន​ព្រះអង្គ​សង្គ្រោះ ពួកសាវក ម៉ាថា ម៉ារា និង​ឡាសារ ។ តើ​យើង​រៀន​បាន​អ្វីខ្លះ​មកពី​ទ្រង់ និង​ពួកគេ​ម្នាក់ៗ ? ប្រហែលជា​សមាជិក​ក្នុង​ថ្នាក់​អាច​ចែកចាយ​បទពិសោធន៍​នានា នៅពេល​ដែល​សេចក្ដី​ជំនឿ​របស់​ពួកគេ​លើ​ព្រះយេស៊ូវ​គ្រីស្ទ​បាន​រឹងមាំ​ឡើង នៅពេល​ជួបនឹង​ការសាកល្បង ។

រូបភាព
រូប​តំណាង​ធនធាន​ទាំងឡាយ

ធនធាន​បន្ថែម​ទាំងឡាយ

ការរៀន​មកពី​រឿង​កូន​ខ្ជះខ្ជាយ​ដទៃទៀត ។

អែលឌើរ ជេហ្វ្រី អ័រ ហូឡិន បាន​ធ្វើការ​សង្កេត​នេះ​អំពី​បងប្រុស​របស់​កូនប្រុស​ខ្ជះខ្ជាយ ៖ « កូនប្រុស​នេះ​មិន​សូវ​ខឹង​ខ្លាំង​នឹង​ការដែល​កូនប្រុស​ម្នាក់ទៀត​មកផ្ទះ​វិញ ដូច​គាត់​ខឹង​នឹង​ឪពុក​ម្ដាយ​របស់​គាត់​ដែល​រីករាយ​ខ្លាំង​នឹង​ការមកវិញ​នោះ​ទេ ។ … គាត់​ពុំទាន់​មាន​ចិត្ត​អាណិត​មេត្តា និង​សេចក្ដី​ករុណា​នៅឡើយ​ទេ ដែល​វាជា​ដង្ហើម​នៃ​សេចក្ដី​សប្បុរស​នៃ​ចក្ខុវិស័យ​ដើម្បី​មើលឃើញ​ថា នេះ​ពុំមែន​ជា​ការត្រឡប់មក​វិញ​ដោយ​ប្រកួត​ប្រជែង​នោះទេ ។ វា​គឺជា​ប្អូនប្រុស​របស់គាត់ ។ ដូច​ឪពុក​របស់​គាត់​អង្វរ​គាត់​ឲ្យ​ទៅ​ជួប​ប្អូន ដែលវា​ពី​មុន​បាន​ស្លាប់ ហើយ​ឥឡូវ​នេះ​បាន​រស់​ឡើងវិញ ។ វា​គឺជា​ប្អូន​ដែល​បាន​វង្វេង​បាត់ ហើយ​ឥឡូវ​បាន​រកឃើញ​វិញ » (« The Other Prodigal » Ensign ខែ ឧសភា ឆ្នាំ ២០០២ ទំព័រ ៦៣ ) ។

ការកែលម្អ​ការបង្រៀន​របស់​យើង

ឈោង​ជួយ​ដល់​មនុស្ស​ម្នាក់ ។ ដូចជា​អ្នកគង្វាល​នៅក្នុង​រឿង​ប្រៀបប្រដូច​របស់​ព្រះអង្គ​សង្គ្រោះ​ដែរ ( សូមមើល លូកា ១៥:៤ ) « បងប្អូន​អាច​ឈោង​ទៅ​ជួយ​អស់​អ្នក​ដែល​បាន​បាត់​ពី​ថ្នាក់រៀន​របស់​បងប្អូន​បាន ។ ឱកាស​របស់​បងប្អូន​ដើម្បី​បង្រៀន ហើយ​លើកស្ទួយ​ដល់​សមាជិក​ក្នុង​ថ្នាក់ ហើយ​ជួយ​ពួកគេ​ឲ្យ​មករក​ព្រះគ្រីស្ទ​មាន​ហួសពី​ការបង្រៀន​នៅក្នុង​ថ្នាក់រៀន ហើយ​មាន​ហួសពី​អ្នក​ទាំងឡាយ​ណា​ដែល​មក​ចូលរួម​នៅក្នុង​មេរៀន​ជា​ផ្លូវការ​របស់​បងប្អូន​ទៅទៀត » ( ការបង្រៀន​តាម​របៀប​របស់​ព្រះអង្គ​សង្គ្រោះ ទំព័រ  ) ។