ចូរ​មក​តាម​ខ្ញុំ
ថ្ងៃ​ទី ២៨ ខែ តុលា–ថ្ងៃ​ទី ៣ ខែ វិច្ឆិកា ៖ « ខ្ញុំ​សង្ឃឹម​ថា ខ្ញុំ​អាច​បញ្ចុះ​បញ្ចូល​អស់​អ្នក​រាល់​គ្នា … ឲ្យ​ប្រែចិត្ត » ។ មរមន ១–៦


« ថ្ងៃ​ទី ២៨ ខែ តុលា–ថ្ងៃ​ទី ៣ ខែ វិច្ឆិកា ៖ ‹ ខ្ញុំ​សង្ឃឹម​ថា ខ្ញុំ​អាច​បញ្ចុះ​បញ្ចូល​អស់​អ្នក​រាល់​គ្នា … ឲ្យ​ប្រែចិត្ត › ។ មរមន ១–៦ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​គេហដ្ឋាន និង​សាសនាចក្រ ៖ ព្រះគម្ពីរ​មរមន ឆ្នាំ ២០២៤ ( ឆ្នាំ ២០២៣ )

« ថ្ងៃទី ២៨ ខែ តុលា–ថ្ងៃទី ៣ ខែ វិច្ឆិកា ។ មរមន ១–៦ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​គេហដ្ឋាន និង​សាសនាចក្រ ៖ ឆ្នាំ ២០២៤ ( ឆ្នាំ ២០២៣ )

រូបភាព
មរមន​កំពុង​សរសេរ​នៅលើ​ផ្ទាំងមាស

មរមន​កំពុង​សង្ខេប​ផ្ទាំងចំណារ​ទាំងឡាយ ដោយ ថម ឡូវេល

ថ្ងៃទី ២៨ ខែ តុលា–ថ្ងៃទី ៣ ខែ វិច្ឆិកា ៖ « ខ្ញុំ​សង្ឃឹម​ថា ខ្ញុំ​អាច​បញ្ចុះ​បញ្ចូល​អស់​អ្នក​រាល់​គ្នា … ឲ្យ​ប្រែចិត្ត »

មរមន ១–៦

មរមន​ពុំ​បាន​កត់ត្រា « ដំណើរ​រឿង​ទាំងមូល » នៃ « ទិដ្ឋភាព​ដ៏​អាក្រក់ » នៃ​អំពើ​ទុច្ចរិត និង​ការបង្ហូរ​ឈាម​ដែល​លោក​បាន​មើលឃើញ​មាន​នៅ​ក្នុង​ចំណោម​ពួកសាសន៍​នីហ្វៃ​ទេ ( ​មរមន ២:១៨; ៥:៨ ) ។ ប៉ុន្តែ​អ្វី​ដែល​លោក​បាន​កត់ត្រា​នៅក្នុង មរមន ១–៦ គឺ​មាន​ល្មម​គ្រប់គ្រាន់​ដើម្បី​រំឭក​យើង អំពី​របៀប​ដែល​មនុស្ស​សុចរិត​អាច​ធ្លាក់ខ្លួន​ទៅក្នុង​អំពើ​ទុច្ចរិត​ដ៏ជ្រៅ​បាន ។ នៅ​ក្នុង​ចំណោម​អំពើ​ទុច្ចរិត​ដ៏​ខ្លាំង​ដូច្នោះ ពុំ​មាន​នរណា​ម្នាក់​អាច​បន្ទោស​មរមន​ដែល​ប្រែ​ទៅ​ជា​នឿយហត់ ហើយ​បាក់​ទឹកចិត្ត​នោះទេ ។ ប៉ុន្តែ​តាមរយៈ​រឿងទាំងអស់​នោះ​ដែល​លោក​បាន​មើលឃើញ និង​មាន​បទពិសោធន៍ លោក​ពុំ​ដែល​ភ្លេច​អំពី​សេចក្ដី​មេត្តា​ករុណា​ដ៏​មហិមា​របស់​ព្រះ និង​ការជឿស៊ប់​របស់​លោកថា ការ​ប្រែចិត្ត​គឺ​ជា​វិធី​ដើម្បី​ទទួល​បាន​សេចក្ដី​មេត្តា​ករុណា​នោះទេ ។ ហើយ​ទោះ​បី​ជា​ប្រជាជន​របស់​មរមន​ផ្ទាល់​បាន​បដិសេធ​ការអញ្ជើញ​ឲ្យ​ប្រែចិត្ត​ដោយ​អង្វរករ​របស់​លោកក្ដី ក៏​លោក​បាន​ដឹង​ថា លោក​មាន​អ្នក​ស្ដាប់​ជាច្រើន​ផ្សេងទៀត​ដែល​ត្រូវ​ទៅ​បញ្ចុះបញ្ចូល​ដែរ ។ លោក​បាន​ប្រកាស​ថា « មើលចុះ ខ្ញុំ​សរសេរ​ទៅ​កាន់​អស់​អ្នក ដែល​នៅ​គ្រប់​ទិសទី​លើ​ផែនដី » ។ បើ​និយាយ​ម្យ៉ាងទៀត​គឺ​លោក​បាន​សរសេរ​ទៅកាន់​បងប្អូន ( សូមមើល មរមន ៣:១៧–២០ ) ។ ហើយ​សារលិខិត​របស់​លោក​ចំពោះ​បងប្អូន​នៅ​សព្វថ្ងៃនេះ គឺ​ជា​សារលិខិត​ដដែល​ដែល​អាច​បាន​សង្គ្រោះ​ពួក​សាសន៍​នីហ្វៃ​នៅ​ក្នុង​ជំនាន់​របស់​ពួកគេ ៖ « ជឿ​ដល់​ដំណឹងល្អ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ ។ … ប្រែចិត្ត ហើយ​ប្រុងប្រៀប​ឈរ​នៅ​ចំពោះ​វេទិកា​ជំនុំជម្រះ​នៃ​ព្រះគ្រីស្ទ » ( មរមន ៣:២១–២២ ) ។

