ថ្នាក់​សិក្ខាសាលា
ហេលេមិន ៨ ៖ ពួកព្យាការី​ថ្លែង​ទីបន្ទាល់​អំពី​ព្រះយេស៊ូវ​គ្រីស្ទ


« ហេលេមិន ៨ ៖ ពួក​ព្យាការី​ថ្លែង​ទីបន្ទាល់អំពី​ព្រះយេស៊ូវគ្រីស្ទ » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូ​បង្រៀន ( ឆ្នាំ ២០២៤ )

« ហេលេមិន ៨ » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូ​បង្រៀន

ហេលេមិន ៨

ពួកព្យាការី​ថ្លែង​ទីបន្ទាល់​អំពី​ព្រះយេស៊ូវ​គ្រីស្ទ

រូបភាព
ព្រះយេស៊ូវ​គ្រីស្ទ

នៅ​លើ​ពិភពលោក​មួយ​ដែល​មាន​សំឡេង​យ៉ាង​ច្រើន​ទាញ​យើង​ទៅ​តាម​ផ្លូវ​ជាច្រើន ព្រះ​បាន​ប្រទាន​ពួកព្យាការី​ដល់​យើង ដើម្បី​ជំរុញ​យើង​ឲ្យ​ទៅកាន់​ទ្រង់ ។ នៅ​ពេល​នីហ្វៃ​ត្រូវ​បាន​ពួក​សាសន៍​នីហ្វៃ​ទុច្ចរិត​ចោទសួរ​អំពី​មូលហេតុ​ដែល​លោក​បាន​និយាយ​យ៉ាងខ្លាំង​អំពី​ពួកគេ លោក​បាន​ថ្លែងទីបន្ទាល់​ដោយ​ក្លាហាន​អំពី​ព្រះអង្គ​សង្គ្រោះ ។ មេរៀន​នេះ​អាច​ជួយ​អ្នក​ឲ្យ​យល់​ថា ពួកព្យាការី​ថ្លែង​ទីបន្ទាល់​អំពី​ព្រះយេស៊ូវ​គ្រីស្ទ ហើយ​ទីបន្ទាល់​នេះ​អាច​ជួយ​អ្នក​ឲ្យ​មាន​ដឹង​អំពី​សេចក្តីពិត​នៃ​ទីបន្ទាល់​របស់​ពួកលោក ។

សូម​ផ្ដោត​ទៅលើ​របៀប​ដែល​ពួកព្យាការី​ថ្លែងទីបន្ទាល់​ពី​ព្រះយេស៊ូវ​គ្រីស្ទ ។ ការ​ទទួលខុស​ត្រូវ​ចម្បង​របស់​ពួកព្យាការី​គឺ​ដើម្បី​ថ្លែងទីបន្ទាល់​អំពី​ព្រះយេស៊ូវ​គ្រីស្ទ ( សូម​មើល សេចក្ដីណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ «°ព្យាការី°» ) នៅលើ​គេហទំព័រ scriptures.ChurchofJesusChrist.org°។ សូម​ចង្អុល​បង្ហាញ​វគ្គ​បទគម្ពីរ និង​ការបង្រៀន​របស់​ព្យាការី​ផ្សេងៗ​ទៀត​ដែល​ថ្លែង​ទីបន្ទាល់​អំពី​គុណលក្ខណៈ ជីវិត និង​បេសកកម្ម​ដ៏​ទេវភាព​របស់​ព្រះអង្គ​សង្គ្រោះ ។ សូម​លើក​ទឹកចិត្ត​សិស្ស​ឲ្យ​ពិចារណា​អំពី​របៀប​ដែល​ទីបន្ទាល់​របស់​ពួកព្យាការី​មាន​ឥទ្ធិពល​លើ​ការយល់ដឹង និង​ការដឹងគុណ​របស់​ពួកលោក​ចំពោះ​ព្រះយេស៊ូវ​គ្រីស្ទ ។

ការរៀប​ចំសិស្ស ៖ សូម​ពិចារណា​អញ្ជើញ​សិស្ស​ឲ្យ​រកមើល​ឧទាហរណ៍​មួយ ឬ​ច្រើន​អំពី​ព្យាការី និង​សាវក​ដែល​ថ្លែង​ទីបន្ទាល់​អំពី​ព្រះយេស៊ូវ​គ្រីស្ទ​នៅ​ក្នុង​សន្និសីទ​ទូទៅ​កាល​ពីពេល​ថ្មីៗនេះ ។

