ចូរ​មក​តាម​ខ្ញុំ
ថ្ងៃទី ២២–២៨ ខែ មិថុនា ។ អាលម៉ា ១៧–២២ ៖ « យើង​នឹង​យក​អ្នក​ធ្វើ​ជា​គ្រឿង​ឧបករណ៍​មួយ​ក្នុង​ដៃ​យើង »


« ថ្ងៃទី ២៤–២៨ ខែ មិថុនា ។ អាលម៉ា ១៧–២២ ៖ ‹ យើង​នឹង​យក​អ្នក​ធ្វើ​ជា​គ្រឿង​ឧបករណ៍​មួយ​ក្នុង​ដៃ​យើង › »​ ចូរ​មក​តាម​ខ្ញុំ​—សម្រាប់​បុគ្គលម្នាក់ៗ និង​ក្រុមគ្រួសារ ឆ្នាំ ២០២០ ( ឆ្នាំ ២០២០ )

« ថ្ងៃទី ២២–២៨ ខែ មិថុនា ។ អាលម៉ា ១៧–២២ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ ៖ ឆ្នាំ ២០២០

រូបភាព
អាំម៉ូន​និយាយ​ទៅ​កាន់​ស្តេច​ឡាម៉ូណៃ

អាំម៉ូន និងស្តេច​ឡាម៉ូណៃ ដោយ ស្កត់ អ៊ិម ស្នូ

ថ្ងៃទី ២២–២៨ ខែ មិថុនា

អាលម៉ា ១៧–២២

« យើង​នឹង​យក​អ្នក​ធ្វើ​ជា​គ្រឿង​ឧបករណ៍​មួយ​ក្នុង​ដៃ​យើង »

នៅពេល​បងប្អូន​អាន អាលម៉ា ១៧–២២ សូម​កត់ត្រា​ចំណាប់​អារម្មណ៍​ដែល​កើត​មាន​ដល់​បងប្អូន ហើយ​ធ្វើ​តាម​ចំណាប់អារម្មណ៍​នោះ ។ ការ​ធ្វើ​ដូច្នោះ នឹង​បង្ហាញ​ចំពោះព្រះអម្ចាស់​អំពី​ឆន្ទៈ​របស់​បងប្អូន​ដើម្បី​ទទួល​បាន​វិវរណៈ​ផ្ទាល់​ខ្លួន​បន្ថែម ។

កត់ត្រា​ចំណាប់​អារម្មណ៍​របស់​បងប្អូន

ចូរគិត​អំពី​មូលហេតុ​ទាំង​អស់​ដែល​មនុស្ស​អាច​មាន​ក្នុង​ការ​មិន​ចែក​ចាយ​ដំណឹងល្អ ៖ « ខ្ញុំ​ពុំ​ដឹង​ច្រើន​ទេ » ឬ « ខ្ញុំ​មិន​ប្រាកដ​ថា​ពួកគេ​នឹង​ចាប់​អារម្មណ៍​ទេ » ឬ​ប្រហែលជា « ចុះ​បើ​ខ្ញុំ​ធ្វើ​ឲ្យ​គេ​អន់​ចិត្ត​ទៅ​វិញ​នោះ ? » ប្រហែល​ជា​បងប្អូន​នឹង​រកឃើញ​ថា​បងប្អូន​កំពុង​គិត​រឿង​ស្រដៀងគ្នា​នេះ​ពេល​ខ្លះ ។ ពួក​សាសន៍​នីហ្វៃ​មាន​មូលហេតុ​បន្ថែម​មួយ​ក្នុង​ការ​មិន​ចែកចាយ​ដំណឹងល្អ​ជាមួយ​នឹង​សាសន៍​លេមិន​ថា ៖ ពួកគេ « ជា​ប្រជាជន​មួយ​ដែល​ព្រៃ​ផ្សៃ រឹងរូស និង​សាហាវ ជា​ប្រជាជន​មួយ​ដែល​ចូលចិត្ត​ក្នុង​ការ​ធ្វើ​ឃាតកម្ម​ដល់​ពួក​នីហ្វៃ » ( អាលម៉ា ១៧:១៤ សូមមើល​ផងដែរ អាលម៉ា ២៦:២៣–២៥ ) ។ ប៉ុន្តែ​បុត្រា​របស់​ស្ដេច​ម៉ូសាយ មាន​មូលហេតុ​មួយ​កាន់តែ​ខ្លាំងថា ហេតុអ្វី​ពួកគេ​មាន​អារម្មណ៍​ថា​ពួកគេ ត្រូវ​តែ ចែកចាយ​ដំណឹងល្អ​ជាមួយ​នឹង​សាសន៍​លេមិន ៖ « ពួកគេ​មាន​បំណង​ចង់​ប្រកាស​ប្រាប់​ពី​សេចក្ដីសង្គ្រោះ​ដល់​សត្វ​លោក​គ្រប់រូប ព្រោះ​ពួកគេ​ពុំ​អាច​ទ្រាំ​ឲ្យ​ព្រលឹង​មនុស្ស​ណា​ម្នាក់​ត្រូវ​វិនាស​ឡើយ » ( ម៉ូសាយ ២៨:៣ ) ។ សេចក្ដី​ស្រឡាញ់​ដែល​បំផុសគំនិត​ដល់​អាំម៉ូន និង​បងប្អូន​ប្រុស​របស់​គាត់​នេះ ក៏​អាច​បំផុស​គំនិត​ដល់​បងប្អូន​ឲ្យ​ចែកចាយ​ដំណឹងល្អ​ជាមួយ​នឹង​គ្រួសារ មិត្តភក្ដិ និង​អ្នក​ស្គាល់​គ្នា​ផងដែរ —​ទាំង​​អ្នក​ដែល​មើល​ទៅ​ហាក់ដូចជា​ពុំ​ទទួល​យក​នោះ ។

