ថ្នាក់​សិក្ខាសាលា
ហេលេមិន ៧–១០ ៖ ព្យាការី​របស់​ព្រះអម្ចាស់


« ហេលេមិន ៧–១០ ៖ ព្យាការី​របស់​ព្រះអម្ចាស់ » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូ​បង្រៀន ( ឆ្នាំ ២០២៤ )

« ហេលេមិន ៧–១០ » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូ​បង្រៀន

ហេលេមិន ៧–១០

ព្យាការី​របស់​ព្រះអម្ចាស់

រូបភាព
ប្រធាន រ័សុល អិម ណិលសុន⁠

នៅក្នុង​ពិភពលោក​ដែល​ពោរពេញ​ដោយ​សំឡេង​ឈ្លោះ​ប្រកែកគ្នា តើ​យើង​អាច​ងាក​ទៅរក​ការដឹកនាំ និង​សេចក្ដីពិត​នៅទីណា ? របៀប​មួយ​ដែល​ព្រះអម្ចាស់​ខិតខំ​ដឹកនាំ និង​ជួយ​យើង​នៅក្នុង​ជីវិត​រមែងស្លាប់​នេះ​គឺ​តាមរយៈ​ការហៅ​ព្យាការី ។ មេរៀន​នេះ​អាច​ជួយ​អ្នក​ឲ្យ​យល់​អំពី​តួនាទី​ដ៏​សំខាន់​របស់​ព្យាការី​នៅ​ក្នុង​ផែនការ​របស់​ព្រះវរបិតា​សួគ៌ ។

សូម​ស្រឡាញ់​អ្នកទាំងឡាយ​ដែល​អ្នក​បង្រៀន ។ សូម​ព្យាយាម​បង្ហាញ​សេចក្ដី​ស្រឡាញ់​ដល់​សិស្ស​អ្នក ។ សូម​បង្ហាញ​ការចាប់អារម្មណ៍​យ៉ា​ងស្មោះត្រង់​ទៅលើ​ជីវិត​របស់​ពួកគេ សូម​ស្តាប់​សំណួរ និង​មតិ​របស់​ពួកគេ​ដោយ​យក​ចិត្តទុកដាក់ ឲ្យ​ពួកគេ​ចូលរួម​នៅក្នុង​មេរៀន និង​ស្វាគមន៍​ពួកគេ​នៅពេល​អ្នក​ជួប​ពួកគេ ។ សូម​បង្ហាញ​ទំនុកចិត្ត​របស់​អ្នក​ថា សិស្ស​របស់​អ្នក​អាច ហើយ​រស់នៅតាម​ដំណឹងល្អ​របស់​ព្រះយេស៊ូវគ្រីស្ទ​បាន ។

ការរៀប​ចំសិស្ស ៖ សូម​អញ្ជើញ​សិស្ស​ឲ្យ​ពិភាក្សា​ជាមួយ​មិត្តភក្តិ ឬ​សមាជិក​ក្រុមគ្រួសារ​អំពី​របៀប​ដែល​ព្យាការី​កំពុង​នៅរស់​មាន​ឥទ្ធិពល​លើ​ជីវិត​ពួកគេ ។

សកម្មភាព​រៀនសូត្រ​ដែលអាច​មាន

ហេតុអ្វី​បាន​ជា​ព្រះ​ហៅ​ព្យាការី ?

ដើម្បី​ចាប់ផ្តើម​ដំណើរការ​ថ្នាក់រៀន សូម​ពិចារណា​អញ្ជើញ​សិស្ស​ឲ្យ​អនុវត្តការ​ឆ្លើយតប​របស់​ពួកគេ​ចំពោះ​ស្ថានភាព​ខាងក្រោម ។ អ្នក​អាច​សម្តែងធ្វើ​ជា​មិត្តភក្តិ​ដែល​មិនមែន​ជា​សមាជិក ។ សូម​អនុញ្ញាត​ឲ្យ​សិស្ស​មួយចំនួន​ចែកចាយ​អំពី​របៀប​ដែល​ពួកគេ​ត្រូវ​ឆ្លើយតប ។ សូម​ប្រាកដថា សិស្ស​ដែល​ដឹង​អំពី​សាច់រឿង​នេះ​នឹង​ត្រូវ​លើក​យក​មក​បកស្រាយ​ម្តងទៀត នៅពេល​ចុង​បញ្ចប់​នៃ​ថ្នាក់រៀន ។

សូម​ស្រមៃ​ថា មិត្ត​ម្នាក់​របស់​អ្នក​ដែល​មិនមែន​ជា​សមាជិក​សាសនាចក្រ​បានមាន​ការភ្ញាក់ផ្អើល​នៅពេល​ដឹង​ថា អ្នក​ជឿ​ថា ព្រះអម្ចាស់​ហៅ​ព្យាការី​នៅ​សម័យ​យើង​នេះ ។ មិត្ត​របស់​អ្នក​ឆ្ងល់​ថា ហេតុអ្វី​បាន​ជា​ព្យាការី​មាន​សារៈ​សំខាន់​សម្រាប់​សម័យ​យើង​សព្វ​ថ្ងៃនេះ ?

