ចូរ​មក​តាម​ខ្ញុំ
ថ្ងៃទី ២៩ ​ខែ មិថុនា–ថ្ងៃទី ៥ ខែ កក្កដា អាលម៉ា ២៣–២៩ ៖ ពួក​គេ « ​ពុំបោះ​បង់ចោល​សាសនា​ឡើយ »


« ថ្ងៃទី ២៩ ខែ មិថុនា–ថ្ងៃទី ៥ ខែ កក្កដា អាលម៉ា ២៣–២៩ ៖ ពួក​គេ ‹ ​ពុំបោះ​បង់ចោល​សាសនា​ឡើយ › » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ ៖ ព្រះគម្ពីរ​មរមន ឆ្នាំ ២០២០ ( ឆ្នាំ ២០២០ )

« ថ្ងៃទី ២៩ ខែ មិថុនា–ថ្ងៃទី ៥ ខែ កក្កដា អាលម៉ា ២៣–២៩ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ ៖ ឆ្នាំ ២០២០

រូបភាព
ពួក​អាន់តៃ–នីហ្វៃ–លីហៃ បាន​កប់​អាវុទ្ធ​របស់​ពួកគេ

ពួក​អាន់តៃ–នីហ្វៃ–លីហៃ បាន​កប់​អាវុទ្ធ​របស់​ពួកគេ ដោយ ចូឌី លីវីងតុន

ថ្ងៃទី ២៩ ​ខែ មិថុនា–ថ្ងៃទី ៥ ខែ កក្កដា

អាលម៉ា ២៣–២៩

ពួកគេ​ « ពុំ​បោះបង់​សាសនា​ចោល​ឡើយ »

នៅពេល​បងប្អូន​សិក្សា អាលម៉ា ២៣–២៩ តើ​មាន​សារលិខិត​អ្វីខ្លះ​ដែល​បងប្អូន​រកឃើញ​ថា​វា​គឺ​សម្រាប់​រូប​បងប្អូន និង​គ្រួសារ​របស់​បងប្អូន​ផ្ទាល់ ? តើ​បងប្អូន​​អាច​ចែកចាយ​អ្វី​ខ្លះ​នៅក្នុង​ថ្នាក់​រៀន​នៅឯ​ព្រះវិហារ​ ?

កត់ត្រា​ចំណាប់​អារម្មណ៍​របស់​បងប្អូន

មាន​ពេល​ខ្លះ តើ​​បងប្អូន​ងឿង​ឆ្ងល់​ថា​តើ​មនុស្ស​ពិត​ជា​អាច​ផ្លាស់ប្ដូរឬទេ ? ប្រហែលជា​បងប្អូន​បារម្ភ​​ថា​តើ​បងប្អូន អាច​យក​ឈ្នះ​លើ​ការ​ជ្រើសរើស​មិន​ល្អ​ដែល​បងប្អូន​បានធ្វើ ឬ​ទម្លាប់អាក្រក់​ដែល​បងប្អូន​មាន​បាន​ដែរ​ឬ​ទេ ឬ​បងប្អូន​អាច​នឹង​មាន​ការ​បារម្ភ​ស្រដៀងគ្នា​នេះ​អំពី​មនុស្ស​ជា​ទីស្រឡាញ់ ។ បើ​ដូច្នោះ​មែន ដំណើររឿង​របស់​អាន់តៃ–នីហ្វៃ–លីហៃ អាច​ជួយ​បងប្អូន​បាន ។ មនុស្ស​ទាំងនេះ​គឺ​បាន​ស្បថ​ថា​ធ្វើជា​សត្រូវ​របស់​ពួក​សាសន៍​នីហ្វៃ ។ នៅពេល​អាំម៉ូន និង​បងប្អូន​ប្រុស​របស់​គាត់​បាន​សម្រេច​ចិត្ត​ទៅ​ផ្សាយ​ដំណឹងល្អ​ដល់​ពួកគេ ពួកសាសន៍​នីហ្វៃ​ « បាន​សើចចំអក​ដាក់ [ ពួកគេ ] » ។ ការ​សម្លាប់​ពួក​សាសន៍​លេមិន គឺទំនងជា​​ដំណោះស្រាយ​ដែល​​ងាយ​ស្រួល​ជាង​ទៅ​ផ្លាស់ប្រែ​ពួកគេឲ្យជឿ ។ ( សូមមើល អាលម៉ា ២៦:២៣–២៥ ) ។

