ចូរ​មក​តាម​ខ្ញុំ ឆ្នាំ ២០២៤
ថ្ងៃទី ២៤–៣០ ខែ មិថុនា ៖ « ចូល​ទៅ​ក្នុង​សេចក្ដី​សម្រាក​នៃ​ព្រះអម្ចាស់ » ។ អាលម៉ា ១៣–១៦


« ថ្ងៃទី ២៤–៣០ ខែ មិថុនា ៖ ‹ ចូល​ទៅ​ក្នុង​សេចក្ដី​សម្រាក​នៃ​ព្រះអម្ចាស់ › ។ អាលម៉ា ១៣–១៦ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​គេហដ្ឋាន និង​សាសនាចក្រ ៖ ព្រះគម្ពីរ​មរមន ឆ្នាំ ២០២៤ ( ឆ្នាំ ២០២៣ )

« ថ្ងៃទី ២៤–៣០ ខែ មិថុនា ។ អាលម៉ា ១៣–១៦ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​គេហដ្ឋាន និង​សាសនាចក្រ ៖ ឆ្នាំ ២០២៤ ( ឆ្នាំ ២០២៣ )

រូបភាព
អាលម៉ា និង អាមូលេក ដើរ​ចេញ​ពី​គុក

រូប​គំនូរ​អំពី​អាលម៉ា និង អាមូលេក ដែល​ត្រូវបាន​រំដោះ​ចេញពី​គុក ដោយ អេនឌ្រូ បូស្លី

ថ្ងៃទី ២៤–៣០ ខែ មិថុនា ៖ « ចូល​ទៅ​ក្នុង​សេចក្ដី​សម្រាក​នៃ​ព្រះអម្ចាស់ »

អាលម៉ា ១៣–១៦

ជីវិត​នៅ​ក្នុង​ក្រុង​អាំម៉ូណៃហា គឺ​ល្អ​សម្រាប់​ទាំង​អាមូលេក និង ស៊ីអែសរ៉ុម តាម​របៀប​ជា​ច្រើន ។ អាមូលេក គឺជា « មនុស្ស​ម្នាក់​ដ៏​ពុំ​ខ្វះ​មនុស្ស​រាប់​អាន » ដែល​មាន « សាច់ញាតិ និង​មិត្ត​ជាច្រើន » ហើយ « មាន​ទ្រព្យសម្បត្តិ​ច្រើន » ( អាលម៉ា ១០:៤ ) ។ ស៊ីអែសរ៉ុម គឺជា​អ្នក​ច្បាប់​ដ៏​ចំណាន​ដែល​ចូលចិត្ត « កិច្ចការ​ទាក់​ទង​ជា​ច្រើន » ( អាលម៉ា ១០:៣១ ) ។ បន្ទាប់មក អាលម៉ា​បាន​មក​ដល់​ដោយ​មាន​ការអញ្ជើញ​ឲ្យ​ប្រែចិត្ត ហើយ « ចូល​ទៅ​ក្នុង​សេចក្ដី​សម្រាក​នៃ​ព្រះអម្ចាស់ » ( អាលម៉ា ១៣:១៦ ) ។ សម្រាប់​អាមូលេក ស៊ីអែសរ៉ុម និង​អ្នកដទៃ​ទៀត ការទទួល​យក​ការអញ្ជើញ​នេះ​បាន​តម្រូវ​ឲ្យ​មាន​ការលះបង់ ហើយ​ព្រមទាំង​នាំ​ឲ្យ​មាន​សេចក្ដី​ទុក្ខវេទនា​ដែល​ស្ទើរតែ​ពុំ​អាច​ទទួល​យក​បានទៀត ។

