ព្រះគម្ពីរ​សញ្ញាថ្មី ឆ្នាំ ២០២៣
ថ្ងៃទី ២៤–៣០ ខែ មេសា ។ យ៉ូហាន ៧–១០ ៖ « ខ្ញុំ​ជា​អ្នក​គង្វាល​ល្អ »


« ថ្ងៃទី ២៤–៣០ ខែ មេសា ។ យ៉ូហាន ៧–១០ ៖ ‹ ខ្ញុំ​ជា​អ្នក​គង្វាល​ល្អ › » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​សាលា​ថ្ងៃ​អាទិត្យ ៖ ព្រះគម្ពីរ​សញ្ញា​ថ្មី ឆ្នាំ ២០២៣ ( ឆ្នាំ ២០២២ )

« ថ្ងៃទី ២៤–៣០ ខែ មេសា ។ យ៉ូហាន ៧–១០ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​សាលា​ថ្ងៃ​អាទិត្យ ៖ ឆ្នាំ ២០២៣

រូបភាព
ព្រះយេស៊ូវ​ជាមួយ​នឹង​ស្ដ្រី​ម្នាក់​ដែល​ក្រាប​ដល់​ដី

ខ្ញុំ​ក៏​មិន​កាត់​ទោស​នាង​ដែរ ដោយ អេវ៉ា ខូលេវ៉ា ធីម៉ូធី

ថ្ងៃទី ២៤–៣០ ខែ មេសា

យ៉ូហាន ៧–១០

« ខ្ញុំ​ជា​អ្នក​គង្វាល​ល្អ »

បងប្អូន និង​សមាជិក​ក្នុង​ថ្នាក់​របស់​បងប្អូន​នឹង​ទទួល​បាន​ការយល់ដឹង ពេល​អាន យ៉ូហាន ៧–១០ នៅ​សប្ដាហ៍​នេះ ។ សូម​ចងចាំ​ថា គំនិត​យោបល់​ទាំងឡាយ​នៅក្នុង​គម្រោង​មេរៀន​នេះ​គួរតែ​បំពេញ​បន្ថែម ជាជាង​ជំនួស​ឲ្យ​ការបំផុស​គំនិត​ដែល​បងប្អូន​ទទួល​បាន តាមរយៈ​ការសិក្សា​បទគម្ពីរ ។

រូបភាព
រូប​តំណាង​ការចែកចាយ

អញ្ជើញ​ឲ្យ​ចែកចាយ

សូម​រំឭក​ដល់​សមាជិក​ក្នុង​ថ្នាក់ អំពី​សារៈសំខាន់​នៃ​ការធ្វើឲ្យ​គេហដ្ឋាន​របស់​ពួកគេ​ផ្ដោត​ទៅលើ​ការរៀន​ដំណឹងល្អ ។ សូម​ឲ្យពួកគេ​ចែកចាយ​អ្វី​ដែល​ព្រះវិញ្ញាណ​បរិសុទ្ធ​បាន​បង្រៀន​ពួកគេ នៅពេល​ពួកគេ​បាន​សិក្សា យ៉ូហាន ៧–១០ នៅឯ​គេហដ្ឋាន ទាំង​ជា​លក្ខណៈ​បុគ្គល ឬ​ជាមួយ​ក្រុមគ្រួសារ​របស់​ពួកគេ ។

រូបភាព
រូប​តំណាង​ការបង្រៀន

បង្រៀន​គោលលទ្ធិ

យ៉ូហាន ៧–១០

ព្រះយេស៊ូវ​គ្រីស្ទ​គឺជា​ព្រះអង្គ​សង្គ្រោះ​នៃ​ពិភពលោក ។

  • នៅក្នុង យ៉ូហាន ៧–១០ ព្រះអង្គ​សង្គ្រោះ​បាន​ធ្វើ​ការប្រកាស​ជាច្រើន ដែល​អាច​ជួយ​សមាជិក​ក្នុង​ថ្នាក់​ឲ្យយល់​បាន​កាន់តែ​ច្បាស់​អំពី​បេសកកម្ម​របស់​ទ្រង់ ហើយ​ខិត​ទៅកាន់​តែ​ជិត​នឹង​ទ្រង់ ។ សូម​ពិចារណា​ធ្វើ​ការអញ្ជើញ​សមាជិក​ក្នុង​ថ្នាក់​ឲ្យ​អាន​វគ្គ​បទគម្ពីរ​ដូច​ខាងក្រោម​នេះ ហើយ​ចែកចាយ​នូវ​អ្វី​ដែល​បទគម្ពីរ​ទាំងនេះ​បង្រៀន​អំពី​បេសកកម្ម​ដ៏ទេវភាព​របស់​ព្រះអង្គ​សង្គ្រោះ ។ តើ​ព្រះគ្រីស្ទ​បំពេញ​តួនាទី​ទាំងនេះ​នៅក្នុង​ជីវិត​របស់​យើង​យ៉ាង​ដូចម្ដេច ?

