ចូរ​មក​តាម​ខ្ញុំ
ថ្ងៃទី ១–៧ ខែ មិថុនា ។ អាលម៉ា ៥–៧ ៖ « តើ​អ្នក​រាល់​គ្នា​បាន​ស្គាល់​ការ​ផ្លាស់​ប្ដូរ​ដ៏​ធំ​នេះ នៅ​ក្នុង​ដួង​ចិត្ត​អ្នក​ហើយ​ឬ​នៅ ? »


« ថ្ងៃទី ១–៧ ខែ មិថុនា ។ អាលម៉ា ៥–៧ ៖ ‹ តើ​អ្នក​រាល់​គ្នា​បាន​ស្គាល់​ការ​ផ្លាស់​ប្ដូរ​ដ៏​ធំ​នេះ នៅ​ក្នុង​ដួង​ចិត្ត​អ្នក​ហើយ​ឬ​នៅ ? ›» ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ ៖ ព្រះគម្ពីរ​មរមន ឆ្នាំ ២០២០ ( ឆ្នាំ ២០២០ )

« ថ្ងៃទី ១–៧ ខែ មិថុនា ។ អាលម៉ា ៥–៧ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ ៖ ឆ្នាំ ២០២០

រូបភាព
ព្រះ​យេស៊ូវ​កំពុង​បីត្រកង​សត្វចៀម​មួយ​ក្បាល

អ្នក​ពុំ​ត្រូវ​បាន​បំភ្លេច​ចោល​ឡើយ ​ដោយ ចន ម៉ាកន័រតុន

ថ្ងៃទី ១–៧ ខែ មិថុនា​

អាលម៉ា ៥–៧

« តើ​អ្នករាល់គ្នា​បាន​ស្គាល់​ការផ្លាស់ប្ដូរ​ដ៏​ធំ​នេះ​នៅក្នុង​ដួងចិត្ត​អ្នក​ហើយ​ឬ​នៅ ? »

អាលម៉ា ៥–៧ អាច​ជួយ​បងប្អូន​នឹកគិត​អំពី​ការ​ប្រែ​ចិត្ត​ជឿ​ជា​បន្ដ​បន្ទាប់​របស់​បងប្អូន​ទៅលើ​ព្រះយេស៊ូវ​គ្រីស្ទ ។ នៅពេល​បងប្អូន​អាន សូម​កត់ត្រា​នូវ​អ្វី​ដែល​ព្រះវិញ្ញាណ​បង្រៀន​ដល់​បងប្អូន ។

កត់ត្រា​ចំណាប់​អារម្មណ៍​របស់​បងប្អូន

អាលម៉ា​ពុំ​បាន​ដឹង​អំពី​ការ​វះកាត់​ផ្លាស់ប្ដូរ​បេះដូង​ជួយ​សង្គ្រោះ​ជីវិត ដែល​ដាក់​បេះដូង​ល្អ​មក​ជំនួស​ឲ្យ​បេះដូង​ដែល​ខូច ឬ​មាន​ជំងឺ​នា​ពេល​សព្វថ្ងៃ​នេះ​ទេ ។ ប៉ុន្តែ​គាត់​ដឹង​អំពី « ការ​ផ្លាស់ប្ដូរ​ដួងចិត្ត » ប្រកប​ដោយ​អព្ភូតហេតុ​មួយ ( អាលម៉ា ៥:២៦ ) —ជា​អព្ភូតហេតុ​មួយ​ដែល​ព្រះអង្គសង្គ្រោះ​បាន​ប្រទាន​ដល់​យើង​នូវ​ជីវិត​ខាង​វិញ្ញាណ​ថ្មី​មួយ ដូចជា​ត្រូវ​បាន « កើត​ជា​ថ្មី​ម្ដងទៀត » ( សូមមើល អាលម៉ា ៥:១៤, ៤៩ ) ។ អាលម៉ា​អាច​មើល​ឃើញ​ថា ការ​ផ្លាស់ប្ដូរ​ដួងចិត្ត​នេះ​គឺ​ជា​អ្វី​ដែល​ពួក​សាសន៍​នីហ្វៃជា​ច្រើន​ត្រូវ​ការ​យ៉ាង​ពិត​ប្រាកដ ។ មនុស្ស​មួយចំនួន​ជា​អ្នក​មាន ហើយ​មួយ​ចំនួន​ទៀត​ជា​ជន​ក្រីក្រ ខ្លះ​មាន​អំនួត ហើយ​ខ្លះ​ទៀត​រាបសារ ខ្លះ​ជា​អ្នក​បៀតបៀន​អ្នកដទៃ ហើយ​អ្នក​ខ្លះ​ទៀត​ជួប​ទុក្ខ​លំបាក​ដោយសារ​ការ​បៀតបៀន ( សូមមើល អាលម៉ា ៤:៦–១៥ ) ។ ប៉ុន្តែ​ពួកគេ​ទាំងអស់​គ្នា​ចាំបាច់​ត្រូវ​មក​រក​ព្រះយេស៊ូវ​គ្រីស្ទ​ដើម្បី​ទទួល​បាន​ការ​ព្យាបាល— ដែល​យើង​ទាំងអស់​គ្នា​ត្រូវ​ការ ។ មិន​ថា​យើង​កំពុង​ព្យាយាម​យកឈ្នះ​លើ​អំនួត ឬ​ស៊ូទ្រាំ​រងទុក្ខ​នោះទេ សារលិខិត​របស់​អាលម៉ា គឺ​ដូចគ្នា « ចូរមក​ចុះ ហើយ​ចូរ​កុំ​ខ្លាច​អី » ( អាលម៉ា ៧:១៥ ) ។ ទុក​ឲ្យ​ព្រះអង្គសង្គ្រោះ​ផ្លាស់ប្ដូរ​ដួងចិត្ត​រឹងរូស មានអំពើបាប ឬ​ដំបៅ​ដួងចិត្ត​ឲ្យ​ទៅ​ជា​ដួងចិត្ត​រាបសារ បរិសុទ្ធ ហើយ​ថ្មី ។

