ថ្នាក់​សិក្ខាសាលា
អេធើរ ៣ ៖ « សេចក្ដីជំនឿ​ដ៏​លើសលប់ »


« អេធើរ ៣ ៖ ‹ សេចក្ដីជំនឿ​ដ៏​លើសលប់ › » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន ( ឆ្នាំ ២០២៤ )

« អេធើរ ៣ » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន

អេធើរ ៣

« សេចក្ដីជំនឿ​ដ៏​លើសលប់ »

រូបភាព
បងរបស់​យ៉ារេឌ​ឃើញ​ព្រះអង្គុលីនៃ​ព្រះអម្ចាស់

តើអ្នក​មាន​ធ្លាប់បាន​គិត​ឲ្យ​បាន​ពិតប្រាកដថា សេចក្តីជំនឿ​លើ​ព្រះយេស៊ូវគ្រីស្ទ​អាច​ផ្លាស់ប្តូរជីវិត​របស់យើង​បាន​យ៉ាង​ណាដែរ​ទេ ? គំរូដ៏​អស្ចារ្យមួយ គឺថា​បងរបស់​យ៉ារេឌ ដែលជា​អ្នកបាន​ទៅរក​ព្រះអម្ចាស់​ដោយ​មាន​ផែនការ​ដើម្បីឲ្យ​ព្រះជួយ​ដោះស្រាយ​បញ្ហារបស់​លោក ហើយ​លោក​បានអធិស្ឋាន​ដ៏រាបទាប​ដោយ « សេចក្ដីជំនឿ​ដ៏​លើសលប់ » ( អេធើរ ៣:៩ ) ថា « វាំងនន​ត្រូវបាន​បើក​ចេញ​ពីភ្នែក [ របស់​លោក ] » ( អេធើរ ៣:៦ ) ហើយ​លោក​បាន​ឃើញ​ទ្រង់ ហើយ​សន្ទនា​ជាមួយ​ព្រះអម្ចាស់ ។ មេរៀននេះ​មាន​គោលបំណង​ជួយ​អ្នកឲ្យ​អនុវត្ត​សេចក្តីជំនឿ​លើ​ព្រះយេស៊ូវគ្រីស្ទ​ដោយ​បន្ទាបខ្លួន ។

សូម​ផ្ដោតលើ​ព្រះយេស៊ូវគ្រីស្ទ នៅពេល​ដែលអ្នក​បង្រៀន​បទគម្ពីរ ។ សូម​ចំណាយពេល​ជួយសិស្ស​ឲ្យស្គាល់​សេចក្តីពិត​អំពី​ព្រះអង្គសង្គ្រោះ និង​ព្រះចេស្ដានៃ​ការប្រោសលោះ​របស់ទ្រង់ ។ សូមចង្អុល​បង្ហាញ​វគ្គបទគម្ពីរ​ដែលអាច​បង្កើន​សេចក្ដីជំនឿ​របស់​ពួកគេ​លើទ្រង់ ។ សូម​ពិចារណាសួរ​សំណួរ​ដែលនឹងអញ្ជើញ​សិស្ស​ឲ្យ​សញ្ជឹងគិត​អំពី របៀបដែល​ព្រះយេស៊ូវគ្រីស្ទ​អាចប្រទានពរ ពង្រឹង និងដឹកនាំពួកគេ ។

ការរៀបចំ​សិស្ស ៖ សូមអញ្ជើញ​សិស្សឲ្យ​គិត​ពីមនុស្ស​បីនាក់ ដែល​ពួកគេ​កោតសរសើរ​នៅក្នុង​ប្រវត្តិសាស្រ្ត​របស់​សាសនាចក្រ ឬ​បទគម្ពីរ និង​របៀប​ដែល​អ្នកទាំងនេះ​បានបង្ហាញ​សេចក្ដីជំនឿ​ទៅលើ​ព្រះយេស៊ូវគ្រីស្ទ ។

សកម្មភាព​រៀនសូត្រ​ដែលអាច​មាន

តើអ្នក​អាចបង្ហាញ​សេចក្តីជំនឿ​ដោយ​របៀប​ណា ?

