គោលលទ្ធិ និង​សេចក្តីសញ្ញា ឆ្នាំ ២០២១
ថ្ងៃ​ទី ១៥–២១ ខែ វិច្ឆិកា ។ គោលលទ្ធិ និង សេចក្ដី​សញ្ញា ១៣៣–១៣៤ ៖ « ចូរ​រៀបចំ​សម្រាប់​ការយាង​មក​នៃ​ប្ដី​ថ្មោង​ថ្មី​ចុះ »


« ថ្ងៃ​ទី ១៥–២១ ខែ វិច្ឆិកា ។ គោលលទ្ធិ និង សេចក្តី​សញ្ញា ១៣៣–១៣៤ ៖ ‹ ចូរ​រៀបចំ​សម្រាប់​ការយាង​មក​នៃ​ប្ដី​ថ្មោង​ថ្មី​ចុះ › » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​សាលា​ថ្ងៃ​អាទិត្យ ៖ គោលលទ្ធិ និង សេចក្តីសញ្ញា ២០២១ ( ឆ្នាំ ២០២០ )

« ថ្ងៃ​ទី ១៥–២១ ខែ វិច្ឆិកា ។ គោលលទ្ធិ និង សេចក្តី​សញ្ញា ១៣៣–១៣៤ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​សាលា​ថ្ងៃ​អាទិត្យ ៖ ឆ្នាំ ២០២១

រូបភាព
ស្ត្រី​ព្រហ្មចារី​មាន​គំនិត​ទាំង​ប្រាំ​នាក់

ប្ដី​ថ្មោងថ្មី​មក​ដល់​ហើយ ដោយ អេលីហ្សាបែត ហ្គីបបន់

ថ្ងៃ​ទី ១៥–២១ ខែ វិច្ឆិកា

គោលលទ្ធិ និង សេចក្តី​សញ្ញា ១៣៣–១៣៤

« ចូរ​រៀបចំ​សម្រាប់​ការយាង​មក​នៃ​ប្ដី​ថ្មោង​ថ្មី​ចុះ »

តើ​សេចក្ដីពិត​អ្វីខ្លះ​នៅក្នុង គោលលទ្ធិ និង សេចក្ដីសញ្ញា ១៣៣–១៣៤ ដែល​អ្នក​មាន​អារម្មណ៍​ថា​នឹង​ជួយ​សិស្ស​ក្នុង​ថ្នាក់​របស់​អ្នក​បាន​ខ្លាំង​បំផុត ? សូម​ពិចារណាអំ​ពី​សេចក្ដី​ត្រូវការ​របស់​ពួកគេ​ប្រកប​ដោយ​ការអធិស្ឋាន នៅពេល​អ្នក​សិក្សា​នៅ​សប្ដាហ៍​នេះ ។

កត់​ត្រា​ចំណាប់​អារម្មណ៍​របស់​អ្នក

រូបភាព
រូប​តំណាង​ការ​ចែក​ចាយ

អញ្ជើញ​ឲ្យ​ចែក​ចាយ

អ្នក​អាច​សរសេរ​ពាក្យ​ស្ដាប់ នៅលើ​ក្ដារខៀន ហើយ​សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​សរសេរ​នៅក្បែរ​ពាក្យ​នេះ​មកពី គោលលទ្ធិ និង សេចក្ដី​សញ្ញា ១៣៣–១៣៤ ដែល​ពួកគេ​ជឿ​ថា ពួកគេ​ត្រូវ​ស្ដាប់​តាម​នៅ​ជំនាន់​របស់​យើង​នេះ ។ សូម​ឲ្យ​ពួកគេ​ចែកចាយ​ពី​គំនិត​របស់​ពួកគេ​អំពី​ខគម្ពីរ​ទាំងនោះ ។ ( សូម​ជួយ​សិស្ស​ក្នុង​ថ្នាក់​ឲ្យ​ផ្ដោត​លើ​គោលការណ៍​ខាង​គោលលទ្ធិ ជាជាង​ទស្សនៈ​ខាង​នយោបាយ ) ។

