ថ្នាក់​សិក្ខាសាលា
នីហ្វៃ​ទី៣ ១២:១–១៦ ៖ « មាន​ពរ​ហើយ​អ្នក​រាល់​គ្នា »


នីហ្វៃ​ទី៣ ១២:១–១៦ ៖ « មាន​ពរ​ហើយ​អ្នក​រាល់​គ្នា » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូ​បង្រៀន ( ឆ្នាំ ២០២៤ )

« នីហ្វៃ​ទី៣ ១២:១–១៦ » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូ​បង្រៀន

នីហ្វៃ​ទី៣ ១២:១–១៦

« មាន​ពរ​ហើយ​អ្នក​រាល់​គ្នា »

រូបភាព
ព្រះគ្រីស្ទ​បង្រៀន​នៅ​ទ្វីប​អាមេរិក

ព្រះវរបិតាសួគ៌ និងព្រះយេស៊ូវ​សព្វព្រះទ័យ​ប្រទានពរ​ដល់​ពួកយើង ។ យើង​អាច​ប្រាកដ​ចិត្ត​ថា នៅពេល​យើង​ធ្វើតាម​ដំបូន្មាន​របស់ទ្រង់ នោះយើង​នឹង​ទទួល​បាន​ពរជ័យ​របស់ទ្រង់​ទៅតាម​ពេលវេលា និង​តាមរបៀប​របស់ទ្រង់ ។ នៅពេល​ទ្រង់បង្រៀន​ដល់ពួក​សាសន៍​នីហ្វៃ ព្រះយេស៊ូវ​បាន​ប្រកាស​អំពី​ពរជ័យ​ជាច្រើន ដែល​យើង​អាចទទួល​បាន ។ មេរៀន​នេះ​អាចជួយ​អ្នក​ឲ្យ​រៀបចំ​ខ្លួន​ដើម្បី​ទទួល​បាន​ពរជ័យ ដែល​ព្រះអង្គសង្គ្រោះ​បាន​មាន​ព្រះ​បន្ទូល នៅពេល​អ្នកខិតខំ​ព្យាយាម​ធ្វើតាម​ដំបូន្មាន​របស់ទ្រង់ ។

ដោយ​ផ្តោតទៅ​លើ​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ ដែល​ជាប្រភព​នៃពរជ័យ​របស់យើង ។ នៅពេល​ដែល​សិក្សា​ព្រះគម្ពីរ និង​ពិភាក្សាអំពី​ពរជ័យ​ដែល​បានសន្យា សូម​បញ្ជាក់ថា ព្រះវរបិតាសួគ៌ និងព្រះយេស៊ូវ​គ្រីស្ទ គឺជា​ប្រភព​នៃ​ពរជ័យទាំង​អស់នោះ ។

ការរៀបចំ​សិស្ស ៖ ដើម្បី​ជួយ​រៀបចំ​ចិត្ត​របស់​សិស្ស​ឲ្យ​សិក្សា​អំពី​ទេសនកថា​របស់​ព្រះអង្គសង្គ្រោះ​នៅក្នុង​នីហ្វៃទី ៣ ដែល​ស្រដៀងគ្នា​ទៅនឹង​ទេសនកថា​នៅ​លើភ្នំ​របស់​ទ្រង់ សូម​ពិចារណា​អញ្ជើញ​ពួកគេ​ឲ្យ​គិត​ពិចារណា​អំពី​សេចក្ដីថ្លែងការណ៍​នេះ​មកពី​ប្រធាន​យ៉ូសែប ហ្វីលឌីង ស្ម៊ីធ ( ឆ្នាំ ១៨៧៦–១៩៧២ ) ។ លោក​បាន​មាន​ប្រសាសន៍​ថា ទេសនកថា​នៅលើ​ភ្នំ​គឺជា « [ ទេសនកថា ] ដ៏​អស្ចារ្យ​បំផុត​ដែល​ពុំ​ធ្លាប់​បង្រៀន​ពីមុន​មក​ឡើយ តាម​អ្វី​ដែល​យើង​ដឹង » ( Teachings of Presidents of the Church: Joseph Fielding Smith [ ឆ្នាំ ២០១៣ ] ទំព័ ២៣៤ ) ។