ខាងក្រោមនេះ​នឹងជួយ​រៀបចំ​សិស្ស​នៅក្នុងការ​សិក្សា​រៀនសូត្រ​បន្ថែមទៀត​អំពី​សេចក្ដីជំនឿ​លើ​ព្រះយេស៊ូវគ្រីស្ទ ។ ជំនួសការ​ឲ្យសិស្ស​សរសេរ​រាយបញ្ជី​ឧទាហរណ៍ អ្នក​អាចប្តូរ​បង្ហាញជា​វីដេអូមួយ ឬប្រាប់​អំពី​ដំណើររឿង​របស់ ជេន រ៉ូតហូហ្វ នៅ​នៅ​ចុងបញ្ចប់​នៃ​មេរៀន​នេះ ។

សូម​ធ្វើបញ្ជី​ឈ្មោះ​មនុស្ស​បីនាក់​ដែលអ្នក​កោតសរសើរ​ចេញពី​ប្រវត្តិ​សាសនាចក្រ ឬបទគម្ពីរ ។

  • តើអ្នក​ទាំងបីនាក់​នេះ​បានបង្ហាញ​សេចក្តីជំនឿ​លើ​ព្រះយេស៊ូវគ្រីស្ទ​តាមរបៀប​ណា​ខ្លះ ?

  • តើអ្នក​អាចដឹង​បាន​យ៉ាងដូចម្ដេចថា អ្នកកំពុង​អនុវត្ត​សេចក្ដីជំនឿ​លើ​ព្រះយេស៊ូវគ្រីស្ទ​នៅក្នុង​ជីវិត​របស់អ្នក ?

  • ហេតុ​អ្វីបានជា​អ្នកចង់​អនុវត្ត​សេចក្តីជំនឿ ?

សូមពិចារណា​សរសេរចម្លើយ​របស់​សិស្សចំពោះសំណួរ​ទីពីរដូច​ខាងក្រោម​ដាក់​នៅលើ​ក្ដារខៀន ។ សូមអញ្ជើញ​សិស្សឲ្យ​សញ្ជឹងគិត​អំពីចម្លើយ​ទាំងនេះ ហើយ​វាយតម្លៃ​ទៅលើ​សេចក្ដីជំនឿ​របស់​ពួកគេផ្ទាល់ ។ ប្រសិនបើ​មានប្រយោជន៍ សូមបន្ថែម​សេចក្តីថ្លែងការណ៍​អំពី​ស្វ័យ​វាយតម្លៃ​មួយចំនួន ឬទាំងអស់​ខាងក្រោម​នេះ ហើយ​អញ្ជើញ​សិស្ស​ឲ្យបំពេញ​សេចក្តី​ថ្លែងការណ៍​នេះ ។

ដើម្បីជួយ​អ្នក​សញ្ជឹងគិត​អំពី​សេចក្តីជំនឿ​របស់អ្នក​ផ្ទាល់​ទៅលើ​ព្រះយេស៊ូវគ្រីស្ទ សូម​សរសេរថា តើ​សេចក្តីថ្លែងការណ៍​ខាងក្រោមនេះ ពិត​កម្រិតណា​នៅ​លើ​រង្វាស់ ១–៥ ( ១ = មិនធ្លាប់សោះ ២ = ពេលខ្លះ ៣ = ជាញឹកញាប់ ៤ = ភាគច្រើនស្ទើរ​តែរហូត ៥ = ជានិច្ចកាល ) ៖

  • ខ្ញុំ​ជឿលើ​ព្រះគ្រីស្ទ ហើយ​ទទួលយក​ទ្រង់ជា​ព្រះអង្គសង្គ្រោះ​របស់ខ្ញុំ ។

  • តាមរយៈ​ការអធិស្ឋាន​ដោយ​ស្មោះ​ទៅកាន់​ព្រះវរបិតាសួគ៌ ខ្ញុំ​ស្វែងរក​ជំនួយ​ពី​ព្រះ និង​ព្រះយេស៊ូវ​គ្រីស្ទ ហើយ​ទុកចិត្ត​លើ​ការណែនាំ និងជំនួយ​របស់ទ្រង់​ទាំងទ្វេ ។

  • ខ្ញុំ​អនុវត្ត​តាម ហើយ​ទុកចិត្ត​ព្រះអម្ចាស់​ឲ្យ​ជួយដល់ខ្ញុំ ។

នៅពេល​អ្នកសិក្សា​មេរៀននេះ សូម​ខិតខំ​រៀន​បន្ថែមទៀត​អំពី​របៀប​ដែលអ្នក​អាចអនុវត្ត​សេចក្ដីជំនឿ​នៅលើ​ព្រះយេស៊ូវគ្រីស្ទ​ដោយ​បន្ទាបខ្លួន និង​មូលហេតុ​ដែល​អ្នក​អាច​នឹងចង់ធ្វើ ។ 

