គោលលទ្ធិ និង​សេចក្តីសញ្ញា ឆ្នាំ ២០២១
ថ្ងៃទី ២៣–២៩ ខែ សីហា ។ គោលលទ្ធិ និង សេចក្ដី​សញ្ញា ៩៣ ៖ « ទទួល​នូវ​ភាពពោរពេញ​របស់​ទ្រង់ »


« ថ្ងៃទី ២៣–២៩ ខែ សីហា ។ គោលលទ្ធិ និង សេចក្តីសញ្ញា ៩៣ ៖ ‹ ទទួល​នូវ​ភាពពោរពេញ​របស់​ទ្រង់ › » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​សាលា​ថ្ងៃ​អាទិត្យ ៖ គោលលទ្ធិ និង សេចក្តីសញ្ញា ឆ្នាំ ២០២១ ( ឆ្នាំ ២០២០ )

« ថ្ងៃទី ២៣–២៩ ខែ សីហា ។ គោលលទ្ធិ និង សេចក្តីសញ្ញា ៩៣ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​សាលា​ថ្ងៃ​អាទិត្យ

រូបភាព
ស្ទេផាន​ឃើញ​ព្រះ និង​ព្រះយេស៊ូវ​គ្រីស្ទ

ខ្ញុំ​ឃើញ​កូន​មនុស្ស​ឈរ​នៅ​ខាងស្តាំ​​ព្រះហស្ត​​នៃ​ព្រះ ដោយ វលធើរ រេន

ថ្ងៃទី ២៣–២៩ ខែ សីហា

គោលលទ្ធិ និង សេចក្តីសញ្ញា ៩៣

« ទទួល​នូវ​ភាពពោរពេញ​របស់​ទ្រង់ »

មនុស្ស​ដែល​អ្នក​បង្រៀន​គឺជា​បុត្រា និង​បុត្រី​ខាង​វិញ្ញាណ​ដ៏​មាន​តម្លៃ​របស់​ព្រះមាតា​បិតា​សួគ៌ ហើយ​ពួកគេ​មាន​សក្ដានុពល​ដ៏​ទេវភាព ។ បន្ទាប់​ពី​សិក្សា គោលលទ្ធិ និង សេចក្ដីសញ្ញា ៩៣ តើ​អ្នក​ទទួលបាន​អារម្មណ៍​បំផុស​គំនិត​ឲ្យ​ធ្វើ​អ្វីខ្លះ ដើម្បី​ជួយ​ពួកគេ​ឲ្យ​រីកចម្រើន​នៅក្នុង « ពន្លឺ និង​សេចក្ដីពិត » ? ( ខទី ៣៦ ) ។

កត់​ត្រា​ចំណាប់​អារម្មណ៍​របស់​អ្នក

រូបភាព
រូប​តំណាង​ការ​ចែក​ចាយ

អញ្ជើញ​ឲ្យ​ចែក​ចាយ

សូម​សរសេរ​នៅលើ​ក្ដារខៀន នៅក្នុង គោលលទ្ធិ និង សេចក្តី​សញ្ញា ៩៣ ព្រះយេស៊ូវគ្រីស្ទ​បាន​អញ្ជើញ​យើង​ឲ្យ … ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​ផ្ដល់​យោបល់​អំពី​របៀប​ដែល​ពួកគេ​នឹង​បំពេញ​ប្រយោគ​នេះ ។

រូបភាព
រូប​តំណាង​ការ​បង្រៀន

បង្រៀន​គោលលទ្ធិ

គោលលទ្ធិ និង សេចក្តីសញ្ញា ៩៣

យើង​ថ្វាយ​បង្គំ​ព្រះ​ជា​ព្រះវរបិតា និង​ព្រះរាជបុត្រា​របស់​ទ្រង់​គឺ ព្រះយេស៊ូវគ្រីស្ទ ។

  • ក្នុង​ការសិក្សា​របស់​ពួកគេ​អំពី គោលលទ្ធិ និង សេចក្តីសញ្ញា ៩៣ សិស្ស​ក្នុង​ថ្នាក់​អាច​បាន​រកឃើញ​សេចក្ដីពិត​អំពី​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​ចែកចាយ​ពី​អ្វី​ដែល​ពួកគេ​បាន​រកឃើញ ។ អ្នក​ក៏​អាច​បែងចែក​សិស្ស​ទៅជា​ក្រុម ហើយ​ឲ្យ​ក្រុម​នីមួយៗ​សិក្សា​ខគម្ពីរ​បី​បួន​រួមគ្នា ។ រួចហើយ​ក្រុម​នីមួយៗ​អាច​ចែកចាយ​ដល់​សិស្ស​ក្នុង​ថ្នាក់​នូវ​អ្វី​ដែល​ពួកគេ​បាន​រៀន​អំពី​របៀប « ថ្វាយ​បង្គំ ហើយ​ស្គាល់​នូវ​អ្វី​ដែល [ យើង ថ្វាយ​បង្គំ ] … » ( ខទី ១៩ ) ។