សូម​មើល​ផង​ដែរ « Mormon Preserves the Record to Bring the House of Israel to Christ » ( វីដេអូ ) នៅលើ​បណ្ណាល័យ​ដំណឹងល្អ ។

គំនិត​សម្រាប់​ការរៀនសូត្រ​នៅ​ឯ​គេហដ្ឋាន និង​សាសនាចក្រ

មរមន ១–៦

រូបភាព
រូបតំណាង​ថ្នាក់​សិក្ខាសាលា
ខ្ញុំ​អាច​ធ្វើ​តាម​ព្រះយេស៊ូវ​គ្រីស្ទ​បាន ទោះ​ជា​មនុស្ស​ដទៃ​ធ្វើ​អ្វី​ក៏ដោយ ។

នៅ​ពេល​ដែល​លោក​មាន​អាយុ​ប្រហែល ១០ ឆ្នាំ មរមន​គឺ​ខុសគ្នា​យ៉ាងខ្លាំង​ពី​មនុស្ស​ដែល​នៅ​ជុំវិញ​លោក ។ នៅ​ពេល​បងប្អូន​អាន មរមន ១–៦ សូម​ស្វែងរក​វិធី​ដែល​សេចក្តី​ជំនឿ​របស់​មរមន​ទៅ​លើ​ព្រះយេស៊ូវ​គ្រីស្ទ​បាន​ធ្វើ​ឲ្យ​លោក​មាន​លក្ខណៈ​ពិសេស ហើយ​បាន​ផ្ដល់​ឱកាស​ឲ្យ​លោក​បម្រើ និង​ប្រទាន​ពរ​ដល់​អ្នក​ដទៃ ។ ខគម្ពីរ​ដូច​ខាងក្រោម​នេះ​អាច​នាំឲ្យ​បងប្អូន​ចាប់ផ្ដើម​បាន ៖

មរមន ១:២–៣, ១៣–១៧ ។តើ​បងប្អូន​សម្គាល់​ឃើញ​មាន​ភាពខុសគ្នា​អ្វីខ្លះ​រវាង​មរមន និង​ប្រជាជន​របស់​លោក ? តើ​លោក​មាន​គុណ​សម្បត្តិ​អ្វី​ខ្លះ ដែល​បាន​ជួយ​លោក​ឲ្យ​នៅតែ​រឹងមាំ​ខាង​វិញ្ញាណ​នៅក្នុង​គ្រា​ដ៏​លំបាក​បែប​នោះ ?

