ចូរ​មក​តាម​ខ្ញុំ
ថ្ងៃទី ២៥–៣១ ខែ ឧសភា ។ ម៉ូសាយ ២៩–អាលម៉ា ៤ ៖ « ពួក​គេ​នៅ​តែ​មាន​ចិត្ត​ខ្ជាប់ខ្ជួន ហើយ​មុតមាំ »


« ថ្ងៃទី ២៥–៣១ ខែ ឧសភា ។ ម៉ូសាយ ២៩–អាលម៉ា ៤ ៖ ‹ ពួក​គេ​នៅ​តែ​មាន​ចិត្ត​ខ្ជាប់ខ្ជួន ហើយ​មុតមាំ › » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ ៖ ព្រះគម្ពីរ​មរមន ឆ្នាំ ២០២០ ( ឆ្នាំ ២០២០ )

« ថ្ងៃទី ២៥–៣១ ខែ ឧសភា ។ ម៉ូសាយ ២៩– អាលម៉ា ៤ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ ៖ ឆ្នាំ ២០២០

រូបភាព
អាលម៉ា​ជា​កូន​កំពុង​ផ្សព្វផ្សាយ

អាលម៉ា​ជា​កូន​កំពុង​ផ្សព្វផ្សាយ ដោយ ហ្គែរី អិល ខាប

ថ្ងៃទី ២៥–៣១ ខែ ឧសភា

ម៉ូសាយ ២៩–អាលម៉ា ៤

« ពួក​គេ​នៅ​តែ​មាន​ចិត្ត​ខ្ជាប់ខ្ជួន ហើយ​មុតមាំ »

ការ​អាន​ព្រះគម្ពីរ​អញ្ជើញ​ឲ្យ​មាន​វិវរណៈ ។ ចូរ​បើក​ចិត្ត​ចំពោះ​សារលិខិត​ទាំងឡាយ​ដែល​ព្រះអម្ចាស់​សព្វ​ព្រះទ័យ​ប្រទាន​ដល់​បងប្អូន ។

កត់ត្រា​ចំណាប់​អារម្មណ៍​របស់​បងប្អូន

បងប្អូន​មួយចំនួន​អាច​មើល​ឃើញ​សំណើរសុំ​របស់​ស្ដេច​ម៉ូសាយ​ដើម្បី​ឲ្យ​ដាក់​មេចៅក្រម​ដែល​បាន​រើសតាំង​មក​ជំនួស​ស្ដេច​វិញ ជា​ការ​ផ្លាស់ប្ដូរ​ទម្រង់​ខាង​នយោបាយ​ដ៏​ឆ្លាតវៃ ។ ប៉ុន្តែ​ពួក​សាសន៍​នីហ្វៃ ជាពិសេស​អស់អ្នក​ដែល​រស់នៅ​ក្រោម​ស្ដេច​ណូអេ​ទុច្ចរិត ការ​ផ្លាស់ប្ដូរ​នេះ មាន​សារៈសំខាន់​ខាង​វិញ្ញាណ​ផងដែរ ។ ពួកគេ​បាន​ឃើញ​ពី​របៀប​ដែល​ស្ដេច​ទុច្ចរិត​បាន​ប្រព្រឹត្ត​បណ្ដាល​ឲ្យ​មាន « អំពើទុច្ចរិត » និង « ការ​បំផ្លិចបំផ្លាញ​ធំ » នៅ​ក្នុង​ចំណោម​រាស្ត្រ​របស់​ទ្រង់ ( ម៉ូសាយ ២៩:១៧ ) ហើយ​ពួកគេ​មាន « ចិត្ត​រសាប់រសល់​ជា​ខ្លាំង » ដើម្បី​មាន​សេរីភាព​ពី​ឥទ្ធិពល​ដូច្នេះ ។ ការ​ផ្លាស់ប្ដូរ​នេះ​នឹង​អនុញ្ញាត​ឲ្យ​ពួកគេ​ទទួល​ខុសត្រូវ​ចំពោះ​សេចក្ដីសុចរិត​ផ្ទាល់​ខ្លួន ហើយ « ទទួល​ខុសត្រូវ​ចំពោះ​អំពើបាប [ របស់​ខ្លួន​ពួកគេ ] ផ្ទាល់ » ( ម៉ូសាយ ២៩:៣៨ សូមមើល​ផងដែរ គ. និង ស. ១០១:៧៨ ) ។

