ថ្នាក់​សិក្ខាសាលា
អេធើរ ១ ៖ « ចូរ​អំពាវនាវ​ដល់​ព្រះអម្ចាស់ »


« អេធើរ ១ ៖ ‹ ចូរ​អំពាវនាវ​ដល់​ព្រះអម្ចាស់ › » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូ​បង្រៀន ( ឆ្នាំ ២០២៤ )

« អេធើរ ១ » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូ​បង្រៀន

អេធើរ ១

« ចូរ​អំពាវនាវ​ដល់​ព្រះអម្ចាស់ »

រូបភាព
យុវនារី​កំពុង​អធិស្ឋាន

តើ​ការប្រាស្រ័យ​ទាក់ទង​របស់អ្នក​ជាមួយនឹង​ព្រះអម្ចាស់​ផ្លាស់ប្ដូរ​យ៉ាងដូចម្ដេច នៅពេល​ដែល​អ្នក​ប្រឈមមុខ​នឹង​បញ្ហានានា ? នៅពេល​មនុស្ស​ទុច្ចរិត​ព្យាយាម​សង់ប៉ម ដើម្បី​ឡើង​ទៅ​ស្ថានសួគ៌ ព្រះអម្ចាស់​បានបំភាន់​ភាសា​របស់​ពួកគេ ដើម្បី​កុំឲ្យ​ពួកគេអាច​និយាយ​យល់គ្នា​ទៅវិញ​ទៅមក ( សូមមើល លោកុប្បត្តិ ១១:១–៩ ) ។ បងរបស់​យ៉ារេឌ​បាន​អំពាវនាវ​ដល់​ព្រះអម្ចាស់ ដោយអង្វរ​ឲ្យ​ទ្រង់​កុំ​ឲ្យ​បំភាន់​ភាសា​គ្រួសារ និង​មិត្តភក្តិ​របស់លោក ( សូមមើល អេធើរ ១:៣៤–៣៧ ) ។ ព្រះអម្ចាស់​បាន​ឆ្លើយតប​ការ​អធិស្ឋាន​ដ៏ស្មោះអស់​របស់​លោក​ដោយ​សេចក្តីអាណិតអាសូរ និង​មេត្តាករុណា ។ មេរៀននេះ​មាន​គោលបំណង​ជួយ​បំផុសគំនិត​ដល់​អ្នក​ឲ្យអធិស្ឋាន​ដោយ​ស្មោះ និង​ខ្ជាប់ខ្ជួន ។

ការបង្រៀន​អំពី​គោលគំនិត​គ្រឹះ ។ សិស្សប្រហែល​ជាអាចឮ​ជាញឹកញាប់​អំពី​គោលគំនិត​គ្រឹះ​នៅ​ក្នុង​ដំណឹងល្អ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ ( ដូចជា​ការអធិស្ឋាន​ជាដើម ) ។ ការជួយ​សិស្ស​ឲ្យយល់​អំពីរបៀប​ដែល​គោលគំនិត​គ្រឹះ​ទាំងនេះ​អាច​ផ្ដល់​ពរ​ដល់​ជីវិត​រស់នៅ​របស់ពួកគេ អាចជួយ​ពួកគេ​បន្តចូលរួម​នៅ​ក្នុង​មេរៀន ដែល​គោលគំនិត​គ្រឹះ​ទាំងនេះ​ត្រូវបាន​យកមក​បង្រៀន ។

ការរៀបចំ​សិស្ស ៖ សូមអញ្ជើញ​សិស្សឲ្យ​អាន អេធើរ ១:៣៤–៣៧ ហើយ​គូស​ចំណាំ​នៅលើឃ្លា « ចូរ​អំពាវនាវ​ដល់​ព្រះអម្ចាស់ » ។ សូម​ពួកគេ​ឲ្យ​មក​ដោយ​រៀបចំខ្លួន​ត្រៀម​ចែកចាយ អំពី​អត្ថន័យឃ្លា​នេះមាន​ន័យ​ដូចម្តេច​ចំពោះ​ពួកគេ និង​របៀប​ដែល​ឃ្លា​នេះ​អាច​ខុសគ្នា​ជាង​របៀប ដែលយើង​អធិស្ឋាន​ញឹកញាប់​យ៉ាងដូចម្តេច ។