រូបភាព
ព្រះយេស៊ូវ​គ្រីស្ទ

ពន្លឺ​នៃ​លោកិយ ដោយ ហូវ៉ឺដ លីយ៉ន

យ៉ូហាន ៧:១៤–១៧

នៅពេល​យើង​រស់នៅ​តាម​ការបង្រៀន​របស់​ព្រះយេស៊ូវ​គ្រីស្ទ នោះ​យើង​នឹង​ដឹង​ថា ការបង្រៀន​ទាំងនេះ​ពិត ។

  • តាម​របៀប​មួយ​ចំនួន ការទទួល​បាន​ទីបន្ទាល់​គឺ​ប្រៀប​ដូចជា​ការរៀន​ជំនាញ​មួយ​ដែរ—វា​តម្រូវ​ឲ្យមាន​ទាំង​ការអនុវត្ត និង​បទពិសោធន៍ ។ ដើម្បី​បង្ហាញ​ពី​ការណ៍​នេះ បងប្អូន​អាច​អញ្ជើញ​សមាជិក​ក្នុង​ថ្នាក់ ដែល​មាន​ជំនាញ​ជាក់លាក់​មួយ ដូចជា​ការឆ្ពិន​ភ្នែក ឬ​ការលេង​ឧបករណ៍​តន្ដ្រី ឲ្យ​មក​ពន្យល់​ពី​របៀប​ដែល​ពួកគេ​បាន​អភិវឌ្ឍ​ជំនាញ​របស់​ពួកគេ ។ ហេតុអ្វី​បានជា​វា​មិន​គ្រប់គ្រាន់ បើ​គ្រាន់តែ​អាន​អំពី​ជំនាញ​នោះ ឬ​មើល​នរណាម្នាក់​ទៀត​ធ្វើ​វា ? សូម​ពិភាក្សា​រួមគ្នា​ក្នុង​ថ្នាក់​ទាំងមូល អំពី​របៀប​ដែល​ការខិតខំ​នៅក្នុង​ការរៀន​ជំនាញ​មួយ គឺ​ប្រៀប​បាន​ទៅនឹង​លំនាំ​ខាង​វិញ្ញាណ ដែល​ព្រះអង្គ​សង្គ្រោះ​បាន​ពិពណ៌នា​នៅក្នុង យ៉ូហាន ៧:១៤–១៧ ដែរ ។ តើ​វា​ខុសគ្នា​យ៉ាង​ដូចម្ដេច ?

  • ប្រហែលជា​សមាជិក​ក្នុង​ថ្នាក់​អាច​ចែកចាយ​បទពិសោធន៍​នានា ដែល​ការរស់នៅ​តាម​សេចក្ដីពិត​នៃ​ដំណឹងល្អ​បាន​ជួយ​ពួកគេ​ឲ្យ​ទទួល​បាន​ទីបន្ទាល់​អំពី​សេចក្ដីពិត​នោះ ។ សូម​ផ្តល់​ពេលវេលា​ឲ្យ​សមាជិក​ក្នុង​ថ្នាក់​គិត​អំពី​គោលការណ៍​នៃ​ដំណឹងល្អ​មួយ ដែល​ពួកគេ​ចង់​ទទួល​បាន​ទីបន្ទាល់​កាន់តែ​រឹងមាំ​អំពី​វា បន្ទាប់​មក​លើក​ទឹកចិត្ត​ពួកគេ​ឲ្យ​ដាក់​គោលដៅ​ជាក់លាក់ ដើម្បី​រស់នៅ​តាម​គោលការណ៍​នោះ​ឲ្យ​បាន​កាន់តែ​ពេញលេញ ។

យ៉ូហាន ៨:១–១១

សេចក្តី​មេត្តា​ករុណា​របស់​ព្រះអង្គ​សង្គ្រោះ​មាន​សម្រាប់​មនុស្ស​គ្រប់​រូប​ដែល​ប្រែចិត្ត ។

