ចូរ​មក​តាម​ខ្ញុំ ឆ្នាំ ២០២៤
ថ្ងៃទី ១៧–២៣ ខែ មិថុនា ៖ « ព្រះយេស៊ូវ​គ្រីស្ទ​នឹង​យាងមក​ប្រោសលោះ​រាស្ត្រ​របស់​ទ្រង់ » ។ អាលម៉ា ៨–១២


« ថ្ងៃទី ១៧–២៣ ខែ មិថុនា ៖ ‹ ព្រះយេស៊ូវ​គ្រីស្ទ​នឹង​យាងមក​ប្រោសលោះ​រាស្ត្រ​របស់​ទ្រង់ › ។ អាលម៉ា ៨–១២ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​គេហដ្ឋាន និង​សាសនាចក្រ ៖ ព្រះគម្ពីរ​មរមន ឆ្នាំ ២០២៤ ( ឆ្នាំ ២០២៤ )

« ថ្ងៃទី ១៧–២៣ ខែ មិថុនា ។ អាលម៉ា ៨–១២ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​គេហដ្ឋាន និង​សាសនាចក្រ ៖ ឆ្នាំ ២០២៤ ( ឆ្នាំ ២០២៤ )

រូបភាព
អាលម៉ា​កំពុង​ផ្សព្វផ្សាយ

Teaching True Doctrine [ ការបង្រៀន​គោលលទ្ធិ​ពិត ] ដោយ ម៉ៃខល ធី ម៉ម

ថ្ងៃទី ១៧–២៣ ខែ មិថុនា ៖ ព្រះយេស៊ូវ​គ្រីស្ទ​នឹង​យាងមក​ប្រោសលោះ​រាស្ត្រ​របស់​ទ្រង់

អាលម៉ា ៨–១២

កិច្ចការ​របស់​ព្រះ​នឹង​ពុំ​បរាជ័យ​ឡើយ ។ ប៉ុន្តែ​ការខិតខំ​ប្រឹងប្រែង​របស់​យើង​ដើម្បី​ជួយ​នៅ​ក្នុង​កិច្ចការ​របស់​ទ្រង់ ជួនកាល​ហាក់​ដូចជា​បរាជ័យ—យ៉ាង​ហោចណាស់ យើង​ពុំ​អាច​មើល​ឃើញ​លទ្ធផល​ដែល​យើង​សង្ឃឹម​ចង់​បាន​ភ្លាមៗ​នោះទេ ។ យើង​អាច​នឹង​មាន​អារម្មណ៍​ដូចជា​អាលម៉ា​ខ្លះ​ដែរ នៅពេល​លោក​ផ្សាយ​ដំណឹងល្អ​នៅ​ក្រុង​អាំម៉ូណៃហា—ដែល​ត្រូវ​បាន​គេ​បដិសេធ ស្ដោះដាក់ ហើយ​បណ្ដេញ​ចេញ ។ ប៉ុន្តែ​នៅពេល​ទេវតា​ណែនាំ​លោក​ឲ្យ​ត្រឡប់​ទៅ​វិញ ហើយ​ព្យាយាម​ម្ដងទៀត អាលម៉ា​បាន « ត្រឡប់​ទៅ​វិញ​យ៉ាង​រួសរាន់ » ដោយ​ក្លាហាន ( អាលម៉ា ៨:១៨ ) ហើយ​ព្រះ​បាន​រៀបចំ​ផ្លូវ​ទុកឲ្យ​លោក ។ ទ្រង់​ពុំ​គ្រាន់​តែ​ប្រទាន​អាហារ​ឲ្យ​អាលម៉ា​បរិភោគ និង​កន្លែង​ស្នាក់​នៅ​ប៉ុណ្ណោះទេ គឺ​ទ្រង់​ថែម​ទាំង​បាន​រៀបចំ​អាមូលេក ដែល​ក្លាយជា​អ្នក​ធ្វើ​ការ​រួមគ្នា ជា​អ្នកការពារ​ដំណឹងល្អ​ដ៏​អង់អាច និង​ជា​មិត្ត​ស្មោះត្រង់​មួយរូប​ទៀតផង ។ នៅពេល​យើង​ជួប​រឿង​បរាជ័យ ឬ​ការ​ខកចិត្ត កាល​ដែល​យើង​បម្រើ​នៅ​ក្នុង​នគរ​របស់​ព្រះអម្ចាស់ យើង​អាច​ចងចាំ​ដល់​របៀប​ដែល​ព្រះ​បាន​គាំទ្រ និង​ដឹកនាំ​អាលម៉ា​បាន ហើយ​យើង​អាច​ទុកចិត្ត​ថា ព្រះ​នឹង​គាំទ្រ ហើយ​ដឹកនាំ​យើង​ផងដែរ ទោះជា​នៅ​ក្នុង​ស្ថានភាព​លំបាកៗ​យ៉ាង​ណា​ក្ដី ។

