ថ្នាក់​សិក្ខាសាលា
ការរំឭក​ចំណេះចំណាន​ខាងគោលលទ្ធិទី ២៤ ៖ ស្វែងយល់ និងពន្យល់


« ការរំឭក​ចំណេះចំណាន​ខាងគោលលទ្ធិ​ទី ២៤ ៖ ស្វែងយល់ និងពន្យល់ » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន ( ឆ្នាំ ២០២៤ )

« ការរំឭក​ចំណេះចំណាន​ខាង​គោលលទ្ធិ ទី ២៤ » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន

ការរំឭក​ចំណេះចំណាន​ខាងគោលលទ្ធិ​ទី ២៤

ស្វែងយល់ និង​ពន្យល់

រូបភាព
យុវជន​ម្នាក់​កំពុង​សិក្សា​ព្រះគម្ពីរ

ចំណេះចំណាន​ខាងគោលលទ្ធិអាច​ជួយ​អ្នកស្វែងយល់ និង​ពន្យល់​អំពី​គោលលទ្ធិ​របស់​ព្រះអង្គសង្គ្រោះ​តាមពាក្យ​សម្ដី​របស់​អ្នកផ្ទាល់ ។ មេរៀននេះ​នឹង​ផ្តល់ឱកាស​ដល់អ្នក​ឲ្យ​ស្វែងយល់ និង​ពន្យល់​អំពី​សេចក្តីពិត​របស់អ្នក​ឲ្យកាន់តែ​ស៊ីជម្រៅ ចេញ​ពី​វគ្គបទគម្ពីរ​ចំណេះចំណាន​ខាង​គោលលទ្ធិ​មកពី​ព្រះគម្ពីរ​មរមន ។

ស្វែងយល់​បន្ថែម​អំពីសិស្ស​របស់អ្នក ។សូម​ស្វែងរក​ឱកាស​ដើម្បី​ស្គាល់សិស្ស ។ ការសង្កេត និងសំណួរ​ស្មោះត្រង់​អាចនាំ​អ្នក​ស្វែងយល់​បន្ថែម​អំពីអ្វី​ដែល​សំខាន់​សម្រាប់​សិស្ស ។ នៅពេល​អ្នកយល់​កាន់តែ​ច្បាស់អំពី​សិស្ស​របស់អ្នក នោះ​ព្រះវិញ្ញាណ​បរិសុទ្ធ​អាចជួយ​អ្នកផ្តោត​លើ​ការបង្រៀន​របស់អ្នក​ទៅលើ​តម្រូវការ​របស់ពួកគេ ។

ការរៀបចំ​សិស្ស ៖ សូមពិចារណា​អញ្ជើញឲ្យ​សិស្ស​អធិស្ឋាន​ជ្រើសរើស វគ្គបទគម្ពីរ​ចំណេះចំណាន​ខាង​គោលលទ្ធិ​នៃ​ព្រះគម្ពីរ​មរមន ដើម្បីសិក្សា​អំពី​អ្វីដែល​ពួកគេ​ចង់យល់​កាន់តែច្បាស់​ជាងមុន ។ សុំ​ឲ្យពួកគេ​ពិភាក្សា​អំពី​វគ្គបទគម្ពីរ​នេះ​ជាមួយ​សមាជិក​គ្រួសារ មិត្តជិតស្និទ្ធ ឬថ្នាក់ដឹកនាំ​សាសនាចក្រ ហើយ​ឲ្យមក​រៀន​ដោយ​រៀបចំខ្លួន​ត្រៀមចែក​ចាយ​ពីអ្វីដែល​ពួកគេ​រៀន អំពីវគ្គបទគម្ពីរ​ចេញពី​ការពិភាក្សា​របស់​ពួកគេ ។

សកម្មភាព​រៀនសូត្រ​ដែលអាច​មាន

មេរៀនវគ្គ​បទគម្ពីរ​ចំណេះចំណាន​ខាងគោលលទ្ធិ អាច​នឹង​ត្រូវ​បង្រៀន​ជំនួស​ឲ្យ​មេរៀន​រំឭក​ឡើង​វិញ​នេះ ។ សូមមើល​កាលវិភាគ​​មេរៀន​ដែល​ផ្តល់​ដោយ​នាយក​តំបន់ ឬ​អ្នកសម្រប​សម្រួល​តំបន់ ដើម្បី​ធានា​ថា មេរៀន​វគ្គ​បទគម្ពីរ​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ​នីមួយៗ​នឹង​ត្រូវបាន​បង្រៀន​អំឡុង​វគ្គ​សិក្សា​របស់​ថ្នាក់​សិក្ខាសាលា ។

