ថ្នាក់​សិក្ខាសាលា
ការរំឭក​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ ទី ១៣ ៖ កំណត់​ទីតាំង និង​គូស​ចំណាំ អាលម៉ា ៧:១១–១៣ ដល់ មរ៉ូណៃ ១០:៤–៥


« ការរំឭក​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ ទី ១៣ ៖ កំណត់​ទីតាំង និង​គូស​ចំណាំ អាលម៉ា ៧:១១–១៣ ដល់ មរ៉ូណៃ ១០:៤–៥ » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូ​បង្រៀន ( ឆ្នាំ ២០២៤ )

« ការរំឭក​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ ទី ១៣ » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូ​បង្រៀន

ការរំឭកចំណេះចំណានខាងគោលលទ្ធិ ទី ១៣

កំណត់​ទីតាំង និង​គូស​ចំណាំ អាលម៉ា ៧:១១–១៣ ដល់ មរ៉ូណៃ ១០:៤–៥

រូបភាព
យុវនារី​គូស​ចំណាំ​បទគម្ពីរ

គោលបំណង​មួយ​នៃ​ចំណេះចំណាន​ខាង​គោលលទ្ធិ គឺ​ត្រូវ​ជួយ​អ្នក​ឲ្យ​មក​រកព្រះគ្រីស្ទ​ដោយ​ការបង្កើន​ការយល់​ដឹង​របស់​អ្នក អំពី​សេចក្ដីពិត​នៃ​ដំណឹងល្អ​ដែល​មាន​នៅក្នុង​បទគម្ពីរ ។ គោលបំណង​មេរៀន​នេះ​គឺ​ដើម្បី​ជួយ​អ្នក​ស្វែងរក​វគ្គបទគម្ពីរ​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ​ទាំង ១២ នៅក្នុង​ពាក់​កណ្តាល​ទី​ពីរ​នៃ​ព្រះគម្ពីរ​មរមន ។

ការបង្កើត​បរិយាកាស​នៃ​ការមាន​ចំណែក ។ ការផ្តល់​ឱកាស​ដល់​សិស្ស​ដើម្បី​ស្វែងយល់​បន្ថែម​អំពី​គ្នា​ទៅ​វិញ​ទៅ​មក​អាច​ជួយ​បង្កើត​បរិយាកាស​នៃ​ការទទួល​យក និង​ការមាន​ចំណែក ។ សូម​រកមើល​ឱកាស​ដែល​សិស្ស​អាច​ចែកចាយ​ព័ត៌មាន​សមរម្យ​អំពី​ជីវិត​របស់​ពួកគេ​ជាមួយ​គ្នា​ទៅវិញ​ទៅមក ។

ការរៀប​ចំ​សិស្ស ៖ សូម​អញ្ជើញ​សិស្ស​ឲ្យ​សួរ​មិត្តភក្តិ ឬ​សមាជិក​គ្រួសារ​ឲ្យ​បង្ហាញ​ពួកគេ​ពី​វិធី​ផ្សេងៗ​គ្នា​ដែល​ពួកគេ​គូស​ចំណាំ​វគ្គ​បទគម្ពីរ និង​មូលហេតុ ។

សកម្មភាព​រៀន​សូត្រ​ដែល​អាច​មាន

មេរៀន​វគ្គ​ចំណេះចំណាន​ខាងគោលលទ្ធិ អាច​ចាំបាច់​ត្រូវ​បង្រៀន​ជំនួស​ឲ្យ​មេរៀន​រំឭក​នេះ​បាន ។ សូម​មើល​កាលវិភាគ​ល្បឿន​នៃ​ការបង្រៀន​ដែល​នាយក​តំបន់ ឬ​អ្នក​សម្របសម្រួល​ប្រចាំ​ភូមិភាគ​ផ្តល់ឲ្យ​ដើម្បី​ធានា​ឲ្យ​បាន​ថា មេរៀន​វគ្គ​បទគម្ពីរ​ចំណេះចំណាន​ខាងគោលលទ្ធិ​នីមួយៗ​នឹង​ត្រូវបាន​បង្រៀន នៅពេល​ដែល​ថ្នាក់​សិក្ខាសាល​កំពុង​សិក្សា ។