សកម្មភាព​រៀនសូត្រ​ដែលអាច​មាន

មានពរ

ដើម្បី​ជួយដល់​សិស្សឲ្យ​គិត​អំពី​អត្ថន័យ​ពិតប្រាកដ​នៃ​ការទទួល​បាន​ពរជ័យ សូម​ពិចារណា​គូរ​គំនូរ​ក្រប​ទស្សនាវដ្ដី​ដ៏​សាមញ្ញមួយ​នៅ​លើ​ក្ដារខៀន ។ ដាក់​ឈ្មោះ​ទស្សនាវដ្ដី​នេះថា ទស្សនាវដ្តី​ជោគជ័យ​លំដាប់​ពិភពលោក ហើយ​សរសេរ​ឈ្មោះ​នៃ​អត្ថបទ​ច្បាប់​ពិសេស​នេះ​ថា « មនុស្ស​ប្រាំនាក់​ដែល​ទទួល​បាន​ពរជ័យ​ច្រើនជាង​គេ​បំផុត​ប្រចាំឆ្នាំ » ។

សូម​អញ្ជើញ​សិស្ស​ឲ្យ​ឡើង​មក​ក្ដារខៀន ហើយ​សរសេរ​អំពី​ពរជ័យ​មួយ​ចំនួន​នៅលើ​ក្រប​ទស្សនាវដ្ដី ដែល​ពួកគេ​រំពឹង​ថា អត្ថបទ​នេះ​ផ្ដោត​លើ ។

សូម​គូរ​រូប​ក្រប​ទស្សនាវដ្ដី​ដែល​ដូចគ្នា​បេះបិទ​ជាមួយ​នឹង​អត្ថបទ​ពិសេស​ដូចគ្នា​នៅ​ក្ដារខៀន​ម្ខាង​ទៀត ប៉ុន្តែ​លើក​នេះ​ដាក់​ឈ្មោះ​ទស្សនាវដ្តី​ថា លីអាហូណា ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​សរសេរ​ពរជ័យ​មួយចំនួន ដែល​ពួកគេ​រំពឹង​គិត​ថា អត្ថបទ​ទស្សនាវដ្ដី​របស់​សាសនាចក្រ​នឹង​ផ្តោតលើ ។

  • តើ​មាន​ពរជ័យ​ជាក់លាក់​អ្វីខ្លះ ដែល​អ្នក​រំពឹង​ថា អត្ថបទ​នេះ​នឹង​ផ្តោត​លើ​ជា​លក្ខណៈ​វិនិច្ឆ័យ​សម្រាប់​ការជ្រើសរើស​មនុស្ស ?

ឥឡូវនេះ សូមស្រមៃ​អំពី​អត្ថបទ​ទស្សនាវដ្ដី អាហូណា ដែល​មានចំណង​ជើងដូចគ្នា ។

  • តើ​មាន​ពរជ័យ​ជាក់លាក់​អ្វីខ្លះដែល​អ្នក​រំពឹង​ថា អត្ថបទ​នេះ​នឹង​និយាយ​អំពី​ពរជ័យ​ដ៏​អស្ចារ្យ​បំផុត​ដែល​នរណាម្នាក់​អាច​នឹងមាន ?

  • តើ​ហេតុអ្វី​បានជាអ្នក​គិតថា ព្រះអង្គសង្គ្រោះ និង​សាសនាចក្រ​របស់ទ្រង់​បង្រៀន​យើង​ឲ្យ​តម្លៃ​ខ្ពស់​បំផុត​ទៅលើ​ពរជ័យ​ផ្សេង​ពី​មនុស្ស​ជាច្រើន​នៅក្នុង​ពិភពលោក​ខំប្រឹង​ស្វែងរក ?