មរមន ២:១៨–១៩ ។តើ​មរមន​បាន​ប្រើ​ពាក្យ​សម្ដី​អ្វីខ្លះ ដើម្បី​ពិពណ៌នា​អំពី​ពិភពលោក​ដែល​លោក​បាន​រស់នៅ ? តើ​លោក​រក្សា​នូវ​សេចក្ដី​សង្ឃឹម​បាន​ដោយ​របៀបណា ទោះបីជា​មជ្ឈដ្ឋាន​ជុំវិញ​ខ្លួន​លោក​ទុច្ចរិត​យ៉ាងណា​ក្ដី ?

មរមន ៣:១២ ។តើ​មរមន​មាន​អារម្មណ៍​យ៉ាងណា​ចំពោះ​មនុស្ស​ដែល​នៅ​ជុំវិញ​លោក ? តើ​យើង​អាច​ធ្វើ​អ្វីខ្លះ​ដើម្បី​អភិវឌ្ឍ​សេចក្ដី​ស្រឡាញ់​ដូច​ដែល​លោក​មាន ?

តើ​ខគម្ពីរ​ផ្សេងទៀត​នៅក្នុង មរមន ១–៦ គូស​បញ្ជាក់​អ្វីខ្លះ​អំពី​សេចក្ដី​ជំនឿ​របស់​មរមន​នៅលើ​ព្រះយេស៊ូវ​គ្រីស្ទ ? តើ​លោក​ទទួល​បាន​ឱកាស​អ្វី​ខ្លះ ដោយសារ​លោក​ជ្រើសរើស​រក្សា​ភាព​ស្មោះ​ត្រង់ ?

សូម​ពិចារណា​សិក្សា​សារលិខិត​របស់​ប្រធាន ថូម៉ាស អេស ម៉នសុន « Be an Example and a Light » ( Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៥ ទំព័រ ៨៦–៨៨ ) ដោយ​ស្វែងរក​ហេតុផល​ថា ហេតុ​អ្វី​បាន​ជា​វា​សំខាន់​សម្រាប់​អ្នក​ដើរ​តាម​ព្រះយេស៊ូវ​គ្រីស្ទ​ដើម្បី​លេច​ធ្លោ ឬ​មាន​ភាពខុស​ពីគេ ។ តើ​បងប្អូន​នឹង​បំពេញ​ប្រយោគ​បែប​នេះ​ដោយ​របៀប​ណា ? « ជា​គំរូ​ដល់​ខ្ញុំ នៅពេល​គាត់ [ ឬ​នាង ] ។ ការណ៍​នេះ​បាន​ជួយ​ខ្ញុំ​ឲ្យ​ចង់  » ។

មរមន​អាច​មាន​អារម្មណ៍​ថា គំរូ​របស់​លោក​មិន​បាន​ធ្វើឲ្យ​ប្រជាជន​របស់​លោក​មាន​ការផ្លាស់ប្តូរ​នោះទេ ។ ប្រសិន​បើ​បងប្អូន​មាន​ឱកាស​និយាយ​ជាមួយនឹង​មរមន តើ​បងប្អូន​នឹង​ប្រាប់​លោក​អ្វី​ខ្លះ អំពី​របៀប​ដែល​គំរូ​របស់​លោក​បាន​ធ្វើ​ឲ្យ​បងប្អូន​មាន​ការផ្លាស់​ប្ដូរ ?

សូម​មើល​ផង​ដែរ ដេវីឌ អេ បែដណា « Quick to Observe » Ensign ខែ ធ្នូ ឆ្នាំ ២០០៦ ទំព័រ ៣០–៣៦ ឬ Liahona ខែ ធ្នូ ឆ្នាំ ២០០៦ ទំព័រ ១៤–២០; « Something Different about Us: Example » ( វីដេអូ ) នៅលើ​បណ្ណាល័យ​ដំណឹងល្អ; Gospel Topics « Living the Gospel of Jesus Christ » នៅលើ​បណ្ណាល័យ​ដំណឹងល្អ ។