ប៉ុន្តែ​រឿង​នេះ​ពុំ​បាន​បញ្ចប់​ត្រឹមនោះ​ទេ ។ នៅក្នុង អាលម៉ា ១៣–១៦ យើង​រៀន​អំពី​អ្វី​កើតឡើង​នៅ​ទីបំផុត​ចំពោះ​ប្រជាជន​ដែល​ជឿ « ដល់​ព្រះចេស្ដា​នៃ​ព្រះគ្រីស្ទ​ក្នុង​ការសង្គ្រោះ » ( អាលម៉ា ១៥:៦ ) ។ ពេល​ខ្លះ​មាន​ការរំដោះ​ឲ្យរួច ពេល​ខ្លះ​មាន​ការ​ព្យាបាល—ពេល​ខ្លះ​អ្វីៗ​កើតឡើង​ពុំ​ងាយស្រួល​ឡើយ​នៅក្នុង​ជីវិត ។ ប៉ុន្តែ « ព្រះអម្ចាស់​តែងតែ​ទទួល​យក [ រាស្ត្រ​របស់​ទ្រង់ ] ឡើង​ទៅ​ឯ​ទ្រង់​ក្នុង​សិរីល្អ » ( អាលម៉ា ១៤:១១ ) ។ ព្រះអម្ចាស់​តែងតែ​ប្រទាន « អំណាច​ឲ្យ​គេ ស្របតាម​សេចក្ដី​ជំនឿ [ របស់​យើង ] …​ដល់​ព្រះគ្រីស្ទ » ( អាលម៉ា ១៤:២៨ ) ។ ហើយ​ជានិច្ចកាល សេចក្តី​ជំនឿ​នោះ​ហើយ​ដែល​ផ្តល់​ឲ្យ​យើង​នូវ « សេចក្ដី​សង្ឃឹម​មួយ​ថា [ យើង ] នឹង​ទទួល​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច » ( អាលម៉ា ១៣:២៩ ) ។ នៅពេល​បងប្អូន​អាន​ជំពូក​ទាំងនេះ បងប្អូន​អាច​ទទួល​ការលួងលោម​ចិត្ត​មក​ពី​ការ​សន្យា​ទាំងនេះ ហើយ​បងប្អូន​អាច​យល់​បាន​កាន់តែ​ច្បាស់​អំពី​អ្វី​ដែល​អាលម៉ា​ចង់​មាន​ន័យ នៅពេល​លោក​និយាយ​អំពី​ការចូល​ទៅ​ក្នុង « សេចក្ដី​សម្រាក​នៃ​ព្រះអម្ចាស់ » ( អាលម៉ា ១៣:១៦ ) ។

គំនិត​សម្រាប់​ការរៀនសូត្រ​នៅ​ឯ​គេហដ្ឋាន និង​សាសនាចក្រ

អាលម៉ា ១៣:១–១៩

រូបភាព
រូបតំណាង​ថ្នាក់​សិក្ខាសាលា
ពិធីបរិសុទ្ធ​បព្វជិតភាព​ចង្អុល​បង្ហាញ​ខ្ញុំ​ទៅ​រក​ព្រះយេស៊ូវ​គ្រីស្ទ​ដើម្បី​ទទួល​បាន​សេចក្តី​ប្រោសលោះ ។

ពាក្យ​សម្ដី​របស់​អាលម៉ា​នៅក្នុង អាលម៉ា ១៣ លាត​ត្រដាង​សេចក្តីពិត​ដ៏​មាន​ឥទ្ធិពល​អំពី​អំណាច​បព្វជិតភាព​របស់​ព្រះ និង​គោលបំណង​របស់​បព្វជិតភាព—ដើម្បី​រៀបចំ​យើង​ឲ្យ​ចូល​ក្នុង « សេចក្ដី​សម្រាក​នៃ​ព្រះអម្ចាស់ » ឬ​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច ( អាលម៉ា ១៣:១៦ ) ។ ប្រហែល​ជា​បងប្អូន​អាច​សរសេរ​អំពី​សេចក្តីពិត​យ៉ាង​ហោច​ណាស់​ឲ្យបាន​មួយ​សម្រាប់​ខគម្ពីរ​នីមួយៗ​នៅក្នុង អាលម៉ា ១៣:១–១៩ ។ នេះ​គឺ​ជា​គំនិត​មួយ​ចំនួន​ដើម្បី​ជួយ​បងប្អូន​ឲ្យ​ចាប់​ផ្ដើម ៖

ខទី ១ ។បព្វជិតភាព​ក៏​ត្រូវ​បាន​ហៅ « តាម​របៀប​នៃ​ព្រះរាជបុត្រា [ របស់​ព្រះ ] » ( សូមមើល​ផងដែរ គោលលទ្ធិ និង​សេចក្តី​សញ្ញា ១០៧:១–៤ ) ។

ខទី ២ ។ព្រះ​តែងតាំង​ពួក​សង្ឃ​ដើម្បី​ជួយ​ប្រជាជន​មើល​ទៅ​ព្រះរាជបុត្រា​របស់​ទ្រង់​សម្រាប់​ការប្រោសលោះ ។

តើ​បងប្អូន​រក​ឃើញ​អ្វី​ផ្សេងទៀត​ទេ ? តើ​បងប្អូន​មាន​អារម្មណ៍​យ៉ាង​ណា​អំពី​បព្វជិតភាព នៅពេល​បងប្អូន​ពិចារណា​អំពី​សេចក្ដីពិត​ទាំងនេះ ?