នៅក្នុង នីហ្វៃ​ទី៣ ១២–១៤ ព្រះយេស៊ូវ​គ្រីស្ទ​បាន​បង្រៀន​ពួក​សាសន៍​នីហ្វៃ​នូវ​ទេសនកថា​ស្រដៀង​គ្នា​ទៅនឹង​ទេសនកថា​នៅ​លើភ្នំ​របស់ទ្រង់​នៅក្នុង​ព្រះគម្ពីរ​សញ្ញាថ្មី ។ ប្រធាន យ៉ូសែប ហ្វីលឌីង ស្ម៊ីធ ( ឆ្នាំ ១៨៧៦–១៩៧២ ) បាន​មាន​ប្រសាសន៍​ថា ទេសនកថា​នៅលើ​ភ្នំ​គឺជា « [ ទេសនកថា ] ដ៏​អស្ចារ្យ​បំផុត​ដែល​ពុំ​ធ្លាប់​បង្រៀន​ពីមុន​មក​ឡើយ តាម​អ្វី​ដែល​យើង​ដឹង » ( Teachings of Presidents of the Church: Joseph Fielding Smith [ ឆ្នាំ ២០១៣ ] ទំព័រ ២៣៤ ) ។

ថ្ងៃនេះ នៅពេល​អ្នក​កំពុង​សិក្សា​ផ្នែក​នៃ​ទេសនកថា​របស់​ព្រះអង្គ​សង្គ្រោះ ដែល​ហៅ​ថា បទប្រទានពរ នោះ​អ្នក​នឹង​មាន​ឱកាស​រៀនសូត្រ​អំពី​របៀប​ដែល​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ​មាន​បំណង​ព្រះហឫទ័យ​ចង់​ប្រទានពរ​ដល់​អ្នក ។ ប្រធាន ហារ៉ូល ប៊ី លី ( ឆ្នាំ ១៨៩៩–១៩៧៣ ) បាន​ហៅ​បទប្រទានពរ​របស់​ព្រះអង្គ​សង្គ្រោះ​ថា ជា « រដ្ឋធម្មនុញ្​ដើម្បី​មាន​ជីវិត​ដ៏​ឥតខ្ចោះ » ហើយបាន​ពន្យល់ « នៅក្នុង​ទេសនកថា​របស់ទ្រង់​នៅលើភ្នំ ព្រះអម្ចាស់​បាន​ប្រទាន​ដល់​យើង​នូវ​វិវរណៈ​មួយ​បែប​អំពី​បុគ្គលិក​លក្ខណៈ​របស់​ទ្រង់​ផ្ទាល់ ដែល​ល្អឥតខ្ចោះ​… ហើយ​នៅក្នុង​ការធ្វើ​ដូច្នោះ ទ្រង់​បាន​ប្រទាន​ដល់​យើង​នូវ​ប្លង់​មេ​មួយ​សម្រាប់​ជីវិត​របស់​យើង​ផ្ទាល់ » ( Decisions for Successful Living [ ឆ្នាំ ១៩៧៣ ] ទំព័រ ៥៦–៥៧ ) ។ នៅ​ពេល​អ្នកសិក្សា សូម​សញ្ជឹងគិត​អំពី​មូលហេតុ​ពរជ័យ​ដែល​ព្រះគ្រីស្ទ​ប្រទាន​ឲ្យ​នៅក្នុង​ទេសនកថា​នេះ គឺមាន​គុណតម្លៃ​ខ្លាំង​ជាង​ពរជ័យ​ទាំងឡាយ​ដែល​ពិភពលោក​មានទៅ​ទៀត ។

បទ​ប្រទានពរ​នៅ​ក្នុង​ទ្វីបអាមេរិក

សូមអាន នីហ្វៃ​ទី៣ ១២:១–១២ ហើយគូស​ចំណាំ​ពាក្យ « មាន​ពរ » និង​រាល់​ពរជ័យ​ទាំងឡាយ​ដែល​អ្នក​រក​ឃើញ​ថា ព្រះអង្គ​សង្គ្រោះ​គូស​បញ្ជាក់​នៅក្នុង​ខគម្ពីរ​ទាំងនេះ ។ សូម​កត់​ចំណាំថា ពាក្យ « មាន​ពរ » នៅក្នុង​ខគម្ពីរ​ទាំងនេះ មាន​ន័យថា សំណាង​ខ្លាំង ឬ​ជា​ទីពេញចិត្ត​របស់ព្រះ ។