គោលលទ្ធិ និង សេចក្ដី​សញ្ញា ៩៣:១–៣៩

យើង​អាច « នឹង​បាន​ទទួល​នូវ​ភាពពោរ​ពេញ​របស់ [ ព្រះ ] ហើយ​បាន​តម្កើងឡើង » ។

រូបភាព
បង្អួច​កញ្ចក់

យើង​ទទួល​បាន​ពន្លឺ​របស់​ព្រះ កាល​យើង​កាន់​តាម​បទបញ្ញត្តិ​ទាំងឡាយ​របស់​ទ្រង់ ហើយ​រៀនអំ​ពី​ទ្រង់ ។

  • គោលលទ្ធិ និង សេចក្ដីសញ្ញា ៩៣ មាន​នូវ​សេចក្ដីពិត​ជាច្រើន​អំពី​លក្ខណៈ​និស្ស័យ និង​សក្ដានុពល​ដ៏​អស់កល្ប​របស់​យើង​ក្នុង​នាមជា​បុត្រា​បុត្រី​របស់​ព្រះ ។ សិស្ស​មួយ​ចំនួន​អាច​រកឃើញ​សេចក្ដីពិត​ទាំងនេះ​អំឡុងពេលដែល​ពួកគេ​សិក្សា កណ្ឌ​ទី ៩៣ នៅ​ផ្ទះ ( សូមមើល គម្រោង​មេរៀន​សប្ដាហ៍​នេះ នៅក្នុង ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ ) ។ អស់​អ្នក​ដែល​បាន​សិក្សា​អាច​ចែកចាយ​ពីអ្វី​ដែល​ពួកគេ​បាន​រកឃើញ ហើយ​អ្នក​អាច​រកមើល​សេចក្ដីពិត​ផ្សេងៗទៀត​រួមគ្នា ។ តើ​សេចក្ដីពិត​ទាំងនេះ​អាច​ជះ​ឥទ្ធិពល​ទៅលើ​របៀប​ដែល​យើង​ប្រព្រឹត្ត​ដាក់​មនុស្ស​ជុំវិញ​ខ្លួន​យើង—​ឬ​ខ្លួន​យើង​យ៉ាង​ដូចម្ដេច ?

  • នេះ​គឺជា​របៀប​មួយ​ទៀត​ដើម្បី​រៀន​អំពី​លក្ខណៈ​និស្ស័យ និង​សក្ដានុពល​ដ៏​អស់កល្ប​របស់​យើង ៖ សិស្ស​ក្នុង​ថ្នាក់​អាច​អាន ខទី ២៤ រួម​គ្នា ហើយ​សរសេរ​នៅលើ​ក្ដារខៀន​នូវ​ចំណងជើង​ទាំង​បី​នេះ មាន​នៅ​ពេល​នេះ ដែល​មាន​មក​ហើយ និង ដែល​នឹង​មាន​នៅ​ពេលខាង​មុខ ។ រួចហើយ​អ្នក​អាច​បំបែក​សិស្ស​ជា​បី​ក្រុម ហើយ​ចាត់​ក្រុម​នីមួយៗ​ឲ្យ​ស្រាវជ្រាវ​នៅ​ក្នុង គោលលទ្ធិ និង សេចក្តី​សញ្ញា ៩៣:៦–៣៩ ហើយ​រក​មើល​សេចក្ដីពិត​អំពី​អត្តសញ្ញាណ​ដ៏​អស់កល្ប​របស់​យើង​នា​ពេល​បច្ចុប្បន្ន អតីតកាល ឬ​អនាគតកាល ។ ក្រុម​នីមួយៗ​អាច​សរសេរ​នៅក្រោម​ចំណងជើង​នូវ​អ្វី​ដែល​ពួកគេ​បាន​រកឃើញ ។ តើ​សេចក្ដីពិត​ទាំងនេះ​មាន​ឥទ្ធិពលទៅ​លើ​ជម្រើស​ដែល​យើង​រើស​យ៉ាង​ដូចម្ដេចខ្លះ ?