សេចក្តីយោង​បទគម្ពីរ និង​ឃ្លា​បទគម្ពីរ​គន្លឹះ

ប្រសិនបើ​ចាំបាច់ មុន​នឹង​អញ្ជើញ​សិស្ស​ឲ្យ​ឆ្លើយតប​ទៅ​នឹង​ស្ថានភាព​ប្រឌិដ្ឋ​ខាង​ក្រោម សូម​រំឭក​ពួកគេ​ថា ការគូស​ចំណាំ​ព្រះគម្ពីរ​មិនមែន​ជា​ការមិន​គោរព ឬ​ជា​ការចាំបាច់​នោះ​ទេ ហើយ​ថា​គ្មាន​វិធី​ត្រឹមត្រូវ ឬ​ខុស​ដើម្បី​ធ្វើ​វា​នោះ​ទេ ។ អ្វី​ដែល​សំខាន់​គឺ​ត្រូវ​ខិតខំ​ស្វែងរក​ទីតាំង រៀន និង​ចងចាំ​នូវ​អ្វី​ដែល​ព្រះគម្ពីរ​បង្រៀន ។

សូម​ស្រមៃ​គិត​ថា​ប្អូនប្រុស​ម្នាក់​ឃើញ​អ្នក​គូស​ចំណាំ​ខគម្ពីរ​របស់​អ្នក​ពេល​អ្នក​សិក្សា ។ បន្ទាប់ពី​បាន​ឃើញ​ទំព័រ​គម្ពីរ​ដែល​មាន​ការគូស​ចំណាំ​ទាំងអស់​នៅលើ​នោះ ប្អូនប្រុស​របស់​អ្នក​សួរ​អ្នក​ពី​មូលហេតុ​ដែល​អ្នក​គូស​ចំណាំ​ខគម្ពីរ​របស់​អ្នក ។

  • តើ​អ្នក​នឹង​ឆ្លើយ​យ៉ាង​ដូចម្ដេច ?

សូម​ពិចារណា​អញ្ជើញ​សិស្ស​ឲ្យ​ចែកចាយ​ជា​ក្រុមតូចៗ​នូវ​វិធី​ផ្សេងៗ​មួយ​ចំនួន ដែល​ពួកគេ​គូស​ចំណាំ​ព្រះគម្ពីរ​របស់​ពួកគេ និង​មូលហេតុ ។ សូម​ជួយ​សិស្ស​ឲ្យ​យល់​ថា ការគូស​ចំណាំ​វគ្គបទគម្ពីរ​អាច​ជួយ​ធ្វើ​ឲ្យ​បទគម្ពីរ​មាន​លក្ខណៈ​ផ្ទាល់​ខ្លួន សង្កត់ធ្ងន់​លើ​ការយល់​ដឹង​ដ៏​មាន​ន័យ និង​ធ្វើ​ឲ្យ​វា​កាន់តែ​ងាយស្រួល​ក្នុង​ការកំណត់​ទី​តាំង​វគ្គបទគម្ពីរ​ម្ដង​ទៀត​នៅពេល​អនាគត ។

បន្ទាប់ពី​សិស្ស​បាន​បញ្ចប់​ការចែកចាយ សូម​បង្ហាញ​តារាង​ខាង​ក្រោម ឬ​ផ្តល់​វា​ជា​សំណៅ​ចែក​សម្រាប់​ប្រើប្រាស់​ក្នុង​អំឡុងពេល​សកម្មភាព​ខាង​ក្រោម ។

ចំណេះ​ចំណាន​ខាង​គោលលទ្ធិ​នៃ​ព្រះគម្ពីរ​មរមន ៖ អាលម៉ា–មរ៉ូណៃ

ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន ( ឆ្នាំ ២០២៤ )

សេចក្តីយោង​បទគម្ពីរ

ឃ្លា​បទគម្ពី​គន្លឹះ

សេចក្តីយោង​បទគម្ពីរ

អាលម៉ា ៧:១១–១៣

ឃ្លា​បទគម្ពី​គន្លឹះ

« ហើយ​ទ្រង់​នឹង​យាង​ទៅ​ដោយ​រង​ការ​ឈឺ​ចាប់ និង​ទុក្ខ​វេទនា និង​ការ​ល្បួង​គ្រប់​បែប​យ៉ាង » ។

