ថ្នាក់​សិក្ខាសាលា
អាលម៉ា ២៣ ៖ ពួកគេ « ពុំ​បោះបង់​ចោល​សាសនា​ឡើយ »


« អាលម៉ា ២៣ ៖ ពួកគេ ‹ ពុំ​បោះបង់​ចោល​សាសនា​ឡើយ › » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូ​បង្រៀន ( ឆ្នាំ ២០២៤ )

« អាលម៉ា ២៣ » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូ​បង្រៀន

អាលម៉ា ២៣

ពួកគេ « ពុំ​បោះបង់​ចោល​សាសនា​ឡើយ »

រូបភាព
ក្រុម​យុវជន​ស្មោះត្រង់

សូម​គិត​អំពី​កម្លាំង​ជាច្រើន​ក្នុង​ពិភព​លោក​សព្វ​ថ្ងៃ​នេះ ដែល​ព្យាយាម​បំផ្លាញ​ជំនឿ​របស់​អ្នក ហើយ​ទាញ​អ្នក​ចេញ​ពី​ព្រះអម្ចាស់ ។ តើ​អ្នក​អាច​ធ្វើ​អ្វី​បាន​ដើម្បី​រក្សា​ជំហរ​រឹងមាំ និង​ការពារ​កុំ​ឲ្យ​មាន​រឿង​នេះ​កើត​ឡើង ? យើង​អាច​រៀន​ពី​គំរូ​នៃ​ពួកសាសន៍​លេមិន​រាប់ពាន់​នាក់​ដែល « បាន​ប្រែចិត្ត​ជឿ​ដល់​ព្រះអម្ចាស់ » ហើយ « ពុំ​បោះបង់​ចោល​សាសនា​ឡើយ » ( អាលម៉ា ២៣:៦ ) ។ គោលបំណង​មេរៀន​នេះ​គឺ​ដើម្បី​ជួយ​អ្នក​ប្រាថ្នា​ចង់​ប្រែចិត្ត​ជឿ​កាន់តែ​ពេញលេញ​ទៅលើ​ព្រះអម្ចាស់ ហើយ​រក​ឲ្យ​ឃើញ​ឧបសគ្គ​ទាំងឡាយ​ចំពោះ​ការប្រែចិត្ត​ជឿ​នោះ ។

ការលើក​ទឹកចិត្ត​សិស្ស​ឲ្យ​ខិតខំ​ធ្វើ​តាម​ព្រះយេស៊ូវគ្រីស្ទ ។ សូម​ជួយ​សិស្ស​យល់​ថា នៅពេល​ពួកគេ​ខិតខំ​រស់នៅ​តាម​ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ នោះ​ពួកគេ​អាច​ក្លាយ​កាន់តែ​ដូច​ជា​ព្រះអង្គ​សង្គ្រោះ ហើយ​រកឃើញ​អំណរ​កាន់តែ​ច្រើន​នៅក្នុង​ភាពជា​សិស្ស​របស់​ពួកគេ ។

ការរៀប​ចំ​សិស្ស ៖ សូម​អញ្ជើញ​សិស្ស​ឲ្យ​មក​ដោយ​ត្រៀម​ខ្លួន​ដើម្បី​ចែកចាយ​ពី​អ្វី​ដែល​ពួកគេ​គិត​ថា វា​មាន​ន័យ​ថា​ត្រូវ « ប្រែចិត្ត​ជឿ​ដល់​ព្រះអម្ចាស់ » ( អាលម៉ា ២៣:៦ ) ហើយ​ហេតុអ្វី​ការប្រែចិត្ត​ជឿ​ចំពោះ​ទ្រង់​សំខាន់​ម៉្លេះ ។ ពួកគេ​អាច​មើល​សេចក្ដី​ណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ​នៅក្រោម​ពាក្យ « ការប្រែចិត្ត​ជឿ, ប្រែចិត្ត​ជឿ » ប្រសិនបើ​ពួកគេ​ត្រូវការ​ជំនួយ ។

