ថ្នាក់​សិក្ខាសាលា
អាលម៉ា ២៤ ៖ « យើង​នឹង​កប់​វា​ឲ្យ​ជ្រៅ​ទៅក្នុង​ដី »


« អាលម៉ា ២៤ ៖ ‹ យើង​នឹង​កប់​វា​ឲ្យ​ជ្រៅ​ទៅក្នុង​ដី › » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូ​បង្រៀន ( ឆ្នាំ ២០២៤ )

« អាលម៉ា ២៤ » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូ​បង្រៀន

អាលម៉ា ២៤

« យើង​នឹង​កប់​វា​ឲ្យ​ជ្រៅ​ទៅ​ក្នុង​ដី »

រូបភាព
ពួកអាន់តៃ-នីហ្វៃ-លីហៃ កំពុង​កប់​ដាវ​របស់​ពួកគេ

ពេលខ្លះ​យើង​ឃើញ​ខ្លួន​យើង​ចុះចាញ់​នឹង​អំពើ​បាប​ដដែលៗ ហើយ​បង្កើត​ទម្លាប់​អាក្រក់ ឬ​សូម្បី​តែ​ការញៀន ។ ការយក​ឈ្នះ​លើ​អំពើ​បាប​ទាំងនេះ​អាច​ជា​ការពិបាក​ណាស់ ។ ពួក​អាន់តៃ-នីហ្វៃ-លីហៃ​ជាច្រើន​នាក់​បាន​បង្កើត​ការប្រព្រឹត្ត​អំពើបាប មុន​ការប្រែចិត្តជឿ​របស់​ពួកគេ​ទៅ​លើ​ព្រះអម្ចាស់ ។ នៅពេល​ពួកគេ​បាន​ដកពិសោធ​នឹង​ការអភ័យទោស​របស់​ព្រះអង្គ​សង្គ្រោះ នោះ​ពួកគេ​ត្រូវបាន​បំផុស​គំនិត​ដើម្បី​ចៀសវាង​ការត្រឡប់​ទៅរក​អំពើបាប​ទាំងនោះ​វិញ ។ មេរៀន​នេះ​អាច​ជួយ​អ្នក​យក​ឈ្នះ​លើ​អំពើបាប និង​ទម្លាប់​អាក្រក់​ដោយ​មាន​ជំនួយ​ពី​ព្រះអង្គ​សង្គ្រោះ ។

សូម​ជួយ​សិស្ស​ស្វែងរក​ការប្រែចិត្ត​ជឿ ។ ការប្រែចិត្តជឿ​គឺ​លើស​ពី​ការផ្លាស់ប្តូរ​អាកប្បកិរិយា វា​គឺ​ជា​ការផ្លាស់ប្តូរ​ចិត្ត​ដែល​នាំ​មក​ដោយ​ព្រះវិញ្ញាណ​បរិសុទ្ធ ។ នៅពេល​សិស្ស​រៀន និង​អនុវត្ត​សកម្មភាព​សុចរិត​ប្រកប​ដោយ​ប្រសិទ្ធភាព សូម​លើក​ទឹក​ចិត្ត​ពួកគេ​ឲ្យ​អធិស្ឋាន​ទៅកាន់​ព្រះវរបិតាសួគ៌​ដើម្បី​ទទួល​បានការណែនាំ​របស់​ទ្រង់​តាមរយៈ​ព្រះវិញ្ញាណ ។

ការរៀប​ចំ​សិស្ស ៖ សូម​អញ្ជើញ​សិស្ស​ឲ្យ​អាន អាលម៉ា ២៤:៧–១៦ ហើយ​មក​ដោយ​ត្រៀម​ខ្លួន​ដើម្បី​ចែកចាយ​អ្វី​ដែល​ពួកគេ​រៀន​ពី​ពួកអាន់តៃ-នីហ្វៃ-លីហៃ អំពី​ព្រះអង្គ​សង្គ្រោះ ការប្រែចិត្ត និង​ការអភ័យទោស ។