សកម្មភាព​រៀនសូត្រ​ដែលអាច​មាន

សកម្មភាព​ដ៏​ស្មោះ និង​ខ្ជាប់ខ្ជូន

សូម​ពិចារណា​បង្ហាញ ឬសរសេរ​នៅ​លើ​ក្តារខៀន​នូវ​សេចក្តីថ្លែងការណ៍​បំពេញចន្លោះ​ខាងក្រោម ។ សូម​អញ្ជើញ​សិស្ស​ឲ្យចាប់ជា​ដៃគូ ឬ​ក្រុមតូចៗ ហើយ​ចែកចាយ​អំពីរបៀប​ដែលពួកគេ​អាច​បំពេញចន្លោះ​នោះ ។

សូមគិត​អំពី​សកម្មភាព​ដែលល្អ​សម្រាប់​អនុវត្ត ដូចជា​ការសិក្សា ការធ្វើ​លំហាត់ប្រាណ ឬការបម្រើ​ដល់​អ្នកដទៃ ។ សូម​ប្រើប្រាស់​សកម្មភាព​នោះក្នុង​សេចក្តីថ្លែងការណ៍​ខាងក្រោម ហើយ​បំពេញឃ្លា​តាម​របៀប​ដែល​ត្រឹមត្រូវ ។

  • ប្រសិនបើមាន​នរណាម្នាក់ ( សកម្មភាព ) ម្តងម្កាល បន្ទាប់មក  ។

  • ប្រសិនបើ​មាន​នរណាម្នាក់ ( សកម្មភាព ) ដោយស្មោះ និង​ខ្ជាប់ខ្ជូន​ក្នុងរយៈ​ពេលវែង​នោះ បន្ទាប់មក  ។

  • តើអ្នក​អាចបំពេញ​សេចក្ដីថ្លែងការណ៍​ពីរ​ដែល​ដូចគ្នានេះ​យ៉ាងដូចម្តេច ដោយ​ប្រើប្រាស់​សកម្មភាព​នៃការអធិស្ឋាន ?

    សូមពិចារណា​សរសេរ​ចម្លើយរបស់​សិស្ស​ចំពោះសំណួរ​ដូចខាងក្រោម​ដាក់លើ​ក្ដារខៀន ។

  • តើមាន​មូល​ហេតុ​អ្វីខ្លះដែល​ធ្វើឲ្យ​យើងមិន​អាចស្មោះ ឬខ្ជាប់ខ្ជួន​នៅក្នុង​ការអធិស្ឋាន​របស់​យើង​ដូចដែល​យើង​តែងតែ​ប្រាថ្នាចង់​ធ្វើ ?

សូមអញ្ជើញ​សិស្សឲ្យ​ពិចារណា​អំពី​ចម្លើយ​របស់ពួកគេ​ចំពោះសំណួរ​នៅក្នុង​កថាខណ្ឌ​ខាង​ក្រោមនេះ ។ សូមកុំ​អញ្ជើញ​ពួកគេឲ្យ​ចែកចាយ​ចម្លើយ​របស់ពួកគេ​ឡើយ ។

សូមចំណាយ​ពេលបន្តិច ដើម្បី​ពិចារណា​អំពី​ការអធិស្ឋាន​របស់អ្នក ។ តើមាន​អ្វីខ្លះ​ដែល​អាចជួយ​អ្នកឲ្យមាន​ចិត្តស្មោះ និង​ការខ្ជាប់ខ្ជួន​បាន ? តើមាន​ចំណុច​អ្វីខ្លះ​ដែលអាច​រារាំង​អ្នកពី​ភាពស្មោះ និង​ការខ្ជាប់ខ្ជូន ? ហេតុអ្វី​បាន​ជាអ្នក​ចង់​កែលម្អ ?

នៅពេល​ដែល​អ្នកសិក្សា​មេរៀននេះ សូម​រកមើល​សេចក្ដីពិត​ដែល​អាចជួយ​អ្នកនៅ​ក្នុង​ការអធិស្ឋាន​របស់អ្នក ។