រូបភាព
រូប​តំណាង​ការ​បង្រៀន

បង្រៀន​គោលលទ្ធិ

គោលលទ្ធិ និង សេចក្ដី​សញ្ញា ១៣៣:១–១៩; ៣៧–៣៩

ព្រះអម្ចាស់​សព្វ​ព្រះទ័យ​ឲ្យ​យើង​រៀបចំ​ខ្លួន​សម្រាប់​ការយាង​មក​ជា​លើក​ទី​ពីរ​របស់​ទ្រង់ ។

  • តើ​អ្នក​នឹង​ជួយ​សិស្ស​របស់​អ្នក​ឲ្យ​យល់​ពី​មូលហេតុ​ដែល​វា​មាន​សារសំខាន់ ដើម្បី​ធ្វើឲ្យ​ខ្លួន​យើង​បរិសុទ្ធ ដើម្បី​ជួយ​មនុស្ស​ដទៃ​ឲ្យ​រៀបចំ​ខ្លួន​សម្រាប់​ការយាង​មក​លើក​ទីពីរ​របស់​ព្រះអង្គ​សង្គ្រោះ​តាម​របៀប​ណា ? អ្នក​អាច​អញ្ជើញ​សិស្ស​ក្នុង​ថ្នាក់​ឲ្យ​រំឭក គោលលទ្ធិ និង សេចក្ដី​សញ្ញា ១៣៣:១–១៩, ៣៧–៣៩ ហើយ​ធ្វើ​បញ្ជី​ពីរ ៖ បញ្ជី​មួយ​អំពី​ការប្រឹក្សា​របស់​ព្រះអម្ចាស់​អំពី​របៀប​ដើម្បី​ធ្វើឲ្យ​ខ្លួន​បរិសុទ្ធ និង​ការប្រឹក្សា​មួយ​ទៀត​អំពី​របៀប​ដើម្បី​រៀបចំ​ពិភពលោក​នេះ​សម្រាប់​ការយាង​ត្រឡប់​មក​វិញ​របស់​ព្រះអង្គ​សង្គ្រោះ ។ តាម​អត្ថន័យ​ខាង​វិញ្ញាណ តើ​វា​មាន​ន័យ​យ៉ាង​ណា​ដើម្បី « ចេញ​ពី​ក្រុង​បាប៊ីឡូន » ( ខទី ៥ ) ហើយ « រត់​ទៅ​ឯ​ក្រុង​ស៊ីយ៉ូន » ( ខទី ១២ ) ។ សម្រាប់​ព័ត៌មាន​បន្ថែម​អំពី​អត្ថន័យ​នៃ​ពាក្យ​បរិសុទ្ធភាព សូមមើល « បរិសុទ្ធ » នៅ​ក្នុង​សេចក្ដី​ណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ ( នៅលើ​គេហទំព័រ​scriptures.ChurchofJesusChrist.org ) ។