ប្រាកដណាស់ នៅ​ចុង​បញ្ចប់​នៃ​រជ្ជកាលរបស់​ស្ដេច​ទាំងឡាយ ពុំ​មែន​មានន័យ​ថា​ជា​ចុង​បញ្ចប់​នៃ​បញ្ហា​ទាំងឡាយ​ដែល​មាន​នៅ​ក្នុង​សង្គម​ពួក​សាសន៍​នីហ្វៃ​នោះ​ទេ ។ មនុស្ស​ដែល​មានឧបាយកល​ដូចជា​នីហូរ និង​អាំលីសៃ បាន​ណែនាំ​ឲ្យ​មាន​គំនិត​ខុស​ឆ្គង អ្នក​ដែល​ពុំ​ជឿ​បាន​ធ្វើ​ទុក្ខ​បៀតបៀន​ដល់​ពួកបរិសុទ្ធ ហើយ​សមាជិក​សាសនាចក្រ​ជា​ច្រើន​បាន​ក្លាយ​ជា​មាន​ភាព​ឆ្មើងឆ្មៃ ហើយ​បាន​ធ្លាក់​ចុះ ។ ប៉ុន្តែ « អ្នក​ដើរ​តាម​ព្រះ​ដោយ​រាបសារ » បន្ដ​នៅ « ខ្ជាប់​ខ្ជួន​ហើយ​មុតមាំ » ទោះ​ជា​មាន​រឿង​អ្វី​បាន​កើត​ឡើង​នៅ​ជុំ​វិញ​ពួកគេ​ក្ដី ( អាលម៉ា ១:២៥ ) ។ ហើយ​ដោយសារ​តែ​ការ​ផ្លាស់ប្ដូរ​ត្រូវ​បាន​ស្ដេច​ម៉ូសាយ​បាន​តាំង​ឡើង នោះ​ពួកគេ​អាច « បោះ​សំឡេង​គេ » ដើម្បី​ជះ​ឥទ្ធិពល​ទៅលើ​សង្គម​របស់​ពួកគេ​សម្រាប់​សេចក្ដីល្អ ( អាលម៉ា ២:៦ ) ។