គំនិត​សម្រាប់​ការរៀន​សូត្រ​នៅ​ឯ​គេហដ្ឋាន និង​សាសនាចក្រ

អាលម៉ា ៨

រូបភាព
រូបតំណាង​ថ្នាក់​សិក្ខាសាលា
កិច្ចខិតខំ​របស់​ខ្ញុំ​ដើម្បី​ចែកចាយ​ដំណឹងល្អ​របស់​ព្រះយេស៊ូវ​គ្រីស្ទ​តម្រូវ​ឲ្យ​មាន​ការអត់ធ្មត់ ។

តើ​បងប្អូន​ធ្លាប់​ព្យាយាម​ចែកចាយ​ដំណឹងល្អ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​ជាមួយ​នរណា​ម្នាក់ ប៉ុន្តែ​ការអញ្ជើញ​របស់​បងប្អូន​ត្រូវ​បាន​គេ​បដិសេធ​ដែរ​ឬ​ទេ ? អាលម៉ា​ក៏​ធ្លាប់​មាន​បទពិសោធន៍​នោះ​ដែរ ។ តើ​បងប្អូន​រៀន​អ្វីខ្លះ​ពី​លោក​នៅក្នុង អាលម៉ា ៨:១៣–១៦ អំពី​ការចែកចាយ​ដំណឹងល្អ ទោះជា​មាន​ឧបសគ្គ និង​ការជំទាស់​ក្តី ? សូម​បន្ត​អាន​នៅក្នុង ខទី ១៧–៣២ ហើយ​រកមើល​ឃ្លា​ដែល​បំផុស​គំនិត​បងប្អូន​ឲ្យ​បន្ត​ចែកចាយ​ដំណឹងល្អ ទោះបីជា​បងប្អូន​ហាក់​ដូចជា​មិន​ជោគជ័យ​ក៏ដោយ ។

ព្យាការី និង​សាវក​គឺជា​សាក្សី​ពិសេស​របស់​ព្រះគ្រីស្ទ ដូច្នេះ​ពួកលោក​មាន​ដំបូន្មាន​ដ៏​បំផុស​គំនិត​ជាច្រើន ដើម្បី​ចែកចាយ​អំពី​ការថ្លែង​ទីបន្ទាល់​អំពី​ទ្រង់ ។ សូម​មើល​អ្វី​ដែល​អែលឌើរ ឌៀថើរ អេហ្វ អុជដូហ្វ បាន​មាន​ប្រសាសន៍​នៅក្នុង « But What If It’s Hard? » ( ផ្នែក​មួយ​នៅក្នុង « Missionary Work: Sharing What Is in Your Heart » Liahona ខែ ឧសភា ឆ្នាំ ២០១៩ ទំព័រ ១៨ ) ឬ​អ្វី​ដែល​អែលឌើរ ហ្គែរី អ៊ី ស្ទីវ៉ែនសុន បាន​ចែកចាយ​នៅក្នុង « ស្រឡាញ់ ចែកចាយ អញ្ជើញ » ( លីអាហូណា ខែ ឧសភា ឆ្នាំ ២០២២ ទំព័រ ៨៤–៨៧ ) ។ តើ​បងប្អូន​រកឃើញ​អ្វីខ្លះ​នៅ​ទីនោះ ដែល​អាច​ជួយ​នរណា​ម្នាក់​ដែល​ចាប់ផ្តើម​មាន​អារម្មណ៍​បាក់​ទឹកចិត្ត​ក្នុងការ​ចែកចាយ​ដំណឹងល្អ ?

