ចូរ​មក​តាម​ខ្ញុំ ឆ្នាំ ២០២៤
ថ្ងៃទី ៣–៩ ខែ មិថុនា ៖ « ពួកគេ​មាន​ចិត្ត​ខ្ជាប់ខ្ជួន ហើយ​មុតមាំ » ។ ម៉ូសាយ ២៩–អាលម៉ា ៤


« ថ្ងៃទី ៣–៩ ខែ មិថុនា ៖ ‹ ពួកគេ​មាន​ចិត្ត​ខ្ជាប់ខ្ជួន ហើយ​មុតមាំ › ។ ម៉ូសាយ ២៩–អាលម៉ា ៤ » ចូរ​មក​តាម​ខ្ញុំ–សម្រាប់​គេហដ្ឋាន និង​សាសនាចក្រ ៖ ព្រះគម្ពីរ​មរមន ឆ្នាំ ២០២៤ ( ឆ្នាំ ២០២៤ )

« ថ្ងៃទី ៣–៩ ខែ មិថុនា ។ ម៉ូសាយ ២៩–អាលម៉ា ៤ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​គេហដ្ឋាន និង​សាសនាចក្រ ៖ ឆ្នាំ ២០២៤ ( ឆ្នាំ ២០២៤ )

រូបភាព
អាលម៉ា​ជា​កូន​កំពុង​ផ្សព្វផ្សាយ

Alma the Younger Preaching [ អាលម៉ា​ជា​កូន​កំពុង​ផ្សព្វផ្សាយ ] ដោយ ហ្គែរី អិល ខេប

ថ្ងៃទី ៣–៩ ខែ មិថុនា ៖ « ពួកគេ​មាន​ចិត្ត​ខ្ជាប់ខ្ជួន ហើយ​មុតមាំ »

ម៉ូសាយ ២៩អាលម៉ា ៤

បងប្អូន​មួយ​ចំនួន​អាច​មើល​ឃើញ​សំណើ​សុំ​របស់​ស្ដេច​ម៉ូសាយ​ដើម្បី​ឲ្យ​ដាក់​មេចៅក្រម​ដែល​បាន​រើសតាំង​មក​ជំនួស​ស្ដេច​វិញ ថា​ជា​ការផ្លាស់ប្ដូរ​ទម្រង់​ខាង​នយោបាយ​ដ៏​ឆ្លាតវៃ ។ ប៉ុន្តែ​ចំពោះ​ពួក​សាសន៍​នីហ្វៃ​វិញ ជាពិសេស​អស់អ្នក​ដែល​រស់នៅ​ក្រោម​ស្ដេច​ណូអេ​ដ៏​ទុច្ចរិត ការផ្លាស់ប្ដូរ​នេះ​ក៏មាន​សារៈសំខាន់​ខាង​វិញ្ញាណ​ផងដែរ ។ ពួកគេ​បានឃើញ​ពី​របៀប​ដែល​ស្តេច​ដ៏​ទុច្ចរិត​បាន​ជះឥទ្ធិពល​ដល់​រាស្ដ្រ​របស់​ទ្រង់ ហើយ​ពួកគេ « មាន​ចិត្ត​រសាប់រសល់​ជា​ខ្លាំង » ដើម្បី​បាន​រួចផុត​ពី​ឥទ្ធិពល​បែប​នេះ ។ ការផ្លាស់ប្ដូរ​នេះ​នឹង​អនុញ្ញាត​ឲ្យ​ពួកគេ​ទទួល​ខុសត្រូវ​ចំពោះ​សេចក្ដីសុចរិត​ផ្ទាល់ខ្លួន និង « ទទួល​ខុសត្រូវ​ចំពោះ​អំពើបាប [ របស់​ខ្លួន​ពួកគេ ] ផ្ទាល់ » ( ម៉ូសាយ ២៩:៣៨ ) ។