សកម្មភាព​រៀនសូត្រ​ដែលអាច​មាន

ទីបន្ទាល់​របស់​សាក្សីម្នាក់

សូម​ពិចារណា​យក​គ្រាប់​ធញ្ញជាតិ​ដែល​មាន​សំបក ដូចជា សណ្ដែកដី វ៉លណាត់ ឬ​គ្រាប់ធញ្ញជាតិ​ផ្សេងៗទៀត ។ សូម​លាក់​វា​នៅក្នុង​ដៃ​របស់​អ្នក ឬ​នៅក្នុង​ថង់មួយ ។ សូម​ប្រាប់​សិស្ស​ថា អ្នកមាន​អ្វី​ដែល​មិន​ធ្លាប់​បានឃើញ​ដោយ​ភ្នែក​មនុស្ស ឬ​បាន​ប៉ះពាល់​ដោយ​ដៃ​មនុស្ស​ទាល់តែសោះ ( គ្រាប់​នៅក្នុង​សំបក ) ។ សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​ឡើង​មក ហើយ​មើល ។ បន្ទាប់​មក សូម​ឲ្យ​សិស្ស​នោះ​ប្រាប់​ដល់​សិស្ស​មិត្តរួម​ថ្នាក់​ទាំងអស់​ថា​តើ​អ្នក​កំពុង​និយាយ​ការពិត​ដែរ​ឬ​ទេ ។ សូម​សួរ​សិស្ស​ថាតើ​ពួកគេ​ជឿ​អ្នក ឬអត់ និង​មូលហេតុ​ដែល​ពួកគេ​ជឿ ឬ​មិនជឿ ។ បន្ទាប់ពី​អ្នក​បាន​ពិភាក្សា​គ្នា​ក្នុង​ថ្នាក់រៀន​ថាតើ​សិស្ស​ជឿ​លើ​អ្នក ឬ​យ៉ាងណា​នោះ សូម​បង្ហាញ​គ្រាប់ធញ្ញជាតិ​នោះ​ដល់​ពួកគេ ។

មនុស្ស​ភាគច្រើន​មិនដែល​បានឃើញ​ព្រះយេស៊ូវ​គ្រីស្ទ​ទេ ប៉ុន្តែ​មនុស្ស​ជាច្រើន​នៅតែ​ជឿលើ​ទ្រង់ ។

  • តើ​មាន​មូលហេតុ​អ្វីខ្លះ​ដែល​មនុស្ស​ជឿលើ​ព្រះយេស៊ូវ​គ្រីស្ទ ?

  • តើ​ពួកព្យាការី​ដើរ​តួនាទី​អ្វីខ្លះ​នៅក្នុង​ការជួយ​អ្នក​ឲ្យ​ជឿ​លើ​ព្រះអង្គសង្គ្រោះ ?

ទីបន្ទាល់​របស់​ពួកព្យាការី​ពីបុរាណ

ការងារបម្រើ​របស់​ព្យាការី​នីហ្វៃ​ត្រូវ​បាន​ពិភាក្សា​នៅក្នុង​មេរៀន​នៅក្នុង ហេលេមិន ៧–១០ ។ មេរៀន​នេះ​នឹង​ជួយ​សិស្ស​ឲ្យ​ផ្តោត​ទៅលើ​ការបង្រៀន​របស់​នីហ្វៃ​នៅក្នុង ហេលេមិន ៨ អំពី​ការទទួល​ខុសត្រូវ​របស់​ពួកព្យាការី​នៅក្នុង​ការ​ថ្លែង​ទីបន្ទាល់​អំពី​ព្រះយេស៊ូវ​គ្រីស្ទ ។ ដើម្បី​ជួយ​សិស្ស​ឲ្យពិនិត្យ​មើល​បរិបទ​សម្រាប់​ការបង្រៀន​របស់​នីហ្វៃ​នៅ​ក្នុង ហេលេមិន ៨⁠ សូម​ពិចារណា​ធ្វើ​ការសង្ខេប​ព័ត៌មាន​ដូច​ខាងក្រោម ។