តើ​បងប្អូន​នឹង​សង្ខេប​អ្វី​គ្រប់យ៉ាង​ដែល​បងប្អូន​បាន​សិក្សា​នៅ​ទីនេះ​ជា​សេចក្ដី​ថ្លែងការណ៍​លើក​ទឹកចិត្ត​មួយ ឬ​ពីរ​អំពី​ការចែកចាយ​ដំណឹងល្អ​ដោយ​របៀប​ណា ? សូម​ពិចារណា​បង្កើត​ប័ណ្ណប្រកាស ឬ មីម ដែល​អាច​បំផុស​គំនិត​ដល់​បងប្អូន ( និង​អ្នក​ផ្សេងទៀត ) ឲ្យ​បន្ត​ព្យាយាម ។

សូមមើល​ផងដែរ « ជួយ​ខ្ញុំ​បង្រៀន​ដោយ​ការបំផុស » ទំនុក​តម្កើង ល.រ. ១៧៥; « Alma Is Commanded by an Angel to Return to Ammonihah » ( វីដេអូ ) នៅលើ​បណ្ណាល័យ​ដំណឹងល្អ; Gospel Topics « Inviting All to Receive the Gospel of Jesus Christ » នៅលើ​បណ្ណាល័យ​ដំណឹងល្អ ។

អាលម៉ា ៩:១៤–២៣

ពរជ័យ​របស់​ព្រះ​បានមក​ដោយ​ការទទួល​ខុសត្រូវ​ខ្ពស់ ។

នៅ​ពេល​អាន​អំពី​របៀប​ដែល​ពួក​សាសន៍​នីហ្វៃ​នៅ​ក្រុង​អាំម៉ូណៃហា បាន​ធ្វើ​ចំពោះ​ពួក​អ្នក​បម្រើ​របស់​ព្រះអម្ចាស់ វា​ងាយ​ភ្លេច​ថា ពួកគេ​ធ្លាប់​រស់នៅ​ក្នុង​ដំណឹងល្អ ដែល « បាន​ប្រោសប្រណី​ជា​ខ្លាំង​ពី​ព្រះអម្ចាស់ » ( អាលម៉ា ៩:២០ ) ។ នៅពេល​បងប្អូន​អាន​អំពី​ពរជ័យ​ដ៏​មហិមា ដែល​ព្រះ​បាន​ប្រទាន​ដល់​ប្រជាជន​នីហ្វៃ ( សូមមើល​ជាពិសេស អាលម៉ា ៩:១៩–២៣ ) សូម​ពិចារណា​អំពី​ពរជ័យ​ដ៏​មហិមា ដែល​ទ្រង់​បាន​ប្រទាន​ដល់​បងប្អូន ។ តើ​ការទទួល​ខុស​ត្រូវ​អ្វីខ្លះ​ដែលមក​ជាមួយ​នឹង​ពរជ័យ​ទាំងនេះ ? តើ​បងប្អូន​ធ្វើ​អ្វី​ដើម្បី​បន្ត​មាន​ការទទួល​ខុសត្រូវ​ទាំងនេះ ?