សូម​ជួយ​អ្នក​ដទៃទៀត​ឲ្យ​ចែកចាយ​នូវ​អ្វី​ដែល​ពួកគេ​រៀន ។ នៅ​ពេល​ដែល​មនុស្ស​ចែកចាយ​នូវ​អ្វី​ដែល​ពួកគេ​បាន​រៀន នោះ​ពួកគេ​ពង្រឹង​សេចក្តី​ជំនឿ​ផ្ទាល់​ខ្លួន​របស់​ពួកគេ និង​សេចក្តី​ជំនឿ​របស់​អ្នក​ដទៃទៀត​ផងដែរ ( សូម​មើល គោលលទ្ធិ និង សេចក្តី​សញ្ញា ៨៨:១២២ ) ។ សូម​ព្យាយាម​សួរ​ក្រុម​គ្រួសារ ឬ​សិស្ស​ក្នុង​ថ្នាក់​របស់​បងប្អូន​ថា តើ​ពួកគេ​មាន​បទពិសោធន៍​អ្វី​ខ្លះ នៅពេល​ពួកគេ​សិក្សា​ព្រះបន្ទូល​របស់​ព្រះ ។

រូបភាព
ពួក​សាសន៍​នីហ្វៃ និង​ពួក​សាសន៍​លេមិន​កំពុង​ច្បាំង​គ្នា

Battle [ ចម្បាំង ] ដោយ ហ៊ោរហេ កូកូ

មរមន ២:១០–១៥

សេចក្តី​ព្រួយ​ដែល​គាប់​ព្រះហឫទ័យ​ដល់​ព្រះ​នាំ​ខ្ញុំ​ទៅ​រក​ព្រះគ្រីស្ទ និង​ការផ្លាស់ប្តូរ​ដ៏យូរ​អង្វែង ។

នៅពេល​មរមន​បាន​មើល​ឃើញ​សេចក្ដី​ព្រួយ​របស់​ប្រជាជន​លោក លោក​បាន​សង្ឃឹម​ថា ពួកគេ​នឹង​ប្រែចិត្ត ។ ប៉ុន្តែ « សេចក្តី​ទុក្ខសោក​របស់​គេ​ពុំ​នាំ​ទៅរក​សេចក្តី​ប្រែចិត្ដ » ទេ ( មរមន ២:១៣ )—វា​មិនមែន​ជា​សេចក្តី​ព្រួយ​ដែល​គាប់​ព្រះហឫទ័យ​ដល់​ព្រះ​ទេ តែ​ជា​សេចក្តី​ព្រួយ​របស់​លោកិយ​ទៅវិញ ។ ដើម្បី​យល់ពី​ភាពខុសគ្នា សូម​ពិចារណា​កត់ត្រា​នូវ​អ្វី​ដែល​បងប្អូន​រៀន​មកពី មរមន ២:១០–១៥ នៅក្នុង​តារាង​ដូច​ជា​តារាង​មួយ​នេះ ៖

សេចក្តី​ព្រួយ​ដែល​គាប់​ព្រះហឫទ័យ​ដល់​ព្រះ

សេចក្តី​ព្រួយ​របស់​លោកិយ

មក​រក​ព្រះយេស៊ូវ ( ខទី ១៤ )

ប្រទេច​ផ្ដាសា​ដល់​ព្រះ ( ខទី ១៤ )

តើ​បងប្អូន​ដឹង​យ៉ាង​ដូចម្ដេច​ថា សេចក្តី​ព្រួយ​របស់​បងប្អូន​គាប់​ព្រះហឫទ័យ​ដល់​ព្រះ ឬ​ដល់​លោកិយ ? ប្រសិនបើ​បងប្អូន​កំពុង​ជួប​នឹង​សេចក្តី​ព្រួយ​របស់​លោកិយ តើ​បងប្អូន​អាច​ផ្លាស់ប្ដូរ​វា ឲ្យ​ទៅជា​សេចក្តី​ព្រួយ​ដែល​គាប់​ព្រះហឫទ័យ​ដល់​ព្រះ​ដោយ​របៀបណា ?

សូម​មើល​ផង​ដែរ កូរិនថូស ទី២ ៧:៨–១១; មីឆែល ឌី ក្រេហ្គ « Divine Discontent » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៨ ទំព័រ ៥២–៥៥ ។