តើ​បងប្អូន​ធ្លាប់​គិត​អំពី​ពិធីបរិសុទ្ធ​បព្វជិតភាព​ថាជា​អំណោយ​មក​ពី​ព្រះ​ដើម្បី​ជួយ​បងប្អូន « ទន្ទឹង​ចាំ​ព្រះ​រាជ​បុត្រា​របស់​ទ្រង់ សម្រាប់​ការ​ប្រោស​លោះ » ដែរ​ឬ​ទេ ? ( ខទី ២, សូមមើល​ផងដែរ ខទី ១៦ ) ។ ប្រហែលជា​បងប្អូន​អាច​ធ្វើ​បញ្ជី​នៃ​ពិធីបរិសុទ្ធ​ដែល​បងប្អូន​បាន​ទទួល ដូចជា​ពិធីបុណ្យ​ជ្រមុជទឹក ពិធី​បញ្ជាក់ ពិធី​សាក្រាម៉ង់ ការញែកចេញ​ទទួល​ការហៅ ពរជ័យ​នៃ​ការលួងលោម ឬ​ការព្យាបាល ពរ​របស់​លោក​អយ្យកោ និង​ពិធី​បរិសុទ្ធ​នៃ​ព្រះវិហារ​បរិសុទ្ធ ។ សូម​ជញ្ជឹងគិត​អំពី​បទពិសោធន៍​របស់​បងប្អូន​ជាមួយ​ពិធីបរិសុទ្ធ​បែប​នេះ ។ សូម​ពិចារណា​អំពី​និមិត្តរូប​ដែល​ទាក់ទង និង​ព្រះវិញ្ញាណ​ដែល​បងប្អូន​បាន​ទទួល​អារម្មណ៍ ។ តើ​ពិធីបរិសុទ្ធ​នីមួយៗ​ទាំងនេះ​ចង្អុល​បង្ហាញ​បងប្អូន​ទៅកាន់​ព្រះយេស៊ូវ​គ្រីស្ទ​ដើម្បី​ទទួល​បាន​ការប្រោសលោះ​ដោយ​របៀបណា ?

មនុស្ស​មួយ​ចំនួន​យល់​ខុស​ថា ពិធី​បរិសុទ្ធ—និង​សិទ្ធិ​អំណាច​បព្វជិតភាព​ដើម្បី​ធ្វើ​ពិធី​បរិសុទ្ធ​ទាំងនេះ—គឺ​មិន​ចាំបាច់​ឡើយ ។ តើ​បងប្អូន​នឹង​ឆ្លើយតប​ចំពោះ​គំនិត​នោះ​ដោយ​របៀប​ណា ? នេះ​គឺជា​សារលិខិត​ពីរ​មកពី​សន្និសីទ​ទូទៅ​ដែល​អាច​ជួយ​ដល់​ការគិត​របស់​បងប្អូន​បាន សូម​រើសយក​មួយ ហើយ​សរសេរ​ចុះ​រាល់​ចម្លើយ​ណាមួយ​ដែល​បងប្អូន​នឹកឃើញ ៖ រ័សុល អិម ណិលសុន « Spiritual Treasures » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៩ ទំព័រ ៧៦–៧៩; ឌែល ជី រិនឡាន់ « The Priesthood and the Savior’s Atoning Power » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៧ ទំព័រ ៦៤–៦៧ ។

សូមមើល​ផងដែរ គោលលទ្ធិ និង​សេចក្តី​សញ្ញា ៨៤:១៩–២២; Gospel Topics « Covenant » បណ្ណាល័យ​ដំណឹងល្អ ។

រូបភាព
យុវជន​នៅ​ឯ​តុ​សាក្រាម៉ង់

ពិធី​បរិសុទ្ធ​នៃ​បព្វជិតភាព​ជួយ​យើង​ឲ្យ​សម្លឹង​ឆ្ពោះ​ទៅ​ព្រះយេស៊ូវ​គ្រីស្ទ​សម្រាប់​ការប្រោសលោះ ។