អនុវត្ត​សេចក្ដីជំនឿ

នៅក្នុង​មេរៀន​មុននេះ អ្នកបាន​រៀន​ថា​ព្រះអម្ចាស់​បានបញ្ជា​ឲ្យបងរបស់​យ៉ារេឌ​សង់ភេត្រា និង​ឆ្លងមហាសមុទ្រ​ទៅកាន់​ដែនដីសន្យា ប៉ុន្តែ​ភេត្រាមិន​មានពន្លឺ​សម្រាប់​បំភ្លឺ​នោះទេ ។ ព្រះអម្ចាស់​បាន​បង្គាប់​ឲ្យ​បង​របស់យ៉ារេឌ​ស្នើ​ដំណោះស្រាយ​មួយ ( សូមមើល អេធើរ ២:២៣ ) ។ នៅពេល​បង​របស់យ៉ារេឌ​បានធ្វើ​តាម​ដោយ​សេចក្តីជំនឿ​លើ​ព្រះយេស៊ូវគ្រីស្ទ ព្រះអម្ចាស់បាន​ជួយ​ដោះស្រាយ​បញ្ហា​របស់​លោក ហើយបាន​ប្រទានពរ​ដល់​លោក​តាម​របៀប​លើសពីអ្វី​ដែល​លោក​បាន​ទូលសុំ​ទៅទៀត ។

សូម​សំណៅ​មេរៀន​ខាងក្រោម ហើយ​អញ្ជើញសិស្ស​ឲ្យ​បំពេញវា​រៀងៗខ្លួន ឬជាក្រុម​តូចៗ ។

សេចក្ដីជំនឿ​របស់​បង​របស់យ៉ារេឌ

ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន ( ឆ្នាំ ២០២៤ )—« អេធើរ ៣ ៖ ‹ សេចក្ដីជំនឿ​ដ៏​លើសលប់ › »

សូមអាន​ខគម្ពីរ​ខាង​ក្រោម​រូបភាពនីមួយៗ​នៅខាងក្រោម ហើយ​សរសេរ​នូវអ្វី​ដែលបងរបស់​យ៉ារេឌ​បានធ្វើ ឬនិយាយ​ដើម្បីបង្ហាញ​សេចក្ដីជំនឿ ។ ( ដើម្បី​យល់ដឹង​អំពី អេធើរ ៣:២–៣ វាមាន​សារៈសំខាន់​ណាស់ក្នុងការ​យល់ថា ដោយសារ​ការធ្លាក់​របស់ អ័ដាម និងអេវ៉ា យើង​រស់នៅក្នុង​ពិភពលោកមួយ​ដែលយើង​ត្រូវបាន​ញែកចេញពី​ព្រះ ហើយ​យើង​ទាំងអស់​គ្នាបាន​ធ្វើបាប ហើយ​ញែកខ្លួន​យើងខាងវិញ្ញាណ​ចេញពីព្រះ ) ។

អេធើរ ៣:១

រូបភាព
បងរបស់​យ៉ារេឌ​ឡើង​ទៅលើ​ភ្នំ

អេធើរ ៣:២–៥

រូបភាព
បងរបស់​យ៉ារេឌ​កំពុង​អធិស្ឋាន​នៅលើ​ភ្នំ

អេធើរ ៣:៦–១០

រូបភាព
បងរបស់​យ៉ារេឌ​ឃើញ​ព្រះអង្គុលីនៃ​ព្រះអម្ចាស់

អេធើរ ៣: ១១–១៦, ១៩–២០

រូបភាព
បងរបស់​យ៉ារេឌ​កំពុង​ទូល​ទៅ​ព្រះអម្ចាស់
  • តើអ្នក​បានរៀន​អ្វីខ្លះ​ចេញពី​បទពិសោធន៍​បង​របស់​យ៉ារេឌ​នោះ ?