ប៉ុន្តែ​ពួក​សាសន៍​លេមិន បាន​ផ្លាស់ប្ដូរ—តាមរយៈ​ព្រះចេស្ដា​នៃ​ការ​ផ្លាស់ប្រែ​ចិត្តជឿ​របស់​ព្រះអម្ចាស់ ។ ដែល​កាល​ពី​មុន​ពួកគេ​ត្រូវ​បាន​មនុស្ស​ដទៃស្គាល់​ថា​ជា​ប្រជាជន « រឹងរូស និង​សាហាវ » ( អាលម៉ា ១៧:១៤ ) ពួកគេ​បាន​ក្លាយជា « ត្រូវ​បាន​ញែកចេញ​ដោយ​ព្រោះ​គេ​មាន​ចិត្ត​ឧស្សាហ៍​ដល់​ព្រះ » ( អាលម៉ា ២៧:២៧ ) ។ តាមពិត ពួកគេ « ពុំបោះបង់​ចោល​សាសនា​ឡើយ » ( ​អាលម៉ា ២៣:៦ ) ។

ប្រហែលជា​បងប្អូន​មាន​ទំនៀមទម្លាប់​ខុសឆ្គង​ដើម្បី​បោះបង់ចោល ឬ « ដាក់​គ្រឿង​អាវុទ្ធ​នៃ​ការ​បះបោរ » ចុះ ( អាលម៉ា ២៣:៧ ) ។ ឬ​ប្រហែលជា​បងប្អូន​គ្រាន់តែ​ត្រូវ​មាន​ភាព​ឧស្សាហ៍​ច្រើន​ជាង​នេះ​បន្ដិច​នៅ​ក្នុង​ទីបន្ទាល់​របស់​បងប្អូន ហើយមិន​សូវ​ឆាប់​បោះបង់​ចោល​សាសនា ។ មិន​ថា​បងប្អូន​ចាំបាច់​ត្រូវ​ផ្លាស់ប្ដូរ​អ្វី​នោះទេ អាលម៉ា ២៣–២៩ អាច​ផ្ដល់​សេចក្ដីសង្ឃឹម​ដល់​បងប្អូន​ថា តាមរយៈ​ព្រះចេស្ដា​ដង្វាយធួន​របស់​ព្រះយេស៊ូវ​គ្រីស្ទ នោះ​ការ​ផ្លាស់ប្ដូរ​យូរ​អង្វែង​នឹង​កើត​មាន​ឡើង​បាន ។

រូបភាព
រូបសញ្ញា​ការសិក្សា​ផ្ទាល់ខ្លួន

គំនិត​យោបល់​សម្រាប់​ការសិក្សា​ព្រះគម្ពីរ​ផ្ទាល់ខ្លួន

អាលម៉ា ២៣:១–៥

នៅពេលបុត្រាបុត្រី​របស់​ព្រះ​ទទួល​យក​ដំណឹងល្អ នោះ​មាន​ពរជ័យ​​ដ៏​​មហិមា​ជាច្រើន​នឹង​កើត​មាន​ឡើង​មក​តាម​ក្រោយ ។

នៅពេល​ស្ដេចសាសន៍​លេមិន បាន​ប្រកាស​ថា ព្រះបន្ទូល​នៃ​ព្រះ គួរតែ « កុំ​ឲ្យជួប​ប្រទះ​នឹង​ឧបសគ្គ » នៅក្នុង​ចំណោម​ប្រជាជន​ឡើយ ( សូមមើល អាលម៉ា ២៣:១–៥ ) ទ្រង់​បាន​បើក​ទ្វារ​នៃ​ពរជ័យ​ដ៏​មហិមា​ជាច្រើន​ដល់​ពួកគេ ។ នៅពេល​បងប្អូន​អាន អាលម៉ា ២៣–២៩ សូម​រក​មើល​ពរជ័យ​ទាំងនេះ ។ តើ​បងប្អូន​អាច​ប្រាកដ​ថា ព្រះបន្ទូល​នៃ​ព្រះ​ពុំ « ជួប​ប្រទះ​នឹង​ឧបសគ្គ​ » នៅ​ក្នុង​ជីវិត​របស់​បងប្អូន ឬ​នៅ​ក្នុង​គ្រួសារ​បងប្អូន​ដោយ​របៀប​ណា ?