  • តើ​មាន​វិធី​ណា​ខ្លះ​ដែល​អ្នក​អាច​នឹង​ឆ្លើយតប​ទៅ​មិត្ត​របស់​អ្នក​បាន ?

សូម​គិត​ដល់​អារម្មណ៍​របស់​អ្នក​អំពី​ព្យាការី​របស់​ព្រះអម្ចាស់ និង​ឆន្ទៈ​របស់​អ្នក​នៅក្នុង​ការស្តាប់ និង​ធ្វើតាម​ពួកលោក ។ នៅពេល​អ្នក​សិក្សា​ថ្ងៃនេះ អ្នក​នឹង​មាន​ឱកាស​ដើម្បី​ស្វែងយល់​អំពី​សេចក្ដីពិត​សំខាន់ៗ​អំពី​ព្យាការី ។

នៅលើ​ក្រដាស​ស​មួយ​សន្លឹក​នៅក្នុង​ ទិនានុប្បវត្តិ​សិក្សា​របស់អ្នក សូម​សរសេរ​ចំណងជើង​ដូចតទៅ ៖ សេចក្ដីពិត​អំពី​ព្យាការី​របស់​ព្រះអម្ចាស់ ។ នៅក្នុង​មេរៀន​នេះ​ទាំងមូល សូម​សរសេរ​សេចក្ដីពិត​ដែល​អ្នក​បាន​រៀន​អំពី​ព្យាការី​នៅ​ពីក្រោម​ចំណងជើង​នេះ ។

អ្នក​ក៏​អាច​សរសេរ​ចំណងជើង​នេះ​នៅលើ​ក្ដារខៀន ហើយ​បន្ថែម​នូវ​ការយល់ដឹង​របស់​សិស្ស​នៅ​ពីក្រោម​ចំណងជើង​នេះ​ពេញមួយ​មេរៀន​នេះ​បាន​ផងដែរ ។

ខ្លឹមសារ​ភាគ​ច្រើន​ដែល​នឹង​សិក្សា​នៅក្នុង​សប្តាហ៍នេះ ( ហេលេមិន ៧–១២ ) និង​នៅ​សប្តាហ៍ ក្រោយ ( ហេលេមិន ១៣–១៦ ) ⁠នឹង​ផ្តោត​សំខាន់​ទៅលើ​ពួកព្យាការី ។ សូម​ពិចារណា​ណែនាំ​សិស្ស​ឲ្យ​ទុក​កន្លែង​គ្រប់គ្រាន់​នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ពួកគេ ដើម្បី​ឲ្យ​ពួកគេ​អាច​សរសេរ​បន្ថែម​ទៅក្នុង​បញ្ជី​របស់​ពួកគេ​នៅក្នុង​រយៈពេល​ពីរបី​សប្តាហ៍​ខាងមុខ​ទៀត ។

ព្យាការី នីហ្វៃ

រូបភាព
នីហ្វៃ​អធិស្ឋាន​នៅលើ​ប៉ម​ក្នុង​សួនច្បារ​របស់គាត់ ដោយ ជែរី ថមសុន

នៅថ្ងៃនេះ​អ្នក​នឹងរៀន​អំពី នីហ្វៃ ដែលជា​កូន​របស់ ហេលេមិន ។ បន្ទាប់ពី​ពួកសាសន៍​នីហ្វៃ​នៅ​ដែនដី​ភាគខាងជើង​បាន​បដិសេធ នីហ្វៃ​បាន​វិលត្រឡប់​ទៅ​ផ្ទះ​លោក​នៅ​សារ៉ាហិមឡា​វិញ ។ ប្រជាជន​នៅទីនោះ ក៏​ទុច្ចរិត​ខ្លាំង​ដែរ ។ ដោយ​ការ​ទួញ​សោក​ចំពោះ​អំពើ​ទុច្ចរិត​របស់​ពួកគេ នីហ្វៃ​បាន​ទៅលើ​ប៉ម​នៅក្នុង​សួន​របស់​លោក ហើយ​បាន​អំពាវនាវ​ទៅ​កាន់​ព្រះ ( សូមមើល ហេលេមិន ៧:១–១១ ) ។

