ចូរ​មក​តាម​ខ្ញុំ ឆ្នាំ ២០២៤
ថ្ងៃ​ទី ៤–១០ ខែ វិច្ឆិកា ៖ « ខ្ញុំ​និយាយ​ទៅ​កាន់​អ្នក​រាល់​គ្នា ហាក់​បី​ដូច​ជា​អ្នក​រាល់​គ្នា​នៅ​ទី​នេះ » ។ មរមន ៧–៩


« ថ្ងៃ​ទី ៤–១០ ខែ វិច្ឆិកា ៖ ‹ ខ្ញុំ​និយាយ​ទៅ​កាន់​អ្នក​រាល់​គ្នា ហាក់​បី​ដូច​ជា​អ្នក​រាល់​គ្នា​នៅ​ទី​នេះ › ។ មរមន ៧–៩ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​គេហដ្ឋាន និង​សាសនាចក្រ ៖ ព្រះគម្ពីរ​មរមន ឆ្នាំ ២០២៤ ( ឆ្នាំ ២០២៣ )

« ថ្ងៃ​ទី ៤–១០ ខែ វិច្ឆិកា ។ មរមន ៧–៩ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​គេហដ្ឋាន និង​សាសនាចក្រ ៖ ឆ្នាំ ២០២៤ ( ឆ្នាំ ២០២៣ )

រូបភាព
មរ៉ូណៃ​សរសេរ​នៅលើ​ផ្ទាំងមាស

Moroni Writing on Gold Plates [ មរ៉ូណៃ​សរសេរ​នៅលើ​ផ្ទាំងមាស ] ដោយ ដេល គីលប៊ន

ថ្ងៃ​ទី ៤–១០ ខែ វិច្ឆិកា ៖ « ខ្ញុំ​និយាយ​ទៅ​កាន់​អ្នក​រាល់​គ្នា ហាក់​បី​ដូច​ជា​អ្នក​រាល់​គ្នា​នៅ​ទី​នេះ »

មរមន ៧–៩

មរ៉ូណៃ​ស្គាល់​អារម្មណ៍​នៅតែ​ម្នាក់ឯង​ក្នុង​ពិភព​ដ៏ទុច្ចរិត​មួយ—ជាពិសេស​បន្ទាប់ពី​ឪពុក​របស់​លោក​បាន​ស្លាប់​នៅក្នុង​ចម្បាំង ហើយ​ពួក​សាសន៍​នីហ្វៃ​ត្រូវ​បាន​បំផ្លាញ ។ លោក​បាន​សរសេរ​ថា « នៅ​សល់​តែ​ខ្ញុំ​ម្នាក់​ឯង ។ ខ្ញុំ​គ្មាន​មិត្តភក្តិ ឬ​ទីណា​សម្រាប់​ទៅ​ឡើយ » ( មរមន ៨:៣, ៥ ) ។ រឿង​ជា​ច្រើន​អាច​មើល​ទៅ​ហាក់ដូចជា​អស់​សង្ឃឹម ប៉ុន្តែ​មរ៉ូណៃ​បាន​រកឃើញ​សេចក្ដី​សង្ឃឹម​នៅ​លើ​ព្រះយេស៊ូវ​គ្រីស្ទ និង​ទីបន្ទាល់​របស់​លោក​ថា « គោលបំណង​ទាំងឡាយ​ដ៏​នៅ​អស់កល្ប​ជានិច្ច​នៃ​ព្រះ​អម្ចាស់​នឹង​ដើរ​ទៅមុខ » ( មរមន ៨:២២ ) ។ ហើយ​មរ៉ូណៃ​បាន​ដឹង​ថា គន្លឹះ​សំខាន់​មួយ​នៅក្នុង​គោលបំណង​ដ៏​អស់​កល្ប​ជានិច្ច​ទាំងនេះ នឹង​ជា​ព្រះគម្ពីរ​មរមន—ជា​កំណត់ត្រា​ដែល​ឥឡូវ​នេះ លោក​បាន​បញ្ចប់​ដោយ​ឧស្សាហ៍​ព្យាយាម ជា​កំណត់ត្រា​ដែល​ថ្ងៃណា​មួយ​នឹង​នាំ​មនុស្ស​ជាច្រើន « ឲ្យ​ស្គាល់​ព្រះគ្រីស្ទ » ( មរមន ៨:១៦; ៩:៣៦ ) ។ សេចក្ដី​ជំនឿ​របស់​មរ៉ូណៃ​ទៅលើ​ការសន្យា​ទាំងនេះ បាន​ធ្វើ​ឲ្យ​លោក​មាន​លទ្ធភាព​ប្រកាស​ទៅកាន់​អ្នក​អាន​នៅពេល​អនាគត​អំពី​ព្រះគម្ពីរ​នេះ​ថា « ខ្ញុំ​និយាយ​ទៅកាន់​អ្នករាល់​គ្នា ហាក់បី​ដូចជា​អ្នករាល់គ្នា​នៅ​ទីនេះ » ហើយ « ខ្ញុំ​ដឹង​ថា អ្នករាល់គ្នា​នឹង​ឮ​ពាក្យ​របស់​ខ្ញុំ » ( មរមន ៨:៣៥; ៩:៣០ ) ។ ឥឡូវ​នេះ យើង​មាន​ពាក្យ​សម្ដី​របស់​លោក ហើយ​កិច្ចការ​របស់​ព្រះអម្ចាស់​កំពុង​ដើរ​ទៅ​មុខ ពីព្រោះ​តែ​មរមន និង​មរ៉ូណៃ​នៅ​ពិត​ស្មោះត្រង់​ចំពោះ​បេសកកម្ម​របស់​ពួក​លោក សូម្បី​តែ​ពេល​ដែល​ពួក​លោក​នៅ​ឯកោ​ក៏ដោយ ។