រូបភាព
រូបសញ្ញា​ការសិក្សា​ផ្ទាល់ខ្លួន

គំនិត​យោបល់​សម្រាប់​ការសិក្សា​ព្រះគម្ពីរ​ផ្ទាល់ខ្លួន

អាលម៉ា ៥:១៤–៣២

ខ្ញុំ​ត្រូវ​តែ​មាន​បទពិសោធន៍— ហើយ​បន្ដ​ទទួល​អារម្មណ៍—​នៃ​ការ​ផ្លាស់ប្ដូរ​ដ៏ធំ​ក្នុង​ដួងចិត្ត ។

សំណួរ​នឹក​គិត​ដែល​អាលម៉ា​បាន​សួរ​ដល់​ប្រជាជន​នៃ​សារ៉ាហិមឡា មាន​នៅក្នុង អាលម៉ា ៥:១៤–៣៣ អាច​ជួយ​បងប្អូន​ស្រាវជ្រាវ​នៅ​ក្នុង​ព្រលឹង​បងប្អូន​ផ្ទាល់ ហើយ​យល់​អំពី​អត្ថន័យ​ដើម្បី​មាន​បទពិសោធន៍​នៃ « ការ​ផ្លាស់ប្ដូរ​ដ៏ធំ​ក្នុង​ដួងចិត្ត » នៅ​ក្នុង​ជីវិត​របស់​បងប្អូន​ផ្ទាល់ ។ ប្រធាន អិម រ័សុល បាឡឺដ បាន​ពន្យល់​អំពី​តម្លៃ​នៃ​សំណួរ​ទាំងនេះ ៖ « ខ្ញុំ​ចាំបាច់​ត្រូវ​ចំណាយ​ពេល​ជា​ទៀងទាត់​ដើម្បី​សួរ​ខ្លួនឯង​ថា ‹ តើ​ខ្ញុំ​ធ្វើ​បាន​យ៉ាង​ម៉េច​ដែរ ? » វា​ដូច​ជា​ការ​សម្ភាស​ផ្ទាល់​ខ្លួន ជា​ឯកជន​មួយ​ជាមួយ​ខ្លួន​ឯង ។… ជា​ការណែនាំ​ដល់​ខ្ញុំ​អំឡុង​ពេល​ពិនិត្យ​មើល​ខ្លួនឯង​ឡើង​វិញ​នោះ ខ្ញុំ​ចូលចិត្ត​អាន ហើយ​ពិចារណា​អំពី​ពាក្យ​ពេចន៍​ដែល​ពិចារណា​អំពី​ខ្លួន​ឯង​ដែល​មាន​នៅក្នុង​អាលម៉ា​ជំពូក​ទី​ប្រាំ ( Return and Receive » EnsignLiahona ខែ ឧសភា ឆ្នាំ ២០១៧ ទំព័រ ៦៤ ) ។