សូម​អាន ហេលេមិន ៧:១២–២២ ដោយ​ការរកមើល​អ្វី​ដែល​នីហ្វៃ​បាន​និយាយ​បន្ទាប់ពី​បាន​ដឹង​ថា​មាន​មនុស្ស​បាន​ប្រមូលគ្នា​ដើម្បី​ស្តាប់​ការទួញសោក​របស់​លោក ។

  • តើ​អ្វី​ទៅជា​សេចក្ដីពិត​ដែល​អ្នក​អាច​សម្គាល់​អំពី​ព្យាការី​របស់​ព្រះអម្ចាស់ ដោយ​ផ្អែកលើ​អ្វីដែល នីហ្វៃ បាន​និយាយ​នៅក្នុង​ខ​គម្ពីរ​ទាំងនេះ ?

សេចក្ដីពិត​មួយ​ដែល​អ្នក​អាច​រក​ឃើញ​គឺថា ព្យាការី​របស់​ព្រះ​អញ្ជើញ​មនុស្ស​ឲ្យ​ប្រែចិត្ត ។ សូម​សរសេរ​សេចក្តីពិត​នេះ​នៅក្នុង​បញ្ជី​ដែល​មាន​ក្នុង​សៀវភៅ​កំណត់​ហេតុការ​សិក្សា​របស់អ្នក ។

  • តើ​វា​បង្រៀន​អ្នក​អ្វីខ្លះ​អំពី​ព្រះ​ដែល​ទ្រង់​នឹង​ហៅ​ព្យាការី​ឲ្យ​ទួញសោក​អំពី​ការប្រែចិត្ត ?

មនុស្ស​ជាច្រើន​បាន​ខឹង​នឹង​សារលិខិត​របស់​នីហ្វៃ ។ ដើម្បី​ជួយ​ប្រជាជន​ឲ្យ​យល់ថា លោក​កំពុង​និយាយ​សេចក្ដីពិត នីហ្វៃ​បាន​ប្រាប់​ពួកគេ​ដោយ​អព្ភូតហេតុ​អំពី​ព្រឹត្តិការណ៍​ដែលបាន​កើតឡើង​នៅ​ខណៈពេល​ដែល​លោក​កំពុង​ផ្សព្វផ្សាយ​ដំណឹងល្អ​ដល់​ពួកគេ ។

សូម​ពិចារណា​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អាន​សេចក្តីសង្ខេប​ដូចតទៅ​នេះ​អំពី ហេលេមិន ៨:២៥–២៨; ៩:១–៣៦ ។ សិស្ស​ក៏​ត្រូវ​បាន​អញ្ជើញ​ឲ្យ​អាន​ខ​គម្ពីរ​ទាំងនេះ​មុនពេល​ចូលរៀន ហើយ​រៀបចំ​ដើម្បី​សង្ខេប​រឿងនេះ​ជា​ពាក្យសម្ដី​របស់​ពួកគេ​ផ្ទាល់​បាន​ផងដែរ ។ ម៉្យាងទៀត អ្នក​អាច​ចែកចាយ​វីដេអូ​នេះ « The Murder of the Chief Judge » ចាប់ពី​នាទី​ទី⁠​១: ២៥ ដល់​នាទី​ទី ៤: ០១ ដែល​មាន​នៅលើ​គេហទំព័រ ChurchofJesusChrist.org°។