សូមមើល​ផងដែរ គោលលទ្ធិ និង សេចក្តីសញ្ញា ៥០:២៤; ៨២:៣; ៩៣:៣៩ ។

អាលម៉ា ១១–១២

ផែនការ​របស់​ព្រះ​គឺ​ជា​ផែនការ​នៃ​សេចក្ដី​ប្រោសលោះ ។

នៅក្នុង អាលម៉ា ១១–១២ អាលម៉ា និង​អាមូលេក សំដៅ​ទៅលើ​ផែនការ​របស់​ព្រះ​ថា​ជា​ផែនការ​នៃ​សេចក្ដី​ប្រោសលោះ ។ នៅពេល​បងប្អូន​អាន​ជំពូក​ទាំងនេះ សូម​ពិចារណា​អំពី​មូលហេតុ​ដែល​ពាក្យ ការប្រោសលោះ បានប្រើ​ដើម្បី​ពិពណ៌នា​អំពី​ផែនការ​នេះ ។ សូម​ពិចារណា​សរសេរ​សេចក្ដី​សង្ខេប​ខ្លី​មួយ​អំពី​អ្វី​ដែល​អាលម៉ា និង​អាមូលេក បាន​បង្រៀន​អំពី​ទិដ្ឋភាព​នៃ​ផែនការ​ដូច​ខាងក្រោម​នេះ ៖

  • ការធ្លាក់

  • ព្រះប្រោសលោះ

  • ការប្រែចិត្ត

  • សេចក្ដី​ស្លាប់

  • ការ​រស់​ឡើងវិញ

  • ការជំនុំ​ជម្រះ

សូម​កត់ចំណាំ​អំពី​ឥទ្ធិពល​នៃ​ពាក្យ​សម្ដី​របស់​អាមូលេក​ដែល​មាន​ទៅ​លើ​ប្រជាជន ( សូមមើល អាលម៉ា ១១:៤៦ ) ។ តើ​ការដឹង​អំពី​ផែនការ​របស់​ព្រះ​មាន​ឥទ្ធិពល​លើ​បងប្អូន​យ៉ាង​ដូចម្ដេច ?

សូមមើល​ផងដែរ ដាល្លិន អេក អូក « The Great Plan » Liahona ខែ ឧសភា ឆ្នាំ ២០២០ ទំព័រ ៩៣–៩៦; « Amulek Testifies of Jesus Christ » ( វីដេអូ ) នៅលើ​បណ្ណាល័យ​ដំណឹងល្អ ។

អាលម៉ា ១២:៨–១៨

ប្រសិន​បើ​ខ្ញុំ​មិន​មាន​ចិត្ត​រឹងរូស​ទេ ខ្ញុំ​អាច​ទទួល​បាន​ព្រះបន្ទូល​នៃ​ព្រះ​កាន់តែ​ច្រើន ។

មនុស្ស​មួយ​ចំនួន​អាច​ឆ្ងល់​ថា ហេតុអ្វី​បាន​ជា​ព្រះវរបិតា​សួគ៌​មិន​ធ្វើ​ឲ្យ​យើង​ដឹង​អ្វីៗ​ទាំងអស់​ទៅ ។ នៅក្នុង អាលម៉ា ១២:៩–១៤ អាលម៉ា​បាន​ពន្យល់​ពី​ហេតុផល​មួយ​ដែល​អាច​កើត​មាន ។ សំណួរ​ទាំងនេះ​អាច​ជួយ​បងប្អូន​ឲ្យ​ពិចារណា​អំពី​អ្វី​ដែល​លោក​បាន​បង្រៀន ៖

  • តើ​ការមាន​ចិត្ត​រឹងរូស​មាន​ន័យ​ដូចម្ដេច ? តើ​ការ​មាន​ចិត្ត​រឹងរូស​មាន​លទ្ធផល​អ្វី​ខ្លះ? ( សូមមើល​ផងដែរ អាលម៉ា ៨:៩–១១; ៩:៥, ៣០–៣១ និង ១០:៦, ២៥ ) ។

  • តើ​បងប្អូន​អាច​ធ្វើ​អ្វីខ្លះ​ដើម្បី​បង្វែរ​ចិត្ត​បងប្អូន​ទៅរក​ព្រះ ? (សូមមើល យេរេមា ២៤:៧; អាលម៉ា ១៦:១៦; ហេលេមិន ៣:៣៥ ) ។

