ព្រះគម្ពីរ​សញ្ញាថ្មី ឆ្នាំ ២០២៣
ថ្ងៃទី ៨–១៤ ខែ ឧសភា ។ ម៉ាថាយ ១៩–២០; ម៉ាកុស ១០; លូកា ១៨ ៖ « តើ​នៅ​ខ្វះ​អ្វី​ទៀត ? »


« ថ្ងៃទី ៨–១៤ ខែ ឧសភា ។ ម៉ាថាយ ១៩–២០; ម៉ាកុស ១០; លូកា ១៨ ៖ ‹ តើ​នៅ​ខ្វះ​អ្វី​ទៀត ? › » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​សាលា​ថ្ងៃ​អាទិត្យ ៖ ព្រះគម្ពីរ​សញ្ញា​ថ្មី ឆ្នាំ ២០២៣ ( ឆ្នាំ ២០២២ )

« ថ្ងៃទី ៨–១៤ ខែ ឧសភា ។ ម៉ាថាយ ១៩–២០; ម៉ាកុស ១០; លូកា ១៨ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​សាលា​ថ្ងៃ​អាទិត្យ ៖ ឆ្នាំ ២០២៣

រូបភាព
ឈ្នួល​ធ្វើការ​នៅក្នុង​ចម្ការ​ទំពាំង​បាយ​ជូរ

ថ្ងៃទី ៨–១៤ ខែ ឧសភា

ម៉ាថាយ ១៩–២០; ម៉ាកុស ១០; លូកា ១៨

« តើ​នៅ​ខ្វះ​អ្វី​ទៀត ? »

នៅពេល​បងប្អូន​រៀបចំ​ខ្លួន​បង្រៀន សូម​ពិចារណា​ប្រកប​ដោយ​ការអធិស្ឋាន​អំពី​របៀប​ដែល​បងប្អូន​អាច​ជួយ​សមាជិក​ក្នុង​ថ្នាក់ ឲ្យ​ចែកចាយ​អ្វី​ដែល​ពួកគេ​បាន​រៀនសូត្រ ឬ​មាន​អារម្មណ៍​ក្នុង​អំឡុង​ការសិក្សា​ផ្ទាល់ខ្លួន​របស់​ពួកគេ ។

រូបភាព
រូប​តំណាង​ការចែកចាយ

អញ្ជើញ​ឲ្យ​ចែកចាយ

វា​អាច​មាន​ប្រយោជន៍ ដើម្បី​ពិភាក្សា​អំពី​បទពិសោធន៍​ទូទៅ​របស់​សមាជិក​ក្នុង​ថ្នាក់​ជាមួយ​នឹង​ការរៀនសូត្រ​ដំណឹងល្អ​នៅផ្ទះ​យូរ​ម្ដងៗ ។ តើ​ពួកគេ​អាច​ចែកចាយ​បទពិសោធន៍​ដ៏​ជោគជ័យ​អ្វីខ្លះ ? តើ​ឧបសគ្គ ឬ​ការប្រឈម​អ្វីខ្លះ​ដែល​ពួកគេ​កំពុង​ជួប​ប្រទះ ? តើ​ពាក្យ​ទូន្មាន​អ្វីខ្លះ​ដែល​ពួកគេ​អាច​ផ្ដល់​ឲ្យ​គ្នា​ទៅវិញ​ទៅមក​បាន ?