សកម្មភាព​រៀនសូត្រ​ដែល​អាច​មាន

ការយក​ឈ្នះ​លើ​អំពើបាប​ដោយ​ជំនួយ​របស់​ព្រះអង្គ​សង្គ្រោះ

សូម​កត់ចំណាំ​ថា មេរៀន​នេះ​ត្រូវបាន​រៀបចំ​ឡើង​ដើម្បី​បង្រៀន​បន្ទាប់​ពី មេរៀន​អំពី​អាលម៉ា ២៣ ។

សូម​អាន​ស្ថានភាព​ប្រឌិដ្ឋ​ដូច​តទៅ​នេះ ៖

សាមែនថា បាន​ពុះពារ​ជាមួយ​នឹង​អំពើ​បាបជាក់លាក់​មួយ​អស់​រយៈពេល​ជាច្រើន​ឆ្នាំ ។ នៅពេល​នាង​កាន់តែ​ប្រែចិត្ត​ជឿ​ដល់​ព្រះអម្ចាស់ នាង​បាន​ប្រឹងប្រែង​យ៉ាង​ខ្លាំង​ដើម្បី​ប្រែចិត្ត ហើយ​ងាក​ទៅរក​ព្រះអង្គ​សង្គ្រោះ​ដើម្បី​ទទួល​បាន​កម្លាំង​​យក​ឈ្នះ​លើ​បញ្ហា​របស់​នាង ។ នាង​បាន​ទទួល​អារម្មណ៍​ពី​ការអភ័យ​ទោស និង​សេចក្ដីស្រឡាញ់​របស់​ព្រះអម្ចាស់ ។ ទោះយ៉ាង​ណា​ក៏​ដោយ ក្នុងគ្រា​នៃ​ភាពទន់ខ្សោយ ពេលខ្លះ​នាង​ធ្លាក់​ចូល​ទៅក្នុង​អំពើ​បាប​នោះ​វិញ ។

  • តើ​សាមែនថា អាច​មាន​អារម្មណ៍​យ៉ាង​ណា​ក្នុង​ស្ថានភាព​នេះ ?

នៅពេល​សិស្ស​មាន​ឱកាស​ធ្វើ​ស្វ័យ​វាយតម្លៃ វា​អាច​ជួយ​ឲ្យ​ពួកគេ​មាន​អារម្មណ៍​ថា មាន​ការចូលរួម​កាន់តែ​ច្រើន​នៅក្នុង​មេរៀន និង​ចង់​រៀន​អ្វី​ដែល​ពួកគេ​មិន​ទាន់​ដឹង ។ ការអញ្ជើញ​សិស្ស​ឲ្យ​សញ្ជឹង​គិត​ដោយ​ស្ងៀមស្ងាត់​លើ​ចំណុច​ខាង​ក្រោម​នេះ គឺ​ជា​វិធី​មួយ​ដែល​អ្នក​អាច​ជួយ​សិស្ស​ធ្វើ​កិច្ចការ​នេះ ។

សូម​សញ្ជឹង​គិត​ថា តើ​អ្នក​មាន​អារម្មណ៍​ល្អ​ប៉ុនណា​ដែល​អ្នក​អាច​ជួយ សាមែនថា និង​អ្វី​ដែល​អ្នក​នៅតែ​ត្រូវ​ដឹង និង​យល់​ដើម្បី​ជួយ​នាង​ឲ្យ​កាន់តែ​ប្រសើរ​ឡើង ។ សូម​គិត​អំពី​បញ្ហា​ដែល​អ្នក​មាន​អារម្មណ៍​ថា ព្រះអម្ចាស់​អាច​ជួយ​អ្នក​ឲ្យ​យក​ឈ្នះ​បាន​ផងដែរ ។ នៅពេល​អ្នក​សិក្សា សូម​ស្វែងរក​សេចក្តីពិត​ដែល​នៅពេល​អនុវត្ត​នោះ អាច​អញ្ជើញ​ព្រះអង្គ​សង្គ្រោះ​ឲ្យ​ជួយ សាមែនថា និង​អ្នក​ឲ្យ​យក​ឈ្នះ​លើ​អំពើបាប ។