រូបភាព
រូបសញ្ញា​ការសិក្សា​ផ្ទាល់ខ្លួន

គំនិត​យោបល់​សម្រាប់​ការសិក្សា​ព្រះគម្ពីរ​ផ្ទាល់ខ្លួន

អាលម៉ា ១៧:១–៤

នៅពេល​ខ្ញុំ​ពង្រឹង​សេចក្ដី​ជំនឿ​របស់​ខ្ញុំ​ផ្ទាល់ នោះ​ខ្ញុំ​អាច​ចែកចាយ​ដំណឹងល្អ​កាន់តែ​មាន​ប្រសិទ្ធភាព ។

តើ​បងប្អូន​ធ្លាប់​ជួបជុំ​នឹង​មិត្តចាស់ ហើយ​មានអារម្មណ៍​ដូចជា​អាលម៉ា​— មាន​អំណរ​លើសលុប​ដែល​ពួកគេ​បន្ដ​នៅ​រឹងមាំ​នៅ​ក្នុង​សេចក្ដី​ជំនឿ​ឬទេ ? ( សូមមើល អាលម៉ា ១៧:១–២) ។ តើ​បងប្អូន​រៀន​អ្វីខ្លះ​មកពី​បុត្រា​របស់​ម៉ូសាយ​អំពី​របៀប​រក្សា​សេចក្ដីជំនឿ​របស់​បងប្អូន​ទៅលើ​ដំណឹងល្អ ហើយ​នឹង​តាំងចិត្ត​រឹងមាំ ? នៅពេល​បងប្អូន​ពិចារណា​អំពី​កម្លាំង​ខាង​វិញ្ញាណ​របស់​បុត្រា​របស់​ម៉ូសាយ តើ​បងប្អូន​មានអារម្មណ៍​បំផុសគំនិត​ឲ្យ​ធ្វើ​អ្វីខ្លះ ?

តើ​ការ​រៀបចំ​ខ្លួន​ខាង​វិញ្ញាណ​របស់​បុត្រា​របស់​ម៉ូសាយ ជះឥទ្ធិពល​លើ​កិច្ចការ​របស់​ពួកគេ​ជាមួយ​នឹង​ពួកសាសន៍​លេមិន​យ៉ាង​ដូចម្ដេច​ខ្លះ ? ប្រហែលជា​បងប្អូន​អាច​ប្រើ​ឱកាស​នេះ​ដើម្បី​វាយ​តម្លៃ​កិច្ចខិតខំ​របស់​បងប្អូន​ក្នុង​ការ​បង្រៀន​ដំណឹងល្អ « ព្រះចេស្ដា និង​សិទ្ធិអំណាច​ពី​ព្រះ » ( អាលម៉ា ១៧:៣ ) ។

