ថ្នាក់​សិក្ខាសាលា
អេធើរ ២ ៖ « ត្រូវបាន​ដឹកនាំជានិច្ច​ដោយព្រះហស្ត​នៃព្រះអម្ចាស់ »


« អេធើរ ២ ៖ ‹ ត្រូវបាន ដឹកនាំ​ជានិច្ច​ដោយ​ព្រះហស្ត​នៃ​ព្រះអម្ចាស់ › » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន ( ឆ្នាំ ២០២៤ )

« អេធើរ ២ » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន

អេធើរ ២

« ត្រូវបានដឹកនាំ​ជានិច្ច ដោយ​ព្រះហស្តនៃ​ព្រះអម្ចាស់ »

រូបភាព
ព្រះហស្ត​ដឹកនាំរបស់​ព្រះអង្គសង្គ្រោះ

តើអ្នកធ្លាប់​ប្រឈមមុខ នឹង​ការសម្រេចចិត្ត ឬបញ្ហាពិបាក ហើយ​អ្នកច្របូក​ច្របល់​មិនដឹងថាត្រូវធ្វើអ្វីដែរឬទេ ? នៅពេល​ដែល​បងរបស់​យ៉ារេឌ និង​ប្រជាជនរបស់​លោក​បាន​សង់​ភេត្រា ដើម្បី​ឆ្លង​មហា​សមុទ្រ ពួកគេ​បាន​ឆ្លងកាត់​នឹង​បញ្ហាធំៗ​ជាច្រើន ។ បងរបស់​យ៉ារេឌ បាន​ប្រព្រឹត្តដោយសេចក្តីជំនឿលើ​ព្រះអម្ចាស់ ហើយ បានស្វែងរក​ការណែនាំ​របស់ទ្រង់ ក្នុងពេល​មាន​បញ្ហា​ប្រឈមមុខ​នីមួយៗ ។ មេរៀន​នេះអាច​ជួយដល់​អ្នក​ឲ្យដឹង​អំពីរបៀប​ស្វែងរក​ជំនួយពី​ព្រះអម្ចាស់ ក្នុងការដោះស្រាយ​បញ្ហា​របស់អ្នក ។

សូម​ផ្តល់ឱកាស​ឲ្យសិស្ស​ស្វែងរក​វិវរណៈ​ផ្ទាល់ខ្លួន ។ ប្រធាន ដាល្លិន អេក អូក ក្នុង​គណៈប្រធាន​ទីមួយ​បាន​បង្រៀន​ថា « ព្រះគម្ពីរ​នឹង​ជួយយើង​ឲ្យ​ដោះស្រាយ​សំណួរ​ផ្ទាល់ខ្លួន​របស់យើង​ទាំងអស់ ដោយសារ​តាមរយៈ​ការអាន​ព្រះគម្ពីរ យើង​យាង​អញ្ជើញ និងធ្វើឲ្យ​ខ្លួនយើង​មាន​ភាពស័ក្ដិសម​នឹង​ទទួល​បាន​ការ​បំផុសគំនិត​មកពី​ព្រះវិញ្ញាណ ដែលនឹង​ដឹកនាំ​យើងទៅក្នុង​សេចក្ដីពិត​ទាំងអស់ » ( « Studying the Scriptures » BYU–Hawaii devotional address [ ថ្ងៃទី ១៤ ខែ មីនា ឆ្នាំ ១៩៨៦ ] ទំព័រ ១៨–២១ ) ។ សូម​រកមើល​ឱកាសដើម្បីជួយ​សិស្ស​ស្វែងរក​ជំនួយ​ពី​ព្រះអម្ចាស់​ទៅលើ​បញ្ហា​ផ្ទាល់ខ្លួន​របស់ពួកគេ នៅពេល​ដែល​ពួកគេ​សិក្សា​បទគម្ពីរ ។

ការរៀបចំ​សិស្ស ៖ សូម​អញ្ជើញ​សិស្ស​ឲ្យ​មក​រៀន​ដោយ​រៀបចំខ្លួន ដើម្បី​ចែកចាយ​បទពិសោធន៍​ដែលពួកគេ ឬ​អ្នក​ផ្សេងទៀត ដែល​ពួកគេ​ស្គាល់​ឲ្យទទួលបាន​ជំនួយ​ពីព្រះអម្ចាស់ ដើម្បីដោះស្រាយ​បញ្ហានានា ។

