ព្រះគម្ពីរ​សញ្ញាថ្មី ឆ្នាំ ២០២៣
ថ្ងៃទី ១០–១៦ ខែ មេសា ។ ម៉ាថាយ ១៥–១៧; ម៉ាកុស ៧–៩ ៖ « ទ្រង់​ជា​ព្រះគ្រីស្ទ »


« ថ្ងៃទី ១០–១៦ ខែ មេសា ។ ម៉ាថាយ ១៥–១៧; ម៉ាកុស ៧–៩ ៖ ‹ ទ្រង់​ជា​ព្រះគ្រីស្ទ › » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​សាលា​ថ្ងៃ​អាទិត្យ ៖ ព្រះគម្ពីរ​សញ្ញា​ថ្មី ឆ្នាំ ២០២៣ ( ឆ្នាំ ២០២២ )

« ថ្ងៃទី ១០–១៦ ខែ មេសា ។ ម៉ាថាយ ១៥–១៧; ម៉ាកុស ៧–៩ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​សាលា​ថ្ងៃ​អាទិត្យ ៖ ឆ្នាំ ២០២៣

រូបភាព
ការប្រែរូប​របស់​ព្រះគ្រីស្ទ

ការប្រែរូប ដោយ ខាល ហេនរីក ប្លក់

ថ្ងៃទី ១០–១៦ ខែ មេសា

ម៉ាថាយ ១៥–១៧; ម៉ាកុស ៧–៩

« ទ្រង់​ជា​ព្រះគ្រីស្ទ »

គោលដៅ​ចម្បង​មួយ​របស់​បងប្អូន​ក្នុងនាមជា​គ្រូបង្រៀន​គឺ ដើម្បី​ជួយ​មនុស្ស​ដទៃ​ឲ្យ​ស្ថាបនា​សេចក្ដី​ជំនឿ​របស់​ពួកគេ​លើ​ព្រះយេស៊ូវ​គ្រីស្ទ ។ សូម​ចងចាំ​ចំណុច​នេះ នៅពេល​បងប្អូន​សិក្សា​បទគម្ពីរ​នៅ​សប្ដាហ៍​នេះ ។ តើ​បងប្អូន​រកឃើញ​អ្វីខ្លះ ដែល​អាច​ជួយ​សមាជិក​ក្នុង​ថ្នាក់​ឲ្យជឿ​លើ​ទ្រង់​កាន់តែ​ជ្រាលជ្រៅ​ថែមទៀត ?

រូបភាព
រូប​តំណាង​ការចែកចាយ

អញ្ជើញ​ឲ្យ​ចែកចាយ

របៀប​មួយ​ដែល​បងប្អូន​អាច​លើក​ទឹកចិត្ត​សមាជិក​ក្នុង​ថ្នាក់​ឲ្យ​សិក្សា​បទគម្ពីរ​ផ្ទាល់ខ្លួន និង​ជាមួយ​ក្រុមគ្រួសារ​របស់​ពួកគេ គឺ​អញ្ជើញ​ពួកគេ​ឲ្យ​ចែកចាយ​ជារៀង​រាល់​សប្ដាហ៍​អំពី​របៀប ដែល​ការសិក្សា​ព្រះគម្ពីរ​របស់​ពួកគេ​បាន​ជួយ​ពួកគេ​ឲ្យ​ទទួល​បាន​វិវរណៈ និង​ផ្តល់ពរ​ដល់​ជីវិត​របស់​ពួកគេ ។ ឧទាហរណ៍ តើ​ការសិក្សា​របស់​ពួកគេ​អំពី​ជំពូក​ទាំងនេះ​បាន​មាន​ឥទ្ធិពល​យ៉ាងណា ទៅលើ​ជម្រើស​ដែល​ពួកគេ​បាន​ធ្វើ​នៅ​សប្ដាហ៍​នេះ ?