  • ចំពោះ​អស់​អ្នក​ដែល​មាន​អារម្មណ៍​ថា​មាន​ទោស ដោយសារ​តែ​អំពើបាប​របស់​ពួកគេ នោះ​ដំណើររឿង​អំពី​ព្រះអង្គ​សង្គ្រោះ​ប្រទាន​សេចក្ដី​មេត្តា​ករុណា និង​ការប្រែចិត្ត​ដល់​ស្ត្រី​ដែល​ប្រព្រឹត្ត​អំពើ​សហាយស្មន់ អាច​ជា​ប្រភព​នៃ​ការលើក​ទឹកចិត្ត​មួយ ។ ឬ​បើ​សមាជិក​ក្នុង​ថ្នាក់​មាន​អារម្មណ៍​ថា ត្រូវបាន​ល្បួង​ឲ្យ​ថ្កោលទោស​មនុស្ស​ដទៃ ដោយសារ​តែ​អំពើបាប​របស់​ពួកគេ នោះ​ដំណើររឿង​នេះ​អាច​ធ្វើជា​ការព្រមាន​បាន ។ បងប្អូន​អាច​អញ្ជើញ​សមាជិក​ក្នុង​ថ្នាក់​ឲ្យ​អាន យ៉ូហាន ៨:១–១១ រួច​ស្វែងរក​ចម្លើយ​ចំពោះ​សំណួរ​ដូច​តទៅ​នេះ ៖ តើ​ដំណើររឿង​នេះ​បង្រៀន​អ្វីខ្លះ​អំពី​សេចក្ដី​មេត្តា​ករុណា​របស់​ព្រះអង្គ​សង្គ្រោះ ? តើ​ការទទួល​បាន​សេចក្ដី​មេត្តា​ករុណា​របស់​ទ្រង់ ពេល​យើង​មាន​អំពើបាប អាច​ជួយ​យើង​បាន​ដោយ​របៀប​ណា នៅពេល​យើង​មាន​អារម្មណ៍​ថា ត្រូវបាន​ល្បួង​ឲ្យ​វិនិច្ឆ័យ​មនុស្ស​ដទៃ​នោះ ? ( សូមមើល អាលម៉ា ២៩:៩–១០ ) ។

  • ដើម្បី​ជួយ​សមាជិក​ក្នុង​ថ្នាក់​ឲ្យ​រកឃើញ​នូវ​បទពិសោធន៍​ផ្ទាល់ខ្លួន​នៅក្នុង យ៉ូហាន ៨:១–១១ សូម​ពិចារណា​ធ្វើ​ការបំបែក​សិស្ស​ក្នុង​ថ្នាក់​ទៅជា​បី​ក្រុម—មួយ​ក្រុម​ផ្ដោត​ទៅលើ​ពាក្យសម្ដី និង​ទង្វើ​របស់​ពួក​ផារិស៊ី ឯមួយ​ក្រុម​ទៀត​ផ្ដោត​ទៅលើ​ព្រះបន្ទូល និង​ទង្វើ​របស់​ព្រះអង្គ​សង្គ្រោះ ហើយ​មួយ​ក្រុម​ចុងក្រោយ​ផ្ដោត​ទៅលើ​ពាក្យសម្ដី និង​ទង្វើ​របស់​ស្ត្រី​នោះ ។ ពួកគេ​អាច​ធ្វើ​ការណ៍​នេះ​បាន ពេល​អាន​ដំណើររឿង​នេះ ឬ​ពេល​មើល​វីដេអូ « Go and Sin No More » ( នៅលើ​គេហទំព័រ ChurchofJesusChrist.org ) ។ សូម​អញ្ជើញ​ក្រុម​នីមួយៗ​ឲ្យ​ធ្វើ​បញ្ជី​អំពី​សេចក្ដីពិត​ខាង​វិញ្ញាណ ដែល​ពួកគេ​បាន​រៀន​មកពី​ការអាន​ផ្នែក​នីមួយៗ​នៃ​ដំណើររឿង​នេះ ។