អាលម៉ា ១៣

ព្រះអម្ចាស់​អញ្ជើញ​ខ្ញុំ​ឲ្យ​ចូល​ក្នុង​សេចក្តីម្រាក​របស់​ទ្រង់ ។

ការអញ្ជើញ​ឲ្យ « ចូល​ទៅ​ក្នុង​សេចក្ដី​សម្រាក​នៃ​ព្រះ​អម្ចាស់ » ( អាលម៉ា ១៣:១៦ ) ត្រូវបាន​រំឭក​ឡើង​វិញ​ជាញឹកញាប់​នៅក្នុង អាលម៉ា ១៣ ។ ប្រហែលជា​បងប្អូន​អាច​មើល​នៅគ្រប់​ខគម្ពីរ រក​ពាក្យ « សម្រាក » ដែល​បង្ហាញ​ឡើង ហើយ​ជញ្ជឹងគិត​អំពី​អ្វី​ដែល​ខគម្ពីរ​នីមួយៗ​បង្រៀន​បងប្អូន​អំពី​អត្ថន័យ​នៃ « សេចក្ដី​សម្រាក​នៃ​ព្រះ​អម្ចាស់ » ។ តើ​វា​ខុសគ្នា​ពី​ការសម្រាក​ខាង​រូបកាយ​ដោយ​របៀប​ណា ? តើ​យើង​ស្វែងរក​វា​ដោយ​របៀប​ណា ?

សូមមើល​ផងដែរ រ័សុល អិម ណិលសុន « ឈ្នះ​លោកិយ ហើយ​បាន​សេចក្តី​សម្រាក » លីអាហូណា ខែ វិច្ឆិកា ឆ្នាំ ២០២២ ទំព័រ ៩៥–៩៨, « មក​ឯ​ព្រះយេស៊ូវ » ទំនុក​តម្កើង ល.រ. ៦៤ ។

អាលម៉ា ១៤

នៅ​គ្រា​ជួប​ទុក្ខលំបាក យើង​ត្រូវតែ​ទុកចិត្ត​លើ​ព្រះអម្ចាស់ ។

បងប្អូន​អាច​ងឿង​ឆ្ងល់ ដូចជា​មនុស្ស​ជាច្រើន​ងឿង​ឆ្ងល់​ផងដែរ​ថា ហេតុអ្វី​ក៏​រឿង​អាក្រក់ៗ​កើត​ឡើង​ចំពោះ​មនុស្ស​ដែល​កំពុង​ព្យាយាម​រស់នៅ​ដោយ​សុចរិត​យ៉ាង​ដូច្នេះ ។ បងប្អូន​អាច​នឹង​រក​មិន​ឃើញ​ចម្លើយ​ទាំងអស់​ចំពោះ​សំណួរ​ពិបាកៗ​នៅ​ក្នុង អាលម៉ា ១៤ នោះ​ទេ ប៉ុន្តែ​មាន​អ្វីៗ​ជា​ច្រើន​ដើម្បី​រៀន​មកពី​របៀប​ដែល​អាលម៉ា និង​អាមូលេក បាន​ឆ្លើយតប​ចំពោះ​ស្ថានភាព​នៃ​សោកនាដកម្ម ។ តើ​ពាក្យ​សម្ដី និង​សកម្មភាព​របស់​ពួកលោក​បង្រៀន​បងប្អូន​អំពី​មូលហេតុ​អ្វីខ្លះ​ដែល​ថា ពេល​ខ្លះ​ព្រះអម្ចាស់​ទុក​ឲ្យ​មនុស្ស​សុចរិត​ត្រូវ​ជួប​ទុក្ខ​លំបាក​ដូច្នេះ ? តើ​ដំបូន្មាន​អ្វី​ដែល​អាលម៉ា និង អាមូលេក​អាច​ផ្តល់​ដល់​យើង នៅពេល​យើង​ជួប​ប្រទះ​នឹង​ការសាកល្បង​ដ៏​លំបាក ?