អាលម៉ា ២៣–២៥, ២៧

ការ​ប្រែចិត្ត​ជឿ​​របស់ខ្ញុំ​ចំពោះ​ព្រះយេស៊ូវ​គ្រីស្ទ និង​ដំណឹងល្អ​របស់​ទ្រង់ ផ្លាស់ប្ដូរ​ជីវិត​របស់​ខ្ញុំ ។

ពួកសាសន៍​លេមិន ដែល​អាំម៉ូន​ និង​បងប្អូន​ប្រុស​របស់​គាត់​បាន​ទៅ​ជួប ហាក់ដូចជា​មិនទំនង​ជា​អ្នក​ដែល​នឹង​ផ្លាស់ប្រែចិត្តជឿ​ទេ— ពួកគេ​ត្រូវ​បា​ន​ជាប់​នៅ​ក្នុង​អន្ទាក់​នៃ​ទំនៀមទម្លាប់​ពី​ជីដូនជីតា​របស់ពួកគេ និង​សេចក្ដីទុច្ចរិត​ផ្ទាល់​ខ្លួន​របស់​ពួកគេ ។ ប៉ុន្តែ​ពួកគេ​ជា​ច្រើន​នាក់ បាន​ទទួល​យក​ដំណឹងល្អ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ ហើយ​បាន​ធ្វើ​ការ​ផ្លាស់ប្ដូរ​យ៉ាង​សំខាន់​នៅ​ក្នុង​ជីវិត​រស់នៅរបស់​ពួកគេ ។ ជា​និមិត្តរូប​នៃ​ការ​ផ្លាស់ប្រែចិត្តជឿ​ផ្ទាល់ខ្លួន​របស់​ពួកគេ ពួក​សាសន៍​លេមិន​ទាំងនេះ បាន​ហៅ​ខ្លួន​ពួកគេ​ថា អាន់តៃ–នីហ្វៃ–លីហៃ ។ ( អត្ថន័យ​នៃពាក្យ « អាន់តៃ » នៅ​ក្នុង​ករណី​នេះ គឺ​ពុំ​មានន័យ​ដូចជា​នឹង « អាន់តៃ » នៅក្នុង​ពាក្យ « ទទឹង​នឹង​ព្រះគ្រីស្ទ » ទេ ) ។

ពេល​​នឹកគិត​អំពី​ការផ្លាស់ប្រែចិត្តជឿ​របស់​ពួក​សាសន៍​លេមិន​ទាំងនេះ វា​អាច​បំផុសគំនិត​បងប្អូន​ឲ្យ​ពិចារណា​អំពី​ការ​ផ្លាស់ប្រែចិត្តជឿ​ផ្ទាល់ខ្លួន​របស់​បងប្អូន « ដល់​ព្រះអម្ចាស់ » ( អាលម៉ា ២៣:៦ ) ។ វិធី​មួយ​ដើម្បី​សិក្សា​ជំពូក​ទាំងនេះ​អាច​ជា​ការ​ស្គាល់​របៀប​ដែល​ការ​ផ្លាស់ប្រែចិត្តជឿ​របស់​ពួក​អាន់តៃ-នីហ្វៃ-លីហៃ បាន​ផ្លាស់ប្ដូរ​ជីវិត​រស់នៅ​របស់ពួកគេ ។ ខគម្ពីរ​ដូច​ខាងក្រោម អាច​នាំ​ឲ្យ​បងប្អូន​ចាប់​ផ្ដើម​បាន ។

នៅពេល​បងប្អូន​ពិចារណា​អំពី​ការ​ផ្លាស់ប្ដូរ​នៅ​ក្នុង​ពួក​អាន់តៃ-នីហ្វៃ-លីហៃ សូម​ពិចារណា​អំពី​ថា​តើ​ការ​ផ្លាស់ប្រែចិត្តជឿ​របស់​បងប្អូនផ្ទាល់​ទៅ​លើ​ព្រះគ្រីស្ទ​កំពុង​ផ្លាស់ប្ដូរ​បងប្អូន​យ៉ាង​ដូចម្ដេច ។ តើ​បងប្អូន​មានអារម្មណ៍​ថា​បងប្អូន​នៅ​តែ​ត្រូវការ​ការ​ផ្លាស់ប្ដូរ ដើម្បី​ដំណឹងល្អ​អាច​មាន​អំណាច​កាន់តែ​ខ្លាំង​នៅ​ក្នុង​ជីវិត​បងប្អូន​យ៉ាងណាខ្លះ ?