អាលម៉ា ១៧:៦–១២

ខ្ញុំ​អាច​ធ្វើ​ជា​គ្រឿង​ឧបករណ៍​នៅ​ក្នុង​ព្រះហស្ត​របស់​ព្រះ​ដើម្បី​នាំ​មកនូវ​សេចក្ដីសង្គ្រោះ​ដល់​កូនចៅ​ទ្រង់ ។

ប្រធាន ថូម៉ាស អេស ម៉នសុន បាន​មាន​ប្រសាសន៍​ថា ៖ « ខ្ញុំ​តែងតែ​ចង់​ឲ្យ​ព្រះអម្ចាស់​ដឹង​ថា បើ​សិនជា​ទ្រង់​ត្រូវការ​អ្នក​ធ្វើ​កិច្ចការ​ទ្រង់ ថូម៉ាស ម៉នសុន នឹង​ចេញ​ទៅ​ធ្វើ​កិច្ចការ​នោះ​សម្រាប់​ទ្រង់ » វីដេអូ ( « On the Lord’s Errand: The Life of Thomas S Monson, » video, ChurchofJesusChrist.org) ។ នៅពេល​បងប្អូន​អាន អាលម៉ា ១៧:៦–១២ សូម​រកមើល​នូវ​អ្វី​ដែល​បុត្រា​របស់​ម៉ូសាយ​បាន​ធ្វើ ដើម្បី​ពួកគេ​អាច​ធ្វើ​ជា​គ្រឿង​ឧបករណ៍​នៅ​ក្នុង​ព្រះហស្ដ​របស់​ព្រះ ។ តើ​បងប្អូន​អាច​ធ្វើ​ជា​គ្រឿងឧបករណ៍​នៅក្នុង​ព្រះហស្ដ​របស់​ព្រះ​ដើម្បី​ប្រទានពរ​ដល់​អ្នកដទៃ​យ៉ាង​ដូចម្ដេច ? តើ​បងប្អូន​រៀន​មក​ពី​គំរូ​របស់​ពួកគេ​អ្វីខ្លះ ដែល​ផ្ដល់​ភាព​ក្លាហាន​ដល់​បងប្អូន​ឲ្យ​ធ្វើ​អ្វី​ដែល​ព្រះអម្ចាស់​ចាំបាច់​ត្រូវ​ឲ្យ​បងប្អូន​ធ្វើ ?

សូមមើល​ផងដែរ ដាល្លិន អេក អូក « ការ​ចែកចាយ​ដំណឹងល្អ​ដែល​បាន​ស្ដារ​ឡើង​វិញ » EnsignLiahonaខែ វិច្ឆិកា ឆ្នាំ​២០១៦ ទំព័រ ៥៧–៦០ ។

អាលម៉ា ១៧–១៨

ខ្ញុំ​អាច​ជួយ​អ្នក​ដទៃ​ឲ្យ​រៀបចំ​ខ្លួន​ដើម្បី​ទទួល​បាន​ដំណឹងល្អ ។

ឡាម៉ូណៃ គឺជា​អ្នកដឹកនាំ « ព្រៃផ្សៃ រឹងរូស និង​សាហាវ ជា​ប្រជាជន​មួយ​ដែល​ចូលចិត្ត​ក្នុង​ការ​ធ្វើ​ឃាតកម្ម » ( អាលម៉ា ១៧:១៤ ) ប៉ុន្តែ​ទ្រង់​បាន​យក​ឈ្នះ​លើ​ទំនៀមទម្លាប់​ជា​ច្រើន​ឆ្នាំ​មក​នោះ ហើយ​បាន​ទទួល​យក​ដំណឹងល្អ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ ។ នៅពេល​បងប្អូន​អាន​អំពី​ការប្រាស្រ័យទាក់​ទង​របស់​អាំម៉ូន​ជាមួយ​នឹង​ឡាម៉ូណៃ សូម​កត់សម្គាល់​ថា អាំម៉ូន​បាន​ធ្វើអ្វីខ្លះ ដែល​បាន​ជួយ​ដល់​ឡាម៉ូណៃ​កាន់តែ​ទទួល​យក​សារលិខិត​របស់​គាត់ ។ បើ​មាន​គំនិត​ជា​ច្រើន​ចូលមក​ក្នុង​គំនិត​បងប្អូន​អំពី​អ្វី​ដែល​បងប្អូន​អាច​ធ្វើ​ដើម្បី​ចែកចាយ​ដំណឹងល្អ​ជាមួយ​អ្នកដទៃ សូម​កត់ត្រា​ការ​បំផុស​គំនិត​ទាំង​នោះ​ទុក ។