សកម្មភាព​រៀនសូត្រ​ដែល​អាច​មាន

ការរក្សា​ជំហរ​រឹងមាំ

មេរៀន​នេះ និង មេរៀនអំពី អាលម៉ា ២៤ អាច​ដំណើរការ​ជាមួយ​គ្នា​បាន​ដើម្បី​ជួយ​សិស្ស​​មាន​ការប្រែចិត្ត​ជឿ​កាន់តែ​ស៊ីជម្រៅ ។ មេរៀន​នេះ​អាច​ជួយ​សិស្ស​រកឃើញ​ឧបសគ្គ​ចំពោះ​ការប្រែចិត្ត​របស់​ពួកគេ មេរៀន​បន្ទាប់​គឺ​មាន​បំណង​ជួយ​ពួកគេ​ឲ្យ​យក​ឈ្នះ​លើ​ឧបសគ្គ​ទាំង​នោះ ។

សូម​ពិចារណា​អញ្ជើញ​សិស្ស​ស្ម័គ្រចិត្ត​ពីរ​នាក់​ឲ្យ​ធ្វើ​សកម្មភាព​ដូច​ខាង​ក្រោម ។ សូម​រំឭក​ពួកគេ​កុំ​ឲ្យ​រុញ​ខ្លាំង​ពេក ។

បើ​អាច​ធ្វើ​បាន សូម​ឈរ​ជើង​មួយរយៈពេល ៣០ វិនាទី ។ សូម​គិត​ថា តើ​វា​ពិបាកឈរប៉ុនណា ប្រសិនបើ​នរណា​ម្នាក់​រុញ​អ្នក នៅពេល​អ្នក​ឈរ​តែ​ជើង​ម្ខាងនោះ ។

ឥឡូវ​នេះ ឈរ​ជើង​ទាំងពីរ ហើយ​គិត​ថា​តើ​វា​ងាយ​ស្រួល​ខ្លាំង​ប៉ុនណា​ក្នុង​ការរក្សា​ជំហរ បើមាន​នរណា​ម្នាក់​រុញ​អ្នកនោះ ។

ជួនកាល បទគម្ពីរ​បាន​ប្រៀបធៀប​ភាពស្មោះត្រង់​ចំពោះ​ព្រះអម្ចាស់​ទៅ​នឹង​ការឈរ​យ៉ាង​ខ្ជាប់ខ្ជួន ( សូមមើល ម៉ូសាយ ៤:១១; អាលម៉ា ១:២៥ ) ហើយ​ងាកចេញ​ពី​ព្រះអម្ចាស់​ទៅ​នឹង​ការដួល​រលំ ( សូមមើល នីហ្វៃ​ទី២ ១៨:១៥; ហេលេមិន ៥:១២ ) ។

  • តើ​មាន​ហេតុផល​អ្វី​ខ្លះ​ដែល​មនុស្ស​បោះបង់​ចោល​ព្រះយេស៊ូវគ្រីស្ទ និង​សាសនាចក្រ​របស់​ទ្រង់ ?

អ្នក​អាច​នឹង​ចង់​បង្ហាញ​សំណួរ​ទាំងនេះ ដើម្បី​អនុញ្ញាត​ឲ្យ​សិស្ស​សញ្ជឹង​គិត​អំពី​សំណួរ​ទាំងនេះ ។

សូម​សញ្ជឹងគិត​អំពី​សំណួរ​ខាង​ក្រោម​នេះ ៖

  • បើ​អ្នក​បន្ត​រស់នៅ​តាមរបៀប​ដែល​អ្នក​មានឥឡូវនេះ តើ​អ្នក​មាន​អារម្មណ៍​ថា​អ្នក​នឹង​ខិត​កាន់តែ​ជិត ឬ​ចាប់ផ្ដើម​បោះបង់ចោល​ព្រះអម្ចាស់ និង​សាសនាចក្រ​របស់​ទ្រង់ ? ហេតុអ្វី ?