ប្រាកដណាស់ នៅ​ចុង​បញ្ចប់​នៃ​រជ្ជកាល​របស់​ស្ដេច​ទាំងឡាយ ពុំ​មែន​មានន័យ​ថា​ជា​ចុង​បញ្ចប់​នៃ​បញ្ហា​ទាំងឡាយ​ដែល​មាន​នៅ​ក្នុង​សង្គម​របស់​ពួក​សាសន៍​នីហ្វៃ​នោះ​ទេ ។ មនុស្ស​ដែល​មាន​ឧបាយកល​ដូចជា​នីហូរ និង​អាំលីសៃ បាន​ណែនាំ​ឲ្យ​មាន​គំនិត​ខុស​ឆ្គង អ្នក​ដែល​ពុំ​ជឿ​បាន​ធ្វើ​ទុក្ខ​បៀតបៀន​ដល់​ពួកបរិសុទ្ធ ហើយ​សមាជិក​សាសនាចក្រ​ជា​ច្រើន​បាន​ក្លាយ​ជា​មាន​ភាព​ឆ្មើងឆ្មៃ ហើយ​បាន​ធ្លាក់​ចុះ ។ ប៉ុន្តែ « ពួកជន​ដែល​បន្ទាប​ខ្លួន​ដើរតាម​ព្រះ » បន្ដ​មាន « ចិត្ត​ខ្ជាប់​ខ្ជួន ហើយ​មុតមាំ » ទោះ​ជា​មាន​រឿង​អ្វី​បាន​កើត​ឡើង​នៅ​ជុំ​វិញ​ពួកគេ​ក្ដី ( អាលម៉ា ៤:១៥; ១:២៥ ) ។

គំនិត​សម្រាប់​ការរៀន​សូត្រ​នៅ​ឯ​គេហដ្ឋាន និង​សាសនាចក្រ

ម៉ូសាយ ២៩:២៦–២៧; អាលម៉ា ២:១–៧

ខ្ញុំ​អាច​ធ្វើ​ជា​ឥទ្ធិពល​វិជ្ជមាន​មួយ​នៅក្នុង​សហគមន៍​របស់​ខ្ញុំ​បាន ។

ក្នុង​រយៈពេលតែ​ប្រាំ​ឆ្នាំ​នៃ​រជ្ជកាល​នៃ​ពួក​ចៅក្រម​ប៉ុណ្ណោះ នោះ​បាន​កើត​មាន​វិបត្តិ​មួយ​ឡើង ដែល​នឹង​សាកល្បង​ដល់​សេចក្ដី​ប្រកាស​របស់​ស្តេច​ម៉ូសាយ​ថា ជាធម្មតា សំឡេង​ប្រជាជន​នឹង​ជ្រើសរើស​អ្វី​ដែល​ត្រឹមត្រូវ ( សូមមើល ម៉ូសាយ ២៩:២៦ ) ។ សូម​សិក្សា អាលម៉ា ២:១–៧ ដើម្បី​ស្វែងយល់​ពី​បញ្ហា​នេះ និង​អ្វី​ដែល​ពួក​សាសន៍​នីហ្វៃ​បានធ្វើ​អំពី​រឿងនេះ ។ តើ​មាន​អ្វី​កើត​ឡើង​ប្រសិនបើ « ប្រជាជន​នៃ​សាសនាចក្រ » មិន​បាន​បញ្ចេញមតិ​នោះ​ទេ ? តើ​បងប្អូន​បាន​រៀន​អ្វី​ទៀត​ចេញពី​ដំណើររឿង​នេះ អំពី​របៀប​ដែល​ព្រះអម្ចាស់​ចង់​ឲ្យ​បងប្អូន​ចូលរួម​នៅក្នុង​សហគមន៍​របស់​បងប្អូន ? ( សូមមើល​ផងដែរ សូមមើល ម៉ូសាយ ២៩:២៦–២៧ ) ។

តើ​បញ្ហា​សំខាន់​អ្វីខ្លះ​ដែល​សហគមន៍​របស់​បងប្អូន​កំពុង​ប្រឈមមុខ ? ដូចជា​ពួក​សាសន៍​នីហ្វៃ​ដែរ សូម​ពិចារណា​ពី​របៀប​ដែល​បងប្អូន​អាច​ធ្វើឲ្យ​ប្រាកដ​ថា សំឡេង​របស់​បងប្អូន​ត្រូវ​បាន​រាប់​បញ្ចូល​នៅក្នុង « សំឡេង​ប្រជាជន » ។ ក្នុងនាមជា​អ្នកដើរ​តាម​ព្រះយេស៊ូវ​គ្រីស្ទ តើ​បងប្អូន​អាច​មាន​ឥទ្ធិពល​ល្អ​ទៅលើ​សហគមន៍​របស់​បងប្អូន​តាម​របៀប​ណា​ទៀត ?