រូបភាព
រូប​តំណាង​ការបង្រៀន

បង្រៀន​គោលលទ្ធិ

ម៉ាថាយ ១៦:១៣—១៧

ទីបន្ទាល់​អំពី​ព្រះយេស៊ូវ​គ្រីស្ទ​កើត​មកពី​វិវរណៈ ។

  • តើ​មាន​សមាជិក​ក្នុង​ថ្នាក់​របស់​បងប្អូន​ណាម្នាក់ ធ្លាប់​ពន្យល់​ដល់​នរណា​ម្នាក់​អំពី​របៀប​ដែល​ពួកគេ​ដឹង​ថា ដំណឹងល្អ​គឺ​ពិត​ដែរ​ឬ​ទេ ? នៅក្នុង ម៉ាថាយ ១៦:១៣–១៧ តើ​ព្រះអង្គ​សង្គ្រោះ​បង្រៀន​អ្វីខ្លះ អំពី​របៀប​ដែល​យើង​ទទួល​បាន​ទីបន្ទាល់ ? បងប្អូន​អាច​ចែកចាយ​របៀប​ដែល​អាលម៉ា​បាន​ទទួល​ទីបន្ទាល់​របស់​លោក ( សូមមើល អាលម៉ា ៥:៤៥–៤៦ ) ឬ​តើ​ព្រះអម្ចាស់​បាន​បង្រៀន​អ្វីខ្លះ​ដល់ អូលីវើរ ខៅឌើរី អំពី​វិវរណៈ ( សូមមើល គោលលទ្ធិ និង សេចក្ដី​សញ្ញា ៦:១៤–១៥, ២២–២៣; ៨:២–៣ ) ។ តើ​បងប្អូន​គិត​ថា ពេត្រុស ឬ អូលីវើរ ខៅឌើរី អាច​និយាយ​អ្វីខ្លះ ប្រសិនបើ​នរណា​ម្នាក់​បាន​សួរ​ពួកលោក​អំពី​របៀប​ដែល​ពួកលោក​ដឹង​ថា ដំណឹងល្អ​ជា​ការពិត​នោះ ?

  • អាច​នឹង​មាន​សមាជិក​នៅក្នុង​ថ្នាក់​របស់​បងប្អូន ដែល​កំពុង​អធិស្ឋាន​សូម​វិវរណៈ​ផ្ទាល់ខ្លួន ប៉ុន្តែ​ពុំដឹង​ពី​របៀប​ដើម្បី​ស្គាល់​វិវរណៈ នៅពេល​ដែល​វា​មក​ដល់ ។ នៅលើ​គេហទំព័រ HearHim.ChurchofJesusChrist.org បងប្អូន​អាច​រកឃើញ​វីដេអូ​នានា ដែល​ថ្នាក់ដឹកនាំ​ទាំងឡាយ​របស់​សាសនាចក្រ​បាន​ចែកចាយ​ពី​របៀប ដែល​ពួកលោក​ស្គាល់​ព្រះសូរសៀង​របស់​ព្រះអម្ចាស់ ។ បងប្អូន​អាច​មើល​វីដេអូ​ទាំងនេះ​មួយ ឬ​ច្រើន​ជាមួយ​នឹង​សមាជិក​នៅក្នុង​ថ្នាក់ ហើយ​និយាយ​អំពី​អ្វី​ដែល​វីដេអូ​ទាំងនេះ​បង្រៀន​អំពី​ការទទួល​បាន​វិវរណៈ ។ តើ​មាន​ការបង្រៀន ឬ​បទគម្ពីរ​ផ្សេងទៀត​ណាខ្លះ ដែល​អាច​ធ្វើ​ឲ្យ​សមាជិក​ក្នុង​ថ្នាក់​របស់​បងប្អូន​គិតដល់ ដែល​នឹង​ជួយ​ដល់​នរណា​ម្នាក់​ឲ្យ​ស្គាល់​វិវរណៈ​ផ្ទាល់ខ្លួន ? ( ឧទាហរណ៍ សូមមើល របាក្សត្រ ទី១ ១៩:១១–១២; កាឡាទី ៥:២២–២៣; អេណុស ១:១–៨; គោលលទ្ធិ និង សេចក្ដី​សញ្ញា ៦:២២–២៤; ៨:២–៣; ៩:៧–៩ ) ។

ម៉ាថាយ ១៦:១៣–១៩; ១៧:១–៩

កូនសោ​ទាំងឡាយ​នៃ​បព្វជិតភាព​គឺ​សំខាន់​សម្រាប់​សេចក្ដី​សង្គ្រោះ​របស់​យើង ។

  • ដើម្បី​ចាប់ផ្ដើម​ការពិភាក្សា​អំពី​កូនសោ​ទាំងឡាយ​នៃ​បព្វជិតភាព បងប្អូន​អាច​សរសេរ​សេចក្ដីយោង​ដូច​តទៅនេះ​ដាក់​នៅលើ​ក្ដារខៀន ៖ ម៉ាថាយ ១៦:១៩; គោលលទ្ធិ និង សេចក្ដី​សញ្ញា ១០៧:១៨–២០; ១២៨:៨–១១; ១៣២:១៨–១៩, ៥៩; យ៉ូសែប ស៊្មីធ—ប្រវត្តិ ១:៧២; និង « កូនសោ​ទាំងឡាយ​នៃ​បព្វជិតភាព » នៅក្នុង​សេចក្ដី​ណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ ( នៅលើ​គេហទំព័រ scriptures.ChurchofJesusChrist.org ) ។ បន្ទាប់មក សូម​អញ្ជើញ​សមាជិក​ក្នុង​ថ្នាក់​ឲ្យ​អាន​វគ្គ​បទគម្ពីរ​មួយ ឬ​ច្រើន ហើយ​ចែកចាយ​អ្វីមួយ​ដែល​ពួកគេ​បាន​រៀន​មកពី​បទគម្ពីរ​ទាំងនោះ​អំពី​កូនសោ​បព្វជិតភាព ។ ហេតុអ្វី​យើង​ត្រូវការ​កូនសោ​បព្វជិតភាព ?