ពី​ដំបូង⁠​នីហ្វៃ​បាន​ប្រាប់​ប្រជាជន​ថា មេចៅក្រម​របស់​ពួកគេ គឺ​ស៊ីសូរាំ​ត្រូវបាន​គេ​សម្លាប់​ហើយ ( សូមមើល ហេលេមិន ៨:២៧–២៨ ) ។ ប្រជាជន​បាន​មាន​អារម្មណ៍​ថា « នីហ្វៃ​នេះ​ច្បាស់​ជា​បាន​រួម​គំនិត​ជាមួយ​នឹង​នរណា​ម្នាក់​ឲ្យ​សម្លាប់​ចៅក្រម » ( ហេលេមិន ៩:១៦ ) ។ បន្ទាប់មក នីហ្វៃ​បាន​ប្រាប់​ប្រជាជន​ឲ្យ​ស្វែងរក ស៊ីអានទុម ដែលជា​ប្អូនប្រុស​របស់​ស៊ីសូរាំ ហើយ​សួរ​គាត់​នូវ​សំណួរ​ជាក់លាក់​មួយចំនួន ។ នីហ្វៃ​បាន​ប្រាប់​ប្រជាជន​យ៉ាងច្បាស់​អំពី​របៀប​ដែល​ស៊ីអានទុម​នឹង​ឆ្លើយតប ( សូមមើល ហេលេមិន ៩:២៦–៣៦ ) ។ ការណ៍នេះ​បាននាំ​ឲ្យ​ស៊ីអានទុម​សារភាព​ថា​គាត់​ជា​ឃាតករ ហើយ​ថា នីហ្វៃ​គ្មាន​ទោស​កំហុស​អ្វី​ទេ ( សូមមើល ហេលេមិន ៩:៣៧ ) ។

សូម​អាន ⁠ហេលេមិន ៩:៣៧–៤១ ដោយ​ការរកមើល​ពី​របៀប​ដែល​មនុស្ស​មាន​ប្រតិកម្ម​បន្ទាប់ពី​បានធ្វើ​ជា​សាក្សី​ចំពោះ​ព្រឹត្តិការណ៍​ទាំងនេះ ។

  • តើ​សេចក្ដីពិត​អ្វី​ដែល​អ្នករៀន​មកពី​បទពិសោធន៍​របស់​នីហ្វៃ​ដែល​អ្នក​អាចនឹង​បន្ថែម​ចូល​ទៅក្នុង​បញ្ជី​របស់​អ្នក ?

សេចក្ដីពិត​មួយ​ដែល​អ្នក​ប្រហែលជា​បាន​រកឃើញ​នោះ​គឺ​ថា⁠ ពាក្យពេចន៍​របស់​ពួកព្យាការី​នឹង​ត្រូវបាន​បំពេញ ។

  • ហេតុអ្វី​បាន​ជា​អ្នក​គិត​ថា ការដឹង​សេចក្ដីពិត​នេះ​អំពី​ព្យាការី​មាន​សារៈសំខាន់ ?

  • តើ​មាន​ឧទាហរណ៍​អ្វី​ខ្លះ​ទៀត​នៃ​ប្រសាសន៍​របស់​ពួកព្យាការី​ត្រូវ​បាន​បំពេញ ?

សូម​ពិចារណា​ចែកចាយ​ឧទាហរណ៍ ផ្ទាល់​ខ្លួន​មួយ​ដែល​បង្ហាញ​អំពី​របៀប​ដែល​ប្រសាសន៍​របស់​ពួកព្យាការី ត្រូវបាន​បំពេញ​នៅក្នុង​ជីវិត​របស់​អ្នក ។ ឧទាហរណ៍ ប្រហែល​ជាពរជ័យ​ដែល​បានសន្យា​មកពី​ការធ្វើ​តាម​ដំបូន្មាន​របស់​ព្យាការី ។

សេចក្តីពិត​បន្ថែម​ទៀត​អំពី​ពួកព្យាការី

បន្ថែម​ពី​លើ​សេចក្ដីពិត​ដែល​បាន​រកឃើញ​រួច​ហើយ សេចក្តីពិត​ជាច្រើន​ទៀត​អំពី​តួនាទី និង​គោលបំណង​របស់​ព្យាការី​នៃ​ព្រះអម្ចាស់​ត្រូវ​បានបង្ហាញ​ដោយ​នីហ្វៃ និង​ទំនាក់ទំនង​របស់​លោក​ជាមួយ​ប្រជាជន ។ សូម​បន្ត​អនុវត្ត​ជំនាញ​ស្វែងរក​សេចក្ដីពិត នៅពេល​អ្នក​សិក្សា​វគ្គបទគម្ពីរ​ខាងក្រោម ។ សូម​បន្ថែម​អ្វី​ដែល​អ្នក​បាន​រកឃើញ​ទៅ​ក្នុង​បញ្ជី​របស់​អ្នក ។

សូម​ពិចារណា​បង្ហាញ​សេចក្ដីយោង​ខាងក្រោម​នេះ ហើយ​ចាត់តាំង​សិស្ស​ឲ្យ​សិក្សា​វគ្គបទគម្ពីរ​នីមួយៗ​ជាគូៗ ឬ​ជា​ក្រុមតូចៗ ។ សិស្ស​ក៏​អាច​ត្រូវបាន​ចាត់តាំង​នូវ​វគ្គបទគម្ពីរ​ខុសៗគ្នា​ដើម្បី​សិក្សា ហើយ​បន្ទាប់មក​បង្រៀន​គ្នា​ទៅ​វិញ​ទៅ​មក ។