គំនិត​សម្រាប់​ការរៀនសូត្រ​នៅ​ឯ​គេហដ្ឋាន និង​សាសនាចក្រ

មរមន ៧

« ជឿ​ដល់​ព្រះយេស៊ូវ​គ្រីស្ទ » ហើយ « កាន់ខ្ជាប់​នូវ​ដំណឹងល្អ [ របស់​ទ្រង់ ] » ។

បន្ទាប់ពី​បាន​សង្ខេប​កំណត់ត្រា​នៃ​ប្រជាជន​របស់​លោក​ហើយ នោះ​មរមន​បាន​ផ្ដល់​សារលិខិត​បញ្ចប់​របស់​លោក​នៅក្នុង មរមន ៧ ។ តើ​ហេតុអ្វី​បាន​ជា​បងប្អូន​គិត​ថា​លោក​ជ្រើសរើស​សារលិខិត​នេះ ? តើ​ការ « កាន់ខ្ជាប់​នូវ​ដំណឹងល្អ​នៃ​ព្រះគ្រីស្ទ » មាន​ន័យ​យ៉ាងណា​ចំពោះ​បងប្អូន ? ( មរមន ៧:៨ ) ។

សូមមើល​ផងដែរ « ខ្ញុំ​ជឿ​លើ​ព្រះគ្រីស្ទ » ទំនុក​តម្កើង ល.រ. ៧៥ ។

មរមន ៧:៨–១០; ៨:១២–១៦; ៩:៣១–៣៧

ព្រះគម្ពីរ​មរមន​គឺ​មាន​តម្លៃ​ដ៏​មហិមា ។

ប្រធាន រ័សុល អិម ណិលសុន បាន​សួរ​ថា ៖ « បើ​គេ​ឲ្យ​ពេជ្រ ឬ​ត្បូង​ទទឹម​ដល់​បងប្អូន ព្រះគម្ពីរ​មរមន​ដល់​បងប្អូន តើ​បងប្អូន​នឹង​រើស​យក​មួយ​ណា ? និយាយ​ដោយ​ស្មោះ តើ​មួយ​ណា មាន តម្លៃ​ច្រើន​ជាង​ចំពោះ​បងប្អូន ? » ( « The Book of Mormon: What Would Your Life Be Like without It? » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៧ ទំព័រ ៦១ ) ។