  • ពេល​ខ្លះ​យើង​ពុំបាន​ដឹង​ខ្លួន​ថា យើង​វិនិច្ឆ័យ​អ្នកដទៃ​នោះទេ ។ នេះ​គឺជា​សកម្មភាព​មួយ​ដើម្បី​ជួយ​សមាជិក​ក្នុង​ថ្នាក់​ឲ្យយកឈ្នះ​លើ​ទំនោរ​នេះ ៖ សូម​ឲ្យ​សមាជិក​ក្នុង​ថ្នាក់​ទាំងអស់​ជួយ​បងប្អូន ឲ្យ​ធ្វើ​បញ្ជី​មួយ​អំពី​របៀប​ដែល​យើង​វិនិច្ឆ័យ​មនុស្ស​ដទៃ ( ទៅលើ​អាការៈ​ខាងក្រៅ​របស់​ពួកគេ ឥរិយាបថ​របស់​ពួកគេ និង​ជីវប្រវត្តិ​របស់​ពួកគេ ជាដើម ) ។ សូម​ឲ្យ​ក្រដាស​ដែល​កាត់​ជា​រាង​ដុំថ្ម​មួយ​ដុំ​ទៅ​សមាជិក​ក្នុង​ថ្នាក់ ហើយ​សូមឲ្យ​ពួកគេ​ជ្រើសរើស​របៀប​មួយ​នៃ​ការវិនិច្ឆ័យ​អ្នក​ដទៃ ដែល​ពួកគេ​មាន​អារម្មណ៍​ថា ពួកគេ​មាន​កំហុស ហើយ​សរសេរ​វា​នៅលើ​ក្រដាស​រាង​ដុំថ្ម​នោះ ។ តើ​យើង​រៀន​អ្វីខ្លះ​ចេញ​មកពី​ព្រះបន្ទូល​របស់​ព្រះអង្គ​សង្គ្រោះ​ទៅកាន់​ពួក​ផារិស៊ី​នៅក្នុង យ៉ូហាន ៨:១–១១? សូម​អញ្ជើញ​សមាជិក​ក្នុង​ថ្នាក់​ឲ្យ​សរសេរ​នៅលើ​ខ្នង​ក្រដាស​រាង​ដុំ​ថ្ម​របស់​ពួកគេ នូវ​អ្វីមួយ​ដែល​នឹង​រំឭក​ពួកគេ​កុំ​ឲ្យ​វិនិច្ឆ័យ​គេ ( ប្រហែលជា​ឃ្លា​មួយ​មកពី យ៉ូហាន ៨ ) ។

យ៉ូហាន ៨:១៨–១៩, ២៦–២៩

នៅពេល​យើង​ស្គាល់​ព្រះយេស៊ូវ​គ្រីស្ទ នោះ​យើង​នឹង​ស្គាល់​ព្រះវរបិតា ។

  • តើ​ព្រះបន្ទូល​របស់​ព្រះអង្គ​សង្គ្រោះ​នៅក្នុង យ៉ូហាន ៨:១៨–១៩, ២៦–២៩ បង្រៀន​អ្វីខ្លះ​អំពី​ទំនាក់ទំនង​រវាង​ទ្រង់ និង​ព្រះវរបិតា​របស់​ទ្រង់ ? បន្ទាប់ពី​ការអាន និង​ការពិភាក្សា​អំពី​ខគម្ពីរ​ទាំងនេះ​ហើយ នោះ​សមាជិក​ក្នុង​ថ្នាក់​អាច​សរសេរ​នៅលើ​ក្ដារខៀន​នូវ​រឿង​មួយចំនួន​ដែល​ព្រះយេស៊ូវ​បាន​ធ្វើ បាន​មានបន្ទូល ឬ​បាន​បង្រៀន ។ តើ​យើង​រៀន​អ្វីខ្លះ​អំពី​ព្រះ​ជា​ព្រះវរបិតា​ចេញ​មកពី​រឿង​ទាំងនេះ ?

ការកែលម្អ​ការបង្រៀន​របស់​យើង

រស់នៅ​ឲ្យ​ស័ក្ដិសម​ដើម្បី​ទទួល​ការដឹកនាំ​ពី​ព្រះវិញ្ញាណ ។ នៅពេល​បងប្អូន​រស់នៅ​តាម​ដំណឹងល្អ នោះ​បងប្អូន​មាន​ភាពស័ក្ដិសម​នឹង​ភាពជា​ដៃគូ​របស់​ព្រះវិញ្ញាណ ។ នៅពេល​បងប្អូន​ស្វែងរក​ការណែនាំ​របស់ទ្រង់ នោះ​ព្រះវិញ្ញាណ​បរិសុទ្ធ​នឹង​ប្រទាន​គំនិត និង​ចំណាប់​អារម្មណ៍​ដល់​បងប្អូន​ឲ្យ​ដឹងពី​របៀប​ដែល​ត្រូវ​បំពេញ​តម្រូវការ​របស់​អ្នក​ទាំងឡាយ ដែល​បងប្អូន​បង្រៀន​នោះ ។ ( សូម​មើល ការបង្រៀន​តាម​របៀប​របស់​ព្រះអង្គ​សង្គ្រោះ ទំព័រ  ) ។