  • ហេលេមិន⁠ ៧:២៩ ៖ ការប្រកាស​របស់​នីហ្វៃ​ទៅដល់​ប្រជាជន​ដែល​បាន​ប្រមូលផ្តុំ​គ្នា​បន្ទាប់ពី​បានឮ​លោក​អធិស្ឋាន

  • ហេលេមិន ៨:១–៤ ៖ ប្រតិកម្ម​របស់​ពួកចៅហ្វាយ​ចំពោះ​ពាក្យពេចន៍​របស់​នីហ្វៃ

  • ហេលេមិន⁠ ៨: ២២-២៣ ៖ ការឆ្លើយតប​របស់​នីហ្វៃ ចំពោះ​ប្រជាជន​ដែល​បាន​ជេរ​ប្រមាថ​លោក និង​ពាក្យពេចន៍​របស់​លោក

  • ហេលេមិន ⁠១០:៥-៧ ៖ ការសន្ទនា​របស់​ព្រះអម្ចាស់​ជាមួយនឹង​នីហ្វៃ​បន្ទាប់ពី​លោក​បាន​បញ្ចាប់​ការបង្រៀន​ដល់​ប្រជាជន

  • តើ​មាន​សេចក្ដីពិត​អ្វីខ្លះ​អំពី​ពួកព្យាការី​ដែល​អ្នក​បាន​រកឃើញ​នៅក្នុង​ខគម្ពីរ​ទាំងនេះ ?

សូម​បន្ថែម​ចម្លើយ​របស់​សិស្ស​ទៅក្នុង​បញ្ជី​នៅ​លើ​ក្ដារខៀន ។ ពួកគេ​អាច​រកឃើញ​សេចក្ដីពិត​ដូច​ខាងក្រោម​នេះ ។

  • សារលិខិត​របស់​ព្យាការី​មិនមែន​ជា​សារលិខិត​របស់​លោក​ផ្ទាល់​ខ្លួន​នោះ​ទេ ។ សារលិខិត​នេះ​បាន​មកពី​ព្រះអម្ចាស់ ។ ( ហេលេមិន ⁠៧:២៩ )

  • ពួក​ទុច្ចរិត​មិន​ចូលចិត្ត​ពួក​ព្យាការី​ឡើយ ។ ( ហេលេមិន ៨:១–៤ )

  • ពួក​ព្យាការី​ថ្លែង​ទីបន្ទាល់​អំពី​ព្រះយេស៊ូវ​គ្រីស្ទ ។ ( ហេលេមិន ៨:២២–២៣ )

  • ព្រះអម្ចាស់​ប្រទាន​អំណាច​ផ្សារភ្ជាប់​ទៅដល់​ព្យាការី​របស់​ទ្រង់ ។ ( ហេលេមិន ១០:៥–៧ )

សិស្ស​នឹង​មាន​ឱកាស​រៀន​បន្ថែម​អំពី​សេចក្តីពិត​នីមួយៗ​ទាំងនេះ​នៅក្នុង​មេរៀន​បន្ទាប់ៗ​ទៀត ។ សេចក្ដីពិត​ចំនួន​ពីរ​ដំបូង​ដែល​បាន​រៀបរាប់​នឹង​ត្រូវ​សិក្សា​យ៉ាង​ស៊ីជម្រៅ​នៅក្នុង ហេលេមិន ១៣–១៦ ។ សេចក្ដីពិត​ទីបី និង​ទីបួន​ដែល​បាន​រៀបរាប់​នឹង​ត្រូវ​សិក្សា​យ៉ាង​ស៊ីជម្រៅ​នៅក្នុង​មេរៀន​នៅ​ចុងសប្តាហ៍​នេះ ។

សារៈសំខាន់​នៃ​ពួក​ព្យាការី​ដែល​នៅរស់

សូម​ដាក់​បង្ហាញ​សេចក្តី​ណែនាំ​ដូចខាងក្រោម ហើយ​ទុក​ពេល​ឲ្យ​សិស្ស​គ្រប់គ្រាន់​ដើម្បី​បង្កើត​ចម្លើយ​មួយ​ទៅនឹង​សាច់រឿង​ដែល​មាន​នៅ​ដើម​មេរៀន​នេះ ។