គម្ពីរអេធើរ

នៅត្រង់​ចំណុចនេះ​ក្នុង​ព្រះគម្ពីរ​មរមន មរ៉ូណៃ បានដាក់​បញ្ចូល​គម្ពីរអេធើរ ។ គម្ពីរនេះ​មាន​ដំណើររឿង​របស់​សាសន៍យ៉ារេឌ ។ គម្ពីរនេះ​ត្រូវ​បានបកប្រែ​ចេញពី​ផ្ទាំង​ចំណារមាស​ចំនួន ២៤ ផ្ទាំង​ដែលបាន​រកឃើញ​ដោយ​ប្រជាជន​​លិមហៃ​បាន​បញ្ជូនទៅ ( សូមមើល ម៉ូសាយ ៨:៧–១១; អេធើរ ១:១–២ ) ។ គម្ពីរ​នេះ ចាប់ផ្តើម​ដោយ​ដំណើររឿង​​បង​របស់​យ៉ារេឌ និង​ការអធិស្ឋាន​របស់​លោក​ទៅកាន់​ព្រះអម្ចាស់ ។ សូមមើល​តារាង​ពេលវេលា​ខាងក្រោម ( កាលបរិច្ឆេទ​ប៉ាន់ស្មាន ) ដើម្បី​ដឹងនៅ​ពេលដែល​លោក​រស់នៅ​ដោយ​ប្រៀបធៀប​ទៅ​នឹង​បុគ្គល​ផ្សេង​ទៀត ដែល​អ្នក​បាន​សិក្សា​នៅក្នុង​ព្រះគម្ពីរ​មរមន​នៅឆ្នាំនេះ ៖

សូមពិចារណា​អំពី​ការបង្ហាញ​តារាង​ពេលវេលា​ខាងក្រោមនេះ ដើម្បីជួយ​ដល់​សិស្សឲ្យ​យល់​អំពីពេល​ដែលសាសន៍​យ៉ារេឌ​បានរស់នៅ ។ ការយល់ដឹង​អំពី​បរិបទ​នៃ​បទគម្ពីរ​នេះ អាច​ជួយ​ដល់​សិស្ស​ឲ្យ​ទទួល​បានចំណេះដឹង​បន្ថែមទៀត នៅពេល​ពួកគេ​សិក្សា ។

រូបភាព
តារាង​ពេលវេលា​នៃព្រះគម្ពីរ​មរមន​មកពីឆ្នាំ ៣០០០ មុន គ.ស ដល់ ៤០០ គ.ស

សូមអាន អេធើរ ១:៣៣ ដើម្បី​ដឹងពីអ្វី​ដែល​កំពុង​កើតឡើង នៅពេល​ដែល​ដំណើររឿង​របស់សាសន៍​យ៉ារេឌ​បានចាប់ផ្តើម ។

  • តើ​អ្នក​ដឹង​អ្វីខ្លះ​អំពី « ប៉មដ៏មហិមា » និង « ព្រះអម្ចាស់​ទ្រង់​បាន [ បំភាន់ ] ភាសា​របស់​មនុស្ស » ( អេធើរ ១:៣៣ ) ?

សូមស្តាប់​ចម្លើយ​របស់សិស្ស ហើយ​សង្ខេប​ដំណើររឿង​ខាងក្រោម ឬមើល​វីដេអូ​ខាង​ក្រោម ប្រសិនបើ​មាន​ប្រយោជន៍ ។

ប្រសិនបើ​ដំណើររឿង​នេះ​អ្នកមិនសូវ​ស្គាល់​ទេ សូម​ពិចារណា​មើល​វីដេអូ «°The Tower of Babel°» (°០:៥៨°) ដែល​មាន​នៅ​លើ​គេហទំព័រ ChurchofJesusChrist.org ឬ​អាន លោកុប្បត្តិ ១១:១–៩ (°សូមមើល​ផងដែរ​កថាខណ្ឌ​ទីពីរ នៃ​ទំព័រ​ចំណងជើង​ទៅ​កាន់​ព្រះគម្ពីរ​មរមន°)°។

  • តើ​ការរស់នៅ​ក្នុងអំឡុង​ពេល​នោះ​អាច​មាន​លក្ខណៈ​ដូចម្តេចទៅ ?