សកម្មភាព​រៀនសូត្រ​ដែលអាច​មាន

បញ្ហា និង​ការសម្រេចចិត្ត​នានា

សូមអញ្ជើញ​សិស្ស​ឲ្យ​ធ្វើការ​រៀងៗខ្លួន ចាប់ជាដៃគូ ឬ​ជាក្រុមតូចៗ ដើម្បីធ្វើ​សកម្មភាព​ដូចខាងក្រោម​នេះ ។

ជម្រើស​មួយទៀត សិស្ស​អាចចែកចាយ​ដោយមិន​បញ្ចេញឈ្មោះ​នៅលើក្រដាស​ដែល​សរសេរអំពី​បញ្ហា និង​ភាពតានតឹង​ដែល​ពួកគេ និង​មិត្តភក្តិ​របស់ពួកគេ​កំពុង​ឆ្លងកាត់ ។ ប្រសិនបើ​មានប្រយោជន៍ សូមពិចារណា​សរសេរ​រាយបញ្ជី​បញ្ហាណា​ដែលមាន​លក្ខណៈ​ទូទៅ​បំផុត ឬ​ក៏សុំឲ្យ​សិស្សសរសេរ​រាយបញ្ជី​នូវអ្វីៗ​ដែល​ពួកគេ​មាន​អារម្មណ៍ថា ជាបញ្ហា​ធំបំផុត​ទាំងបី​ដែលពួកគេ​ប្រឈមមុខ​នៅលើ​ក្ដារខៀន ។

សូម​ស្រមៃ​ថា មាននរណាម្នាក់​នៅលើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គមបាន​បង្កើត​បញ្ជីនៃអ្វីដែលបុគ្គល​នោះគិតថា ជាបញ្ហា និង​ភាពតានតឹង​ទូទៅ​បំផុត​ចំនួន ៣ ដែល​យុវវ័យ​កំពុង​ប្រឈមមុខ​សព្វថ្ងៃនេះ ។ បុគ្គល​រូបនេះ បាន​សរសេររាយ​បញ្ជី​ដូចខាងក្រោម ៖

  • សម្ពាធ​ឲ្យ​សិក្សា​បាន​ល្អ​នៅ​សាលា

  • ចុះសម្រុង​ជាមួយ​មិត្តភក្តិ

  • ដាក់​ផែនការ​សម្រាប់​អនាគត

  • តើអ្នក​យល់ស្រប​នឹង​ជម្រើស​របស់​បុគ្គល​នេះឬទេ ? បើ​យល់​ស្រប ហេតុអ្វី ឬ​បើ​មិន​យល់​ស្រប ហេតុអ្វី ?

  • តើមាន​បញ្ហា ឬភាពតានតឹង​អ្វីផ្សេង​ទៀត​ដែលអ្នក​អាចដាក់​បញ្ចូល​ទៅក្នុង​បញ្ជីនេះ ? ហេតុអ្វី ?

សូមអញ្ជើញ​សិស្សឲ្យ​សញ្ជឹងគិត​ដោយ​ស្ងៀមស្ងាត់​លើ​សំណួរ​ខាងក្រោមនេះ ។ ការអាន​សំណួរយឺតៗ​វាក៏អាច​ជួយបានដែរ ។

  • តើ​ភាពតានតឹង និង​បញ្ហាធំបំផុត​របស់អ្នកគឺជាអ្វី ?

  • តើអ្នក​បាន​ស្វែងរក​ជំនួយពី​ព្រះអម្ចាស់​ចំពោះ​ភាពតានតឹង និង​បញ្ហាទាំង​នោះឬទេ ? ដោយ​តាម​របៀបណា ?

  • តើ​អ្នកមាន​ទំនុកចិត្ត​កម្រិត​ណាថា ការមាន​ជំនួយពី​ព្រះអម្ចាស់​អាចជួយ​អ្នកយក​ឈ្នះ​លើភាពតានតឹង និង​បញ្ហានានា​របស់អ្នក​បាន ?