អ្នក​អាច​ចាំ​ថា ព្យាការី​នីហ្វៃ បាន​ព្យាករណ៍​អំពី​ពួក​សាសន៍នីហ្វៃ​ទុច្ចរិត​ថា​ពួកគេ​នឹង​ត្រូវ​បំផ្លាញចោល បើ​ពួ​កគេ​មិន​ប្រែចិត្ត​ទេ ( សូមមើល ហេលេមិន ៧:២២–២៩ ) ។ ពួក​សាសន៍នី​ហ្វៃ​ជាច្រើន​បាន​ខឹង​នឹង​នីហ្វៃ​ដោយ​សារតែ​ការនិយាយ​ប្រឆាំង​នឹង​អំពើ​ទុច្ចរិត​របស់​ពួកគេ ( សូមមើល ហេលេមិន ៨:១–៧ ) ។ នីហ្វៃ​បាន​បន្ទោស​ប្រជាជន​ទាំងនេះ ហើយ​ប្រាប់​ពួកគេ​ថា ពួកគេ​កំពុង​បដិសេធ​មិន​ត្រឹមតែ​ព្រះបន្ទូល​របស់​ទ្រង់​ប៉ុណ្ណោះ​ទេ តែ​ថែម​ទាំង​ពាក្យ​ពេចន៍​របស់​ពួកព្យាការី​ពី​មុនទៀត​ដែល​រួមមាន​ទាំង​លោក​ម៉ូសេ​ដែល​បាន​ថ្លែង​ទីបន្ទាល់​អំពី​ព្រះយេស៊ូវ​គ្រីស្ទ​ផងដែរ ( សូម​មើល ហេលេមិន ៨:១០–១៣ ) ។

សូម​អាន ហេលេមិន⁠៨:១៣–២៣ ដោយ​ការរកមើល​អ្វី​ដែល​នីហ្វៃ​បាន​ចែកចាយ​អំពី ម៉ូសេ និង​ពួកព្យាការី​ពីមុនៗ​ផ្សេងៗទៀត ។ អ្នក​អាច​នឹង​គូសចំណាំ​ឈ្មោះ​របស់​ពួកព្យាការី​ដែល​នីហ្វៃ​បាន​រកឃើញ ។

  • តើ​ពួកព្យាការី​ទាំងអស់​នេះ មាន​ចំណុច​ដូច​គ្នា​អ្វីខ្លះ ?

សេចក្ដីពិត​មួយ​ដែល​យើង​អាច​រៀន​មកពី​ខគម្ពីរ​ទាំងនេះ​បាន​⁠គឺថា ពួកព្យាការី​ថ្លែង​ទីបន្ទាល់​អំពី​ព្រះយេស៊ូវ​គ្រីស្ទ ។

អែលឌើរ នែល អិល អាន់ឌើរសិន ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់​បានថ្លែង​ថា ៖

តួនាទី​ដ៏​សំខាន់​បំផុត​របស់​ព្យាការី​នៃ​ព្រះអម្ចាស់​គឺ​បង្រៀន​យើង​អំពី​ព្រះអង្គសង្គ្រោះ និង​ដឹកនាំ​ពួកយើង​ទៅកាន់​ទ្រង់ ។ …

ព្យាការី​ពុំ​ឈរ​នៅ​ចន្លោះ​រវាង​អ្នក និង​ព្រះអង្គសង្គ្រោះ​ទេ ។ ផ្ទុយ​ទៅវិញ លោក​ឈរ​នៅ​ក្បែរ​អ្នក ហើយ​ចង្អុល​បង្ហាញ​ផ្លូវ​ឆ្ពោះ​ទៅរក​ព្រះអង្គសង្គ្រោះ ។ ការទទួល​ខុសត្រូវ​ដ៏​ធំ​មហិមា និង​អំណោយ​ទាន​ដ៏​មាន​តម្លៃ​បំផុត​របស់​ព្យាការី​ចំពោះ​យើង​គឺ សាក្សី​ដ៏​រឹងមាំ​របស់​លោក ចំណេះដឹង​ពិតប្រាកដ​របស់​លោក ដែល​ថា​ព្រះយេស៊ូវ​គឺ​ជា​ព្រះគ្រីស្ទ ។ ( នែល អិល អាន់ឌើរសិន « The Prophet of God » EnsignLiahona ខែ ឧសភា ឆ្នាំ ២០១៨ ទំព័រ ២៥, ២៧ )

  • ហេតុអ្វី​បានជា​អ្នកគិត​ថា អំណោយ​ដ៏ធំបំផុត​របស់​ព្យាការី​ចំពោះ​យើង​គឺសាក្សី​របស់​លោក​អំពី​ព្រះយេស៊ូវ​គ្រីស្ទ ?