រូបភាព
រូបសញ្ញា​ការសិក្សា​ផ្ទាល់ខ្លួន

គំនិត​យោបល់​សម្រាប់​ការសិក្សា​ព្រះគម្ពីរ​ផ្ទាល់ខ្លួន

ម៉ូសាយ ២៩:១១–២៧, អាលម៉ា ២:១–៧

ខ្ញុំ​អាច​ធ្វើ​ជា​ឥទ្ធិពល​វិជ្ជមាន​មួយ​នៅក្នុង​សហគមន៍​របស់​ខ្ញុំ ។

ក្នុង​រយៈពេលតែ​ប្រាំ​ឆ្នាំ​នៃ​រជ្ជកាល​នៃ​ពួក​ចៅក្រម​ប៉ុណ្ណោះ នោះ​បាន​កើត​មាន​វិបត្តិ​មួយ​ឡើង ដែល​នឹង​សាកល្បង​ដល់​សេចក្ដីប្រកាស​របស់​ម៉ូសាយ​ថា ជាធម្មតា សំឡេង​ប្រជាជន​នឹង​ជ្រើសរើស​អ្វី​ដែល​ត្រឹមត្រូវ ( សូមមើល ម៉ូសាយ ២៩:២៦ ) ។ បញ្ហា​នោះ​គឺ​ជាប់​ទាក់ទង​នឹង​សេរីភាព​ខាង​សាសនា ៖ មាន​បុរស​ម្នាក់​ឈ្មោះ អាំលីសៃ បាន​ព្យាយាម « ធ្វើ​ឲ្យ​បាត់បង់សិទ្ធិ​ទាំងឡាយ​របស់​គេ [ ប្រជាជន ] និង​ឯកសិទ្ធិ​ទាំងឡាយ​របស់​សាសនាចក្រ » ( អាលម៉ា ២:៤ ) ។ តើ​បងប្អូន​បាន​កត់សម្គាល់​ឃើញ​អំពី​សិទ្ធិ​សាសនា ត្រូវ​បាន​គេ​គម្រាមគំហែង​នៅ​ក្នុង​ជាតិសាសន៍ ឬ​សហគមន៍​របស់​បងប្អូន​ឬទេ ? តើ​បងប្អូន​រៀន​អ្វីខ្លះ​មកពី​របៀប​ដែល​ពួក​សាសន៍​នីហ្វៃ​បាន​ឆ្លើយតប​ចំពោះ​ការគម្រាម​គំហែង​នេះ ? ( សូមមើល អាលម៉ា ២:១–៧ ) ។

វា​ទំនង​ជា​មាន​បញ្ហា​សំខាន់ៗ​ជា​ច្រើន​កំពុង​ប្រឈម​មុខ​នៅ​ក្នុង​សហគមន៍​របស់​បងប្អូន ។ តើ​បងប្អូន ដូចជា​ពួក​សាសន៍​នីហ្វៃ អាច​ប្រាកដ​ថា​សំឡេង​របស់​បងប្អូន​ត្រូវ​បាន​រាប់​បញ្ចូល​នៅក្នុង « សំឡេង​ប្រជាជន » យ៉ាង​ដូចម្ដេច ? ប្រហែល​ជា​បងប្អូន​រស់នៅ​ក្នុង​កន្លែង​មួយ​ដែល​សំឡេង​ប្រជាជន​មាន​ឥទ្ធិពលដែល​មានដែន​កំណត់​ទៅ​លើ​រដ្ឋាភិបាល បើសិនជា​ដូច្នោះ​មែន តើ​មាន​មធ្យោបាយ​ណា​ផ្សេងទៀត​ដែល​បងប្អូន​អាច​ធ្វើ​ជា​ឥទ្ធិពល​វិជ្ជមាន​មួយ​នៅ​ក្នុង​សហគមន៍​របស់​បងប្អូន​ឬទេ ?

អាលម៉ា ១

ខ្ញុំ​អាច​ទទួល​ស្គាល់ ហើយ​បដិសេធ​គោលលទ្ធិ​ខុសឆ្គង ។

ទោះ​ជា​នៅ​ទីបំផុត នីហូរ បាន​សារភាព​ថា អ្វី​ដែល​គាត់​បាន​បង្រៀន​ខុសឆ្គង​ក្ដី ក៏​ការ​បង្រៀន​របស់​គាត់ បន្ដ​មាន​ឥទ្ធិពល​ទៅលើ​ពួក​សាសន៍​នីហ្វៃ​អស់​ជាច្រើន​ឆ្នាំ ( សូមមើល អាលម៉ា ១:១៥–១៦; ២:១–២; ១៤:១៤–១៨; ១៥:១៥; ២១:៤; ២៤:២៨ ) ។ ហេតុអ្វី​ប្រជាជន​មើល​ឃើញ​ថា ការ​បង្រៀន​របស់​នីហូរ មាន​ការ​ទាក់ទាញ ? នៅ​ពេល​បងប្អូន​អាន អាលម៉ា ១:២–៤ សូមមើល​បើ​សិន​ជា​បងប្អូន​អាច​ស្គាល់​ភាព​ខុសឆ្គង​នៅ​ក្នុង​ការ​បង្រៀន​របស់​នីហូរ បងប្អូន​នឹង​ប្រហែលជា​កត់សម្គាល់​ថា ពួកគេ​ត្រូវបាន​បង្រៀន​ស្របទៅតាម​សេចក្ដីពិត​ខ្លះៗ ។