វា​ក៏​អាច​ជា​ជំនួយ​ផងដែរ​ដើម្បី​គូសចំណាំ ឬ​សរសេរ​អំពី​សេចក្ដីពិត ដែល​អាំម៉ូន​បាន​បង្រៀន​ដល់​ឡាម៉ូណៃ ( សូមមើល អាលម៉ា ១៨:២៤–៣៩) និង​សេចក្ដីពិត​ដែល​អើរ៉ុន​បានបង្រៀន​ដល់​ឪពុក​របស់​ឡាម៉ូណៃ ( សូមមើល អាលម៉ា ២២:១–១៦ ) ។ តើ​ខគម្ពីរ​ទាំងនេះ​ផ្ដល់​យោបល់​ដល់​បងប្អូន​អំពី​សេចក្ដីពិត​អ្វីខ្លះ ដែល​បងប្អូន​អាច​ចែកចាយ​ជាមួយ​នឹង​អ្នកដទៃ​ដើម្បី​ជួយ​ពួកគេ​ស្វែងរក​ទីបន្ទាល់​មួយ​អំពី​ដំណឹងល្អ ?

រូបភាព
អាំម៉ូន​កំពុង​សង្គ្រោះ​ដល់​ចៀម​របស់​ស្ដេច

មីនេវ៉ា  ខេ ថៃឆើត ( ឆ្នាំ ១៨៨៨-១៩៧៦ ) ​អាំម៉ូន​បម្រើ​ហ្វូងចៀម​របស់​ស្ដេច ឆ្នាំ ១៩៣៥-១៩៤៥ ប្រេង​លើ​បន្ទះ​ឈើ ទំហំ ៣៥ x ៤៨អ៊ិញ ។ សារមន្ទីរ​សិល្បៈ​​សាកលវិទ្យាល័យ​ព្រិកហាំ យ៉ង់

អាលម៉ា ១៨–២២

ទីបន្ទាល់​របស់​ខ្ញុំ​អាច​មាន​ឥទ្ធិពល​យ៉ាង​ខ្លាំង ។

ទោះជា​ដំណើរ​រឿង​ទាំងឡាយ​អំពី​ការ​ផ្លាស់ប្រែចិត្តជឿ ដែល​យើង​បាន​អាន​នៅ​ក្នុង​បទគម្ពីរ​ជាញឹកញាប់​ជាប់​ទាក់ទង​នឹង​ព្រឹត្តការណ៍​ខ្លាំងៗ​ក្ដី តែ​ចំណុច​សំខាន់​នៃ​ដំណើររឿង​នោះ ជា​ធម្មតា​យើង​រកឃើញ​ថា​បុគ្គល​ម្នាក់ៗ​មាន​ភាព​ក្លាហាន​ក្នុង​ការ​និយាយ ហើយ​ចែកចាយ​ដំណឹងល្អ​ជាមួយ​អ្នកដទៃ ។ របៀប​មួយ​ដើម្បី​សិក្សា​អំពី​ព្រឹត្តការណ៍​ទាំងឡាយ​នៅក្នុង អាលម៉ា ១៨–២២ គឺ​រកមើល​ឥទ្ធិពល​ដ៏​ខ្លាំង​របស់​មនុស្ស​ម្នាក់​ដែល​ថ្លែង​ទីបន្ទាល់​របស់​គាត់ ឬ​នាង ។ ប្រហែលជា​បងប្អូន​អាច​កត់ត្រា​នូវ​អ្វី​ដែល​បងប្អូន​រកឃើញ​នៅ​ក្នុង​ឌីយ៉ាក្រាម​មួយ​ដូច​ខាង​ក្រោម​នេះ ៖

អាំម៉ូន​បាន​ចែកចាយ​ដំណឹងល្អ​ជាមួយ  អ្នក​ដែល​បាន​ចែកចាយ​ដំណឹងល្អ​ជាមួយ  ហើយ​លទ្ធផល​គឺ

អាលម៉ា ១៩:៣៦

ព្រះ​ហស្ដ​របស់​ព្រះអម្ចាស់​ត្រូវ​បាន​សន្ធឹង​មក​កាន់​ខ្ញុំ នៅពេល​ខ្ញុំ​បាន​ប្រែចិត្ត ។