សូម​គិត​ថា​ការ​អាន​សំណួរ​របស់​អាលម៉ា ដូចជា​បងប្អូន​កំពុង​សម្ភាស​ខ្លួន​ឯង ហើយ​ពិនិត្យ​មើល​ក្នុង​ដួងចិត្ត​របស់​បងប្អូន ។ បងប្អូន​គួរតែ​កត់ត្រា​ចម្លើយ​របស់​បងប្អូន​ចំពោះ​សំណួរ​ទាំងឡាយ ។ តើ​បងប្អូន​មានអារម្មណ៍​បំផុសគំនិត​ឲ្យ​ធ្វើ​អ្វីខ្លះ ជាលទ្ធផល​នៃ​ការ​សម្ភាស​របស់​បងប្អូន ?

សូមមើល​ផងដែរ ឌែល ជី រិនឡាន់ « Preserving the Heart’s Mighty ChangeEnsignLiahona ខែ វិច្ឆិកា ឆ្នាំ ២០០៩ ទំព័រ ៩៧–៩៩ ។

រូបភាព
កុមារី​កំពុង​អធិស្ឋាន​នៅ​ជិត​គ្រែដេក​មួយ

សិស្ស​ម្នាក់ៗ​របស់​ព្រះគ្រីស្ទ ត្រូវ​តែ​មាន​បទពិសោធន៍ « ការផ្លាស់​ប្ដូរ​ក្នុង​ចិត្ត » មួយ ។

អាលម៉ា ៥:៣៣–៦២

ខ្ញុំ​អាច​ទទួល​បាន​សាក្សី​អំពី​ព្រះអង្គសង្គ្រោះ និង​ដំណឹងល្អ​របស់​ទ្រង់​ដោយ​ផ្ទាល់​តាមរយៈ​ព្រះវិញ្ញាណបរិសុទ្ធ ។

អាលម៉ា ថ្លែង​ទីបន្ទាល់​ដ៏​មាន​អានុភាព​អំពី​ព្រះអង្គសង្គ្រោះ និង​ដំណឹងល្អ​របស់​ទ្រង់ ហើយ​គាត់​ក៏​បាន​ពន្យល់​អំពី​របៀប​ដែល​គាត់​បាន​ទទួល​ទីបន្ទាល់​នោះ ។ នៅពេល​គាត់​ថ្លែង​ទីបន្ទាល់ គាត់​ពុំ​បាន​ប្រាប់​អំពី​បទពិសោធន៍​របស់​គាត់​ដោយ​ការ​មើលឃើញ និង​ស្ដាប់​ឮ​ទេវតា​នោះទេ ( សូមមើល ម៉ូសាយ ២៧:១០–១៧ ) ប៉ុន្តែ​បាន​ពិពណ៌នា​អំពី​តម្លៃ​ដែល​គាត់​ត្រូវ​បង់​ដើម្បី​ស្គាល់​សេចក្ដីពិត​ដោយ​ខ្លួន​គាត់​ជំនួស​វិញ ។ តើ​បងប្អូន​រៀន​អ្វីខ្លះ​មក​ពី អាលម៉ា ៥:៤៤–៥១ អំពី​របៀប​ដែល​អាលម៉ា​បាន​មក​ស្គាល់​សេចក្ដីពិត ? តើ​បងប្អូន​អាច​ធ្វើ​តាម​គំរូ​របស់​គាត់​នៅក្នុង​កិច្ចខិតខំ​របស់​បងប្អូន​ដើម្បី​ទទួល​បាន ឬ​ពង្រឹង​ទីបន្ទាល់​របស់​បងប្អូន​យ៉ាង​ដូចម្ដេច ? តើ​បងប្អូន​រៀន​អ្វីខ្លះ​អំពី​ព្រះអង្គសង្គ្រោះ​មកពី​ការ​បង្រៀន​របស់​អាលម៉ា​នៅក្នុង អាលម៉ា ៥:៣៣–៣៥, ៤៨–៥០ និង ៥៧–៦០ ?