ប្រជាជន​អាន់តៃ-នីហ្វៃ-លីហៃ

ប្រជាជន​អាន់តៃ-នីហ្វៃ-លីហៃ គឺ​ជា​សាសន៍​លេមិន​ដែល​ពីមុន​បាន​ប្រើ​ដាវ​របស់​ពួកគេ​ដើម្បី​សម្លាប់​អ្នកដទៃ ។ ទោះជា​យ៉ាង​ណា​ក៏​ដោយ បន្ទាប់ពី​ពួកគេ « បាន​ប្រែចិត្តជឿ​ដល់​ព្រះអម្ចាស់ » នោះ​ពួកគេ « បាន​ដាក់​គ្រឿងសស្ត្រាវុធ​នៃ​ការបះបោរ​របស់គេ​ចុះ » ( អាលម៉ា ២៣:៦–៧ ) ។

សូមអាន អាលម៉ា ២៤:១–៤ ដើម្បី​មើល​ពី​របៀប​ដែល​ពួកសាសន៍លេមិន​មួយ​ចំនួន​ទៀត​បាន​ឆ្លើយតប ។ សូម​កត់ចំណាំ​ថា ពាក្យ អាវុធ គឺ​ជា​គ្រឿងសស្ត្រាវុធ ។

  • ប្រសិនបើ​អ្នក​ជា​មនុស្ស​ម្នាក់​ក្នុង​ចំណោម​ពួក​អាន់តៃ-នីហ្វៃ-លីហៃ តើ​អ្នក​អាច​មាន​គំនិត និង​អារម្មណ៍​អ្វី​ខ្លះ​នៅពេល​នេះ ? ហេតុអ្វី ?

អាំម៉ូន និង​បងប្អូន​របស់​ទ្រង់​បាន​ប្រជុំ​ក្រុម​ប្រឹក្សា​មួយ​ជាមួយ​នឹង​ស្តេច​ឡាម៉ូណៃ និង​ព្រះអនុជ​របស់​ទ្រង់ ជា​ស្តេច​នៃ​ប្រជាជន​ដែល​មាន​ឈ្មោះ​ថា អាន់តៃ-នីហ្វៃ-លីហៃ ( សូមមើល អាលម៉ា ២៤:៥ ) ។ បន្ទាប់មក ស្ដេច​មាន​បន្ទូល​ទៅកាន់​ប្រជារាស្ត្រ​របស់​ព្រះអង្គ ។

ប្រសិនបើ​អ្នក​មាន​អារម្មណ៍​ថា វា​នឹង​បន្ថែម​ស្មារតី​នៅក្នុង​ថ្នាក់ សូម​ពិចារណា​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អាន​ខគម្ពីរ​ខាង​ក្រោម​រៀងៗ​ខ្លួន ធ្វើ​ដូចជា​គាត់​ជា​អ្នក​ដឹកនាំ​នៃ​ពួកអាន់តៃ-នីហ្វៃ-លីហៃ ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​ស្រមៃ​ពី​ការឮ​សុន្ទរកថា​នេះ​ក្នុងនាម​ជា​ពួកអាន់តៃ-នីហ្វៃ-លីហៃ ហើយ​ពិចារណា​ពី​គំនិត និង​អារម្មណ៍​ដែល​ពួកគេ​អាច​មាន ។

សូម​អាន​ព្រះរាជបន្ទូល​របស់​ព្រះមហាក្សត្រ អាលម៉ា ២៤:៧–១៦ ។ សូមរកមើល ហើយ​ពិចារណា​គូសចំណាំ​ពាក្យ ឬ​ឃ្លា​ដែល​ពិពណ៌នា​ដូច​ខាង​ក្រោម ៖