គោលលទ្ធិ និង សេចក្ដីសញ្ញា ១៣៣:១៩–៥៣

ការយាង​មក​ជា​លើក​ទីពីរ​នឹង​ជា​ក្ដី​អំណរ​ដល់​ពួកសុចរិត ។

  • នៅក្នុង​ការសិក្សា​ព្រះគម្ពីរ​របស់​ពួកគេ​នៅ​ផ្ទះ សមាជិក​ក្នុង​ថ្នាក់​របស់​អ្នក​អាច​រកឃើញ​វគ្គ​គម្ពីរ​ដ៏​មាន​អត្ថន័យ​នៅក្នុង​កណ្ឌ​នេះ ដែល​ធ្វើឲ្យ​ពួកគេ​ទន្ទឹង​រង់ចាំ​ដល់​ការយាង​មក​ជា​លើក​ទីពីរ​របស់​ព្រះអង្គ​សង្គ្រោះ ។ សូម​អញ្ជើញ​ពួកគេ​ឲ្យ​ចែកចាយ​វគ្គ​បទគម្ពីរ​ទាំងនេះ ។ អ្នក​ក៏​អាច​អញ្ជើញ​សិស្ស​ក្នុង​ថ្នាក់​ឲ្យ​ស្រាវជ្រាវ​ក្នុង​ខទី ១៩–៥៣ ជា​ដៃគូ​ផងដែរ ដោយ​រកមើល​មូលហេតុ​ដើម្បី​ទន្ទឹង​រង់ចាំ​ដល់​ការយាង​មក​ជា​លើក​ទីពីរ​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។ កាល​សិស្ស​ក្នុង​ថ្នាក់​ចែកចាយ​អ្វី​ដែល​ពួកគេ​បាន​រកឃើញ សូម​លើក​ទឹកចិត្ត​ពួកគេ​ឲ្យ​និយាយ​អំពី​របៀប​ដែល​ព្រះអង្គ​សង្គ្រោះ​បាន « ប្រោស​លោះ​គេ ហើយ​កាលពី​ចាស់​បុរាណ ទ្រង់​បាន​លើក​គេ​បី​ទៅ​ជា​ដរាប » ( ខទី ៥៣ ) ។ ការណ៍​នេះ​អាច​ជា​ឱកាស​ដ៏​ល្អ​មួយ​ដើម្បី​ច្រៀង​ទំនុក​តម្កើង​មួយ​រួម​គ្នា​អំពី​អំណាច​ប្រោសលោះ​របស់​ព្រះអង្គ​សង្គ្រោះ ដូចជា​បទ « Savior, Redeemer of My Soul » ( Hymns ល.រ ១១២ ) ។ តើ « ចម្រៀង​ទាំង​ឡាយ​នៃ​សេចក្ដី​អំណរ​ដ៏​នៅ​អស់​កល្ប​អស់​កាល​ជានិច្ច » ( ខទី ៣៣ ) អ្វីផ្សេងទៀត​ខ្លះ​ដែល​ជួយ​យើង​ឲ្យ​មាន​អារម្មណ៍​ពី « សេចក្ដី​សប្បុរស​របស់​ព្រះអម្ចាស់ [ របស់​យើង] » ? ( ខទី ៥២ ) ។

គោលលទ្ធិ និង សេចក្តី​សញ្ញា ១៣៤

« រដ្ឋាភិបាល​ទាំងឡាយ​ត្រូវ​បាន​បង្កើត​ឡើង​ពី​ព្រះ សម្រាប់​ផល​ប្រយោជន៍​ដល់​មនុស្ស » ។

  • ដើម្បី​ជួយ​សិស្ស​ក្នុង​ថ្នាក់​ឲ្យ​រៀន​មកពី គោលលទ្ធិ និង សេចក្ដីសញ្ញា ១៣៤ អ្នក​អាច​ដាក់​សំណួរ​ដូចជា​សំណួរ​ទាំងនេះ​នៅក្នុង​ប្រអប់​មួយ ឬ​សរសេរ​នៅលើ​ក្ដារខៀន ៖ តើ​ព្រះ​ចង់​ឲ្យ​រដ្ឋាភិបាល​ធ្វើជា​ប្រយោជន៍​ដល់​បុត្រា​បុត្រី​របស់​ទ្រង់​តាម​របៀប​ណា ? តើ​យើង​គួរតែ​ធ្វើ​អ្វី ប្រសិនបើ​ច្បាប់​ខាង​លោកិយ​ផ្ទុយ​នឹង​ច្បាប់​នៃ​ស្ថានសួគ៌ ? តើ​កាតព្វកិច្ច និង​ការទទួល​ខុសត្រូវ​របស់​យើង​មាន​អ្វីខ្លះ​ក្នុង​នាម​ជា​ពលរដ្ឋ ? សូម​អញ្ជើញ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ជ្រើសរើស​យក​សំណួរ​មួយ ហើយ​ប្រើ កណ្ឌ​ទី ១៣៤ ដើម្បី​បង្កើត​ជា​ចម្លើយ​មួយ ។ សូម​លើក​ទឹក​ចិត្ត​សិស្ស​ឲ្យ​ចៀសវាង​ពី​ការនិយាយ​អំពី​បញ្ហា ឬ​ទស្សនៈ​នយោបាយ​ជាក់លាក់​ណាមួយ ។