អាលម៉ា ៧

ការ​គោរព​ប្រតិបត្តិ​ដោយ​ឧស្សាហ៍ព្យាយាម នឹង​ជួយ​ខ្ញុំ​ស្ថិត​នៅលើ « ផ្លូវ​ដែល​នាំ​ទៅ​រក​នគរ​នៃ​ព្រះ » ។

ប្រជាជន​របស់​គេឌាន ពុំ​រងទុក្ខ​នឹង​សេចក្ដីអាក្រក់​ដដែល​ដូចជា​ប្រជាជន​នៅ​សារ៉ាហិមឡាទេ ដូច្នេះ​ព្រះវិញ្ញាណ​បាន​ជួយ​អាលម៉ា​ឲ្យ​ដឹង​ពី​សេចក្ដីត្រូវការ​របស់​ពួកគេ ហើយ​បង្រៀន​ពួកគេ​ផ្សេង​ពីគ្នា ( សូមមើល អាលម៉ា ៧:១៧, ២៦ ) ។ បងប្អូន​អាច​នឹង​កត់សម្គាល់​ឃើញ​ភាព​ខុសគ្នា​ខ្លះៗ​រវាង​សារលិខិត​របស់​អាលម៉ា​នៅក្នុង​សារ៉ាហិមឡា ( សូមមើល អាលម៉ា ៥ ) និង​នៅក្នុង​គេឌាន ។ ឧទាហរណ៍ អាលម៉ា បាន​មើល​ឃើញ​ថា ប្រជាជន​គេឌាន គឺ « ស្ថិត​នៅ​លើ​ផ្លូវ​ដែល​នាំ​ទៅ​រក​នគរ​នៃ​ព្រះ » ( អាលម៉ា ៧:១៩ ) ។ នៅ​ក្នុង​ទេសនកថា​របស់​គាត់​ទៅកាន់​ពួកគេ អាលម៉ា​បាន​បង្រៀន​ពួកគេ​នូវ​រឿង​ជា​ច្រើន​អំពី​របៀប​ដើម្បី​ស្ថិត​នៅ​លើ​ផ្លូវ​នោះ ( សូមមើល អាលម៉ា ៧ ) ។ តើ​គាត់​បាន​ផ្ដល់​ការ​ប្រឹក្សា​អ្វីខ្លះ​ដល់​ពួកគេ ? តើ​បងប្អូន​អាច​អនុវត្ត​អ្វីខ្លះ​នៅ​ក្នុង​ជីវិត​បងប្អូន​ពេល​ឥឡូវ​នេះ ?

អាលម៉ា ៧:៧–១៦

ព្រះ​អង្គសង្គ្រោះ​បាន​លើក​ដាក់​មក​លើ​ព្រះអង្គ​ទ្រង់​នូវ​អំពើបាប ការ​ឈឺចាប់ និង​ជំងឺ​របស់​ខ្ញុំ ។

តើ​បងប្អូន​ធ្លាប់​មានអារម្មណ៍​ថា គ្មាន​នរណា​ម្នាក់​យល់​អំពី​បញ្ហា ឬ​ការ​លំបាក​របស់​បងប្អូន​ឬទេ ? បើ​ដូច្នោះ សេចក្ដីពិត​ទាំងឡាយ​ដែល​បាន​បង្រៀន​នៅក្នុង អាលម៉ា ៧:៧–១៦ អាច​ជួយ​បាន ។ អែលឌើរ ដេវីឌ  អេ បែតណា​បាន​ថ្លែង​ទីបន្ទាល់​ថា ៖ « ប៉ុន្តែ​ព្រះ​រាជបុត្រានៃ​ព្រះ ដឹង និង​យល់​ដ៏​ឥត​ខ្ចោះ​ ដ្បិត​ទ្រង់​បានដឹង និងរែក​បន្ទុក​របស់​យើង​​ម្នាក់ៗ ។ ហើយ​ព្រោះតែ​ពលិកម្ម​ដ៏​គ្មាន​ទីបញ្ចប់ និង​អស់កល្បជានិច្ច​របស់​ទ្រង់ ( សូមមើល អាលម៉ា ៣៤:១៤ ) ទ្រង់​មាន​ការ​យល់​ដឹង​ដ៏​ឥតខ្ចោះ ហើយ​អាច​លាត​ព្រះហស្ត​នៃ​សេចក្ដីមេត្តាករុណា​មក​រក​យើង » ( « Bear Up Their Burdens with Ease » EnsignLiahona ខែ ឧសភា ឆ្នាំ ២០១៤ ទំព័រ ៩០ ) ។