សូម​ពិចារណា​អញ្ជើញ​សិស្ស​ឲ្យ​រាប់​ចំនួន​ដែល​ពួកគេ​បាន​រកឃើញ​ពាក្យ « មាន​ពរ » មាន​ប៉ុន្មាន​ដង និង​ដើម្បី​ចែកចាយ​ពរជ័យ ដែល​ពួកគេ​បាន​រកឃើញ ។

  • សូម​ពិចារណា​ទៅលើ​ពរជ័យ​ទាំងអស់​ដែល​ព្រះអង្គ​សង្គ្រោះ​បាន​រៀបរាប់​នៅក្នុង​ខគម្ពីរ​ទាំងនេះ តើ​ព្រះបន្ទូល​នេះ​ប្រាប់​អ្នក​អ្វីខ្លះ​អំពី​ទ្រង់ និង​ព្រះវរបិតា​របស់ទ្រង់ ?

សេចក្ដីពិត​មួយ​ដែល​យើង​អាច​រៀន​ចេញ​ពី​វគ្គ​បទគម្ពីរ​នេះ គឺថា ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវ​សព្វព្រះទ័យ​នឹង​ការប្រទានពរ​ដល់យើង នៅពេល​យើង​ខិតខំ​គោរព​ប្រតិបត្តិ​តាម​ឱវាទ​របស់ទ្រង់ ។

សូមអាន នីហ្វៃ​ទី៣ ១២:១–២ ហើយ​ពិចារណា​គូសចំណាំ​អំពី​អ្វី​ដែល​ព្រះអង្គសង្គ្រោះ​បង្គាប់​ឲ្យយើង​ប្រតិបត្តិ​តាម ប្រសិនបើ​យើង​ស្វែងរក​ពរជ័យ​ដែល​ទ្រង់ និង​ព្រះវរបិតា​របស់​ទ្រង់​ប្រទាន​មក​ដល់​ពួក​យើង ។

សូម​ពិចារណា​អញ្ជើញ​សិស្ស​ឲ្យ​ឆ្លើយ​សំណួរ​ខាងក្រោម​នៅ​ក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​របស់​ពួកគេ មុនពេល​អញ្ជើញ​អ្នក​ស្ម័គ្រចិត្ត​ឲ្យ​ចែកចាយ​ចម្លើយ​របស់​ពួកគេ​ជាមួយ​សិស្ស​នៅ​ក្នុងថ្នាក់ ។ សិស្ស​ក៏​អាច​ចែកចាយ​ជាមួយ​នឹង​ដៃគូ ឬ​នៅក្រុម​តូចៗ​បាន​ផងដែរ ។

  • តើ​ហេតុអ្វីបាន​ជា​អ្នក​គិត​ថា ព្រះ​ប្រទានពរ​ដល់​អស់​អ្នក​ដែល « ស្ដាប់​បង្គាប់​តាម​ពាក្យ​សម្ដី​នៃ​ពួក​ដប់​ពីរ​នាក់​​នេះ​ដែល​[ ទ្រង់​បាន​រើស ] » ? ( នីហ្វៃ​ទី៣ ១២:១ ) ។

  • តើ​ព្រះ​បាន​ប្រទាន​ពរ​ដល់​អ្នក ឬ​អ្នកដទៃ​ទៀត​ដែល​អ្នក​ស្គាល់​ដោយ​ការស្តាប់​តាម​ប្រសាសន៍​របស់​ព្យាការី និង​សាវក​ដោយ​របៀប​ណា ?