អាលម៉ា ២៣:៦–៧

អាលម៉ា ២៣:១៧–១៨

អាលម៉ា ២៤:១១–១៩

អាលម៉ា ២៥:១៣–១៦

អាលម៉ា ២៧:២៦–៣០

អាលម៉ា ២៤:៧–១៩; ២៦:១៧–២២

ព្រះ​ប្រកប​ដោយ​សេចក្ដីមេត្តាករុណា ។

ខណៈដែល​អំពើបាប ដែល​អាំម៉ូន និង​អាន់តៃ-នីហ្វៃ-លីហៃ ត្រូវ​យកឈ្នះ គឺ​ទំនង​ជា​ខុសគ្នា​ខ្លាំង​ពី​អ្វី​ដែល​មាន​នៅ​ក្នុង​ជីវិត​របស់​បងប្អូន យើង​ទាំងអស់​គ្នា​ពឹង​ផ្អែក​ទៅលើ​សេចក្ដីមេត្តាករុណា​របស់​ព្រះ ។ តើ​បងប្អូន​រកឃើញ​អ្វីខ្លះ​នៅ​ក្នុង អាលម៉ា ២៤:៧–១៩ និង ២៦:១៧–២២ ដើម្បី​ជួយ​បងប្អូន​យល់​អំពី​សេចក្ដីមេត្តាករុណា​របស់​ទ្រង់ ? នៅពេល​បង​ប្អូន​អាន បងប្អូន​អាច​នឹង​គិត​អំពី​រឿង​ទាំងនេះ ៖ របៀប​ដែល​បងប្អូន​ត្រូវ​បាន​អញ្ជើញ​ឲ្យ​ប្រែចិត្ត បទពិសោធន៍​នៃ​ការ​ប្រែចិត្ត របៀប​ដែល​បងប្អូន​បាន​ព្យាយាម​ដើម្បី​ចៀស​វាង​ពី​ការ​មាន​អំពើបាប​ម្ដងទៀត និង​ពរជ័យ​ទាំងឡាយ​ដែល​កើត​មានមក​លើ​បងប្អូន​តាមរយៈ​ការ​ប្រែចិត្ត ។ នៅពេល​បងប្អូន​អាន​ខគម្ពីរ​ទាំងនេះ​តាមរបៀប​នេះ តើ​បងប្អូន​រៀន​អំពី​សេចក្ដីមេត្តាករុណា​របស់​ព្រះ​មាន​នៅ​ក្នុង​ជីវិត​របស់​បងប្អូន​យ៉ាង​ណា​ខ្លះ ?

អាលម៉ា ២៦,២៩

ការ​បម្រើ​ព្រះអម្ចាស់​នាំ​មក​នូវ​អំណរ ។

ក្រៅ​ពី​បទពិសោធន៍​ផ្សេងៗ​ទៀត​របស់​ពួកគាត់ អាំម៉ូន និង​អាលម៉ា បាន​បង្ហាញ​អារម្មណ៍​ស្រដៀងគ្នា​អំពី​កិច្ចការ​ផ្សព្វផ្សាយសាសនា​របស់​ពួកគាត់ ។ សូមពិចារណា​ធ្វើការ​អាន អាលម៉ា ២៦ និង ២៩ ហើយ​ប្រៀបធៀប​វា ។ តើ​បងប្អូន​កត់សម្គាល់​ឃើញ​មាន​ភាពស្រដៀងគ្នា​​អ្វីខ្លះ ? តើ​ពាក្យ ឬ​ឃ្លា​ណា​មួយ​ដែល​ត្រូវបាន​ថ្លែង​ដដែលៗ ? តើ​បងប្អូន​អាច​រៀន​អ្វីខ្លះមកពី​អាំម៉ូន និង​អាលម៉ា​អំពី​របៀប​ស្វែងរក​អំណរពិត​ ដោយ​មិនគិត​អំពី​ឧបសគ្គ​របស់​បងប្អូន ? ( ដើម្បី​រំឭក​អំពី​ឧបសគ្គ​ដែល​អាលម៉ា​បានជួប សូមមើល​ដើម​ជំពូក អាលម៉ា ៥–១៦ ។ ដើម្បី​រំឭក​អំពី​ឧបសគ្គ​ដែលអាំម៉ូន និង​បងប្អូន​ប្រុស​របស់​គាត់ សូមមើល​ជំពូក​ដើមជំពូក អាលម៉ា ១៧–២៨ ) ។

អាលម៉ា ២៦:៥–៧

តើ​កណ្ដាប់​ស្រូវ និងជង្រុក​គឺជា​អ្វី ?