មរមន ៣:៣, ៩

« ហើយ​ពួក​គេ​ពុំ​បាន​ដឹង​ថា គឺ​ព្រះ​អម្ចាស់​ដែល​បាន​ទុក​ជីវិត​ឲ្យ​ពួក​គេ » ។

មរមន​បាន​សង្កេត​ឃើញ​ថា ពួក​សាសន៍​នីហ្វៃ​មិន​បាន​ទទួល​ស្គាល់​ពី​របៀប​ដែល​ព្រះ​អម្ចាស់​បាន​ប្រទាន​ពរ​ដល់​ពួក​គេ​ទេ ។ នៅពេល​បងប្អូន​អាន មរមន ៣:៣, ៩ បងប្អូន​អាច​នឹង​ពិចារណា​អំពី​របៀប​ដែល​បងប្អូន​ទទួល​ស្គាល់​ព្រះចេស្ដា​របស់​ព្រះ​នៅក្នុង​ជីវិត​របស់​បងប្អូន ។ តើ​ពរជ័យ​អ្វី​ខ្លះ​បាន​កើត​មាន នៅពេល​បងប្អូន​ទទួល​ស្គាល់​ព្រះចេស្ដា​របស់​ទ្រង់ ? តើ​ការមិន​ទទួល​ស្គាល់​ទ្រង់​មាន​ផល​វិបាក​អ្វីខ្លះ ? ( សូមមើល មរមន ២:២៦; គោលលទ្ធិ និង សេចក្តី​សញ្ញា ៥៩:២១ ) ។

សូមមើល ហិនរី ប៊ី អាវរីង «O Remember, Remember» Liahona ខែ វិច្ឆិកា ឆ្នាំ ២០០៧ ទំព័រ ៦៦–៦៩ ។

មរមន ៥:៨–២៤; ៦:១៦–២២

ព្រះយេស៊ូវ​គ្រីស្ទ​ឈរ​លាត​ព្រះពាហុ​ចាំ​ទទួល​ខ្ញុំ ។

ប្រសិន​បើ​បងប្អូន​ធ្លាប់​មាន​អារម្មណ៍​បាក់​ទឹក​ចិត្ត​ចំពោះ​អំពើ​បាប​របស់​បងប្អូន​ផ្ទាល់ នោះ​ការពិពណ៌នា​របស់​មរមន​អំពី​ព្រះអង្គ​សង្គ្រោះ​ដែល​ឈរ « លាត​ព្រះ​ពាហុ​ចាំ​ទទួល​អ្នក » អាច​ផ្តល់​ជា​ការធានា​បាន ។ ពេល​បងប្អូន​អាន មរមន ៥:៨–២៤ និង ៦:១៦–២២ តើ​បងប្អូន​រៀន​អ្វី​ខ្លះ​អំពី​ព្រះទ័យ​របស់​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវ​មាន​ចំពោះ​បងប្អូន ទោះជា​បងប្អូន​ប្រព្រឹត្ត​អំពើបាប​ក៏​ដោយ ? តើ​បងប្អូន​ធ្លាប់​មាន​អារម្មណ៍​ថា ព្រះយេស៊ូវ​គ្រីស្ទ​បាន​ឈោង​មក​ជួយ​បងប្អូន​ដោយ​លាត​ព្រះពាហុ​ចាំ​បងប្អូន​យ៉ាង​ដូចម្ដេច ? ជា​លទ្ធផល តើ​បងប្អូន​មាន​អារម្មណ៍​បំផុស​គំនិត​ឲ្យ​ធ្វើ​អ្វីខ្លះ ?