  • សេរីភាព​ក្នុង​ការ « ថ្វាយ​បង្គំ​តាម​របៀប​ណា នៅ​ទីណា ឬ​អ្វី​ក៏ដោយ​ដែល [ យើង ] ប្រាថ្នា » ( មាត្រា​នៃ​សេចក្ដី​ជំនឿ ១:១១ ) គឺជា​ឯកសិទ្ធិ​មួយ​ដែល​ព្រះអម្ចាស់​ចង់​ឲ្យ​មនុស្ស​គ្រប់រូប​មាន ។ ប្រសិនបើ​អ្នក​មាន​អារម្មណ៍​ថា វា​នឹង​មាន​ប្រយោជន៍​ដល់​សិស្ស​របស់​អ្នក​ដើម្បី​ជជែក​ពី​គោលការណ៍​នៃ​សេរីភាព​ខាង​សាសនា សូម​ពិចារណា​អាន​រួម​គ្នា​ក្នុង គោលលទ្ធិ និង សេចក្ដីសញ្ញា ១៣៤:៤, ៧, ៩ ។ តើ​ខគម្ពីរ​ទាំងនេះ​បង្រៀន​យើង​អ្វី​ខ្លះ​អំពី​តួនាទី​របស់​រដ្ឋាភិបាល​ក្នុង​ការការពារ​សេរីភាព​ខាង​សាសនា ? តើ​យើង​អាច​ផ្សព្វផ្សាយ​សេរីភាព​ខាង​សាសនា​ដល់​មនុស្ស​ដទៃ និង​ខ្លួន​យើង​តាម​របៀប​ណា ? សិស្ស​ក្នុង​ថ្នាក់​អាច​រកឃើញ​ការយល់ដឹង​ដើម្បី​ជួយ​ឆ្លើយ​នឹង​សំណួរ​នេះ​នៅ​ក្នុង « ធនធាន​បន្ថែម​ទាំងឡាយ » ។

រូបភាព
រូប​តំណាង​ធន​ធាន​បន្ថែម​នានា

ធន​ធាន​បន្ថែម​ទាំង​ឡាយ

កត្តា​គ្រឹះ​នៃ​សេរីភាព​ខាង​សាសនា ។

អែលឌើរ រ៉ូបឺត ឌី ហែល បានបង្រៀន ៖

« មាន​កត្តា​គ្រឹះ​ចំនួន​បួន​ក្នុង​សេរីភាព​សាសនា ដែល​យើង​ជា​ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​ត្រូវតែ​ពឹង​ផ្អែក​លើ និង​ការពារ ។

« ទីមួយ​គឺ​សេរីភាព​ក្នុង​ការជឿ ។ គ្មាន​នរណា​ត្រូវ​បានគេ​ទិតៀន បៀតបៀន ឬ​វាយប្រហារ​ពី​សំណាក់​បុគ្គល​ណា ឬ​រដ្ឋាភិបាល​ណា ចំពោះ​អ្វី​ដែល​ពួកគេ​ជឿ​ទៅលើ​ព្រះ​នោះទេ ។ …