  1. អ្វី​ដែល​ព្រះ​អម្ចាស់​បាន​ធ្វើ​សម្រាប់​មនុស្ស​ទាំង​នេះ

  2. អ្វី​ដែល​ប្រជាជន​បាន​ធ្វើ​ដើម្បី​ប្រែចិត្ត

  3. អ្វី​ដែល​ស្ដេច​ទូន្មាន​ឲ្យ​ធ្វើ​ដើម្បី​លះចោល​អំពើបាប

សូម​រំឭក​សិស្ស​អំពី​ការរៀបចំ​របស់​ពួកគេ​សម្រាប់​ថ្នាក់ ។ សូម​ពិភាក្សា​អំពី​ពាក្យ និង​ឃ្លា​ដែល​សិស្ស​បាន​គូស​ចំណាំ​នៅក្នុង​សកម្មភាព​ពីមុន ។ សូម​ឲ្យ​សិស្ស​ពន្យល់​ពី​អត្ថន័យ​នៃ​ពាក្យ និង​ឃ្លា​ទាំងនោះ ហើយ​អញ្ជើញ​សិស្ស​ក្នុង​ថ្នាក់​ធ្វើ​ការជាមួយ​គ្នា​ដើម្បី​យល់​កាន់តែ​ច្បាស់​អំពី​ពាក្យ និង​ឃ្លា​ទាំងនោះ ។ សូម​ពិចារណា​ចង្អុល​បង្ហាញ​ឃ្លា​ដែល​ហាក់​ដូចជា​សំខាន់ ហើយ​ពិភាក្សា​អំពី​ឃ្លា​ទាំងនោះ​ផងដែរ ។

  • តើ​អ្នក​អាច​នឹង​មាន​គំនិត និង​អារម្មណ៍​អ្វី​ខ្លះ ប្រសិនបើ​អ្នក​នៅ​ទីនោះ​ស្តាប់​សុន្ទរកថា​នេះ ? ហេតុអ្វី ?

  • តើ​ពាក្យ ឬ​ឃ្លា​អ្វី​ខ្លះ​ដែល​ជំរុញ​ចិត្ត​អ្នក​ឲ្យ​ព្យាយាម​មិន​ត្រឡប់​ទៅ​រក​អំពើបាប​របស់​អ្នក​វិញ ?

ការកប់គ្រឿងសស្ត្រាវុធ​សង្គ្រាម​របស់​ពួកគេ

រូបភាព
ពួកអាន់តៃ-នីហ្វៃ-លីហៃ កំពុង​កប់​ដាវ​របស់​ពួកគេ

សូមអាន អាលម៉ា ២៤:១៧–១៩ ហើយ​សម្គាល់​ពី​របៀប​ដែល​ប្រជាជន​បាន​ឆ្លើយតប​បន្ទាប់​ពី​សុន្ទរកថា​នេះ និង​មូលហេតុ ។

  • តើ​អ្នក​គិត​ថា បទពិសោធន៍​របស់​ពួកអាន់តៃ-នីហ្វៃ-លីហៃ អាច​ទាក់ទង​នឹង​យើង​យ៉ាង​ដូចម្ដេច ?

សេចក្តីពិត​មួយ​ដែល​យើង​អាច​រកឃើញ​ពី​ដំណើរ​រឿង​នេះ​គឺ​ថា សេចក្តីស្រឡាញ់​របស់​យើង និង​ការតាំងចិត្ត​ចំពោះ​ព្រះយេស៊ូវគ្រីស្ទ អាច​ជួយ​យើង​ឲ្យ​លះបង់​អំពើបាប​របស់​យើង ។