សូមអញ្ជើញ​សិស្ស​មួយចំនួន​ឲ្យចែកចាយ​ចម្លើយ​របស់​ពួកគេ ។ សូមសរសេរ​គោលការណ៍​សេចក្តីពិតដែល​ពួកគេ​លើកឡើង​នៅ​លើ​ក្ដារខៀន ។

គោលការណ៍​មួយដែល​យើង​អាច​រៀន​បាន គឺថា នៅពេល​ដែលយើង​អនុវត្ត​សេចក្ដីជំនឿ​នៅលើ​ព្រះអម្ចាស់​ដោយ​បន្ទាបខ្លួន នោះ​យើងនឹង​ចូលខិតទៅ​ជិត​ទ្រង់​កាន់តែ​ខ្លាំង ។

ដើម្បីជួយ​សិស្សឲ្យ​យល់កាន់​តែច្បាស់​អំពី​សេចក្ដីជំនឿ​បងរបស់​យ៉ារេឌ សូមពិចារណា​បែងចែក​សិស្ស​ក្នុងថ្នាក់​ជាក្រុមតូចៗ ដើម្បីធ្វើ​សកម្មភាព​បួន ដូចខាង​ក្រោម ។ ជម្រើស​មួយទៀត សូមអញ្ជើញ​សិស្ស​ឲ្យធ្វើការ​ជាក្រុម ដែលមាន​គ្នាបួននាក់ ដោយឲ្យ​សិស្សម្នាក់ៗ​ធ្វើសកម្មភាព​មួយក្នុង​ចំណោម​សកម្មភាព​ទាំងនេះ ។ បន្ទាប់មក សិស្ស​អាច​ចែកចាយ​អ្វី​ដែលពួកគេ​បានរៀន​នៅក្នុង​ក្រុម​របស់​ពួកគេ ហើយ​ប្រសិនបើ​មានប្រយោជន៍ សូម​ចែកចាយ​នូវ​ចំណុចសំខាន់ៗ​ទៅសិស្ស​នៅក្នុងថ្នាក់ ។

  1. បងរបស់​យ៉ារេឌ « បាន​រំលាយ​ថ្មមួយ​ទៅជាក្រួស ១៦ ដុំតូច » បានយក​ក្រួស​ទាំងនោះទៅ « លើកំពូលភ្នំ ហើយ​ស្រែក​ទូលអង្វរ​ព្រះអម្ចាស់​ទៀត » ( អេធើរ ៣:១ ) ។ សូមសរសេរ​អំពី​មូលហេតុ​ដែលអ្នក​មាន​អារម្មណ៍ថា មានចិត្ត​ចង់​អនុវត្ត​តាម និង​ធ្វើ​អ្វី​ដែលយើង​អាចធ្វើ​បាន​ដើម្បី​ដោះស្រាយ​បញ្ហា ដែលជា​ផ្នែកមួយ​ដ៏សំខាន់​នៃជំនឿ​របស់យើង​ទៅលើ​ព្រះអម្ចាស់ ។

  2. នៅពេល​ដែលបង​របស់យ៉ារេឌ​បានអធិស្ឋាន លោក​បាននិយាយ​អំពី « ភាព​ទន់ខ្សោយ​របស់​គាត់​នៅ​ចំពោះ [ ព្រះ ] » ( អេធើរ ៣:២ ) ហើយ​បានទូល​សុំជំនួយ​ដោយ​បន្ទាបខ្លួន ។ សូមសរសេរ​អំពី​របៀប​ដែល​ការដឹង​ពី​ភាពទន់​ខ្សោយ​របស់យើង និង​ការពឹងផ្អែក​ទាំងស្រុង​របស់យើង​ទៅ​លើ​ព្រះអម្ចាស់​អាច​ជះឥទ្ធិពល​លើ​ការអធិស្ឋាន និង​សេចក្តីជំនឿ​របស់​យើង​លើទ្រង់ ។