ការសួរសំណួរ

សូមពិចារណា​ពី​ការអញ្ជើញ​សិស្សឲ្យ​ស្វែងរក​នរណាម្នាក់​នៅក្នុង​ថ្នាក់ ដែលពួកគេ​ប្រហែលជា​មិនស្គាល់ច្បាស់ ។ សូមអញ្ជើញ​ពួកគេ​ឲ្យចំណាយពេល​ពីរបីនាទី​សួរសំណួរ​គ្នាទៅវិញទៅមក ដើម្បីជួយ​ពួកគេឲ្យ​ស្គាល់​គ្នាទៅវិញ​ទៅមក ។ ប្រសិនបើ​មានប្រយោជន៍ សូមផ្តល់​សំណួរ​ជា​ឧទាហរណ៍​ដល់​ពួកគេ​ដែល​ពួកគេ​អាច​សួរគ្នាបាន​ដូចជា « តើ​អ្នក​ចូលចិត្ត​ធ្វើអ្វី ? » និង « តើ​មុខវិជ្ជា​អ្វី​ដែល​អ្នក​ចូលចិត្ត​រៀន​នៅក្នុង​សាលា ? »

សូម​គិត​ពី​នរណាម្នាក់​ដែលអ្នក​ស្គាល់ច្បាស់ ។

  • តើអ្នក​ស្គាល់​ពួកគេ​បានដោយ​របៀបណា ?

  • តើការសួរ​សំណួរ​មាន​តួនាទី​អ្វីខ្លះ​ក្នុងការ​ជួយដល់​សមត្ថភាព​របស់អ្នក​ឲ្យឆាប់ស្គាល់​ពួកគេ ?

  • តើ​ទំនាក់ទំនង​របស់អ្នក​ជាមួពួកគេ​នឹង​មាន​ភាពខុសគ្នា​យ៉ាងដូចម្តេច ប្រសិនបើ​អ្នកមិនដែលសួរ​សំណួរ​ណាមួយ​នោះ​ទេ ?

ដូចគ្នា​នឹង​ការសួរសំណួរ​មានសារៈសំខាន់​ដើម្បីស្គាល់​នរណាម្នាក់​ដោយ​ផ្ទាល់ វាក៏មាន​សារៈសំខាន់​ផងដែរ​ក្នុងការ​សួរសំណួរ នៅពេល​អ្នកសិក្សា​ព្រះគម្ពីរ ដើម្បីស្គាល់​និង​យល់កាន់តែ​ច្បាស់អំពី​ព្រះយេស៊ូវគ្រីស្ទ​តាម​រយៈសំណួរ​ទាំងនោះ ។

ប្រធាន រ័សុល អិម ណិលសុន បានបង្រៀន​ថា « ការទទួលបាន​ការណែនាំ​ពី​ព្រះគម្ពីរ គឺដោយសារ​ទទួល​បាន​ជំនួយ​តាមរយៈ​ការសួរសំណួរ​ដែល​ទាក់ទង » ( « Living by Scriptural Guidance » Ensign ខែវិច្ឆិកា ឆ្នាំ ២០០០ ទំព័រ ១៨ ) ។

ការសួរសំណួរ​អំពី​វគ្គបទគម្ពីរ​ចំណេះចំណាន​ខាង​គោលលទ្ធិ​អាចជួយ​យើងឲ្យយល់​កាន់តែ​ច្បាស់អំពីវា និង​យល់កាន់តែ​ច្បាស់អំពី​ការយាង​ការណែនាំ​របស់​ព្រះអម្ចាស់​មកក្នុង​ជីវិត​របស់យើង ។