នៅពេល​បងប្អូន​អាន អាលម៉ា ៧:៧–១៦ ឆ្លុះ​បញ្ចាំង​អំពី​អ្វី​ដែល​ខគម្ពីរ​ទាំងនេះ​ជួយ​យើង​យល់​ដឹង​អំពី គោលបំណង​ទាំងឡាយ​នៃ​ការ​ពលិកម្ម​របស់​ព្រះអង្គសង្គ្រោះ ។ តើ​យើង​អាច​មាន​ព្រះចេស្ដា​របស់​ទ្រង់​នៅ​ក្នុង​ជីវិត​របស់​យើង​យ៉ាង​ដូចម្តេច ? ចូរ​ពិចារណា​ធ្វើ​ការកត់ត្រា​ចំណាប់អារម្មណ៍​របស់​បងប្អូន ។

សូមមើល​ផងដែរ អេសាយ ៥៣:៣–៥ ។

រូបភាព
រូបសញ្ញា​ការសិក្សា​ជា​គ្រួសារ

គំនិត​យោបល់​សម្រាប់​ការសិក្សា​ព្រះគម្ពីរ​ជា​គ្រួសារ និង​រាត្រី​ជួបជុំ​ក្រុមគ្រួសារ

នៅពេល​បងប្អូន​អាន​គម្ពីរ​ជា​មួយ​នឹង​គ្រួសារ​របស់​បងប្អូន នោះ​ព្រះវិញ្ញាណ​អាច​ជួយបងប្អូន​ឲ្យ​ស្គាល់​ថា​គោលការណ៍​អ្វី​ដែល​ត្រូវ​គូស​បញ្ជាក់ និង​ពិភាក្សា​ដើម្បី​បំពេញ​តាម​តម្រូវការ​របស់​គ្រួសារ​បងប្អូន ។ ទាំងនេះ​គឺជា​គំនិតយោបល់​មួយ​ចំនួន ។

អាលម៉ា ៥:៦–១៣

ហេតុអ្វី​អាលម៉ា​ចង់​ឲ្យ​ប្រជាជន​របស់​គាត់​ចងចាំ​អំពី​សេចក្ដី​មេត្តាករុណា​របស់​ព្រះអម្ចាស់​មានចំពោះ​ជីដូនជីតា​ពួកគេ​ដូច្នេះ ? តើ​មាន​រឿង​អ្វីខ្លះ​មកពី​ពង្សប្រវត្តិ​របស់​បងប្អូន​បង្រៀន​បងប្អូន​អំពី​សេចក្ដីមេត្តាករុណា​របស់​ទ្រង់ ? ប្រហែល​ជា​បងប្អូន​អាច​ទៅ​មើល​ក្នុង familysearch.org/myfamily ដើម្បី​កត់ត្រា​រឿង​ទាំងនេះ ។

អាលម៉ា ៥:១៤–៣៣

សមាជិក​នៃ​គ្រួសារ​របស់​បងប្អូន​អាច​ដឹង​ថា​វា​មានអារម្មណ៍​យ៉ាងណា​ដើម្បី​រៀបចំ​ខ្លួន—ឬ​ពុំ​បាន​រៀបចំ​ខ្លួន—​សម្រាប់​ការ​ធ្វើ​ដំណើរ​បោះជំរុំ ការ​ប្រឡង​នៅ​សាលា​រៀន ឬ​សម្ភាស​ធ្វើ​ការងារ ។ តើ​បទពិសោធន៍​ថ្មីៗ​នេះ​អ្វីខ្លះ ដែល​ពួកគាត់​អាច​ចែកចាយ​ដើម្បី​បង្ហាញ​អំពី​សារៈសំខាន់​នៃ​ការ​រៀបចំ​ខ្លួន​ជា​ស្រេច ? បងប្អូន​អាច​អញ្ជើញ​សមាជិក​គ្រួសារ​ឲ្យ​មើល អាលម៉ា ៥:១៤–៣៣ ហើយ​រកមើល​សំណួរ​ដែល​អាលម៉ា​បាន​សួរ​ដើម្បី​រៀបចំ​ប្រជាជន​របស់​គាត់​ជួប​នឹង​ព្រះ ។ ប្រហែលជា​សមាជិក​គ្រួសារ​ម្នាក់ៗ​អាច​ជ្រើសរើស​សំណួរ​មួយ ហើយ​ចែកចាយ​អំពី​របៀប​ដែល​វា​អាច​ជួយ​យើង​រៀបចំ​ខ្លួន​ដើម្បី​ជួប​នឹង​ព្រះ ។ គ្រួសារ​របស់​បងប្អូន​ក៏​អាច​ដាក់​បង្ហាញ​សំណួរ​របស់​អាលម៉ា​ជាច្រើន​នៅ​ក្នុង​ផ្ទះ​ដើម្បី​សមាជិក​គ្រួសារ​អាច​ពិចារណា​ផងដែរ ។