  • តើ​អ្នក​ដឹង​អ្វី​ខ្លះ​អំពី​ព្រះអម្ចាស់ និង​សាសនាចក្រ​របស់​ទ្រង់ ដែល​ធ្វើ​ឲ្យ​អ្នក​មិន​ចង់​បោះបង់​ចោល ?

ពេល​អ្នក​សិក្សា​អំពី​មនុស្ស​ដែល « ពុំ​បោះបង់​សាសនា​ចោល​ឡើយ » ( អាលម៉ា ២៣:៦ ) សូម​រកមើល​ការយល់ដឹង និង​ស្វែងរក​ការណែនាំ​សម្រាប់​ជីវិត​របស់​អ្នក​តាមរយៈ​ការអធិស្ឋាន​ទៅកាន់​ព្រះវរបិតាសួគ៌ និង​ការបំផុស​គំនិត​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ។

បាន​ប្រែចិត្ត​ជឿ​ដល់​ព្រះអម្ចាស់

បន្ទាប់ពី​ការប្រែចិត្តជឿ​របស់​ទ្រង់ ស្ដេច​នៃ​សាសន៍​លេមិន​បាន​ប្រកាស​ពី​សេរីភាព​ខាង​សាសនា​នៅក្នុង​ដែនដី ដើម្បី​ឲ្យ​ពួកបុត្រា​របស់​ម៉ូសាយ​អាច​ផ្សាយ​ដំណឹងល្អ​ដោយ​សុវត្ថិភាព ។

សូមអាន អាលម៉ា ២៣:៣–៥ ដោយ​រកមើល​ឥទ្ធិពល​ដែល​ការផ្សព្វផ្សាយ​មាន​មក​លើ​ប្រជាជន ។

សូម​ពិចារណា​សួរ​ថា​តើសិស្ស​របស់​អ្នក​ចាប់​អារម្មណ៍​ឃ្លា​ណា​ខ្លះ ។

ជួនកាល បទគម្ពីរ​ចែង​ឡើង​វិញ​នូវ​ឃ្លា​សំខាន់ៗ​ដើម្បី​ជួយ​យើង​ឲ្យ​យល់ ។ សូមអាន អាលម៉ា ២៣:៦–១៣, ១៥ ដោយ​រកមើល​ឃ្លា​ដែល​បង្ហាញ​ពី​មូលហេតុ​ដែល​អ្នក​ប្រែចិត្តជឿ​រាប់​ពាន់​នាក់​នេះ « ពុំ​បោះបង់​ចោល​សាសនា​ឡើយ » ( ខទី ៦ ) ។ សូម​ពិចារណា​គូស​ចំណាំ​ឃ្លា​ដដែលៗ ។

សូម​អញ្ជើញ​សិស្ស​ឲ្យ​ចែកចាយ​អ្វី​ដែល​ពួកគេ​បាន​រកឃើញ ។ « បាន​ប្រែចិត្ត​ដល់​ព្រះអម្ចាស់ » ត្រូវ​បាន​ថ្លែង​ម្ដង​ទៀត​នៅក្នុង អាលម៉ា ២៣:៦, ៨, ១៣ ហើយ « ដាក់​គ្រឿង​សស្ត្រាវុធ​នៃ​ការបះបោរ​របស់​គេ​ចុះ » និង « បាន​ដាក់​គ្រឿង​សស្ត្រាវុធ​នៃ​ការបះបោរ​របស់​គេ​ចុះ » មាននៅក្នុង អាលម៉ា ២៣:៧, ១៣ តាម​ខគម្ពីរ​នីមួយៗ​ទាំង​នោះ ។