តើ​បងប្អូន​រក​ឃើញ​អ្វី​នៅក្នុង មរមន ៧:៨–១០; ៨:១២–២២ និង ៩:៣១–៣៧ ដែល​ជួយ​បងប្អូន​ឲ្យ​យល់ពី​មូលហេតុ​ដែល​ព្រះគម្ពីរ​មរមន​មាន​តម្លៃ​នៅ​ក្នុង​សម័យ​របស់​យើង ? តើ​ហេតុអ្វី​បាន​ជា​វា​មាន​តម្លៃ​ចំពោះ​បងប្អូន ? បងប្អូន​អាច​រក​ឃើញ​គំនិត​យោបល់​បន្ថែម​នៅ​ក្នុង នីហ្វៃ​ទី​១ ១៣:៣៨–៤១; នីហ្វៃ​ទី​២ ៣:១១–១២ និង គោលលទ្ធិ និង សេចក្ដីសញ្ញា ៣៣:១៦; ៤២:១២–១៣ ។

រូបភាព
ព្រះគម្ពីរ​មរមន​ជា​ភាសា​ផ្សេងៗ

ការសរសេរ​របស់​ពួក​ព្យាការី​ក្នុង​ព្រះគម្ពីរ​មរមន​អនុវត្ត​ចំពោះ​យើង

មរមន ៨:១–១១

ខ្ញុំ​អាច​គោរព​តាម​ព្រះបញ្ញត្តិ​បាន ទោះបី​អ្នកដទៃ​មិន​គោរព​តាម​ក្ដី ។

នៅពេល​ខ្លះ បងប្អូន​អាច​មាន​អារម្មណ៍​ឯកោ​នៅក្នុង​កិច្ច​ខិតខំ​របស់​បងប្អូន​ដើម្បី​រក្សា​បញ្ញត្តិ​ទាំងឡាយ ។ តើ​បងប្អូន​អាច​រៀន​អ្វីខ្លះ មកពី​គំរូ​របស់​មរ៉ូណៃ​ដែល​អាច​ជួយ​បងប្អូន​ឲ្យ​រក្សា​បទបញ្ញតិ​បាន ? ( សូមមើល មរមន ៨:១–១១ ) ។ ប្រសិនបើ​បងប្អូន​អាច​សួរ​មរ៉ូណៃ​អំពី​របៀប​ដែល​លោក​នៅ​បន្ត​ស្មោះត្រង់ តើ​បងប្អូន​គិត​ថា​លោក​នឹង​ឆ្លើយ​ថាម៉េច ?

សូមមើល​ផងដែរ « All May Know the Truth: Moroni’s Promise » ( វីដេអូ ) នៅលើ​បណ្ណាល័យ​ដំណឹងល្អ ។

មរមន ៨:២៦–៤១; ៩:១–៣០

ព្រះគម្ពីរ​មរមន​ត្រូវបាន​សរសេរ​ឡើង​សម្រាប់​ជំនាន់​របស់​យើង ។

ព្រះយេស៊ូវ​គ្រីស្ទ​បាន​បង្ហាញ​ដល់​មរ៉ូណៃ​អំពី​អ្វី​ដែល​នឹង​កើតឡើង នៅពេល​ព្រះគម្ពីរ​មរមន​ចេញមក ( សូមមើល មរមន ៨:៣៤–៣៥ ) ដែល​បាន​នាំ​លោក​ឲ្យ​ធ្វើការ​ព្រមាន​យ៉ាង​ចំៗ​សម្រាប់​ជំនាន់​របស់​យើង ។ នៅពេល​បងប្អូន​អាន មរមន ៨:២៦–៤១ និង ៩:១–៣០ សូម​ពិចារណា​ពី​របៀប​ដែល​ពាក្យ​សម្ដី​របស់​លោក​អាច​អនុវត្ត​ចំពោះ​បងប្អូន​បាន ។ ឧទាហរណ៍ នៅក្នុង​ខគម្ពីរ​ទាំងនេះ​មរ៉ូណៃ​សួរ​សំណួរ​ចំនួន ២៤ ។ តើ​បងប្អូន​ឃើញ​ភស្តុតាង​អ្វីខ្លះ នៅក្នុង​សំណួរ​ទាំងនេះ​ដែល​ថា មរ៉ូណៃ​បាន​ឃើញ​ជំនាន់​របស់​យើង ? តើ​ព្រះគម្ពីរ​មរមន​អាច​ជួយ​ដល់​ឧបសគ្គ​នានា​ដែល​មរ៉ូណៃ​បាន​ទស្សន៍ទាយ​ដោយ​របៀបណា ?