គេឌាន បាន​ទប់ទល់​នឹង​នីហូរ « ដោយ​ព្រះបន្ទូល​នៃ​ព្រះ » ( អាលម៉ា ១:៧, ៩ ) ។ តើ​បងប្អូន​អាច​គិត​អំពី​បទគម្ពីរ​ដែល​បាន​ឆ្លើយ​បដិសេធ​ចំពោះ​ភាព​ខុសឆ្គង​របស់​នីហូរ​ឬទេ ? នេះ​គឺ​ជា​ឧទាហរណ៍​មួយចំនួន ប៉ុន្តែ​មាន​បទគម្ពីរ​ដទៃទៀត​ជាច្រើន​ផងដែរ ៖ ម៉ាថាយ ៧:២១–២៣; នីហ្វៃទី ២ ២៦:២៩–៣១; ម៉ូសាយ ១៨:២៤–២៦ និង ហេលេមិន ១២:២៥–២៦ ។ តើ​បទគម្ពីរ​ទាំងនេះ​អាច​ជួយ​បងប្អូន​បដិសេធ​ចំពោះ​ភាព​ខុសឆ្គង​ដែល​បាន​បង្រៀន​នៅ​សព្វថ្ងៃនេះ​យ៉ាង​ដូចម្ដេច ?

របៀប​មួយ ទៀត​សម្រាប់​ការ​សិក្សា​របស់​បងប្អូន​អំពី អាលម៉ា ១ គឺ​ប្រៀបធៀប​នីហូរ និង​អ្នកដើរ​តាម​គាត់ ( ខ ៣–៩, ១៦–២០ ) ជាមួយ​នឹង « រាស្ត្រ​នៃ​ព្រះ » ( ខ ២៥–៣០ សូមមើល​ផងដែរ នីហ្វៃទី ២ ២៦:២៩–៣១ ) ។ តើ​បងប្អូន​អាច​ប្រែក្លាយ​កាន់តែ​ដូចជា​រាស្ត្រ​នៃ​ព្រះ​យ៉ាង​ដូចម្ដេច ? តើ​បងប្អូន​កត់សម្គាល់​ឃើញ « ឧបាយកល​ផ្នែក​សង្ឃ » ណា​មួយ​នៅ​ក្នុង​ការ​បម្រើ​ផ្ទាល់​ខ្លួន​របស់​បងប្អូន​ឬទេ ?

អាលម៉ា ១:២៧–៣១; ៤:៦–១៥

ពួក​សិស្ស​ស្មោះត្រង់​របស់​ព្រះយេស៊ូវ​គ្រីស្ទ ពុំ​ដាក់​ចិត្ត​របស់​ពួកគេ​ទៅលើ​ទ្រព្យសម្បត្តិ​ទេ ។

ជំពូក ១ និង  នៃ​គម្ពីរ​អាលម៉ា បានពិពណ៌នា​អំពី​គ្រា​ទាំងឡាយ​ដែល​សាសនាចក្រ​បាន​រីកចម្រើន ប៉ុន្តែ​សមាជិក​សាសនាចក្រ​បាន​ឆ្លើយ​តប​ចំពោះ​ភាព​រីកចម្រើន​នោះ​ខុសៗ​គ្នា​នៅ​ក្នុង​ករណី​នីមួយៗ ។ តើ​បងប្អូន​កត់សម្គាល់​ឃើញ​មាន​ភាព​ខុសគ្នា​អ្វីខ្លះ ? ផ្អែក​ទៅ​លើ​អ្វី​ដែល​បងប្អូន​រកឃើញ តើ​បងប្អូន​នឹង​ពិពណ៌នា​អំពី​អាកប្បកិរិយា​របស់ « ពួក​ជន​បន្ទាប​ខ្លួន​ដើរ​តាម​ព្រះ » ( អាលម៉ា ៤:១៥ ) បាន​មាន​ចំពោះ​ទ្រព្យសម្បត្តិ និង​ភាព​ចម្រុងចម្រើន​យ៉ាង​ដូចម្ដេច ? តើបងប្អូន​ទទួលអារម្មណ៍​បំផុសគំនិត​ឲ្យ​ផ្លាស់ប្ដូរ​អ្វី​ខ្លះ​នៅ​ក្នុង​អាកប្បកិរិយា​របស់​បងប្អូន​ផ្ទាល់ ?