ចូរ​អំពាវនាវ​ដល់​ព្រះ​ដោយ​សេចក្ដី​ជំនឿ

ជួនកាល​បទគម្ពីរ​មាន​ឃ្លា​ដដែលៗ ដើម្បី​ផ្តល់​ឲ្យ​ឃ្លាទាំង​នោះ​កាន់តែ​សង្កត់ធ្ងន់ ឬ​បញ្ជាក់ពី​សារៈសំខាន់​បន្ថែមទៀត ។ ការស្វែងរក​ឃ្លាដដែលៗ​ទាំងនេះ អាចជួយ​យើងឲ្យ​យល់​កាន់តែ​ច្បាស់ អំពីអ្វី​ដែល​អ្នកនិពន្ធ​ទទួលបាន​ការបំផុសគំនិត​កំពុងតែ​ព្យាយាម​បង្រៀន​ដល់​យើង ។

សូមអាន អេធើរ ១:៣៤–៣៧ ដើម្បីដឹង​អំពីរបៀប​ដែល​យ៉ារេឌ និង​បងរបស់គាត់​បានព្យាយាម​ស្វែងរក​ដើម្បី​ដោះស្រាយ​បញ្ហា​របស់ពួកគេ ។ សូមពិចារណា​គូសចំណាំ​លើ​ឃ្លា​ដដែលៗ ដែល​បង្ហាញ​អំពី​របៀប​ដែល​បងរបស់យ៉ារេឌ​បានអធិស្ឋាន និង​របៀបដែល​ព្រះអម្ចាស់​បាន​ឆ្លើយតប ។

  • តើអ្នកបាន​រៀនសូត្រ​អ្វីខ្លះ​មកពី​ឃ្លា​ដែលអ្នក​បាន​គូសចំណាំ ?

សូមស្តាប់​ដោយ​យកចិត្ត​ទុកដាក់ នៅពេល​ដែលសិស្ស​ឆ្លើយ ។ សូមសរសេរ​គោលការណ៍​សេចក្តីពិត​ណាមួយ​ដែល​ពួកគេ​ចែកចាយ​នៅលើ​ក្ដារខៀន ។

គោលការណ៍មួយ​ដែលយើង​រៀនមកពី​ដំណើររឿងនេះ គឺថា នៅពេល​ដែលយើង​អំពាវនាវ​ដល់​ព្រះដោយ​សេចក្ដី​ជំនឿ នោះទ្រង់​នឹងមាន​សេចក្តីអាណិត​អាសូរ​ដល់យើង ។

សូមអញ្ជើញ​សិស្សឲ្យ​គិត​អំពីការរៀបចំខ្លួន​សម្រាប់​ចែកចាយ​នៅក្នុង​ថ្នាក់រៀន​របស់ពួកគេ ។ បន្ទាប់ពី​សិស្សបាន​សរសេរពី​គំនិត​របស់ពួកគេ​ចំពោះ​ការបំផុសគំនិត​ខាងក្រោមនេះ​រួចហើយ សូមពិចារណា​ចាត់​ពួកគេ​ជា​គូៗ ហើយ​អញ្ជើញ​ពួកគេ​ឲ្យចែកចាយ​ចម្លើយ​របស់ពួកគេ ។

សូម​សរសេររបៀប​ដែលអ្នក​នឹងពន្យល់​អំពី​គោលការណ៍​នេះដល់​នរណាម្នាក់ ។ សូមបញ្ចូល​ចំណុច​ខាងក្រោមនេះ​នៅក្នុង​សេចក្តីពន្យល់​របស់អ្នក ៖

  • តើ​អ្នក​គិតថា អំពាវនាវ​ដល់ព្រះអម្ចាស់​ដោយ​សេចក្ដី​ជំនឿ​មាន​អត្ថន័យ​យ៉ាងដូចម្តេច និងរបៀប​ដែលឃ្លា​នេះអាច​ខុសគ្នា​ពីរបៀប​ដែល​យើង​អធិស្ឋាន​ម្តងម្កាល​យ៉ាងដូចម្តេច

  • តើការឆ្លើយ​តបរបស់​ព្រះអម្ចាស់​ចំពោះ​បង​របស់យ៉ារេឌ​បង្រៀន​ដល់​អ្នក​អំពីទ្រង់​អ្វីខ្លះ

  • របៀប​ខ្លះៗ​ដែល​ព្រះអម្ចាស់​អាចឆ្លើយតប​នឹង​ការអធិស្ឋាន​របស់​យើង​ដោយ​សេចក្តី​អាណិតអាសូរ

ដើម្បី​ដឹងពីគំរូ​សម័យ​ទំនើប​នៃការឆ្លើយតប​របស់​ព្រះអម្ចាស់​ដោយ​សេចក្តី​អាណិតអាសូរ​ចំពោះការអធិស្ឋាន​ដោយស្មោះ និងខ្ជាប់ខ្ជូន សូមមើល «°Answers to Prayer°» ចាប់ពីនាទី ទី ២:១៧ ដល់ ៤:៣២ ដែលមាន​នៅ​លើ​គេហទំព័រ ChurchofJesusChrist.org°។