ស្ដាប់​តាម​ព្រះវិញ្ញាណ ។ សូម​យកចិត្ត​ទុកដាក់​ទៅលើ​គំនិត និង​អារម្មណ៍​របស់​បងប្អូន ទោះបី​វា​មិន​ទាក់ទង​ទៅនឹង​អ្វី​ដែល​បងប្អូន​កំពុង​អាន​ក្ដី ។ ចំណាប់​អារម្មណ៍​ទាំងនោះ​អាច​នឹង​ជា​អ្វី​ដែល​ព្រះវរបិតា​សួគ៌​របស់​បងប្អូន​ចង់​ឲ្យ​បងប្អូន​រៀន ។ ឧទាហរណ៍ តើ​បងប្អូន​មាន​ចំណាប់​អារម្មណ៍​យ៉ាងណា បន្ទាប់​ពី​ពិចារណា​សំណួរ​ដែល​មរ៉ូណៃ​បាន​សួរ​នៅក្នុង មរមន ៩:១–៣០ ?

មរមន ៩:១–២៥

រូបភាព
រូបតំណាង​ថ្នាក់​សិក្ខាសាលា
ព្រះយេស៊ូវ​គ្រីស្ទ​គឺជា​ព្រះ​នៃ​អព្ភូតហេតុ ។

មរ៉ូណៃ​បាន​បញ្ចប់​ការសរសេរ​របស់​ឪពុក​លោក​ជាមួយ​សារលិខិត​ដ៏​មាន​ឥទ្ធិពល​មួយ សម្រាប់​មនុស្ស​នៅក្នុង​ជំនាន់​របស់​យើង​ដែល​មិន​ជឿ​លើ​អព្ភូតហេតុ ( សូមមើល មរមន ៨:២៦; ៩:១, ១០–១១ ) ។ តើ​ហេតុអ្វី​បានជា​បងប្អូន​មាន​អារម្មណ៍​ថា ជំនឿ​លើ​អព្ភូតហេតុ​គឺ​ចាំបាច់​នៅ​សព្វថ្ងៃ​នេះ? សូម​ស្រាវជ្រាវ​ក្នុង មរមន ៩:៩–១១, ១៥–២៧ និង មរ៉ូណៃ ៧:២៧–២៩ និង​សូម​ពិចារណា​ពី​សំណួរ​ដូចជា ៖

  • តើ​ខ្ញុំ​រៀន​អ្វីខ្លះ អំពី​ព្រះអង្គ​សង្គ្រោះ​ចេញ​មកពី​ខគម្ពីរ​ទាំងនេះ ?

  • តើ​ខ្ញុំ​រៀន​អ្វីខ្លះ​អំពី​អព្ភូត​ហេតុ អតីតកាល និង​បច្ចុប្បន្ន ?

  • តើ​ការជឿ​ថា ព្រះយេស៊ូវ​គ្រីស្ទ​ជា​ព្រះ​នៃ​អព្ភូតហេតុ​មាន​អត្ថប្រយោជន៍​អ្វីខ្លះ ? តើ​ការមិន​ជឿ​លើ​រឿង​នេះ​មាន​ផលវិបាក​អ្វីខ្លះ ?