  • ដើម្បី​ជួយ​សមាជិក​ក្នុង​ថ្នាក់​ឲ្យ​ពង្រឹង​ទីបនា្ទល់​របស់​ពួកគេ អំពី​ការស្ដារ​ឡើងវិញ​នៃ​កូនសោ​បព្វជិតភាព​នៅក្នុង​ថ្ងៃ​ចុងក្រោយ នោះ​បងប្អូន​អាច​សូមឲ្យ​សមាជិក​ពាក់​កណ្ដាល​ថ្នាក់​សិក្សា ម៉ាថាយ ១៧:១–៩ ហើយ​សមាជិក​ពាក់​កណ្ដាល​ទៀត​សិក្សា គោលលទ្ធិ និង សេចក្តី​សញ្ញា ១១០ ។ បន្ទាប់​មក ពួកគេ​អាច​ចែកចាយ​ជាមួយ​គ្នា​ទៅវិញ​ទៅមក​នូវ​អ្វី​ដែល​ពួកគេ​បាន​រៀន និង​កត់ចំណាំ​ពី​ភាពស្រដៀងគ្នា​រវាង​ដំណើររឿង​ទាំងពីរ ។ វីដេអូ « Priesthood Keys: The Restoration of Priesthood Keys » ( នៅលើ​គេហទំព័រ ChurchofJesusChrist.org ) អាច​នឹង​ជា​ជំនួយ​ផងដែរ ។

រូបភាព
រូបសំណាក​របស់​ពេត្រុស​កំពុង​កាន់​កូនសោ

កូនសោ​ទាំងឡាយ​នៃ​បព្វជិតភាព​គឺជា​សិទ្ធិ​អំណាច ដើម្បី​ដឹកនាំ​ការប្រើប្រាស់​បព្វជិតភាព ។

ម៉ាកុស ៩:១៤–៣០

នៅពេល​ស្វែងរក​សេចក្ដី​ជំនឿ​ដែល​ធំជាង​នេះ នោះ​យើង​ចាប់ផ្ដើម​ដោយ​សេចក្ដី​ជំនឿ​ដែល​យើង​មាន​សិន ។

  • អែលឌើរ ជែហ្វ្រី អ័រ ហូឡិន បាន​ប្រើ​ដំណើររឿង​អំពី​ឪពុក​ម្នាក់ ដែល​ស្វែងរក​ការព្យាបាល​ឲ្យ​កូនប្រុស​របស់​គាត់ ដើម្បី​បង្រៀន​អំពី​របៀប​ដែល​យើង​គួរតែ​ទៅរក​ព្រះអម្ចាស់ នៅពេល​យើង​មាន​អារម្មណ៍​ថា សេចក្ដី​ជំនឿ​របស់​យើង​ពុំមាន​ល្មម​គ្រប់គ្រាន់ ( សូមមើល « Lord, I Believe » Liahona ខែ ឧសភា ឆ្នាំ ២០១៣ ទំព័រ ៩៣–៩៥ ) ។ បន្ទាប់ពី​អាន ម៉ាកុស ៩:១៤–៣០ ជា​ថ្នាក់​ហើយ បងប្អូន​អាច​ពិភាក្សា​រួមគ្នា​អំពី​ការសង្កេត​ចំនួន​បី​របស់​អែលឌើរ ហូឡិន ( សូម​មើល « ធនធាន​បន្ថែម​ទាំងឡាយ » ) ។

រូបភាព
រូប​តំណាង​ធនធាន​ទាំងឡាយ

ធនធាន​បន្ថែម​ទាំងឡាយ

ការសង្កេត​ឃើញ​បី​យ៉ាង​ដើម្បី​ជួយ​យើង​ឲ្យ​ទទួលបាន​សេចក្ដីជំនឿ​កាន់តែ​ខ្លាំង ។

បន្ទាប់ពី​ប្រាប់​ឡើងវិញ​ពី​ដំណើររឿង​ដែល​មាន​នៅក្នុង ម៉ាកុស ៩:១៤–២៩ រួច​ហើយ អែលឌើរ ជែហ្វ្រី អ័រ ហូឡិន បាន​បង្រៀន ៖