អាលម៉ា ៤

« បន្ទូល​ព្រះ » និង « ទីបន្ទាល់​ពិត » អាច​ផ្លាស់ប្ដូរ​ដួងចិត្ត ។

តើ​មាន​អ្វីខ្លះ​ដែល​ធ្វើ​ឲ្យ​អាលម៉ា « ព្រួយ​បារម្ភ​ជា​ខ្លាំង » ( អាលម៉ា ៤:១៥ ) នៅក្នុង អាលម៉ា ៤ ? អ្នក​ខ្លះ​អាច​និយាយ​ថា តំណែង​ជា​មេចៅក្រម​នឹង​ដាក់ អាលម៉ា​នៅ​ក្នុង​តំណែង​មួយ​ល្អ​បំផុត​ដើម្បី​ដោះស្រាយ​បញ្ហា ដែល​គាត់​បាន​មើល​ឃើញ​មាន​នៅ​ក្នុង​ចំណោម​ប្រជាជន​គាត់ ។ ប៉ុន្តែ​អាលម៉ា មានអារម្មណ៍​ថា​មាន​របៀប​មួយ​ដែល​ល្អ​ប្រសើរ​ជាងនេះ ។ តើ​មាន​អ្វីខ្លះ​ដែល​បាន​ធ្វើ​ឲ្យ​បងប្អូន​ចាប់​អារម្មណ៍​អំពី​របៀប​របស់​គាត់​ក្នុង​ការ​ជួយ​ដល់​ប្រជាជន​របស់​គាត់​នោះ ? ការ​សិក្សា​របស់​បងប្អូន​អាច​នឹង​បំផុសគំនិត​ជា​ច្រើន​អំពី​របៀប​ដែល​បងប្អូន​អាច​ធ្វើ​ជា​ឥទ្ធិពល​សុចរិត​ដល់​អ្នក​នៅ​ជុំ​វិញ​បងប្អូន បើ​ដូច្នោះ សូម​ធ្វើ​តាម​គំនិត​ទាំងនោះ ។

រូបភាព
រូបសញ្ញា​ការសិក្សា​ជា​គ្រួសារ

គំនិត​យោបល់​សម្រាប់​ការសិក្សា​ព្រះគម្ពីរ​ជា​គ្រួសារ និង​រាត្រី​ជួប​ជុំ​ក្រុមគ្រួសារ

នៅពេល​បងប្អូន​អាន​គម្ពីរ​ជា​មួយ​នឹង​គ្រួសារ​របស់​បងប្អូន នោះ​ព្រះវិញ្ញាណ​អាច​ជួយបងប្អូន​ឲ្យ​ស្គាល់​ថា​គោលការណ៍​អ្វី​ដែល​ត្រូវ​គូស​បញ្ជាក់ និង​ពិភាក្សា​ដើម្បី​បំពេញ​តាម​តម្រូវការ​របស់​គ្រួសារ​បងប្អូន ។ ទាំងនេះ​គឺជា​គំនិតយោបល់​មួយ​ចំនួន ។