គោលលទ្ធិ និង សេចក្ដីសញ្ញា ៩៣:៤០–៥០

យើង​ត្រូវបាន​ដាក់​បញ្ញត្តិ​ឲ្យ « តាំង​គេហដ្ឋាន​របស់​ខ្លួន [ យើង ] ឲ្យ​មាន​របៀប​រៀបរយ » ។

  • បទបញ្ញត្តិ​ឲ្យ « តាំង​គេហដ្ឋាន​របស់​ខ្លួន​ឲ្យ​មាន​របៀប​រៀបរយ » ( ខទី ៤៣ ) មិនមែន​អំពី​ការរៀបចំ​ទូរចានក្បាន និង​ទូរ​ខោអាវ​នោះ​ទេ ប៉ុន្ដែ​វា​គឺ​អំពី​ការបង្រៀន​—​និង​ការរៀនសូត្រ—​អំពី « ពន្លឺ និង​សេចក្ដីពិត » ( ខទី ៤២ ) ។ ប្រហែលជា​សិស្ស​អាច​ចែក​ចាយ​ពី​របៀប​ដែល​ពួកគេ​ព្យាយាម​ធ្វើតាម​ការប្រឹក្សា​នេះ ។ តើ​ពួកគេ​ជួប​នឹង​ឧបសគ្គ​ណាខ្លះ ? តើ​សេចក្ដីពិត ឬ​គោលការណ៍​នៅ​ក្នុង គោលលទ្ធិ និង សេចក្តី​សញ្ញា ៩៣ អាច​ជួយ​អ្វី​បាន​ខ្លះ ?

  • ជា​ផ្នែក​នៃ​ការពិភាក្សា​របស់​អ្នក​អំពី​ខគម្ពីរ​ទាំងនេះ សិស្ស​ក្នុង​ថ្នាក់​អាច​អាន​ផ្នែក​ខ្លះ​នៃ​សារលិខិត​របស់​ប្រធាន ហិនរី ប៊ី អាវរិង « គេហដ្ឋាន​មួយ​ដែល​ព្រះវិញ្ញាណ​នៃ​ព្រះអម្ចាស់​គង់​នៅ » ( EnsignLiahona ខែ ឧសភា ឆ្នាំ ២០១៩ ទំព័រ ២២–២៥ ) ហើយ​ចែកចាយ​ការយល់ដឹង​នានា​ដែល​ទាក់ទង​ទៅនឹង​សេចក្ដីពិត​ដែល​មាន​នៅក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ៩៣:៤០–៥០ ។ ( សូម​មើល​ផងដែរ​សេចក្ដី​ថ្លែងការណ៍​នៅ​ក្នុង « ធនធាន​បន្ថែម​ទាំងឡាយ » ) ។

រូបភាព
រូប​តំណាង​ធន​ធាន​បន្ថែម​នានា

ធន​ធាន​បន្ថែម​ទាំង​ឡាយ

« ត្រូវ​មើល​ឲ្យ​ឃើញ​ថា ពួក​គេ​មាន​ចិត្ត​ព្យាយាម ហើយ​គិតគូរ​ពី​គេហដ្ឋាន​ខ្លាំង​ឡើង » ។

អែលឌើរ ដេវីឌ អេ បែដណា បាន​បង្រៀន ៖

« នៅក្នុង​ការិយាល័យ​របស់​ខ្ញុំ មាន​គំនូរ​វាល​ស្រែ​ដ៏​ស្រស់ស្អាត​មួយ ។ គំនូរ​នេះ​គឺជា​ការប្រមូល​ផ្ដុំ​ដ៏​ធំ​មួយ​នៃ​ការគូរ​ដោយ​ជក់​តែមួយ—​ប៉ុន្ដែ​គ្មាន​គំនូរ​ណាមួយ​គួរឲ្យ​ចាប់​អារម្មណ៍ ឬ​ទាក់ទាញ​ខ្លាំង​​ដោយឯកឯង​នោះ ។ តាមពិត​ទៅ ប្រសិនបើ​អ្នក​ឈរ​នៅ​ជិត​នឹង​ផ្ទាំង​គំនូរ​នោះ អ្វី​ដែល​អ្នក​អាច​មើល​ឃើញ​គឺ ស្នាម​ឆ្នូត​វែងៗ​ពណ៌​លឿង ពណ៌​មាស និង​ពណ៌​ត្នោត​ដែល​មើល​ទៅ​មិន​ស៊ីគ្នា និង​មិន​គួរ​ឲ្យ​ទាក់ទាញ​ឡើយ ។ ប៉ុន្ដែ ពេល​អ្នក​ដើរ​ចេញ​ពី​ផ្ទាំង​គំនូរ​នេះ​បន្ដិច​ម្ដងៗ ស្នាម​ជក់​តែ​មួយៗ​រួម​បញ្ចូល​គ្នា​ទាំងអស់​នោះ​នឹង​បង្កើត​ជា​ទិដ្ឋភាព​ដ៏​ស្អាត​ខ្លាំង​មួយ​នៃ​វាលស្រែ ។ កិច្ចការ​ស្នាម​ជក់​តែ​មួយៗ សាមញ្ញ​ជាច្រើន​រួមគ្នា​បង្កើត​ជា​គំនូរ​ដ៏​ទាក់ទាញ និង​ស្រស់​ស្អាត​មួយ ។