សូមពិចារណា​អំពី​ការបង្ហាញ​សេចក្តីយោង​បទគម្ពីរ​ចំណេះចំណាន​ខាង​គោលលទ្ធិ​ព្រះគម្ពីរ​មរមន​ទាំង ១២ ចុងក្រោយ ឬបង្ហាញ​សិស្ស​នូវកន្លែង​ដែល​ពួកគេ​អាច​រកឃើញ​សេចក្តីយោង​បទ​គម្ពីរ​នៅក្នុង ឯកសារស្នូល​នៃចំណេះចំណាន​ខាងគោលលទ្ធិ ( ឆ្នាំ ២០២៣ ) ។ ប្រសិនបើ​អ្នកមាន​បំណង​ចង់ប្រើប្រាស់​វគ្គបទគម្ពីរ​ចំណេះចំណាន​ខាង​គោលលទ្ធិនៃ​ព្រះគម្ពីរ​មរមន​ទាំង ២៤ សម្រាប់​ការរំឭកនេះ ឬ​គ្រាន់តែ​ជ្រើសរើស​តែពីរបី​ដែលវា​អាស្រ័យលើ​តម្រូវការ​នៅក្នុង​ថ្នាក់រៀន ។

សូមពិចារណា​ធ្វើសកម្មភាព​ខាងក្រោម​ជាមួយ​សិស្ស​ក្នុង​ថ្នាក់រៀន​ដោយ​ប្រើប្រាស់​វគ្គបទគម្ពីរ​ចំណេះចំណាន​ខាង​គោលលទ្ធិ ។ បន្ទាប់មក សូមអញ្ជើញ​សិស្សឲ្យ​ធ្វើសកម្មភាព​ឡើងវិញ​ដោយ​ប្រើប្រាស់​វគ្គបទគម្ពីរ​ចំណេះចំណាន​ខាង​គោលលទ្ធិ​ពីជម្រើស​របស់ពួកគេ ។ សិស្ស​អាច​ធ្វើការជា​ក្រុម ចាប់ដៃគូ ឬ​ធ្វើ​រៀងៗខ្លួន គឺ​អាស្រ័យ​លើ​តម្រូវការ និងចំណូលចិត្ត​របស់ពួកគេ ។

សូមជ្រើសរើស​វគ្គបទគម្ពីរ​ចំណេះចំណាន​ខាង​គោលលទ្ធិ ដែលអ្នក​ចង់យល់​ឲ្យ​កាន់តែច្បាស់ ហើយ​អានវាដោយ​យកចិត្ត​ទុកដាក់ ។ សូម​កត់សម្កាល់​សំណួរ​យ៉ាងហោច​ណាស់ចំនួនពីរ ដែលអ្នក​អាចសួរ​អំពី​វគ្គគបទគម្ពីរ​ដើម្បី​យល់កាន់​តែច្បាស់ ហើយ​សរសេរវាចុះ ។ ឧទាហរណ៍ នៅពេល​ដែល​អ្នកអាន នីហ្វៃ​ទី ៣ ២៧:២០ អ្នក​អាចនឹងសួរថា « តើការញែកចេញ​ជាបរិសុទ្ធមាន​ន័យដូចម្តេច ? » ឬនៅពេល​ដែល​អ្នកអាន មរ៉ូណៃ ១០:៣–៥ អ្នកអាច​សួរថា « តើ​វា​មាន​អត្ថន័យ​ដូចម្តេច​ក្នុងការ​សួរ ‹ ដោយ​ស្មោះ​អស់ពីចិត្ត ? › »

សូមស្វែង​រកចម្លើយ​ចំពោះសំណួរ​ដែលអ្នក​បានគិត​ដល់ សូម​ប្រើប្រាស់​ឧបករណ៍​សិក្សា​ព្រះគម្ពីរ​ដូចជា សេចក្ដីណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ, Topical Guide ឬសូម្បីតែ​សុន្ទរកថា​ក្នុង​សន្និសីទទូទៅ​ក្តី ។ អ្នកអាច​ប្រើប្រាស់​យុទ្ធសាស្ត្រ​សិក្សា​ព្រះគម្ពីរ​ផ្សេងទៀត ដែលអ្នក​ដឹង ដូចជា​ការសិក្សា​ខគម្ពីរ​នៅជិតគ្នា ដើម្បី​យល់កាន់តែ​ច្បាស់​អំពីបរិបទ​របស់​វគ្គបទគម្ពីរ​នេះ ។