វាមាន​សារៈសំខាន់​ណាស់​ក្នុង​ការដឹង​ថា យើង​មិនដឹងថា បង​របស់​យ៉ាងរេឌ​ត្រូវ​ចំណាយពេល​ប៉ុន្មាន​ដើម្បី​ទទួល​បាន​ចម្លើយ​របស់​លោក​ឡើយ ។ អែលឌើរ ប្រ៊ូក ភី ហែល៍ នៃ​ពួក​ចិតសិបនាក់​បាន​ចែកចាយ​ដូចតទៅ ៖

ព្រះវរបិតា​ស្គាល់​យើង ដឹង​ពី​សេចក្ដី​ត្រូវការ​របស់​យើង ហើយ​មាន​ព្រះរាជបំណង​ជួយ​យើង​ជា​ប្រាកដ ។ ជួនកាល​ជំនួយ​នោះ​ត្រូវបាន​ផ្ដល់​នៅ​គ្រា​នោះ​តែម្ដង ឬ​យ៉ាងហោច​ណាស់ ឆាប់ៗ​បន្ទាប់​ពី​យើង​ទូល​សូម​ជំនួយ​ដ៏​ទេវភាព​នោះ ។ ជួនកាល​បំណង​ដ៏​ស្មោះត្រង់ និង​សក្ដិសម​របស់​យើង​ភាគច្រើន​បំផុត មិន​ត្រូវបាន​ឆ្លើយ​តប​តាម​ដែល​យើង​សង្ឃឹម​ចង់​បាន​នោះ​ទេ តែ​យើង​ឃើញ​ថា​ព្រះ​មាន​ពរជ័យ​ធំ​ជាង​នោះ​សម្រាប់​យើង ។ ហើយ​ជួនកាល បំណង​ដ៏​សុចរិត​របស់​យើង​មិន​ត្រូវបាន​ប្រទាន​ឲ្យ​ក្នុង​ជីវិត​នេះ​ទេ ។ ( ប្រ៊ូក ភី ហែល៍ « Answers to Prayer » EnsignLiahona ខែ ឧសភា ឆ្នាំ ២០១៩ ទំព័រ ១២ )

  • ហេតុអ្វី​បាន​ជាអ្នក​គិតថា ការបង្រៀន​ទាំង​នេះមាន​សារៈសំខាន់​សម្រាប់​យើង​ត្រូវចងចាំ ?

    ប្រសិនបើ​សិស្សទទួល​បាន​អត្ថប្រយោជន៍​មកពី​ការសិក្សា​បន្ថែម​អំពី​របៀប​ដែល​ព្រះឆ្លើយតប​ការអធិស្ឋាន សូម​ពិចារណា​ធ្វើ​សកម្មភាព​សិក្សា​បន្ថែម​ដែលមាន​ចំណងជើងថា « Answers to prayers » នៅត្រង់​ចំណុចនេះ​នៅក្នុង​មេរៀន​នេះ ។

ប្រសិនបើ​ចម្លើយ​របស់ពួកគេ​មិនមាន​លក្ខណៈ​ផ្ទាល់ខ្លួន​ពេក​ទេ​នោះទេ សូមពិចារណា​អញ្ជើញ​សិស្សឲ្យ​ចែកចាយ​អំពី​របៀប​មួយចំនួន ដែល​ព្រះអម្ចាស់​បាន​បង្ហាញ​សេចក្ដី​មេត្តាករុណា​ចំពោះ​ពួកគេ នៅពេល​ពួកគេ​បានអធិស្ឋាន​ទៅកាន់​ទ្រង់ ។ អ្នក​ក៏អាច​បន្ថែម​បទពិសោធន៍​ផ្ទាល់ខ្លួន​របស់​អ្នក​បានផងដែរ ។

ភាពខ្ជាប់ខ្ជូន​ក្នុង​ការអធិស្ឋាន

សូមអាន អេធើរ ១:៣៨–៤៣; ២:៥, ១៣–១៥ ដោយ​ស្វែងរក​ការយល់ដឹង​បន្ថែមទៀត​អំពី​ការអធិស្ឋាន និង​ចម្លើយ​របស់​ព្រះអម្ចាស់ ។