សូម​មើល​ផង​ដែរ​ថា « មកឯ​ព្រះយេស៊ូវ » ទំនុក​តម្កើង ល.រ. ៦៤ ។

គំនិត​សម្រាប់​បង្រៀន​កុមារ

មរមន ១:១–៣; ២:១, ២៣–២៤; ៣:១–៣, ១២, ១៧–២២

ដូចជា​មរមន​ដែរ ខ្ញុំ​អាច​ធ្វើ​តាម​ព្រះយេស៊ូវ​គ្រីស្ទ​បាន ។

  • ដោយសារ​មរមន​នៅក្មេង​នៅឡើយ ពេល​លោក​អភិវឌ្ឍ​សេចក្តី​ជំនឿ​របស់​លោក​ទៅលើ​ព្រះគ្រីស្ទ នោះ​លោក​អាច​ជា​ការបំផុស​គំនិត​ដល់​កូនៗ​របស់​បងប្អូន​បាន ។ ប្រហែល​ជា​បងប្អូន​អាច​អាន មរមន ១:១–៣ ហើយ​កូនៗ​របស់​បងប្អូន​អាច​ស្តាប់​រក​មើលថា តើ​មរមន​មាន​អាយុ​ប៉ុន្មាន នៅ​ពេល​ដែល​អាំម៉ារ៉ុន​បាន​ផ្តល់​បេសកកម្ម​ពិសេស​ដល់​លោក ។ បងប្អូន​ក៏​អាច​ជួយ​ពួកគេ​ឲ្យ​រក​នៅ​ក្នុង​ខគម្ពីរ​ទាំង​នេះ នូវ​គុណ​សម្បត្តិ​ដែល​អាំម៉ារ៉ុន​បាន​ឃើញ​នៅ​ក្នុង​មរមន​ផង​ដែរ ។ តើ​គុណ​សម្បត្តិ​ទាំងនេះ​ជួយ​យើង​ឲ្យ​ធ្វើ​តាម​ព្រះយេស៊ូវ​គ្រីស្ទ​យ៉ាង​ដូចម្ដេច ?

    រូបភាព
    មរមន​កាល​នៅ​ក្មេង

    Mormon, Age 10 [ មរមន​អាយុ ១០ ឆ្នាំ ] ដោយ ស្កត អិម ស្នូ

  • ពីព្រោះ​មរមន​បាន​ដើរ​តាម​ព្រះយេស៊ូវ​គ្រីស្ទ លោក​ត្រូវ​បាន​ប្រទាន​ឱកាស​ឲ្យ​បម្រើ និង​ប្រទាន​ពរ​ដល់​អ្នក​ដទៃទៀត ។ បងប្អូន​អាច​អញ្ជើញ​កូនៗ​របស់​បងប្អូន​ឲ្យ​អាន​វគ្គ​បទគម្ពីរ​មួយ ឬ​ច្រើន​ដូច​តទៅ​នេះ ហើយ​ជួយ​ពួកគេ​ឲ្យ​ចែកចាយ​នូវ​អ្វី​ដែល​ពួកគេ​រៀន​អំពី​មរមន ៖ មរមន ១:១–៣; ២:១, ២៣–២៤ និង ៣:១–៣, ១២, ២០–២២ ( សូម​មើល​ផង​ដែរ « ជំពូក​ទី ៤៩ ៖ មរមន និង​ការបង្រៀន​របស់​លោក » ដំណើររឿង​ព្រះគម្ពីរ​មរមន ទំព័រ ១៣៨–១៤២ ) ។ តើ​លោក​បាន​ធ្វើ​តាម​ព្រះយេស៊ូវ​គ្រីស្ទ​ដោយ​របៀបណា ? តើ​សេចក្ដី​ជំនឿ​របស់​លោក​ទៅលើ​ព្រះយេស៊ូវ​គ្រីស្ទ​បាន​ជួយ ឬ​ប្រទាន​ពរ​ដល់​អ្នក​ដទៃទៀត​ដោយ​របៀបណា ? តើ​សេចក្តី​ជំនឿ​របស់​យើង​អាច​ជួយ​មនុស្ស​ដែល​យើង​ស្គាល់​ដោយ​របៀបណា ?

មរមន ២:៨–១៥

សេចក្តី​ព្រួយ​ដែល​គាប់​ព្រះហឫទ័យ​ដល់​ព្រះ​នាំ​ខ្ញុំ​ទៅ​រក​ព្រះគ្រីស្ទ និង​ការផ្លាស់ប្តូរ​ដ៏យូរ​អង្វែង ។

  • ប្រហែល​ជា​បងប្អូន​អាច​ធ្វើ​តារាង​មួយ​ដូចជា​តារាង​មួយ​នៅក្នុង « គំនិត​សម្រាប់​ការរៀនសូត្រ​នៅ​ឯ​គេហដ្ឋាន និង​សាសនាចក្រ » ដើម្បី​ជួយ​ឲ្យ​កូនៗ​របស់​បងប្អូន​យល់​ពី​ភាព​ខុសគ្នា​រវាង​សេចក្តី​ព្រួយ​ដែល​គាប់​ព្រះហឫទ័យ​ដល់​ព្រះ និង​សេចក្តី​ព្រួយ​របស់​លោកកិយ នៅពេល​ពួកគេ​អាន មរមន ២:៨, ១០–១៥ ។ បន្ទាប់​មក ពួកគេ​ក៏អាច​ស្រាវជ្រាវ​ក្នុង មរមន ២:១២ ដើម្បី​រក​មូលហេតុ​ដែល​ការប្រែចិត្ត​អាច​ធ្វើឲ្យ « អរ​រីករាយ​នៅក្នុង​ចិត្ត [ យើង ] … » ផងដែរ ។ តើ​យើង​អាច​ប្រាកដ​ថា សេចក្តីព្រួយ​ដែល​យើង​មាន​ដោយសារតែ​អំពើបាប​របស់​យើង នាំ​យើង​ឲ្យ​ស្វែងរក​ជំនួយ​របស់​ព្រះ​ដើម្បី​ផ្លាស់ប្តូរ​ដោយ​របៀប​ណា ?