ដើម្បីជួយ​សិស្សឲ្យ​មានទំនាក់ទំនង​គ្នាទៅវិញ​ទៅមក សូមពិចារណា​សុំឲ្យ​ពួកគេ​សរសេរ​វគ្គបទគម្ពីរ​ចំណេះចំណាន​ខាង​គោលលទ្ធិ ដែលពួកគេ​បាន​ជ្រើសរើស និង​សំណួរ​របស់ពួកគេ​នៅលើ​ក្រដាស​ដោយមាន​ឈ្មោះ​របស់ពួកគេ​នៅលើ​ក្រដាស​នោះ ។ សូមអញ្ជើញ​សិស្សឲ្យ​ផ្លាស់ប្តូរ​ឯកសារគ្នា​ជាមួយ​សិស្ស​ម្នាក់​ទៀត ។ ជាជម្រើស​ផ្សេងទៀត សូមអញ្ជើញ​សិស្ស​ឲ្យ​ហុច​ក្រដាស​របស់ពួកគេ​មកខាង​មុខ ដើម្បី​ច្របល់​ក្រដាស​ចូលគ្នា និង​ចែក​ព្រាវៗ​ដល់​សិស្ស​ផ្សេងទៀត ។ សូមឲ្យ​សិស្សកត់ត្រា​ចម្លើយចំពោះ​សំណួរ​នៅលើ​សន្លឹក​ដែលបាន​ផ្ដល់​ឲ្យពួកគេ ។ បន្ទាប់ពីមាន​ពេលគ្រប់គ្រាន់​ហើយ សូមអញ្ជើញ​សិស្ស​ឲ្យ​ប្រគល់​ក្រដាស​ត្រឡប់ទៅ​សិស្ស​ដែលមាន​ឈ្មោះ​នៅលើ​ក្រដាស​នោះវិញ ។

ទុកពេលឲ្យ​សិស្ស​សញ្ជឹងគិត​ទៅលើ​ចម្លើយដែល​សិស្ស​ផ្សេងទៀត​បានសរសេរ ហើយ​ប្រសិនបើ​មានប្រយោជន៍ សូមស្វែងរក​ចម្លើយ​បន្ថែមទៀត​នៅក្នុង​បទគម្ពីរ តាមរយៈ​ការអធិស្ឋាន ហើយធ្វើ​បែបនេះ​បន្តទៀត ។

សូមចងចាំ​ថា អ្នកប្រហែលជា​មិនអាច​ស្វែងរក​ចម្លើយ​ចំពោះសំណួរ​ទាំងអស់​របស់​អ្នក​បានទេ នៅពេល​ដែល​អ្នកសិក្សា​នោះ​ទេ ។ ប៉ុន្តែ​នៅពេល​​អ្នកបន្ត​អនុវត្ត​សេចក្តីជំនឿ​លើព្រះអម្ចាស់ ទ្រង់នឹង​ជួយអ្នក​ឲ្យដឹងពី​សេចក្តីពិត​នៃអ្វី​ដែល​អ្នកស្វែងរក ។

សូមអញ្ជើញ​សិស្ស​ជាច្រើន​នាក់ឲ្យ​ចែកចាយ​វគ្គ​ចំណេះ​ចំណាន​ខាងគោលលទ្ធិ​ដែល​ពួកគេ​បាន​ជ្រើសរើស សំណួរ​មួយចំនួន​ដែលពួកគេ​បានសរសេរ និង​ចម្លើយដែល​ពួកគេ ឬ​មិត្ត​រួមថ្នាក់​របស់​ពួកគេ​បានរក​ឃើញ ។ បន្ថែមពី​លើនេះ សូមពិចារណា​សួរ​អំពីអ្វី​ដែល​វគ្គបទគម្ពីរបាន​ជួយដល់​ពួកគេ​ឲ្យយល់​អំពី​ព្រះអង្គសង្គ្រោះ ឬដំណឹងល្អ​របស់ទ្រង់ ។

ប្រសិនបើ​មាន​ពេល ( ឬ​នៅ​ថ្ងៃ​ផ្សេង ) សូម​ពិចារណា​អញ្ជើញ​សិស្ស​ឲ្យ​ធ្វើ​សកម្មភាព​ឡើងវិញ​ដោយ​ប្រើ​វគ្គ​ចំណេះចំណាន​ខាង​គោលលទ្ធិ​ផ្សេង​ទៀត ។

សូម​លើកទឹកចិត្ត​សិស្សឲ្យ​បន្តសួរ​សំណួរ​អំពី​បទគម្ពីរ ហើយ​ស្វែងរក​ចម្លើយ ។