អាលម៉ា ១:១៩–២៥

គ្រួសារ​របស់​បងប្អូន​អាច​នឹង​ទទួលបាន​អត្ថប្រយោជន៍​មក​ពី​ការ​ស្គាល់​របៀប​ផ្សេងៗ​ដែល​សមាជិក​សាសនាចក្រ​បាន​ឆ្លើយតប​ចំពោះ​ការ​បៀតបៀន​នៅ​ក្នុង​ខគម្ពីរ​ទាំងនេះ ។ ប្រហែលជា​បងប្អូន​អាច​ហាត់​របៀប​ជាច្រើន​ដើម្បី​ឆ្លើយ​តប​ដោយ​ត្រឹមត្រូវ នៅពេល​អ្នក​ដទៃ​វាយ​ប្រហារ​មក​លើ​ជំនឿ​របស់​យើង ។ វីដេអូ​មាន​នៅលើ ChurchofJesusChrist.org/religious–freedom/examples អាច​ជា​ជំនួយ ។

អាលម៉ា ៣:៤

តើ​មាន​សារលិខិត​អ្វីខ្លះ​ដែល​ពួក​សាសន៍​អាំលីសៃ​ចង់​ប្រាប់ នៅពេល​ពួកគេ « គូស​គំនូស​លើ​ខ្លួន​គេ » ? ( សូមមើល អាលម៉ា ៣:៤, ១៣ ) ។ តើ​មាន​សារលិខិត​អ្វីខ្លះ​ដែល​យើង​អាច​បញ្ជូន​ទៅ​គេ— ទោះ​ដោយ​ចេតនា ឬ​អចេតនា​ក្ដី—តាមរយៈ​អាការៈ​ខាង​ក្រៅ​របស់​យើង ? នេះ​អាច​ជា​ពេល​ដ៏​ល្អ​មួយ​ដើម្បី​មើល​ត្រង់​ចំណុច « សម្លៀកបំពាក់ និង​ការ​តុបតែងខ្លួន » នៅក្នុង​សៀវភៅ ដើម្បី​កម្លាំង​នៃ​យុវជន ទំព័រ ៦–៨ ( ឆ្នាំ ២០១១ ) ។

អាលម៉ា ៤:២–៣

តើ​មាន​រឿង ឬ​បទពិសោធន៍​អ្វីខ្លះ​ដែល​បាន « ដាស់ [ យើង ] ឲ្យ​ភ្ញាក់​ឡើង ដោយ​នឹក​ឃើញ​ដល់​ភារកិច្ច​របស់ [ យើង ] » ចំពោះ​ព្រះ ? ( អាលម៉ា ៤:៣ ) ។ ប្រហែល​ជា​វា​នឹង​មាន​ប្រសិទ្ធភាព​ដើម្បី​ចែកចាយ​ខគម្ពីរ​ទាំងនេះ​បន្ទាប់​ពី​ការដាស់​គ្រួសារ​របស់​បងប្អូន​ឲ្យ​ក្រោក​ពី​ដំណេក​នៅ​ពេល​ព្រឹក ។ បន្ទាប់​មក​បងប្អូន​អាច​ពិភាក្សា​អំពី​ការ​លំបាក​នៃ​ការ​ភ្ញាក់​ឡើង​ខាង​រាងកាយ ដើម្បី​ជួយ​យើង​យល់​អំពី​ការ​លំបាក​នៃ​ការ​ភ្ញាក់​ឡើង​ខាង​វិញ្ញាណ ។

អាលម៉ា ៤:១០–១១

តើ​យើង​អាច​ចៀសវាង​ពី​ការ​ធ្វើ​ជា « ការ​ជំពប់​មួយ​ដ៏​ធំ​ដល់​ពួក​អ្នក​ដែល [ ពុំ ] នៅ​ក្នុង​សាសនាចក្រ » យ៉ាង​ដូចម្ដេច ? ( អាលម៉ា ៤:១០ ) ។ វា​ក៏​អាច​មាន​ប្រយោជន៍​ផងដែរ​ដើម្បី​ពិភាក្សា​អំពី​របៀប​ដែល​យើង​អាច​មើល​ឲ្យ​ប្រាកដ​ថា​សកម្មភាព​របស់​អ្នកដទៃ ជាពិសេស​បងប្អូន​សមាជិក​សាសនាចក្រ ពុំ​ក្លាយ​ជា​ការ​ជំពប់​ចំពោះ​ការ​រីកចម្រើន​ខាង​វិញ្ញាណ​របស់​យើង ។