រូបភាព
រូប​តំណាង​ការបង្រៀន

បង្រៀន​គោលលទ្ធិ

ម៉ាថាយ ១៩:៣–៩

អាពាហ៍ពិពាហ៍​រវាង​បុរស​ម្នាក់ និង​ស្ត្រី​ម្នាក់​គឺជា​ផ្នែក​ដ៏សំខាន់​មួយ​នៅក្នុង​ផែនការ​ដ៏អស់កល្ប​របស់​ព្រះ ។

  • ទស្សនៈ​របស់​ពិភពលោក​ស្ដីពី​អាពាហ៍ពិពាហ៍ ឃ្លាត​ចេញ​ខ្លាំងទៅៗ​ពី​សេចក្ដីពិត​ដ៏នៅ​អស់កល្ប​ជានិច្ច ។ ដើម្បី​ជួយ​សមាជិក​ក្នុង​ថ្នាក់​របស់​បងប្អូន​ឲ្យ​រៀន​អំពី​ទស្សនៈ​របស់​ព្រះ​ស្ដីពី​អាពាហ៍ពិពាហ៍ បងប្អូន​អាច​អញ្ជើញ​ពួកគេ​ឲ្យ​អាន ម៉ាថាយ ១៩:៣–៩ ហើយ​សរសេរ​សេចក្ដីពិត​ដែល​ពួកគេ​បាន​រកឃើញ​ទាក់ទង​នឹង​អាពាហ៍ពិពាហ៍​ដាក់​នៅលើ​ក្ដារខៀន ។ ពួកគេ​ក៏​អាច​សរសេរ​សេចក្ដីពិត​បន្ថែម​ទៀត ដែល​ពួកគេ​រកឃើញ​នៅក្នុង​បទគម្ពីរ​ដូច​តទៅ​នេះ​ផងដែរ ៖ លោកុប្បត្តិ ១:២៧–២៨; កូរិនថូស ទី១ ១១:១១; គោលលទ្ធិ និង សេចក្ដីសញ្ញា ៤២:២២; ៤៩:១៥–១៧; ១៣១:១–៤; ១៣២:១៩ និង ម៉ូសេ ៣:១៨, ២១–២៤ ។ តើ​សេចក្ដីពិត​ទាំងនេះ​ត្រូវបាន​ពង្រឹង​នៅក្នុង « ក្រុមគ្រួសារ ៖ ការប្រកាស​ដល់​ពិភពលោក » តាម​របៀប​ណា ? ( នៅ​លើ​គេហទំព័រ ChurchofJesusChrist.org ) ។

ម៉ាថាយ ២០:១–១៦

មនុស្ស​គ្រប់រូប​អាច​ទទួល​ពរជ័យ​នៃ​ជីវិត​អស់កល្ប​ជានិច្ច មិន​ថា​ពួកគេ​ពួកគេ​ទទួល​បាន​ដំណឹងល្អ​នៅពេល​ណា​នោះទេ ។

  • តើ​អ្វីទៅ​ដែល​នឹង​ជួយ​ដល់​សមាជិក​ក្នុង​ថ្នាក់​របស់​បងប្អូន ឲ្យ​អនុវត្ត​តាម​គោលការណ៍​នៅក្នុង​ពាក្យ​ប្រៀប​ប្រដូច​ស្ដីពី​ជើងឈ្នួល​នៅក្នុង​ចម្ការ​ទំពាំង​បាយ​ជូរ ? បងប្អូន​អាច​អញ្ជើញ​សមាជិក​ក្នុង​ថ្នាក់​ពីរបី​នាក់​ឲ្យ​រៀបចំ​ការដើរ​តួសម្ដែង​មួយ អំពី​ពាក្យ​ប្រៀប​ប្រដូច​នេះ​ដើម្បី​បង្ហាញ​ដល់​សមាជិក​ក្នុង​ថ្នាក់​បាន ។ បន្ទាប់ពី​ការបង្ហាញ​នេះ មនុស្ស​ដែល​សម្ដែង​ជា​ជើងឈ្នួល​អាច​ចែកចាយ​ពី​អារម្មណ៍​របស់​ពួកគេ អំពី​ការបង់ថ្លៃ​ដែល​ពួកគេ​បាន​ទទួល និង​ហេតុផល​នៃ​អារម្មណ៍​នោះ​បាន ។ តើ​ពាក្យ​ប្រៀប​ប្រដូច​នេះ​ប្រាប់​អ្វីខ្លះ​អំពី​នគរ​ស្ថានសួគ៌ ? តើ​យើង​ទទួល​បាន​ការយល់ដឹង​បន្ថែម​ទៀត​អ្វីខ្លះ អំពី​ពាក្យ​ប្រៀប​ប្រដូច​នេះ​ចេញ​មកពី​សារលិខិត​របស់​អែលឌើរ ជែហ្វ្រី អ័រ ហូឡិន « The Laborers in the Vineyard » ? ( Liahona ខែ ឧសភា ឆ្នាំ ២០១២ ទំព័រ ៣១–៣៣ ) ។