« ការសង្កេត​ឃើញ​ទីមួយ​ស្ដី​អំពី​ដំណើររឿង​នេះ​គឺថា នៅពេល​ប្រឈម​មុខ​នឹង​ឧបសគ្គ​នៃ​សេចក្ដី​ជំនឿ ឪពុក​រូបនេះ​បាន​ដាក់​អស់​ទាំង​កម្លាំង​របស់​លោក​ជាមុន​សិន បន្ទាប់មក​លោក​ទទួល​ស្គាល់​ពី​ដែនកំណត់​របស់​លោក ។ សេចក្តីថ្លែង​ដំបូង​បំផុត​របស់​លោក​គឺ​វិជ្ជមាន ហើយ​ឥត​ស្ទាក់ស្ទើរ ៖ ‹ ខ្ញុំ​ជឿ​ហើយ លោកម្ចាស់​អើយ › ។ ខ្ញុំ​ចង់​និយាយ​ទៅ​បងប្អូន​ទាំងអស់គ្នា​ដែល​ចង់​មាន​សេចក្ដី​ជំនឿ​ខ្លាំង​ឡើង ឲ្យ​ចងចាំ​បុរស​រូបនេះ ! « ក្នុង​វេលា​នៃ​ការភ័យខ្លាច ឬ​ការសង្ស័យ ឬ​ពេល​ដែល​មាន​បញ្ហា សូម​កាន់ខ្ជាប់​ទៅនឹង​ទីតាំង​ដែល​បងប្អូន​បាន​ឈ្នះ​រួចហើយ បើ​ទោះបីជា​ទីតាំង​នោះ​មាន​កំណត់​ក្ដី ។ …

« ការសង្កេតឃើញ​ទីពីរ គឺ​ខុស​ផ្សេង​ពី​ទីមួយ ។ នៅពេល​បញ្ហា​មក​ដល់ ហើយ​សំណួរ​ចោទ​ឡើង សូម​កុំ​ចាប់ផ្ដើម​ការផ្សងព្រេង​របស់​បងប្អូន​សម្រាប់​សេចក្ដី​ជំនឿ​ដោយ​និយាយ​ថា បងប្អូន គ្មាន ជំនឿ​ច្រើន ដែល​វា​ដឹកនាំ​ទៅរក ‹ ការឥត​ជំនឿ › របស់​បងប្អូន​នោះ​ឡើយ ។ … ខ្ញុំ​មិន​បាន​សូម​ឲ្យ​បងប្អូន​ធ្វើ​ពុត​ថា បងប្អូន​មាន​សេចក្ដី​ជំនឿ ដែល​បងប្អូន​គ្មាន​នោះ​ទេ ។ ខ្ញុំ គឺ កំពុងតែ​សូម​ឲ្យ​បងប្អូន​ស្មោះត្រង់​ទៅនឹង​សេចក្ដី​ជំនឿ ដែល បងប្អូន​មាន​វិញ​ទេ​តើ ។ …

« ការសង្កេតឃើញ​ចុងក្រោយ​គឺ ៖ នៅពេល​ការសង្ស័យ ឬ​ការលំបាក​កើតមាន​ឡើង ចូរ​កុំ​ខ្លាច​នឹង​សុំរក​ជំនួយ​ឡើយ ។ ប្រសិនបើ​យើង​ចង់​បាន​វា​ដោយ​រាបសា និង​ស្មោះត្រង់​ដូចជា​ឪពុក​រូបនេះ​បាន​ធ្វើ នោះ​យើង​អាច​ទទួល​បាន​វា » ( « Lord, I Believe » Liahona ខែ ឧសភា ឆ្នាំ ២០១៣ ទំព័រ ៩៣–៩៤ ) ។

ការកែលម្អ​ការបង្រៀន​របស់​យើង

សួរ​សំណួរ​ដែល​អញ្ជើញ​ឲ្យ​មាន​ទីបន្ទាល់ ។ ការសួរ​សំណួរ​ទាំងឡាយ​ដែល​លើក​ទឹកចិត្ត​សមាជិក​ក្នុង​ថ្នាក់​ឲ្យ​ថ្លែង​ទីបន្ទាល់​របស់​ពួកគេ អាច​ជា​វិធី​ដ៏មាន​ប្រសិទ្ធភាព​ដើម្បី​អញ្ជើញ​យាង​ព្រះវិញ្ញាណ ។ ឧទាហរណ៍ នៅពេល​ពិភាក្សា ម៉ាថាយ ១៦:១៣–១៧ បងប្អូន​អាច​សួរ​ថា « តើ​បងប្អូន​បាន​រៀន​អ្វីខ្លះ​អំពី​ព្រះអង្គ​សង្គ្រោះ ដែល​បាន​ពង្រឹង​ដល់​ទីបន្ទាល់​របស់​បងប្អូន​អំពី​ទ្រង់ ក្នុង​នាមជា​ព្រះអង្គ​សង្គ្រោះ ? » ( សូមមើល ការបង្រៀន​តាម​របៀប​របស់​ព្រះអង្គ​សង្គ្រោះ ទំព័រ ៣២ ) ។