អាលម៉ា ៤:១៩

ដើម្បី​ជួយ​គ្រួសារ​របស់​បងប្អូន​យល់​អំពី​អំណាច​នៃ​ទីបន្ទាល់ បងប្អូន​អាច​សុំ​ឲ្យ​ពួកគេ​គិត​អំពី​គ្រា​មួយ ពេល​គេ​ស្ដាប់​ឮ​ទីបន្ទាល់​របស់​នរណា​ម្នាក់​មានឥទ្ធិពល​មក​លើ​ពួកគេ​យ៉ាង​ខ្លាំង​នោះ ។ ហេតុអ្វី​ក៏​អាលម៉ា​បាន​ជ្រើសរើស​យក​ការ​ប្រើ​ទីបន្ទាល់ និង​ព្រះបន្ទូល​នៃ​ព្រះ​ទៅ​មាន​ឥទ្ធិពល​លើ​ដួងចិត្ត​របស់​ប្រជាជន​ដូច្នេះ ? ( សូមមើល​ផងដែរ គ. និង ស. ៣១:៥ ) ។ ហេតុអ្វី​ក៏​រឿង​នេះ​មាន​ប្រសិទ្ធភាព​ជាង​វិធីសាស្ត្រ​ដទៃទៀត ដែល​មនុស្ស​អាច​ប្រើ​ដើម្បី​បញ្ចុះបញ្ចូល​អ្នក​ដទៃ​ឲ្យ​ផ្លាស់ប្ដូរ ? តើ​មាន​មនុស្ស​ដែល​យើង​អាច​ពង្រឹង​ជំនឿ​របស់​ពួកគេ តាមរយៈ​ការ​ចែកចាយ​ទីបន្ទាល់​របស់​យើង​ដែរ​ឬទេ ?

សម្រាប់​គំនិត​បន្ថែម​សម្រាប់​ការ​បង្រៀន​ដល់​កុមារ សូមមើល គម្រោង​មេរៀន​សប្ដាហ៍​នេះ នៅក្នុងសៀវភៅ ចូរ​មក​តាម​ខ្ញុំ—សម្រាប់​ថ្នាក់​បឋមសិក្សា ។

ការ​កែលម្អ​ដល់​ការ​សិក្សា​ផ្ទាល់​ខ្លួន

ការប្រៀបប្រដូច​បទគម្ពីរ​ទៅ​នឹង​ខ្លួន​បងប្អូន ចូរ​ពិចារណា​អំពី​របៀប​ដែល​រឿង និង​ការ​បង្រៀន​ក្នុង​បទគម្ពីរ​ទាំងឡាយ​អនុវត្ត​ក្នុង​ជីវិត​បងប្អូន ។ ឧទាហរណ៍ បងប្អូន​អាច​រកឃើញ​ភាព​ស្របគ្នា​រវាង​ពិភពលោក​សព្វថ្ងៃ និង​បញ្ហា​ក្នុង​សង្គម ដែល​ពួក​សាសន៍​នីហ្វៃ​បាន​ប្រឈម​មុខ​នៅ​ក្នុង អាលម៉ា ១–៤ ។

រូបភាព
ពួកសាសន៍​នីហ្វៃ​ប្រយុទ្ធ​នឹង​ពួក​សាសន៍អាំលីសៃ

អាលម៉ា និង​អាំលីសៃ, ដោយ ស្កត អិម. ស្នូ