សូមមើល​ផង​ដែរ ដាល្លិន អេក អូក « Love Your Enemies » Liahona ខែ វិច្ឆិកា ឆ្នាំ ២០២០ ទំព័រ ២៦–២៩ ។

អាលម៉ា ១

ព្រះបន្ទូល​នៃ​ព្រះ​អាច​ជួយ​ខ្ញុំ​ឲ្យ​ស្គាល់​គោលលទ្ធិ​ក្លែងក្លាយ​បាន ។

ទោះ​ជា​នៅ​ទីបំផុត នីហូរ បាន​សារភាព​ថា អ្វី​ដែល​គាត់​បាន​បង្រៀន​ខុសឆ្គង​ក្ដី ក៏​ការបង្រៀន​របស់​គាត់​បន្ដ​មាន​ឥទ្ធិពល​ទៅលើ​ពួក​សាសន៍​នីហ្វៃ​អស់​ជាច្រើន​ឆ្នាំ​ផងដែរ ។ ហេតុអ្វី​បងប្អូន​គិត​ថា ប្រជាជន​ចូលចិត្ត​អ្វី​ដែល​នីហូរ​បាន​បង្រៀន ? នៅក្នុង អាលម៉ា ១:២–៦ សូម​រកមើល​ពាក្យ​កុហក​នៅក្នុង​ការបង្រៀន​របស់ នីហូរ—និង​សេចក្តីពិត​ដែល​គាត់​បាន​ប្រើ​ដើម្បី​លាក់​ការកុហក​ទាំងនោះ ។

គេឌាន បាន​ទប់ទល់​នឹង​នីហូរ « ដោយ​ព្រះបន្ទូល​នៃ​ព្រះ » ( អាលម៉ា ១:៧, ៩ ) ។ ទាំងនេះ​គឺជា​ខគម្ពីរ​មួយ​ចំនួន​ដែល​បដិសេធ​ការមិនពិត​របស់​នីហូរ ៖ ម៉ាថាយ ៧:២១–២៣; នីហ្វៃទី​២ ២៦:២៩–៣១; ម៉ូសាយ ១៨:២៤–២៦ និង ហេលេមិន ១២:២៥–២៦ ។ សូម​ព្យាយាម​សង្ខេប​វគ្គបទគម្ពីរ​នីមួយៗ ។ តើ​បងប្អូន​បានរៀន​អ្វី​ខ្លះ​មកពី​ព្យាការី​ដែល​នៅរស់ ដែល​បដិសេធ​ការបង្រៀន​ខុសឆ្គង​នៅក្នុង​សម័យ​របស់​យើង ?

អាលម៉ា ១:១៩–៣១; ៤:៦–១៥

សិស្ស​ពិតប្រាកដ​របស់​ព្រះយេស៊ូវ​គ្រីស្ទ​គឺជា « ពួកជន​ដែល​បន្ទាប​ខ្លួន​ដើរតាម​ព្រះ » ។

ជំពូក​ទី ១ និង  នៃ​គម្ពីរ​អាលម៉ា បាន​ពិពណ៌នា​អំពី​គ្រា​ទាំងឡាយ​នៅពេល​ដែល​សាសនាចក្រ​បាន​រីកចម្រើន ប៉ុន្តែ​សមាជិក​សាសនាចក្រ​បាន​ឆ្លើយតប​ចំពោះ​ភាព​រីកចម្រើន​នោះ​ខុសៗ​គ្នា ។ ឧទាហរណ៍ សូម​ប្រៀបធៀប អាលម៉ា ១:១៩–៣០ ជាមួយនឹង អាលម៉ា ៤:៦–១៥ ដើម្បី​មើល​ពី​របៀប​ដែល​សមាជិក​សាសនាចក្រ​បាន​ផ្លាស់ប្តូរ​នៅក្នុង​រយៈពេល​តែ​ពីរបី​ឆ្នាំ​ប៉ុណ្ណោះ ។ ដោយ​ផ្អែក​លើ​អ្វី​ដែល​បងប្អូន​បាន​អាន តើ​ជន​ដែល​ដើរតាម​ព្រះយេស៊ូវ​គ្រីស្ទ​ពិតប្រាកដ មាន​អារម្មណ៍​យ៉ាង​ណា​ចំពោះ​ជន​ដែល​មាន​ជំនឿ​ផ្សេងៗទៀត ? តើ​ជន​ដែល​ដើរ​តាម​ព្រះ​គ្រីស្ទ​ពិតប្រាកដ​មាន​អាកប្បកិរិយា​យ៉ាង​ណា​ចំពោះ​ទ្រព្យសម្បត្តិ និង​ភាពរីកចម្រើន ? តើ​បងប្អូន​ទទួល​អារម្មណ៍​បំផុស​គំនិត​ឲ្យ​ផ្លាស់ប្ដូរ​អ្វី​ខ្លះ​នៅ​ក្នុង​អាកប្បកិរិយា​របស់​បងប្អូន​ផ្ទាល់ ?