នៅរដូវចម្រូត ជាញឹកញាប់​ស្រូវ​ត្រូវ​បាន​ប្រមូល​ជា​កណ្ដាប់ ដែល​ហៅ​ថា កណ្ដាប់​ស្រូវ ហើយ​ដាក់​នៅក្នុង​ឃ្លាំង ពេល​ខ្លះ​ត្រូវ​បាន​ហៅ​ថា ជង្រុក ។ អែលឌើរ ដេវីឌ អេ បែដណា បាន​ចែកចាយ​អំពី​ការ​បកស្រាយ​និមិត្តរូប​នៅ​ក្នុង អាលម៉ា ២៦:៥ ៖ « នៅក្នុង​សទិសភាព​នេះ កណ្ដាប់គឺជា​តំណាង​ឲ្យ​សមាជិក​ដែលបានទទួល​បុណ្យ​ជ្រមុជ​ទឹក​​ថ្មីៗ​​ក្នុង​សាសនាចក្រ ។ ជង្រុក​គឺ​ជា​ព្រះវិហារ​ដ៏​បរិសុទ្ធ » ( « Honorably Hold a Name and Standing» EnsignLiahona ខែ ឧសភា ឆ្នាំ ២០០៩ ទំព័រ ៩៧ ) ។ សូមពិចារណា​ពី​អ្វី​ដែល​​សទិសភាព​នៅក្នុង ​អាលម៉ា ២៦:៥–៧ បង្រៀន​បងប្អូន​អំពី​សារៈសំខាន់​នៃ​សេចក្ដីសញ្ញា​ក្នុង​ព្រះវិហារបរិសុទ្ធ ។

រូបភាព
រូបសញ្ញា​ការសិក្សា​ជា​គ្រួសារ

គំនិត​យោបល់​សម្រាប់​ការសិក្សា​ព្រះគម្ពីរ​ជា​គ្រួសារ និង​រាត្រី​ជួបជុំ​ក្រុមគ្រួសារ

នៅពេល​បងប្អូន​អាន​គម្ពីរ​ជា​មួយ​នឹង​គ្រួសារ​របស់​បងប្អូន នោះ​ព្រះវិញ្ញាណ​អាច​ជួយបងប្អូន​ឲ្យ​ស្គាល់​ថា​គោលការណ៍​អ្វី​ដែល​ត្រូវ​គូស​បញ្ជាក់ និង​ពិភាក្សា​ដើម្បី​បំពេញ​តាម​តម្រូវការ​របស់​គ្រួសារ​បងប្អូន ។ ទាំងនេះ​គឺជា​គំនិតយោបល់​មួយ​ចំនួន ។

អាលម៉ា ២៤:៦–១៩

ហេតុអ្វី​បាន​ជា​អាន់តៃ–នីហ្វៃ–លីហៃ បាន​កប់​អាវុទ្ធ​របស់​ពួកគេ « ឲ្យ​ជ្រៅ​ទៅ​ក្នុង​ដី ? » ( អាលម៉ា ២៤:១៦ ) ។ ប្រហែលជា​សមាជិក​គ្រួសារ​នឹង​ចូលចិត្ត​សរសេរ​នៅ​លើ​ក្រដាស​អំពី​អ្វី​ដែល​ពួកគេ​នឹង​យក​ឈ្នះ ឬ​បោះបង់ចោល ។ ពួកគេ​ក៏​អាច​ជីក​រណ្ដៅ​មួយ ហើយ​កប់​ក្រដាស​នោះ ។

អាលម៉ា ២៤:៧–១២

ការ​សិក្សា​អំពី​ខគម្ពីរ​ទាំងនេះ​អាច​ជួយ​គ្រួសារ​របស់​បងប្អូន​យល់​អំពី​អំណោយទាន​នៃ​ការ​ប្រែចិត្ត​ដ៏អស្ចារ្យ ។ តើ​អាន់តៃ-នីហ្វៃ-លីហៃ បាន​ធ្វើ​អ្វីខ្លះ​ដើម្បី​ប្រែចិត្ត​ពី​អំពើបាប​របស់​ពួកគេ ? តើព្រះអម្ចាស់​បាន​ជួយ​ពួកគេ​ប្រែចិត្ត​យ៉ាង​ដូចម្តេច ? តើ​យើង​អាច​រៀន​អ្វីខ្លះ​ចេញមក​ពីគំរូ​នេះ ?