មរមន ៣:៣, ៩

ព្រះវរបិតា​សួគ៌​ប្រទាន​ពរជ័យ​ជា​ច្រើន​ដល់​ខ្ញុំ ។

  • សូម​អញ្ជើញ​កូនៗ​របស់​បងប្អូន​ឲ្យ​រាយ​បញ្ជី ( ឬ​គូរ​រូបភាព ) រឿង​មួយ​ចំនួន​ដែល​ពួកគេ​មាន​អំណរគុណ ដែល​អាច​ជា​វិធី​ដ៏​ល្អ​មួយ​ដើម្បី​ជួយ​ពួកគេ​ឲ្យ​មាន​អារម្មណ៍​ដឹងគុណ​ចំពោះ​ព្រះ ។ បន្ទាប់​ពី​ពួកគេ​បាន​បង្កើត​បញ្ជី​មួយ​ហើយ បងប្អូន​អាច​អាន មរមន ៣:៣, ៩ ហើយ​ពន្យល់​ថា ព្រះវរបិតា​សួគ៌​បាន​ប្រទាន​ពរ​ដល់​ពួក​សាសន៍​នីហ្វៃ​ផង​ដែរ ប៉ុន្តែ​ពួក​គេ​មិន​បាន​ដឹង ។ តើ​យើង​អាច​ធ្វើ​អ្វី​ខ្លះ​ដើម្បី​បង្ហាញ​ថា យើង​មាន​អំណរគុណ​ចំពោះ​ព្រះវរបិតា​សួគ៌​សម្រាប់​ពរជ័យ​របស់​យើង ?

មរមន ៣:១២

ព្រះវរបិតា​សួគ៌​សព្វ​ព្រះទ័យ​ឲ្យ​ខ្ញុំ​ស្រឡាញ់​មនុស្ស​គ្រប់គ្នា ។

  • ទោះបី​ជា​ពួក​សាសន៍​នីហ្វៃ​ជា​មនុស្ស​អាក្រក់​ក៏​ដោយ ក៏​មរមន​មិន​ដែល​ឈប់​ស្រឡាញ់​ពួកគេ​ឡើយ ។ សូម​ជួយ​កូនៗ​របស់​បងប្អូន​រក​ពាក្យ « ស្រឡាញ់ » និង « សេចក្ដី​ស្រឡាញ់ » នៅក្នុង មរមន ៣:១២ ។ បងប្អូន​ក៏អាច​ច្រៀង​ចម្រៀង​មួយ​បទ​អំពី​ការស្រឡាញ់​អ្នកដទៃ​ជាមួយ​គ្នា​ផងដែរ ដូចជា​បទ « ព្រះយេស៊ូវ​មាន​បន្ទូល​ស្រឡាញ់​មនុស្ស​គ្រប់រូប » ( សៀវភៅ​ចម្រៀង​កុមារ ទំព័រ ៣៩ ) ខណៈពេល​បង្ហាញ​រូបភាព​កុមារ​មក​ពី​ជុំវិញ​ពិភពលោក ។ សូម​ថ្លែង​ទីបន្ទាល់​អំពី​សេចក្ដី​ស្រឡាញ់​របស់​ព្រះ​ចំពោះ​បុត្រា​បុត្រី​ទាំងអស់​របស់​ទ្រង់ ។

សម្រាប់​គំនិត​បន្ថែម សូម​មើល​ទស្សនាវដ្ដី ប្រិយមិត្ត ប្រចាំ​ខែ​នេះ ។

រូបភាព
ផ្ទាំងចំណារ​មាស

ព្រះគម្ពីរ​មរមន​ត្រូវបាន​សរសេរ « ដើម្បី​ឲ្យ​អ្នករាល់គ្នា អាច​ជឿ​ដល់​ដំណឹងល្អ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ » ( មរមន ៣:២១ ) ។