សូម​អញ្ជើញ​សិស្ស​ឲ្យ​ចែកចាយ​អ្វីដែល​ពួកគេ​បានរៀន ។ បើ​មានប្រយោជន៍ សូមសួរ​សំណួរ​មួយចំនួន​ខាងក្រោម ៖

  • តើ​មាន​ឃ្លា​អ្វីខ្លះ​នៅក្នុង អេធើរ ១:៤៣ និង ២:១៤ បង្ហាញ​ពី​ព្រះហឫទ័យ​របស់​ព្រះអម្ចាស់​អំពី​ភាពខ្ជាប់ខ្ជូន​របស់យើង​ក្នុង​ការអធិស្ឋាន ? ហេតុអ្វីបាន​ជាអ្នក​គិតថា ទ្រង់ចង់​ឲ្យយើង​អធិស្ឋាន​ទៅទ្រង់​ដោយ​ខ្ជាប់ខ្ជូន ?

  • មាន​ពេល​មួយ បងរបស់យ៉ារេឌ លោក​មិន​សូវ​អធិស្ឋាន​បានខ្ជាប់ខ្ជូន​ទេ ( សូមមើល អេធើរ ២:១៤ ) ។ តើ​មាន​មូលហេតុ​អ្វីខ្លះ ដែលយើង​ប្រហែលជា​មិនសូវ​ជា​ខ្ជាប់ខ្ជួន​ក្នុង​ការអធិស្ឋាន​របស់យើង​នៅ​សព្វថ្ងៃនេះ ?

ការកែលម្អ​ការអធិស្ឋាន

សូម​ស្រមៃ​ថា អ្នកកំពុង​ចូលរួម​ក្នុង​កិច្ចពិភាក្សា​ក្រុម​របស់​យុវវ័យ​មួយ​អំពីរបៀប​ជួយដល់​យុវជន​កែលម្អ​ការអធិស្ឋាន​របស់​ពួកគេ ។

សូមពិចារណា​អញ្ជើញសិស្ស​ពីរបីនាក់​មកខាងមុខ​ថ្នាក់​ដើម្បី​ធ្វើ​កិច្ចពិភាក្សា​ជាក្រុម ។ សិស្ស​អាចបង្កើត​សួរសំណួរ​ផ្ទាល់ខ្លួន​របស់ពួកគេ​សម្រាប់​កិច្ចពិភាក្សា​ជាក្រុមនេះ ឬប្រើប្រាស់​សំណួរ​ខាងក្រោមនេះ ។

  • តើមាន​អ្វីខ្លះ​ដែលអ្នក​បានធ្វើ ឬអាច​ធ្វើបាន​ដើម្បីធ្វើឲ្យ​ការអធិស្ឋាន​របស់អ្នក​កាន់តែ​មាន​អត្ថន័យ ឬ​មានភាពស្មោះ​ជាងមុន ?

  • តើអ្នក​បានធ្វើ​អ្វីខ្លះ​ដែលជួយ​អ្នក​អធិស្ឋាន​បាន​ខ្ជាប់ខ្ជូន ? តើមាន​អ្វីផ្សេងទៀត​ដែលអ្នក​អាច​ធ្វើបាន​ដែរឬទេ ?

  • តើ​ការគិតថា​ទំនាក់ទំនង​របស់អ្នក​ជាមួយនឹង​ព្រះវរបិតាសួគ៌​អាច​មាន​ឥទ្ធិពល​ទៅលើ​ភាពខ្ជាប់ខ្ជូន និង​ភាពស្មោះ​នៃ​ការអធិស្ឋាន​របស់អ្នក​ដោយ​របៀប​ណា ? ( សូមមើល Bible Dictionary « Prayer » ) ។

ស្វែងរក​ការបំផុសគំនិត​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ ហើយ​ពិចារណា​ពី​ការផ្លាស់ប្តូរ​ណាមួយ ដែល​អ្នក​មាន​អារម្មណ៍​ថា អ្នក​ត្រូវតែ​ធ្វើ​នៅក្នុង​ការអធិស្ឋាន​របស់​អ្នក ។ សូម​ដាក់​គោលដៅ និងការប្តេជ្ញាចិត្ត​ជាក់លាក់​មួយ​ដើម្បិ​ធ្វើតាម​ចំណាប់​អារម្មណ៍​ណាមួយ​ដែល​អ្នកទទួលបាន ។