សូម​ចំណាយ​ពេល​បន្តិច​ដើម្បី​សញ្ជឹងគិត​ថា ហេតុអ្វី​គោលការណ៍​នេះ​ពិត ។

  • នៅពេល​ស្វែងរក​ការលះបង់​អំពើបាប ហេតុអ្វី​វា​អាច​ជួយ​ឲ្យ​ចងចាំ​សេចក្តីស្រឡាញ់​របស់​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ និង​អ្វី​ដែល​ទ្រង់​ទាំងទ្វេ​បាន​ធ្វើ​សម្រាប់​យើង ? ( វា​អាច​នឹង​មាន​ប្រយោជន៍​ក្នុង​ការសញ្ជឹង​គិត​ឃ្លា​ដូចជា « ទ្រង់​បាន​អភ័យទោស​ឲ្យ​យើង​រាល់​គ្នា » [ អាលម៉ា ២៤:១០ ], « ព្រះ​ដ៏​មហិមា​ទ្រង់​មាន​សេចក្តី​មេត្តា​ករុណា​ដល់​យើង​រាល់​គ្នា » អាលម៉ា ២៤:១៤ ] និង « ទ្រង់​ស្រឡាញ់​ព្រលឹង​យើង​ទាំងឡាយ » [ អាលម៉ា ២៤:១៤ ] ) ។

  • តើ​ការកប់​ដាវ​របស់​ពួកគេ « យ៉ាង​ជ្រៅ​ទៅ​ក្នុង​ដី » ( អាលម៉ា ២៤:១៧ ) ជួយ​មនុស្ស​ទាំង​នេះ​បោះបង់​ចោល​អំពើបាប​របស់​ពួកគេ​យ៉ាង​ដូចម្ដេច ?

សូម​កត់ចំណាំ​ឃ្លា​ខាង​ក្រោម​នៅក្នុង ខទី ១៨ ( បាន​បន្ថែម​ការគូសបញ្ជាក់ ) ៖

  • « ពួកគេ​នឹង​លះបង់​ជីវិត​គេ​ផ្ទាល់ ជាជាង​កម្ចាយ​ឈាម​បងប្អូន​គេ » ។

  • « គេ​នឹង​ឲ្យ​ទៅ​បងប្អូន​គេ​ជាជាង យក​ពី​បងប្អូន​គេ​វិញ » ។

  • « គេនឹង​ធ្វើការ​យ៉ាង​សម្បើម​ដោយ​ដៃ​គេ​ផ្ទាល់ ជាជាង​ចំណាយពេល​ដោយ​ខ្ជិល​ច្រអូស » ។

សរុប​មក ពួកអាន់តៃ-នីហ្វៃ-លីហៃ មិន​គ្រាន់តែ​កប់​គ្រឿងសស្ត្រាវុធ​សង្គ្រាម​របស់​ពួកគេ​ប៉ុណ្ណោះ​ទេ ពួកគេ​ក៏​បាន​ជំនួស​អំពើបាប​ពី​មុន​របស់​ពួកគេ​ជាមួយ​នឹង​សកម្មភាព​វិជ្ជមាន​ផងដែរ ។

  • តើ​ការធ្វើ​បែប​នេះ​អាច​ជួយ​យើង​ឲ្យ​លះចោល​អំពើ​បាប​បាន​យ៉ាង​ដូចម្ដេច ?

  • តើ​វិធី​អ្វី​ខ្លះ​ដែល​យើង​អាច​ធ្វើ​កិច្ចការ​នេះ​នៅ​សព្វ​ថ្ងៃ​នេះ ?

ដើម្បី​មើល​ឧទាហរណ៍​មួយ សូម​មើល​វីដេអូ « The Power of the Book of Mormon in Conversion » ចាប់ពី​នាទី​ទី ៦:១១ ដល់នាទី​ទី ៨:១២ មាន​នៅ ChurchofJesusChrist.org ។