  • តើ​អព្ភូតហេតុ​អ្វីខ្លះ—ធំ និង​តូច—ដែល​ព្រះអង្គ​សង្រ្គោះ​បាន​សម្តែង​នៅក្នុង​ជីវិត​របស់​ខ្ញុំ ? តើ​អព្ភូតហេតុ​ទាំងនេះ​បង្រៀន​ខ្ញុំ​អ្វី​ខ្លះ​អំពី​ទ្រង់ ?

ប្រធាន រ័សុល អិម ណិលសុន បាន​មាន​ប្រសាសន៍​ថា « ព្រះអង្គ​សង្គ្រោះ និង​ព្រះ​ដ៏​ប្រោសលោះ​របស់​យើង ព្រះយេស៊ូវ​គ្រីស្ទ នឹង​ធ្វើ​កិច្ចការ​ដ៏​អស្ចារ្យ​បំផុត​របស់​ទ្រង់​មួយ​ចំនួន​នៅ​ចន្លោះ​ពេល​នេះ និង​ពេល​ដែល​ទ្រង់​យាង​មក​ម្ដង​ទៀត ។ យើង​នឹង​ឃើញ​ការបង្ហាញ​ដ៏​អស្ចារ្យ​ថា ព្រះ​ជា​ព្រះវរបិតា និង​ព្រះរាជបុត្រា​ស្ងួន​ភ្ញា​របស់​ទ្រង់ ព្រះយេស៊ូវគ្រីស្ទ ធ្វើ​ជា​អធិបតី​លើ​សាសនាចក្រ​នេះ​ដោយ​ភាព​រុងរឿង និង​សិរីល្អ » ( « Revelation for the Church, Revelation for Our Lives » Liahona ខែ ឧសភា ឆ្នាំ ២០១៨ ទំព័រ ៩៦ ) ។ តើ​បងប្អូន​មាន​អារម្មណ៍​ថា អព្ភូតហេតុ​ទាំងនេះ​អាច​ជា​អ្វីខ្លះ ? តើ​បងប្អូន​អាច​ធ្វើ​អ្វីខ្លះ ដើម្បី​ជួយ​ព្រះអង្គ​សង្គ្រោះ​បំពេញ​តាម​អព្ភូតហេតុ​ទាំងនោះ ?

តើ​បងប្អូន​រៀន​អ្វីខ្លះ​អំពី​សេចក្តី​ជំនឿ និង​អព្ភូតហេតុ​មកពី​បទពិសោធន៍​របស់​ពួក​បរិសុទ្ធ​នៅ​ប្រទេស​សាម័រ តុងហ្គា ហ្វីជី និង តាហ៊ីទី នៅពេល​ដែល​ប្រធាន និង​ស៊ីស្ទើរ ណិលសុន បាន​ទៅ​សួរ​សុខទុក្ខ​ពួកគេ ? ( សូមមើល រ័សុល អិម ណិលសុន « Christ Is Risen; Faith in Him Will Move Mountains » Liahona ខែ ឧសភា ឆ្នាំ ២០២១ ទំព័រ ១០១–១០៤ ) ។

សូមមើល​ផងដែរ រ៉ូណល អេ រ៉ាសបាន « Behold! I Am a God of Miracles » Liahona ខែ ឧសភា ឆ្នាំ ២០២១ ទំព័រ ១០៩–១១២; Gospel Topics « Miracles » នៅលើ​បណ្ណាល័យ​ដំណឹងល្អ ។