សេចក្តីយោង​បទគម្ពីរ

អាលម៉ា ៣៤:៩–១០

ឃ្លា​បទគម្ពី​គន្លឹះ

« ជា​ការ​ចាំ​បាច់​ត្រូវ​តែ​មាន​ដង្វាយ​ធួន​មួយ​កើត​ឡើង … ការ​បូជា​មួយ​ដ៏​និរន្តរ៍ និង​អស់​កល្ប​ជានិច្ច » ។

សេចក្តីយោង​បទគម្ពីរ

អាលម៉ា ៣៩:៩

ឃ្លា​បទគម្ពី​គន្លឹះ

« កុំ​ទៅ​តាម​សេចក្តីសម្រើប​នៃ​ភ្នែក​របស់​ខ្លួន​ទៀត​ឡើយ » ។

សេចក្តីយោង​បទគម្ពីរ

អាលម៉ា ៤១:១០

ឃ្លា​បទគម្ពី​គន្លឹះ

« សេចក្ដីទុច្ចរិត​ពុំ​ដែល​ជា​សុភមង្គល​ឡើយ » ។

សេចក្តីយោង​បទគម្ពីរ

ហេលេមិន ៥:១២

ឃ្លា​បទគម្ពី​គន្លឹះ

« គឺ​នៅលើ​សិលា​នៃ​ព្រះ​ដ៏​ប្រោសលោះ​នៃ​យើង … ដែល​កូន​ត្រូវ​សង់គ្រឹះ​របស់​កូន » ។

សេចក្តីយោង​បទគម្ពីរ

នីហ្វៃ​ទី៣ ១១:១០–១១

ឃ្លា​បទគម្ពី​គន្លឹះ

« យើង​បាន​ធ្វើ​ការ​នេះ ដោយ​បាន​ស៊ូទ្រាំ​តាម​ព្រះហឫទ័យ​នៃ​ព្រះវរបិតា​ចំពោះ​គ្រប់​ការណ៍​ទាំងអស់ ចាប់តាំង​ពី​ដើម​ដំបូង​មក » ។

សេចក្តីយោង​បទគម្ពីរ

នីហ្វៃ​ទី៣ ១២:៤៨

ឃ្លា​បទគម្ពី​គន្លឹះ

« យើង​ចង់​ឲ្យ​អ្នក​រាល់​គ្នា​បាន​ល្អ​ឥតខ្ចោះ​ដូចជា​យើង ឬ​ដូចជា​ព្រះវរបិតា​របស់​អ្នក​រាល់គ្នា​ដែល​គង់នៅ​ស្ថានសួគ៌ ទ្រង់​ល្អ​ឥត​ខ្ចោះ​ដែរ » ។

សេចក្តីយោង​បទគម្ពីរ

នីហ្វៃ​ទី៣ ២៧:២០

ឃ្លា​បទគម្ពី​គន្លឹះ

« ចូរ​មក​រក​យើង ហើយ​ទទួល​បុណ្យ​ជ្រមុជ​ទឹក … ប្រយោជន៍​ឲ្យ​អ្នក​រាល់​គ្នា​អាច​បាន​ញែកចេញ​បរិសុទ្ធ ដោយ​ការទទួល​នូវ​ព្រះវិញ្ញាណ​បរិសុទ្ធ » ។

សេចក្តីយោង​បទគម្ពីរ

អេធើរ ១២:៦

ឃ្លា​បទគម្ពី​គន្លឹះ

« អ្នក​រាល់​គ្នា​ពុំ​ទទួល​សាក្សី​ឡើយ លុះ​ដល់​ពេល​ក្រោយ​ពី​ការសាកល្បង​នៃ​សេចក្តីជំនឿ​របស់​អ្នក​សិន » ។

សេចក្តីយោង​បទគម្ពីរ

អេធើរ ១២:២៧

ឃ្លា​បទគម្ពី​គន្លឹះ

« បើ​មនុស្ស​លោក​មក​រកយើង … លំដាប់​នោះ​យើង​នឹង​ធ្វើ​ឲ្យ​អ្វី​ដែល​ទន់ខ្សោយ​ក្លាយ​ទៅ​ជា​ខ្លាំង​ពូកែ​ចំពោះ​ពួកគេ​វិញ » ។