ម៉ាថាយ ១៩:១៦–២២; ម៉ាកុស ១០:១៧–២៧

ព្រះអង្គ​សង្គ្រោះ​នឹង​ដឹកនាំ​យើង​ឲ្យ​ខិត​កាន់តែ​ជិត​ទ្រង់ នៅពេល​យើង​ទូល​សូម​ជំនួយ​របស់​ទ្រង់ ។

  • តើ​បងប្អូន​អាច​ជួយ​សមាជិក​ក្នុង​ថ្នាក់​ឲ្យ​ស្គាល់ ហើយ​អនុវត្ត​តាម​គោលការណ៍​នានា​នៅក្នុង​ដំណើររឿង​ស្ដីពី​កម្លោះ​អ្នកមាន​តាម​របៀប​ណា ? វិធី​មួយ​គឺ​អាច​សូម​ឲ្យ​ពួកគេ​អាន ម៉ាកុស ១០:១៧–២៧ ហើយ​ពិចារណា​ថាតើ​ពួកគេ​ធ្លាប់​មាន​អារម្មណ៍​ដូចជា​កម្លោះ​អ្នកមាន​នោះ​ដែរ​ឬ​ទេ ។ តើ​មាន​អ្វីខ្លះ​ដែល​បាន​ជួយ​យើង​ឲ្យ​ធ្វើតាម​ព្រះឱវាទ​របស់​ព្រះអង្គ​សង្គ្រោះ ទោះបីជា​ពេល​ធ្វើ​ដូច្នោះ​ពិបាក​ខ្លាំង​ក្ដី ? សមាជិក​ក្នុង​ថ្នាក់​អាច​ស្ម័គ្រចិត្ត​ចែកចាយ​បទពិសោធន៍​នានា ដែល​បាន​ឆ្លើយ​នឹង​សំណួរ​ថា « តើ​នៅ​ខ្វះ​អ្វី​ទៀត ? » ( ម៉ាថាយ ១៩:២០ ) ហើយ​បាន​ទទួល​ការបំផុស​គំនិត​ផ្ទាល់ខ្លួន​មួយ​ដើម្បី​កែលម្អ ។ ដើម្បី​ជួយ​សមាជិក​ក្នុង​ថ្នាក់​ដែល​អាច​បាក់​ទឹកចិត្ត ដោយសារ​ការផ្ដោតលើ​អ្វី​ដែល​ពួកគេ​ខ្វះខាត​នោះ បងប្អូន​អាច​ចែកចាយ​សេចក្ដី​ថ្លែងការណ៍​ដែល​មាន​នៅក្នុង « ធនធាន​បន្ថែម​ទាំងឡាយ » បាន ។

  • សមាជិក​ក្នុង​ថ្នាក់​អាច​បាន​អាន​សារលិខិត​សន្និសីទ​ទូទៅ​មួយ ដែល​ទាក់ទង​នឹង​ខគម្ពីរ​ទាំងនេះ ដូច​បាន​ផ្ដល់​យោបល់​នៅក្នុង​សៀវភៅ ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ ។ សូម​អញ្ជើញ​ពួកគេ​ឲ្យ​ចែកចាយ​ការយល់ដឹង ដែល​ពួកគេ​បាន​ទទួល ។