សូម​ប្រៀប​ប្រដូច​ព្រះគម្ពីរ​ទៅ​នឹង​ខ្លួន​របស់​បងប្អូន ។ សូម​ពិចារណា​អំពី​របៀប​ដែល​ដំណើររឿង និង​ការបង្រៀន​ក្នុង​ព្រះគម្ពីរ​ទាំងឡាយ​អនុវត្ត​បាន​ក្នុង​ជីវិត​របស់​បងប្អូន ។ ឧទាហរណ៍ បងប្អូន​អាច​រកឃើញ​ភាពស្រដៀង​គ្នា​រវាង​បញ្ហា​ដែល​បងប្អូន​សង្កេត​ឃើញ​នៅ​សព្វថ្ងៃនេះ និង​បញ្ហា​ដែល​ពួក​សាសន៍​នីហ្វៃ​បាន​ប្រឈមមុខ​នៅក្នុង អាលម៉ា ១–៤ ។

អាលម៉ា ៤:៦–២០

រូបភាព
រូបតំណាង​ថ្នាក់​សិក្ខាសាលា
គំរូ និង​ទីបន្ទាល់​របស់​ខ្ញុំ​អាច​ផ្លាស់ប្តូរ​ដួងចិត្ត​បាន ។

ប្រហែល​ជា​បងប្អូន​អាច​យល់ពី​ភាពសោកសៅ​ដែល​អាលម៉ា​មាន នៅពេល​លោក​បាន​ឃើញ​អ្វី​ដែល​កំពុង​កើតឡើង​ក្នុង​ចំណោម​ប្រជាជន​របស់​លោក ។ សូម​រកមើល​បញ្ហា​ទាំងឡាយ​ដែល​លោក​បាន​មើលឃើញ​នៅក្នុង អាលម៉ា ៤:៦–១៥ ។ តើ​បងប្អូន​មាន​បាន​សង្កេតឃើញ​បញ្ហា​ស្រដៀងគ្នា​ណាមួយ​ដែរ​ឬ​ទេ ? ប្រហែល​ជា​បងប្អូន​បារម្ភ​ពី​មនុស្ស​ជា​ទីស្រឡាញ់​ម្នាក់​ដែល​ពុះពារ​ជាមួយនឹង​បញ្ហា​ទាំងនេះ ។ តើ​បងប្អូន​ធ្លាប់​ឆ្ងល់​ទេ​ថា តើ​បងប្អូន​អាច​ជួយ​អ្វី​បាន​ដែរ​ឬ​ទេ ?

អ្នក​ខ្លះ​អាច​និយាយ​ថា ក្នុង​នាមជា​មេ​ចៅក្រម អាលម៉ា​គឺជា​បុគ្គល​ដ៏​ត្រឹមត្រូវ​បំផុត​ដើម្បី​ដោះស្រាយ​បញ្ហា​ទាំងនេះ ។ ប៉ុន្តែ​អាលម៉ា​បាន​មាន​អារម្មណ៍​ថា​មាន​របៀប​មួយ​ដែល​ល្អ​ប្រសើរ​ជាងនេះ ។ ពេល​បងប្អូន​អាន ខទី ១៦–២០ តើ​អ្វី​ដែល​ធ្វើ​ឲ្យ​បងប្អូន​ចាប់អារម្មណ៍​អំពី​វិធីសាស្រ្ត​របស់​លោក​ក្នុងការ​ជួយ​ប្រជាជន​របស់​លោក ?