  • តើ​បងប្អូន​អាច​ធ្វើ​អ្វីខ្លះ​ដើម្បី​ឲ្យ​ប្រាកដ​ថា ព្រះបន្ទូល​របស់​ព្រះ « មាន​នៅ​ក្នុង [ ខ្លួន​បងប្អូន ] » ? ( អាលម៉ា ១២:១៣ ) ។ នៅពេល​បងប្អូន​មាន​ព្រះបន្ទូល​របស់​ព្រះ​នៅ​ក្នុង​ខ្លួន​របស់​បងប្អូន តើ​ព្រះបន្ទូល​មាន​ឥទ្ធិពល​អ្វីខ្លះ ទៅ​លើ « ពាក្យសម្ដី » « កិច្ចការ » និង « គំនិត » របស់​បងប្អូន ? ( អាលម៉ា ១២:១៤ ) ។

តើ​បទពិសោធន៍​របស់​អាមូលេក​បង្រៀន​បងប្អូន​អ្វីខ្លះ អំពី​ពរជ័យ​នៃ​ការមាន​ចិត្ត​ទន់ភ្លន់ ? ( សូមមើល អាលម៉ា ១០:១–១១ ) ។

សូមមើល​ផង​ដែរ « Alma Warns Zeezrom » ( វីដេអូ ) នៅលើ​បណ្ណាល័យ​ដំណឹងល្អ ។

ដើម្បី​ទទួល​បាន​គំនិត​បន្ថែម សូមមើល​ទស្សនាវដ្តី លីអាហូណា និង ដើម្បី​កម្លាំង​នៃ​យុវជន ប្រចាំ​ខែ​នេះ ។

គំនិត​សម្រាប់​បង្រៀន​កុមារ

អាលម៉ា ៨–១០

ខ្ញុំ​អាច​ចែកចាយ​ដំណឹងល្អ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​បាន ។

  • ទំព័រ​សកម្មភាព​សប្តាហ៍​នេះ​អាច​ជួយ​បងប្អូន​ឲ្យ​សង្ខេប​ព្រឹត្តិការណ៍​នៅក្នុង អាលម៉ា ៨–១០ សម្រាប់​កូនៗ​របស់​បងប្អូន ។ បងប្អូន​ប្រហែលជា​ចង់​ជួយ​ពួកគេ​ឲ្យ​ស្វែងរក​គោលការណ៍​ដែល​ធ្វើ​ឲ្យ​អាលម៉ា និង អាមូលេក ជា​អ្នកផ្សព្វផ្សាយ​សាសនា​ដ៏​ល្អ ។ ឧទាហរណ៍ ពួកលោក​មិន​បាន​បោះបង់​ចោល​ឡើយ ( សូមមើល អាលម៉ា ៨:៨–១៣ ) ពួកលោក​ថ្លែង​ទីបន្ទាល់​ពី​ព្រះគ្រីស្ទ ( សូមមើល អាលម៉ា ៩:២៦–២៧ ) ហើយ​ពួកលោក​ធ្វើការ​ជាមួយ​គ្នា ( សូមមើល អាលម៉ា ១០:១២ ) ។

  • បទចម្រៀង​អំពី​កិច្ច​ផ្សព្វផ្សាយសាសនា ដូចជា​បទ « ខ្ញុំ​ចង់​ក្លាយ​ជា​អ្នក​ផ្សាយ​សាសនា​ពេល​នេះ » ( សៀវភៅ​ចម្រៀង​កុមារ ទំព័រ ៩០ ) អាច​ជួយ​កូនៗ​របស់​បងប្អូន​ឲ្យគិត​អំពី​របៀប​ដែល​ពួកគេ​អាច​ចែកចាយ​ដំណឹងល្អ​ជាមួយ​មិត្តភក្តិ​របស់​ពួកគេ​បាន ។ សូម​អញ្ជើញ​ពួកគេ​ឲ្យ​រាយបញ្ជី​គំនិត​ដែល​ពួកគេ​រកឃើញ និង​បុគ្គល​ដែល​ពួកគេ​អាច​ចែកចាយ​ដំណឹងល្អ​ជាមួយ ។ បងប្អូន​ក៏​អាច​អនុញ្ញាត​ឲ្យ​ពួកគេ​សម្តែង​ពី​អ្វី​ដែល​ពួកគេ​អាច​និយាយ ឬ​ធ្វើ​ផងដែរ ។