ប្រសិនបើ​មាន​ពេល សូម​អញ្ជើញ​សិស្ស​ឲ្យ​រកមើល​សុន្ទរកថា​សន្និសីទ​ទូទៅ​នា​ពេល​ថ្មីៗ​នេះ​មកពី​សមាជិក​នៃ​គណៈប្រធាន​ទីមួយ ឬ​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ ហើយ​ចែកចាយ​អំពី​របៀប​ដែល​ពួកគេ​គិត​ថា យើង​មានពរ​ដោយសារ​ស្ដាប់​តាម​ការបង្រៀន​ជាក់លាក់​ដែល​ពួកគេ​បាន​រកឃើញ ។

ការខិតខំ​ប្រឹងប្រែង​ស្វែងរក​ពរជ័យ

មុនពេល​សិស្ស​អាន​ខគម្ពីរ​ខាងក្រោម​នេះ សូម​ពិចារណា​គូរ​ជួរឈរ​ពីរ​នៅ​លើ​ក្ដារខៀន​ដោយ​មាន​ពរជ័យ​មកពី​ខគម្ពីរ​ដែល​បាន​សរសេរ​នៅក្នុង​ជួរឈរ​មួយ និង​សកម្មភាព ឬ​លក្ខខណ្ឌ​ដែល​នាំ​ទៅរក​ពរជ័យ​ទាំងនោះ​ដែល​បាន​សរសេរ​មិន​តាម​លំដាប់​នៅក្នុង​ជួរឈរ​មួយ​ទៀត ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​ព្យាយាម​ផ្គូផ្គង​ពរជ័យ​ជាមួយនឹង​សកម្មភាព ឬ​លក្ខខណ្ឌ​ដែល​ត្រូវ​គ្នា​រៀងៗ​ខ្លួន ។ បន្ទាប់មក ពួកគេ​អាច​ប្រើប្រាស់ នីហ្វៃ​ទី៣ ១២:៣–១២ ដើម្បី​ពិនិត្យមើល​ចម្លើយ​របស់​ពួកគេ ។

សូម​អាន នីហ្វៃ​ទី៣ ១២:៣–១២ ម្តងទៀត ពេលនេះ​រកមើល​លក្ខខណ្ឌ​ដែល​ព្រះអង្គ​សង្គ្រោះ​បាន​ភ្ជាប់ទៅ​នឹង​ពរជ័យ​នីមួយៗ ។ សូម​ពិចារណា​គូសចំណាំ​លក្ខខណ្ឌ​ទាំងនេះ​ខុស​ពី​របៀប​ដែល​អ្នក​គូស​ចំណាំ​ពរជ័យ​នេះ ដូចជា​តាមរយៈ​ការប្រើប្រាស់​ពណ៌​ផ្សេងគ្នា ឬ​គូស​រង្វង់​ជំនួស​ឲ្យ​ការគូស​ចំណាំ​ពណ៌ ។

សម្រាប់​គំនិត​ផ្សេងទៀត​សម្រាប់​ការបង្រៀន​អំពី​បទប្រទានពរ​នេះ សូម​យោងទៅលើ​« តារាង​បទ​ប្រទានពរ » ដែល​មាន​នៅក្នុង « សកម្មភាព​រៀនសូត្រ​បន្ថែម » នៃ​មេរៀន​នេះ ។

សូម​ជ្រើស​រើស​ពរជ័យ​មួយ​មកពី​ខគម្ពីរ​ទាំងនេះ ដែល​អ្នក​ចង់បាន ។ សូម​កត់សម្គាល់​អំពី​សកម្មភាព ឬ​លក្ខខណ្ឌ​ដែលនាំ​ទៅរក​ពរ​ជ័យ​នោះ ។ សូម​សិក្សា​អំពី​សកម្មភាព ឬ​លក្ខខណ្ឌ​នោះ ដោយ​ប្រើប្រាស់​ធនធាន​ដែល​មាន ដូចជា Guide to the Scriptures ​កម្មវិធី​បណ្ណាល័យ​ដំណឹងល្អ Topical Guide ឬ​លេខយោង ។

សូម​ពិចារណា​អញ្ជើញ​សិស្ស​ឲ្យ​ផ្លាស់​ប្តូរគ្នា​នៅ​ក្នុង​បន្ទប់ ស្វែងរក​អ្នក​ផ្សេងទៀត​ដែលបាន​សិក្សា​វគ្គ​បទគម្ពីរ​ផ្សេងៗ ហើយ​ចែកចាយ​ចម្លើយ​របស់​ពួកគេ​ចំពោះ​សំណួរខាង​ក្រោមនេះ ។

  • តើ​អ្នក​បានសិក្សា​អំពី​អ្វីខ្លះ​ដែល​តម្រូវ​ឲ្យ​អ្នក​ដែល​បំណងប្រាថ្នា​ចង់​បាន​ពរជ័យ​ដែលអ្នក​បានសិក្សា​នេះ ?