អាលម៉ា​មាន​សេចក្តីជំនឿ​ដ៏​មហិមា​លើ​ព្រះបន្ទូល​របស់​ព្រះ និង « ទី​បន្ទាល់​ដ៏​បរិសុទ្ធ » ( ខទី ១៩ ) ។ តើ​បងប្អូន​បាន​ឃើញ​គំរូ​នៃ​ទីបន្ទាល់​ដ៏បរិសុទ្ធ​ដែល​មាន​អានុភាព​អ្វីខ្លះ ? នៅពេល​បងប្អូន​ជញ្ជឹងគិត​ពី​វិធី​ផ្សេងៗ​ដែល​បងប្អូន​អាច​ចែកចាយ​ទីបន្ទាល់​របស់​បងប្អូន​អំពី​ព្រះយេស៊ូវ​គ្រីស្ទ និង​ដំណឹងល្អ​របស់​ទ្រង់ នោះ​បងប្អូន​អាច​អាន​ឡើងវិញ​នៅក្នុង អាលម៉ា ៤:៦–១៤ បាន ។ តើ​សកម្មភាព​របស់​សមាជិក​សាសនាចក្រ​នៅក្នុង​ខគម្ពីរ​ទាំងនេះ​បង្ហាញ​អ្វីខ្លះ អំពី​ទីបន្ទាល់​របស់​ពួកគេ​អំពី​ព្រះយេស៊ូវ​គ្រីស្ទ និង​ការបង្រៀន​របស់​ទ្រង់ ? តើ​បងប្អូន​កត់សម្គាល់​អ្វី​ខ្លះ​អំពី​ឥទ្ធិពល​នៃ​សកម្មភាព​របស់​ពួកគេ—លើ​ខ្លួន​ពួកគេ និង​លើ​អ្នក​ដទៃ ? បងប្អូន​ក៏​អាច​គិត​ផងដែរ​អំពី​របៀប​ដែល​បងប្អូន​ទទួល​បាន​ពរ​ដោយ​ទីបន្ទាល់​ដ៏​បរិសុទ្ធ​របស់​អ្នកដទៃ មិនថា​ទីបន្ទាល់​នោះ​ចែកចាយ​តាមរយៈ​ពាក្យសម្តី ឬ​តាមរយៈ​ទង្វើ​នោះ​ទេ ។

សូម​គិត​អំពី​របៀប​ដែល​បងប្អូន​អាច​ចែកចាយ​ទីបន្ទាល់​របស់​បងប្អូន​អំពី​ព្រះយេស៊ូវគ្រីស្ទ—តាមរយៈ​ពាក្យសម្ដី ឬ​តាមរយៈ​ទង្វើ​នានា ។ តើ​នរណា​នឹង​ទទួល​ប្រយោជន៍​ពី​សាក្សី​របស់​បងប្អូន ?

សូមមើល​ផងដែរ ហ្គែរី អ៊ី ស្ទីវ៉ែនសុន « ការថែទាំ និង ការថ្លែង​ទីបន្ទាល់​របស់​បងប្អូន » លីអាហូណា ខែ វិច្ឆិកា ឆ្នាំ ២០២២ ទំព័រ ១១១–១៤; « Testimony » ទំនុក​តម្កើង ល.រ. ៧៤; « Alma the Younger Steps Down as Chief Judge » ( វីដេអូ ) បណ្ណាល័យ​ដំណឹងល្អ, Gospel Topics « Revelation » បណ្ណាល័យ​ដំណឹង​ល្អ ។

ដើម្បី​ទទួល​បាន​គំនិត​បន្ថែម សូមមើល​ទស្សនាវដ្តី លីអាហូណា និង ដើម្បី​កម្លាំង​នៃ​យុវជន ប្រចាំ​ខែ​នេះ ។