អាលម៉ា ៦:៤–៦

តើ​មាន​មូលហេតុ​​អ្វីខ្លះ ដែល​យើង​ប្រមូល​ផ្ដុំ​គ្នា​ជា​ពួកបរិសុទ្ធ ? តើ​យើង​អាច​ធ្វើ​ឲ្យ​ពេល​វេលា​របស់​យើង​នៅ​ព្រះវិហារ​កាន់តែ​មាន​ប្រយោជន៍​សម្រាប់​យើង និង​សម្រាប់​អ្នកដទៃ​យ៉ាង​ដូចម្ដេច ?

អាលម៉ា ៧:៩–១៦

តើ​យើង​រៀន​អ្វីខ្លះ​នៅ​ក្នុង​ខគម្ពីរ​ទាំងនេះ ដែល​ជួយ​យើង « កុំ​ឲ្យ​ភ័យ » ( អាលម៉ា ៧:១៥ ) នៅពេល​យើង​ចាំបាច់​ត្រូវ​ប្រែចិត្ត ហើយ​ផ្លាស់ប្ដូរ ? តើ​ខគម្ពីរ​ទាំងនេះ​បង្រៀន​យើង​អ្វីខ្លះ​អំពី​ការ​ងាក​ទៅ​រក​ព្រះអង្គសង្គ្រោះ​នៅពេល​យើង​ត្រូវ​ការ​ជំនួយ ? តើ​មាន​រឿង​​អ្វីខ្លះទៀត​ដែល​យើង​បាន​ធ្វើ​ដើម្បី​ទទួល​បាន​ជំនួយ​របស់​ទ្រង់ ? តើ​ទ្រង់​បាន​ជួយ​យើង​យ៉ាង​ដូចម្ដេច ?

អាលម៉ា ៧:២៣

តើ​យើង​ដឹង​ថា​នរណា​ជា​គំរូ​ល្អ​ដែល​មាន​គុណសម្បត្តិ​មួយ ឬ​ច្រើន​ដូច​ក្នុង​ខគម្ពីរ​នេះ​បាន​រៀបរាប់ ? ហេតុអ្វី​បាន​ជា​វា​សំខាន់​ដើម្បី​អភិវឌ្ឍ​គុណសម្បត្តិ​ទាំងនេះ ?

សម្រាប់គំនិតបន្ថែមដើម្បី​បង្រៀនកុមារ សូមមើល គម្រោង​មេរៀន​សប្ដាហ៍នេះនៅ​ក្នុង ចូរ​មក​តាម​ខ្ញុំ—សម្រាប់​ថ្នាក់​អង្គការ​បឋមសិក្សា​ ។

ការ​កែលម្អ​ការ​បង្រៀន​របស់​យើង

សូម​សួរ​សំណួរ​ដែល​អញ្ជើញ​សមាជិក​គ្រួសារ​ឲ្យ​ធ្វើ​សកម្មភាព ។ សូម​ពិចារណា​អំពី​សំណួរ​ទាំងឡាយ​ដែល​បំផុសគំនិត​សមាជិក​គ្រួសារ​របស់​បងប្អូន​ឲ្យ​នឹកគិត​អំពី​របៀប​ដែល​ពួកគេ​អាច​រស់នៅ​តាម​ដំណឹងល្អ​កាន់តែ​ពេញលេញ ។ « ជាធម្មតា​សំណួរ​ទាំងនេះ​គឺ​ពុំ​មែនជា​សំណួរ​ពិភាក្សា​នោះ​ទេ ដ្បិត​វា​គឺ​សម្រាប់​ធ្វើ​ការ​នឹកគិត​ដោយ​ផ្ទាល់ខ្លួន » ( ការបង្រៀន​តាម​របៀប​របស់​ព្រះអង្គ​សង្គ្រោះ​នេះ ទំព័រ ៣១ ) ។

រូបភាព
ព្រះយេស៊ូវ​ស្លៀក​ព្រះពស្ដ​ពណ៌​ក្រហម

អង្គ​គាំទ្រ​របស់​យើង ដោយ ចេ ប្រាយអ៊ិន វួដ