អាលម៉ា ២៤:២០–២៧

តើ​យើង​បាន​ឃើញ​អ្វីខ្លះ​ដែល​ថ្លែង​ទីបន្ទាល់​អំពី​សេចក្ដីពិត​នៃ​ការ​ប្រកាស​របស់​មរមន ៖ « ម្ល៉ោះ​ហើយ​យើង​ឃើញ​ថា ព្រះអម្ចាស់​ទ្រង់​បាន​ប្រើ​មធ្យោបាយ​ច្រើន​យ៉ាង​ដើម្បី​ធ្វើការ​សង្គ្រោះ​ដល់​រាស្ត្រ​ទ្រង់ » ? ( អាលម៉ា ២៤:២៧ ) ។

អាលម៉ា ២៦:២

តើ​គ្រួសារ​របស់​បងប្អូន​ឆ្លើយ​សំណួរ​របស់​អាំម៉ូន​នៅ​ក្នុង អាលម៉ា ២៦:២ យ៉ាង​ដូចម្ដេច ? ប្រហែលជា​បងប្អូន​អាច​ធ្វើជា​បញ្ជី​ចម្លើយ​មួយ​នៅលើ​ក្រដាស​ធំមួយ ហើយ​ព្យួរវា​នៅ​កន្លែង​មួយ​ដែល​មនុស្ស​គ្រប់គ្នា​អាច​មើល​ឃើញ ។ សូម​លើក​ទឹកចិត្ត​សមាជិក​គ្រួសារ​បន្ថែម​នៅក្នុង​បញ្ជីនោះ នៅពេល​ពួកគេ​គិត​អំពី​ពរជ័យ​ដទៃទៀត​ដែល​ព្រះបាន « ប្រទាន​ដល់​យើង » ។

អាលម៉ា ២៩:៩

តើ​អាំម៉ូន និង​អាលម៉ា ជា​ឧបករណ៍​នៅ​ក្នុង​ព្រះហស្ត​របស់ព្រះយ៉ាងដូចម្ដេច ? សូមពិចារណា​ធ្វើ​ការសម្លឹង​មើល​ប្រដាប់ប្រដា ឬឧបករណ៍ នៅ​ក្នុង​គេហដ្ឋាន​របស់​បងប្អូន ហើយ​ពិភាក្សា​អំពី​របៀប​ដែល​វា​ជា​ជំនួយ​ដល់​គ្រួសារ​របស់​បងប្អូន ។​ តើ​ការ​ធ្វើ​ដូចនេះ​ជួយ​ដល់​យើង​យល់​អំពី​របៀប​ដែល​យើងម្នាក់ៗ « អាច​ជា​ឧបករណ៍​នៅ​ក្នុង​ព្រះហស្ត​របស់​ព្រះ » ដោយ​របៀប​ណា ?

សម្រាប់​គំនិត​បន្ថែម​សម្រាប់​ការ​បង្រៀន​ដល់​កុមារ សូមមើល គម្រោង​មេរៀន​សប្ដាហ៍​នេះ នៅក្នុងសៀវភៅ ចូរ​មក​តាម​ខ្ញុំ—សម្រាប់​ថ្នាក់​បឋមសិក្សា ។

ការ​កែលម្អ​ការ​បង្រៀន​របស់​យើង

ប្រើប្រាស់​វិធី​សាស្ត្រផ្សេងទៀត ។ មធ្យោបាយ​ផ្សេងៗរបស់​បងប្អូន​​​ដើម្បី​មាន​ការ​សិក្សា​ព្រះគម្ពីរ​ជាគ្រួសារ អាចជួយ​ដល់​សមាជិក​គ្រួសារ​មាន​ចំណាប់អារម្មណ៍ ហើយ​ចូលរួម​ចំណែក ។ ឧទាហរណ៍ បន្ទាប់ពី​សមាជិក​គ្រួសារ​ម្នាក់​អាន​ខគម្ពីរ​មួយ គាត់​ឬ​នាង អាច​សុំ​ឲ្យ​សមាជិក​គ្រួសារ​ផ្សេងទៀត​និយាយ​ឡើង​វិញ​តាម​ពាក្យ​សម្ដី​របស់​ពួកគេ​ផ្ទាល់​អំពី​អ្វី​ដែល​ទើបតែបាន​អាន ។

រូបភាព
ពួក​អាន់តៃ-នីហ្វៃ-លីហៃ បាន​កប់​អាវុទ្ធ​របស់​ពួកគេ

រូបភាព​ពួក​អាន់តៃ-នីហ្វៃ-លីហៃ បាន​កប់​អាវុទ្ធ​របស់​ពួកគេ ដោយ ដាន ប៊ឺរ