  3. នៅពេល​​បងរបស់​យ៉ារេឌ​បានទូលសុំ​ព្រះអម្ចាស់​ឲ្យពាល់​ក្រួស ដើម្បីធ្វើឲ្យ​ក្រួស​ទាំងនោះ​ភ្លឺឡើងនោះ លោក​បានថ្លែង​ទីបន្ទាល់​ថា « ឱ​ព្រះអម្ចាស់​អើយ ទូលបង្គំ​ដឹងថា ទ្រង់​មាន​អស់​ទាំង​ព្រះចេស្ដា ហើយ​អាច​ធ្វើអ្វី​ក៏​ដោយ​ដែលទ្រង់​សព្វព្រះហឫទ័យ ដើម្បី​ជា​ប្រយោជន៍​ដល់មនុស្ស » ( អេធើរ ៣:៤ ) ។ សូម​សរសេរ​អំពី​របៀប​ដែល​អ្នក​បាន​ស្គាល់ ឬ​អាច​ដឹង​ថា​ព្រះអម្ចាស់​មាន​ព្រះចេស្ដា​ដើម្បី​ជួយ​យើង​ពី​បញ្ហា​របស់យើង ។ អ្នក​ក៏អាច​ដាក់បញ្ចូល​អំពីរបៀប​ដែល​ចំណេះដឹង​នោះ​អាច​មាន​ឥទ្ធិពល​លើ​សេចក្តីជំនឿ​របស់យើង​លើទ្រង់ ។

  4. បងរបស់​យ៉ារេឌបាន​សន្យាថា លោក​នឹង​ជឿ​ព្រះបន្ទូល​ដែល​ព្រះអម្ចាស់​នឹង​មាន​បន្ទូលនៅ​ពេលខាងមុខ ( សូមមើល អេធើរ ៣:១១–១២ ) ។ សូមសរសេរ​អំពី​មូលហេតុ​ដែល​អ្នកគិតថា បងរបស់​យ៉ារេឌបាន​ទុកចិត្តលើ​ព្រះអម្ចាស់​យ៉ាងខ្លាំង ដែល​លោក​បាន​យល់ព្រម​ថា​នឹង​ធ្វើ​ការណ៍​នេះ ។

ការចូលទៅ​ជិតព្រះ‌អម្ចាស់

  • តើ​មាន​របៀប​ខុស​គ្នា​អ្វី​ខ្លះ​ដែល​ព្រះអម្ចាស់​ប្រទានពរ​ដល់បង​របស់យ៉ារេឌ ដោយសារ​សេចក្តីជំនឿ​របស់​លោក ?

  • តើបង​របស់យ៉ារេឌ​បាន​ចូលទៅជិត​ព្រះអម្ចាស់​តាមរយៈ​បទពិសោធន៍​នេះ​ដោយ​របៀបណា ?

វាអាចនឹង​មានប្រយោជន៍​ក្នុង​ការគូស​ចំណាំ​ព្រះបន្ទូល​របស់​ព្រះអម្ចាស់​ទៅកាន់​បងរបស់យ៉ារេឌ ៖ « នោះ​អ្នក​ត្រូវ​បាន​ប្រោស​លោះ​ពី​ការ​ធ្លាក់ ហេតុ​ដូច្នេះ​ហើយ អ្នក​ត្រូវ​បាន​នាំ​មក​ឯ​វត្ត​មាន​របស់​យើង​វិញ » ( អេធើរ ៣:១៣ ) ។ នៅពេល​យើង​អនុវត្ត​សេចក្តីជំនឿ​លើ​ព្រះអម្ចាស់​ជាមួយនឹង​បញ្ហាផ្ទាល់ខ្លួន​របស់យើង យើង​ក៏​អាច​ទទួលបាន​ជំនួយ​ពី​ទ្រង់​ជាមួយនឹង​គោលដៅ​ដ៏​នៅ​អស់កល្ប​ជានិច្ច​របស់យើង ដើម្បី​យកឈ្នះ​ការបែកចេញ​របស់យើង​ចេញពី​ទ្រង់ ហើយ​ត្រឡប់​ទៅ​រស់នៅ​ជាមួយ​ទ្រង់វិញ ។

សូមមើល ឬអាន​ឧទាហរណ៍​មួយខាងក្រោម​អំពី​យុវជនដែល​អនុវត្ត​សេចក្ដីជំនឿ​របស់​ពួកគេ ។

  • សូមមើល « Faith and the Goal » ( ៤:៤០ ) ។ កីឡាករ​បាល់ទាត់​អាជីព​វ័យក្មេង​ម្នាក់​ប្រាប់​អំពីរបៀប ដែលនាង​អនុវត្ត​សេចក្តីជំនឿ​លើ​ព្រះអម្ចាស់ ។