រូបភាព
បុរស​រាបសា និង​ពួកផារិស៊ី

ពួកអ្នក​យកពន្ធ​ដែល​ប្រែចិត្ត និង​ពួកផារិស៊ី​ដែល​ជឿថា​ខ្លួន​សុចរិត​នៅក្នុង​ព្រះវិហារ ដោយ ហ្វ្រេង អ័ដាម

លូកា ១៨:៩–១៤

យើង​គួរតែ​ទុកចិត្ត​លើ​សេចក្ដី​មេត្តា​ករុណា​របស់​ព្រះ ពុំមែន​លើ​សេចក្ដី​សុចរិត​របស់​យើង​ផ្ទាល់​ឡើយ ។

  • ពាក្យ​ប្រៀប​ប្រដូច​របស់​ព្រះអង្គ​សង្គ្រោះ​ក្នុង​ការប្រៀបធៀប​ការអធិស្ឋាន​របស់​ពួក​ផារិស៊ី ជាមួយ​នឹង​ការអធិស្ឋាន​របស់​ពួកអ្នក​យក​ពន្ធ អាច​ជួយ​យើង​ឲ្យ​គូសបញ្ជាក់​ពី​ឥរិយាបថ​សំខាន់ៗ​ដែល​ព្រះអម្ចាស់​សុំ​ដល់​អស់​អ្នក​ដែល​ចង់​ដើរតាម​ទ្រង់ ។ ដើម្បី​ជួយ​សមាជិក​ក្នុង​ថ្នាក់​ឲ្យ​អនុវត្ត​តាម​ពាក្យ​ប្រៀប​ប្រដូច​នេះ​នៅក្នុង​ជំនាន់​របស់​យើង បងប្អូន​អាច​អញ្ជើញ​ពួកគេ​ឲ្យ​សរសេរ​ឡើងវិញ​នូវ​ការអធិស្ឋាន​របស់​ពួក​ផារិស៊ី តាម​របៀប​មួយ​ដែល​ប្រើ​ព័ត៌មាន​លម្អិត​នៅ​សម័យ​ទំនើប ប៉ុន្តែ​បង្ហាញ​ពី​ឥរិយាបថ​ដូចគ្នា ។ ពួកគេ​អាច​ធ្វើ​ដូចគ្នា​ជាមួយ​នឹង​ការអធិស្ឋាន​របស់​ពួកអ្នក​យក​ពន្ធ រួច​ហើយ​ចែកចាយ​អ្វី​ដែល​ពួកគេ​បាន​សរសេរ ។ តើ ខទី ១៥–១៧ និង ១៨–២៤ ទាក់ទង​នឹង​អ្វី​ដែល​ព្រះអង្គ​សង្គ្រោះ​បាន​បង្រៀន​នៅក្នុង​ពាក្យ​ប្រៀប​ប្រដូច​នេះ​តាម​របៀប​ណា ? បងប្អូន​ក៏អាច​ចែកចាយ​សេចក្ដី​ថ្លែង​ការណ៍​ដូច​តទៅ​នេះ ទាក់ទង​នឹង​ខគម្ពីរ​ទាំងនេះ មក​ពី​អែលឌើរ ឌែល ជី រិនឡាន់ បាន​ផងដែរ ៖ « សារលិខិត​នេះ​មាន​ភាពច្បាស់លាស់​ចំពោះ​ពួកយើង ៖ អ្នកមាន​បាប​ដែល​ប្រែចិត្ត​ខិត​កាន់តែ​ជិត​ព្រះ ជាង​អ្នក​ដែល​គិត​ថា​ខ្លួន​សុចរិត ដែល​កាត់ទោស​អ្នក​មាន​បាប » ( « Our Good Shepherd » Liahona ខែ ឧសភា ឆ្នាំ ២០១៧ ទំព័រ ៣១ ) ។