នៅ​ចុង​បញ្ចប់​នៃ​ដំណើរ​រឿង​នៃ​ការ​ប្រែ​ចិត្ត​ជឿ​របស់​ឡាម៉ូណៃ មរមន​បាន​បង្រៀន​អ្វី​មួយ​ដែល​សំខាន់​អំពី​លក្ខណៈ​របស់​ព្រះអម្ចាស់ ។ តើ អាលម៉ា ១៩:៣៦ ផ្ដល់​យោបល់​អ្វីខ្លះ​ដល់​បងប្អូន​អំពី​លក្ខណៈ​របស់​ព្រះអម្ចាស់ ? តើ​បងប្អូន​ដឹង​ថា​ព្រះហស្ដ​របស់​ព្រះអម្ចាស់​លាតសន្ធឹង​មក​កាន់​បងប្អូន​នៅពេលណា ? តើ​បងប្អូន​អាច​ជួយ​ដល់​អ្នក​ទាំងឡាយ​ដែល​បងប្អូន​ស្រឡាញ់​ទទួល​អារម្មណ៍​ដឹង​ពី​សេចក្ដីមេត្តា​របស់​ទ្រង់​យ៉ាង​ដូចម្ដេច ?

រូបភាព
រូបសញ្ញា​ការសិក្សា​ជា​គ្រួសារ

គំនិត​យោបល់​សម្រាប់​ការសិក្សា​ព្រះគម្ពីរ​ជា​គ្រួសារ និង​រាត្រី​ជួបជុំ​ក្រុមគ្រួសារ

នៅពេល​បងប្អូន​អាន​គម្ពីរ​ជា​មួយ​នឹង​គ្រួសារ​របស់​បងប្អូន នោះ​ព្រះវិញ្ញាណ​អាច​ជួយបងប្អូន​ឲ្យ​ស្គាល់​ថា​គោលការណ៍​អ្វី​ដែល​ត្រូវ​គូស​បញ្ជាក់ និង​ពិភាក្សា​ដើម្បី​បំពេញ​តាម​តម្រូវការ​របស់​គ្រួសារ​បងប្អូន ។ ទាំងនេះ​គឺជា​គំនិត​យោបល់​មួយ​ចំនួន ។

អាលម៉ា ១៧–១៩

តើ​បងប្អូន​អាច​ធ្វើ​ដំណើរ​រឿង​នៅ​ក្នុង​ជំពូក​ទាំងនេះ​កើត​មាន​នៅ​ក្នុង​គ្រួសារ​របស់​បងប្អូន​យ៉ាង​ដូចម្ដេច ? បងប្អូន​អាច​ធ្វើ​សកម្មភាព​សម្ដែង​រឿង​អំពី​អាំម៉ូន​ការពារ​ដល់​ហ្វូង​ចៀម ឬ​រឿង​របស់​អ័ប៊ីស ប្រមូល​ផ្ដុំ​ហ្វូងមនុស្ស​ធ្វើ​ជា​សាក្សី​អំពី ព្រះចេស្ដា​របស់​ព្រះ ។ ប្រហែល​ជា​សមាជិក​គ្រួសារ​អាច​គូរ​រូប​នៃ​ផ្នែក​ផ្សេងៗ​ក្នុង​រឿង​នោះ ហើយ​ប្រើ​រូបភាព​ទាំងឡាយ​ដើម្បី​ប្រាប់​អំពី​រឿង​នោះ ។ តើ​គ្រួសារ​របស់​បងប្អូន​នឹង​ធ្វើ​អ្វីខ្លះ​ដើម្បី​ធ្វើ​តាម​គំរូ​របស់​អាំម៉ូន និង អ័ប៊ីស ?

អាលម៉ា ១៨:២៤–៣៩

ប្រហែលជា​សមាជិក​គ្រួសារ​របស់​បងប្អូន​អាច​អាន អាលម៉ា ១៨:២៤–៣៩ ជាមួយ​គ្នា ហើយ​ប្រាប់​អំពី​សេចក្ដីពិត ដែល​អាំម៉ូន​បាន​បង្រៀន​ឡាម៉ូណៃ ។ ហេតុអ្វី​យើង​គិត​ថា​អាំម៉ូន​បាន​បង្រៀន​ឡាម៉ូណៃ​អំពី​សេចក្ដីពិត​ទាំងនេះ​ជា​មុន​ដូច្នេះ ? ហេតុអ្វី​បាន​ជា​វា​សំខាន់​សម្រាប់​យើង ដើម្បី​ថ្លែង​ទីបន្ទាល់​អំពី​សេចក្ដី​ពិត​ទាំង​នេះ ?