គំនិត​សម្រាប់​បង្រៀន​កុមារ

អាលម៉ា ១:២–៩

ព្រះអម្ចាស់​អាច​ជួយ​ខ្ញុំ​ឲ្យ​ដឹង​ពី​ការបង្រៀន​ខុសឆ្គង​ទាំងឡាយ​បាន ។

  • របៀប​មួយ​ដើម្បី​សិក្សា អាលម៉ា ១:២–៤ ជាមួយ​កូនៗ​របស់​បងប្អូន​នោះ​គឺ​ត្រូវ​ជួយ​ពួកគេ​ឲ្យ​បង្កើត​សំណួរ​ខុស ឬ​ត្រូវ​ដោយ​ប្រើ​សេចក្តី​ថ្លែងការណ៍​ដែល​បាន​បង្រៀន​ដោយ នីហូរ ដែល​ជា​គ្រូបង្រៀន​ក្លែងក្លាយ ។ បន្ទាប់មក បងប្អូន​អាច​និយាយ​ជាមួយ​ពួកគេ​អំពី​មូលហេតុ​ដែល​សាតាំង​បញ្ចូល​សេចក្តីពិត និង​ការមិនពិត​ចូល​គ្នា ។ សូម​ជួយ​កូនៗ​របស់​បងប្អូន​ឲ្យ​គិត​អំពី​គំរូ​មួយ​ចំនួន ។ នៅក្នុង ខទី ៧–៩ តើ​គេឌាន​ស៊ូទ្រាំ​នឹង​ការ​កុហក​របស់​នីហូរ​ដោយ​របៀប​ណា ? ( សូមមើល​ផងដែរ « ជំពូកទី ២០ ៖ អាលម៉ា និង នីហូរ » ដំណើររឿង​ព្រះគម្ពីរ​មរមន ទំព័រ ៥៤–៥៥ ) ។

អាលម៉ា ១:១៩–២៥

ក្នុងនាម​ជា​សមាជិក​នៃ​សាសនាចក្រ​នៃ​ព្រះ​យេស៊ូវ​គ្រីស្ទ ខ្ញុំ​ស្រឡាញ់ និង​បម្រើ​អ្នក​ដទៃ ។

  • សមាជិក​ខ្លះ​នៃ​សាសនាចក្រ​របស់​ព្រះអម្ចាស់​នៅ​ជំនាន់​របស់​អាលម៉ា មាន​ចិត្ត​សប្បុរស និង​ចែករំលែក​គ្នា ហើយ​សមាជិក​ផ្សេងទៀត​ពុំមាន​ចិត្ត​សប្បុរស និង​មាន​ចិត្ត​ឆ្មើងឆ្មៃ ។ ដើម្បី​ជួយ​កូនៗ​របស់​បងប្អូន​ឲ្យ​រៀន​ពី​បទពិសោធន៍​ទាំងនេះ បងប្អូន​អាច​អាន​ជាមួយគ្នា​ក្នុង អាលម៉ា ១:២៧, ៣០ បាន ហើយ​ធ្វើ​បញ្ជី​នៃ​ប្រភេទ​មនុស្ស​ដែល​សមាជិក​សាសនាចក្រ​របស់​ព្រះអម្ចាស់​បាន​ជួយ​ដល់ពួកគេ ។ តើ​នរណា​ដែល​យើង​ស្គាល់​ដែល​អាច « [ មាន ] ការ​ខ្វះ​ខាត » ( អាលម៉ា ១:៣០ ) នៃ​ក្តី​ស្រឡាញ់ និង​ជំនួយ​របស់​យើង ? បងប្អូន​ក៏​អាច​ច្រៀង​ជាមួយ​គ្នា​នូវ​បទចម្រៀង​អំពី​សេចក្តី​ស្រឡាញ់ និង​ការបម្រើ​ផងដែរ ដូចជា​បទ « ចិត្ត​ល្អ​ចាប់​ផ្ដើម​នឹង​ខ្ញុំ » ( សៀវភៅចម្រៀង​កុមារ ទំព័រ ៨៣ ) ហើយ​ជួយ​កូនៗ​ឲ្យ​គិត​ពី​ទង្វើ​នានា​ដែល​អាច​ទាក់ទង​ជាមួយ​នឹង​បទចម្រៀង​នេះ ។