សូមមើល​ផងដែរ រ៉ូម ៨:៣៥–៣៩; ពេត្រុសទី១ ៤:១២–១៤, គោលលទ្ធិ និង​សេចក្តី​សញ្ញា ១២២:៥–៩, ឌែល ជី រិនឡាន់ « កំហឹង​ចំពោះ​ភាព​អយុត្តិធម៌ » លីអាហូណា ខែ ឧសភា ឆ្នាំ ២០២១ ទំព័រ ៤១–៤៥ ។

ប្រុងប្រៀប​ជានិច្ច ។ ឱកាស​បង្រៀន​កន្លង​ផុតទៅ​លឿន​ណាស់ ដូច្នេះ​ត្រូវ​ចេះ​ឆ្លៀត​ឱកាស​ចាប់​យក​វា​នៅពេល​ដែល​មាន​ឱកាស ។ ឧទាហរណ៍ សោកនាដកម្ម​មួយ​នៅ​ក្នុង​ពិភពលោក​អាច​ជា​ឱកាស​មួយ​ដើម្បី​ចែកចាយ​ដំណឹងល្អ​មក​ពី អាលម៉ា ១៤ អំពី​មូលហេតុ​ដែល​ព្រះអម្ចាស់ ពេល​ខ្លះ​អនុញ្ញាត​ឲ្យ​មនុស្ស​ស្លូតត្រង់​ត្រូវ​រងទុក្ខ ។

អាលម៉ា ១៥:១៦, ១៨

ភាព​ជាសិស្ស​តម្រូវ​ឲ្យ​មាន​ការ​លះបង់ ។

វា​អាច​នឹង​គួរ​ឲ្យ​ចាប់​អារម្មណ៍​ដើម្បី​ធ្វើ​បញ្ជី​មួយ​អំពី​រឿង​ទាំងឡាយ ដែល​អាមូលេក​បាន​បោះបង់​ចោល​ដើម្បី​ឱបក្រសោប​យក​ដំណឹងល្អ ( សូមមើល អាលម៉ា ១០:៤–៥; ១៥:១៦ ) ហើយ​ប្រៀបធៀប​វា​ទៅ​នឹង​បញ្ជី​នៃ​អ្វី​ដែល​លោក​បាន​ទទួល ( សូមមើល អាលម៉ា ១៥:១៨; ១៦:១៣–១៥; ៣៤:៨ ) ។ តើ​បងប្អូន​មាន​ឆន្ទៈ​ដើម្បី​ធ្វើ​ពលិកម្ម​អ្វីខ្លះ​ដើម្បី​ក្លាយ​ជា​សិស្ស​កាន់តែ​ស្មោះត្រង់​របស់​ព្រះយេស៊ូវ​គ្រីស្ទ ?

សម្រាប់​គំនិត​បន្ថែម សូម​មើល​ទស្សនាវដ្តី លីអាហូណា និង ដើម្បី​កម្លាំង​នៃ​យុវជន ប្រចាំ​ខែ​នេះ ។

គំនិត​សម្រាប់​បង្រៀន​កុមារ

ពីព្រោះ​ថ្ងៃអាទិត្យ​នេះ ជា​ថ្ងៃអាទិត្យ​ទី៥ នៃ​ខែនេះ គ្រូបង្រៀន​អង្គការ​បឋមសិក្សា​ត្រូវបាន​លើក​ទឹកចិត្ត​ឲ្យប្រើប្រាស់​សកម្មភាព​រៀន​នៅក្នុង « ឧបសម្ព័ន្ធ ខ ៖ ការរៀបចំ​កុមារ​ឲ្យ​នៅលើ​ផ្លូវ​នៃ​សេចក្តីសញ្ញា​របស់​ព្រះ​ពេញ​មួយ​ជីវិត » ។