« រាល់​ការអធិស្ឋាន​ជា​គ្រួសារ រាល់​ពេល​សិក្សា​ព្រះគម្ពីរ​ជា​គ្រួសារ និង​រាល់​រាត្រី​ជួបជុំ​ក្រុម​គ្រួសារ គឺ​ជា​ស្នាម​ដាន​គំនូស​នៅ​លើ​ក្រណាត់​គំនូរ​នៃ​ព្រលឹង​យើង ។ គ្មាន​ព្រឹត្តិការណ៍​ណា​មួយ​អាច​លេច​ឡើង​ជា​ព្រឹត្តិការណ៍​ដ៏​អស្ចារ្យ ឬ​គួរ​ឲ្យ​ចងចាំ​នោះ​ទេ ។ ប៉ុន្តែ ក៏​ដូចជា​ការផាត់​ទឹក​ថ្នាំ​ពណ៌លឿង និង​ពណ៌​ត្នោតបំពេញ​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​នោះ​វា​បាន​បង្កើត​ផ្ទាំង​គំនូរ​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍​មួយ ដូច្នេះ​ស្ថិរភាព​របស់​យើង​ក្នុង​ការ​ធ្វើ​អ្វី​ដែល​ហាក់​ដូច​ជា​តូច​មួយ អាច​នាំ​មក​នូវ​លទ្ធផល​ខាង​វិញ្ញាណ​ដ៏​សំខាន់ ។ ‹ ចូរ​កុំ​ណាយ​ចិត្ត​នឹង​ធ្វើការ​ល្អ​ឡើយ ដ្បិត​អ្នក​រាល់​គ្នា​កំពុង​តែ​ដាក់​គ្រឹះ​នៃ​កិច្ចការ​ដ៏​ធំ ។ ហើយ​ចេញ​ពី​ការណ៍​ដ៏​តូចតាច នោះ​បណ្តាល​ឲ្យ​មាន​ការណ៏​ដ៏​ធំធេង​ឡើង › ( គ. & ស. ៦៤:៣៣ ) ។ ភាពខ្ជាប់ខ្ជួន​គឺ​ជា​គោលការណ៍​គ្រឹះ នៅ​ពេល​យើង​ដាក់​គ្រឹះ​នៃ​កិច្ចការ​ដ៏​អស្ចារ្យ​ក្នុង​ជីវិត​បុគ្គល​ទាំងឡាយ និង នៅ​ពេល​យើង​មាន​ចិត្ត​ព្យាយាម ហើយ​គិតគូរ​ពី​គេហដ្ឋាន​ខ្លាំង​ឡើង » ( « More Diligent and Concerned at Home » EnsignLiahona ខែ វិច្ឆិកា ឆ្នាំ ២០០៩ ទំព័រ ១៧–២០ ) ។

ការ​កែលម្អ​ការ​បង្រៀន​របស់​យើង

បង្ហាញ​សេចក្ដី​ស្រឡាញ់ ។ « អាស្រ័យ​ទៅលើ​ស្ថានភាព​របស់​អ្នក សូមបង្ហាញ​សេចក្ដី​ស្រឡាញ់​ចំពោះ​អ្នក​ទាំងឡាយ​ដែល​អ្នក​បង្រៀន​អាច​មានន័យ​ថា ជាការ​ផ្ដល់​នូវការ​សរសើរ​ដ៏​ស្មោះ​ដល់​ពួកគេ ការចាប់​អារម្មណ៍​លើ​ជីវិត​រស់នៅ​របស់​ពួកគេ ការ​ស្ដាប់​ពួក​គេ​ដោយ​យកចិត្ត​ទុកដាក់ ការឲ្យ​ពួកគេ​រួម​ចំណែក​ក្នុង​មេរៀន ការធ្វើ​ការបម្រើ​ដល់ពួកគេ ឬ​ការ​ស្វាគមន៍​ពួកគេ​ដោយ​កក់ក្ដៅ​នៅពេលអ្នក​ជួប​ពួកគេ » ( ការបង្រៀន​តាម​របៀប​របស់​ព្រះអង្គ​សង្គ្រោះ ទំព័រ  ) ។