អាលម៉ា ២០:៨–១៥

តើ​យើង​អាច​រៀន​អ្វីខ្លះ​មកពី​របៀប​ដែល​ឡាម៉ូណៃ​បាន​ឆ្លើយ​តប​ចំពោះ​ឪពុក​របស់​ទ្រង់ ? តើ​យើង​អាច​ធ្វើ​តាម​គំរូ​របស់​ឡាម៉ូណៃ​ក្នុង​ការ​ក្រោក​ឈរ​ឡើង​ការពារ​អ្វី​ដែល​ត្រឹមត្រូវ ? ( ឧទាហរណ៍​មួយ​ចំនួន សូមមើល វីដេអូ « Dare to Stand Alone » នៅ​លើ ChurchofJesusChrist.org ) ។

អាលម៉ា ២២:១៥–១៨

សូម​រំឭក អាលម៉ា ២០:២៣ ដើម្បី​មើល​ឃើញ​ថា​តើ​បិតា​របស់​ឡាម៉ូណៃ​សុខចិត្ត​លះបង់​អ្វីខ្លះ​ដើម្បី​សង្គ្រោះ​ជីវិត​របស់​ទ្រង់ ។ បន្ទាប់មក​រំឭក អាលម៉ា ២២:១៥ដើម្បី​មើល​ឃើញ​អ្វី​ដែល​ទ្រង់​ស្ម័គ្រ​ព្រះទ័យ​ដើម្បី​លះបង់​ដើម្បី​ទ្រង់ អាច​ទទួល​បាន​អំណរ​នៃ​ដំណឹងល្អ ។ តើ​ទ្រង់​ស្ម័គ្រ​ព្រះទ័យ​លះបង់​អ្វីខ្លះ​ដើម្បី​បាន​ស្គាល់​ព្រះ ? ( សូមមើល ខ ១៨) ។ ប្រហែលជា​សមាជិក​គ្រួសារ​ម្នាក់​អាច​សរសេរ​ផែនការ​មួយ​ដើម្បី​លះបង់​អ្វីមួយ​ដើម្បី​ពួកគេ​អាច​បាន​ស្គាល់​ព្រះ​បាន​កាន់តែ​ពេញលេញ ។

សម្រាប់គំនិតបន្ថែមដើម្បី​បង្រៀនកុមារ សូមមើល គម្រោង​មេរៀន​សប្ដាហ៍នេះនៅ​ក្នុង ចូរ​មក​តាម​ខ្ញុំ—សម្រាប់​ថ្នាក់​អង្គការ​បឋមសិក្សា​ ។

ការ​កែលម្អ​ដល់​ការ​សិក្សា​ផ្ទាល់​ខ្លួន

ស្គាល់ ហើយ​អនុវត្ត​គោលការណ៍​ទាំងឡាយ ។ ទោះ​ជា​រឿង​លម្អិត​នៃ​ដំណើរ​រឿង​ក្នុង​បទគម្ពីរ​ហាក់​ដូចជា​មិន​អនុវត្ត​ចំពោះ​បងប្អូន​ក្ដី ក៏​ជា​រឿយៗ​គោលការណ៍​ទាំងឡាយ​នៅ​ក្នុង​ដំណើរ​រឿង​ទាំងនោះ​អនុវត្ត​ចំពោះ​បងប្អូន ។ នៅពេល​បងប្អូន​អាន​អំពី​អាំម៉ូន និង​អើរ៉ុន តើ​បងប្អូន​រក​ឃើញ​គោលការណ៍​អំពី​ការ​ចែកចាយ​ដំណឹងល្អ​មាន​អ្វីខ្លះ ?

រូបភាព
អគ្គមហេសី​របស់​ស្ដេច​ឡាម៉ូណៃ​កំពុង​ដួល​សន្លប់

អគ្គមហេសី​របស់​ស្ដេច​ឡាម៉ូណៃ​បាន​ដឹង​ព្រះកាយ រួច​សរសើរ​តម្កើង​ថ្វាយ​ព្រះយេស៊ូវ ។ សូម​ថ្វាយ​ព្រះពរ​ព្រះយេស៊ូវ ដោយ វ៉លធើរ រ៉េន ។