ឧទាហរណ៍​នៃ​ពួកព្យាការី​ដែល​ថ្លែង​ទីបន្ទាល់​អំពី​ព្រះយេស៊ូវ​គ្រីស្ទ

សូម​ឆ្លៀតពេល​សិក្សា​អំពី​ទីបន្ទាល់​មួយចំនួន​របស់ពួក​ព្យាការី​អំពី​ព្រះយេស៊ូវ​គ្រីស្ទ ។ នៅ​ពេល​ដែល​អ្នកសិក្សា​ទីបន្ទាល់​របស់​ពួកលោក នោះ​ព្រះវិញ្ញាណ​បរិសុទ្ធ​អាច​ថ្លែង​ទីបន្ទាល់​អំពី​សេចក្ដីពិត​ចេញពី​ប្រសាសន៍​របស់​ពួកលោក​ទៅក្នុង​ដួងចិត្ត និង​គំនិត​របស់អ្នក ។

សូម​អញ្ជើញ​សិស្សឲ្យ​បំពេញ​សកម្មភាព​មួយ ឬ​ទាំងពីរ​ខាងក្រោម​នេះ ឬ​អ្នក​អាច​អនុញ្ញាត​ឲ្យ​សិស្ស​ជ្រើសរើស​សកម្មភាព​មួយណា​ដែល​ពួកគេ​ចង់​បំពេញ ។ ម្យ៉ាង​វិញទៀត អ្នកអាច​ដាក់​សិស្ស​ជាក្រុមៗ ហើយ​ចាត់ឲ្យ​ក្រុមនីមួយៗ​បំពេញ​ជម្រើស​មួយ ។ បន្ទាប់មក សមាជិក​មកពី​ក្រុម​នីមួយៗ​អាច​ចែកចាយ​ពី​អ្វី​ដែល​ពួកគេ ចាប់​អារម្មណ៍​នៅ​ក្នុង​ទីបន្ទាល់​ដែល​ពួកគេ​បាន​សិក្សា ។

ជម្រើស ក ៖ ពួកព្យាការី​ពី​បុរាណ​បាន​ថ្លែង​ទីបន្ទាល់​អំពី​ព្រះយេស៊ូវ​គ្រីស្ទ

សូម​ពិចារណា​ដាក់​បង្ហាញ​ឈ្មោះ​របស់​ពួកព្យាការី​ម្នាក់ៗ​ដូច​ខាងក្រោម​ដែលបាន​រៀបរាប់​នៅក្នុង ហេលេមិន ៨:១៣–២៣⁠ ខគម្ពីរ​ខាងក្រោម​ដែល​ភ្ជាប់មក​ជាមួយ និង​រូបភាព​របស់​ពួកព្យាការី​ម្នាក់ៗ​នៅ​ជុំវិញ​បន្ទប់ ( បើ​អាច​ធ្វើ​ទៅ​បាន ) ។ នៅ​ពេល​សិស្ស​បាន​សិក្សា​ទីបន្ទាល់​ជាច្រើន​រួច​ហើយ ពួកគេ​អាច​កត់ត្រា​នូវ​អារម្មណ៍ ឬ​ចំណាប់​អារម្មណ៍​ណាមួយ​ដែល​ពួកគេ​មាន​នៅពេល​ពួកគេ​សិក្សា ហើយ​ចែកចាយ​អំពី​អារម្មណ៍ ឬ​ចំណាប់អារម្មណ៍​ទាំងនោះ​ទៅ​មិត្ត​រួមថ្នាក់ ។

សូម​អាន​ទីបន្ទាល់​យ៉ាង​ហោច​ណាស់​ឲ្យ​បាន​បី​នៅក្នុង​ចំណោម​ទីបន្ទាល់​ខាងក្រោម​នេះ​មកពី​ពួកព្យាការី​ដែល​នីហ្វៃ បាន​លើកឡើង ។ សូម​ធ្វើ​បញ្ជី​នៃ​អ្វី​ដែល​ទីបន្ទាល់​ទាំងនេះ​បង្រៀន​អ្នក​អំពី​ព្រះយេស៊ូវ​គ្រីស្ទ ។

ពិនិត្យ​មើល​បញ្ជី​ដែល​អ្នក​បាន​សរសេរ​ឡើងវិញ ។ សូម​ពិចារណា​កត់ត្រា​ការ​យល់ដឹង អារម្មណ៍ ឬ​ចំណាប់​អារម្មណ៍​ណាមួយ​ដែល​អ្នក​មាន​អំពី​ព្រះអង្គសង្រ្គោះ​នៅពេល​ដែល​អ្នកសិក្សា ។ សូម​សរសេរ​ប្រយោគ​ពីរបី​ឃ្លា​ដែល​ពន្យល់​អំពី​របៀប​ដែល​ជីវិត​អ្នក​អាច​មាន​ភាពខុសគ្នា ប្រសិនបើ​ពួកព្យាការី​មិន​បាន​បង្រៀន​យើង​ពី​រឿង​ទាំងនេះ​អំពី​ព្រះយេស៊ូវ​គ្រីស្ទ​ទេនោះ ។