« កត្តា​គ្រឹះ​ទីពីរ​នៃ​សេរីភាព​ខាង​សាសនា គឺ​សេរីភាព​ក្នុង​ការចែកចាយ​សេចក្ដី​ជំនឿ និង សាសនា​យើង​ជាមួយ​មនុស្ស​ដទៃ ។ … ក្នុង​នាម​ជា​ឪពុក​ម្ដាយ​អ្នកផ្សព្វផ្សាយ​សាសនា​ពេញ​ម៉ោង និង​អ្នកផ្សព្វផ្សាយ​ជា​សមាជិក យើង​ពឹងផ្អែក​លើ​សេរីភាព​ខាង​សាសនា​ដើម្បី​បង្រៀន​ពី​គោលលទ្ធិ​របស់​ព្រះអម្ចាស់​នៅក្នុង​ក្រុម​គ្រួសារ​របស់​យើង និង​ទូទាំង​ពិភពលោក ។

« កត្តា​គ្រឹះ​ទីបី​នៃ​សេរីភាព​ខាង​សាសនា គឺ​ជា​សិទ្ធិសេរីភាព​ដើម្បី​បង្កើត​អង្គការ​សាសនា ព្រះវិហារ ដើម្បី​ថ្វាយបង្គំ​ដោយ​សុខសាន្ដ​ជាមួយ​នឹង​អ្នកដទៃ ។ មាត្រា​នៃ​សេចក្ដីជំនឿ​ទី​ដប់មួយ​ប្រកាស​ថា ‹ យើង​ខ្ញុំ​សូម​អះអាង​យក​សិទ្ធិ​ក្នុង​ការថ្វាយ​បង្គំ​ព្រះដ៏​មាន​មហិទ្ធីឬទ្ធិ ស្របតាម​ការណែនាំ​នៃ​សម្បជញ្ញៈ​របស់​យើង​ខ្ញុំ ហើយ​សូម​បណ្ដោយ​ឲ្យ​មនុស្ស​ទាំងអស់​មាន​សិទ្ធិ​ដូចគ្នា ចូរ​ឲ្យគេ​ថ្វាយបង្គំ​តាម​របៀបណា នៅ​ទីណា ឬ​អ្វី​ក៏ដោយ​ដែល​គេ​ប្រាថ្នា › ។ …

« កត្តា​គ្រឹះ​ទីបួន​នៃ​សេរីភាព​ខាង​សាសនា គឺ​សេរីភាព​ក្នុង​ការរស់នៅ​តាម​ជំនឿ​យើង​—គឺ​ជា​សេរីភាព​នៃ​ការអនុវត្ត​សេចក្ដី​ជំនឿ មិន​ត្រឹម​តែ​អនុវត្ត​ក្នុង​ផ្ទះ និង​សាលា​ប្រជុំ​នោះ​ទេ ប៉ុន្តែ​ថែម​ទាំង​ក្នុង​ទី​សាធារណៈ​ទៀត​ផង » ( « Preserving Agency, Protecting Religious Freedom » EnsignLiahona ខែ ឧសភា ឆ្នាំ ២០១៥ ទំព័រ ១១២ ) ។

ការ​កែលម្អ​ការ​បង្រៀន​របស់​យើង

បង្រៀន​ពី « ហេតុអ្វី » ។ « ទោះជា​យ៉ាងណា​ក៏​ដោយ ប្រសិន​បើ [ សមាជិក​ក្នុង​ថ្នាក់ ] យល់​អំពី​ផែនការ​ដ៏​អស់កល្ប​ជានិច្ច​របស់​ព្រះវរបិតា​សួគ៌​សម្រាប់​សុភមង្គល​នៃ​បុត្រា​បុត្រី​របស់​ទ្រង់ នោះ​មូលហេតុ​នានា​ចំពោះ​គោលការណ៍​ដំណឹងល្អ និង​បទបញ្ញត្តិ​ទាំងឡាយ​នឹង​ប្រែក្លាយ​ទៅ​ជា​មាន​ភាព​កាន់​តែ​ច្បាស់​លាស់ ហើយ​ជំរុញ​ទឹកចិត្ត​ឲ្យ​មាន​ការគោរព​តាម​កាន់​តែ​ខ្លាំង​ឡើង » ( ការបង្រៀន​តាម​របៀប​របស់​ព្រះអង្គ​សង្រ្គោះ ទំព័រ ២០ ) ។