គំនិត​សម្រាប់​បង្រៀន​កុមារ

មរមន ៧:៨–១០

ព្រះគម្ពីរ​មរមន និង​ព្រះគម្ពីរ​ប៊ីប​ថ្លែង​ទីបន្ទាល់​អំពី​ព្រះយេស៊ូវ​គ្រីស្ទ ។

  • ដើម្បី​បញ្ជាក់​អំពី​ទំនាក់ទំនង​រវាង​ព្រះគម្ពីរ​ប៊ីប និង​ព្រះគម្ពីរ​មរមន ដូច​ដែល​មរ៉ូណៃ​បាន​បញ្ជាក់ បងប្អូន​អាច​លេង​ល្បែង​បែបនេះ​ជាមួយ​កូនៗ​របស់​បងប្អូន​បាន ៖ សុំ​ឲ្យ​ពួកគេ​និយាយ​ថា « ព្រះគម្ពីរ​សញ្ញា​ចាស់ ព្រះគម្ពីរ​សញ្ញា​ថ្មី » នៅពេល​ដែល​បងប្អូន​លើក​ព្រះគម្ពីរ​ប៊ីប​ឡើង ហើយ​និយាយ​ថា « សក្ខីបទ​មួយ​ទៀត » នៅពេល​បងប្អូន​កាន់​ព្រះគម្ពីរ​មរមន ។ បងប្អូន​ក៏​អាច​ជ្រើសរើស​ព្រឹត្តិការណ៍​ជាច្រើន​ដែល​ទាំង​ព្រះគម្ពីរ​ប៊ីប និង​ព្រះគម្ពីរ​មរមន​បាន​ធ្វើ​ជា​សាក្សី​ផងដែរ—ដូចជា​ការប្រសូត្រ​របស់​ព្រះយេស៊ូវ ការសុគត និង​ការមាន​ព្រះជន្ម​រស់​ឡើងវិញ—ហើយ​អញ្ជើញ​កូនៗ​របស់​បងប្អូន​ឲ្យ​ស្វែងរក​រូបភាព​នៃ​ព្រឹត្តិការណ៍​ទាំងនេះ ( ឧទាហរណ៍​នៅក្នុង សៀវភៅ​រូបភាព​ដំណឹងល្អ ) ។

  • ដើម្បី​ជួយ​កូនៗ​របស់​បងប្អូន​ឲ្យ​រៀន​ពី​មាត្រា​ទី​ប្រាំបី​នៃ​សេចក្តី​ជំនឿ បងប្អូន​អាច​សរសេរ​ពាក្យ​នីមួយៗ​នៅលើ​ក្រដាស​ដាច់​ដោយ​ឡែក​ពីគ្នា ។ សូម​អញ្ជើញ​កូនៗ​របស់​បងប្អូន​ឲ្យ​ធ្វើការ​ជាមួយគ្នា​ដើម្បី​ដាក់​ពាក្យ​ទាំងនោះ​តាម​លំដាប់​លំដោយ​ត្រឹមត្រូវ ហើយ​ធ្វើ​វា​ឡើងវិញ​ជា​ច្រើន​ដង ។

មរមន ៨:១–៧

ខ្ញុំ​អាច​គោរព​តាម​ព្រះបញ្ញត្តិ​បាន ទោះបី​ខ្ញុំ​មាន​អារម្មណ៍​ឯកោ​ក្ដី ។

  • គំរូ​របស់​មរ៉ូណៃ​អាច​បំផុស​គំនិត​កូនៗ​របស់​បងប្អូន​ឲ្យ​គោរព​តាម​ព្រះបញ្ញត្តិ​របស់​ព្រះ​បាន ទោះបីជា​នៅពេល​ពួកគេ​មាន​អារម្មណ៍​ឯកោ​ក៏ដោយ ។ បន្ទាប់ពី​បងប្អូន​អាន មរមន ៨:១–៧ ជាមួយ​ពួកគេ​ហើយ ពួកគេ​អាច​ចែកចាយ​ពី​អារម្មណ៍​របស់​ពួកគេ​បាន ប្រសិនបើ​ពួកគេ​គឺជា​មរ៉ូណៃ​នោះ ។ នៅក្នុង ខទី ១, ៣, និង ៤ តើ​មរ៉ូណៃ​ត្រូវបាន​បញ្ជា​ឲ្យ​ធ្វើ​អ្វីខ្លះ ហើយ​តើ​លោក​បាន​គោរព​តាម​យ៉ាង​ដូចម្តេច ? តើ​យើង​អាច​ក្លាយ​កាន់តែ​ដូចជា​មរ៉ូណៃ​បាន​យ៉ាង​ដូចម្តេច ?