សេចក្តីយោង​បទគម្ពីរ

មរ៉ូណៃ ៧:៤៥–៤៨

ឃ្លា​បទគម្ពី​គន្លឹះ

« សេចក្តីសប្បុរស​គឺ​ជា​សេចក្ដីស្រឡាញ់​ដ៏​សុទ្ធសាធ​នៃ​ព្រះគ្រីស្ទ » ។

សេចក្តីយោង​បទគម្ពីរ

មរ៉ូណៃ ១០:៤–៥

ឃ្លា​បទគម្ពី​គន្លឹះ

« សូម​សួរ​ដោយ​ចិត្ត​ស្មោះសរ គឺ​ដោយ​ស្មោះ​អស់​ពី​ចិត្ត ដោយ​មាន​សេចក្ដីជំនឿ​ដល់​ព្រះគ្រីស្ទ … [ ហើយ ] ដោយ​ព្រះចេស្ដា​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ នោះ​អ្នក​រាល់​គ្នា​អាច​ស្គាល់​សេចក្ដីពិត​នៃ​គ្រប់​ការណ៍​ទាំងអស់ » ។

សូម​ពិចារណា​អញ្ជើញ​សិស្ស​ឲ្យ​ធ្វើ​ការជាមួយ​ដៃ​គូ​ម្នាក់ ។ សូម​ចាត់​ដៃគូ​នីមួយៗ​ឲ្យ​រៀបចំ​ដើម្បី​ណែនាំ​យ៉ាង​ហោច​ណាស់​វគ្គ​ចំណេះចំណាន​ខាង​គោលលទ្ធិ​មួយ​ដល់​សិស្ស​ក្នុង​ថ្នាក់ ។ សូម​ប្រាកដ​ថា​វគ្គបទគម្ពីរ​ទាំង ១២ ត្រូវបាន​ចាត់​ទៅ​ពួកគេ ។ បន្ទាប់ពី​ទុក​ពេល​ឲ្យ​ពួកគេ​រៀបចំ​ហើយ សូម​អញ្ជើញ​ដៃគូ​នីមួយៗ​ឲ្យ​ធ្វើ​កិច្ចការ​ដូច​ខាង​ក្រោម ៖

  1. ណែនាំ​ដៃគូ​របស់​ពួកគេ​ទៅ​កាន់​សិស្ស​ទាំងអស់​នៅក្នុង​ថ្នាក់ ដោយ​ចែកចាយ​អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍ ឬ​សំខាន់​អំពី​គ្នា​ទៅ​វិញ​ទៅ​មក

  2. សូម​ណែនាំ​វគ្គ​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ​របស់​ពួកគេ​ដល់​ថ្នាក់​ដោយ ៖

    • ការលើក​ទឹក​ចិត្ត​សិស្ស​ឲ្យ​ងាក​ទៅ​វគ្គបទគម្ពីរ ហើយ​ពិចារណា​គូស​ចំណាំ​បទគម្ពីរ​នោះ

    • ការអាន​វគ្គបទគម្ពីរ​ទាំង​មូល​ដល់​សិស្ស​ក្នុង​ថ្នាក់ និង​ការចង្អុល​បង្ហាញ​ឃ្លា​បទ​គម្ពីរ​គន្លឹះ

    • ការពន្យល់​ពី​មូលហេតុ​ដែល​ការយល់​ពី​សេចក្តីពិត​នៅក្នុង​ឃ្លា​បទគម្ពីរ​គន្លឹះ គឺ​សំខាន់​សម្រាប់​យុវវ័យ​សព្វ​ថ្ងៃ​នេះ

បន្ទាប់ពី​សិស្ស​ទាំងអស់​បាន​ចែកចាយ​ហើយ សិស្ស​អាច​ប្រើ​ពេលវេលា​ដែល​នៅសល់​ក្នុង​ថ្នាក់ ដើម្បី​ចាប់ផ្ដើម​ទន្ទេញ​ចាំ​សេចក្តីយោង និង​ឃ្លា​បទ​គម្ពីរ​គន្លឹះ ។ ពួកគេ​ប្រហែល​ជា​ចង់​ប្រើ​កម្មវិធី​ទូរសព្ទ​ចល័ត Doctrinal Mastery ដើម្បី​ជួយ​ពួកគេ ( ប្រសិនបើ​មាន ) ។