សូម​ជ្រើសរើស​យក​បញ្ហា ឬការសម្រេចចិត្ត​មួយក្នុង​ចំណោម​បញ្ហា ឬការសម្រេចចិត្ត​នានា​ដែលអ្នក​គិតថា អ្នកចង់​បាន​ជំនួយពី​ព្រះអម្ចាស់ ។ នៅពេល​អ្នកសិក្សា សូម​ស្វែងរក​សេចក្ដីពិត​ដែលអាច​ជួយ​ដឹកនាំ​អ្នកឲ្យ​ទទួលបាន​ជំនួយ​មកពី​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ​ទៅលើ​បញ្ហា ឬការសម្រេចចិត្តដែលអ្នក​បាន​ជ្រើសរើស ។

ការរៀបចំ​សុំជំនួយ​ពី​ព្រះអម្ចាស់

សាសន៍​យ៉ារេឌ​បានធ្វើ​តាម​ការណែនាំ​របស់​ព្រះអម្ចាស់ ហើយ​បានសង់​ភេត្រា​ជាច្រើន​ដើម្បី « ជិះឆ្លង​ទឹកជា​ច្រើន » ( អេធើរ ២:៦ ) រហូតដល់​ពួកគេ​មកដល់​ច្រាំងនៃ « សមុទ្រដ៏ធំ » ( អេធើរ ២:១៣ ) ។ បន្ទាប់មក ព្រះអម្ចាស់​បាន​បញ្ជា​ពួកគេ​ឲ្យ​សង់​ភេត្រា « ហើយ​ធ្វើ​ភេត្រា​តាមរបៀប​ធ្វើ​ភេត្រា​ដែល [ ពួកគេធ្លាប់ ] បានធ្វើមក » ( អេធើរ ២:១៦ ) ដើម្បីឆ្លង « សមុទ្រដ៏ធំ » ទៅកាន់​ដែនដី​សន្យា ។ បងរបស់​យ៉ារេឌបាន​ជួបបញ្ហា​ធំៗ​ជាច្រើន នៅពេល​ដែល​លោក​ព្យាយាម​ធ្វើតាម​ការណែនាំ​របស់​ព្រះអម្ចាស់​សម្រាប់​ដំណើរ​ដ៏វែងឆ្ងាយ​បែបនេះ ។

សូមពិចារណា​គូសតារាង​ខាងក្រោម​នៅលើ​ក្ដារខៀន ហើយ​អញ្ជើញ​សិស្សឲ្យ​គូសវាចូល​ទៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់ពួកគេ ។ វាអាច​មាន​ប្រសិទ្ធភាព​ក្នុង​ការបែងចែក​សិស្ស​ជា​គូៗ ឬក្រុមតូចៗ​ឲ្យអាន អេធើរ ២:១៦–២៥; ៣:១, ៤, ៦ ហើយ​បំពេញ​តារាង​នោះ​ជាមួយគ្នា ។ ឬពិចារណា​អញ្ជើញ​សិស្ស​ឲ្យអាន​វគ្គបទគម្ពីរ ហើយ​បំពេញ​តារាង​ដោយ​ខ្លួនឯង រួច​ប្រៀបធៀប​ជាមួយនឹង​ដៃគូ ឬ​ក្រុមតូចៗ ។

តើបងរបស់​យ៉ារេឌ និងប្រជាជន​របស់​លោក​បាន​ធ្វើអ្វីខ្លះ ?

តើបងរបស់​យ៉ារេឌ​មានសំណួរ ឬ​កង្វល់​អ្វីខ្លះ ?

តើព្រះអម្ចាស់​បានឆ្លើយ​តបចំពោះ​សំណួរ​របស់​លោក​ដោយ​របៀប​ណា ?

  • តើខគម្ពីរ​ទាំងនេះ​អាចយក​មកអនុវត្ត​នៅក្នុង​ជីវិតរ​បស់យើង​បាន​ដោយ​របៀប​ណា ?

សូមពិចារណា​សរសេរ​ចម្លើយ​របស់សិស្ស​នៅ​លើ​ក្តារខៀន ហើយ​អញ្ជើញ​សិស្សឲ្យ​កត់ត្រាវា​ទុក​នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការ​សិក្សា​របស់​ពួកគេ ។

គោលការណ៍​មួយ​ដែលយើង​អាច​រៀនសូត្រ​បាន គឺថា នៅពេល​ដែលយើង​អំពាវនាវ​ដល់​ព្រះវរបិតាសួគ៌​តាមរយៈ​ការអធិស្ឋាន ហើយ​យើងខិតខំ​ធ្វើអ្វីៗ​ដែលជា​ចំណែក​របស់យើង ដើម្បី​ដោះស្រាយ​បញ្ហានានា​របស់យើង នោះយើង​អាចទទួល​បាន​ជំនួយពី​ព្រះអម្ចាស់​ហើយ ។