រូបភាព
រូប​តំណាង​ធនធាន​ទាំងឡាយ

ធនធាន​បន្ថែម​ទាំងឡាយ

ចូរ​យើង​កុំ​អរសប្បាយ​តែ​នឹង​ខ្លួន​យើង ប៉ុន្ដែ​ក៏កុំ​ឲ្យ​បាក់​ទឹកចិត្ត​ដែរ ។

អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន បាន​បង្រៀន ៖

« បើ​យើង​សួរ​ដោយ​ស្មោះ​ថា ‹ តើ​ខ្ញុំ​នៅ​ខ្វះ​អ្វី​ទៀត ? › [ ព្រះ ] ទ្រង់​នឹង​ពុំ​ទុក​ឲ្យ​យើង​សង្ស័យ​ឡើយ ប៉ុន្តែ​ទ្រង់​នឹង​ឆ្លើយតប​ជា​ប្រយោជន៍​សម្រាប់​សុភមង្គល​របស់​យើង​ដោយ​ក្ដី​ស្រឡាញ់ ។ ហើយ​ទ្រង់​ប្រទាន​ក្ដីសង្ឃឹម​ដល់​យើង ។

« វា​គឺជា​ការខិតខំ​ដ៏​លើសលប់​មួយ ហើយ​វា​នឹង​គួរឲ្យ​ខ្លាច​ផងដែរ បើ​យើង​ខំ​ដើម្បី​បាន​បរិសុទ្ធភាព​តែ​ម្នាក់​ឯង​នោះ ។ សេចក្ដីពិត​ដ៏រុងរឿង​គឺថា យើង​ពុំ​នៅ​ឯកោ​ទេ ។ យើង​មាន​សេចក្ដី​ស្រឡាញ់​របស់​ព្រះ ព្រះគុណ​របស់​ព្រះគ្រីស្ទ និង​ការលួងលោម និង​ការដឹកនាំ​របស់​ព្រះវិញ្ញាណ​បរិសុទ្ធ ហើយនឹង​ការរាប់អាន និង​ការលើក​ទឹកចិត្ត​មកពី​បងប្អួន​ពួកបរិសុទ្ធ​នៅក្នុង​ព្រះគ្រីស្ទ ។ ចូរ​យើង​កុំ​អរសប្បាយ​តែ​នឹង​ខ្លួន​យើង ប៉ុន្ដែ​ក៏កុំ​ឲ្យ​បាក់​ទឹកចិត្ត​ដែរ » ( « The Living Bread Which Came Down from Heaven » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៧ ទំព័រ ៣៩ ) ។

ការកែលម្អ​ការបង្រៀន​របស់​យើង

ព្រះ​ត្រូវការ​ទេពកោសល្យ និង​សមត្ថភាព​ដ៏​វិសេស​វិសាល​របស់​បងប្អូន ។ « បងប្អូន​អាច​ប្រទានពរ​ដល់​កូនចៅ​របស់​ព្រះ​ដោយ​ការប្រើ​សេចក្ដី​ស្រឡាញ់ ដែល​បងប្អូន​មាន​ចំពោះ​អ្នក​ដទៃ អំណោយទាន​ទាំងឡាយ​ដែល​ព្រះ​បាន​ប្រទាន​ដល់​បងប្អូន និង​បទពិសោធន៍​ជីវិត​របស់​បងប្អូន ។ នៅពេល​បងប្អូន​បម្រើ​ដោយ​ស្មោះត្រង់ ហើយ​ស្វែងរក​ជំនួយ​របស់​ព្រះ នោះ​ទ្រង់​នឹង​តម្កើង​បងប្អូន ហើយ​បងប្អូន​នឹង​មាន​សមត្ថភាព​រីកចម្រើន​ដើម្បី​បង្រៀន​ដំណឹងល្អ​តាម​របៀប​របស់​ព្រះអង្គ​សង្គ្រោះ » ( ការបង្រៀន​តាម​របៀប​របស់​ព្រះអង្គ​សង្គ្រោះ ទំព័រ  ) ។