សេចក្តីពិត​មួយ ដែល​យើង​អាច​រៀន​ពី​ខគម្ពីរ​ទាំងនេះ​គឺ​ថា នៅពេល​យើង​បាន​ប្រែចិត្តជឿ​ដល់​ព្រះអម្ចាស់ ហើយ​ដាក់​គ្រឿងសស្ត្រាវុធ​នៃ​ការបះបោរ​របស់​យើង នោះ​យើង​តែងតែ​អាច​ឈរ​ដោយស្មោះត្រង់​ចំពោះ​ទ្រង់ជានិច្ច ។

  • តើ « ប្រែចិត្តជឿ​ដល់​ព្រះអម្ចាស់ » មាន​ន័យ​យ៉ាង​ណា ? ( អាលម៉ា ២៣:៦ ) ។ ( ប្រសិនបើ​មាន​ប្រយោជន៍ សូម​ពិចារណា​សិក្សា « ការប្រែចិត្ត​ជឿ ប្រែចិត្តជឿ » នៅក្នុង សេចក្ដីណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយTopical Guide ) ។

  • ហេតុអ្វី​វា​សំខាន់​ក្នុង​ការប្រែចិត្ត​ជឿ « ដល់​ព្រះអម្ចាស់ » ជាជាង​ប្រែ​ចិត្ត​ជឿ​លើ​អ្នកផ្សព្វផ្សាយ​សាសនា ឬ​ការបង្រៀន​ជាក់លាក់ ?

សូម​បង្ហាញ​រូបភាព​ព្រះអង្គសង្គ្រោះ នៅពេល​អ្នក​អញ្ជើញ​សិស្ស​ឲ្យ​ធ្វើ​កិច្ចការ​ដូច​ខាង​ក្រោម ។

រូបភាព
ព្រះអង្គ​សង្គ្រោះ

សូម​គិត​អំពី​អ្វី​ដែល​អ្នក​ដឹង​អំពី​ព្រះអង្គសង្គ្រោះ ហើយ​សញ្ជឹងគិត​ពី​មូលហេតុ​ដែល​អ្នក​ចង់​ប្រែចិត្ត​ជឿ ហើយ​បន្ត​ប្រែចិត្ត​ជឿ​ដល់​ទ្រង់​ពេញ​មួយ​ជីវិត​របស់​អ្នក ។ សូម​ពិចារណា​អាន​ខគម្ពីរ​មួយ​ចំនួន​ខាង​ក្រោម ដើម្បី​ជួយ​អ្នក ៖

សូម​អញ្ជើញ​សិស្ស​ឲ្យ​ចែកចាយ​គំនិត​របស់​ពួកគេ និង​អ្វី​ដែល​ពួកគេ​បាន​រកឃើញ ។

  • តើ​អ្វី​បាន​ជួយ​អ្នក និង​អ្នកដទៃ​ទៀត​ដែល​អ្នក​ស្គាល់​កាន់តែ​ប្រែចិត្ត​ជឿ​ដល់​ព្រះអម្ចាស់ ?

ការដាក់​គ្រឿង​សស្ត្រាវុធ​នៃ​ការបះបោរ​របស់​យើង

ដើម្បី​បាន​ប្រែចិត្តជឿ​យ៉ាង​ពិតប្រាកដ​ដល់​ព្រះអម្ចាស់ ហើយ​ពុំ​បោះបង់​ចោល​សាសនា នោះ​យើង​ត្រូវតែ​មាន​ឆន្ទៈក្នុង​ការដាក់គ្រឿង​សស្ត្រាវុធ​នៃ​បះបោរ​របស់​យើង​ចុះ ។ គ្រឿង​សស្ត្រាវុធ​នៃ​ការបះបោរ​របស់​សាសន៍​លេមិន​មាន​ទាំង​ត្រង់ៗ និង​ជា​និមិត្តរូប ។ ប៉ុន្តែ​សម្រាប់​យើង គ្រឿង​សស្ត្រាវុធ​ទាំងនេះ​ទំនង​គ្រាន់តែ​ជា​និមិត្តរូប​ប៉ុណ្ណោះ ។