លើក​ទឹកចិត្ត​ឲ្យ​មាន​ការចូលរួម ។ នៅពេល​បងប្អូន​រៀបចំ​ខ្លួន​បង្រៀន ជំនួស​ឲ្យ​ការរៀបចំ​ផែនការ​អ្វី​ដែល​ត្រូវ​និយាយ សូម​សួរ​ខ្លួនឯង​ថា « តើ កុមារ​នឹង​ធ្វើ អ្វី​ដើម្បី​រៀន ? » កុមារ​នឹង​រៀន​បាន​ប្រសើរ​ជាងមុន និង​ចងចាំ​បាន​យូរ នៅពេល​ដែល​ពួកគេ​ចូលរួម​យ៉ាងសកម្ម ។

អាលម៉ា ១១–១២

ផែនការ​របស់​ព្រះ​គឺ​ជា​ផែនការ​នៃ​សេចក្ដី​ប្រោសលោះ ។

  • ប្រហែល​ជា​កូនៗ​របស់​បងប្អូន​អាច​គូរ​រូបភាព​មួយ​ដែល​តំណាង​ឲ្យ​គោលការណ៍​នៃ​ផែនការ​នៃ​សេចក្តី​ប្រោសលោះ ដូចជា ការធ្លាក់​នៃ​លោកអ័ដាម និង​នាង​អេវ៉ា ដង្វាយធួន​របស់​ព្រះយេស៊ូវ​គ្រីស្ទ ការប្រែចិត្ត សេចក្តីស្លាប់ ការ​រស់ឡើងវិញ និង​ការជំនុំ​ជម្រះ ។ បន្ទាប់មក បងប្អូន​អាច​ជួយ​ឲ្យ​ពួកគេ​ផ្គូផ្គង​រូបភាព​របស់​ពួកគេ​ទៅនឹង​ខគម្ពីរ​នៅក្នុង អាលម៉ា ១១–១២ ដែល​បង្រៀន​អំពី​គោលការណ៍​ទាំងនេះ ។

អាលម៉ា ៨:១៨–២២

ខ្ញុំ​អាច​ក្លាយ​ជា​កល្យាណ​មិត្ត​ម្នាក់ ។

  • បងប្អូន​អាច​អញ្ជើញ​កុមារ​ម្នាក់​ឲ្យ​ធ្វើ​ជា​អាមូលេក និង​កុមារ​ម្នាក់​ទៀត​ឲ្យ​ធ្វើ​ជា​អាលម៉ា ពេល​បងប្អូន​ប្រាប់​ដំណើររឿង​នៅក្នុង អាលម៉ា ៨:១៨–២២ ។ តើ​អាមូលេក ជា​មិត្ត​ល្អ​របស់​អាលម៉ា​យ៉ាង​ដូចម្ដេច ? បន្ទាប់មក កូនៗ​របស់​បងប្អូន​អាច​ចែកចាយ​ពី​របៀប​ដែល​នរណា​ម្នាក់​ធ្លាប់​ជាមិត្ត​នឹង​ពួកគេ ហើយ​តើ​បទពិសោធន៍​នោះ​ធ្វើ​ឲ្យ​ពួកគេ​មាន​អារម្មណ៍​យ៉ាងណា ។

  • ប្រហែលជា​បងប្អូន​អាច​បង្កើត​ល្បែង​ផ្គុំរូប​ពី​មិត្តភាព ៖ សូម​ស្វែងរក ឬ​គូរ​រូបភាព​ដែល​តំណាង​ឲ្យ​មិត្តភាព ហើយ​កាត់​វា​ជា​បំណែក​ល្បែង​ផ្គុំរូប ។ នៅផ្នែក​ខាងក្រោយ​នៃ​បំណែក​នីមួយៗ សូម​សរសេរ​អ្វីមួយ​ដែល​យើង​អាច​ធ្វើ​បាន​ដើម្បី​ធ្វើជា​មិត្តល្អ រួមទាំង​អ្វីៗ​ដែល​អាលម៉ា និង​អាមូលេក​បានធ្វើ​ផងដែរ ។ កូនៗ​របស់​បងប្អូន​ប្ដូរ​វេន​គ្នា​ជ្រើសរើស​បំណែក​មួយ ហើយ​ដាក់​វា​ទៅ​ក្នុង​ក្រដាស​ផ្គុំ​នោះ ពេល​បងប្អូន​អាន​អ្វី​ដែល​បាន​សរសេរ​នៅ​ពី​ក្រោយ​ក្រដាស​ផ្គុំ​នោះ ។ តើ​នរណា​ត្រូវការ​មិត្តភាព​របស់​យើង ?