អាលម៉ា ១៣:១–២, ១៦

អំណាច​បព្វជិតភាព​ជួយ​ខ្ញុំ​ឲ្យ​ខិត​កាន់តែ​ជិត​ព្រះគ្រីស្ទ ។

  • របៀប​មួយ​ដើម្បី​ជួយ​កូនៗ​របស់​បងប្អូន​ឲ្យ​មើលឃើញ​អំពី​របៀប​ដែល​អំណាច​បព្វជិតភាព​ចង្អុល​បង្ហាញ​យើង​ទៅរក​ព្រះគ្រីស្ទ គឺ​ត្រូវ​បង្ហាញ​រូបភាព​នៃ​របៀប​ដែល​អំណាច​បព្វជិតភាព​ត្រូវ​បាន​ប្រើ ( សូមមើល សៀវភៅ​រូបភាព​ដំណឹងល្អ ល.រ. ១០៣–១១០ ) ។ កូនៗ​របស់​បងប្អូន​អាច​ជួយ​បងប្អូន​ឲ្យ​គិត​អំពី​របៀប​ដែល​ព្រះយេស៊ូវ​បាន​ប្រើ​ព្រះចេស្តា​របស់​ទ្រង់ ( សូម​មើល​ឧទាហរណ៍ ម៉ាថាយ ២៦:២៦–២៨; ម៉ាកុស ៥:២២–២៤, ៣៥–៤៣; សៀវភៅ​រូបភាព​ដំណឹងល្អ ល.រ. ៣៨–៤១ ) ។ ពួកគេ​អាច​អាន អាលម៉ា ១៣:២ ជាមួយ​គ្នា ហើយ​និយាយ​អំពី​របៀប​ដែល​អំណាច​បព្វជិតភាព​ជួយ​យើង​ឲ្យ « ទន្ទឹង​ចាំ​ព្រះ​រាជ​បុត្រា [ របស់​ព្រះ ] » និង​ប្រែក្លាយ​កាន់តែ​ដូចទ្រង់ ។

    រូបភាព
    ពិធី​បុណ្យ​ជ្រមុជ​ទឹក
    រូបភាព
    ព្រះយេស៊ូវ​តែងតាំង​សាវក
  • ហេតុអ្វី​បានជា​ព្រះ​ប្រទាន​ដល់​យើង​នូវ​ពិធីបរិសុទ្ធ​នៃ​បព្វជិតភាព ? សូម​ជួយ​កូនៗ​របស់​បងប្អូន​ស្វែងរក​ចម្លើយ​នៅក្នុង អាលម៉ា ១៣:១៦ ។ ប្រសិនបើ​ពួកគេ​ត្រូវការ​ជំនួយ​ដើម្បី​ដឹង​ថា​អ្វី​ជា​ពិធីបរិសុទ្ធ​នោះ មាន​បញ្ជី​ជាច្រើន​នៅក្នុង ក្បួនខ្នាត​ទូទៅ, ១៨.១ និង ១៨.២ ។ ប្រហែលជា​បងប្អូន និង​កូនៗ​របស់​បងប្អូន​អាច​និយាយ​អំពី​បទពិសោធន៍​របស់​បងប្អូន​ដែល​បាន​ទទួល​ពិធីបរិសុទ្ធ​ទាំងនេះ ។ តើ​ពិធីបរិសុទ្ធ​ទាំង​នេះ​ជួយ​យើង​ឲ្យ « ទន្ទឹង​ចាំ [ ព្រះយេស៊ូវ​គ្រីស្ទ ] ដើម្បី​បាន​ទទួល​ការផ្ដាច់បាប​ទាំងឡាយ [ របស់​យើង ] » ដោយ​របៀប​ណា ? បទចម្រៀង​ដូចជា​បទ « ពេល​ខ្ញុំ​បាន​ជ្រមុជ​ទឹក » ( សៀវភៅ​ចម្រៀង​កុមារ ទំព័រ ៥៣ ) អាច​ជួយ​កូនៗ​របស់​បងប្អូន​ឲ្យ​គិត​អំពី​ហេតុផល​ផ្សេងទៀត​ដើម្បី​មាន​អំណរគុណ​ចំពោះ​ពិធីបរិសុទ្ធ​នៃបព្វជិតភាព​ ។

អាលម៉ា ១៣:១០–១២

ព្រះយេស៊ូវ​គ្រីស្ទ​អាច​ធ្វើឲ្យ​ខ្ញុំ​ស្អាត​បាន ។

  • បន្ទាប់ពី​បាន​អាន​ខគម្ពីរ​ទាំង​នេះ​ជា​មួយគ្នា​ហើយ សូម​ពិចារណា​អំពី​របៀប​ដើម្បី​ជួយ​កូនៗ​របស់​បងប្អូន​ឲ្យ​មើល​ឃើញ​នូវ​អ្វី​ដែល​ខគម្ពីរ​ទាំងនេះ​បង្រៀន ។ ប្រហែលជា​បងប្អូន​អាច​លាងសម្អាត​អ្វី​មួយ​ជា​មួយគ្នា ។ តើ​យើង​មាន​អារម្មណ៍​យ៉ាង​ណា នៅពេល​យើង​កខ្វក់ ? តើ​យើង​មាន​អារម្មណ៍​យ៉ាង​ណា នៅពេល​យើង​បាន​ស្អាត​បាត​ម្ដងទៀត ? តើ​អារម្មណ៍​ទាំង​នេះ​ស្រដៀងគ្នា​ទៅ​នឹង​អ្វី​ដែល​យើង​ទទួល​អារម្មណ៍ នៅពេល​យើង​មាន​អំពើបាប បន្ទាប់មក​ប្រែចិត្ត ហើយ​បាន​ក្លាយ​ជា​ស្អាតស្អំ​តាមរយៈ​ដង្វាយធួន​របស់​ព្រះអង្គ​សង្គ្រោះ​ដោយ​របៀបណា ?