ជម្រើស ខ ៖ ពួកព្យាការី​ថ្ងៃចុងក្រោយ​ថ្លែង​ទីបន្ទាល់​អំពី​ព្រះយេស៊ូវ​គ្រីស្ទ

ដើម្បី​ជួយ​សិស្ស​ឲ្យ​បំពេញ​ជម្រើស​នេះ​បាន សូម​ពិចារណា​ផ្តល់​ធនធាន​ដូចជា​ច្បាប់ចម្លង​ជាច្រើន​នៃ​ការបោះ​ពុម្ពផ្សាយ​អំពី​សន្និសីទ​ទូទៅ​របស់​ទស្សនាវដ្ដី ⁠លីអាហូណា ។

សូម​ពិចារណា​ចែកចាយ​ទីបន្ទាល់​មួយចំនួន​របស់​ពួកព្យាការី​ដែល​បានលើក​ឡើង​នៅក្នុង​ផ្នែក⁠ « វិចារណកថា និង​ព័ត៌មាន​សាច់រឿង » បើចាំបាច់ ។

សូម​ស្វែង​រក​ឧទាហរណ៍​ពីរ ឬ​ច្រើន​អំពី​ពួកព្យាការី ឬ​ពួកសាវក​ថ្ងៃចុងក្រោយ​ថ្លែង​ទីបន្ទាល់​អំពី​ព្រះយេស៊ូវ​គ្រីស្ទ ។ ធនធាន​ទាំងនេះ​អាច​បាន​មក​ពី​សន្និសីទ​ទូទៅ​ថ្មីៗ ឬ​មកពី​ប្រវត្តិសាស្រ្ត​សាសនាចក្រ ។ សូម​ពិចារណា​ប្រើ ChurchofJesusChrist.org ឬ​កម្មវិធី បណ្ណាល័យ​ដំណឹងល្អ​នៅ​ក្នុង​មុខងារ​ការស្វែងរក​របស់អ្នក°។ អ្នក​ក៏​អាច​អាន ឬ​ស្តាប់ «°ព្រះគ្រីស្ទ​ដ៏មាន​ព្រះជន្មរស់°៖ ទីបន្ទាល់​នៃពួក​សាវក°» នៅលើ​គេហទំព័រ ChurchofJesusChrist.org⁠ បាន​ផងដែរ°។

នៅពេល​សិស្ស​បំពេញ​បញ្ចប់​សកម្មភាព​របស់​ពួកគេ​ហើយ សូម​អញ្ជើញ​ពួកគេ​ឲ្យ​ចែកចាយ​អំពី​ឧទាហរណ៍​ដែល​ពួកគេ​បាន​រកឃើញ​អំពី​ពួកព្យាការី​ដែលថ្លែង​ទីបន្ទាល់​អំពី​ព្រះយេស៊ូវ​គ្រីស្ទ ។ សូម​ប្រាកដ​ថា​បាន​ឲ្យ​សិស្ស​ជាច្រើន​មាន​ឱកាស​បាន​ឡើង​ចែកចាយ ។ វា​អាច​មាន​អត្ថប្រយោជន៍​ក្នុង​ការសួរ​សំណួរ​ដូចជា « តើ​ទីបន្ទាល់​របស់​ពួក​ព្យាការី​ណាខ្លះ​ដែល​បាន​ធ្វើ​ឲ្យ​អ្នក​ចាប់​អារម្មណ៍ ? » ឬ « ហេតុអ្វី​បាន​ជា​អ្នក​គិត​ថា វា​សំខាន់​ដែល​ព្យាការី​ជាច្រើន​បាន​ថ្លែង​ទីបន្ទាល់​អំពី​ព្រះយេស៊ូវ​គ្រីស្ទ ? »

ប្រសិនបើ​ពេលវេលា​អនុញ្ញាត ការចែកចាយ​ទីបន្ទាល់​របស់​ពួកគេ​អំពី​ព្រះយេស៊ូវ​គ្រីស្ទ ក៏​អាច​នឹង​មាន​ប្រយោជន៍​ដល់​សិស្ស​ផងដែរ ។