រូបភាព
កុមារី​ពីរ​នាក់​សើច

យើង​អាច​ធ្វើ​ជា​កល្យាណមិត្ត​ជាមួយ​មនុស្ស​ដទៃ​បាន ។

អាលម៉ា ១១:៤៣–៤៤

ដោយសារតែ​ព្រះយេស៊ូវគ្រីស្ទ ខ្ញុំ​នឹង​រស់ឡើងវិញ​ម្តងទៀត ។

  • សូម​ពិចារណា​ពី​មេរៀន​ដែល​ប្រើ​វត្ថុ​ដូច​មេរៀន​នេះ ដើម្បី​បង្រៀន​អំពី​ការរស់​ឡើងវិញ ៖ ដៃ​របស់​បងប្អូន​អាច​តំណាង​ឲ្យ​វិញ្ញាណ​របស់​បងប្អូន ហើយ​ស្រោមដៃ​អាច​តំណាង​ឲ្យ​រូបកាយ​របស់បងប្អូន ។ សូម​ដក​ស្រោម​ដៃ​ចេញ​ពី​ដៃ​បងប្អូន ដើម្បី​បង្ហាញ​ថា វិញ្ញាណ និង​រូបកាយ​របស់យើង​នឹង​បែក​ចេញ​ពី​គ្នា​នៅពេល​យើង​ស្លាប់​ទៅ ។ បន្ទាប់​មក សូម​ពាក់​ស្រោម​ដៃ​ចូល​ដៃ​របស់​បងប្អូន​វិញ ដើម្បី​បង្ហាញ​ថា វិញ្ញាណ និង​រូបកាយ​របស់យើង​នឹង​ចូល​គ្នាវិញ​ម្តង​ទៀត នៅពេល​នៃ​ការរស់​ឡើង​វិញ ។ សូម​អនុញ្ញាត​ឲ្យ​កូនៗ​របស់​បងប្អូន​ប្ដូរវេន​គ្នា​ពាក់​ស្រោមដៃ ហើយ​ដោះ​វា​ចេញ​វិញ នៅពេល​បងប្អូន​អាន អាលម៉ា ១១:៤៣ ឲ្យ​ពួកគេ​ស្ដាប់ ។ សូម​បង្ហាញ​រូបភាព​ព្រះអង្គ​សង្គ្រោះ​ដែល​មាន​ព្រះជន្ម​រស់​ឡើង​វិញ ( សូមមើល សៀវភៅ​រូបភាព​ដំណឹងល្អ ល.រ. ៥៩ ) ហើយ​ថ្លែង​ទីបន្ទាល់​ថា ព្រះយេស៊ូវ​គ្រីស្ទ​អាច​ធ្វើ​ឲ្យ​មនុស្ស​គ្រប់​រូប​រស់​ឡើង​វិញ​បាន ។

ដើម្បី​ទទួល​បាន​គំនិត​បន្ថែម សូមមើល​ទស្សនាវដ្តី ប្រិយមិត្ត ប្រចាំ​ខែ​នេះ ។

រូបភាព
អាលម៉ា​កំពុង​ទទួលទាន​អាហារ​ជាមួយ​អាមូលេក

Illustration of Alma eating with Amulek [ រូបភាព​របស់​អាលម៉ា​កំពុង​ទទួលទាន​អាហារ​ជាមួយ​អាមូលេក ] ដោយ ដាន ប៊ើរ