  • តើ​ព្រះអង្គសង្គ្រោះ​បាន​ពន្យល់​បង្ហាញ​អំពី​សកម្មភាព ឬ​លក្ខខណ្ឌ​នោះ​ដោយ​របៀប​ណា ? តើ​គំរូ​របស់ទ្រង់​អាច​ដល់​ជួយ​អ្នក​ឲ្យ​យល់​កាន់តែ​យល់​ច្បាស់​អំពី​របៀប​ដែល​អ្នក​អាច​ស្វែងរក​ពរជ័យ​នោះ​បាន​ដោយ​របៀប​ណា ?

សូម​ចងចាំ​ថា ដោយ​សារ​ព្រះវរបិតាសួគ៌​ស្រឡាញ់​យើង ទ្រង់​នឹង​ប្រទានពរ​ដល់​យើង​ស្រប​ទៅតាម​ពេលវេលា និង​តាម​របៀប​របស់ទ្រង់ ។ ( សូម​មើល គោលលទ្ធិ និង​សេចក្តីសញ្ញា ៨៨:៦៤ ) ។

ប្រសិនបើ​អ្នក​មាន​អារម្មណ៍​ថា សិស្ស​របស់អ្នក​អាច​ប្រើប្រាស់​ការ​លើក​ទឹកចិត្ត​បន្ថែម​ទៀត​ដើម្បី​ទុកចិត្ត​លើ​ព្រះអម្ចាស់ និង​ពេលវេលា​របស់ទ្រង់ នោះ​អ្នក​ក៏​អាច​នឹង​ចែកចាយ​សេចក្ដីថ្លែងការណ៍​មកពី ប្រធាន ដាល្លិន អេក អូក នៅក្នុងផ្នែក « វិចារណកថា និង​ព័ត៌មាន​សាច់រឿង »​បាន​ផងដែរ ។

ឥឡូវនេះ ដោយ​អ្នក​បាន​រកឃើញ​ពរជ័យ​មួយ​ដែល​អ្នក​ប្រាថ្នា​ចង់បាន ហើយ​បាន​សិក្សា​អំពី​របៀប​អញ្ជើញ​ពរជ័យ​នោះ​ឲ្យ​ចូល​មក​នៅក្នុង​ជីវិត​របស់អ្នក សូម​ធ្វើ​ផែនការ​មួយ​អំពី​របៀប​ដែល​អ្នក​អាច​ស្វែងរក​ពរជ័យ​នោះបាន ។ សំណួរ​ទាំងឡាយ​ខាងក្រោម​នេះ​អាច​មាន​អត្ថប្រយោជន៍ ៖

  • តើ​កិច្ចការ​ជាក់លាក់​អ្វីខ្លះ ដែល​អ្នក​អាច​ធ្វើបាន​ដើម្បី​ស្វែងរក​ពរជ័យ​នោះ ?

  • តើ​អ្នក​មាន​គម្រោង​ចាប់ផ្តើម​នៅ​ពេល​ណា ?

  • តើ​មាន​ឧបសគ្គ​អ្វីខ្លះ​ដែល​អាច​ជួបប្រទះ ហើយ​តើ​អ្នក​អាច​យក​ឈ្នះ​វា​ដោយ​របៀបណា ?

វា​ប្រហែល​ជា​មាន​អត្ថប្រយោជន៍​នៅក្នុងការ​ចែកចាយ​អំពី​របៀប​ដែល​អ្នក​បាន​រកឃើញ​ពរជ័យ​ណា​មួយ​នៅក្នុង​ជីវិត​របស់អ្នក និង​ទីបន្ទាល់​របស់​អ្នក​អំពី​ព្រះរាជបំណង​របស់​ព្រះអង្គសង្គ្រោះ​នៅក្នុង​ការ​ប្រទានពរ​ដល់យើង ។