  • តើមាន​បៀប​ផ្សេងៗគ្នាអ្វីខ្លះ​ដែល​ព្រះអម្ចាស់​ឆ្លើយតប​ចំពោះ​សំណួរ​របស់បង​របស់យ៉ារេឌ ? ( សូមមើល អេធើរ ២:១៩–២៣ ) ។

យោងតាម​ប្រធាន ហារ៉ូល ប៊ី លី ( ឆ្នាំ ១៨៩៩–១៩៧៣) សំណួរ​របស់​ព្រះអម្ចាស់​នៅក្នុង អេធើរ ២:២៣ « តើអ្នក​ចង់ឲ្យ​យើង​ធ្វើអ្វី ដើម្បីឲ្យ​អ្នក​មានពន្លឺ​នៅ​ក្នុង​ភេត្រា​ទាំងឡាយ​របស់អ្នក ? » គឺស្រដៀង​ទៅនឹងការ​និយាយ​ដូចខាង​ក្រោមនេះ ៖

« តើអ្នក​នឹងស្នើសុំ​ឲ្យ​យើងគួរតែ​ធ្វើអ្វី ដើម្បីឲ្យ​មានពន្លឺ ? » …

… វាហាក់ដូចជា​ព្រះអម្ចាស់​កំពុង​មាន​ព្រះបន្ទូល​ទៅ​លោក​ថា « មើលចុះ យើងបាន​ផ្តល់គំនិត​ដល់អ្នក​ឲ្យ​ចេះ​គិតពិចារណា ហើយ​យើងបាន​ផ្តល់សិទ្ធិ​ជ្រើសរើស​ដល់​អ្នក​ដើម្បី​ប្រើប្រាស់វា ។ ឥឡូវនេះ អ្នក​ធ្វើអ្វីៗឲ្យ​អស់ពី​សមត្ថភាព​ដើម្បី​ជួយ​ខ្លួន​ឯងក្នុង​ការដោះស្រាយ​បញ្ហានេះ ហើយ​បន្ទាប់ពី​អ្នក​បានធ្វើ​អ្វីៗ​អស់ពី​សមត្ថភាព​របស់​អ្នក​ហើយ យើងនឹង​ចូលទៅ​ជួយ​អ្នក » ។ …

… បើសិន​អ្នកចង់​បាន​ពរជ័យ សូមកុំ​គ្រាន់តែ​លុតជង្គង់ ហើយ​អធិស្ឋាន​ទូលសុំ​ពរជ័យ​នោះឡើយ ។ សូម​រៀបចំ​ខ្លួនអ្នក​នូវ​គ្រប់​មធ្យោបាយ​ដែលអ្នក​អាច​ធ្វើបាន ដើម្បីធ្វើ​ឲ្យខ្លួនឯង​មាន​ភាពស័ក្ដិសម​ក្នុង​ការទទួល​បានពរជ័យ​ដែល​អ្នកស្វែងរក ។ ( ហារ៉ូល ប៊ី លី Stand Ye in Holy Places [ ឆ្នាំ ១៩៧៤ ] ទំព័រ ២៤៣–២៤៤ )

  • ហេតុអ្វីបាន​ជានៅក្នុង​ស្ថានភាព​មួយ​ចំនួន​ព្រះអម្ចាស់​អាចផ្តល់​ការណែនាំ​ជាក់លាក់ ចំណែក​នៅក្នុង​ស្ថានភាពផ្សេង​ទៀត​ទ្រង់ចង់​ឲ្យយើង​ទូលសុំ​ដំណោះស្រាយ និង​ស្វែងរក​ជំនួយ​ពីទ្រង់​ដើម្បី​ដោះស្រាយ​បញ្ហា​របស់យើង ?

  • ហេតុអ្វីបាន​ជាព្រះអម្ចាស់​ចង់​បាន​គំនិត និង​ការខិតខំ​ប្រឹងប្រែង​របស់យើង ព្រមទាំង​ការអធិស្ឋាន​របស់យើង​ផង​បែបនេះ ?

  • តើរបៀប​ដែល​ព្រះអម្ចាស់​ឆ្លើយ​តបសំណួរ និង​កង្វល់​របស់យើង​អាចជួយឲ្យ​យើងរីកចម្រើន​ដោយ​របៀប​ណា ?