ការតាំងចិត្ត​របស់​ប្រជាជន​អាន់តៃ-នីហ្វៃ-លីហៃ

សូមអាន អាលម៉ា ២៤:២០–២៧ ដើម្បី​មើល​ពី​របៀប​ដែល​ពួក​អាន់តៃ-នីហ្វៃ-លីហៃ រស់នៅ​តាម​ការតាំងចិត្ត​របស់​ពួកគេ​ក្នុង​ការលះបង់​អំពើបាប ។ នៅពេល​អ្នក​អាន សូម​ស្រមៃ​ថា​អ្នក​នៅ​ទីនោះ ។ សូម​សញ្ជឹងគិត​ពី​ទិដ្ឋភាព សំឡេង និង​អារម្មណ៍​ដែល​អ្នក​អាច​នឹង​បាន​ជួប​ប្រទះ ពេល​អ្នក​បាន​ឱន​ក្បាលអធិស្ឋាន​ដោយ​ដឹង​ថា អ្នក​គ្មាន​អ្វី​ត្រូវ​ការពារ​ខ្លួន​អ្នក​ឡើយ ហើយ​ថា​អ្នក​នៅក្នុង​ព្រះហស្ដ​របស់​ព្រះអម្ចាស់​ទាំង​ស្រុង ។

  • តើ​អ្វី​ធ្វើ​ឲ្យ​អ្នក​ចាប់​អារម្មណ៍​ចំពោះ​ការតាំងចិត្ត​របស់​ពួកគេ ?

អែលឌើរ ឌែល ជី រិនឡាន់ ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់​បាន​ពិពណ៌នា​អំពី​របៀប​ដែល​ការលះបង់​របស់​ពួកអាន់តៃ-នីហ្វៃ-លីហៃ អាច​ទាក់ទង​នឹង​យើង​សព្វ​ថ្ងៃ​នេះ ។

សូម​កប់គ្រឿង​សស្ត្រាវុធ​នៃ​ការបះបោរ​របស់​បងប្អូន​ចោល​ទាំង​ស្រុង ។ ដោយសារ​តែ​ដង្វាយធួន​របស់​ព្រះយេស៊ូវគ្រីស្ទ ការចុះ​សេចក្ដីសញ្ញា​ដោយ​បំណង​ប្រាថ្នា​ដ៏​ពិតប្រាកដ ដើម្បី​គោរព​តាម​យ៉ាង​ស្មោះត្រង់ នឹង​ផ្ដល់​ពរជ័យ​ដល់​ជីវិត​របស់​អ្នក​ជា​រៀង​រហូត​តទៅ ។ អ្នក​នឹង​ប្រែក្លាយ​កាន់តែ​ដូចជា​ព្រះអង្គ​សង្គ្រោះ នៅពេល​អ្នក​ចងចាំ​ដល់​ទ្រង់​ជានិច្ច ធ្វើ​តាម​ទ្រង់ និង​សរសើរ​ទ្រង់ ។ ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ថា ទ្រង់​គឺ​ជា​គ្រឹះ​ដ៏​រឹងមាំ ។ ទ្រង់​អាច​ពឹងផ្អែក​បាន ហើយ​ការសន្យា​របស់​ទ្រង់​ពិត ។ ( ឌែល ជី រិនឡាន់ « Unwavering Commitment to Jesus Christ » EnsignLiahona ខែ វិច្ឆិកា ឆ្នាំ ២០១៩ ទំព័រ ២៥ )

អែលឌើរ រិនឡាន់ ក៏​បាន​ចែកចាយ​គំរូ​ដ៏​មាន​ឥទ្ធិពល​មួយ​នៃ​ការតាំងចិត្ត​របស់​ពួកបរិសុទ្ធ​ក្នុង​ប្រទេស​កុងហ្គោ ។ សូម​ពិចារណា​ចែកចាយ​ជាមួយ​សិស្ស​នូវ​វីដេអូ​« Unwavering Commitment to Jesus Christ » ចាប់ពី​នាទី​ទី ០:០០ ដល់នាទី​ទី ១:៣៩ មាននៅ ChurchofJesusChrist.org ។

របៀប​លះបង់​អំពើបាប

សូម​ពិចារណា​អញ្ជើញ​សិស្ស​ឲ្យ​ធ្វើ​សកម្មភាព​ខាង​ក្រោម​ជា​ក្រុមតូចៗ ដូច្នេះ​ពួកគេ​អាច​អនុវត្ត​អ្វី​ដែល​ពួកគេ​បាន​រៀន​ទៅ​នឹង​ស្ថានភាព​ជីវិត​ជាក់ស្តែង ។