ដើម្បី​ជួយ​រៀបចំ​សិស្ស​ឲ្យ​ត្រៀម​បង្កើត​ចម្លើយ​របស់​ពួកគេ នោះ​វា​អាច​មាន​អត្ថប្រយោជន៍​ក្នុង​ការសុំ​ឲ្យ​សិស្ស​រៀបរាប់​អំពី​បញ្ហាប្រឈមមុខ​ទូទៅ​មួយចំនួន​ដែល​ក្មេងជំទង់​ជួបប្រទះ​នៅ​សព្វថ្ងៃ​នេះ ។ ចម្លើយ​របស់​ពួកគេ​អាច​សរសេរ​នៅលើ​ក្ដារខៀន​នៅក្បែរ​នឹង​សេចក្ដីពិត​ដែល​ពួកគេ​បាន​រកឃើញ​អំពី​ពួកព្យាការី ។ បន្ទាប់មក សិស្ស​អាច​ចែកចាយ​អំពី​របៀប​ដែល​សេចក្ដីពិត​មួយចំនួន​ដែល​ពួកគេ បាន​រកឃើញ​នៅថ្ងៃនេះ អាចនឹង​ជួយ​ដោះស្រាយ​បញ្ហាប្រឈមមុខ​ដែល​ពួកគេ​បាន​គិតដល់ ។

សូម​គិត​ត្រឡប់​ទៅ​សាច់រឿងពី​មុន​នៅក្នុង​មេរៀន​អំពី​មិត្ត​ម្នាក់​របស់​អ្នក​ដែល​បាន​ឆ្ងល់​អំពី​មូលហេតុ​ដែល​ពួកព្យាការី​មាន​សារៈសំខាន់​ក្នុង​សម័យ​របស់​យើង ។

សូម​សរសេរ​ការឆ្លើយតប​មួយ​ទៅកាន់​មិត្ត​របស់​អ្នក​ដែល​ពន្យល់​អំពី​មូលហេតុ​ដែល​វា​មាន​សារៈសំខាន់​ដែល​ព្រះអម្ចាស់​ហៅ​ពួកព្យាការី​នៅក្នុង​សម័យ​របស់​យើង ។ ការឆ្លើយតប​របស់​អ្នក​ត្រូវ​មាន​យ៉ាងតិច​ណាស់​មួយ​កថាខណ្ឌ ។

សំណួរ​ខាងក្រោម​ទាំងនេះ អាច​ជួយ​អ្នក​នៅក្នុង​ការឆ្លើយតប​របស់​អ្នក​បាន ៖

  • តើ​សេចក្ដីពិត​មួយ ឬ​ច្រើន​ដែល​អ្នក​បាន​រកឃើញ​ជួយ​យើង​ដោះស្រាយ​បញ្ហា​ប្រឈមមុខ​ដែល​យើង​ឆ្លងកាត់​ដោយ​របៀប​ណា ?

  • តើ​បទពិសោធន៍​អ្វីខ្លះ​ដែល​បាន​ជួយ​អ្នក​ឲ្យ​ស្គាល់​ពរជ័យ​នៃ​ការ​មាន​ព្យាការី​រស់នៅ​លើ​ផែនដី​នេះ ?

សូម​អញ្ជើញ​សិស្ស​ឲ្យ​ចែកចាយ​ចម្លើយ​របស់​ពួកគេ​ជាមួយ​ដៃគូ ។ ពួកអ្នក​ស្ម័គ្រចិត្ត​ដដែល​ដែល​បាន​សម្តែង​អំពី​ស្ថានភាព​នេះ​នៅពេល​ថ្នាក់​ចាប់ផ្ដើម ក៏​អាច​ត្រូវបាន​អញ្ជើញ​ឲ្យ​ឡើងមក​ខាង​មុខ​ថ្នាក់រៀន ហើយ​សម្តែង​អំពី​ស្ថានភាព​នេះ​ម្តងទៀត​បាន​ផងដែរ ។

សូម​ថ្លែង​ទីបន្ទាល់​អំពី​សេចក្ដីពិត​ទាំងឡាយ​ដែល​អ្នក​បាន​ពិភាក្សា ហើយ​លើក​ទឹកចិត្ត​សិស្ស​ឲ្យ​ធ្វើ​សកម្មភាព​តាម​ចំណាប់ អារម្មណ៍​ខាង​វិញ្ញាណ​ណាមួយ​ដែល​ពួកគេ​បាន​ទទួល​នៅ​អំឡុងពេល​បង្រៀន​មេរៀន​នេះ ។