សូមពិចារណា​អំពីសកម្មភាព​ខាងក្រោម​ណាមួយ ដែល​ល្អ​បំផុត​សម្រាប់សិស្ស ឬអនុញ្ញាត​ឲ្យ​ពួកគេ​ជ្រើសរើស​សកម្មភាពមួយ ។

ដើម្បីជួយ​អ្នកឲ្យ​សញ្ជឹងគិត​អំពីរបៀប ដែល​គោលការណ៍​នេះ​អាចអនុវត្ត​ចំពោះយើង​នៅជំនាន់​របស់យើងនេះ សូមធ្វើ​សកម្មភាព​មួយ​ក្នុង​ចំណោម​សកម្មភាព​ខាងក្រោមនេះ ៖

  1. សូមសរសេរ​អំពីរបៀប​ដែលព្រះអម្ចាស់​បាន​ឆ្លើយតប​ចំពោះអ្នក ឬ​នរណាម្នាក់ដែលអ្នក​ស្គាល់ដោយ​មានការណែនាំ​ជាក់លាក់មួយ ដើម្បីដោះស្រាយ​បញ្ហាមួយ ឬរបៀប​ដែលទ្រង់​ចង់​ឲ្យអ្នកស្នើសុំ​ដំណោះ​ស្រាយមួយ និង​ស្វែងរក​ពរជ័យពីទ្រង់ ។ សូមកត់ត្រា​អ្វីដែលអ្នក​បានរៀន​ចេញពី​បទពិសោធន៍នេះ ។

  2. សូម​ជ្រើសរើស​អ្វីដែល​អ្នកគិតថា​ជាបញ្ហា ឬភាពតានតឹង​ទូទៅ​បំផុតមួយ​សម្រាប់​យុវវ័យ​នាពេល​បច្ចុប្បន្ននេះ ។ សូមគិត​អំពីអ្វីដែល​នរណាម្នាក់​អាចធ្វើបាន​ដើម្បី​ជម្នះ​លើ​បញ្ហានេះ និង​របៀបដែល​គាត់ ឬ​នាង​អាចស្វែងរក​ជំនួយ​ពីព្រះអម្ចាស់ ។

ប្រសិនបើ​សិស្សមាន​ឧទាហរណ៍ថ្មីៗ​នៅក្នុង​សម័យនេះ ដែល​គោលការណ៍នេះ​អាចយកមក​អនុវត្ត​បាន សូម​អញ្ជើញ​ពួកគេ​ឲ្យចែកចាយ ។ សូមពិចារណា​ចែកចាយ​ឧទាហរណ៍​ផ្ទាល់ខ្លួន​ផងដែរ ។

ការអនុវត្ត​ផ្ទាល់ខ្លួន

សូម​ពិចារណា​អំពីបញ្ហា ឬ​ការសម្រេចចិត្ត​ដែល​អ្នក​បាន​ជ្រើសរើស​នៅដើម​មេរៀននេះ ។ សូមបន្ថែម​ចំណុច​ខាងក្រោម​ចូលទៅក្នុង​តារាង​របស់អ្នក ៖

តើខ្ញុំ​បាន​ធ្វើអ្វីខ្លះ ឬអាច​ធ្វើអ្វីខ្លះ​បាន​ដើម្បី​ដោះស្រាយ ឬយកឈ្នះ​លើបញ្ហា​របស់ខ្ញុំបាន ?

តើខ្ញុំ​មាន​សំណួរ ឬ​កង្វល់​អ្វីខ្លះ ដែលខ្ញុំ​អាច​ទូល​ទៅ​កាន់​ព្រះអម្ចាស់បាន ?

តើព្រះអម្ចាស់​អាចជួយ ឬឆ្លើយតប​មកខ្ញុំតាម​របៀបណា ?

សូមអញ្ជើញ​សិស្ស​ឲ្យពិចារណា ឬចែកចាយ​អំពី​ការរៀបចំខ្លួន​របស់​ពួកគេ​ចូល​រៀន ។ រួចលើក​ទឹកចិត្ត​ពួកគេ​ឲ្យធ្វើតាម​ដូចខាង​ក្រោមនេះ ។

សូមស្វែងរក​ជំនួយ​ពីព្រះវរបិតាសួគ៌​តាមរយៈ​ព្រះវិញ្ញាណ​បរិសុទ្ធ ដើម្បី​ដឹងពីអ្វី​ដែល​អ្នក​គួរតែ​ធ្វើ ។ សូមចងចាំ​នូវអ្វី​ដែល​អ្នក​បានដឹង​រួចហើយ​អំពី​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ ដែលផ្តល់​ទំនុកចិត្ត​ដល់អ្នក​ដើម្បីស្វែងរក​ជំនួយពី​ទ្រង់​ទាំងទ្វេ ។