  • ប្រហែលជា​បងប្អូន និង​កូនៗ​របស់​បងប្អូន​អាច​និយាយ​អំពី​ស្ថានភាព​ដែល​ពួកគេ​ត្រូវ​ជ្រើសរើស​រវាង​ត្រូវ និង​ខុស នៅពេល​ដែល​គ្មាន​នរណា​ម្នាក់​កំពុង​មើល ។ តើ​ការ​មាន​សេចក្តី​ជំនឿ​លើ​ព្រះយេស៊ូវ​គ្រីស្ទ​ជួយ​យើង​ក្នុង​ស្ថានភាព​ទាំងនេះ​យ៉ាង​ដូចម្ដេច ? បទចម្រៀង​ដូចជាបទ « ឈរ​ដោយ​សុចរិត » ( សៀវភៅ​ចម្រៀង​កុមារ ទំព៏រ ៨១ ) អាច​បន្ថែម​ទៅលើ​ការពិភាក្សា​នេះ​បាន ។

មរមន ៨:២៤–២៦; ៩:៧–២៦

ព្រះយេស៊ូវ​គ្រីស្ទ​គឺជា « ព្រះ​នៃ​អព្ភូតហេតុ » ។

  • បងប្អូន​ប្រហែលជា​ចង់​ពន្យល់​ដល់​កូនៗ​របស់​បងប្អូន​ថា អព្ភូតហេតុ​គឺ​ជា​អ្វី​ដែល​ព្រះ​បាន​ធ្វើ​ឡើង ដើម្បី​បង្ហាញ​ព្រះចេស្តា និង​ប្រទានពរ​ដល់​ជីវិត​របស់យើង ។ បន្ទាប់​មក បងប្អូន​អាច​អាន​ឃ្លា​មកពី មរមន ៩:១១–១៣, ១៧ ដែល​ពិពណ៌នា​អំពី​អព្ភូតហេតុ​មួយ​ចំនួន​របស់​ព្រះ ហើយ​កូនៗ​របស់​បងប្អូន​អាច​គិត​អំពី​អព្ភូតហេតុ​ផ្សេងទៀត ( រូបភាព​មកពី សៀវភៅ​រូបភាព​ដំណឹងល្អ ដូចជា ល.រ. ២៦, ៤០, ៤១ និង ៨៣ អាច​ជួយ​បាន ) ។ សូម​និយាយ​អំពី​អព្ភូតហេតុ​ដែល​ព្រះ​បាន​ប្រទាន​នៅក្នុង​ជីវិត​របស់​បងប្អូន ។

  • សូម​បង្ហាញ​កូនៗ​របស់​បងប្អូន​នូវ​វិធី​ធ្វើ​ម្ហូប​មួយ ហើយ​និយាយ​អំពី​អ្វី​ដែល​នឹង​កើត​ឡើង ប្រសិនបើ​បងប្អូន​មិន​ដាក់​គ្រឿងផ្សំ​ដ៏​ចាំបាច់​មួយ​ចូល ។ សូម​អាន មរមន ៨:២៤ និង ៩:២០–២១ ដើម្បី​ស្វែងរក « គ្រឿងផ្សំ » ដែល​អាច​នាំឲ្យ​មាន​អព្ភូតហេតុ​មកពី​ព្រះ ។

សម្រាប់​គំនិត​បន្ថែម សូម​មើល​ទស្សនាវដ្ដី ប្រិយមិត្ត ប្រចាំ​ខែ​នេះ ។

រូបភាព
មរ៉ូណៃ​សម្លឹង​មើល​ការហិនហោច​របស់​ពួកសាសន៍​នីហ្វៃ

Moroni Overlooking the Destruction of the Nephites [ មរ៉ូណៃ​សម្លឹង​មើល​ការហិនហោច​របស់​ពួកសាសន៍​នីហ្វៃ ] ដោយ យ៉ូសែប ប្រ៊ីកឃី