  • តើ​យើង​គួរ​ធ្វើ​អ្វីខ្លះ នៅពេល​មនុស្ស​មាន​ចិត្ត​មិនល្អ​ចំពោះ​យើង ? សូម​ពិចារណា​អាន​ជាមួយ​កូនៗ​របស់​បងប្អូន​ពី​របៀប​ដែល​ពួក​អ្នក​ដើរតាម​ព្រះ​គ្រីស្ទ​ត្រូវគេ​ប្រព្រឹត្ត​ដាក់ នៅក្នុង អាលម៉ា ១:១៩–២០ ។ សូម​និយាយ​អំពី​របៀប​ដែល​ពួកគេ​ឆ្លើយតប​នៅក្នុង ខទី ២២ និង ២៥ ។ ប្រហែលជា​បងប្អូន​អាច​អនុវត្ត​របៀប​ដើម្បី​ឆ្លើយតប​នៅពេល​អ្នក​ដទៃ​មាន​ចិត្ត​មិនល្អ​បាន ។

អាលម៉ា ៤:៨–២០

ទីបន្ទាល់​របស់​ខ្ញុំ​អាច​ពង្រឹង​មនុស្សដទៃ​បាន ។

  • ជា​រឿយៗ « ទីបន្ទាល់​ដ៏​បរិសុទ្ធ » ( អាលម៉ា ៤:១៩ ) របស់​កុមារ​ម្នាក់​អាច​មាន​ឥទ្ធិពល​ខ្លាំង​លើ​មនុស្ស​ដទៃ​ទៀត​បាន ។ ដើម្បី​ជួយ​កូនៗ​របស់​បងប្អូន​ឲ្យ​ស្វែងយល់​ពី​ការណ៍​នេះ បងប្អូន​អាច​អាន​ជាមួយ​ពួកគេ​ក្នុង អាលម៉ា ៤:៨–១២, ១៥ ដែល​ជួយ​ពួកគេ​ឲ្យ​ស្វែងយល់​ពី​បញ្ហា​នានា​ដែល​បាន​កើតឡើង​នៅក្នុង​សាសនាចក្រ ។ តើ​អាលម៉ា​អាច​ធ្វើ​អ្វីខ្លះ​ដើម្បី​ដោះស្រាយ​បញ្ហា​ទាំងនេះ ? សូម​ជួយ​ពួកគេ​ស្វែងយល់​ពី​អ្វី​ដែល​អាលម៉ា​បាន​សម្រេចចិត្ត​ធ្វើ​នៅក្នុង អាលម៉ា ៤:១៦–២០ ។ ប្រហែលជា​បងប្អូន​អាច​ចែកចាយ​ជាមួយ​គ្នា​ពី​របៀប​ដែល​ទីបន្ទាល់​របស់​នរណា​ម្នាក់​អំពី​ព្រះគ្រីស្ទ​បាន​ពង្រឹង​បងប្អូន ។

  • ប្រសិនបើ​កូនៗ​របស់​បងប្អូន​ត្រូវការ​គំរូ​ពី​អ្វី​ទៅ​ជា​ទីបន្ទាល់ សូម​ពិចារណា​បង្ហាញ​វីដេអូ​ខ្លីៗ​ពី​អ្នក​ថ្លែង​សុន្ទរកថា​នៅក្នុង​សន្និសីទ​ទូទៅ​ដែល​បាន​ថ្លែង​ទីបន្ទាល់ ។ បងប្អូន​ក៏​អាច​ប្រើប្រាស់​ទំព័រ​សកម្មភាព​សប្តាហ៍​នេះ ឬ​ច្រៀង​ជាមួយ​គ្នា​នូវ​បទ​ដូចជា « ទីបន្ទាល់ » ( ទំនុក​តម្កើង ល.រ. ៧៤ ) បាន​ផងដែរ ។ តើ​យើង​រៀន​អ្វីខ្លះ​អំពី​ទីបន្ទាល់​មកពី​ធនធាន​ទាំងនេះ ? សូម​ឲ្យ​កូនៗ​របស់​បងប្អូន​ហាត់​ចែកចាយ​នូវ​ទីបន្ទាល់​របស់​ពួកគេ ។

ដើម្បី​ទទួល​បាន​គំនិត​បន្ថែម សូមមើល​ទស្សនាវដ្តី ប្រិយមិត្ត ប្រចាំ​ខែ​នេះ ។

រូបភាព
ពួកសាសន៍​នីហ្វៃ​កំពុង​ប្រយុទ្ធ​នឹង​ពួក​សាសន៍​អាំលីសៃ

Alma and Amlici [ អាលម៉ា និង​អាំលីសៃ ] ដោយ ស្កត អិម ស្នូ