សូម​ពិចារណា​សរសេរ​សេចក្តីថ្លែង​ការណ៍​ខាង​ក្រោម​នៅលើ​ក្ដារខៀន ។

អែលឌើរ ដាវីឌ អេ បែដណា ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់​បាន​បង្រៀន​ថា គ្រឿង​សស្ត្រាវុធ​នៃ​ការបះបោរ​របស់​យើង​អាច​ជា « ភាព​អាត្មានិយម សេចក្តីឆ្មើងឆ្មៃ និង ការមិន​គោរព​ប្រតិបត្តិ​តាម » ( « Converted unto the Lord » EnsignLiahona ខែ វិច្ឆិកា ឆ្នាំ ២០១២ ទំព័រ ១០៨ ) ។ អែលឌើរ ឌែល ជី រិនឡាន់ ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់​បាន​បង្រៀន​ថា គ្រឿង​សស្ត្រាវុធ​របស់​យើង​អាច​ជា « សេចក្ដី​ប្រាថ្នា​ផ្ទាល់​ខ្លួន ដែល​ផ្ទុយ​នឹង​ការបោះ​យុថ្កា​ចំពោះ​ព្រះអង្គសង្គ្រោះ និង​ផ្ទុយ​នឹង​ការដើរ​តាម​ផ្លូវ​នៃ​សេចក្ដីសញ្ញា » ( « Unwavering Commitment to Jesus Christ » EnsignLiahona ខែ វិច្ឆិកា ឆ្នាំ ២០១៩ ទំព័រ ២២ ) ។

គោលបំណង​នៃ​សកម្មភាព​ខាង​ក្រោម​គឺ​ដើម្បី​ជួយ​សិស្ស​ឲ្យ​ស្គាល់​ឧទាហរណ៍​នៃ​គ្រឿង​សស្ត្រាវុធ​នៃ​ការបះបោរ​ដែល​ពាក់ព័ន្ធ​នឹង​សម័យ​របស់​យើង ។ សូម​ពិចារណា​បែងចែក​សិស្ស​ជា​ក្រុម​តូចៗ ។ បន្ទាប់ពី​មាន​ពេល​គ្រប់គ្រាន់​ហើយ សូម​អញ្ជើញ​ក្រុម​នីមួយៗ​ឲ្យ​ជ្រើសរើស​សមាជិក​ម្នាក់​ឲ្យ​ឡើង​មុខ​ក្តារខៀន ហើយ​គូរ និង​ដាក់​ស្លាក​គ្រឿង​សស្ត្រាវុធ​នៃ​ការបះបោរ ខណៈ​ដែល​សមាជិក​ម្នាក់​ទៀត​បង្ហាញ​យ៉ាង​ខ្លី​នូវ​ចម្លើយ​របស់​ក្រុម​ចំពោះ​សំណួរ​ខាង​ក្រោម ។ នៅពេល​ពួកគេ​ចែកចាយ សូម​រកមើល​វិធី​ដើម្បី​សរសើរ​សិស្ស​ក្នុង​ការធ្វើ​ឲ្យ​បទគម្ពីរ​ទាក់ទង​នឹង​សម័យ​របស់​យើង ហើយ​អរគុណ​ពួកគេ​ចំពោះ​ការខិតខំ​របស់​ពួកគេ ។