អាលម៉ា ១៤:១៨–២៩

ព្រះវរបិតា​សួគ៌​ពង្រឹង​ខ្ញុំ នៅពេល​ខ្ញុំ​មាន​សេចក្តី​ជំនឿ​លើ​ព្រះយេស៊ូវ​គ្រីស្ទ ។

  • ទំព័រ​សកម្មភាព​សប្តាហ៍​នេះ​អាច​ជួយ​បងប្អូន—ឬ​កូន​របស់​បងប្អូន—ប្រាប់​ដំណើររឿង​នៅក្នុង អាលម៉ា ១៤:១៨–២៩ ( សូមមើល​ផងដែរ « ជំពូកទី ២២ ៖ បេសកកម្ម​របស់​អាលម៉ា​ទៅ​ទីក្រុង​អាំម៉ូណៃហា » ដំណើររឿង​ព្រះគម្ពីរ​មរមន ទំព័រ ៥៨–៦៣ ) ។ សូម​គូស​បញ្ជាក់​ថា អាលម៉ា និង អាមូលេក​ត្រូវ​បាន​ចម្រើន​កម្លាំង​ដោយសារ « សេចក្ដី​ជំនឿ​របស់​ពួកគេ [ ដែល​មាន ] ទៅ​លើ​ព្រះគ្រីស្ទ » ( អាលម៉ា ១៤:២៦ ) ។ បងប្អូន​ក៏​អាច​និយាយ​អំពី​គ្រា​មួយ​ដែល​ព្រះ​បាន​ចម្រើន​កម្លាំង​ដល់​បងប្អូន « ស្រប​តាម​សេចក្ដី​ជំនឿ [ របស់​បងប្អូន] » បាន​ផងដែរ ។ តើ​យើង​អាច​ស្មោះត្រង់​ដូចជា​អាលម៉ា និង​អាមូលេក​ដោយ​របៀប​ណា ?

អាលម៉ា ១៥:៣–១២

ព្រះយេស៊ូវ​គ្រីស្ទ​អាច​ផ្លាស់ប្តូរ​ដួងចិត្ត​ខ្ញុំ​បាន ។

  • ការផ្លាស់ប្តូរ​ដួង​ចិត្ត​របស់ ស៊ីអែសរ៉ុម តាមរយៈ​ព្រះយេស៊ូវ​គ្រីស្ទ គឺជា​ការបំផុស​គំនិត ។ សូម​ពិចារណា​ពិនិត្យមើល​ជាមួយ​កូនៗ​របស់​បងប្អូន​នូវ​អ្វី​ដែល​ពួកគេ​បាន​រៀន​កាល​ពី​សប្តាហ៍​មុន​អំពី ស៊ីអែសរ៉ុម ។ បន្ទាប់មក បងប្អូន​អាច​អាន​ជាមួយ​គ្នា​នូវ អាលម៉ា ១៥:៣–១២ ដើម្បី​ស្វែងយល់​អំពី​របៀប​ដែល​លោក​បាន​ផ្លាស់ប្តូរ ។ តើ​យើង​រៀន​អ្វី​ខ្លះ​មកពី​បទពិសោធន៍​របស់ ស៊ីអែសរ៉ុម អំពី​ព្រះចេស្ដា​របស់​ព្រះអម្ចាស់ ? ( សូមមើល « Zeezrom Is Healed and Baptized [ វីដេអូ ] នៅលើ​បណ្ណាល័យ​ដំណឹងល្អ ) ។

ដើម្បី​ទទួល​បាន​គំនិត​បន្ថែម សូមមើល​ទស្សនាវដ្តី ប្រិយមិត្ត ប្រចាំ​ខែ​នេះ ។

រូបភាព
អាលម៉ា និង អាមូលេក នៅក្នុង​គុក

Alma and Amulek in Prison [ អាលម៉ា និង អាមូលេក នៅក្នុង​គុក ] ដោយ ហ្គែរី អិល ខាប