សូម​រំឭក​ពី​ស្ថានភាព​ប្រឌិដ្ឋពី សាមែនថា នៅដើម​មេរៀន ។ សូម​ពន្យល់​ពី​របៀប​ដែល​អ្នក​ចង់​ណែនាំ​នាង​ឲ្យ​អនុវត្ត​តាមគោលការណ៍​ដែល​អ្នក​បាន​សិក្សា​នៅថ្ងៃ​នេះ ។ សូម​បញ្ចូល​ចំណុច​ខាង​ក្រោម ៖

  • របៀប​ដែល​នាង​អាច​ចងចាំ​សេចក្ដី​ស្រឡាញ់​របស់​ព្រះអម្ចាស់​ចំពោះ​នាង

  • សកម្មភាព​ជាក់លាក់​ដែល​នាង​អាច​ធ្វើ​បាន ដើម្បី​ចៀសវាង​ការធ្លាក់​ចូល​ទៅក្នុង​អំពើបាប​របស់​នាងពីមុន

សូម​អញ្ជើញ​សិស្ស​បី​បួន​នាក់​ឲ្យ​ចែកចាយ​គំនិត​របស់​ពួកគេ ។ នៅពេល​សិស្ស​ស្តាប់​គ្នា​ទៅ​វិញ​ទៅ​មក សូម​អញ្ជើញ​ពួកគេ​ឲ្យ​សញ្ជឹងគិត​ពី​របៀប​ដែល​ការអនុវត្ត​ផែនការ​ទាំងនេះ​អាច​ជួយ​ពួកគេ​យក​ឈ្នះ​លើ​អំពើបាប​របស់​ពួកគេ ។

ការលះបង់​អំពើ​បាប​របស់​អ្នក

នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​របស់​អ្នក សូម​សរសេរ​ពី​របៀប​ដែល​អ្នក​អាច​អនុវត្ត​អ្វី​ដែល​អ្នក​បាន​រៀននៅ​ថ្ងៃនេះ​ក្នុង​ជីវិត​ផ្ទាល់​ខ្លួន​របស់​អ្នក ។ សូម​សរសេរ​ជំហាន​នានា​ដែល​អ្នក​អាច​ធ្វើ​បាន​ដើម្បី​ចងចាំ​ពី​សេចក្តី​ស្រឡាញ់​របស់​ព្រះអម្ចាស់ ។ សូម​រួម​បញ្ចូល​ជំហាន​ជាក់ស្តែង ដើម្បី​លះបង់​អំពើបាប និង​ការពារ​ពី​ការវិល​ត្រឡប់​ទៅ​រក​វា​វិញ ។

នៅពេល​អ្នក​ខិតខំ​ធ្វើ​តាម​ផែនការ​របស់​អ្នក សូម​ទុក​ចិត្ត​ថា ព្រះអង្គ​សង្គ្រោះ​ស្រឡាញ់​អ្នក ហើយ​នឹង​ជួយ​អ្នក នៅពេល​អ្នក​ព្យាយាម​ចៀសវាង​គ្រា​ទាំងឡាយ​ដែល​អាច​នាំ​អ្នក​ទៅ​រក​អំពើបាប ។

សូម​ថ្លែង​ទីបន្ទាល់​អំពី​សេចក្តីស្រឡាញ់​របស់​ព្រះអម្ចាស់​ចំពោះ​សិស្ស​ម្នាក់ៗ ហើយ​ថា ទ្រង់​នឹង​ជួយ​ពួកគេ នៅពេល​ពួកគេ​ខិតខំ​ធ្វើ​ដូច​ទ្រង់ បើទោះបី​ជា​ពេលខ្លះ​ពួកគេ​ខ្វះខាត​ក្នុង​ការខិតខំ​របស់​ពួកគេ​ក៏​ដោយ ។