សូម​គូរគ្រឿង​សស្ត្រាវុធ​សាមញ្ញ​ពីរ ( ដាវ លំពែង ឬ​អាវុធ​ផ្សេង​ទៀត ) នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​របស់​អ្នក ឬ​នៅលើ​ក្រដាស​មួយ ។ នៅ​ជាប់ ឬ​នៅលើ​អាវុធ​នីមួយៗ សូម​សរសេរ​គំរូ​ជាក់លាក់ និង​ជាក់ស្តែង​នៃ​ឥរិយាបថ ឬ​សកម្មភាព​ដែល​ផ្ទុយ​ទៅ​នឹង​ដំណឹងល្អ​របស់​ព្រះយេស៊ូវគ្រីស្ទ ដែល​ក្មេង​ជំទង់​អាច​មាន​នៅក្នុង​ជំនាន់​របស់​យើង ។ ឧទាហរណ៍ ៖ អ្នក​ណា​ម្នាក់​ដែល​មាន​ភាពឆ្មើងឆ្មៃ ប្រហែល​ជា​មិន​ស្តាប់​ដំបូន្មាន​របស់​ឪពុក​ម្តាយ​គាត់ ឬ​ប្រហែល​ជា​មាន​អារម្មណ៍​គិត​ថា ព្យាការីទាំងឡាយ​​ចាស់ៗហើយ ហើយ​គ្មាន​ទំនាក់ទំនង​នឹង​គាត់​ទេ ។ ឬ​អ្នក​ផ្សេង​អាច​នឹង​ប្រព្រឹត្ត​អំពើ​បាប​ខ្លះ​ដោយសារ​គាត់​គិត​ថា បញ្ញត្តិ​របស់​ព្រះ​តឹងរ៉ឹង​ពេក ។

  • តើ​ឥរិយាបថ ឬ​សកម្មភាព​ទាំងនេះ​អាច​ប៉ះពាល់​ដល់​ការប្រែចិត្តជឿ​របស់​មនុស្ស​នេះ​ដល់​ព្រះអម្ចាស់​យ៉ាង​ដូចម្ដេច ?

  • តើ​ការដាក់ ឬ​ទម្លាក់​ចោល​អាកប្បកិរិយា ឬ​សកម្មភាព​ទាំងនេះ​អាច​ជួយ​នរណា​ម្នាក់​ឲ្យ​ប្រែចិត្តជឿ​កាន់តែ​ខ្លាំង​ដល់​ព្រះអម្ចាស់​យ៉ាង​ដូចម្ដេច ?

គ្រឿង​សស្ត្រាវុធ​នៃ​ការបះបោរ​របស់​អ្នក

សូម​ពិចារណា​ឲ្យ​សិស្ស​ធ្វើ​សកម្មភាព​ខាង​ក្រោម​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​របស់​ពួកគេ ។

ដើម្បី​បញ្ចប់​មេរៀន​នេះ សូម​ស្វែងរក​ជំនួយ​ពី​ព្រះវរបិតាសួគ៌ តាមរយៈ​ព្រះវិញ្ញាណ​បរិសុទ្ធ ដើម្បី​រក​ឲ្យ​ឃើញ​ថា​តើ​អ្វី​ជា​គ្រឿង​សស្ត្រាវុធ​នៃ​ការបះបោរ​ដែល​អ្នក​អាច​មាន ។ ប្រសិនបើ​អ្នក​រកឃើញ​គ្រឿង​សស្ត្រាវុធ​មួយ​ហើយ សូម​ពិចារណា​សរសេរ​វា​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​របស់​អ្នក ហើយ​គូរ​អាវុធ​នោះ​នៅ​ជាប់​វា ។

សូម​សញ្ជឹង​គិត​ពី​អ្វី​ដែល​អ្នក​អាច​ធ្វើ​បាន ដើម្បី​ដាក់​គ្រឿង​សស្ត្រាវុធ​នៃ​ការបះបោរ​របស់​អ្នក និង​របៀប​ដែល​ការតាំងចិត្ត​នោះ​អាច​ជួយ​អ្នក​ឲ្យ​ប្រែចិត្ត​ជឿ​ដល់​ព្រះអម្ចាស់ ហើយ​ពុំ​បោះបង់​ចោល​សាសនា​ឡើយ ។

សូម​ពិចារណា​ថ្លែង​ទីបន្ទាល់​អំពី​គោលការណ៍​ដែល​បាន​បង្រៀន​នៅក្នុង​មេរៀន​នេះ ។