  • សូមមើល « Rebuilding My Faith When I Felt Lost » ( ៦:២៥ ) ។ បន្ទាប់ពី​ការត្រឡប់​មក​ពីបេសកកម្ម​មុនពេល​កំណត់ យុវជន​ម្នាក់​បាន​ស្ថាបនា​សេចក្តីជំនឿ​របស់គាត់​ទៅលើ​ព្រះយេស៊ូវគ្រីស្ទ​ឡើងវិញ ។

  • សូមអាន​ដំណើររឿង​របស់ ជេន រ៉ូតហូហ្វ ដែលជា​ក្មេងប្រុស​ម្នាក់រស់នៅ​ប្រទេស​ហូឡង់ ដែលបាន​ស្វែងរក​ព្យាការី យ៉ូសែប អេហ្វ ស៊្មីធ ដើម្បី​ព្យាបាល​ជំងឺ​របស់គាត់ ( Saints: The Story of the Church of Jesus Christ in the Latter Days ភាគ ៣ Boldly, Nobly, and Independent ឆ្នាំ ១៨៩៣–១៩៥៥ [ ឆ្នាំ ២០២២ ] ទំព័រ ១២៣–១២៥ ) ។

សូម​អញ្ជើញ​សិស្សឲ្យ​ចែកចាយអ្វី​ដែល​ពួកគេបាន​រៀន​ចេញពី​វីដេអូ ឬដំណើរ​រឿងនេះ ។

  • តើ​បទពិសោធន៍​អ្វីខ្លះ​ដែល​អ្នក​មាន ឬ​អ្នក​ដែល​អ្នក​ស្គាល់​មាន ដែល​បាន​ពង្រឹង​ជំនឿ​របស់​អ្នក​ទៅលើ​ព្រះយេស៊ូវគ្រីស្ទ ?

សូម​បញ្ចប់​ដោយ​ការសរសេរ​របៀប​មួយ ដែលអ្នក​ចង់អនុវត្ត​សេចក្តីជំនឿ​លើ​ព្រះយេស៊ូវគ្រីស្ទ​បន្ថែមទៀត ហើយ​មូលហេតុ​អ្វី ។ ខាងក្រោមនេះ គឺជាគំនិត​ទូទៅខ្លះៗ ដើម្បីជួយ​អ្នក​បំពេញ​សកម្មភាពនេះ ។ អ្នក​នឹងត្រូវ​បន្ថែម​ព័ត៌មាន​លម្អិត​ដែល​ទាក់ទង​ចំពោះអ្នក ។

  • សូមធ្វើ​សកម្មភាព​ជាក់លាក់មួយ ដើម្បីដោះស្រាយ​បញ្ហា ហើយ​ស្វែងរក​ជំនួយពី​ព្រះអម្ចាស់ ។

  • សូម​ដាក់​គោលដៅ​មួយ ដើម្បី​អធិស្ឋានដោយ​បន្ទាបខ្លួន ហើយ​ទុកចិត្ត​លើ​ព្រះអម្ចាស់​បន្ថែមទៀត ។

  • សូម​ធ្វើកិច្ចការ​មួយ​ដោយ​សកម្ម​ដើម្បី​នាំ​អ្នក​កាន់តែ​ចូល​ទៅជិត​ព្រះអម្ចាស់ ។

សូម​រក​មើល​របៀប​ដែល​ធ្វើឲ្យអ្នក​មានអារម្មណ៍​ស្និទ្ធស្នាល​ជាមួយ​ព្រះអម្ចាស់ នៅពេល​ដែល​អ្នកធ្វើ​ដោយ​សេចក្តីជំនឿ ។

សិស្ស​នឹងមាន​ឱកាស​ចែកចាយ​អំពីរបៀប​ដែល​ពួកគេបាន​អនុវត្ត​សេចក្តីជំនឿ និង​លទ្ធផលអ្វី​ដែលបាន​មកពី​ការអនុវត្ត​សេចក្តីជំនឿ​នោះ​នៅក្នុង​មេរៀន​វាយតម្លៃ​នា​ពេលខាងមុខ ដែល​ហៅថា ( « វាយតម្លៃ​ការរៀន​សូត្រ​របស់អ្នក​ទី ៩ » ) ។

សូម​បញ្ចប់​ដោយ​ការថ្លែងទីបន្ទាល់​អំពី​ព្រះអង្គសង្គ្រោះ និង​ពរជ័យ​ដែលកើត​ចេញពី​ការអនុវត្ត​សេចក្តីជំនឿ​លើទ្រង់ ។